ឆ្នាំ ២០១០-២០១៩
លុះ​ត្រាយើង​ជួប​ទៀត
ខែ មេសា 2014


លុះ​ត្រាយើង​ជួប​ទៀត

សូម​ព្រះវិញ្ញាណ​ដែល​យើង​បាន​ទទួល អំឡុង​ពេល​ទាំង​ពីរ​ថ្ងៃនេះ នឹង​នៅ​ជាមួយ​យើង ពេល​យើង​ទៅ​ធ្វើ​កិច្ចការ​នានា​របស់​យើង​ប្រចាំ​ថ្ងៃ​នោះ។

បងប្អូន​ប្រុស​ស្រី​របស់​ខ្ញុំ​អើយ សន្និសីទ​នេះ​អស្ចារ្យ​អ្វី​ម្ល៉េះ​ទេ ។ យើង​បាន​ទទួល​អាហារ​ខាង​វិញ្ញាណ ពេល​យើង​បាន​ស្ដាប់​ប្រសាសន៍​ដ៏​បំផុស​គំនិត​របស់​បងប្អូន​ប្រុស​ស្រី ដែល​ថ្លែង​មក​កាន់​យើង ។ ចំណែក​ឯ​តន្ត្រី​វិញ ក៏​ល្អ​វិសេស​ណាស់ ហើយ​សារលិខិត​ទាំងឡាយ​ ត្រូវ​បាន​រៀបចំ និង ថ្លែង​ទៅ​កាន់​យើង​ នៅ​ក្រោម​ការ​បំផុសគំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​ការអធិស្ឋាន​ទាំង​ប៉ុន្មាន បាន​នាំ​យើង​ខិត​ទៅ​កាន់​តែ​ជិត​ស្ថានសួគ៌ ។ យើង​ត្រូវ​បាន​លើក​តម្កើង​តាម​គ្រប់​វិធី ពេល​យើង​បាន​ចូលរួម​ជុំ​គ្នា ។

ខ្ញុំ​សង្ឃឹម​ថា យើង​នឹង​ចំណាយ​ពេល​អាន​សារលិខិត​សន្និសីទ​នេះ ពេល​វា​មាន​នៅ​លើ LDS.org អំឡុង​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ ហើយ​វា​ត្រូវ​បាន​បោះពុម្ព​នៅ​ក្នុង​ទស្សនាវដ្ដី Ensign និង ទស្សនាវដ្ដី លីអាហូណា នាពេល​ខាង​មុខ​នេះ ត្បិត វា​មាន​តម្លៃ​ដើម្បី​យើង​មើល និង សិក្សា​ដោយ​យក​ចិត្ត​ទុក​ដាក់ ។

ខ្ញុំ​ដឹង​ថា ​អ្នក​ចូលរួម​ជាមួយ​ខ្ញុំ​សម្ដែង​នូវ​ការ​ដឹងគុណ​ដោយ​ស្មោះ ចំពោះ​បងប្អូន​ប្រុសស្រី​ទាំងឡាយ ដែល​បាន​ដោះ​លែង​ពី​តំណែង អំឡុង​ពេល​សន្និសីទ​នេះ ។ ពួកគាត់​បម្រើ​បាន​យ៉ាង​ល្អ ហើយ​បាន​ផ្ដល់​នូវ​ការ​បរិច្ចាគ​ដ៏​សំខាន់​ចំពោះ​កិច្ចការ​របស់ព្រះអម្ចាស់ ។ ការ​លះបង់​របស់ពួកគាត់ ត្រូវ​បាន​បំពេញ ។

យើង​ក៏​បាន​គាំទ្រ ដោយ​ការ​លើក​ដៃ ដល់​បងប្អូនប្រុស​ ដែល​ត្រូវ​បាន​ហៅ​ឲ្យ​ទទួល​តំណែង​នៃ​ការ​ទទួល​ខុស​ត្រូវ​ថ្មី​ផងដែរ ។ យើង​សូមស្វាគមន៍​ពួក​គាត់ ហើយ​ចង់​ឲ្យ​ពួកគាត់​ដឹង​ថា យើង​ទន្ទឹង​រង់ចាំ​បម្រើ​ជាមួយ​ពួកគាត់​នៅ​ក្នុង​បព្វហេតុ​នៃ​លោក​ចៅហ្វាយ ។

នៅ​ពេល​យើង​ពិចារណា​អំពី​សារលិខិត​ទាំងឡាយ ដែល​យើង​ស្ដាប់​ឮ សូម​ឲ្យ​យើង​សម្រេចចិត្ត​ថា​នឹង​ធ្វើខ្លួន​​ឲ្យ​ល្អ​ប្រសើរ​ជាង​កាល​ពី​អតីតកាល ។ សូម​ឲ្យ​យើង​មាន​ចិត្ត​ល្អ ហើយ​ស្រឡាញ់​អ្នក​ទាំងឡាយ ដែល​ពុំ​ជឿ និងគ្មាន​បទដ្ឋាន​ដូច​យើង ។ ព្រះអង្គ​សង្គ្រោះ បាន​នាំ​សារលិខិត​នៃ​សេចក្ដី​ស្រឡាញ់ និង ចិត្ត​ល្អ​មក​កាន់​ផែនដី​ដល់​មនុស្ស ទាំង​ប្រុស​ទាំង​ស្រី ។ សូម​ឲ្យ​យើង​ធ្វើ​តាម​គំរូ​ទ្រង់​ជានិច្ច ។

យើង​ជួប​នឹង​ឧបសគ្គ​ធំៗ​ជាច្រើន​នៅ​ក្នុង​ពិភពលោក​សព្វថ្ងៃ ប៉ុន្តែ ខ្ញុំ​សូម​អះអាង​នឹង​អ្នក​ថា ព្រះវរបិតាសួគ៌​យើង មើល​ថែ​យើង ។ ទ្រង់​នឹង​ដឹកនាំ ហើយ​ប្រទានពរ​ដល់យើង ពេល​យើង​ដាក់​សេចក្ដី​ជំនឿ និង ការ​ទុកចិត្ត​ទៅ​លើ​ទ្រង់ ហើយ​ទ្រង់​នឹង​ទត​ឃើញ​យើង ឆ្លង​កាត់​ការលំបាកៗ​ដែល​យើង​ជួប ។

សូម​ឲ្យ​ព្រះពរ​នៃ​ស្ថានសួគ៌ ស្ថិត​នៅ​នឹង​យើង​ម្នាក់ៗ ។ សូម​ឲ្យ​គេហដ្ឋាន​យើង​បានពោរ​ពេញ​ដោយ​សេចក្ដី​ស្រឡាញ់ សុជីវធម៌ និង មាន​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​គង់​នៅ ។ សូម​ឲ្យ​យើង​បន្ដ​ចិញ្ចឹម​បីបាច់​ទីបន្ទាល់​របស់​យើង​អំពី​ដំណឹង​ល្អ ដើម្បី​វា​ក្លាយ​ជា​ការការពារ​ដល់​យើង ដើម្បី​ទប់ទល់​នឹង​ការ​ធ្វើ​ទុក្ខ​របស់​មារសត្រូវ ។ សូម​ឲ្យ​ព្រះវិញ្ញាណ​ដែល​យើង​ទទួល​បាន អំឡុង​ពេល​ពីរ​ថ្ងៃ​កន្លង​ទៅ​នេះ នៅ​ជាមួយ​នឹង​យើង​ជានិច្ច ពេល​យើង​ទៅ​ធ្វើ​កិច្ចការ​ទាំងឡាយ ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​យើង ហើយ​សូម​ឲ្យ​យើង​អាច​ធ្វើ​កិច្ចការ​របស់​ព្រះអម្ចាស់​ជានិច្ច ។

ខ្ញុំ​ថ្លែង​ទីបន្ទាល់​ថា កិច្ចការ​នេះ​ពិត ថា​ព្រះអង្គ​សង្គ្រោះ​មាន​ព្រះជន្ម​រស់ ហើយ​ថា​ទ្រង់​ណែនាំ និង ដឹកនាំ​សាសនាចក្រ​ទ្រង់​នៅ​លើ​ផែនដី​នេះ ។ ខ្ញុំ​សូម​បន្សល់​ទុក​នឹង​អ្នក​នូវ​សាក្សី និង ទីបន្ទាល់​របស់ខ្ញុំ​ថា ព្រះ​ជា​ព្រះវរបិតាសួគ៌​យើង មាន​ព្រះជន្មរស់ ហើយ​ទ្រង់​ស្រឡាញ់​យើង ។ ទ្រង់​គឺ​ពិត​ជា​ព្រះវរបិតា​របស់​យើង ហើយ​ទ្រង់​មាន​តួ​អង្គ​ពិត ។ សូម​ឲ្យ​យើង​បាន​ដឹង​ថា ទ្រង់​មានព្រះ​ទ័យ​ចង់​មក​ជិត​យើង​ខ្លាំង​ប៉ុណ្ណា ទ្រង់​ចង់​ជួយ​យើង​ប៉ុណ្ណា ហើយ​ទ្រង់​ស្រឡាញ់យើង​ប៉ុណ្ណា ។​

បង​ប្អូន​ប្រុស​ស្រី​ខ្ញុំ​អើយ សូម​ឲ្យ​ព្រះ​ប្រទានពរ​ដល់​អ្នក ។ សូម​ឲ្យភាព​សុខសាន្ដ​ដែល​ទ្រង់​បាន​សន្យា​មាន​នៅ​នឹង​អ្នក​នា​ពេល​នេះ និង ជានិច្ច​តទៅ ។

ខ្ញុំ​សូម​លា​សិន​ហើយ រហូត​ដល់យើង​ជួប​គ្នា​ម្ដង​ទៀត​នៅ​ប្រាំ​មួយ​ខែ​ក្រោយ ហើយ​ខ្ញុំ​សូម​ថ្លែង​ដូច្នេះ នៅ​ក្នុង​ព្រះ​នាម​នៃ ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអម្ចាស់ និង ព្រះអង្គ​សង្គ្រោះ​របស់​យើង អាមែន ។