តើ​គួរ​ធ្វើ​ជា​មនុស្ស​បែប​ណា​ទៅ?


តើ​យើង​ត្រូវ​កែប្រែ​អ្វី​ខ្លះ​ដើម្បី​ក្លាយ​ជា​មនុស្ស​ដែល​យើង​ត្រូវ​ប្រែក្លាយ​?

ពេល​យើង​នឹក​គិត​ពី​ការប្រជុំ​ទូទៅ​មួយ​នេះ យើង​ចងចាំ​ថា​ គ្មាន​អ្វី​ប្រៀប​ផ្ទឹម​នឹង​ការជួបជុំ​នេះ​ឡើយ — គ្មាន​កន្លែង​ណា​ទាល់​តែ​សោះ ។ គោលបំណង​នៃ​សម័យ​ប្រជុំ​បព្វជិតភាព​សន្និសីទ​ទូទៅ គឺ​ដើម្បី​បង្រៀន​អ្នក​កាន់​បព្វជិតភាព​ថា ​តើ​យើង​គួរ​ធ្វើ​ជា​មនុស្ស​បែប​ណា​ទៅ ( សូម​មើល នីហ្វៃ​ទី 3 27:27 ) ហើយ​ដើម្បី​បំផុស​យើង​ឲ្យ​សម្រេច​គោលបំណង​នោះ ។

ពាក់​កណ្ដាល​សតវត្សរ៍​មក​ហើយ កាល​ខ្ញុំ​នៅ​ជា​អ្នក​កាន់​បព្វជិតភាព​អើរ៉ុន​នៅ​រដ្ឋ ហាវ៉ៃ និង ជា​អ្នក​ផ្សព្វ​ផ្សាយ​សាសនា​នៅ​ប្រទេស អង់គ្លេស យើង​បាន​ប្រជុំ​គ្នា​ក្នុង​រោង​ថ្វាយ​បង្គំ ហើយ​ស្ដាប់​ការប្រជុំ​បព្វជិតភាព​ដោយ​យក​ចិត្ត​ទុក​ដាក់​តាម​រយៈ​ទូរស័ព្ទ ។ ច្រើន​ឆ្នាំ​ក្រោយ​មក ផ្កាយ​រណប​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចាក់ផ្សាយ​ទៅ​កាន់​ទីតាំង​សាសនាចក្រ​មួយ​ចំនួន ដែល​មាន​ឧបករណ៍​ចាប់​ផ្កាយ​រណប​ធំៗ ដើម្បី​យើង​អាច​ទាំង​ស្ដាប់​ឮ​សំឡេង​ផង និង ឃើញ​រូបភាព​ផង ។ យើង​ស្ញប់ស្ញែង​នឹង​បច្ចេកវិទ្យា​នោះ​ពេក​ក្រៃ ! មនុស្ស​ខ្លះ​អាច​ធ្លាប់​ស្រមៃ​ពី​ពិភពលោក​សព្វ​ថ្ងៃ​នេះ ថា​អ្នក​មាន​អ៊ិនធើរណិត​ក្នុង smartphone, tablet ឬ កុំព្យូទ័រ​ដែល​អាច​ទទួល​បាន​សារលិខិត​ពី​ការប្រជុំ​នេះ​បាន ។

ប៉ុន្តែ លទ្ធភាព​កើនឡើង​សម្បូរ​បែប​ចំពោះ​ការស្តាប់​ឮ​សំឡេង​នៃ​អ្នក​បម្រើ​ព្រះ ដែល​ដូច​គ្នា​នឹង​សំឡេង​ព្រះ​ផ្ទាល់ ( សូម​មើល គ. និង ស. 1:38 ) ពុំ​សូវ​មាន​ប្រយោជន៍​ឡើយ លុះត្រា​តែ​យើង​ចង់​ទទួល​យក​ប្រសាសន៍​នោះ ( សូម​មើល គ. និង ស. 11:21 ) ហើយ​បន្ទាប់​មក អនុវត្ត​តាម ។ និយាយ​ឲ្យ​សាមញ្ញ​គឺ​ថា គោលបំណង​នៃ​សម័យ​ប្រជុំ​របស់​សន្និសីទ​ទូទៅ ត្រូវ​បាន​សម្រេច បើ​យើង​ចង់​ប្រព្រឹត្តតាម — បើ​យើង​ចង់​កែប្រែនោះ ។

ប៉ុន្មាន​ទសវត្ស​កន្លង​ទៅ​នេះ ខ្ញុំ​បាន​បម្រើ​ជា​ប៊ីស្សព ។ អស់​រយៈ​ពេល​ជា​យូរ​ដែល​ខ្ញុំ​ជួប​បុរស​ក្នុង​វួដ​របស់​យើង ដែលគាត់​​មាន​វ័យ​ចំណាស់​ជាង​ខ្ញុំ​ម្នាក់ ។ បងប្រុស​រូប​នេះ​មាន​ទំនាក់ទំនង​ប្រេះ​ស្រាំ​ជាមួយ​ភរិយា​គាត់ ហើយ​បាន​ផ្ដាច់​ទំនាក់ទំនង​ពី​កូនៗ ។ គាត់​នៅ​តែ​ព្យាយាម​ធ្វើការ ហើយ​ការ​គ្មាន​មិត្ត​ស្និទ្ធស្នាល ហើយ​ទំនាក់ទំនង​ជាមួយ​សមាជិក​វួដ​នោះ គឺ​ពិបាក​ក្រៃលែង ដែល​ទីបំផុត​គាត់​ពុំ​ចង់​បម្រើ​ក្នុង​សាសនាចក្រ​ឡើយ ។ អំឡុង​ការពិភាក្សា​ហ្មត់ចត់​មួយ​អំពី​ឧបសគ្គ​នានា​ក្នុង​ជីវិត​គាត់ គាត់​បាន​ទ្រោប​ខ្លួន​មក​ខ្ញុំ — ជា​ការបញ្ចប់​កិច្ច​ពិភាក្សា​ដ៏​វែង​របស់​យើង — ហើយ​បាន​ពោល​ថា « ប៊ីស្សព ខ្ញុំ​ជា​មនុស្ស​រហ័ស​ខឹង ហើយ​ខ្ញុំ​ជា​មនុស្ស​បែប​នេះ​ឯង » !

ការថ្លែង​បែប​នោះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ស្រឡាំងកាំង​នៅ​រាត្រី​នោះ ហើយ​បាន​បង្កើត​ជាកង្វល់​ដក់​ជាប់​នឹង​ខ្ញុំ ។ ដរាប​ណា​​បុរស​នេះ​សម្រេច​ចិត្ត ដរាប​ណា​យើង​ណា​ម្នាក់​កំណត់​ថា — « ខ្ញុំ​ជា​មនុស្ស​បែប​នេះ​ឯង » នោះ​យើង​បោះបង់​សមត្ថភាព​របស់​យើង​ដើម្បី​កែប្រែ​ហើយ ។ យើង​ក៏​អាច​លើក​ទង់​ជ័យ​ស​ឡើង ដាក់​អាវុធ​ចុះ ចុះចាញ់​ក្នុង​សង្គ្រាម ហើយ​បោះបង់​ចោល — ​ក្ដី​សង្ឃឹម​ដើម្បី​ឈ្នះ​ត្រូវ​បាន​រលត់ ។ ខណៈ​ពេល​យើង​មួយ​ចំនួន​ អាច​គិត​ថា​ នោះ​ពុំ​មែន​ជា​ភ័ព្ធវាសនា​របស់​យើង ដែល​​យើង​គ្រប់​គ្នា​បង្ហាញ​ថា​ នោះ​គ្រាន់​តែ​ជា​ទម្លាប់​អាក្រក់​មួយ ឬ ពីរ « ខ្ញុំ​ជា​មនុស្ស​បែប​នេះ​ឯង » ។

មែនហើយ យើង​ប្រជុំ​គ្នា​ក្នុង​ការប្រជុំ​បព្វជិតភាព​នេះ ព្រោះ​អត្ត​សញ្ញាណ​យើង​ពុំ​សម្រេច​សក្តានុពល​របស់​យើង​ឡើយ ។ យើង​ប្រជុំ​គ្នា​ទីនេះ​យប់​នេះ​ក្នុង​ព្រះ​នាម​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ យើង​ប្រជុំ​គ្នា​ដោយ​ទុក​ចិត្ត​ថា ដង្វាយ​ធួន​ទ្រង់​ផ្ដល់​ឲ្យ​យើង​គ្រប់​គ្នា​នូវ​លទ្ធភាព​ដើម្បី​កែប្រែ — មិន​ថា​យើង​មាន​កម្សោយ គុណវិបត្តិ ឬ ការញៀន​អ្វី​ឡើយ ។ ដោយ​ពុំ​គិត​ពី​ប្រវត្តិយើង នោះ​យើង​ប្រជុំ​គ្នា​ដោយ​ក្ដី​សង្ឃឹម​ថា នា​ពេល​អនាគត ​យើង​អាច​ធ្វើ​ជា​មនុស្ស​កាន់តែ​ល្អ​ប្រសើរ ។

ពេល​យើង​ចូលរួម​ការប្រជុំ​នេះ​ដោយ « ស្មោះ​អស់​ពី​ចិត្ត » ដើម្បី​កែប្រែ ( មរ៉ូណៃ 10:4 ) ដើម្បី​កែប្រែ នោះ​ព្រះវិញ្ញាណ​មាន​លទ្ធភាព​យ៉ាង​ពេញលេញ​ចំពោះ​ចិត្ត និង គំនិត​យើង ។ ដូច​ព្រះ​អម្ចាស់​ត្រាស់​សម្ដែង​ដល់​ព្យាការី យ៉ូសែប ស្ម៊ីធ ថា ៖ « ហើយ​ហេតុការណ៍​នឹង​កើត​ឡើង​ថា ដរាប​ណា​ពួក​គេ … អនុវត្ត​សេចក្ដី​ជំនឿ​ជឿ​ដល់​យើង » — សូម​ចាំ​សេចក្ដី​ជំនឿ​ជា​គន្លឹះ​នាំ​ឲ្យ​មាន​អំណាច និង ទង្វើ — « នោះ​យើង​នឹង​ចាក់​ព្រះ​វិញ្ញាណ​របស់​យើង​មក​លើ​ពួកគេ​នៅ​ក្នុង​ថ្ងៃ​ដែល​ពួកគេ​ជួបជុំ​ជាមួយ​គ្នា » ( គ. និង ស. 44:2 ) ។ វា​មាន​ន័យ​ថា​ គឺជា​ការប្រជុំ​នៅ​យប់​នេះ​ឯង !

បើ​អ្នក​គិត​ថា​ឧបសគ្គ​អ្នក​ពុំ​អាច​ដោះស្រាយ​បាន ខ្ញុំ​សូម​ប្រាប់​អ្នក​ពី​បុរស​ម្នាក់​ដែល​ខ្ញុំ​ជួប​ក្នុង​ឆ្នាំ 2006 នៅ​ភូមិ​តូច​មួយ​ នៅ​ជាយ​ក្រុង ហៃឌៀរ៉ាបាដ ប្រទេស​ឥណ្ឌា ។ បុរស​រូប​នេះ​បាន​តាំង​ជា​គំរូ​ក្នុង​ការមាន​ឆន្ទៈ​ដើម្បី​កែប្រែ ។ អ័ប៉ា រ៉ាវ នូលូ កើត​នៅ​តំបន់​ស្រុកស្រែ​ប្រទេស​ឥណ្ឌា ។ កាល​នៅ​អាយុ​បី​ឆ្នាំ គាត់​មាន​ជំងឺ​ស្វិត​ដៃ​ជើង ហើយ​អសមត្ថភាព​ខាង​កាយ​សម្បទា ។ សង្គម​ដែល​គាត់​រស់​នៅ​បង្រៀន​គាត់​ថា គាត់​ពុំ​អាច​ធ្វើ​អ្វី​បាន​ច្រើន​នោះ​ទេ ។ យ៉ាង​ណា​ក្ដី គាត់​បាន​ជួប​នឹង​អ្នក​ផ្សាយ​សាសនា​កាល​នៅ​ជា​យុវមជ្ឈិមវ័យ ។ គេ​បាន​បង្រៀន​គាត់​ពី​សក្តានុពល​កាន់តែ​ល្អប្រសើរ ទាំង​នៅ​ជីវិត​នេះ និង ភាព​អស់​កល្ប​ជានិច្ច ។ គាត់​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក ហើយ​ត្រូវ​បាន​បញ្ជាក់​ជា​សមាជិក​នៃ​សាសនាចក្រ ។ ដោយ​មាន​ទស្សនៈ​ដ៏​ជាក់លាក់ គាត់​បាន​ដាក់​គោលដៅ​ទទួល​បព្វជិតភាព​មិលគីស្សាដែក ហើយ​ចេញ​បម្រើ​បេសកកម្ម​ពេញ​ម៉ោង ។ នៅ​ឆ្នាំ 1986 គាត់​បាន​ទទួល​តំណែង​ជា​អែលឌើរ ហើយ​ត្រូវ​បាន​ហៅ​ឲ្យ​បម្រើ​នៅ​ប្រទេស​ឥណ្ឌា ។ ការដើរ​ពុំ​ងាយ​ស្រួល​នោះ​ទេ — គាត់​បាន​កាន់​ឈើ​ច្រត់​នៅ​ដៃ​ទាំង​សង​ខាង ហើយ​បាន​ដួល​ជា​ញឹកញាប់ — ប៉ុន្តែ គាត់​ពុំ​ជ្រើសរើស​​ចុះចាញ់​ឡើយ ។ គាត់​តាំង​ចិត្ត​បម្រើ​បេសកកម្ម​ដោយ​កិត្តិយស និង ភក្ដីភាព ហើយ​គាត់​សម្រេច​បាន​មែន ។

ពេល​យើង​ជួប​បង​ប្រុស នូលូ ជិត 20 ឆ្នាំ​ក្រោយ បន្ទាប់​​ពី​បេសកកម្ម​របស់​គាត់ គាត់​ទទួល​យើង​នៅ​ចុង​ថ្នល់ ហើយ​បាន​នាំ​យើង​ទៅ​តាម​ផ្លូវ​លំ​ឆ្ពោះ​ទៅ​កាន់​ផ្ទះ​មាន​បន្ទប់​ពីរ ដែល​គាត់​រស់នៅ​ជាមួយ​ភរិយា និង កូន​បី​នាក់ ។ វា​ជា​ថ្ងៃ​ក្ដៅ​ហួតហែង ហើយ​រសាប់រសល់​មួយ ។ គាត់​នៅ​តែ​ដើរ​ដោយ​លំបាក ប៉ុន្តែ ពុំ​មាន​ការសង្វែក​ខ្លួន​ឯង​ឡើយ ។ ដោយសារ​ការប្រឹងប្រែង គាត់​ក្លាយ​ជា​គ្រូ​បង្រៀន បើក​សាលា​បង្រៀន​កុមារ​ក្នុង​ភូមិ ។ ពេល​យើង​ចូល​ក្នុង​ផ្ទះ​ដ៏​តូច​របស់​គាត់ ភ្លាម​នោះ​គាត់​នាំ​ខ្ញុំ​ទៅ​ជ្រុង​ម្ខាង​នៃ​ផ្ទះ ហើយ​ទាញ​យក​ប្រអប់​មួយ​ដែល​ដាក់​របស់​សំខាន់​បំផុត​របស់​គាត់​ចេញ​មក ។ គាត់​ចង់​ឲ្យ​ខ្ញុំ​មើល​ក្រដាស​មួយ​សន្លឹក ។ វា​សរសេរ​ថា « សូម​ប្រសិទ្ធពរ​ជ័យ សិរី​បវរ​ជូន​ចំពោះ​អែលឌើរ នូលូ ដែល​ជា​អ្នក​ផ្សាយ​សាសនា​ដ៏​អង់អាច និង រីករាយ [ ធ្វើ​ឡើង​នៅ ] ថ្ងៃ​ទី 25 ខែ មិថុនា ឆ្នាំ 1987 [ ហត្ថលេខា ] ប៊យដ៍ ឃេ ផាកកឺ » ។ នោះ​ជា​ឱកាស​ដែល​អែលឌើរ ផាកកឺ បាន​ជួប​នឹង​ក្រុម​អ្នក​ផ្សាយ​សាសនា​នៅ​ឥណ្ឌា ហើយ​បាន​ថ្លែង​ពី​សក្ដានុពល​របស់​អែលឌើរ នូលូ ។ សរុប​សេចក្ដី​មក អ្វី​ដែល​បងប្រុស នូលូ បាន​ប្រាប់​ខ្ញុំ​នៅ​ថ្ងៃ​នោះ​ក្នុង​ឆ្នាំ 2006 គឺ​ថា​ដំណឹង​ល្អ​ បាន​កែប្រែ​រូបគាត់ — ជា​និរន្តរ៍ ។

ប្រធាន​បេសកកម្ម​បាន​ចូលរួម​ក្នុង​ការចុះ​សួរ​សុខទុក្ខ​គ្រួសារ នូលូ ។ គាត់​បាន​ទៅ​ទី​នោះ​ដើម្បី​សម្ភាស​បងប្រុស នូលូ ភរិយា និង កូនៗ​គាត់ — ដើម្បី​ឲ្យ​ឪពុកម្ដាយ​ទទួល​អំណោយទាន​ពិសិដ្ឋ ហើយ​ផ្សារភ្ជាប់ និង ដើម្បី​ឲ្យ​កូនៗ​ផ្សារភ្ជាប់​ទៅ​នឹង​ឪពុកម្ដាយ ។ យើង​ក៏​ប្រាប់​ពី​ការចាត់ចែង​ការធ្វើ​ដំណើរ​ទៅ​ទីក្រុង​ហុងកុង ប្រទេស​ចិន ដើម្បី​ធ្វើ​ពិធី​បរិសុទ្ធ​ទាំងនេះ ។ ពួកគេ​បាន​យំ​ដោយ​ក្ដី​អំណរ ព្រោះ​ពួកគេ​បាន​សម្រេច​ក្ដី​សុបិន​ដែល​មាន​ជា​យូរ​មក​ហើយនោះ ។

តើ​អ្វី​ដែល​ព្រះ​អម្ចាស់បាន​រំពឹង​ទុក​ចំពោះ​អ្នក​កាន់​បព្វជិតភាព​របស់​ទ្រង់ ? តើ​យើង​ត្រូវ​កែប្រែ​អ្វី​ខ្លះ​ ដើម្បី​ក្លាយ​ជា​មនុស្ស​ដែល​យើងត្រូវ​ប្រែ​ក្លាយ​នោះ ? ខ្ញុំ​សូម​ជូន​ការណែនាំ​ចំនួន​បី ៖

  1. 1.

    យើង​ត្រូវ​តែ​ជា​បុរស​កាន់​បព្វជិតភាព​ដែល​សក្ដិសម ។ ទោះ​ជា​យើង​ជា​យុវជន​កាន់​បព្វជិតភាព​អើរ៉ុន ឬ បុរស​កាន់​បព្វជិតភាព​មិលគីស្សាដែក​ក្ដី យើង​ត្រូវ​តែ​ជា​បុរស​កាន់​បព្វជិតភាព​ដែល​សក្ដិសម ដោយ​បង្ហាញ​ពី​ភាព​ចាស់​ទុំ​ខាងវិញ្ញាណ ព្រោះ​យើង​បាន​ធ្វើ​សេចក្ដី​សញ្ញា​ហើយ ។ ដូច ប៉ុល បាន​មាន​ប្រសាសន៍​ថា « កាល​ដែល​ខ្ញុំ​នៅ​ក្មេង​នៅ​ឡើយ នោះ​ខ្ញុំ​បាន​និយាយ​ដូច​ជា​កូន​ក្មេង ក៏​មាន​គំនិត​ដូច​ជា​កូន​ក្មេង ហើយ​បាន​ពិចារណា​ដូច​ជា​កូន​ក្មេង​ដែរ ៖ លុះ​កាល​ខ្ញុំ​ធំ​ហើយ នោះ​ខ្ញុំ​បាន​លះ​ចោល​ការ​របស់​កូន​ក្មេង​ចេញ​ទៅ » (   កូរិនថូស​ទី 1 13:11 ) ។ យើង​គួរ​មាន​លក្ខណៈ​សម្បត្តិ​ខុស​ពី​បុរស​ដទៃ ព្រោះ​យើង​កាន់​បព្វជិតភាព — ពុំ​ក្រអឺត​ក្រទម ឬ លើក​ខ្លួន​ឯង​ឡើយ — ប៉ុន្តែ បន្ទាប​ខ្លួន ចុះចូល និង ទន់ទាប ។ ការទទួល​បព្វជិតភាព និង តំណែង​វា​ គួរ​តែមាន​ន័យ​សម្រាប់​យើង ។ វា​ពុំ​គួរ​គ្រាន់​តែ​ជា​ការ​ធ្វើ « បង្ហើយ​កិច្ច » ដែល​កើតឡើង​ដោយ​ស្វ័យ​ប្រវត្តិ​ កាល​ណា​ដល់​អាយុ​ណា​មួយ​នោះ​ឡើយ ប៉ុន្តែ វា​ជា​មុខងារ​ដ៏​ពិសិដ្ឋ​នៃ​សេចក្ដី​សញ្ញា​ ដែល​ត្រូវ​ធ្វើ​ឡើង​ដោយ​ប្រុងប្រយ័ត្ន ។ យើង​គួរ​មាន​អារម្មណ៍​ជា​ឯកសិទ្ធិ និង អំណរគុណ​ នូវ​​គ្រប់​សកម្មភាព​​ស្ដែង​ចេញ​ពី​វា ។ បើ​យើង​ពុំ​បាន​គិត​ខ្វល់​ពី​បព្វជិតភាព​ទេ នោះ​យើង​ត្រូវ​កែប្រែ ។

  2. 2.

    យើង​ត្រូវតែ​បម្រើ ! ខ្លឹមសារ​នៃ​ការកាន់​បព្វជិតភាព​ គឺ​ដើម្បី « ដម្កើង​ការហៅ [ របស់​ខ្លួន ] » ( សូម​មើល គ. និង ស. 84:33 ) ដោយ​ការបម្រើ​មនុស្ស​ដទៃ ។ ការគេច​វេស​ពី​ករណីយកិច្ច​សំខាន់​ដើម្បី​បម្រើ​ដល់​ភរិយា និង កូនៗ, ការ​ពុំ​ទទួល​យក ឬ បំពេញ​ការហៅ​ក្នុង​សាសនាចក្រ,​ ការ​ពុំ​យក​ចិត្ត​ទុក​ដាក់ ឬ ​ខ្វល់ខ្វាយ​​ពី​អ្នក​ដទៃ ​លុះត្រា​តែ​យើង​បាន​កម្រៃ នោះ​គឺ​យើង​គួរ​តែ​ពុំ​មែន​ជា​ប្រភេទ​មនុស្ស​បែប​នេះ​ឡើយ ។ ព្រះអង្គ​សង្គ្រោះ​បាន​ត្រាស់​បង្រៀន​ថា « ត្រូវ​ឲ្យ​ស្រឡាញ់​ព្រះ​អម្ចាស់​ជា​ព្រះ​នៃ​ឯង​ឲ្យ​អស់​អំពី​ចិត្ត អស់​អំពី​ព្រលឹង ហើយ​អស់​អំពី​គំនិត​ឯង » ( ម៉ាថាយ 22:37 ) ក្រោយ​មក​ទ្រង់​បន្ថែម​ថា « បើ​សិន​ជា​អ្នក​ស្រឡាញ់​យើង ចូរ​បម្រើ​យើង » ( គ. និង ស. 42:29 ) ។ ភាព​អាត្មា​និយម​ គឺ​ជា​អ្វី​ដែល​ផ្ទុយ​ទៅ​នឹង​ទំនួល​ខុស​ត្រូវ​បព្វជិតភាព បើ​នោះ​ជា​ចរិក​របស់​យើង យើង​ត្រូវ​តែ​កែប្រែ ។

  3. 3.

    យើង​ត្រូវ​តែ​មាន​ភាព​សក្ដិសម ! ប្រហែល​ជា​ខ្ញុំ​ពុំ​មាន​លទ្ធភាព​ធ្វើ​ដូច​ដែល​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន បាន​ថ្លែង​ក្នុង​សម័យ​ប្រជុំ​បព្វជិតភាព​កាល​ពីរ​បី​ឆ្នាំ​កន្លង​ទៅ​ថា​ឲ្យ « ឈរ​ទល់​មុខ​អ្នក​រាល់​គ្នា … ច្រមុះ​ទល់​នឹង​ច្រមុះ ដោយ​សម្ដី​យ៉ាង​ហ្មត់ចត់​ ដែល​ធ្វើ​ឲ្យ​អ្នក​ញ័រ​ចំប្រប់ » ឡើយ ( « យើង​ទាំង​អស់​គ្នា​ត្រូវ​បាន​រើស​ឲ្យ​ធ្វើ​ជា​ទ័ព » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ 2011 ទំព័រ 45 ) ប៉ុន្តែ បង​ប្អូន​ប្រុស​ជា​ទី​ស្រឡាញ់ យើង​ត្រូវ​ប្រយ័ត្ន​នឹង​ទង្វើ​ដែល​លោកិយ​ឱប​ក្រសោប ដែល​បង្អាក់​អំណាច​យើង​ក្នុង​បព្វជិតភាព ។ បើ​យើង​គិត​ថា​ យើង​អាច​ប្រឡែង​លេង​នឹង​ការណ៍​អាសគ្រាម ឬ ល្មើសនឹង​ច្បាប់​ព្រហ្មចារីភាព ឬ ការមិន​ទៀង​ត្រង់​ក្នុង​គ្រប់​ទម្រង់ ហើយវា​​ធ្វើ​មិន​ឲ្យ​ប៉ះពាល់​ដល់​យើង និង គ្រួសារ​យើង​ទេ នោះមាន​ន័យ​ថា អ្នក​ត្រូវ​គេ​បំភាន់​ហើយ ។ មរមន​បាន​ថ្លែង​ថា « ចូរ​ឲ្យ​ឃើញ​ថា អ្នក​រាល់​គ្នា​ធ្វើ​នូវ​គ្រប់​ការណ៍​ទាំង​អស់​ក្នុង​ភាព​សក្ដិសម » ( មរមន 9:29 ) ។ ព្រះ​អម្ចាស់​ត្រាស់​បង្រៀន​យើង​ថា « ហើយ​ឥឡូវ​នេះ យើង​ប្រទាន​បញ្ញត្តិ​មួយ​ដល់​អ្នក ដើម្បី​ឲ្យ​ប្រយ័ត្ន​ប្រយែង​ខ្លួន ដើម្បី​ព្យាយាម​ស្ដាប់​តាម​ព្រះ​បន្ទូល​ទាំងឡាយ​អំពី​ជីវិត​ដ៏​នៅ​អស់​កល្ប » ( គ. និង ស. 84:43 ) ។ បើ​មាន​អំពើ​បាប​ណា​មួយ​ ដែល​យើង​ពុំ​ទាន់​បាន​ប្រែចិត្ត ដែល​បង្អាក់​ភាព​សក្ដិសមរបស់​យើង នោះយើង​ត្រូវ​កែប្រែ ។

ចម្លើយ​ត្រឹមត្រូវ​តែ​មួយ​គត់​ចំពោះ​សំណួរ​របស់​ព្រះយេស៊ូវគ្រីស្ទ​ដែល​ថា « តើ​អ្នក​រាល់​គ្នា​គួរ​ធ្វើ​ជា​មនុស្ស​បែប​ណា​ទៅ » ? ​ចម្លើយ​សង្ខេប​ខ្លី​ដែល​ទ្រង់​បាន​ប្រទាន​គឺថា ៖ « ត្រូវ​ឲ្យ​បាន​ដូច​ជា យើង » ( នីហ្វៃ​ទី 3 27:27 ) ។ ការ​អញ្ជើញ​ឲ្យ « មក​រក​ព្រះគ្រីស្ទ ហើយ​បាន​ល្អ​ឥត​ខ្ចោះ​នៅ​ក្នុង​ទ្រង់ » ( មរ៉ូណៃ 10:32 ) វា​ជា​រឿង​តម្រូវឲ្យ​ធ្វើ ហើយ​រំពឹង​ទុក​ឲ្យ​កែប្រែ ។ ដោយ​សេចក្ដី​មេត្តា​ករុណា នោះទ្រង់​ពុំ​ទុក​យើង​ចោល​ឡើយ ។ « ហើយ​បើ​សិន​ជា​មនុស្ស​លោក​មក​រក​យើង នោះ​យើង​នឹង​បង្ហាញ​ដល់​ពួកគេ​នូវ​ភាព​ទន់ខ្សោយ​របស់​ពួកគេ … លំដាប់​នោះ​យើង​នឹង​ធ្វើ​ឲ្យ​អ្វី​ដែល​ទន់ខ្សោយ​ក្លាយ​ទៅ​ជា​ខ្លាំង​ពូកែ​ចំពោះ​ពួកគេ​វិញ ( អេធើរ 12:27 ) ។ ដោយ​ពឹង​ផ្អែក​ទៅ​លើ​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ នោះ​យើង​អាច​កែប្រែ​បាន ។ ខ្ញុំ​ដឹង​ប្រាកដ​ពី​ការណ៍​នេះ ។ ក្នុង​ព្រះ​នាម ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។