ឆ្នាំ ២០១០-២០១៩
បញ្ជី
១០ 2014


បញ្ជី

កិច្ចការ​ពង្សប្រវត្តិ និង​កិច្ចការ​ព្រះវិហារបរិសុទ្ធ គួរ​តែ​មាន​ចំណែក​ទៀងទាត់​មួយ​នៃ​ការ​ថ្វាយបង្គំ​ផ្ទាល់​ខ្លួន​របស់​យើង ។

កាល​ជា​កាយរិទ្ធិអាយុ 12 ឆ្នាំ ខ្ញុំ​បាន​ទទួល​អំណោយ​ជា​​ឧបករណ៍​កាយរិទ្ធិ​មួយ​ដែល​ខ្ញុំ​ស្រឡាញ់​យ៉ាង​ខ្លាំង​ ។ វា​គឺ​ជា​ពូថៅ​ដៃ​ដែល​មាន​ស្រោម​ស្បែក​ដ៏​ក្រាស់​មួយ! នៅ​យប់​ដើរ​ឡើងភ្នំ​បន្ទាប់ យើង​បាន​ទៅ​ដល់​កន្លែង​បោះជំរុំ​នៅ​ពេល​យប់ ដោយ​ទទឹក​ខ្លួន ហើយ​រងា ដោយ​សារ​មានព្រិល​ធ្លាក់​ខ្លាំង​នៅ​តាម​ផ្លូវ ។ អ្វី​ដែល​ខ្ញុំ​អាច​គិត​ឃើញ គឺ​បង្កាត់​ភ្នក់​ភ្លើង​ដ៏​ធំ​មួយ ។ ភ្លាម​នោះ ខ្ញុំ​បាន​ចេញ​ទៅ​កាប់​ដើមឈើ​ដែល​រលំ​មួយ ​ដោយ​ពូថៅ​ដៃ​ថ្មី​របស់​ខ្ញុំ ។ ពេល​ខ្ញុំ​កំពុង​កាប់ ខ្ញុំ​មួម៉ៅ​ដោយ​សារ​វា​ហាក់​ដូចជា​មិនសូវ​មុត ។ ដោយ​ការ​មួម៉ៅ​ ខ្ញុំ​បាន​ខំ​កាប់កាន់​តែ​ខ្លាំង ។ ដោយ​ការ​ខក​ចិត្តនោះ ខ្ញុំ​បាន​ត្រឡប់​មក​ជំរុំ​វិញ​ជាមួយ​នឹង​មែកឈើ​តែ​ពីរបី​មែក​ប៉ុណ្ណោះ ។ ដោយ​សារ​ពន្លឺភ្លើង​របស់​អ្នក​ផ្សេង​ទៀត នោះ​ខ្ញុំ​បាន​រក​ឃើញ​បញ្ហា ។ ខ្ញុំ​ពុំ​បាន​ដក​ស្រោម​ចេញ​ពី​ពូថៅ​ទេ ។ ទោះ​ជា​យ៉ាង​ណា ខ្ញុំ​អាច​ប្រាប់​ថា ស្រោម​ពូថៅ​ធ្វើ​ពី​ស្បែក​ដ៏​ក្រាស់​នោះ ត្រូវ​បាន​ដាច់​ទៅ​ជា​ចំរៀកៗ ។ ដោយ​សារ​ខ្ញុំ​ផ្ដោត​តែ​លើការ​កាប់ នោះ​ខ្ញុំ​បែរ​ជា​ត្រូវ​បាន​រំខាន​ពុំ​ឲ្យ​គិត​ពី​រឿង​សំខាន់​ដទៃ​ទៀត ។

នៅពេល​យើង​ខំ​ឈាន​ទៅ​រក​ការ​លើក​តម្កើង យើង​ត្រូវ​តែ​ខំ​ធ្វើ​រាល់​តម្រូវការ​ទាំងអស់ ហើយ​កុំ​ឲ្យ​រំខាន ដោយ​សារតែ​ផ្ដោត​ទៅ​លើ​តម្រូវ​ការ​មួយ ឬ​ពីរ ឬ​រឿង​ដែល​មិន​ទាក់ទង​ដទៃ​ទៀត​នោះ ។ ការ​ស្វែងរក​នគរ​នៃ​ព្រះ នាំ​ទៅរក​ក្ដី​រីករាយ និង​សុភមង្គល ។1 បើ​ចាំបាច់ យើង​ត្រូវ​តែ​មាន​ឆន្ទៈ ផ្លាស់ប្ដូរ ។ ជា​ញឹកញាប់ ការ​កែតម្រូវ​តូច​ៗ គឺ​មាន​ភាព​ឈឺចាប់ និង​ រំខាន​តិចតួច​ជាង ការ​កែតម្រូវ​ធំៗ ។

ថ្មីៗ​នេះ បងស្រី ផាកកឺ និង​ខ្ញុំ បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ក្រៅ​មួយ​ចំនួន ។ យើង​បាន​រៀចំ​លិខិត​ឆ្លង​ដែន និង​ឯកសារ​ដទៃ​ទៀត​របស់​យើង ។ យើង​បាន​ទៅ​ចាក់ថ្នាំ ពិនិត្យ​សុខភាព ទទួលទិដ្ឋាការ និង​បោះត្រា​រួចរាល់ ។ ពេល​យើង​ទៅ​ដល់​ទិសដៅ ឯកសារ​របស់​យើង ត្រូវ​បាន​គេ​ពិនិត្យ ហើយ​ពេល​តម្រូវការ​ទាំង​អស់​មានគ្រប់គ្រាន់ នោះ​យើង​អនុញ្ញាត​ឲ្យ​ចូល​ក្នុង​ប្រទេស​នោះ ។

ភាព​សក្ដិសម​សម្រាប់​ភាព​លើក​តម្កើង គឺ​ដូច​គ្នា​នឹង​ការ​រៀបចំ​ចូល​ក្នុង​ប្រទេស​ផ្សេងៗ​ផងដែរ ។ យើង​ម្នាក់ៗ ត្រូវ​តែ​ទទួល​បាន​លិខិត​ឆ្លងដែន​ខាង​វិញ្ញាណ​របស់​យើង​ផ្ទាល់ ។ យើង​ពុំកំណត់ តម្រូវការ​ទាំងឡាយ​ទេ ប៉ុន្តែ​ យើង​ដែល​ជា​បុគ្គល​ម្នាក់ៗ​ត្រូវ​តែ​បំពេញ​រាល់​តម្រូវការ​នោះ ។ ផែនការ​នៃ​សេចក្ដី​សង្គ្រោះ មាន​រាល់គោលលទ្ធិ ក្រិត្យវិន័យ បទបញ្ញត្តិ និង​ពិធីបរិសុទ្ធ​នានា ដែល​ចាំបាច់​សម្រាប់​ មនុស្សទាំងអស់ ដើម្បី​សក្តិសម​សម្រាប់ភាព​លើ​ក​តម្កើង ។2 បន្ទាប់មក « តាមរយៈ​ដង្វាយធួន​នៃ [ ព្រះយេស៊ូវ ] គ្រីស្ទ នោះ​មនុស្ស​ទាំងអស់​អាច​បាន​សង្គ្រោះ » ។3 សាសនាចក្រ​ជួយ ប៉ុន្តែ​ពុំ​អាច​ធ្វើ​វា​សម្រាប់​យើង​ទេ ។ ភាពសក្ដិសម​សម្រាប់ភាព​លើក​តម្កើង ក្លាយ​ជា​គោលដៅ​ដែល​យើង​ព្យាយាម​សម្រេច​ពេញ​មួយ​ជីវិត ។

ព្រះគ្រីស្ទ បាន​រៀបចំ​សាសនាចក្រ​របស់​ទ្រង់​ដើម្បី​ជួយ​យើង ។ ទ្រង់​បាន​ហៅ​បុរស 15 នាក់​​ដែល​យើង​គាំទ្រ​ជា​ព្យាការី អ្នក​មើល​ឆុត និង​អ្នក​ទទួល​វិវរណៈ ដើម្បី​ដឹកនាំ​សាសនា​ចក្រ ហើយ​បង្រៀន​មនុស្ស ។ គណៈប្រធានទីមួយ4 និង កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់5 មាន​សិទ្ធិអំណាច និងអំណាច6 ស្មើគ្នា ដោយ​មាន​សាវក​រៀមច្បង​ ត្រូវ​បាន​ចាត់តាំង​ជា​ប្រធាន​នៃ​សាសនាចក្រ ។ ពួក​ចិតសិប​នាក់ ត្រូវ​បាន​ហៅ​ឲ្យ​ជួយ ។7 អ្នក​ដឹកនាំ​ពុំ​កំណត់​តម្រូវ​ការ​សម្រាប់ភាព​លើក​តម្កើង​ទេ ។ ព្រះ​ជា​អ្នក​កំណត់! អ្នក​ដឹកនាំ​ទាំងនេះ ត្រូវ​បាន​ហៅ​ឲ្យ​បង្រៀន ពន្យល់ ដាស់តឿន នឹង​ព្រមាន ដើម្បី​យើង​ស្ថិតនៅ​លើ​ផ្លូវ ។8

ដូច​បាន​ពន្យល់​ក្នុង​ក្បួនខ្នាត​នៃ​ការ​ណែនាំ​ថា ៖ « នៅក្នុង​ការ​បំពេញ​គោលបំណង​របស់​សាសនាចក្រ ដើម្បី​ជួយ​ដល់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ​ឲ្យ​មាន​លក្ខណៈសម្បត្តិ​ទទួល​បាន​ភាព​តំកើង​ឡើង នោះ​សាសនាចក្រ​ផ្ដោត​ទៅលើ​ការ​ទទួល​ខុសត្រូវ​ដែល​បាន​ចាត់តាំង​ដ៏​ទេវភាព ។ ការ​ទទួលខុស​ត្រូវ​ទាំង​នេះ​ រួមមាន ការ​ជួយ​ដល់​សមាជិក​ឲ្យ​រស់នៅ​ក្នុង​ដំណឹង​ល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ការ​ប្រមូល​ពួក​សាសន៍​អ៊ីស្រាអែល តាមរយៈកិច្ចការ​ផ្សព្វផ្សាយ​សាសនា ការ​មើលថែ​ដល់​ជន​ទ័លក្រ និង​ជន​ទុរគត៌ និង​ការ​ធ្វើ​ឲ្យ​មរណជន​ទទួល​បាន​សេចក្ដី​សង្គ្រោះ តាមរយៈ​ការ​សាងសង់​ព្រះវិហារ​បរិសុទ្ធ និង​ការ​ធ្វើ​ពិធី​បរិសុទ្ធ​ជំនួស​ទាំងឡាយ » ។9 ការ​ផ្ដោត​ទាំង​បួន​ និង​ច្បាប់​ដទៃ​ទៀត បញ្ញត្តិ និង​ពិធី​បរិសុទ្ធ​នានា ត្រូវ​បាន​តម្រូវ​ឲ្យ​ធ្វើ ពុំ​មែន​ជា​ជម្រើ​ស​នោះ​ទេ ។ តាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ និង​តាម​ការ​ធ្វើ​ចំណុច​នីមួយៗ​ទាំងនេះ នោះ​យើង​បន្ថែម​ការ​បោះត្រា​ដែល​តម្រូវ​ឲ្យ​មាន​នានា​នៅ​ក្នុង​លិខិត​ឆ្លង​ដែន​ខាង​វិញ្ញាណ​របស់​យើង ។

អំឡុង​សន្និសីទ​នេះ យើង​ត្រូវ​បាន​បង្រៀន​អំពី​ការ​ផ្លាស់ប្ដូរ​ទាំងឡាយ ដែល​នឹង​ជួយ​យើង​ទាំងអស់​គ្នា​ត្រៀម​ខ្លួន​កាន់​តែ​ល្អ​ប្រសើរ ។

គ្រួសារ គឺ​សំខាន់​នៅក្នុង​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ ហើយ​ប្រហែល​​វា ជា​មូលហេតុ ដែល​វា​ត្រូវ​បាន​ហៅ​ថា « ផែនការ​នៃ​សុភមង្គល​ដ៏​មហិមា » ផងដែរ ។10 ប្រធាន ប៊យដ៍ ឃេ ផាកកឺ បាន​មាន​ប្រសាសន៍​ថា « គោលបំណង​​ដ៏​ធំ​បំផុត​នៃ​សកម្មភាព​ទាំងអស់​ក្នុង​សាសនាចក្រ គឺ​ថា បុរស និង​ភរិយា​គាត់ និង​កូនៗ អាច​បាន​រីករាយ​នៅក្នុង​គេហដ្ឋាន » ។11

ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បាន​មាន​ប្រសាសន៍​ថា « ជោគជ័យ​របស់​យើង ជា​បុគ្គល​ម្នាក់ៗ ឬ​ជា​សាសនាចក្រ នឹង​​ត្រូវ​បាន​កំណត់​ជា​ទូលំទូលាយ តាម​​របៀប​ដែល​យើង​ផ្ដោត​ការ​រស់នៅ​តាម​ដំណឹង​ល្អ​ក្នុង​គេហដ្ឋាន​យើង​ដោយ​ស្មោះត្រង់ » ។12 កិច្ចការ​នៃ​ព្រះវិហារបរិសុទ្ធ និង ពង្សប្រវត្តិ គឺ​ជា​ផ្នែក​មួយ​នៃ​ការរស់នៅ​តាម​ដំណឹង​ល្អ​ក្នុង​គេហដ្ឋាន ។ វា​គួរ​តែ​ជា​សកម្មភាព​គ្រួសារ ច្រើន​ជាង​សកម្មភាព​សាសនាចក្រ ។

មាន​ការ​គូសបញ្ជាក់​សារឡើង​វិញ​ទៅលើ​កិច្ចការ​ពង្សប្រវត្តិ និងកិច្ចការ​ព្រះវិហារ​បរិសុទ្ធ ដោយ​គណៈប្រធានទី​មួយ និង​កូរ៉ុម​សាវក​ដប់ពីរ​នាក់ ។13 ចម្លើយ​របស់​អ្នក​ចំពោះ​ការ​គូសបញ្ជាក់​នេះ នឹង​បង្កើន​ក្ដីអំណរ និង សុភមង្គល​ក្នុង​គ្រួសារ​អ្នក និង​បុគ្គល​ម្នាក់ៗ ។

ចេញ​មក​ពី​គោលលទ្ធិ និង​សេចក្ដី​សញ្ញា យើង​អាន​ថា ៖ « ថ្ងៃ​ដ៏​ធំ​នៃ​ព្រះអម្ចាស់​នៅ​ជិត​ដៃ​បង្កើយ ។ ... ចូរ​យើង ជា​សាសនាចក្រ ហើយ​ប្រជារាស្ត្រ ហើយ​ជា​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ថ្វាយ​ដង្វាយ​ដល់​ព្រះអម្ចាស់ ដោយ​សេចក្ដី​សុចរិត​ចុះ ហើយ​ចូរ​យើង​ថ្វាយ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​របស់​ទ្រង់... នូវ​បញ្ជី​មួយ​ដែល​មាន​បញ្ជី​នៃ​ពួក​អ្នក​ស្លាប់​របស់​យើង ដែល​គួរ​សម​ទទួល​ការ​គ្រប់​យ៉ាង » ។14

« បញ្ជី » នេះ នឹង​ត្រូវបាន​រៀបចំ ដោយ​ប្រើ​កំណត់ត្រា​នានា​ក្នុង​ទិន្នន័យ FamilyTree របស់​សាសនាចក្រ ។

ខ្ញុំ​បាន​ពិនិត្យ​មើល ហើយ​បន្ថែម​កំណត់ត្រា​នានា​ទៅ​ក្នុង​ទិន្នន័យ​នេះ ដោយ​សារ​ខ្ញុំ​ចង់​ឲ្យ​ឈ្មោះ​អស់​អ្នក​ដែល​ខ្ញុំ​ស្រឡាញ់​កត់​ត្រាក្នុង​សៀវភៅ​នេះ ។ តើ​អ្នក​វិញ​មិន​ចង់ទេ​ឬ​អី ?

នៅ​ក្នុងគោលលទ្ធិ និង​សេចក្ដី​សញ្ញា កណ្ឌ 128 យើង​អាន​ថា « ត្បិត​យើង​រាល់គ្នា មិន​អាច​បាន​ល្អ​ឥតខ្ចោះ ក្រៅ​ពី [ ជីដូន​ជីតា​របស់​យើង ] ឡើយ រីឯ​ពួក​គេ​ក៏​មិន​អាច​បាន​ល្អ​ឥតខ្ចោះ ក្រៅពី​យើង​ដែរ » ។15

ពង្សប្រវត្តិ គឺ​លើស​ពី​ពង្សាវល្លី ច្បាប់ ឈ្មោះ កាលបរិច្ឆេទ និង​ទីកន្លែង ។ វា​លើស​ពី​ការ​ផ្ដោត​យកចិត្ត​ទុកដាក់​លើ​អតីតកាល ។ ពង្សប្រវត្តិ ក៏​រួម​បញ្ចូល​ទាំង​បច្ចុប្បន្នកាល ពេល​យើង​បង្កើត​ប្រវត្តិ​ផ្ទាល់​ខ្លួន​យើង​ផងដែរ ។ វា​បញ្ចូល​ទាំង​អនាគត​កាល ពេល​យើង​កែទម្រង់​ប្រវត្តិនា​ពេល​អនាគត តាមរយៈ​កូនចៅ​របស់​យើង ។ ឧទាហរណ៍ ម្ដាយ​វ័យ​ក្មេង​ម្នាក់ បាន​ចែកចាយ​រឿង​គ្រួសារ​របស់​នាង និង​រូបថត​កូនៗ​របស់​នាង​កំពុង​ធ្វើ​កិច្ចការ​ពង្សប្រវត្តិ ។

ក៏​ដូចជា​ការ​ទទួល​ទាន​សាក្រាម៉ង់ ការ​ចូលរួម​ក្នុងការ​ប្រជុំ​ការ​អាន​គម្ពីរ និង​ការ​អធិស្ឋាន​ផ្ទាល់​ខ្លួន កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​កិច្ចការ​ពង្សប្រវត្តិ គួរ​តែ​មាន​ចំណែក​ជា​ការ​ថ្វាយបង្គំ​ផ្ទាល់​ខ្លួន​ជា​ទៀងទាត់​មួយ​របស់​យើង ។ ​ការ​ឆ្លើយ​តប​របស់​យុវវ័យ​របស់​យើង និង​អ្នក​ដទៃ​ទៀត ចំពោះ​ការអញ្ជើញ​របស់​ព្យាការី ត្រូវ​បាន​បំផុស​គំនិត និង​បង្ហាញ​កិច្ចការ​នេះ​ថាអាច និង​គួរ​តែធ្វើ​បាន​ដោយ​សមាជិកទាំងអស់ នៅគ្រប់វ័យ ។

ដូច​អែលឌើរ ឃ្វីនថិន អិល ឃុក បាន​ពន្យល់​ថា « [ ឥឡូវ ] យើង​មាន​គោលលទ្ធិ ព្រះវិហារ​បរិសុទ្ធ និង​បច្ចេកវិទ្យា » ។16 ការ​ធ្វើ​កិច្ចការ​ឥឡូវ​នេះ គឺ​មាន​ភាព​ងាយស្រួល​ជាង ហើយ​​មាន​កម្រិត​តែ​ដោយសារ​សមាជិក​មួយ​ចំនួន​ដាក់វា​ជា​អទិភាព​ប៉ុណ្ណោះ ។ កិច្ចការ​នេះ នៅតែ​ត្រូវការ​ពេលវេលា និង​ការ​លះបង់ ប៉ុន្ដែ មនុស្ស​ទាំងអស់អាច​ធ្វើ​វា​បាន ហើយ​ងាយ​ស្រួល​​បើ​ប្រៀបទៅ​នឹង​ប៉ុន្មាន​ឆ្នាំ​មុន ។

ដើម្បី​ជួយ​សមាជិក សាសនាចក្រ បាន​ប្រមូល​កំណត់ត្រា​ទាំងឡាយ ហើយ​បាន​ផ្ដល់​ឧបករណ៍ ដើម្បី​ឲ្យ​កិច្ចការ​ភាគ​ច្រើន​អាច​ត្រូវ​បាន​ធ្វើ​ឡើង នៅ​តាម​ផ្ទះ​របស់​យើង ឬ​នៅក្នុង​អគារ​វួដ និង​ព្រះវិហារ​បរិសុទ្ធ​របស់​យើង​ផ្ទាល់ ។ ឧបសគ្គ​ភាគ​ច្រើន​បំផុត ត្រូវ​បាន​ដកចេញ ។ មិនថាអ្នក​គិត​ឃើញ​យ៉ាងម៉េច​ទេ​កាល​ពី​មុន តែ​ឥឡូវ​នេះ​វា​ខុស​ប្លែក​គ្នា!

ទោះជា​យ៉ាងណា មាន​ឧបសគ្គ​មួយ​ដែល​ពុំ​អាច​ដក​ចេញ​បាន ។ នោះ​គឺ​ជា​ការស្ទាក់ស្ទើរ​របស់​បុគ្គល​ម្នាក់ៗ ដើម្បី​ធ្វើ​កិច្ចការ​នេះ ។ អ្វី​ដែល​វា​តម្រូវ​ឲ្យ​មាន គឺ​ការ​សម្រេច​ចិត្ត និង​កិច្ចខិតខំ​តិចតួច ។ វា​ពុំ​តម្រូវ​ឲ្យ​ចំណាយ​ពេល​ដ៏​ច្រើន​ទេ ។ វា​គ្រាន់តែ​ជា​ពេល​តិចតួច​នៅ​ក្នុង​ភាព​ខ្ជាប់ខ្ជួន​មួយ នោះ​វា​នឹង​បង្កើត​ក្ដី​អំណរ​ក្នុង​កិច្ចការ​នេះ​ហើយ ។ ចូរ​ធ្វើ​ការ​សម្រេច​ចិត្ត​បោះ​ជំហាន ដើម្បី​រៀន និង​សុំ​អ្នក​ដទៃ​ឲ្យ​ជួយ​អ្នក ។ ពួកគេ​នឹង​ជួយ! ឈ្មោះ​ដែល​អ្នករក​បាន ហើយ​យក​ទៅ​ព្រះវិហារ​បរិសុទ្ធ នឹង​ក្លាយ​ជា​កំណត់ត្រា​ក្នុង​ « បញ្ជី » នេះ ។17

ទោះ​ជា​មាន​ការ​ចូលរួម​ពី​សមាជិក​ក្នុង​ចំនួន​ដ៏​ច្រើន​ក្ដី ក៏​យើង​ឃើញ​ថា មាន​សមាជិក​សាសនាចក្រ​តិចតួច បាន​ចូលរួម​ជា​ទៀងទាត់​ក្នុងការ​រក​ឈ្មោះ និង​ធ្វើ​ពិធី​បរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​សម្រាប់​គ្រួសារ​ពួកគេ ។18 ស្ថានភាព​នេះ​គួរ​តែ​ផ្លាស់ប្ដូរ​នៅ​ក្នុង​ការ​ដាក់​អាទិភាព​របស់​យើង ។ ចូរ​កុំ​តទល់​នឹង​ការ​ផ្លាស់ប្ដូរ​ឡើយ តែ​ទទួល​យក​វា​ទៅ ! ការ​ផ្លាស់ប្ដូរ គឺ​ជា​ចំណែក​មួយ​នៃ​ផែនការ​នៃ​សុភមង្គល​ដ៏​មហិមា ។

កិច្ចការ​នេះ ចាំបាច់​ត្រូវ​ធ្វើ ពុំមែន​សម្រាប់​ជា​ប្រយោជន៍​របស់​សាសនាចក្រ​ទេ ប៉ុន្តែ​វា​សម្រាប់​អ្នក​ស្លាប់​របស់​យើង និង​សម្រាប់​ខ្លួន​យើង​ផ្ទាល់ ។ យើង និង​ជីដូនជីតា​ដែល​ស្លាប់​ទៅ​របស់​យើង ត្រូវ​ការ​ត្រា​​នៅក្នុង​លិខិត​ឆ្លង​ដែន​ខាង​វិញ្ញាណ​របស់​យើង ។

« ការ​រួបរួមគ្នា »19 នៃ​ក្រុមគ្រួសារ​របស់​យើង​គ្រប់​ជំនាន់ អាច​កើត​ឡើង​បាន​តែ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ តាមរយៈ​ពិធី​បរិសុទ្ធ នៃ​ការ​ផ្សារភ្ជាប់ ។ ជំហាន​ទាំងឡាយ គឺ​សាមញ្ញ ៖ គ្រាន់​តែ​រក​ឈ្មោះ ហើយ​យក​ទៅ​ព្រះវិហារ​បរិសុទ្ធ ។ យូរៗ​ទៅ​អ្នក​នឹង​អាច​ជួយ​អ្នក​ដទៃ​ឲ្យ​ធ្វើ​វា​ផងដែរ ។

មនុស្ស​គ្រប់​រូប—មនុស្ស​គ្រប់រូប—អាច​ធ្វើ​កិច្ចការ​នេះ​បាន ក្រៅ​ពី​ករណី​លើកលែង​មួយ​ចំនួន !

មាន​ពរជ័យ​ពិត​ក្នុង​កិច្ចការ​នេះ ។ ឪពុក​ម្ដាយ និង​អ្នក​ដឹកនាំ​ជាច្រើន ខ្វល់​អំពី​ស្ថានភាព​ពិភព​លោក​បច្ចុប្បន្ន និង​ខ្វល់​អំពី​ឥទ្ធិពល​ដែល​មាន​មកលើ​ក្រុម​គ្រួសារ​ និង​យុវវ័យ ។

អែលឌើរ ដាវីឌ អេ បែដណា បាន​សន្យា​ថា ៖ « ខ្ញុំ​អញ្ជើញ​មនុស្ស​វ័យក្មេង​នៃ​សាសនាចក្រ ឲ្យ​រៀន និង​ទទួល​បទពិសោធន៍​នៃ​វិញ្ញាណ​របស់​អេលីយ៉ា ។ ... ខ្ញុំ​សូម​សន្យា​នឹង​អ្នក [​ថា] អ្នក​នឹង​ត្រូវ​បាន​ការពារ​ពី​ឥទ្ធិពល​ដ៏​ខ្លាំងក្លា​របស់​ពួក​មារសត្រូវ ។ នៅ​ពេល​អ្នក​ចូលរួម ហើយ​ស្រឡាញ់​កិច្ចការ​ដ៏​បរិសុទ្ធ​នេះ នោះ​អ្នក​នឹង​មាន​សុវត្ថិភាព​នៅ​ក្នុង​យុវវ័យ និង​ពេញ​មួយ​ជីវិត​របស់​អ្នក » ។20

បងប្អូន​ប្រុសស្រី វា​ដល់ពេល​ហើយ ដើម្បី​ដក​ស្រោម​ចេញពី​ពូថៅ​ដៃ​របស់​យើង ហើយ​ចេញ​ទៅ​ធ្វើការ ។ យើង​មិន​ត្រូវ​លះបង់​ភាពលើកតម្កើង​របស់​យើង​ឬ​របស់​ក្រុមគ្រួសារ​យើង សម្រាប់​អ្វី​ដែល​មិន​សូវ​សំខាន់​នោះ​ឡើយ ។

នេះ​គឺ​ជា​កិច្ចការ​របស់ព្រះ ដែល​សមាជិក និង​អ្នកពុំ​មែនជា​សមាជិក​ត្រូវ​ធ្វើ​ដូចគ្នា ទាំងចាស់ ទាំង​ក្មេង ទាំង​ប្រុស ទាំងស្រី ។

ខ្ញុំ​បញ្ចប់​ដោយដកស្រង់​វគ្គ​ទីមួយ​នៃ​ទំនុកដំកើង​ទំព័រ 324 ដោយប្ដូរ​ពាក្យ​មួយ​ម៉ាត់​ថា ៖

ចូរ​ក្រោក​ឡើង ឱ [ ពួកបរិសុទ្ធ ] នៃ​ព្រះ !

ដែល​ធ្វើ​កិច្ចការ​មិនសូវ​សំខាន់​អើយ ។

ចូរ​ឲ្យ​ដួងចិត្ត ព្រលឹង គំនិត និង​កម្លាំង​អ្នក

ដើម្បី​បម្រើ​ស្ដេច​នៃ​អស់​ទាំង​ស្ដេច » ។21

ព្រះយេស៊ូវ​គ្រីស្ទ គឺ​ជា​ស្ដេច! នៅ​ក្នុង​ព្រះ​នាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។