ប្រកាស​រក៖ ដៃ និង​ដួងចិត្ត​ដើម្បីជួយ​ពន្លឿន​កិច្ចការ


យើងអាច​ផ្ដល់​ដៃ​ជំនួយ និង​ដួងចិត្ត​ដើម្បី​ពន្លឿន​កិច្ចការ​ដ៏អស្ចារ្យ​របស់ព្រះវរបិតា​សួគ៌។

បងប្អូន​ស្រីជាទីស្រឡាញ់ យើង​ស្រឡាញ់​បងប្អូនណាស់ ! ពេល​យើង​មើល​វីដេអូ​ដ៏​ល្អ​នោះ តើ​អ្នក​បាន​មើល​ឃើញ​ដៃ​របស់អ្នក​ ​ឈោង​ទៅជួយនរណា​ម្នាក់​នៅ​លើ​ផ្លូវ នៃ​សេចក្ដី​សញ្ញា​នោះ​ឬ​ទេ ? ខ្ញុំ​គិត​អំពី​កុមារ​ថ្នាក់បឋមសិក្សា ឈ្មោះ ប្រ៊ីន ដែល​មាន​ដៃ​តែម្ខាង តែ​នាង​ប្រើ​វា​ដើម្បី​ប្រទានពរ​ដល់គ្រួសារ​ និងមិត្ត​នាង-- ដែលជា​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ និង​អ្នក​ដែលមានជំនឿ​ផ្សេងៗ ។ បងប្អូនស្រី​ទាំងឡាយ យើងអាច​ផ្ដល់​ដៃ​ជំនួយ និង​ដួងចិត្ត​ដើម្បី​ពន្លឿន​កិច្ចការ​ដ៏អស្ចារ្យ​របស់ព្រះវរបិតា​សួគ៌ ។

ក៏​ដូច​បងប្អូនស្រី​ស្មោះត្រង់​ក្នុង​បទគម្ពីរ​​ដែរ គឺ​នាង​អេវ៉ា សារ៉ាយ ម៉ារា និង​អ្នកដទៃទៀត​ជាច្រើន គេ​ស្គាល់​អត្តសញ្ញាណ​ និង​គោលបំណង​របស់ពួកគេ ប្រ៊ីន បានដឹង​ថា នាង​គឺ​ជា​បុត្រី​នៃ​ព្រះ ។1 យើង​ក៏អាច​ស្គាល់​កេរ​ដំណែល​ដ៏​ទេវភាព​ផ្ទាល់ខ្លួន​យើង ក្នុង​នាម​ជា​បុត្រី​សំណព្វនៃព្រះ និងកិច្ចការ​ដ៏មានតម្លៃ ដែលទ្រង់​ប្រទាន​ឲ្យ​យើង​ធ្វើដែរ ។

ព្រះអង្គសង្គ្រោះ បាន​បង្រៀន​ថា « បើ​អ្នក​ណា​ចង់​ធ្វើ​តាម​ព្រះហឫទ័យ​ទ្រង់ នោះ​នឹង​បាន​ដឹង​ជា​សេចក្ដី​បង្រៀន​ » ។ 2 តើ​យើង​ចាំបាច់​ត្រូវ​ដឹង និង​ធ្វើ​អ្វី « ដើម្បី​រស់នៅ​ជា​មួយ​នឹង​ទ្រង់​នា​ថ្ងៃ​មួយ » ? 3 យើង​អាច​រៀនមកពី​រឿង​កម្លោះ​អ្នក​មាន ដែល​បាន​សួរ​ព្រះយេស៊ូវ តើ​គាត់​ត្រូវ​ធ្វើ​អ្វី ដើម្បី​ទទួល​បាន​ជីវិត​ដ៏​អស់កល្ប​នោះ ។​

ព្រះយេស៊ូវ បាន​ឆ្លើយ​នឹង​គាត់​ថា « បើ​អ្នក​ចង់​ចូល​ទៅ​ក្នុងជីវិត ចូរ​កាន់​តាម​បញ្ញត្តិ​ទាំង​ប៉ុន្មាន » ។

កម្លោះ​នោះ​បាន​សួរ​ទ្រង់​ថា តើ​គាត់​គួរ​គោរព​បញ្ញត្តិ​មួយណា ។ នោះ​ព្រះយេស៊ូវ បាន​រំឭក​គាត់​នូវ​ក្រិត្យវិន័យទាំងដប់ប្រការ​មួយចំនួន ដែល​យើង​ទាំង​អស់គ្នា​ស្គាល់ ។

កម្លោះ​នោះ​តប​ថា « ខ្ញុំ​បាន​កាន់​តាម​គ្រប់​សេចក្ដី​ទាំង​នោះ តាំង​ពី​ក្មេង​មក​ហើយ ៖ តើ​ខ្ញុំ​នៅ​ខ្វះ​អ្វី​ទៀត ? »

ព្រះយេស៊ូវ មាន​បន្ទូល​ថា « បើ​អ្នក​ចង់​បាន​ជា​គ្រប់​លក្ខណ៍ ចូរ​អ្នក​ទៅ​លក់​របស់​ទ្រព្យ​ខ្លួន ហើយ​ចែក​ដល់​ពួក​អ្នក​ក្រី​ក្រ​ទៅ នោះ​អ្នក​នឹង​បាន​ទ្រព្យ​សម្បត្តិ​នៅឯស្ថាន​សួគ៌​វិញ ៖ រួច​ឲ្យ​មក​តាម​ខ្ញុំ​ចុះ » ។ 4

ព្រះ​យេស៊ូវ ហៅ​គាត់​ឲ្យ​ចូលរួម​ក្នុង​កិច្ចការ​ទ្រង់--​កិច្ចការ​ជា​​សិស្ស​ម្នាក់ ។ កិច្ចការ​យើង គឺ​ដូចគ្នា ។ យើង​ត្រូវ « ទុក​ចោល​របស់​ទាំង​ឡាយ [​នៃ]​ពិភពលោក​នេះ... ហើយ​ស្វែងកាន់​ខ្ជាប់​សេចក្ដី​សញ្ញា​ [របស់​យើង] » 5 ហើយ​មក​រកព្រះគ្រីស្ទ និង​ដើរ​តាម​ទ្រង់ ។ នោះ​ជា​អ្វី​ដែល​ពួកសិស្ស​ធ្វើ !

ឥឡូវ បងប្អូន​ស្រីទាំងឡាយ ចូរ​កុំមាន​អារម្មណ៍​មិន​ល្អ​ពី​ខ្លួន​អ្នក ដោយ​សារ​តែ​ព្រះអង្គ​សង្គ្រោះ​មាន​បន្ទូល​ទៅ​កាន់​កម្លោះ​អ្នក​មាន អំពី​ការ​បាន​ល្អ​ឥតខ្ចោះ​នោះឡើយ ។ ពាក្យ ល្អ​ឥតខ្ចោះ នៅ​ក្នុង​ដំណើរ​រឿង​នេះ បាន​បក​ប្រែ​ពីភាសាក្រិច ដែ​ល​មាន​ន័យ​ថា « ពេញលេញ » ។ នៅពេល​យើង​ខំ​អស់​ពី​សមត្ថភាព​យើង ដើម្បី​ឈាន​ទៅ​មុខ​លើ​ផ្លូវ​សេចក្ដី​សញ្ញា នោះ​យើង​ប្រែក្លាយ​កាន់​តែពេញលេញ និង​ល្អ​ឥតខ្ចោះ​ក្នុង​ជីវិត​នេះ​ហើយ ។

ដូច​ជា​កម្លោះ​អ្នក​មាន​ក្នុង​ជំនាន់​ព្រះយេស៊ូវ ពេល​ខ្លះ​យើង​ត្រូវ​បាន​ល្បួង​ឲ្យ​លះបង់ ឬ​បែរខ្នង ដោយសារ​តែ​យើង​គិត​ថា យើង​មិន​អាច​ធ្វើ​វា​បាន​តែម្នាក់​ឯងនោះ ។ ហើយ​យើង​ត្រឹមត្រូវ ! យើង​ពុំ​អាច​ធ្វើ​រឿង​លំបាកៗ ដែល​យើង​​បាន​សុំ​ឲ្យ​ធ្វើ​ដោយគ្មាន​ជំនួយ​នោះ​ឡើយ ។ ជំនួយ​កើត​មាន​តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ការ​ដឹកនាំ​នៃ​ព្រះវិញ្ញាណបរិសុទ្ធ និង​​ការ​បម្រើរបស់​​អ្នកដទៃ ។

ស្ត្រី​នៅ​លីវ​ស្មោះ​ត្រង់​ម្នាក់ ថ្មីៗ​នេះ បាន​ថ្លែង​ទីបន្ទាល់​ថា តាមរយៈ​ដង្វាយធួន គាត់​រក​បាន​កម្លាំង​ដើម្បី​ប្រើ​ដៃ​ និង​ដួងចិត្ត​ស្ម័គ្រ​​ជួយ​ចិញ្ចឹម​ក្មេងបួន​នាក់ ដែល​បងស្រី​គាត់ បាន​បន្សល់ទុក ពេល​គាត់​ទទួលមរណភាព​ ​ដោយ​សារ​ជម្ងឺ​មហារីកនោះ ។ រឿង​នោះ​រំឭក​ខ្ញុំ​អំពី​អ្វី ដែល​​​អែលឌើរ នែល អេ ម៉ាក់ស្វែល មានប្រសាសន៍​ថា ៖ « រាល់​កិច្ចការ​ងាយៗ ដែល​សាសនាចក្រ​ត្រូវ​ធ្វើ គឺ​បាន​ធ្វើ​រួចអស់​​ហើយ ។ ចាប់​ពី​ពេល​នេះ​ទៅ វានឹង​កាន់​តែ​ពិបាក ហើយ​ការ​គោរព​ប្រតិបត្តិ​របស់​យើង នឹង​ត្រូវ​សាកល្បង​តាម​របៀប​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយចំនួន » ។ 6 អ្នក​ត្រូវ​បាន​បញ្ជូនមក​កាន់​ផែនដី ក្នុង​គ្រាកាន់កាប់ត្រួតត្រា​នេះ ដោយ​សារ​ខ្លួន​អ្នក​ជានរណាពិត ហើយ​​អ្នក​ត្រូវបាន​​រៀបចំ​ឲ្យ​ធ្វើអ្វីហើយ​​នោះ! មិន​ថា​សាតាំង​នឹង​ល្បួង​យើង​ឲ្យ​គិត​ថា​យើង​ជា​នរណា​នោះទេ អត្តសញ្ញាណ​ពិត​របស់យើង គឺ​ថា​យើងជា​សិស្ស​នៃព្រះយេស៊ូវ​គ្រីស្ទ!

មរមន គឺ​ជា​សិស្ស​ពិត​ម្នាក់ ដែល​បាន​រស់នៅ​ក្នុង​ជំនាន់​មួយ ដែល « ចិត្ត​របស់គេ​រាល់គ្នា​សុទ្ធ​តែ​រឹងរូស ... ហើយ​ពុំ​ដែល​មាន​អំពើ​ទុច្ចរិត​ដ៏​ធំ​បែប​នេះ នៅក្នុង​ចំណោម​អស់​ទាំង​កូនចៅ​របស់​លីហៃ​នេះ​ឡើយ » ។ 7 តើ​អ្នក​នឹង​ចង់​រស់នៅ​ក្នុង​ជំនាន់​នោះ​ឬ​ទេ ? ហើយ​មរមនបាន​​សេចក្តី​ប្រកាស​ដោយ​​ក្លៀវ​ក្លា​ថា « មើល​ចុះ ខ្ញុំ​ជា​សិស្ស​ម្នាក់​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ជា​ព្រះរាជបុត្រា​នៃ​ព្រះ » ។ 8

អ្នក​មិន​ស្រឡាញ់​មរមន​ទេ​ឬ​អី ? គាត់​ស្គាល់​ខ្លួន​គាត់ ហើយ​ស្គាល់​បេសកកម្ម​គាត់ ហើយ​​អំពើ​អាក្រក់​ដែល​ហ៊ុំព័ទ្ធគាត់ ពុំ​អាចបន្លែ​បន្លំ​គាត់​ឡើយ ។​ តាម​ពិត គាត់​បាន​គិត​​អំពី​ការ​ហៅ​បម្រើ​របស់គាត់​ថា ជា​អំណោយ​ទាន​មួយ ។ 9

ចូរ​គិត​មើល​ថា វា​ជា​ពរជ័យ​ប៉ុណ្ណា ដែល​ត្រូវ​បាន​ហៅ​ឲ្យថ្វាយ​​អំណោយ​ទាន​របស់​យើង​នៃ​ភាព​ជា​សិស្ស​ប្រចាំ​ថ្ងៃដល់​ព្រះអម្ចាស់ ដោយ​ប្រកាស​ទាំង​ពាក្យ​សម្ដី និង​សកម្មភាព​ថា « មើល​ចុះ ​ខ្ញុំ​ជា​សិស្ស​ម្នាក់​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ! »

ខ្ញុំ​ចូលចិត្ត​រឿង​ដែល​ប្រធាន​ ប៊យដ៍ ឃេ ផាកកឺ ប្រាប់​អំពី​បងស្រី​ជាទីស្រឡាញ់​ម្នាក់ ដែល​ត្រូវ​គេ​ចំអក ដោយ​សារ​ការ​ធ្វើ​តាម​ដំបូន្មាន​របស់ព្យាការី ដើម្បី​ស្ដុក​អាហារ​ ។ ម្នាក់ដែល​រិះគន់​នោះ បាន​ឲ្យ​យោបល់​ថា បើ​ដល់​ពេល​មាន​វិបត្តិ នោះអ្នកដឹកនាំគាត់​ នឹង​សុំ​ឲ្យ​គាត់​ចែក​ចាយ​​អាហារ​ស្ដុក​របស់គាត់ ជាមួយ​​អ្នកដទៃ​ហើយ ។ ចម្លើយ​សាមញ្ញ និង​មុតមាំ​របស់គាត់ ក្នុង​នាម​ជា​សិស្ស​ស្មោះ​ម្នាក់ តបថា « យ៉ាង​ហោច​ណាស់ ខ្ញុំ​នឹង​មាន​អ្វី​ខ្លះ​ដើម្បី​យក​ទៅ​ជាមួយដែរ» ។ 10

ខ្ញុំ​ស្រឡាញ់​ស្ត្រី​នៃ​សាសនាចក្រ ទាំង​ក្មេង ទាំង​ចាស់ ។ ខ្ញុំ​បាន​ឃើញ​នូវភាព​រឹងមាំ​របស់អ្នក ។ ខ្ញុំ​បាន​ឃើញ​នូវជំនឿ​របស់អ្នក ។ អ្នក​​មាន​អ្វី​មួយ​ដើម្បី​ផ្ដល់​ឲ្យ ហើយ​​ស្ម័គ្រចិត្ត​ផ្ដល់​ឲ្យ ។ អ្នក​ធ្វើ​រឿង​នេះ​ ពុំ​មែន​អួត ឬ​ប្រកាស​ជាសាធារណៈទេ អ្នកផ្ដោត​​លើ​ព្រះ​ដែល​យើង​​ថ្វាយបង្គំ ពុំ​មែនខ្លួនយើង​​ឡើយ ហើយ​អ្នកក៏​ពុំ​ដែល​​គិត​ថា ​នឹង​ទទួល​អ្វីមក​វិញ​នោះដែរ ។ 11 នោះ​ជា​អ្វី​ដែល​ពួកសិស្ស​ធ្វើ !

ថ្មីៗ​ខ្ញុំ​បាន​ជួប​នឹង​យុវនារី​ម្នាក់ នៅ​ប្រទេស​ហ្វីលីពីន ដែល​គ្រួសារ​គាត់​មិនសូវសកម្មក្នុង​សកម្មភាព​សាសនាចក្រ ពេល​គាត់​អាយុ 7 ឆ្នាំគត់ ដោយ​ទុក​ឲ្យ​គាត់​ដើរ​តែ​ម្នាក់ឯង​តាម​ផ្លូវ​គ្រោះថ្នាក់មួយ​​ទៅកាន់​​ព្រះវិហាររាល់​សប្ដាហ៍ ។ គាត់​ប្រាប់​ថា កាល​អាយុ 14 ឆ្នាំ គាត់បាន​សម្រេចចិត្ត​ថា គាត់​នឹង​នៅ​ស្មោះ​ចំពោះ​សេចក្ដី​សញ្ញា​របស់​គាត់ ដើម្បី​គាត់​អាច​សក្ដិសម​ដើម្បី​ចិញ្ចឹម​គ្រួសារ​នា​ពេល​អនាគតក្នុង​គេហដ្ឋាន​មួយដែល « ប្រទាន​ពរ​ដោយ​កម្លាំង​នៃ​អំណាច​បព្វជិតភាព » ។ 12 វិធី​ដ៏ល្អបំផុត​ដើម្បី​ពង្រឹង​គេហដ្ឋាន​មួយ ក្នុង​ពេល​បច្ចុប្បន្ន ឬ​អនាគត គឺ​ត្រូវ​រក្សាសេចក្ដីសញ្ញា ការ​សន្យាទាំងឡាយ ដែល​យើង​បាន​ធ្វើ​ជាមួយគ្នា និង​ជាមួយព្រះ ។

នោះ​ជា​អ្វី​ដែល​ពួកសិស្ស​ធ្វើ !

បងស្រី​ជនជាតិ​ជប៉ុន​ស្មោះត្រង់​ម្នាក់ និង​ស្វាមី​គាត់ បាន​ទៅលេង​បេសកកម្ម​របស់​យើង​នៅប្រទេស​កូរ៉េ ។ គាត់​ពុំ​ចេះ​និយាយ​កូរ៉េ​ទេ ហើយ​គាត់​ពុំសូវ​ចេះ​និយាយ​អង់គ្លេស​ដែរ ប៉ុន្តែ​គាត់​មាន​ដួងចិត្ត​ស្ម័គ្រប្រើ​អំណោយទានពិសេស និង​ដៃជំនួយ​គាត់ ដើម្បីធ្វើកិច្ចការ​របស់ព្រះអម្ចាស់ ។ នោះ​ជា​អ្វី​ដែល​ពួកសិស្ស​ធ្វើ ! គាត់​បាន​បង្រៀន​អ្នក​ផ្សាយសាសនា​យើង​ពី​របៀបបត់​សត្វក្រដាស់​​សាមញ្ញមួយ--ដែល​អាច​បើក​ និង​បិទ​មាត់​បាន ។ បន្ទាប់មក គាត់​ប្រើ​ភាសា​អង់គ្លេស​តិចតួច ដែល​គាត់​ចេះ ដើម្បី​បង្រៀន​អ្នក​ផ្សាយសាសនា​ឲ្យ « បើក​មាត់​ពួកគេ » ដើម្បី​ចែក​ដំណឹងល្អ-- ជា​មេរៀន​មួយ​ដែល​ពួកគេ​ និង​ខ្ញុំ នឹង​ពុំអាច​ភ្លេច​បានឡើយ ។

ចូរ​ស្រម៉ៃ​មួយ​នាទី​ថា អ្នក​ និង​ខ្ញុំ ឈរ​ជាមួយ​គ្នា​​នឹង​បងប្អូន​ស្ត្រី​រាប់លាន​នាក់​ដទៃទៀត និង​បងប្អូនប្រុស​ទាំងឡាយ​ក្នុង​សាសនាចក្រ​ទ្រង់ ឆ្ពោះ​ទៅមុខ​ដោយ​ក្លៀវក្លា ​ធ្វើ​នូវ​អ្វី​ដែល​ពួកសិស្ស​ធ្វើ-- ដោយ​ការ​បម្រើ និង​សេចក្ដី​ស្រឡាញ់ ដូច​ជា​ព្រះអង្គសង្គ្រោះ ។ តើ​ការ​ធ្វើជា​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ​មានន័យ​យ៉ាងណា​ចំពោះ​អ្នក ?

អាវ​កាក់ និង​អាវយឺត ដៃជំនួយ​ពួកមរមន ត្រូវ​បាន​សិស្សដែល ពុំ​គិត​ពី​ខ្លួន​ឯង​​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​រាប់រយរាប់ពាន់​នាក់ពាក់ ​ចូលរួមក្នុង​ឱកាស​ផ្ដល់​ការ​បម្រើ​​ខាង​សាច់ឈាម​យ៉ាង​សកម្ម ។ ប៉ុន្តែ​មាន​វិធីផ្សេង​ទៀត ដើម្បី​បម្រើ​ក្នុង​នាម​ជា​សិស្សដ៏​លះបង់​ ។ ចូរ​ស្រម៉ៃ​ជាមួយខ្ញុំ​អំពី​សញ្ញា « កា​រប្រកាស​រក​ជំនួយ » ខាង​វិញ្ញាណ​មួយចំនួន ដែល​ទាក់ទង​នឹង​កិច្ចការ​នៃ​សេចក្ដីសង្គ្រោះ ៖

  • ប្រកាស​រក ៖ ឪពុក​ម្ដាយ​​នាំ​កូនចៅ​របស់​ពួកគេ​មកក្នុង​ពន្លឺ និង​សេចក្ដីពិត

  • ប្រកាស​រក ៖ កូន​ស្រី និង​កូនប្រុស បងស្រី និង​បងប្រុស មីង និង​ពូ បងប្អូនជីដូនមួយ​លោកតាលោកយាយ និង​មិត្ត​ស្មោះ​ត្រង់ ដើម្បី​បម្រើ​ជា​អ្នក​ឲ្យ​ដំបូន្មាន និង​ផ្ដល់​ដៃជំនួយ​នៅ​លើ​ផ្លូវ​នៃ​សេចក្ដីសញ្ញា ។

  • ប្រកាស​រក ៖ អ្នកទាំងឡាយ​ដែល​ស្ដាប់​ការ​បំផុសគំនិត​នៃ​ព្រះវិញ្ញាណបរិសុទ្ធ ហើយ​ធ្វើ​តាម​ការ​បំផុស​ដែលទទួល​បាន

  • ប្រកាស​រក ៖ អ្នក​ទាំងឡាយ​ដែល​រស់​នៅ​តាម​ដំណឹងល្អ​ប្រចាំ​ថ្ងៃ​ តាមរបៀប​តូចៗ និង​សាមញ្ញៗ

  • ប្រកាស​រក​ ៖ អ្នក​ធ្វើការពង្សប្រវត្តិ និង​កិច្ចការ​ព្រះវិហារបរិសុទ្ធ ដើម្បីភ្ជាប់​ក្រុមគ្រួសារ​ដ៏​អស់កល្បជានិច្ច

  • ប្រកាស​រក ៖ អ្នក​ផ្សាយសាសនា និង​សមាជិក​ ផ្សាយ « ដំណឹងល្អ » -- ជា​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ

  • ប្រកាស​រក​ ៖ អ្នកជួយ​​សង្គ្រោះ ដើម្បី​ស្វែងរក​អ្នកទាំងឡាយ ដែល​បាន​វង្វេង​ផ្លូវ

  • ប្រកាស​រក​ ៖ អ្នក​រក្សា​សេចក្ដីសញ្ញា ដើម្បី​ឈរ​ឲ្យ​រឹងមាំ​ចំពោះ​សេចក្ដីពិត និង​ត្រឹមត្រូវ

  • ប្រកាស​រក​ ៖ សិស្ស​ពិត​របស់ព្រះអម្ចាស់ ព្រះយេស៊ូវ​គ្រីស្ទ

អស់ជាច្រើន​ឆ្នាំ​កន្លង​ទៅ អែលឌើរ អិម រ័សុល បាឡឺដ បាន​ចេញ​សំណើរ​ដ៏​មុតមាំ​មួយ​ដល់​ស្ត្រី​នៃ​សាសនាចក្រ ពេល​លោក​មានប្រសាសន៍​ថា ៖

« នៅ​ចន្លោះ​ពេល​នេះ និង​ការ​យាង​មក​របស់​ព្រះអម្ចាស់ លោក​ត្រូវ​ការ​ស្ត្រី​គ្រប់​គ្រួសារ​ គ្រប់វួដ គ្រប់​សហគមន៍ និង​គ្រប់​ជាតិសាសន៍ នឹង​​បោះជំហាន​ទៅមុខ​នៅ​ក្នុង​សេចក្ដី​សុចរិត ហើយ​និយាយ​ដោយ​ពាក្យ​សម្ដី និង​ទង្វើរ​របស់ពួកគេថា ‹ ខ្ញុំ​នៅទីនេះ បញ្ជូន​ខ្ញុំ​ចុះ › ។

« សំណួរ​របស់ខ្ញុំ​គឺ​ថា ‹ តើ​អ្នក​នឹង​ធ្វើ​ជា​ស្ត្រី​ម្នាក់​ក្នុង​ចំណោម​ស្ត្រី​ទាំង​នោះ​ឬ​ទេ ?›» 13

ខ្ញុំ​សង្ឃឹម​ថា យើង​ម្នាក់ៗ អាច​ឆ្លើយ​ច្បាស់ៗ​ថា « ចា៎ស! » ខ្ញុំ​បិទ​ដោយទំនុក​ចម្រៀង​កុមារ ៖

​[កូនស្រី] ​នៃ​ក្ដី​សញ្ញា មាន​អំណោយទានចែកចាយ ។
យើង​នឹង​បង្រៀន​ដំណឹងល្អ​តាម​ការ​រស់នៅ​យើង ។
យើង​នឹង​ថ្លែង​បន្ទាល់​ ទាំង​ពាក្យ​សម្ដី និង​ទង្វើ ៖
យើង​ជឿ ហើយ​យើង​បម្រើ​ព្រះយេស៊ូវ​គ្រីស្ទ ។ 14

ក្នុង​នាម​ជា​សិស្ស​ពិត សូម​យើង​ផ្ដល់​ដួងចិត្ត​ស្ម័គ្រ និង​ដៃ​ជំនួយ​យើង ដើម្បី​ពន្លឿន​កិច្ចការ​ទ្រង់ ។ វា​មិន​សំខាន់​ថា​យើង ដូចជា Brynn យើង​មាន​ដៃតែ​មួយ​នោះ​ទេ ។ វា​មិន​សំខាន់​ទេ បើ​យើង​មិន​ទាន់​ល្អ​ឥត​ខ្ចោះ និង​ពេញ​លេញ ។ យើង​ជា​សិស្ស​ដ៏​លះបង់​ ដែល​បាន​ឈោងទៅជួយ​គ្នា​ទៅ​វិញ​ទៅមក​នៅ​តាម​ផ្លូវ ។ ភាព​ជា​ស្ត្រី​របស់យើង ឈោង​​ទៅ​គ្រប់ជំនាន់ ដល់បងប្អូនស្ត្រី​ស្មោះ​ត្រង់​ទាំងឡាយ ដែល​បាន​ដើរ​ពីមុនមក ។​ រួមគ្នា​ក្នុង​នាម​ជា​ស្ត្រី និង​​សាមគ្គីភាព​ជាមួយ​នឹង​ព្យាការី​នៅរស់ អ្នក​មើល​ឆុត និង​អ្នកទទួលវិវរណៈ ដែល​មាន​កូនសោ​បព្វជិតភាព​ដែល​បាន​ស្ដារឡើងវិញ នោះ​យើង​អាច​ដើរ​ក្នុង​នាម​ជា​​មនុស្ស​ម្នាក់ ជា​សិស្ស ជា​អ្នក​បម្រើ ដែល​មានដួងចិត្ត​ និង​ដៃស្ម័គ្រ ជួយ​ពន្លឿន​ដល់កិច្ចការ​នៃ​សេចក្ដីសង្គ្រោះ ។​ ពេល​យើង​ធ្វើដូច្នោះ យើង​នឹង​ក្លាយ​ដូចជា​ព្រះអង្គសង្គ្រោះ ។ ខ្ញុំ​ថ្លែង​ទីបន្ទាល់​ដូច្នោះ ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

បង្ហាញ​សេចក្ដី​យោង

  1.  

    1. សូមមើល « Brynn » lds.org/media-library/video/2011–01–007-brynn ។

  2.  

    2. យ៉ូហាន 7:17 ។

  3.  

    3. « ខ្ញុំជាកូន​របស់ព្រះ » ទំនុកដំកើង ទំព័រ 58 ឬ ចម្រៀង​កុមារ 2–3 ។

  4.  

    4. សូមមើល ម៉ាថាយ 19:16–22 ។

  5.  

    5. គោលលទ្ធិ និង សេចក្តី​សញ្ញា 25:10, 13។

  6.  

    6. នែល អេ ម៉ាក់ស្វែល « Old Testament: Relevancy within Antiquity » ( address to Church Educational System religious educators, Aug. 16, 1979), 4; si.lds.org ។

  7.  

    7. មរមន 4:11–12 ។

  8.  

    8. នីហ្វៃទី 3 5:13 ។

  9.  

    9. សូមមើល មរ៉ូណៃ 7:2 ។

  10.  

    10. នៅក្នុង ប៊យដ៍ ឃេ ផាកកឺ « The Circle of Sisters, » Ensign, ខែ​វិច្ឆិកា ឆ្នាំ 1980, 111 ។

  11.  

    11. សូមមើល នីហ្វៃទី 2 26:29–30 ។

  12.  

    12. « Love Is Spoken Here, » Children’s Songbook, 190–91 ។

  13.  

    13. អិម រ័សុល បាឡឺដ « Women of Righteousness » Ensign, ខែ​មេសា ឆ្នាំ 2002, 70; Liahona, ខែ​ធ្នូ ឆ្នាំ 2002, 39 ។

  14.  

    14. « Holding Hands around the World, » Friend, ខែ​កក្កដា ឆ្នាំ 2002, 44–45;Liahona, ខែ​តុលា ឆ្នាំ 2003, F12–13 ។