ឆ្នាំ ២០១០-២០១៩
មាន​ឥស្សរភាព​រហូត​តទៅ ដើម្បី​ធ្វើ​សកម្មភាព​ដោយ​​ខ្លួន​ឯង
១០ 2014


មាន​ឥស្សរភាព​រហូត​តទៅ ដើម្បី​ធ្វើ​សកម្មភាព​ដោយ​​ខ្លួន​ឯង

វា​គឺ​ជា​ឆន្ទៈ​របស់​ព្រះ​ដែល​​យើង​ជា​បុរស និង​ស្ត្រី​អាចឡើង​ទៅ​ដល់​សក្ដានុពល​ពេញលេញ​របស់​យើង ទាំង​ខាង​សាច់ឈាម និង​ខាង​វិញ្ញាណ ។

រឿង​របស់ វិល្លាម សេកស្ពៀរ ចំណងជើង The Life of King Henry V (ជីវិត​របស់​ស្ដេច ហិនរីទី​ប្រាំ) មាន​បញ្ចូល​ទាំង​ទស្សនិយភាព​នា​ពេល​យប់​មួយ នៅ​ជំរុំ​ទ័ព​អង់គ្លេស នៅ​ អាហ្គីនខត មុន​ពេល​ប្រយុទ្ធ​ក្នុង​សមរភូមិ​ជាមួយ​ទាហាន​បារាំង ។ ក្នុងពន្លឺភ្លើង​ផ្លុងៗ ព្រាលៗ ស្ដេច​ ហិនរី បាន​បន្លំខ្លួន​ដើរ​នៅក្នុង​ចំណោម​ទាហាន​របស់​ទ្រង់ ។ ទ្រង់​មាន​បន្ទូល​ជាមួយ​ពួកគេ ព្យាយាម​វាយ​តម្លៃ​ពី​ភាព​ជឿជាក់​របស់​កងទាហាន​ចំនួន​តិច​​របស់ទ្រង់ ហើយ​ដោយ​សារ​ពួកគេ​ពុំ​ស្គាល់​ថា​ទ្រង់​ជា​នរណា នោះ​ពួកគេ​និយាយ​ពីមតិ​ស្មោះត្រង់​របស់​ខ្លួន ។ អំឡុង​ការ​សន្ទនា​ ពួកគេ​បាន​និយាយ​អំពី​អ្នក​ដែល​​នឹង​ទទួលខុសត្រូវ​ចំពោះ​អ្វី​ដែល​កើត​ឡើង​ចំពោះ​ទាហាន​ក្នុង​សមរភូមិ​ថា— ជា​ស្ដេច ឬ​ក៏​ជា​ទាហាន​ម្នាក់ៗ ។

ដល់​ចំណុច​មួយ​នោះ ស្ដេច​ ហិនរី បាន​ប្រកាស​ថា « ខ្ញុំ​គិត​ថា ខ្ញុំ​ស៊ូ​ស្លាប់​ក្នុង​កងទ័ព​របស់​ស្ដេច ព្រោះ​​ផ្លូវ​ទ្រង់​ត្រឹមត្រូវ » ។

ម៉ៃឃល វិល្លាម បាន​តប​ថា « នោះ​វា​ហួស​ពី​អ្វី​ដែល​យើង​ដឹង​ហើយ » ។

ទាហាន​​ផ្សេងទៀត​យល់ស្រប​ថា « មែនហើយ វា​ហួស​ពី​អ្វី​ដែល​យើង​គួរ​ដឹង ពីព្រោះ​វា​​​គ្រប់​គ្រាន់​ហើយ​ដើម្បី​យើង​​ដឹង​ថា យើង​ស្ថិត​នៅ​ក្រោម​ស្ដេច ។ បើ​ផ្លូវ​ទ្រង់​ខុស នោះ​យើង​ពុំ​មាន​កំហុស​ទេ ពីព្រោះ​យើង​គ្រាន់​តែ​ធ្វើ​តាម​ស្ដេច​ទេ​តើ ។

វិល្លាម បាន​បន្ថែម​ថា « បើ​ផ្លូវ​មិន​ត្រូវ នោះ​ស្ដេច​ផ្ទាល់​ជា​អ្នក​ទទួល​ខុសត្រូវ » ។

ពុំ​ភ្ញាក់ផ្អើល​ទេ​ដែល​ស្ដេច​មិនយល់​ស្រប​នោះ​ ។ « អ្វី​គ្រប់​យ៉ាង​ដែល​នៅ​ក្រោម​ស្ដេច គឺ​ជា​របស់​ស្ដេច តែ​មនុស្ស​គ្រប់រូប​ទទួលខុសត្រូវ​ចំពោះ​ព្រលឹង​ខ្លួន​ឯង » ។1

សេកស្ពៀរ ពុំ​ព្យាយាម​ដោះស្រាយ​ការ​ពិភាក្សា​នៅក្នុង​រឿង​នេះ​ទេ ហើយ​សណ្ដាប់​នោះ​នៅ​មាន​បន្ដ​មក​រហូត​ដល់​ជំនាន់​របស់​យើង​ថា—តើ​នរណា​ទទួល​ខុសត្រូវចំពោះ​អ្វី​ដែល​កើត​ឡើងនៅ​ក្នុង​ជីវិត​របស់​យើង ?

ពេល​រឿង​អាក្រក់​កើតឡើង នោះ​យើង​មានទំនោរ​បន្ទោស​ដល់អ្នកដទៃ ឬ​ដល់ព្រះ ។ ពេល​ខ្លះ ​អារម្មណ៍​ដែល​ថាអ្នក​ដទៃ​គួរ​មើល​ថែ​ខ្លួន ហើយ​បុគ្គល ឬ​ក្រុម​នោះ ព្យាយាម​បង្វែរ​ទំនួលខុសត្រូវ​ខាង​សុខុមាលភាព​ពួកគេ​នោះ ទៅ​ឲ្យ​មនុស្ស​ដទៃ ឬ​រដ្ឋាភិបាល​វិញ ។ រឿង​ខាង​វិញ្ញាណ មាន​មនុស្ស​មួយចំនួន​គិត​ស្មាន​ថា បុរស និង​ស្ត្រី​ពុំ​ត្រូវ​ការ​ព្យាយាម​ឲ្យ​មាន​សេចក្ដីសុចរិត​ផ្ទាល់​ខ្លួន​ទេ—ព្រោះ​ព្រះ​ស្រឡាញ់​ និង​សង្គ្រោះយើង « តាមស្ថានភាព​​​យើងជា​នរណា» ហើយ ។

ប៉ុន្តែ​ព្រះ​មាន​ព្រះទ័យ​ថា កូនចៅ​របស់ទ្រង់​គួរ​តែ​ធ្វើ​សកម្មភាព​ស្របតាម​សិទ្ធិជ្រើសរើស​ខាង​សីលធម៌ ដែល​ទ្រង់​បាន​ប្រទាន​ដល់​ពួកគេ « ប្រយោជន៍​ឲ្យ​មនុស្ស​គ្រប់​រូប អាច​បាន​ទទួល​ការ​ខុសត្រូវ ចំពោះ​អំពើបាប​ទាំងឡាយ​របស់​ខ្លួននៅ​ថ្ងៃ​ជំនុំ​ជំរះ​ » ។ 2 វា​គឺ​ជា​ផែនការ​របស់ទ្រង់ និង​ឆន្ទៈទ្រង់ ដែល​យើង​មាន​តួនាទី​ធ្វើ​ការ​សម្រេច​ចិត្ត​ជា​ចំបង​នៅ​ក្នុង​ជីវិត​ផ្ទាល់​របស់​យើង ។ ព្រះ​នឹង​មិន​រស់នៅ​ជួស​យើង​ទេ ឬ​គ្រប់គ្រង​យើង​ ដូចជា​យើង​ជា​អាយ៉ង​ទ្រង់​ ដូច​ដែល​លូស៊ីហ្វើ ធ្លាប់​ស្នើ​សុំ​ធ្វើ​នោះ​ទេ ។ ហើយ​ពួក​ព្យាការី​របស់ទ្រង់ ក៏​នឹង​មិន​​ទទួល​ធ្វើ​ជា « អ្នក​បញ្ជា​អាយ៉ង» ជំនួស​ព្រះ​ដែរ ។ ព្រិកហាំ យ៉ង់ បាន​ថ្លែង​ថា ៖ « ខ្ញុំ​ពុំ​ប្រាថ្នា​ឲ្យ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ណា​ម្នាក់ នៅក្នុង​លោក​នេះ ទាំង​នៅ​ស្ថានសួគ៌ ស្កប់ស្កល់​នឹង​អ្វី​ដែលខ្ញុំ​ធ្វើ​នោះទេ លុះត្រា​តែ​ព្រះវិញ្ញាណ នៃ​ព្រះអម្ចាស់ ព្រះយេស៊ូវ​គ្រីស្ទ ព្រះវិញ្ញាណ​នៃ​វិវរណៈ ធ្វើ​ឲ្យ​ពួកគេ​ស្កប់ស្កល់ ។ ខ្ញុំ​ចង់​ឲ្យ​ពួកគេ​ដឹង​ដោយ​ខ្លួន​ឯង ហើយ​យល់​ពី​ខ្លួន​ឯង » ។ 3

ទីមួយ ដូច្នេះ​ព្រះពុំ​សង្គ្រោះ​យើង​ « តាមស្ថានភាព​​​យើងជា​នរណា» ទេ ពី​ព្រោះ « តាម​តែ​ខ្លួន​យើង » គឺ​យើង​ពុំស្អាតស្អំ ហើយ « គ្មាន​អ្វី​ដែល​​មិន​ស្អាត អាច​អាស្រ័យ​នៅ​ ... ​ក្នុង​ទីវត្តមាន​របស់​ទ្រង់​​បាន​ឡើយ ​ត្បិត​នៅ​ក្នុង​ភាសា​អ័ដាម មនុស្ស​នៃ​បរិសុទ្ធភាព គឺ​ជា​ព្រះនាម​របស់​ទ្រង់ ហើយ​ព្រះនាម​នៃ​ព្រះ​រាជបុត្រា​បង្កើត​តែ​មួយ​របស់​ទ្រង់ គឺ​ជា​កូន​មនុស្ស [នៃ​បរិសុទ្ធ​ភាព]» ។ 4 ហើយ​ទី​ពីរ ព្រះ​នឹង​ពុំ​ធ្វើ​សកម្មភាព​ឲ្យ​ប្រែក្លាយជា​អ្វី​មួយ ដែល​យើង​ពុំ​ជ្រើសរើស​ប្រែក្លាយ​ដោយ​សកម្មភាព​របស់​យើង​នោះ​ទេ ។ ពិតណាស់ ទ្រង់​ស្រឡាញ់​យើង ហើយ​ដោយ​សារ​ទ្រង់​ស្រឡាញ់​យើង ទ្រង់ពុំ​បាន​បង្ខំ ឬ​បោះបង់​យើង​ចោល​ទេ ។ តែទ្រង់​ជួយ និង​ដឹកនាំ​យើង ។ ច្បាស់ណាស់ ការ​បង្ហាញ​ក្ដីស្រឡាញ់​ពិត​របស់ព្រះ គឺ​បទបញ្ញត្តិ​របស់ទ្រង់ ។

យើង​គួរ (​ហើយ​យើង​) រីករាយ​នៅក្នុង​ផែនការ​ដែល​បាន​តែងតាំង​របស់ព្រះ ដែល​អនុញ្ញាតឲ្យ​យើង​ធ្វើការ​ជ្រើសរើស​ដើម្បី​ធ្វើ​សកម្មភាព​ដោយ​ខ្លួន​យើង ហើយ​ទទួលពិសោធន៍​ផលវិបាក​នានា ឬ​ដូច​ខគម្ពីរ​បាន​បង្ហាញ​វា​ថា « ភ្លក់​នូវ​សេចក្ដី​ល្វីង​ជូរ​ចត់ ប្រយោជន៍​ឲ្យ​ពួកគេ​អាច​ចេះ​ឲ្យ​តម្លៃ​ដល់​របស់​ល្អ » ។5 យើង​មានអំណរគុណ​ជារៀងរហូត​ចំពោះ​ដង្វាយធួន​របស់​ព្រះអង្គសង្គ្រោះ យកឈ្នះលើ​អំពើបាប​ពី​ដើមដំបូង ដើម្បី​យើង​អាច​កើត​នៅក្នុងលោកិយ​នេះ តែមិន​ទទួល​ទណ្ឌកម្ម​ដោយសារ​អំពើ​រំលង​របស់​អ័ដាម ។ 6 ដោយ​បាន​ប្រោសលោះ​ពីការ​ធ្លាក់ នោះ​យើង​ចាប់​ផ្ដើម​ជីវិត​ស្លូត​ត្រង់​នៅចំពោះ​ព្រះ ហើយ « ទើប​ពួកគេ​មាន​ឥស្សរភាព​រហូត​តទៅ ដោយ​ដឹង​ខុស​ និង​ត្រូវ ដើម្បី​ធ្វើ​សកម្មភាព​ដោយ​ខ្លួន​ឯង ពុំ​មែន​ទទួល​សកម្មភាព​ទេ » ។ 7 យើង​អាច​ជ្រើសរើស​ក្លាយ​ជាមនុស្ស​ដែល​យើង​នឹង​ប្រែក្លាយ ហើយ​ដោយ​មានជំនួយ​របស់ព្រះ ដើម្បី​យើងអាច​បាន​ដូចជា​ទ្រង់ ។ 8

ដំណឹងល្អ នៃ​ព្រះយេស៊ូវ​គ្រីស្ទ​បើក​ផ្លូវ​ទៅ​រក​អ្វី​ដែល​យើង​នឹង​ប្រែក្លាយ ។ តាមរយៈដង្វាយធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ និង​ព្រះគុណ​ទ្រង់ នោះ​ការ​​បរាជ័យរបស់​យើង​​ក្នុង​ការ​រស់នៅ​តាម​ក្រិត្យវិន័យ​សេឡេស្ទាល​ឲ្យ​ល្អ​ឥតខ្ចោះ និង​ខ្ជាប់ខ្ជួន អាច​ត្រូវ​បាន​លុប​ចោល ហើយ​យើង​អាច​បង្កើត​លក្ខណៈ​ចរិត​ដូច​ព្រះ​គ្រីស្ទ ។ ទោះ​ជាយ៉ាង​ណា តាម​​តម្រូវការ​នៃ​​សេចក្ដីយុត្តិធម៌ ​រឿង​នេះ ពុំ​អាច​កើត​ឡើង​ដោយ​គ្មាន​ការ​យល់ព្រម និង​ការចូលរួម​របស់​យើង​នោះ​ទេ ។ នេះ​ជា​របៀប​ដែល​តែង​តែ​​មាន ។ វត្តមាន​របស់​យើង​នៅលើ​ផែនដី ​មានរូបកាយ​សាច់ឈាម គឺ​មាន​​ដោយសារ​តែ​ជម្រើស​ដែល​យើង​ម្នាក់ៗ​បាន​ធ្វើ នៅក្នុង​ផែនការ​របស់​ព្រះវរបិតា​របស់​យើង ។9 ដូច្នេះ សេចក្ដីសង្គ្រោះ ពុំ​មែន​ជា​អ្វី​មួយ ដែល​កើត​ឡើង​ ដោយ​ផ្អែកលើ​ព្រះទ័យ​ព្រះ​តែ​ម្យ៉ាង​នោះ​ទេ ។ 10

សេចក្ដី​យុត្តិធម៌ គឺ​ជា​លក្ខណៈ​ដ៏​សំខាន់​មួយ​របស់ព្រះ ។​ យើង​អាច​មាន​ជំនឿ​លើ​ព្រះ ព្រោះ​ទ្រង់​គួរ​ឲ្យ​ទុកចិត្ត​បាន ។ បទគម្ពីរ​បង្រៀន​យើង​ថា « ត្បិត​ព្រះ ទ្រង់​មិន​យាង​លើ​ផ្លូវ​វៀច​វាង​ឡើយ ឬ​ក៏​ទ្រង់​ងាក​ពី​ឆ្វេង​ទៅ​ស្ដាំ ឬ​ក៏​ទ្រង់​បែរ​ចេញ​ពី​អ្វី​ដែល​ទ្រង់​មាន​បន្ទូល​ដែរ ម្ល៉ោះ​ហើយ ផ្លូវ​ទាំងឡាយ​របស់ទ្រង់ ត្រង់ ហើយ​ដំណើរ​របស់​ទ្រង់ ជា​វង់​មួយ​ដ៏​នៅអស់កល្បជានិច្ច » ។11 ហើយ​ថា « ព្រះ​មិន​រើស​មុខ​អ្នក​ណា​ទេ » ។ 12 យើង​ពឹងផ្អែក​ទៅលើ​គុណធម៌​ដ៏​ទេវភាព​នៃ​សេចក្ដីយុត្តិធម៌​សម្រាប់​សេចក្ដីជំនឿ ទំនុកចិត្ត និង​សេចក្ដីសង្ឃឹម ។

ប៉ុន្តែ​ជា​លទ្ធផល​នៃសេចក្ដី​​យុត្តិធម៌​ដ៏​ឥតខ្ចោះ នោះ​មាន​អ្វី​មួយចំនួន​ដែល​ព្រះពុំ​អាច​ធ្វើ ។​ ទ្រង់​ពុំ​អាច​ធ្វើ​ជា​អជ្ញាកណ្ដាល​ជួយ​សង្គ្រោះ​​ដល់​មនុស្ស​ខ្លះ ហើយ​ដាក់​ទណ្ឌកម្ម​អ្នក​ផ្សេងទៀត​ទេ ។ ទ្រង់ « ពុំ​អាច​ទត​មើល​អំពើបាប​ សូម្បី​តែ​បន្ដិចបន្ដួច​បាន​ឡើយ » ។13 ទ្រង់​ពុំ​អាច​អនុញ្ញាត​ឲ្យ​ក្ដីមេត្តា​មក​ប្លន់​សេចក្ដី​យុត្តិធម៌​បាន​ឡើយ ។14

កត្តា​ដែល​ព្រះ​បង្កើត​គោលការណ៍​នៃ​សេចក្ដី​មេត្តាករុណា គឺ​ជា​ភស្ដុតាង​យ៉ាង​ច្បាស់​ថា ទ្រង់​មាន​យុត្តិធម៌ ។ វា​គឺ​ដោយ​សារ​ទ្រង់​មាន​យុត្តិធម៌ ទើប​ទ្រង់​បង្កើត​ផ្លូវ​មួយ​សម្រាប់​សេចក្ដី​មេត្តាករុណា មាន​តួនាទី​ដ៏​សំខាន់​នៅ​ក្នុង​ជោគវាសនា​ដ៏​អស់កល្ប​ជានិច្ច​របស់​យើង ។ ដូច្នេះ ឥឡូវ « សេចក្ដីយុត្តិធម៌ អនុវត្ត​នូវ​សេចក្ដីទាមទារ​ទាំងអស់​របស់​វា ឯសេចក្ដី​មេត្តាករុណា​ក៏​ទាមទារ​នូវ​អ្វីៗ ដែល​នៅ​ក្នុង​អំណាច​របស់​វា​ដែរ»។ 15

យើង​ដឹង​ថា វា​​គឺ​ជា « ការ​រង​ទុក្ខ​ទាំងឡាយ និង​ការ​សុគត​របស់​អ្នក ដែល​ពុំ​បាន​ធ្វើ​បាប​ឡើយ ជា​អ្នក​ដែល [ព្រះវរបិតា​] សព្វព្រះហឬទ័យ … ព្រះលោហិត​នៃ​ព្រះរាជបុត្រា​ [របស់ព្រះអង្គ] ​ដែល​បាន​ច្រួច »16 នោះ​ធ្វើ​ឲ្យ​ស្កប់ស្កល់​ដល់​សេចក្ដីយុត្តិធម៌ ផ្ដល់​សេចក្ដីមេត្តាករុណា ហើយ​ប្រោសលោះ​យើង ។17 ហេតុ​ដូច្នោះហើយ​ «ស្រប​តាម​សេចក្ដី​យុត្តិធម៌ ផែនការ​នៃ​សេចក្ដី​ប្រោសលោះ​ពុំ​អាច​នឹង​អនុវត្តបាន​ឡើយ លើក​លែង​តែ​លក្ខខណ្ឌ​ទាំងឡាយ​នៃ​ការ​ប្រែចិត្ត​របស់​មនុស្ស »។18 ​វា​គឺ​ជា​តម្រូវ​ការ​ និង​ឱកាស​សម្រាប់ការ​​ប្រែចិត្ត ដែល​អនុញ្ញាត​ឲ្យ​សេចក្ដីមេត្តាករុណា អាច​ធ្វើកិច្ចការ​របស់​វា ដោយ​ពុំ​បំផ្លាញ​សេចក្ដីយុត្តិធម៌ ។

ព្រះគ្រីស្ទ ពុំបាន​សុគត​ដើម្បី​​សង្គ្រោះ​​មនុស្ស​​តាម​អំណាច​ចិត្ត​នោះ​ទេ ប៉ុន្តែ​ដើម្បី​ផ្ដល់​ឱកាស​ដល់​មនុស្ស​ប្រែចិត្ត ។ យើង​ជឿជាក់​ថា «ដោយ​ពឹងផ្អែក​ទាំង​ស្រុង​ទៅលើ​បុណ្យគុណ​របស់​ទ្រង់​ ដែល​មានឥទ្ធិឬទ្ធិ​ដើម្បី​សង្គ្រោះ» 19 នៅក្នុង​ដំណើរការនៃ​ការ​ប្រែចិត្ត ប៉ុន្តែ​ការ​ធ្វើសកម្មភាព​ប្រែចិត្ត គឺ​ជា​ការ​ផ្លាស់ប្ដូរ​ឆន្ទៈ​របស់​ខ្លួន ។ ដូច្នេះ​តាមរយៈ​ការ​ធ្វើឲ្យ​ការ​ប្រែចិត្ត​ជា​លក្ខខណ្ឌ​មួយ​សម្រាប់​ការ​ទទួលអំណោយ​ទាន​នៃ​ព្រះគុណ នោះ​ព្រះអាច​ជួយ​យើង​ឲ្យ​រក្សាការទទួលខុសត្រូវ​សម្រាប់​ខ្លួន​យើង ។ ការ​ប្រែចិត្ត គោរព ហើយ​គាំទ្រ​ដល់​សិទ្ធិ​ជ្រើសរើស​ខាង​សីលធម៌​របស់​យើង ៖ « ម្ល៉ោះ​ហើយ សេចក្ដី​មេត្តាករុណា អាច​ធ្វើ​ឲ្យ​ស្កប់ស្កល់​ដល់​ការ​ទាមទារ​នៃ​សេចក្ដីយុត្តិធម៌ ហើ​យឱប​ក្រសោប​ពួកគេ​នៅ​ក្នុង​ដៃ​នៃ​សេចក្ដី​សុខ នៅពេល​ដែល​អ្នក​នោះ​ពុំ​អនុវត្ត​សេចក្ដីជំនឿ​ចំពោះ ការ​ប្រែចិត្ត នោះ​ត្រូវ​លាត​ត្រដាង​នៅ​ក្នុង​ច្បាប់​ទាំង​មូល​ចំពោះ ការ​ទាមទារ​នៃ​សេចក្ដី​យុត្តិធម៌ ហេតុដូច្នេះ​ហើយ មាន​តែ​ដល់​អ្នក​ណា​ដែល​មាន​សេចក្ដីជំនឿ ចំពោះ ការ​ប្រែចិត្ត ទើប​នាំ​មក​នូវ​ផែនការ​នៃ​សេចក្ដី​ប្រោសលោះ​ដ៏​មហិមា និង​អស់កល្បជានិច្ច​បាន » ។20

ការ​យល់ខុស​អំពី​សេចក្ដី​យុត្តិធម៌ និង​សេចក្ដីមេត្តា​ករុណា​របស់ព្រះ គឺ​ជា​រឿង​មួយ ហើយ​ការ​បដិសេធ​វត្តមាន​របស់ព្រះ និង​ភាពរុងរឿង​របស់ទ្រង់ គឺ​ជា​រឿង​មួយទៀត ប៉ុន្តែ​​វា​មួយ​ណា​ក៏ដោយ នឹង​មានលទ្ធផល​ជាការ​មិនទទួលបាន​សក្ដានុពល​ដ៏ទេវភាព​ពេញលេញ—ជួនកាល​—ឃ្លាត​​ឆ្ងាយតែម្ដង ។ ព្រះ​ដែល​ពុំ​តម្រូវ​អ្វី​ទាំងអស់ គឺ​ដំណើរ​ការ​ដូចជា​នឹង​ព្រះ​ដែល​ពុំ​មាន​ព្រះជន្ម​ផងដែរ ។ ពិភពលោក​ដោយ​ពុំ​មាន​ព្រះ ព្រះដ៏មានព្រះជន្មរស់ ដែល​បាន​បង្កើត​ក្រិត្យវិន័យ​សីលធម៌ ដើម្បីគ្រប់គ្រង និង​ធ្វើ​ឲ្យកូនចៅ​ទ្រង់​ឥតខ្ចោះ គឺ​ជា​ពិភពលោក​ដែល​គ្មាន​សេចក្ដីពិត ឬ​សេចក្ដីយុត្តិធម៌​ផងដែរ ។ វា​គឺជា​ពិភពលោក​មួយ​ដែល​ទទួល​ស្គាល់ជា​សាកល​ថា អ្វី​ដែល​ខុស និង​អ្វី​ដែល​ត្រូវ គឺ​ផ្សេងគ្នា​សម្រាប់​មនុស្ស​គ្រប់រូប ។

ជា​សាកល​មានន័យ​ថា មនុស្ស​ម្នាក់ៗ គឺ​មាន​សិទ្ធិអំណាច​ខ្ពស់​បំផុត​របស់​ខ្លួន ។ ប្រាកដ​ណាស់ វា​ពុំ​មែន​គ្រាន់​តែ​អ្នក​ដែល​បដិសេធ​ព្រះ ទើបស្ថិត​ក្នុង​ទស្សនៈវិជ្ជា​នេះ​ទេ ។​ មនុស្ស​ខ្លះ​ដែល​ជឿ​លើ​ព្រះ នៅតែ​ជឿ​ថា ពួកគេ​ម្នាក់ៗ មានការ​​សម្រេចចិត្ត​នូវ​អ្វីដែល​ត្រូវ និង​ខុស​ដោយ​ខ្លួន​គេ ។ មាន​យុវវ័យ​ម្នាក់​បាន​សម្ដែង​តាម​របៀប​នេះ​ថា ៖ « ខ្ញុំ​ពុំ​គិត​ថា ខ្ញុំ​អាច​និយាយ​ថា សាសនា​ហ៊ិនឌូ ខុស ឬ​សាសនា​កាតូលិក​ខុស ឬ​អេពីកូផាលីន ខុស​ ទេ—ខ្ញុំ​គិត​ថា វា​អាស្រ័យ​លើ​អ្វី ដែល​អ្នកជឿ ។  … ខ្ញុំ​មិន​គិត​ថា មានត្រូវ និង​ខុស​នោះ​ទេ » ។ 21 ម្នាក់​ទៀត ​ត្រូវ​បាន​គេ​​សួរ​អំពី​មូលដ្ឋាន​សម្រាប់​ជំនឿ​សាសនា​របស់គាត់ បានតប​ថា « ខ្ញុំជឿ​លើ​ខ្លួន​ឯង—វា​ពិត​ជា​អញ្ចឹង​មែន ។​ ខ្ញុំ​ចង់​មាន​ន័យ​ថា តើ​អាច​មាន​សិទ្ធិអំណាច​មក​លើ​អ្វី​ ដែល​អ្នក​ជឿ​ដោយ​របៀប​ណា ? » 22

ចំពោះ​អ្នកទាំងឡាយ​ដែល​ជឿ​អ្វី​មួយ ឬ​អ្វី​ក៏​ដោយ អាចជា​ការ​ពិត ដែល​ការ​ប្រកាស​ពី​គោលបំណង ជា​សេចក្ដីពិត​ខ្ជាប់ខ្ជួន និង​ជា​សាកល មានអារម្មណ៍​ដូចជា​​ការ​​បង្ខំ​ទៅ​វិញ​ថា—« ខ្ញុំ​មិនគួរ​បង្ខំ​ឲ្យ​ជឿ​លើ​អ្វី​ថាពិត ដែល​ខ្ញុំ​មិនចូលចិត្ត​នោះ​ទេ » ។ តែ​នោះ​ពុំ​អាច​ផ្លាស់ប្ដូរ​ភាព​ពិត​បានទេ ។ ការ​មិនចូលចិត្ត​ច្បាប់​នៃ​ទំនាញ នឹង​ពុំ​​ទប់មនុស្ស​ម្នាក់​នោះ​មិន​ឲ្យ​ធ្លាក់ចុះ​នោះ​ទេ បើ​គាត់​ដើរ​ធ្លាក់​ច្រាំង​នោះ ។ ក្រិត្យវិន័យ​ដ៏​អស់កល្ប និង​សេចក្ដីយុត្តិធម៌​ក៏​ដូចគ្នា​នេះ​ដែរ ។ សេរីភាព ពុំ​កើត​ចេញ​មកពី​ការ​ទប់ទល់​នោះ​ទេ ប៉ុន្តែ​វា​កើត​ចេញ​មក​ពី​ការ​អនុវត្ត​វា ។ នោះ​គឺ​ជា​គ្រឹះ​ចំពោះ​ព្រះចេស្ដាផ្ទាល់​របស់​ព្រះ ។ បើ​វា​ពុំ​ដោយ​សារ​តែ​ភាព​ពិត​នៃ​សេចក្ដីពិត​ដ៏ខ្ជាប់​ខ្ជួន និង​ពុំ​ផ្លាស់ប្ដូរ​ទេ នោះ​អំណោយទាន​នៃ​ការ​ជ្រើសរើស នឹង​គ្មាន​ន័យ​ឡើយ ព្រោះ​យើង​នឹង​ពុំ​អាច​មើល​ឃើញ​ជា​មុន ឬ​រំពឹង​​នូវ​លទ្ធផល​នៃ​ទង្វើ​របស់​យើង​ទេ ។ ដូច​លីហៃ​បាន​បង្ហាញ​វា​ថា ៖ « បើ​សិន​ជា​កូន​រាល់​គ្នា​នឹង​និយាយ​ថា គ្មាន​ក្រិត្យវិន័យទេ កូន​រាល់​គ្នា​ក៏​ត្រូវ​និយាយ​ថា គ្មាន​បាប​ដែរ ។ « បើ​សិន​ជា​កូន​រាល់​គ្នា​នឹង​និយាយ​ថា គ្មានបាប​ទេ កូន​រាល់​គ្នា​ក៏​ត្រូវ​និយាយ​ថា គ្មាន​សេចក្ដី​សុចរិត​ដែរ ។ ហើយ​បើសិន​ជា​គ្មាន​សេចក្ដី​សុចរិត​ទេ នោះក៏​គ្មាន​សុភមង្គល​ដែរ ។ ហើយ​បើសិន​ជា​គ្មាន​សេចក្ដីសុចរិត ឬ​សុភមង្គល​​ទេ នោះក៏​គ្មានទោស និង​សេចក្ដី​ទុក្ខវេទនា​ដែរ ។ ហើយ​បើ​សិន​ជា​គ្មាន​អ្វី​ទាំង​នេះ​ទេ នោះក៏​គ្មាន​ព្រះដែរ ។ ហើយ​បើ​សិន​ជា​គ្មាន​ព្រះទេ ក៏​គ្មាន​ពួកយើង ឬ​ផែនដី​ដែរ ត្បិត​ពុំ​អាច​មាន​នូវ​ការបង្កើត​អ្វីទាំងឡាយ ដែល​នឹង​ធ្វើ​សកម្មភាព ឬ​ទទួល​សកម្មភាព​ដែរ ហេតុដូច្នោះ​ហើយ អ្វីៗ​សព្វសារពើ ត្រូវ​តែ​សាបសូន្យ​បាត់អស់ » ។23

ទាំង​​ខាង​សាច់ឈាម និង​ខាងវិញ្ញាណ ឱកាស​ទទួលខុសត្រូវ​ខ្លួន​ឯង គឺ​ជា​អំណោយទាន​ដែល​ប្រទាន​ឲ្យ​ដោយ​ព្រះ បើ​គ្មាន​វា នោះ​យើង​ពុំ​អាច​សម្រេច​​សក្ដានុពល​ពេញលេញ​របស់យើង ក្នុង​នាម​ជា​បុត្រី និង​បុត្រា​របស់​ព្រះ​បាន​ឡើយ ។ ទំនួលខុសត្រូវ​ផ្ទាល់ខ្លួន ក្លាយជា​សិទ្ធិ និងករណីយកិច្ច ដែល​យើង​ត្រូវ​តែ​ការពារ​ដោយ​ខ្ជាប់ខ្ជួន ត្បិត​វា​ត្រូវ​បាន​វាយ​ប្រហារ​តាំងពី​​មុន​ការ​បង្ក​បង្កើត​មក​ម្ល៉េះ ។ យើង​ត្រូវ​តែ​ការពារ​ទំនួល​ខុសត្រូវ​យើង ទប់ទល់​នឹង​មនុស្ស និង​ភ្នាក់ងារ​ណា​ដែល​ ( ពេល​ខ្លះវា​ចេតនា) ធ្វើ​ឲ្យ​យើង​ផ្ដេក​ផ្ដួល​លើនោះ ។ ហើយ​យើង​ត្រូវតែ​ការពារ​វា ទប់ទល់​នឹង​អារម្មណ៍​ផ្ដេក​ផ្ដួល​​ផ្ទាល់ខ្លួន​របស់​​យើង​ ពុំ​ធ្វើ​​ការងារ​ដែលតម្រូវ​ឲ្យ​បង្កើត​ទេពកោសល្យ សមត្ថភាព និងលក្ខណៈ​សម្បត្តិ​ដូច​ព្រះគ្រីស្ទ​ ។

មាន​រឿងមួយ និយាយ​អំពី​បុរសម្នាក់ ដែល​ជាធម្មតា​មិន​ចង់ធ្វើការ​ទេ ។​​​ គាត់​ចង់​ឲ្យ​គេ​បំពេញ​តម្រូវ​ការ​ឲ្យ​គាត់​ទាំងអស់ ។ តាម​អ្វី​ដែល​គាត់​គិត​គឺ​ថា សាសនាចក្រ ឬ​រដ្ឋាភិបាល ឬ​​ទាំងពីរ ត្រូវ​ចិញ្ចឹម​គាត់ ដោយ​សារ​​គាត់​បាន​បង់​ដង្វាយ​មួយភាគក្នុង​ដប់ និង​បង់ពន្ធគាត់​ហើយ ។ គាត់​គ្មាន​អ្វី​បរិភោគ​ទេ តែ​បដិសេធ​មិន​មើល​ថែ​ខ្លួន​គាត់ទេ ។ ដោយ​ភាពអស់សង្ឃឹម និង​ការ​ខ្ពើម​រអើម អ្នក​​ទាំងឡាយ​ដែល​ព្យាយាម​ជួយ​គាត់ បាន​សម្រេចចិត្ត​ថា ដោយ​សារ​គាត់​ពុំ​ចង់​​​ទ្រទ្រង់​ខ្លួន​គាត់ នោះ​ពួកគេ​​នឹង​យក​គាត់ទៅ​ទីស្មសាន ហើយ​ទុក​ឲ្យ​គាត់​ស្លាប់​នៅ​ទីនោះ​ទៅ ។ នៅ​តាម​ផ្លូវ​ទៅ​ទីស្មសាន មានបុរស​ម្នាក់និយាយ​ថា « យើង​ពុំ​អាច​ធ្វើដូច​នេះ​បាន​ទេ ។ ខ្ញុំ​មាន​ពោត​ខ្លះៗ ខ្ញុំ​នឹង​ចែកឲ្យ​គាត់ » ។

ដូច្នេះ​ពួកគេ​បាន​ប្រាប់​​រឿង​នេះ ​ដល់​បុរសដែលគេ​សែងនោះ​ រួច​គាត់​​សួរ​ថា « តើ​បក​សំបក​ហើយ​ឬ​នៅ ? »

ពួកគេ​​​តប​ថា « នៅ​ទេ » ។

រួច​គាត់​និយាយ​ថា « អញ្ចឹង សែង​ទៅ​មុខ​ទៀត » ។

វាគឺ​ជា​ឆន្ទៈ​របស់ព្រះ ដែល​យើង​ធ្វើ​ជា​បុរស និង​ស្ត្រី​ដែល​មាន​សេរីភាព អាច​ងើប​ឡើង​ទៅ​ដល់សក្ដានុពល​ពេញលេញ​របស់​យើង ទាំង​ខាង​សាច់ឈាម និង​ខាង​វិញ្ញាណ ដើម្បី​​យើង​មានសេរីភាព​ពី​គំនៀប​នៃ​ភាព​ក្រីក្រ និង​ទាសភាព​នៃ​អំពើបាប ដើម្បី​យើង​រីករាយ​ គោរព​ខ្លួន​ឯង និង​ឯករាជ្យ ថា​យើងបាន​​ត្រៀម​ខ្លួនជា​ស្រេច​ក្នុង​គ្រប់​កិច្ចការ​ទាំង​អស់ ដើម្បី​ចូលរួម​នឹង​ទ្រង់ ក្នុង​នគរ​សេលេស្ទាល​របស់​ទ្រង់ ។

ខ្ញុំ​ពុំជឿ​គំនិត​ខុសឆ្គង​ដែល​ថា ការណ៍​នេះ​អាច​ធ្វើ​បាន ដោយ​ការខិតខំ​របស់​យើង​ផ្ទាល់ ដោយគ្មាន​ជំនួយ​របស់​ទ្រង់ដ៏ខ្ជាប់​ខ្ជួន​នោះទេ ។ « យើង​ដឹង​ថា មាន​តែ​ដោយ​ព្រះគុណ​ទេ ទើប​យើង​បាន​សង្គ្រោះ បន្ទាប់ពី​អ្វីៗ​ទាំងអស់ ដែល​យើងអាច​ធ្វើ​បាន» ។24 ហើយ​យើងពុំចាំបាច់​ទទួលបាន​សមត្ថភាព ឬ​សេចក្ដី​ល្អ​ក្នុង​កម្រិតខ្លះ មុនពេលព្រះ​​នឹង​ជួយ​​នោះទេ— ជំនួយព្រះ អាច​ជា​របស់​យើង​នៅ​គ្រប់​ម៉ោងរាល់​ថ្ងៃ មិន​ថា​យើង​នៅ​កន្លែង​ណា នៅលើ​ផ្លូវនៃ​ការ​គោរពប្រតិបត្តិ​នោះ​ទេ ។ ប៉ុន្តែ​ខ្ញុំ​ដឹង​ថា ក្រៅ​ពី​ការ​ប្រាថ្នា​ជំនួយ​របស់ទ្រង់ យើង​​ត្រូវ​​ប្រើ​ខ្លួនយើង យើង​ប្រែចិត្ត ហើយ​ជ្រើសរើស​យក​ព្រះ ដើម្បី​​ទ្រង់​អាចធ្វើ​កិច្ចការ​ក្នុង​ជីវិត​យើង​ ស្របនឹង​សេចក្ដីយុត្តិធម៌ និង​សិទ្ធិ​ជ្រើសរើស​ខាង​សីលធម៌ ។​ ការ​អង្វរក​របស់​ខ្ញុំ គឺ​ថា សូម​ទទួលយក​ទំនួលខុសត្រូវជា​ធម្មតា ហើយ​ទៅធ្វើ​ការ ដើម្បី​មាន​អ្វីមួយ​ឲ្យ​ព្រះ​ជួយ​យើង ។

ខ្ញុំ​ថ្លែង​ជា​សាក្សី​ថា ព្រះមាន​ព្រះជន្ម ថា​ព្រះរាជបុត្រា​ ទ្រង់ ព្រះយេស៊ូវ​គ្រីស្ទ គឺ​ជា​ព្រះប្រោសលោះ​​យើង ហើយ​ថា​ព្រះវិញ្ញាណ​បរិសុទ្ធ គឺ​មានវត្តមាន​នៅ​ជាមួយ​យើង ។ ក្ដីប្រាថ្នា​របស់ទ្រង់ គឺ​ដើម្បី​ជួយ​យើង​កុំ​ឲ្យ​សង្ស័យ ហើយ​សមត្ថភាព​ទ្រង់​ដើម្បី​ធ្វើដូច្នោះ​គឺមាន​ជា​​និរន្ដន៍ ។ ចូរ​យើង « ​ភ្ញាក់ឡើង ហើយ​ក្រោក​ចេញ​ពី​ធូលីដី ... ដើម្បី​ឲ្យ​សេចក្ដីសញ្ញា​របស់​ព្រះវរបិតា​ដ៏អស់កល្ប ដែល​ទ្រង់​បាន​ធ្វើ​ជាមួយ [យើង] អាច​ត្រូវ​បាន​បំពេញ » ។25 នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន។