ឆ្នាំ ២០១០-២០១៩
ចូរ​បង្កើត​កូន ឲ្យ​ចម្រើន​ជា​ច្រើន​ឡើង ហើយ​បង្ក្រាប​ផែនដី
ខែ មេសា 2015


ចូរ​បង្កើត​កូន ឲ្យ​ចម្រើន​ជា​ច្រើន​ឡើង ហើយ​បង្ក្រាប​ផែនដី

ព្រះវរបិតា​សួគ៌​បាន​បញ្ជា និង​ប្រទានពរ​យើង​ដើម្បី​ចម្រើនជាច្រើន​ឡើង ឲ្យ​មាន​ពេញពាស​លើ​ផែនដី​ចុះ ហើយ​បង្ក្រាប​ផែនដី ដើម្បី​យើង​អាច​ប្រែ​ក្លាយ​ដូចជា​ទ្រង់ ។

អរគុណ​ក្រុមចម្រៀង​រោង​ឧបោសថ សម្រាប់​ការ​សម្ដែង​នូវការ​ដឹងគុណ​ដ៏​ផ្អែម​ល្ហែម​ចំពោះព្រះអង្គសង្គ្រោះ​នៃ​ពិភពលោក ។

នៅ​ថ្ងៃ​ដែល​ព្រះ​ជា​ព្រះវរបិតា បាន​អំពាវ​ដល់​ព្រះរាជ​បុត្រា​បង្កើត​តែ​មួយ​របស់​ទ្រង់ ដើម្បី​បង្កើត​មនុស្ស​ឲ្យ​ដូច​ជា​រូប​អង្គ​ទ្រង់ ហើយ​ឲ្យ​មាន​ភាព​ដូច​ទ្រង់ នោះ​ទ្រង់​បាន​ប្រទានពរ​ដល់​កូនចៅ​របស់​ទ្រង់ ដោយ​បន្ទូល​ថា « ចូរ​បង្កើត​កូន​ឲ្យ​ចម្រើន​ជា​ច្រើន​ឡើង ឲ្យ​មាន​ពេញពាស​លើ​ផែនដី​ចុះ ហើយ​បង្ក្រាប​ផែនដី ហើយ​មាន​អំណាច … លើ​ជីវិត​ផង​ទាំងឡាយ​ដែល​កម្រើក​នៅ​ផែនដី​ផង » ។ នោះ​គឺ​ជា​ការចាប់ផ្តើម​នៃ​ដំណើរ​ជីវិត​រមែង​ស្លាប់​របស់​យើង​ជាមួយ​នឹង​ព្រះរាជ​បញ្ជា និង ពរជ័យ​ដ៏​ទេវភាព​នេះ ។ ព្រះវរបិតា​ដែល​ពេញ​ដោយ​ក្តី​ស្រឡាញ់ បាន​ប្រទាន​ដល់​យើង​នូវ​ព្រះរាជ​បញ្ជា និង ពរជ័យ​នេះ ដើម្បី​បង្កើត​កូនចៅ និង ចម្រើន​ជា​ច្រើន ហើយ​មាន​អំណាច ដូច្នេះ​យើង​អាច​អភិវឌ្ឍ​ខ្លួន និង ប្រែក្លាយ​កាន់តែ​ដូច​ទ្រង់ ។

បងប្អូន​ប្រុស​ស្រី​អើយ នា​រសៀល​នេះ ខ្ញុំ​សុំ​​សេចក្តី​ជំនឿ និង ការអធិស្ឋាន​របស់​អ្នក ពេល​ខ្ញុំ​ចែកចាយ​គំនិត​មួយ​ចំនួន​ជាមួយ​អ្នក​អំពី​លក្ខណៈ​គ្រឹះ​បី​នៃ​និស្ស័យ​នៃព្រះ​របស់​យើង ។ ខ្ញុំ​អធិស្ឋាន​ថា យើង​ទាំងអស់​គ្នា​អាច​ទទួល​ស្គាល់ និង បំពេញ​ទំនួល​ខុសត្រូវ​ដ៏​ពិសិដ្ឋ​​យើង​ឲ្យ​កាន់តែ​ពេញលេញ—គឺ​ជា​ព្រះរាជ​បញ្ជា​របស់​ព្រះវរបិតា​យើង— ដើម្បី​អភិវឌ្ឍ​និស្ស័យ​នៃព្រះ​របស់​យើង ដូច្នេះ​យើង​អាច​តម្រែ​តម្រង់​ដំណើរ​របស់​យើង​ឲ្យ​កាន់តែ​មាន​ជោគជ័យ ហើយ​ទទួល​បាន​នូវ​ជោគវាសនា​ដ៏​ទេវភាព​របស់​យើង ។

ទីមួយ ព្រះ​បាន​ចេញ​ព្រះរាជ​បញ្ជា​ឲ្យ​យើង​បង្កើត​កូន

ផ្នែក​មួយ​សំខាន់​នៃ​ការបង្កើត​កូន ដែល​ពេល​ខ្លះ​ត្រូវ​បាន​មើល​រំលង គឺ​ជា​ការ​នាំ​នគរ​របស់​ព្រះ​មក​លើ​ផែនដី​នេះ ។ ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​ថា ៖

« ខ្ញុំ​ជា​គល់ អ្នក​រាល់​គ្នា​ជា​ខ្នែង ៖ អ្នក​ណា​ដែល​នៅ​ជាប់​នឹង​ខ្ញុំ ហើយ​ខ្ញុំ​ជាប់​នឹង​អ្នក​នោះ នោះ​ទើប​នឹង​បង្កើត​ផល​ឡើង​ជា​ច្រើន ដ្បិត​បើ​ដាច់​ពី​ខ្ញុំ​ចេញ នោះ​អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​ធ្វើ​អ្វី​បាន​ទេ ។ …

« បើ​អ្នក​រាល់​គ្នា​នៅ​ជាប់​នឹង​ខ្ញុំ ហើយ​ពាក្យ​ខ្ញុំ​នៅ​ជាប់​ក្នុង​អ្នក​រាល់​គ្នា នោះ​ចូរ​សូម​អ្វី​តាម​តែ​ប្រាថ្នា​ចុះ សេចក្តី​នោះ​នឹង​បាន​សម្រេច​ដល់​អ្នក​រាល់​គ្នា​ជា​មិន​ខាន ។

« ព្រះវរបិតា​ខ្ញុំ​បាន​តម្កើង​ឡើង ដោយ​សេចក្តី​នេះ​ឯង គឺ​ដោយ​អ្នក​រាល់​គ្នា​បង្កើត​ផល​ជា​ច្រើន យ៉ាង​នោះ​អ្នក​រាល់​គ្នា​នឹង​ធ្វើ​ជា​សិស្ស​ខ្ញុំ​មែន ។

យើង​បានចម្រើនជាច្រើនឡើង នៅពេល​យើង​គោរព​តាម​ព្រះគ្រីស្ទ និង​នៅពេល​យើង « លើក​ដាក់ [ ព្រះនាមទ្រង់​មកលើ​ខ្លួន​យើង] រួច [ ហើយ ] … បម្រើ​ទ្រង់​ដល់ទីបំផុត » ដោយ​ការ​ជួយ​ដល់​អ្នក​ដទៃ​ឲ្យមក​រក​ទ្រង់ ។

នៅ​សម័យ​យើង​នេះ ព្យាការី និង សាវក​ដែល​កំពុង​រស់នៅ​បន្ត​ប្រកាស​អញ្ជើញ​យើង​ម្នាក់ៗ​ឲ្យ​ចុះ​ប្រឡូក​ក្នុង​កិច្ចការ​នៃ​សេចក្តី​សង្គ្រោះ​ឲ្យ​កាន់តែ​ពេញលេញ ស្រប​ទៅ​តាម សមត្ថភាព និង ឱកាស​នានា​របស់​យើង ។

ចំណុច​ផ្តើម​នៃ​ការឆ្លើយ​តប​ ដែល​ផ្តល់​ផលផ្លែ​ដ៏​ច្រើន​នោះ​គឺ « ស្លូតបូត ហើយ​សុភាពរាបសា » ។  នោះ​យើង​មក​រក​ព្រះគ្រីស្ទ​កាន់តែ​ពេញលេញ នៅពេល​យើង​ព្រម​ធ្វើ​តាម​សេចក្តី​ទូន្មាន​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ហើយ​រក្សា​សេចក្តី​សញ្ញា​ទាំងអស់​ដែល​យើង​បាន​ធ្វើ ។ យើង​អាច​ស្វែងរក និង ទទួល​បាន​អំណោយ​ទាន​នៃ​សេចក្តី​សប្បុរស ហើយ​មាន​អំណាច​ដើម្បី​អញ្ជើញ​ក្រុមគ្រួសារ​ផ្ទាល់​ខ្លួន ដូនតា និង សមាជិក និង ​អ្នក​ជិតខាង​ដែល​មិនមែន​ជា​សមាជិក និង មិត្តភក្ដិ​របស់​យើង​ឲ្យ​ទទួល​យក​ដំណឹង​ល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ។

ការធ្វើការ​ដោយ​ស្មារតី​នៃ​សេចក្តី​សប្បុរស​គឺ​មិនមែន​ជា​កាតព្វកិច្ច​នោះទេ តែ​វា​ជា​ក្តី​អំណរ​មួយ ។ ឧបសគ្គ​នានា​ក្លាយ​ជា​ឱកាស​ដើម្បី​ស្ថាបនា​សេចក្តី​ជំនឿ ។ យើង​ប្រែក្លាយ​ជា « សាក្សី​ដល់ [ សេចក្តី​ល្អ​នៃ ] ព្រះ គ្រប់ពេល និង​គ្រប់​សេចក្តី និង​គ្រប់​ទីកន្លែង​ដែល [ យើង ] ​នៅ ​រហូត​ដល់​ពេល​ស្លាប់ » ។

យើង​ម្នាក់ៗ​អាច និង​គួរតែ​ចុះ​ប្រឡូក​យ៉ាង​ពេញ​លេញ​ក្នុង​កិច្ចការ​នៃ​សេចក្តី​សង្គ្រោះ ។ ព្រះអង្គ​សង្គ្រោះ​បាន​ប្រទាន​ដល់​យើង​នូវ​ទំនួល​ខុស​ត្រូវ​ខាង​ក្រោម​នេះ​ជាមួយ​នឹង​ការសន្សា​មួយ ៖ « ខ្ញុំ​ទេ​តើ ដែល​រើស​អ្នក​រាល់​គ្នា​វិញ ទាំង​តាំង​អ្នក​រាល់​គ្នា​ឲ្យ​ទៅ​បង្កើត​ផល ហើយ​ឲ្យ​ផល​របស់​អ្នក​រាល់​គ្នា​បាន​នៅ​ជាប់​ផង ដើម្បី​ឲ្យ​ព្រះវរបិតា​បាន​ប្រោស​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា » ។

ទីពីរ ព្រះ​បាន​ចេញ​ព្រះរាជ​បញ្ជា​ឲ្យ​យើង​ចម្រើន​ជា​ច្រើន​ឡើង

រូប​កាយ​របស់​យើង​គឺ​ជា​ពរជ័យ​មួយ​មក​ពីព្រះ ។ យើង​ទទួល​រូបកាយ​របស់​យើង​សម្រាប់​គោលបំណង​នៃ​ការ​បំពេញ​កិច្ចការ​របស់​ព្រះវរបិតា​សួគ៌​​គឺ « ដើម្បី​នាំ​ឲ្យ​មាន​អមតភាព និង ជីវិត​ដ៏​នៅ​អស់លក្ប​ជានិច្ច​ដល់​មនុស្ស » ។ រូប​កាយ​នេះ​គឺ​ជា​មធ្យោបាយ​ដែល​យើង​អាច​ទទួល​បាន​នូវ​សក្តានុពល​ដ៏​ទេវភាព​របស់​យើង ។

រូបកាយ​នេះ​អាច​ឲ្យ​កូន​វិញ្ញាណ​ដែល​គោរព​ប្រតិបត្តិ​របស់​ព្រះវរបិតា​សួគ៌ ទទួល​បទពិសោធន៍​នៃ​ជីវិត​លើ​ផែនដី ។ ការបង្កើត​កូន​ផ្តល់​ឱកាស​ដល់​កូន​វិញ្ញាណ​ដទៃ​ទៀត​របស់​ព្រះ​រីករាយ​នឹង​ជីវិត​លើ​ផែនដី​ផងដែរ ។ មនុស្ស​ទាំងអស់​ដែល​កើត​មក​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ មាន​ឱកាស​ដើម្បី​រីកចម្រើន និង ត្រូវបាន​លើក​តម្កើង បើសិន​ពួកគេ​គោរព​តាម​ព្រះបញ្ញត្តិ​របស់​ព្រះ ។

ចំណង​អាពាហ៍​ពិពាហ៍​រវាង​បុរស​ម្នាក់ និង ស្ត្រី​ម្នាក់​គឺ​ជា​ច្បាប់​ដែល​ព្រះ​បាន​តែងតាំង​ឡើង​សម្រាប់​ការបំពេញ​តាម​ព្រះរាជបញ្ជា​ដើម្បី​ឲ្យ​ចម្រើន​ជា​ច្រើន​ឡើង ។ ទំនាក់ទំនង​ភេទ​ដូចគ្នា​មិន​ធ្វើ​ឲ្យ​ចម្រើន​ជា​ច្រើន​ឡើង​ឡើយ ។

អាពាហ៍ពិពាហ៍​ស្របច្បាប់ និង ពេញច្បាប់ ដែល​បាន​ផ្សារភ្ជាប់​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ និង ​សេចក្តី​សញ្ញា​នៃ​ការផ្សារភ្ជាប់​ត្រូវ​បាន​គោរព ដែល​ផ្តល់​ដល់​ឪពុក​ម្តាយ និង កូនចៅ​របស់​ខ្លួន​នូវ​ឱកាស​សម្រាប់​បទពិសោធន៍​ដ៏​មហិមា​នៃ​សេចក្តី​ស្រឡាញ់ និង ការរៀបចំ​សម្រាប់​ជីវិត​ដ៏​មាន​ផលផ្លែ ។ វា​ផ្តល់​ដល់​ពួកគេ​នូវ​បរិយាកាស​ដ៏​ឧត្តម​ដែល​ពួកគេ​អាច​រស់នៅ​តាម​សេចក្តី​សញ្ញា​របស់​ខ្លួន​ដែល​បាន​ធ្វើ​ជាមួយ​ព្រះ ។

ដោយសារ​តែ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់​ចំពោះ​យើង នោះ​ព្រះវរបិតា​សួគ៌​បាន​ប្រទាន​ថា អស់​ទាំង​កូន​ចៅ​ស្មោះត្រង់​របស់​ទ្រង់​ដែល​គ្មាន ឬ ពុំ​អាច​រីករាយ​នឹង​ពរជ័យ​នៃ​អាពាហ៍ពិពាហ៍​ក្នុង​សេចក្ដី​សញ្ញា និង កូន​ចៅ​ ឬ ភាព​ពោរពេញ​នៃ​ពរជ័យ​ទាំង​នោះ ដោយសារ​តែ​មិនមែន​ជា​កំហុស​របស់​ពួកគេ នោះ​នឹង​រីករាយ​ជាមួយ​នឹង​ពរជ័យ​ទាំង​នេះ​នៅ​ក្នុង​ពេល​កំណត់​មួយ​របស់​ព្រះអម្ចាស់ ។១០

ព្យាការី និង សាវក​ដែល​កំពុង​រស់​នៅ បាន​ទូន្មាន​ដល់​អស់​អ្នក​ដែល​មាន​ឱកាស​ចូលទៅ​ក្នុង​សេចក្តី​សញ្ញា​នៃ​អាពាហ៍ពិពាហ៍​អស់កល្ប​ជានិច្ច​ឲ្យ​បន្ត​នៅ​ក្នុង​ប្រាជ្ញា និង សេចក្តី​ជំនឿ ។ យើង​ពុំគួរ​ពន្យា​ពេល​នៃ​ថ្ងៃ​ដ៏​ពិសិដ្ឋ​នោះ ដោយសារ​តែ​ការចង់មាន​បាន​ខាង​លោកិយ ឬ ប្រកាន់​ការរំពឹង​របស់​យើង​សម្រាប់​តែ​ដៃគូ​ដែល​សមរម្យ​នៅ​ក្នុង​កម្រិត​មួយ​ដែល​ធ្វើ​ឲ្យ​បុគ្គល​ដទៃ​ទៀត​បែរ​ជា​មិន​សក្តិសម​នឹង​ខ្លួន​នោះឡើយ ។

សេចក្តីសន្យា​ដល់​អស់​អ្នក​ទាំងឡាយ​ណា​ដែល​បាន​ផ្សារភ្ជាប់​នៅក្នុង​សេចក្តី​សញ្ញា​នៃ​អាពាហ៍ពិពាហ៍​អស់កល្ប និង អ្នក​ដែល​បាន​បង្កើត​កូន​ តាម​រយៈ​ការ​រក្សា​នូវ​សេចក្តី​សញ្ញា​ខ្លួន​នោះ​គឺ​ថា មារសត្រូវ​នឹង​ពុំ​មាន​អំណាច​ដើម្បី​បំផ្លាញ​គ្រឹះ​នៃ​ភាពជា​ដៃគូ​អស់កល្ប​ជានិច្ច​របស់​ពួកគេ​ឡើយ ។

ទី​បី ព្រះ​ចេញ​ព្រះរាជបញ្ជា​ឲ្យ​យើង​បង្ក្រាប​ផែនដី

ដើម្បី​បង្កាប​ផែនដី និង​គ្រប់គ្រង​លើ​របស់​មានជីវិត​ទាំងអស់ គឺ​គ្រប់គ្រង​លើ​រឿង​ទាំងឡាយ​នេះ​ដើម្បី​បំពេញ​តាម​ព្រះទ័យ​របស់ព្រះ ១១នៅពេល​ពួកគេ​បម្រើ​គោលបំណង​នៃ​កូនចៅ​របស់ទ្រង់ ។ ការបង្ក្រាប រួម​មាន​ការ​ធ្វើ​ជា​ម្ចាស់​លើ​រូបកាយ​ផ្ទាល់​របស់​យើង ។១២ វា ពុំ រាប់បញ្ចូល​នូវ​​ការ​​ជា​ជន​រងគ្រោះ​ដែលគ្មាន​អ្វីសោះ ឬ ប្រើប្រាស់​អ្វីៗ​ទាំងនោះ​ផ្ទុយ​ពី​ព្រះឆន្ទៈ​ព្រះ​ឡើយ ។១៣

ការអភិវឌ្ឍន៍​សមត្ថភាព​ដើម្បី​បង្ក្រាប​អ្វីៗ​នៅ​លើ​ផែនដី​នេះ ចាប់​ផ្តើម​ជាមួយ​ការបន្ទាបខ្លួន​ដើម្បី​ទទួល​ស្គាល់​ភាព​ទន់ខ្សោយ​របស់​យើង​ក្នុង​នាម​ជា​មនុស្ស និង អំណាច​ដែល​ប្រទាន​ដល់​យើង​តាមរយៈ​ព្រះ​គ្រីស្ទ និង ដង្វាយធួន​របស់​ទ្រង់ ។ ដ្បិត « ព្រះគ្រីស្ទ​មាន​ព្រះ​បន្ទូល​ថា ៖ បើសិន​ជា​អ្នក​រាល់​គ្នា​មាន​សេចក្តី​ជំនឿ​ជឿ​ដល់​យើង នោះ​អ្នក​រាល់​គ្នា​នឹង​មាន​អំណាច ប្រយោជន៍​នឹង​ធ្វើ​នូវ​អ្វីៗ​ដែល​ជា​ការចាំ​បាច់​ដល់​យើង » ។១៤ អំណាច​នេះ​អាច​មាន​ដល់​ពួកយើង​នៅពេល​យើង​ជ្រើស​ធ្វើ​តាម​ព្រះបញ្ញត្តិ​ទ្រង់ ។ យើង​បង្កើន​សមត្ថភាព​របស់​យើង​ដោយ​ព្យាយាម​រក​អំណោយ​ទាន​នៃ​ព្រះវិញ្ញាណ ហើយ​ដោយ​ការអភិវ្ឍន៍​ទេពកោសល្យ​ខ្លួន ។

ខ្ញុំ​បាន​កើត​មក និង ត្រូវ​បាន​ចិញ្ចឹម​បីបាច់​នៅ​ក្នុង​ស្ថានភាព​គ្រួសារ​ខ្សត់ខ្សោយ ដែល​ដូច​ជា​ក្រុមគ្រួសារ​ជាច្រើន​ទៀត​នៅ​ប្រទេស​អាហ្វ្រិក​ដែរ ។ ខ្ញុំ​បាន​បង្កើន​សមត្ថភាព​ដើម្បី​យក​ឈ្នះ​លើ​ស្ថានភាព​ទាំង​នោះ ដោយ​ព្យាយាម និង​ទទួល​ការអប់រំ​ដ៏​ល្អ​មួយ​ដោយ​មាន​ជំនួយ​ពី​ឪពុក​ម្តាយ​ខ្ញុំ ។ ការ​បង្កើត​ទស្សនវិស័យ​អំពី​អ្វី​ដែល​ខ្ញុំ​អាច​ប្រែក្លាយ​គឺជា​ចំណុច​សំខាន់​ដើម្បី​ការរីក​ចម្រើន​របស់​ខ្ញុំ ។ ក្រោយ​មក ក្នុង​នាម​ជា​គូស្វាមី​ភរិយា​វ័យ​ក្មេង ភរិយា​ខ្ញុំ​ គ្លេឌី ​និង​ខ្ញុំ ​បានរកឃើញ​ដំណឹង​ល្អ​ដែល​បាន​ស្តារ​ឡើង​វិញ ដែល​បន្ត​ប្រទាន​ពរជ័យ​ដល់​ជីវិត​របស់​យើង​ជាមួយ​នឹង​ការ​ដឹកនាំ​ខាង​វិញ្ញាណ ។ ដូច​ជា​គ្រប់​ក្រុម​គ្រួសារ​ដែរ យើង​មាន​ការសាកល្បង និង ឧបសគ្គ​របស់​យើង ។ ប៉ុន្តែ ពេល​យើង​សម្លឹង​ទៅ​ព្រះអម្ចាស់​សម្រាប់​ជំនួយ នោះ​យើង​រក​ឃើញ​ចម្លើយ​ដែល​នាំ​ភាពសុខសាន្ត និង ភាពកក់ក្តៅ ហើយ​យើង​នឹង​មិន​ស្មុគស្មាញ​ដោយសារ​រឿង​ទាំង​នោះ​ឡើយ ។

ឧបគ្គស​នានា​ដែល​ប្រឈម​មុខ​នៅ​ក្នុង​សង្គម​មនុស្ស​សព្វថ្ងៃ​នេះ រួម​មាន ភាព​អសីលធម៌ ការណ៍​អាសគ្រាម សង្គ្រាម អំពើ​ពុក​រលួយ ថ្នាំ​ញៀន និង ​ភាពក្រីក្រ កើនឡើង​ដោយ​សារ​មនុស្ស​ជាច្រើន​នៅ​ក្នុង​ពិភព​លោក​នេះ​បាន​បែរ​ខ្លួន​គេ​ចេញ ទៅ​​ជ្រើសរើស « តាម​បំណង​នៃ​អារក្ស និង របស់​ខាងសាច់​ឈាម »១៥ ជាជាង​ធ្វើ​តាម​ព្រះឆន្ទៈ​របស់​ព្រះ ។ « ពួកគេ​ពុំ​ស្វែងរក​ព្រះអម្ចាស់​ដើម្បី​តាំង​សេចក្តី​សុចរិត​របស់​ទ្រង់​ឡើយ ប៉ុន្តែ​មនុស្ស​គ្រប់​រូប​ដើរ​តាម​ផ្លូវ​របស់​ខ្លួន​គេ​ផ្ទាល់ ហើយ​តាម​រូបភាព​នៃ​ព្រះ​របស់​ខ្លួន​គេ​ផ្ទាល់ដែល​មាន​រូបភាព​ដូច​ជា​រូបរាង​នៃ​លោកិយ » ។១៦

ទោះ​ជា​យ៉ាង​ណា ព្រះ​អញ្ជើញ កូនចៅ​ទ្រង់​ទាំងអស់ ឲ្យ​ទទួល​ជំនួយ​ពី​ទ្រង់​ដើម្បី​យក​ឈ្នះ និង ទប់ទល់​នឹង​ឧបគ្គស​នានា​នៃ​ជីវិត​នេះ​ជាមួយ​នឹង​ព្រះបន្ទូល​ទាំង​នេះថា ៖

« យើង​ជា​ព្រះ យើង​បាន​បង្កើត​លោកិយ និង មនុស្ស​លោក​មក មុន​ពេល​ពួកគេ​នៅ​ក្នុង​សាច់ឈាម្ល៉េះ ។

« … បើសិន​ជា​អ្នក​បែរ​មករក​យើង ហើយ​ប្រុង​ស្តាប់​តាម​សំឡេង​យើង ហើយ​​ជឿ ​ហើយ​ប្រែចិត្ត ពី​អស់​ទាំង​អំពើ​រំលង​របស់​អ្នក ហើយ​ទទួល​បុណ្យ​ជ្រមុជ​គឺ​ដោយ​ទឹក ដោយ​នូវ​ព្រះនាម​នៃ​ព្រះ​រាជ​បុត្រា​បង្កើត​តែ​មួយ​របស់​យើង… នោះ​អ្នក​នឹង​បាន​ទទួល​អំណោយ​ទាន​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ ដោយ​សូម​អ្វីៗ​ទាំង​ដោយ​នូវ​ព្រះនាម​ទ្រង់ ហើយ​អ្វីៗ​ក៏​ដោយ​ដែល​អ្នក​រាល់គ្នា​សុំ នោះ​នឹង​បាន​ប្រទាន​ដល់​អ្នក » ។១៧

ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ដ៏ស្មោះ​ត្រង់ ដែល​យល់​នូវ​សក្តានុពល​ដ៏​ទេវភាព​របស់​ខ្លួន​នេះ ហើយ​ពឹង​ផ្អែក​ដោយ​អស់​ពី​ចិត្ត​លើ​អំណាចដែល​បាន​មក​តាម​រយៈ​ដង្វាយធួន​នៃ​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ ត្រូវ​បាន​ពង្រឹង​នៅ​ក្នុង​និស្ស័យ​ដ៏​ទន់ខ្សោយ​របស់​ខ្លួន ហើយ « អាច​ធ្វើ​គ្រប់​ការណ៍​ទាំងអស់ » ។១៨ ពួកគេ​អាច​យក​ឈ្នះ​លើ​ការល្បួង​របស់​អារក្ស ​ដែល​បាន​ដាក់​មនុស្ស​ជា​ច្រើន​នៅ​ក្នុង​សេវកភាព​នៃ​មារសត្រូវ ។ ប៉ុល​បាន​បង្រៀន​ថា ៖

« ដ្បិត​ព្រះ​ទ្រង់​ក៏​ស្មោះត្រង់​ដែរ [ ហើយ ] ​មិន​ឲ្យ​កើត​មាន​សេចក្តី​ល្បួង​ហួស​កំឡាំង​អ្នក​រាល់​គ្នា​ឡើយ គឺ​នៅ​វេលា​ណា​ដែល​ត្រូវ​ល្បួង នោះ​ទ្រង់​ក៏​រៀប​ផ្លូវ​ឲ្យ​ចៀស​រួច ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​នឹង​ទ្រាំ​បាន » ។១៩

« ដ្បិត ​ដែល​ទ្រង់​បាន​រង​ទុក្ខ​លំបាក ទាំង​ត្រូវ​សេចក្តី​ល្បួង នោះ​ទ្រង់​ក៏​អាច​នឹង​ជួយ​ដល់​អស់​អ្នក ដែល​ត្រូវ​សេចក្តី​ល្បួង​បាន​ដែរ » ។២០

ព្រះវរបិតា​សួគ៌ បាន​ចេញ​ព្រះ​រាជ​បញ្ជា និង ប្រទាន​ពរ​ដល់​យើង​ឲ្យ​បង្កើត​កូន ឲ្យ​ចម្រើន​ជា​ច្រើន​ឡើង ហើយ​ត្រូវ​បង្ក្រាប​ផែនដី ដើម្បី​យើង​អាច​នឹង​ប្រែក្លាយ​ដូច​ជា​ទ្រង់ ។ ទ្រង់​បាន​ផ្តល់​ជំនួយ ដែល​យើង​ម្នាក់ៗ​អាច​ទទួល​បាន ស្រប​តាម​ការជ្រើសរើស​របស់​យើង​ម្នាក់ៗ ដើម្បី​ប្រែក្លាយ​ដូច​ជា​ទ្រង់ ។ ខ្ញុំ​អធិស្ឋាន​ថា យើង​ទាំងអស់​គ្នា​អាច​រស់នៅ​ក្នុង​របៀប​មួយ​ដែល​យើង​នឹងត្រូវដឹកនាំដោយ​ទស្សន​វិស័យ​នៃ​និស្ស័យ​នៃព្រះ​របស់​យើង ចាប់​យក​ឯកសិទ្ធិ​ដ៏​ទេវភាព​របស់​យើង​ទាំងអស់ ហើយ​បំពេញ​ជោគវាសនា​ដ៏​ទេវភាព​របស់​ខ្លួន ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​អំពី​ព្រះដ៏មានព្រះជន្មរស់ពិត ជាព្រះបិតា​ និង អំពី​ព្រះរាជុបុត្រា​សំណប់របស់ទ្រង់ ព្រះអង្គ​សង្គ្រោះ ព្រះយេស៊ូវ​គ្រីស្ទ​របស់យើង អំពី​ផែនការ​ដ៏រុងរឿង​នៃ​សុភមង្គល​ទ្រង់ និង​អំពីកូនសោ​ដែលទ្រង់​បាន​ប្រទាន​មក​ដល់ព្យាការី​នៅរស់​លើផែនដី​សព្វថ្ងៃ​នេះ ជា​ ថូម៉ាស  អេស ម៉នសុន ដែ​ល​យើង​ស្រឡាញ់ និង​គាំទ្រ ។ ខ្ញុំ​សូម​អធិស្ឋាន​ថា យើង​អាច​មាន​អំណាច ដើម្បី​បាន​រីករាយ​នឹង​ភាព​ពេញលេញ​នៃ​ពរជ័យ​ទាំងឡាយ​របស់​ទ្រង់ នៅ​ក្នុង​ព្រះ​នាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។