ឆ្នាំ ២០១០-២០១៩
បួន​នាទី​របស់​អ្នក
ខែ មេសា 2014


បួន​នាទី​របស់​អ្នក

អព្ភូតហេតុ​នៃ​ដង្វាយធួន អាចបំពេញ​នូវភាព​មិនល្អ​ឥត​ខ្ចោះ​នៅក្នុង​ការ​អនុវត្ត​របស់​យើង។

ការប្រកួត​កីឡា​អូឡាំពិក​រដូវ​រងារ​ថ្មីៗ​នេះ​ បាន​ធ្វើ​ឲ្យ​ពិភពលោក​ចាប់​អារម្មណ៍​ដោយ​មាន​កីឡាករ​តំណាង​ពី​ប្រទេស​ទាំង 89 ប្រកួត​ក្នុង 98 ព្រឹត្តិការណ៍​ផ្សេង​គ្នា ។ ដែល​គួរ​ឲ្យ​កត់​សម្គាល់នោះ​ មាន​កីឡាករ 10 រូប​ក្នុង​ចំណោម​កីឡាករ​ទាំង​នេះ ជា​សមាជិក​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ កីឡាករ​ទាំង​បី​ដែល​ដណ្ដើម​បាន​មេដាយ ដែល​បាន​ចុះ​ក្នុង​សារព័ត៌មាន​សាសនាចក្រ​ថ្មីៗនេះ​​គឺ ៖ គ្រីស្ដូហ្វើរ ហ្វូហ្គ, ណូអែល ពីគុស-ផេស និង តូរ៉ា ប្រាយ ។1 យើង​សូម​អបអរ​សាទរ​ដល់​កីឡាករ​ទាំងអស់​ដែល​បាន​ឈ្នះ ។ ធ្វើ​បាន​ល្អណាស់ !

ព្រឹក​នេះ​ខ្ញុំ​សូម​ថ្លែង​ពី​ការប្រកួត​កីឡា​ ដោយ​បង្វែ​គំនិត​ទៅ​ចំពោះ​យុវជន យុវនារី និង យុវ​មជ្ឈិមវ័យ​នៅ​លីវ — ដែល​ជា​ពេល​អ្នក​ត្រូវ​កំណត់​ពី​ឆាក​ជីវិត​របស់​អ្នក ។ ខ្ញុំ​ទទួល​អារម្មណ៍​បន្ទាន់​ជា​ខ្លាំង​ដើម្បី​ថ្លែង​ទៅ​កាន់​អ្នក ។

ដើម្បី​អ្នក​អាច​ទទួល​បាន​អារម្មណ៍​បន្ទាន់​នេះ ខ្ញុំ​សូម​ចែកចាយ​ប្រវត្តិ​របស់ ណូអែល ពីគុស-ផេស ដែល​ជា​កីឡាការនី​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​មួយ​រូប ។ ក្នុង​ការប្រកួត​ជិះ​គាវ​ទឹក​កក​របស់ ណូអែល កីឡាករ​ត្រូវ​បង្កើត​កម្លាំង​រុញ​ដោយ​ប្រើ​ជើង​សាប់​យ៉ាង​ញាប់ ហើយ​ក្រោយ​មក បោះ​ពួយ​ទៅ​មុខ​ដោយ​ឡើង​ជិះ​លើ​គាវ​ទឹកកក​ដ៏​តូច​នោះ ។ ​ដោយ​មុខ​របស់ពួកគេឱន​ទាបជិត​ដល់ដី នោះពួកគេ​បោះពួយទៅមុខ​​នៅ​លើ​ទឹកកក ដោយ​វាង​ចុះ​វាង​ឡើង​បន្សល់​ទុក​ដាន​ក្នុង​រយៈ​ល្បឿន 145 គ.ម ក្នុង​មួយ​ម៉ោង ។

ដែល​គួរ​ឲ្យ​កត់​សម្គាល់ ការត្រៀម​ខ្លួន​ជា​ច្រើន​ឆ្នាំ​ នឹង​ត្រូវ​ចាត់​ទុក​ជា​ជោគជ័យ​ផង ឬ ការខក​ចិត្ត​ផង​ដោយ​ផ្អែក​លើ​អ្វី​ដែល​កើត​ឡើង​នៅ​ចន្លោះ​ពេល 60 វិនាទី​ដ៏​ប្រញឹក​ទាំង​បួន​ដង​ក្នុង​ជុំ​នីមួយៗ ។

ក្ដី​សុបិន​របស់ ណូអែល ក្នុង​កីឡា​អូឡាំពិក​ឆ្នាំ 2006 ត្រូវ​បាន​រលាយ​បាត់​ដោយ​គ្រោះថ្នាក់​បាក់​ជើង​ដ៏​អាក្រក់​មួយ ។ ក្នុង​កីឡា​អូឡាំពិក​ឆ្នាំ 2010 សុបិន​របស់​នាង​រលាយ​បាត់​ម្ដង​ទៀត​ ដែល​គ្រាន់​តែ​មួយ​ភាគ​ដប់​ក្នុង​មួយ​វិនាទីប៉ុណ្ណោះ ​ធ្វើ​ឲ្យ​មិន​បាន​ទទួល​ពាន​រង្វាន់ ។2

តើ​អ្នក​អាច​ប៉ាន់​ស្មាន​ពី​ក្ដី​អន្ទះសា​ ដែល​នាង​មាន​ពេល​នាង​រង់ចាំ​ចាប់ផ្ដើម​ការប្រកួត​ដំបូង​ក្នុង​ការប្រកួត​កីឡា​អូឡាំពិក ឆ្នាំ 2014 ដែរ​ឬ​ទេ? ការត្រៀម​ខ្លួន​ជា​ច្រើន​ឆ្នាំ​នឹង​ត្រូវ​សម្រេច​ក្នុង​រយៈ​ពេល​មួយ​ដ៏​សែន​ខ្លី។ សរុប​ទាំង​អស់​បួន​នាទី។ នាង​បាន​ចំណាយ​ពេល​ច្រើន​ឆ្នាំ​ក្នុង​ការត្រៀម​ខ្លួន​សម្រាប់​រយៈពេល​បួននាទី​នោះ ហើយ​នាង​នឹង​ចំណាយ​ពេល​អស់​មួយ​ជីវិត​បន្ទាប់​ពី​នោះ​ក្នុង​ការគិត​ពី​នាទី​ទាំងនោះ ។

ការប្រកួត​ផ្ដាច់​ព្រ័ត្រ​របស់ ណូអែល ស្ទើរតែ​បានល្អ​ឥតខ្ចោះ​តែ​ម្ដង ! យើង​នឹង​ពុំ​ភ្លេច​ពី​ការណ៍ដែល​នាង​បាន​លោត​ទៅ​ឱប​គ្រួសារ​នាង​លើ​វេទិកា ​បន្ទាប់​ពី​បាន​ឆ្លង​កាត់​ខ្សែ​ផ្ដាច់​ព្រ័ត្រ​ ដោយ​ស្រែក​ថា « យើង​សម្រេច​បាន​ហើយ » នោះ​ទេ ! ការត្រៀម​ខ្លួន​រយៈ​ពេលជា​​ច្រើន​ឆ្នាំ​របស់​នាង ​បាន​ទទួល​ជោគជ័យ ។ យើង​បាន​ឃើញ​មេដាយ​យុវនារី​បំពាក់​លើ​នាង​ ជា​មេដាយ​មាស​នៅ​ក្នុង​នោះ ។3

វា​អាច​មិន​យុត្តិធម៌​ទេ​ ដែល​ក្ដី​សុបិន​កីឡា​អូឡាំពិក​ទាំង​ស្រុង​របស់ ណូអែល ផ្អែក​ទៅ​លើ​អ្វី​ដែល​នាង​បាន​ធ្វើ ​អំឡុង​ពេល​តែ​បួន​នាទី​ដ៏ខ្លីនោះ ។ ប៉ុន្តែ នាង​បាន​ដឹង​ពី​រឿង​នោះ ដែល​ជា​ហេតុ​នាំ​ឲ្យ​នាង​ត្រៀម​ខ្លួន​យ៉ាង​ឧស្សាហ៍ ។ នាង​ស្គាល់​ពី​ភាព​សំខាន់ ដែល​ជា​ភាព​បន្ទាន់​នៃ​បួន​នាទី​របស់​នាង ហើយ​ពី​អ្វី​ដែល​នឹង​មាន​ន័យ​លើ​នាង​អស់​មួយ​ជីវិត ។

យើង​ក៏​ចងចាំ​ពី គ្រីស្ដូហ្វើរ ហ្វូហ្គ ជា​សមាជិក​ក្រុម​ដែល​ឈ្នះ​មេដាយ​សំរឹទ្ធ​ក្នុង​ការប្រណាំង​គាវ​ទឹកកក​មនុស្ស​បួន​នាក់ ។ ខណៈ​ដែល​គាត់​អាច​បោះបង់​ចោល​ការប្រកួត​ បន្ទាប់​ពី​ការ​ចាញ់​កីឡា​អូឡាំពិក​ឆ្នាំ 2010 គាត់​បាន​ជ្រើស​រើស​នៅព្យាយាម​បន្ត ។ បន្ទាប់​ពី​ការប្រកួត​ដ៏​អស្ចារ្យ គាត់​បាន​ឈ្នះ​ពាន​រង្វាន់​ដែល​គាត់​ប្រឹងប្រែង ។4

ឥឡូវ​នេះ សូម​គិត​ពី​មាគ៌ា​ទៅ​កាន់​ជីវិត​អស់​កល្ប​របស់អ្នក ​គឺវា​ស្រដៀង​គ្នា​នឹង « ការប្រកួត​រយៈពេល​បួន​នាទី » របស់​កីឡាករ​ទាំងនេះដែរ ។ អ្នក​គឺ​ជា​សភាវៈ​ដ៏​អស់​កល្ប ។ មុន​អ្នក​កើត​មក អ្នក​គឺ​ជា​វិញ្ញាណ ។ ក្នុង​វត្តមាន​ព្រះវរបិតា​សួគ៌​ជា​ទី​ស្រឡាញ់ អ្នក​បាន​ហាត់​រៀន ហើយ​ត្រៀម​ខ្លួន​មក​កើត​លើ​ផែនដីក្នុង​​មួយ​រយៈ​ពេល​ខ្លី ហើយ​ប្រព្រឹត្ត​ឲ្យ​បាន​ល្អ ។ ជីវិត​នេះ ​គឺ​ជារយៈពេល​​បួន​នាទី​របស់​អ្នក ។ កាល​នៅ​លើ​ផែនដី​នេះ ទង្វើ​អ្នក​នឹង​កំណត់​ថា​ អ្នក​បាន​ឈ្នះ​ពាន​រង្វាន់​ជីវិត​អស់​កល្ប​ឬ​ទេ ។ ព្យាការី អាមូលេក ថ្លែង​ថា « នេះ​គឺ​ជា​ពេល​វេលា … សម្រាប់​ឲ្យ​មនុស្ស​ប្រុងប្រៀប​ខ្លួន​ទៅ​ជួប​នឹង​ព្រះ មែនហើយ មើល​ចុះ ពេល​វេលា​នៃ​ជីវិត​នេះ … ដើម្បី​ប្រព្រឹត្ត​ការងារ​ទាំងឡាយ​របស់​ខ្លួន » ។5

ក្នុង​ន័យ​នេះ បួន​នាទី​របស់​អ្នក​បាន​ចាប់ផ្ដើម​ហើយ ។ ពេល​វេលា​រំកិល​ទៅ​មុខ ។ ប្រសាសន៍​សាវក​ប៉ុល​លើក​ឡើង​ចំៗ​ថា ៖ « ឲ្យ​រត់​បែប​ឲ្យ​បាន​រង្វាន់​ចុះ » ។6

​តាម​របៀប​ដូចគ្នានឹង​ជំហាន​មួយ​ចំនួន ​គឺ​ចាំបាច់​ក្នុង​ការប្រកួត​របស់​កីឡាករ​អូឡាំពិក ការលោត ឬ សមយុទ្ធ​សម្រាប់​អ្នក​ជិះ​ស្គី និង ក្ដារ​បន្ទះ​លើ​ទឹក​កក ការ​ឆ្លង​កាត់​វគ្គ​ប្រណាំង​គាវ​ទឹក​កក ឬ ការ​ឆ្លង​កាត់​ក្លោង​ទ្វារ​ចុះ​ទួល​នៃ​ការប្រកួត ដូច្នេះ​វា​ដូចគ្នា​ទៅ​នឹង​ជីវិត​យើង​ ដែល​មាន​រឿង​មួយ​ចំនួន​​​ចាំបាច់យ៉ាង​ខ្លាំង — ជា​ការ​ដាក់​ពិន្ទុ​ដែល​ឲ្យ​យើង​ឆ្លង​កាត់​កិច្ចការ​ខាង​វិញ្ញាណ​នៅ​លើ​ផែនដី ។ ការដាក់​ពិន្ទុ​ខាង​វិញ្ញាណ​ទាំងនេះ​ គឺ​ជា​ពិធី​បរិសុទ្ធ​នៃ​ដំណឹង​ល្អ​ចាំបាច់ៗ​ មាន​ដូច​ជា ៖ បុណ្យ​ជ្រមុជ​ទឹក ការទទួល​អំណោយ​ទាន​ព្រះ​វិញ្ញាណ​បរិសុទ្ធ ការតែងតាំង​បព្វជិតភាព ពិធី​បរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ និង ការទទួល​ទាន​សាក្រាម៉ង់​រាល់​សប្ដាហ៍ ។

« នៅ​ក្នុង​ពិធី​បរិសុទ្ធ​[ ទាំងឡាយ ]… នោះ​អំណាច​នៃ​ព្រះ​ត្រូវ​បាន​សម្ដែង​ឲ្យ​ឃើញ » ។7

ក្រិត្យក្រម​នៃ​ការហ្វឹកហ្វឺន​ ត្រៀម​ខ្លួន​​កីឡាករ​ដើម្បី​ប្រកួត​វិញ្ញាសា​រនានា ​ក្នុង​កីឡា​កម្រិត​ខ្ពស់​បំផុត​របស់​ពួកគេ គឺ​វា​ដូច​គ្នា​ទៅ​នឹង​ការរក្សា​បញ្ញត្តិ​ទាំងឡាយ ដែល​នឹងឲ្យអ្នក​មាន​​គុណសម្បត្តិ​ ដើម្បី​ទទួល​​ពិធី​បរិសុទ្ធ​នានា ។

តើ​អ្នក​ស្គាល់​ពី​ភាព​បន្ទាន់​ដែរ​ឬ​ទេ ?

មិត្ត​វ័យ​ក្មេង​អើយ មិន​ថា​អ្នក​នៅ​ទី​ណា​ក្នុង « បួន​នាទី​នៃ​កិច្ចការ​របស់​អ្នក » ទេ ខ្ញុំ​សូម​លើក​ទឹក​ចិត្ត​អ្នក​ឲ្យ​ពិចារណា​ថា « តើ​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី​បន្ទាប់​មក​ទៀត​នេះ​ ដើម្បីទទួល​​បាន​មេដាយ » ? ប្រហែល​អំឡុង​សន្និសីទ​នេះ ព្រះ​វិញ្ញាណ​ខ្សឹប​ប្រាប់​អ្នក​ពី​អ្វី​អាច​មាន ៖ ដើម្បី​ត្រៀម​ខ្លួន​កាន់តែដិតដល់​​សម្រាប់​ពិធី​បរិសុទ្ធ​មួយ​ក្នុង​ពេល​អនាគត ឬ ដើម្បី​ទទួល​ពិធី​បរិសុទ្ធ​ដែល​អ្នក​គួរ​តែ​ទទួល​បានជា​​យូរ​មក​ហើយ ។ មិន​ថា​វា​ដូចម្ដេច​នោះ​ទេ ចូរ​ធ្វើ​វា​ឥឡូវ​នេះ ។ កុំ​ទុក​យូរ ។ បួន​នាទី​របស់​អ្នក​នឹង​កន្លង​ទៅ​យ៉ាង​រហ័ស ហើយ​អ្នក​នឹង​មាន​ភាព​អស់​កល្ប​ ដើម្បី​គិត​ពី​អ្វី​ដែល​អ្នក​បាន​ធ្វើ​នៅ​ក្នុង​ជីវិត​លើ​ផែនដី​នេះ ។8

ការដាក់​វិន័យ​ខ្លួន​ឯង ​គឺ​សំខាន់​ណាស់ ។ ការអធិស្ឋាន​រាល់​ថ្ងៃ សិក្សា​គម្ពីរ​ជា​ប្រចាំ និង ការចូលរួម​ព្រះវិហារ ​ត្រូវតែ​ជា​គ្រឹះ​នៃ​ការហ្វឹកហ្វឺន​របស់​អ្នក ។ តម្រូវ​ឲ្យ​មាន​របៀប​ជា​ទៀងទាត់​នៃ​ការគោរព​ប្រតិបត្តិ​តាម​បញ្ញត្តិ រក្សា​សេចក្ដី​សញ្ញា​ដែល​អ្នក​បាន​ធ្វើ និង ការធ្វើ​តាម​បទដ្ឋាន​របស់​ព្រះ ​ដែល​មាន​ចែង​ក្នុងកូនសៀវភៅ ដើម្បី​កម្លាំង​នៃ​យុវជន ​ ។

ប្រហែល​អ្នក​ខ្លាច​រឿង​ទាំងឡាយ​ក្នុង​ជីវិត ​ដែល​បង្ខំ​ឲ្យ​មាន​ការចុះ​ថយ ឬ បញ្ឈប់​ភាព​រីកចម្រើន​ខាង​វិញ្ញាណ​របស់​អ្នក ។ បើ​ដូច្នោះ​មែន សូម​ធ្វើ​តាម​ដំបូន្មាន​បទគម្ពីរ​នេះ​ថា ៖ « ត្រូវ​ឲ្យ​យើង​ចោល​អស់​ទាំង​បន្ទុក និង អំពើ​បាប​ដែល​រុំ​យើង​ជុំ​វិញ​ជា​ងាយ​ម្ល៉េះ​នោះ​ចេញ ហើយ​ត្រូវ​រត់​ក្នុង​ទី​ប្រណាំង​ដែល​នៅ​មុខ​យើង » ។9

វា​ពុំ​ទាន់​ហួស​ពេល​ទេ​ដើម្បី​ប្រែចិត្ត ។ ប៉ុន្តែ មិន​យូ​មិន​ឆាប់​ទេ​ វា​នឹង​ហួស ព្រោះ​គ្មាន​នរណា​ដឹង​ទេ​ថា​ពេល​ណា​អ្នក​នឹង​ស្លាប់​នោះ​ឡើយ ។

ឥឡូវ អ្នក​អាច​គិត​ពី​ខ្លួន​អ្នក​ថា « ខ្ញុំ​បាន​បង្ហិន​ពេល​វេលា​ហើយ ។ បួន​នាទី​របស់​ខ្ញុំ​ឥត​ប្រយោជន៍​ទេ ។ ខ្ញុំ​ក៏​នឹង​បោះបង់​ចោល​ដែរ » ។ បើ​ដូច្នោះ​មែន សូម​ឈប់​គិត​ដូចនោះ ហើយ​កុំ​គិត​ពី​វា​ទៀត​ឡើយ ។ អព្ភូតហេតុ​នៃ​ដង្វាយធួន ​អាច​នាំ​យក​ភាព​គ្រប់​លក្ខណ៍​មក​ក្នុង​កិច្ចការ​យើង​បាន ។ ដូច​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន បាន​បង្រៀន​ថា ៖

« ជូន​ចំពោះ​អ្នក … ដែល​នៅ​តែ​មាន​ភាព​ស្ទាក់ស្ទើរ … ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ពី​ការចាប់​ផ្ដើម​នៃ​ព្រះចេស្ដា​នៃសេច​ក្ដី​ស្រឡាញ់​របស់​ព្រះ​ឡើង​វិញ និង ពី​អព្ភូតហេតុ​នៃ​សេចក្ដី​ករុណា​ទ្រង់ …

« … វា​ពុំ​ដែល​យឺត​ពេល​​នោះ​ទេ ​ដរាប​ព្រះអម្ចាស់ … មាន​បន្ទូល​ថា​នៅ​មាន​ពេល … ចូរ​កុំ​ពន្យា​ពេល » ។10

សូម​ចាំ​ថា អ្នក​មិន​នៅ​តែ​ឯង​ទេ ។ ព្រះសង្គ្រោះ​ បាន​សន្យា​ថា​ទ្រង់​នឹង​ពុំ​ទុក​អ្នក​ឲ្យ​រងារ​ឯការ​ឡើយ ។ អ្នក​ក៏​មាន​គ្រួសារ មិត្ត​ភក្ដិ និង ថ្នាក់​ដឹកនាំ​ដែល​នៅ​ចាំ​គាំទ្រ​អ្នក ។11

ទោះ​ជា​សុន្ទរកថា​របស់​ខ្ញុំ​សំដៅ​លើ​យុវវ័យ​ក្នុង​សាសនាចក្រ​ក្ដី ខ្ញុំ​សូម​ផ្ដល់​ជូន​ឪពុក​ម្ដាយ និង លោក​តា​លោក​យាយ​នូវ​អ្វី​មួយ​ដូច​ខាង​ក្រោម ៖

ថ្មីៗ​នេះ អែលឌើរ ដេវីឌ អេ បែដណា បាន​រៀបរាប់​ពី​របៀប​សាមញ្ញ​ដើម្បី​ដឹកនាំ​ការវាយ​តម្លៃ​គ្រួសារ​ដើម្បី​កត់​សម្គាល់​ភាព​រីកចម្រើន​លើ​មាគ៌ា​នៃ​សេចក្ដី​សញ្ញា​ដោយ​ពិធី​បរិសុទ្ធ​សំខាន់ៗ ។ អ្វី​ដែល​ត្រូវការ​គឺ​ជា​ក្រដាស​មួយ​សន្លឹក​គូស​តារាង​ពី ៖ « ឈ្មោះ » និង « ផែនការ​សម្រាប់​ពិធី​បរិសុទ្ធ​ចាំបាច់​បន្ទាប់ » ។ ថ្មីៗ​នេះ ខ្ញុំ​បាន​ធ្វើ​ដូច្នេះ​ដោយ​ចុះ​ឈ្មោះ​សមាជិក​គ្រួសារ​នីមួយៗ ។ ចំណោម​ពួកគេ ខ្ញុំ​បាន​កត់ត្រា​ឈ្មោះ​ចៅ​តូច​ម្នាក់ ​ដែល​នឹង​ទទួល​ការប្រសិទ្ធពរ​ឆាប់ៗ​នេះ ចៅ​អាយុ​ប្រាំ​មួយ​ឆ្នាំ​ម្នាក់​ ដែល​ត្រៀម​ខ្លួន​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក និង កូនប្រុស​ម្នាក់​ដែល​នឹង​ដល់​អាយុ 18 ឆ្នាំ​ត្រៀម​ខ្លួន​ទទួល​បព្វជិតភាព និង អំណោយ​ទាន​ពិសិដ្ឋ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ មនុស្ស​គ្រប់គ្នា​ដែល​មាន​ក្នុង​បញ្ជី បាន​ត្រូវ​ការ​ពិធីបរិសុទ្ធ​សាក្រាម៉ង់ ។ ការអនុវត្តន៍​សាមញ្ញ​បែប​នេះ​ ជួយ​ខ្ញុំ​ឲ្យ​បំពេញ​តួនាទីយើង ដើម្បី​ជួយ​សមាជិក​គ្រួសារ​អ្នក​ម្នាក់ៗ​ដើរ​តាម​មាគ៌ា​នៃ​សេចក្ដី​សញ្ញា ដោយ​មាន​ផែនការ​សកម្មភាព​សម្រាប់​គេ​រៀង​ខ្លួន ។ ប្រហែល​នេះ​ជា​គំនិត​មួយ​សម្រាប់​អ្នក ដែល​នឹង​នាំ​ឲ្យ​មាន​ការពិភាក្សា​ជា​គ្រួសារ មេរៀន​រាត្រី​ជុំ​គ្រួសារ ការត្រៀម​ខ្លួន និង ការអញ្ជើញ​ឲ្យ​ទទួល​ពិធី​បរិសុទ្ធ​សំខាន់​ក្នុង​គ្រួសារ​អ្នក ។12

ព្រោះ​ខ្ញុំ​ជា​អ្នក​ជិះ​ស្គី និង អ្នក​ជិះក្ដារ​បន្ទះ​លើ​ទឹកកក ខ្ញុំ​ស្ញើច​យ៉ាង​ខ្លាំង​ចំពោះ « ការឈ្នះ​មេដាយ​ប្រកួត « បួន​នាទី » របស់​កីឡាការនី​អិល.ឌី.អែស ជនជាតិ​អូស្ត្រាលី​ឈ្មោះ តូរ៉ា ប្រាយ នៅ​ក្នុង​វគ្គ​ប្រកួត​ជិះ​ក្ដារ​បន្ទះ​លើ​ទឹកកក ។ នាង​បាន​ធ្វើ​ឲ្យ​ពិភពលោក​ចាប់​អារម្មណ៍​ ពេល​នាង​បញ្ចប់​ដោយ​ល្អ​ឥតខ្ចោះ​ក្នុង​ស្នៀត backside rodeo 720 ។ យ៉ាង​ណា​ក៏​ដោយ អ្វី​ដែល​កាន់តែ​ស្ញប់ស្ញែង​ដល់​ពិភពលោក​នោះ​គឺ នាង​បាន​ប្រព្រឹត្ត ហើយ​សម្ដែងសេច​ក្ដី​ស្រឡាញ់​ដូច​ព្រះគ្រីស្ទ​ចំពោះ​ដៃគូ​ប្រកួតនាង ។ នាង​បាន​សម្គាល់​ថា អ្នក​ជិះ​ក្ដារ​បន្ទះ​លើ​ទឹកកក​ជនជាតិ​អាមេរិក​ឈ្មោះ ខេលលី ក្លាក បាន​ធ្វើ​ការប្រណាំង​លើក​ទី​មួយ​មិន​បាន​ល្អ​នៅ​ជុំ​ផ្ដាច់​ព្រ័ត្រ បាន​ចាប់ផ្ដើម​ភ័យ​ចំពោះ​ការប្រកួត​លើក​ទី​ពីរ ។ ក្លាក បាន​លើក​ឡើង​ថា « នាង​បាន​ឱប​ខ្ញុំ » ។ នាង​បាន​ឱប​ខ្ញុំ​ជាប់​ដរាប​ដល់​ខ្ញុំ​បាត់​ភ័យ ហើយ​ខ្ញុំ​បាន​ដក​ដង្ហើម​មួយៗ ។ វា​ជា​ការល្អ​ដែល​មាន​មិត្ត​មក​ឱប​ខ្ញុំ ។ ក្រោយ​មក ខេលលី ក្លាក បាន​ចូលរួម​ទទួល​ពាន​រង្វាន់​មេដាយ​សំរឹទ្ធិ​នៅ​លើ​វេទិកា​ជាមួយ តូរ៉ា ។

ពេល​នាង​ត្រូវបាន​សួរ​ពី​ទង្វើ​នៃ​សន្ដាន​ចិត្ត​ដ៏​អស្ចារ្យ​ដែល​បាន​ធ្វើ​ចំពោះ​ដៃគូ​ប្រជែង​របស់​នាង ដែល​អាច​ធ្វើ​ឲ្យ​នាង​ មិន​អាច​ដណ្ដើម​មេដាយ​ប្រាក់​របស់​នាង នោះ តូរ៉ា បាន​ឆ្លើយ​យ៉ាង​សាមញ្ញ​ថា « ខ្ញុំ​ជា​អ្នក​ប្រកួត — ខ្ញុំ​ចង់​ប្រឹងប្រែង​ឲ្យ​អស់​ពី​សមត្ថភាព — ប៉ុន្តែ ខ្ញុំ​ក៏​ចង់​ឲ្យ​ដៃគូ​ប្រកួត​ខ្ញុំ​ប្រឹងប្រែង​ឲ្យ​អស់​ពី​សមត្ថភាព​ដែរ » ។13

ដោយ​ទុក​ការណ៍​នេះ​ក្នុង​ចិត្ត តើ​មាន​នរណា​ដែល​ត្រូវការ​ការលើក​ទឹក​ចិត្ត​ពី​អ្នក​ដែរ​ឬ​ទេ ? សមាជិក​គ្រួសារ ? មិត្ត​ភក្ដិ ? មិត្ត​រួម​ថ្នាក់ ឬ សមាជិក​ក្នុង​កូរ៉ុម ? តើ​អ្នក​អាច​ជួយ​ពួកគេ​ក្នុង​បួន​នាទី​របស់​ពួកគេ​បាន​យ៉ាង​ដូចម្ដេច ?

មិត្ត​ជា​ទី​ស្រឡាញ់​អើយ អ្នក​ដើរ​នៅ​ក្នុង​ដំណើរ​ជីវិត​ដែល​សប្បាយ​រីករាយ ។ នៅ​ពេល​ខ្លះ អ្នក​ចូល​ក្នុង​ការប្រកួត ឬ ជិះ​លើ​គាវ​ទឹកកក ហើយ​វា​អាច​ជា​ឧបសគ្គ​ដើម្បី​ប្រកួត​វិញ្ញាសារ ឬ បញ្ជា​គាវ​ដែល​មាន​តាម​លំដាប់​លំដោយ ។ ប៉ុន្តែសូម​ចាំ​ថា អ្នក​បាន​ត្រៀម​ខ្លួន​ជា​យូរ​មក​ហើយ ។ នេះ​គឺ​ជា​ពេល​ដែល​អ្នក​ត្រូវ​ប្រកួត ។ នេះ​គឺ​ជា​បួន​នាទី​របស់​អ្នក​ហើយ ! ដល់​ពេល​ហើយ !

ខ្ញុំ​សូម​សម្ដែង​ការជឿ​ជាក់​ដ៏​ខ្ពស់​លើ​សមត្ថភាព​របស់​អ្នក ។ អ្នក​មាន​ព្រះសង្គ្រោះ​នៃ​ពិភពលោក​តាម​ជួយ​ជានិច្ច ។ បើ​អ្នក​ស្វែងរក​ជំនួយ​ពី​ទ្រង់ ហើយ​ធ្វើ​តាម​ការណែនាំ​ទ្រង់ តើ​អ្នក​អាច​បរាជ័យ​បាន​ដូចម្ដេច​នឹង​កើត​ទៅ ?

ខ្ញុំ​សូម​បញ្ចប់​ដោយ​ទីបន្ទាល់​នៃ​ពរជ័យ​ ដែល​យើង​មាន​លើ​ព្យាការី​ដែល​កំពុង​រស់នៅ គឺ​ប្រធាន ថូម៉ាស អេស ម៉នសុន ពី​ព្រះយេស៊ូវគ្រីស្ទ និង តួនាទី​ទ្រង់​ជា​ព្រះសង្គ្រោះ និង ព្រះ​ប្រោស​លោះ នៅ​ក្នុង​ព្រះ​នាម​ដ៏​បរិសុទ្ធ គឺ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

កំណត់​សម្គាល់

  1. សូម​មើល គ្រីស្ទីន រ៉ាផ្លេយី Mormons in the Olympics: 3 Medals for LDS Athletes at the Winter Games,” deseretnews.com/article/865597546/Mormons-in-the-Olympics-3-medals-for-LDS-athletes-at-the-Winter-Games.html

  2. សូម​មើល គ្រីស្ទីន រ៉ាផ្លេយី “Mormons in the Olympics” ។

  3. សូម​មើល សារ៉ា ភីធើរសិន “Noelle Pikus-Pace Wears LDS Young Women Necklace throughout Olympics,” deseretnews.com/article/865596771/Noelle-Pikus-Pace-wears-LDS-Young-Women-necklace-throughout-Olympics.html ។

  4. សូម​មើល អេមី ដូណលសិន “Army, Faith Helped Push Mormon Bobsledder Chris Fogt to Olympic Success,” deseretnews.com/article/865597390/Army-faith-helped-push-Mormon-bobsledder-Chris-Fogt-to-Olympic-success.html ។

  5. អាលម៉ា 34:32  ។

  6. សូម​មើល កូរិនថូស​ទី 1 9:24 ។

  7. គោលលទ្ធិ និង សេចក្តី​សញ្ញា 84:20  ។

  8. សូម​មើល អាលម៉ា 34:31–33 ។

  9. ហេព្រើរ 12:1  ។

  10. ជែហ្វ្រី អ័រ ហូឡិន « The Laborers in the Vineyard, » EnsignLiahona ខែ ឧសភា ឆ្នាំ 2012 ទំព័រ 33 ។

  11. សូម​មើល យ៉ូហាន 14:18 ។

  12. ដេវីឌ អេ បែដណា នៅ​ក្នុង​ការសន្ទនា​ជាមួយ​អ្នក​និពន្ធ ។

  13. វីឌីយ៉ា រ៉ាវ “Snowboarder Kelly Clark: Hug from Competitor Helped Me Win Bronze,” today.com/sochi/snowboarder-kelly-clark-hug-competitor-helped-me-win-bronze-2D12108132.