តើ​អ្នក​គិត​យ៉ា​ងណា?


ខ្ញុំ​អង្វរ​អ្នក​ឲ្យ​ហាត់​សួរ​សំណួរ​នេះ ដោយការគោរព​ដ៏​ទន់ភ្លន់​ចំពោះ​បទពិសោធន៍​អ្នកដទៃ៖ « តើ​អ្នក​គិត​យ៉ាងណា? »

កាលពី​សែសិប​មួយឆ្នាំ​មុន ខ្ញុំ​បាន​ឡើង​បើក​ឡាន​ធំ​មួយ​មានកង់ 18 ជាមួយ​នឹងភរិយា​ដ៏​ស្រស់ស្អាត​របស់ខ្ញុំ ជេន និង​​កូន​តូចយើង ស្កតធី ។ យើង​​បាន​ដឹក​សម្ភារ​សំណង់​យ៉ាង​ធ្ងន់ ធ្វើ​ដំណើរ​ឆ្លងកាត់​រដ្ឋ​ជាច្រើន ។

នៅ​ជំនាន់នោះគ្មាន​​ច្បាប់ឲ្យ​​ដាក់​ខ្សែក្រវ៉ាត់ ឬច្បាប់ដាក់​​​កៅអី​សម្រាប់ទារក​ទេ ។ ​ភរិយា​ខ្ញុំបាន​បី​កូនប្រុសស្ងួនភ្ញា​របស់យើងនៅ​ក្នុង​ដៃ ។ ពេល​គាត់​ពោល​ថា « យើងហើប​ផុតដី​ហើយបង » ​វា​ផ្ដល់​ជា​​តម្រុយដល់​ខ្ញុំថា គាត់​មាន​​អារម្មណ៍ភ័យ​ហើយ ។​

ពេល​យើង​​មកដល់ជម្រាល​ផ្លូវ​ ដុនណឺ ផាស ជាប្រវត្តិសាស្ត្រ ជាផ្លូវ​ចោទមួយ​លើមហាវិថី រំពេច​នោះ​កាប៊ីន​ឡានស្រាប់​តែ​មាន​ផ្សែង​ហុយទ្រលោម។​ រក​មើល​អ្វី​មិន​ឃើញ​សោះ ហើយ​ពិបាក​ដក​ដង្ហើមណាស់ ។

ដោយ​សារ​កន្ទុយឡាន​ធ្ងន់ នោះការ​​ចាប់​ហ្វ្រាំងតែ​ម្យ៉ាង​មិន​អាច​បន្ថយ​ល្បឿនបាន​ភ្លាមៗ​ទេ ។ ខ្ញុំ​បាន​ព្យាយាម​បញ្ឈប់​ឡាន​ដោយជាន់​ហ្វ្រាំង ហើយសាង​លេខទាំងភិតភ័យ ។

ពេល​ខ្ញុំ​បាន​បត់​ចូល​ទៅ​ចិញ្ចើម​ផ្លូវ ប៉ុន្តែ​ពីមុនយើង​បាន​ឈប់​ស្រួលបួល ភរិយាខ្ញុំ​បាន​បើក​ទ្វារឡាន ហើយ​លោត​ចេញ​ទៅ​ដោយ​បី​កូន​ក្នុង​ដៃ ។​ ខ្ញុំ​បាន​មើល​ដោយ​គ្មាន​ពំនឹង ពេល​ពួកគេ​បាន​ដួល​ទៅ​លើដី​ ។

ពេល​ខ្ញុំ​បាន​ចតឡានភ្លាម ខ្ញុំ​បាន​ចេញពីកាប៊ីន​នោះភ្លាម​យ៉ាង​លឿន ។​ ដោយ​ភិតភ័យ ខ្ញុំ​បាន​រត់ទៅ​កាត់​ថ្ម កាត់ស្មៅទៅ​ឱប​ពួកគេក្នុង​ដៃ ។ ដៃ និង​កែងដី​របស់ ជេន​ មាន​របួស​ហូរឈាម ប៉ុន្តែ​សំណាងល្អ​គាត់ និង​កូន​ប្រុស​យើងនៅ​មាន​ជីវិត ។ ខ្ញុំ​បាន​ឱប​ពួកគេ​យ៉ាង​ណែន រហូតដល់​ដីឈប់​ហុយ​នៅ​លើ​ផ្លូវ​ជាតិ​នោះ ។

ពេលខ្ញុំបាន​ស្ងប់ចិត្ត ហើយ​​អាច​ដក​ដង្ហើម​បាន​ស្រួល នោះ​ខ្ញុំ​បាន​និយាយថា « តើ​អូន​គិត​យ៉ាង​ម៉េច​ហ្នឹង ? » ​អូន​ដឹង​ថា​វាគ្រោះ​ថ្នាក់​ទេ ? អូន​អាច​នឹង​ស្លាប់​បាន​ណា ! »

គាត់​បាន​មើលមុខ​ខ្ញុំ ទាំង​ទឹកភ្នែកហូរ​លើ​ថ្ពាល់​ប្រឡាក់​សុទ្ធ​តែ​ផ្សែង​ ហើយ​បាន​ពោលពាក្យ​ដែល​ចាក់​ក្នុង​បេះដូង​ខ្ញុំ ហើយ​ខ្ញុំ​ចាំជានិច្ច​​ថា ៖ « អូន​គ្រាន់​តែ​ចង់​ជួយ​សង្គ្រោះ​កូនប្រុស​យើង​ប៉ុណ្ណោះ » ។

ខ្ញុំ​បាន​ដឹង​ថា ពេលនោះ គាត់​គិត​ថា ម៉ាស៊ីនឡាន​ឆេះ​ហើយ ​ខ្លាច​ថា ឡាន​នឹង​ផ្ទុះ នោះ​យើង​នឹង​ស្លាប់​ជាមិនខាន ។ ​ប៉ុន្តែ​ ខ្ញុំ​បានដឹង​ថា វាជាការ​ឆ្លង​ភ្លើងទេ--វា​មាន​គ្រោះ​ថ្នាក់ តែ​មិន​ដល់ស្លាប់ទេ ។ ខ្ញុំ​បាន​សម្លឹង​ទៅ​ភរិយា​សំណព្វ​ខ្ញុំ ដែលកំពុង​អង្អែល​ក្បាល​កូនប្រុស​តូច​យើងថ្មមៗនោះ ហើយងឿង​ឆ្ងល់​ថា ​ហេតុអី​គាត់​ហាន​ធ្វើ​រឿង​បែបនេះទៅ​កើត ។

ក្នុង​ស្ថាន​ភាព​នេះ​ អាចមាន​​គ្រោះ​ថ្នាក់ខាង​ផ្លូវ​ចិត្ត ដូចគ្នានឹង​ការខូចម៉ាស៊ីនឡាន​​របស់​យើង​ដែរ ។ អរគុណណាស់ បន្ទាប់​ពី​ការនៅស្ងៀម​មួយ​រយៈមក ដោយ​​​យើង​រៀងៗ​ខ្លួន​ជឿ​ថា វាជា​​កំហុស​របស់គ្នាទៅវិញទៅមក នោះ​នៅ​ទីបំផុត​យើង​បានសម្ដែងពីអារម្មណ៍ដែលយើង​បាន​ធ្វើ​រឿងនោះ​ ។​ ការ​ចែកចាយ​អារម្មណ៍​នៃ​ក្ដី​ស្រឡាញ់ និង​ការព្រួយ​បារម្ភពីសុវត្ថិភាព​គ្នា បាន​ទប់ស្កាត់​រឿង​​គ្រោះ​ថ្នាក់​នេះ​​ពី​សេចក្ដីស្លាប់ ទៅ​ជា​អាពាហ៍ពិពាហ៍​ដ៏​រីករាយ​យើងវិញ ។

ប៉ុល​បាន​ព្រមាន​ថា « មិន​ត្រូវ​ឲ្យ​មាន​ពាក្យ​អាក្រក់​ណា​មួយ​ចេញ​ពី​មាត់​អ្នករាល់គ្នា​ឡើយ ចូរ​បញ្ចេញ​តែ​ពាក្យណា​ដែល​ល្អៗ សម្រាប់​នឹង​ស្អាង​ចិត្ត​តាម​ត្រូវការ ដើម្បី​ឲ្យ​បាន​ផ្ដល់​ព្រះគុណ​ដល់​អស់​អ្នកដែលស្ដាប់ » (​ អេភេសូរ 4:29) ។ សម្ដីគាត់ បញ្ជាក់​នូវ​​បរិសុទ្ធភាព ។

តើពាក្យ​ « មិន​ត្រូវ​ឲ្យ​មាន​ពាក្យ​អាក្រក់​ណា​មួយ » មានន័យ​យ៉ាងណា​ចំពោះអ្នក ? តាមធម្មតា យើង​ទាំងអស់​គ្នា​មាន​បទពិសោធន៍​អារម្មណ៍​ខឹង​ខ្លាំង--​ទាំង​ខ្លួន​ឯង និង​អ្នកដទៃ ។​ យើង​បាន​ឃើញ​ការ​ខឹង​ច្រឡោត​ផ្ទុះ​ឡើង​នៅ​តាម​​ទីសាធារណៈ ។ យើង​​​ធ្លាប់ជួប​​វា ដូច​ជាអារម្មណ៍ម្យ៉ាង​ដែល « ខឹង​ភ្លាម! » ក្នុង​ព្រឹត្តិការណ៍​កីឡា ឆាក​នយោបាយ និងក្នុងផ្ទះ​យើងផ្ទាល់ ។

ពេល​ខ្លះ​ កូន​និយាយ​ទៅ​កាន់​ឪពុក​ម្ដាយ​ជាទីស្រឡាញ់​​ខ្លួនដោយ​សម្ដី​​មុត​ដូចជាកាំបិត ។ ប្ដី ឬ​ប្រពន្ធ ដែលធ្លាប់ចែក​ចាយ​​បទពិសោធន៍​ដ៏​រីរាយ ហើយ​ទន់ភ្លន់​បំផុត​នៃ​ជីវិត បាន​បាត់បង់ក្ដីស្រមៃ និងភាព​​អត់ធ្មត់​នឹង​គ្នា ហើយ​តម្លើង​សំឡេង​របស់ខ្លួន ។ យើង​ទាំងអស់គ្នា ថ្វីបើ​ជាកូន​ចៅ​ក្នុង​សេចក្ដីសញ្ញា​របស់ព្រះវរបិតាសួគ៌​ជាទីស្រឡាញ់ក្ដី ​បាន​ស្ដាយ​ក្រោយ ពេល​ធ្វើ​ការ​វិនិច្ឆ័យ​រហ័ស​ពេក ហើយ​យើង​បាន​ប្រើសម្ដី​​ទ្រគោះបោះបោក មុន​ពេល​យើង​យល់​ពី​ស្ថានភាពមួយនៅ​ក្នុង​គំនិត​​របស់​មនុស្ស​ម្នាក់ទៀត ។ យើង​ទាំងអស់​គ្នា​មាន​ឱកាស​រៀនពី​របៀប​ដែល​ពាក្យសម្ដីអាក្រក់ អាច​នាំ​ស្ថានភាព​មួយដែលគ្រាន់​តែ​គ្រោះថ្នាក់ ​ក្លាយ​ទៅជាដល់សេចក្ដី​​ស្លាប់បាន ។

លិខិត​​មួយច្បាប់​ថ្មីៗ​នេះ មកពី​គណៈប្រធានទីមួយបាន​ថ្លែង​យ៉ាងច្បាស់​ថា « ដំណឹងល្អ​របស់ព្រះយេស៊ូវ​គ្រីស្ទ បង្រៀន​យើង​ឲ្យ​ស្រឡាញ់ ហើយ​ប្រព្រឹត្ត​ចំពោះ​មនុស្ស​ទាំងអស់​ដោយ​ចិត្តល្អ និង​ការ​គោរព--ទោះ​ជា​​យើង​មិន​យល់​ស្របក្ដី » ( លិខិត​គណៈប្រធាន​ទីមួយ ថ្ងៃ​ទី 10 ខែ​មករា ឆ្នាំ 2014 ) ។ នេះ​ជា​ការ​រំឭក​ដ៏​ល្អខ្លាំង​ណាស់ថា​ យើង​អាច និង​គួរ​ចូលរួម​ក្នុង​ការបន្ដ​សន្ទនាតាមធម្មតា​ ជាពិសេសពេល​យើង​មើល​ពិភពលោក​ក្នុង​ទស្សនៈ​មួយផ្សេងទៀត ។​

អ្នក​សរសេរ​គម្ពីរសុភាសិត បាន​ប្រឹក្សា​ថា « ពាក្យ​តប​ឆ្លើយ​ដោយ​ស្រទន់ នោះ​រមែង​រម្ងាប់​សេចក្ដី​ក្រោធ​ទៅ ៖ តែ​ពាក្យ​គំរោះ​គំរើយ នោះ​បណ្ដាល​ឲ្យ​មាន​សេចក្ដី​កំហឹង​វិញ » ( សុភាសិត 15:1) ។ « ការ​ឆ្លើយ​ដោយ​ស្រទន់ » មាន​នូវ​ការ​ឆ្លើយ​ដែលមាន​ហេតុផល--ពាក្យមាន​វិន័យ​ចេញ​ពី​ដួងចិត្ត​រាបសារ ។ វាពុំ​មែន​មានន័យ​ថា យើង​ពុំ​និយាយចំៗ ឬ​ថា យើង​សម្រួល​សេចក្ដី​ពិត​ខាង​គោលលទ្ធិទេ ។ ពាក្យ​ដែល​ចំៗ អាច​មាននូវ​​ភាព​ទន់ភ្លន់​ខាងវិញ្ញាណ ។

ព្រះគម្ពីរមរមន មាន​នូវ​គំរូដ៏សំខាន់​មួយ​ស្ដីពី​ភាសា​ច្បាស់លាស់ដែល​បាន​លើក​ឡើង​ពី​ភាព​មិន​ចុះស​ម្រុង​​​រវាង​ប្ដី​ប្រពន្ធផងដែរ ។ កូនប្រុស​របស់​សារ៉ាយ និង​លីហៃ ត្រូវ​បាន​បញ្ជូន​ឲ្យ​ត្រឡប់ទៅ​ទីក្រុង​យេរូសាឡិម​វិញ ដើម្បី​ទៅយក​ផ្ទាំងលង្ហិន ហើយ​ពុំ​ទាន់​ត្រឡប់មកវិញ ។ សារ៉ាយ ជឿ​ថា កូនប្រុស​ស្ថិត​ក្នុង​គ្រោះ​ថ្នាក់ ហើយ​គាត់​ខឹង​ខ្លាំង ហើយ​ចាំបាច់​ត្រូវ​បន្ទោស​ដល់​នរណា​ម្នាក់ ។

សូម​ស្ដាប់​រឿង​នោះ តាម​ទស្សនៈ​របស់​កូនប្រុសគាត់ នីហ្វៃថា ៖ « ត្បិត [ម្ដាយ​ខ្ញុំ] ​គិត​ស្មាន​ថា យើង​បាន​វិនាស​នៅក្នុង​ទីរហោស្ថាន​ទៅហើយ ហើយ​គាត់​ក៏​បាន​ពោលពាក្យ​ត្អូញ​ត្អែរ​ទាស់​នឹង​ឪពុក​ខ្ញុំ​ថា ឪពុក​ខ្ញុំ​ជា​អ្នក​ប្រកប​ដោយ​ការ​និមិត្ត ដោយ​ថា ៖​ មើល​ចុះ​ លោក​បាន​នាំ​យើង​រាល់​គ្នា​ចាក​ចេញ​ចោល​ដែនដី​នៃកេរអាករ​របស់​យើង ហើយ​កូន​ប្រុស​ទាំងឡាយ​របស់​ខ្ញុំ ក៏​ទៅ​បាត់​អស់​ទៀត ហើយ​យើង​នឹង​ត្រូវ​វិនាស​ក្នុង​ទីរហោស្ថាន » ( នីហ្វៃទី 1 5:2 ) ។

ឥឡូវ ចូរ​គិតពី​អ្វី​ដែល​សារ៉ាយ​ បានគិត ។ គាត់​បាន​ព្រួយបារម្ភពីការ​ដែល​ពួក​កូនប្រុស​គាត់​ត្រូវ​ត្រឡប់​ទៅ​កន្លែង​ដែល​មាន​គេ​គម្រាម​ចង់សម្លាប់ស្វាមីគាត់ ។ ​គាត់​បាន​ប្ដូរ​ផ្ទះ​ជាទីស្រឡាញ់​ និងមិត្តភក្ដិ ​មក​យក​ត្រសាល​មួយ​ក្នុង​ទីរហោស្ថាន​ដាច់​ស្រយាល កាល​ដែល​គាត់ស្ថិត​ក្នុង​វ័យអាច​បង្កើត​​កូន​នៅឡើយនោះ​ ។ ដោយ​ការ​ភ័យ​បារម្ភ​ខ្លាំង សារ៉ាយ ​ហាក់ដូចជា ​ហ៊ាន​លោតពីលើ​ឡាន​ល្បឿនយ៉ាងលឿន​ ប៉ុនប៉ង​ការពារ​ដល់​គ្រួសារ​​គាត់​នោះ ទោះ​វា​ជា​ទង្វើរ​ពុំ​ឆ្លាត​វៃក្ដី ។ គាត់​បាន​បង្ហាញ​​​កង្វល់ខ្លាំង​ដល់​​ប្ដី​គាត់ ​ជាភាសាខឹង ​សង្ស័យ និង​បន្ទោស-- ជាភាសាមួយ​ដែល​មនុស្សទូទៅទំនងជា​ចេះ​យ៉ាងស្ទាត់នោះ ។

ព្យាការី លីហៃ បាន​ស្ដាប់​ពី​ការភិតភ័យដែល​ជា​ប្រភព​​ធ្វើ​ឲ្យ​ប្រពន្ធ​គាត់​មាន​​កំហឹង ។ បន្ទាប់មក គាត់​បាន​ឆ្លើយតប​ដោយ​មានវិន័យ​ ជា​​​​ភាសា​នៃ​ក្ដីមេត្តា ។ ដំបូង គាត់​ទទួលយក​ការពិត​នៃ​អ្វីៗ ដែលប្រពន្ធ​គាត់​បាន​គិត ៖ « ហើយ ... ឪពុក​ខ្ញុំ​បាន​និយាយ​ទៅ​ម្ដាយ​ខ្ញុំ​ថា ៖ ខ្ញុំ​ដឹង​ហើយ​ថា ខ្ញុំ​ជា​មនុស្ស​ប្រកប​ដោយ​ការ​និមិត្ត... ប៉ុន្តែ​ [បើ​ខ្ញុំ] នៅក្នុង​ក្រុង​យេរូសាឡិម​តទៅទៀត ច្បាស់​ជា​ត្រូវ​វិនាស​ទៅ​ជាមួយ​នឹង​បងប្អូន​ខ្ញុំ​ហើយ » ( នីហ្វៃទី 1 5:4) ។

រួច ស្វាមី​គាត់​បានលើកឡើងនូវ​ការបារម្ភ​របស់ប្រពន្ធគាត់ចំពោះ​សុខុមាលភាព​នៃ​កូនៗពួកគាត់ ដូចដែល​ព្រះវិញ្ញាណបរិសុទ្ធ បាន​ថ្លែង​ទីបន្ទាល់យ៉ាង​ច្បាស់​​ដល់គាត់​ថា ៖

« ប៉ុន្តែ​មើលចុះ ខ្ញុំ​បាន​ទទួល​ដែនដី​សន្យា​ហើយ ការណ៍​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​រីករាយ​ណាស់ មែនហើយ ហើយ​ខ្ញុំ​ដឹង​ថា ព្រះអម្ចាស់​ទ្រង់ នឹង​រំដោះ​កូនប្រុស​ទាំងឡាយ ឲ្យ​បាន​រួច​ផុត​ពីកណ្ដាប់​ដៃ​ ឡាបាន់ …។

« ហើយ​ដោយ​ពោល​ពាក្យ​បែប​នេះ​ហើយ ដែល​ឪពុក​ខ្ញុំ លីហៃ ​បាន​កំសាន្ដ​ចិត្ត​ម្ដាយ​ខ្ញុំ ពី​រឿង​យើង » ( នីហ្វៃទី 1 5:5–6) ។

សព្វថ្ងៃនេះ មាន​តម្រូវ​ការយ៉ាង​​ខ្លាំង​ ដើម្បី​ឲ្យ​បុរស​ស្ត្រីគ្រប់គ្នា បណ្ដុះ​នូវ​ការ​គោរព​ចំពោះគ្នា​ទៅវិញទៅមក ទោះ​ជាមាន​ជំនឿ និង​ទង្វើ ហើយ​ហេតុផល​ខុសគ្នា​ខ្លាំង​​យ៉ាងណាក្ដី ។ វាពិបាក​ណាស់​ ដើម្បីដឹង​អ្វីៗ​ទាំងអស់ ​ដែ​ល​ប្រាប់​ក្នុងគំនិត និង​ចិត្ត​យើង ឬ​យល់​​ពេញលេញពី​ស្ថានភាព​នៃ​​ការ​សាកល្បង និង​ជម្រើស ដែល​យើង​ម្នាក់ៗ​​បាន​ជួប​នោះ ។

ដូច្នេះ តើ​មាន​អ្វី​​កើតឡើងចំពោះ​ឃ្លា « ​​ពាក្យ​អាក្រក់ » ដែល​ប៉ុល​បាន​ថ្លែង បើ​យើង​គ្រប់គ្រង​ខ្លួនយើង រួម​ទាំងអាណិត​អាសូរ​ចំពោះ​បទពិសោធន៍​អ្នកដទៃ​មុន​នោះ ? ដោយ​ទទួលយកពេញ​លេញ​នូវ​ព្រំដែន​​នៃ​ភាពមិនល្អ​ឥតខ្ចោះ​ និងភាពមិនល្អ​​របស់ខ្ញុំ ខ្ញុំ​សូម​អង្វរ​​អ្នក​ឲ្យ​ហាត់​សួរ ដោយ​ទន់ភ្លន់​ពី​បទពិសោធន៍​មនុស្ស​​ម្នាក់ទៀត​នូវ​សំណួរ​នេះថា​ ៖ « តើ​អ្នក​គិត​យ៉ា​ងណា ? »

តើ​អ្នក​ចាំ​ទេ ពេល​ព្រះអម្ចាស់ បាន​ធ្វើ​ឲ្យ​សាំយ៉ូអែល និង​ស៊ូល ភ្ញាក់​ផ្អើល ដោយ​ជ្រើស​​ក្មេង​ប្រុសតូច ​គង្វាលចៀម ដាវីឌ​នៃ​បេថ្លេហិម ធ្វើជា​ស្ដេច​នៃ​ពួកអ៊ីស្រាអែលនោះ ? ព្រះអម្ចាស់​បាន​ប្រាប់​ព្យាការីទ្រង់​ថា « ពីព្រោះ​ព្រះទ្រង់​មិន​ទត​ចំពោះ​សេចក្ដី​ដែល​មនុស្ស​លោក​ពិចារណា​មើល​ទេ ឯមនុស្ស​លោក តែង​មើល​តែ​ឫកពា​ខាង​ក្រៅ​ប៉ុណ្ណោះ តែ​ព្រះអម្ចាស់​ទ្រង់​ទត​ចំពោះ​ក្នុង​ចិត្ត​វិញ » ( សាំយូអែល​ទី 1 16:7) ។

នៅពេល​កាប៊ីនឡានយើង​មានសុទ្ធ​តែ​ផ្សែង នោះភរិយា​ខ្ញុំ​បាន​ធ្វើដោយ​ក្លាហាន​បំផុត តាម​ដែល​គាត់​អាច​ធ្វើ ដើម្បី​ការពារ​កូន​ប្រុស​យើង ។ ខ្ញុំ​ក៏​បាន​ធ្វើ​ជា​អ្នកការពារ​ម្នាក់ដែរ ពេល​ខ្ញុំ​ឆ្ងល់​ពី​ជម្រើស​គាត់ ។ អ្វីដែលអស្ចារ្យ​នោះ​គឺថា ទោះ​នរណាត្រូវ ឬខុស វា​មិន​សំខាន់ទេ ។ អ្វី​ដែល​សំខាន់ គឺ​ការ​ស្ដាប់​គ្នាទៅវិញទៅមក ហើយ​យល់​ពី​ទស្សនៈ​របស់​បុគ្គលម្នាក់ទៀត ។

ឆន្ទៈ​ដើម្បី​យល់​ពី​គំនិត​គ្នា​ទៅវិញ​ទៅម​ក​នឹង​ប្ដូរ « ពាក្យ​អាក្រក់ » ទៅ​ជា « ការ​ [ផ្ដល់] ​ព្រះគុណ » ។ សាវក ប៉ុល​ យល់ពី​រឿង​នេះ ហើយ​នៅ​កម្រិត​ណាមួយនោះ យើង​ម្នាក់ៗ នឹង​អាច​មានបទពិសោធន៍​ដែរ ។ វា​​អាចនឹង​មិន​​ផ្លាស់ប្ដូរ ឬ​ដោះស្រាយ​បញ្ហានោះទេ ប៉ុន្តែ​លទ្ធភាព​ដ៏​សំខាន់​ជាងនោះ អាច​ថា ជាការ​ផ្ដល់​​​ព្រះគុណ​មក​ផ្លាស់ប្ដូរ​យើងវិញ ។

ខ្ញុំ​ថ្លែង​ជា​សាក្សីដោយរាបសារ​​ថា យើងអាច​ « ផ្ដល់ព្រះគុណ » តាម​រយៈ​ភាសា​ចិត្តមេត្តា ពេល​អំណោយទាន​នៃព្រះវិញ្ញាណបរិសុទ្ធ​ដែល​បាន​បណ្ដុះ អាច​ចាក់​ទម្លុះ​ដួងចិត្ត​យើងឲ្យ​អាណិត​អាសូរ​​ពី​អារម្មណ៍ និង​ស្ថានភាព​របស់​អ្នកដទៃ ។ វា​ជួយ​​យើងឲ្យ​​ផ្លាស់​ស្ថានភាព​គ្រោះថ្នាក់​ទៅ​ជា​កន្លែងដ៏​បរិសុទ្ធបាន​ ។ ខ្ញុំសូម​​ថ្លែង​ទីបន្ទាល់ពីព្រះអង្គសង្គ្រោះ​​ជាទីស្រឡាញ់ ដែល « ទត​មើល​ដួងចិត្ត​ [យើង] » ហើយខ្វល់ខ្វាយ​នឹង​អ្វី​ដែល​យើង​កំពុងគិត ។ ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។