រំលង​ការ​រុករក​ចម្បង
មេសា 2015 | ពរជ័យទាំងឡាយនៃព្រះវិហារបរិសុទ្ធ

ពរជ័យទាំងឡាយនៃព្រះវិហារបរិសុទ្ធ

មេសា 2015 សន្និសីទ​ទូទៅ

សំឡេង ទាញ​យក Print Share close

នៅពេល​យើង​ចូលរួម​ក្នុង​ព្រះវិហារ​បរិសុទ្ធ នោះ​មាននូវ​ទំហំ​នៃជីវភាពខាងវិញ្ញាណ និង​អារម្មណ៍​សុខសាន្ដ​ដ៏​ធំមួយ ។

បងប្អូនប្រុសស្រី​ជាទីស្រឡាញ់ ខ្ញុំ​មានអំណរគុណណាស់​ដើម្បី​នៅ​ជាមួយ​អ្នក​នា​ព្រឹក​បុណ្យអ៊ីស្ទើរ​ដ៏​ស្រស់ស្អាត​នេះ ពេល​ដែល​គំនិត​របស់​យើង​បាន​ងាក​ទៅរក​ព្រះអង្គសង្គ្រោះ​នៃ​ពិភពលោក ។ ខ្ញុំ​សូម​ផ្ដល់​ក្ដីស្រឡាញ់ និង​ជំរាបសួរ​ដល់​បងប្អូន​ម្នាក់ៗ ហើយ​អធិស្ឋាន​សុំឲ្យ​ព្រះបិតាសួគ៌​របស់​យើង នឹង​បំផុស​ពាក្យ​ខ្ញុំ ។

សន្និសីទ​នេះ គូសចំណាំ​​​​រយៈពេល​ប្រាំពីរ​ឆ្នាំ ចាប់តាំង​ពី​ខ្ញុំ​ត្រូវ​បាន​គាំទ្រ​ជា​ប្រធាន​នៃ​សាសនាចក្រ ។ ឆ្នាំទាំង​នោះ​ជា​​ឆ្នាំ​ដ៏រវល់ ដែល​ពុំគ្រាន់តែ​មាន​នូវ​បញ្ហា​មួយចំនួន​ប៉ុណ្ណោះ​ទេ តែ​ក៏មាននូវ​ពរជ័យ​រាប់មិនអស់ផងដែរ ។ ពរជ័យ​ដ៏​អំណរ និងពិសិដ្ឋ​មួយ​នៃ​ពរជ័យ​ទាំងនោះ គឺ​ជា​ឪកាស​របស់ខ្ញុំ​ដើម្បី​ឧទ្ទិស​ឆ្លង និង​ឧទ្ទិស​ឆ្លងឡើងវិញ​នូវ​ព្រះវិហារបរិសុទ្ធ​ទាំងឡាយ ។

ថ្មីៗ​នេះ កាល​ពី​ខែ​វិច្ឆិកា​កន្លង​ទៅ វា​ជា​ឯកសិទ្ធិ​របស់ខ្ញុំ ដើម្បី​ឧទ្ទិស​ឆ្លង​ព្រះវិហារបរិសុទ្ធ​ ហ្វូនិក អារីស្សូណា ថ្មី​ដ៏​ស្រស់ស្អាត ។ ខ្ញុំ​មាន​ប្រធាន ឌៀថើរ  អេស្វ អុជដូហ្វ អែលឌើរ ដាល្លិន  អេក អូក អែលឌើរ រីឆាដ  ជេ ម៉េនេស្ស និង​អែលឌើរ លីន  ជី រ៉ូប៊ីន និង​អែលឌើរ ខេន  អែហ្វ រីឆាដ ​ចូលរួម​ជាមួយ ។ នៅ​ពីមុន​ល្ងាច​នៃ​ការឧទ្ទិស​ឆ្លង​នោះ មាន​ការប្រារព្ធ​ឡើង​នូវ​ពិធី​ខាង​វប្បធម៌​ដ៏​អស្ចារ្យ​មួយ​​​ដោយ​យុវវ័យ​ជាង ៤,០០០ នាក់​មកពី​មណ្ឌល​ព្រះវិហារបរិសុទ្ធ សម្ដែង​យ៉ា​ងស្រស់ស្អាត ។ នៅថ្ងៃ​បន្ទាប់ ព្រះវិហារបរិសុទ្ធ​ត្រូវ​បាន​ឧទ្ទិសឆ្លង​នៅក្នុង​សម័យ​ប្រជុំ​ដ៏​ពិសិដ្ឋ​ចំនួន​បី និង​ដ៏​បំផុសគំនិត ។

អគារ​ព្រះវិហារបរិសុទ្ធ គឺ​ត្រូវ​បាន​ចង្អុល​បង្ហាញ​យ៉ាង​ច្បាស់​លាស់​អំពី​ការ​រីកចម្រើន​នៃ​សាសនាចក្រ ។ ថ្មីៗ​នេះ យើង​មាន​ព្រះវិហារបរិសុទ្ធ​ចំនួន ១៤៤ កំពុង​ដំណើរ​ការ​នៅទូទាំងពិភពលោក ជាមួយ​និង​ព្រះវិហារ​បរិសុទ្ធ​ចំនួន ៥ ​កំពុង​ជួសជុល​ឡើងវិញ​ ហើយ​និង ១៣ ទៀត​កំពុង​សាងសង់ ។ បន្ថែម​ពី​លើ​នោះ ព្រះវិហារ​បរិសុទ្ធ​ចំនួន ១៣ ដែលបាន​ប្រកាស​កាលពី​លើក​មុន គឺ​កំពុង​ស្ថិត​នៅក្នុង​ដំណាក់កាល​​រៀបចំផ្សេងៗ​ ពីមុនការ​សាងសង់ចាប់​ផ្ដើម ។ ឆ្នាំ​នេះ យើង​បាន​ឧទ្ទិស​ឆ្លង​ព្រះវិហារបរិសុទ្ធ​ចំនួន ២ ​ឡើងវិញ ហើយ​និង​​ឧទ្ទិស​ឆ្លង​ព្រះវិហារបរិសុទ្ធ​ថ្មីចំនួន ៥ ​ទៀត ដែល​បាន​ដាក់កាលវិភាគ​សម្រាប់​ការ​បញ្ចប់ការសាងសង់​រួច​ហើយ ។​

សម្រាប់​កាលពីពីរ​ឆ្នាំ​មុន​ នៅពេល​យើងបាន​ផ្ដោត​កិច្ចខិតខំ​របស់​យើង​ទៅលើ​ការសាងសង់​បញ្ចប់ព្រះវិហារបរិសុទ្ធ​ដែលបាន​ប្រកាស​ពីមុនៗ យើង​បានផ្អាក​ផែនការ​សម្រាប់ការ​សង់ព្រះវិហារបរិសុទ្ធ​បន្ថែមទៀត ។ ទោះ​ជាយ៉ាងណា ព្រឹក​នេះ ខ្ញុំ​រីករាយ​យ៉ាង​ខ្លាំង​ដើម្បីប្រកាស​ថា មានព្រះវិហារបរិសុទ្ធ​បីទៀត ដែល​នឹង​សាងសង់​នៅ​ក្នុងទីតាំង​ដូច​ខាង​ក្រោម ៖ ទីក្រុង អាប៊ីយ៉ាន, ឈូង​សមុទ្រ​អាយវ៉ូរី; ទីក្រុង​ផត អូ ព្រីនស៍, ប្រទេស​ហៃទី; និងទីក្រុង បាំងកក ប្រទេស​ថៃ ។ នោះ​ជា​ពរជ័យ​ដ៏អស្ចារ្យ​ដែល​មាន​ក្នុង​ឃ្លាំង​សម្រាប់​ពួកបរិសុទ្ធ​ដ៏ស្មោះត្រង់​របស់​យើង នៅក្នុង​តំបន់​ទាំងនេះ និង​កន្លែង​ណា​ក៏ដោយដែល​មានព្រះវិហារបរិសុទ្ធ​នៅទូទាំង​ពិភពលោក ។

ដំណើរការ​នៃ​ការ​កំណត់ពី​តម្រូវការ និងការ​ស្វែងរក​ទីតាំង​សម្រាប់​ព្រះវិហារបរិសុទ្ធ​បន្ថែម​កំពុង​តែធ្វើ ដ្បិត​យើង​មានបំណង ចង់ឲ្យ​សមាជិក​ជាច្រើន​តាមដែលអាច​ធ្វើទៅបាន មានឱកាស​ដើម្បី​ចូលរួម​ក្នុង​ព្រះវិហារបរិសុទ្ធ​ដោយ​គ្មាន​ការពលិកម្ម​ពេលវេលា និង​ធនធាន​ច្រើន​ពេក ។ ដូច​ដែល​យើង​ធ្លាប់ធ្វើ​ពីមុនមក យើង​នឹង​បន្ដ​ជូនដំណឹង​ដល់​បងប្អូន នៅពេល​ការ​សម្រេចចិត្ត​ត្រូវ​បាន​ធ្វើឡើង​ទាក់ទង​នឹង​រឿង​នេះ ។

ពេលខ្ញុំ​គិត​អំពីព្រះវិហារបរិសុទ្ធ គំនិត​ខ្ញុំ​បាន​ងាក​ទៅរក​ពរជ័យ​ជាច្រើន​ដែល​យើង​ទទួល​នៅក្នុង​នោះ ។ នៅពេល​យើង​ចូលឆ្លង​កាត់​ទ្វារ​ទាំងឡាយក្នុងព្រះវិហារបរិសុទ្ធ នោះ​យើងបំភ្លេច​នូវ​ការ​រំខាន និង​ចលាចល​នៃ​លោកិយ​ ។ នៅខាង​ក្នុង​អគារ​ដ៏ពិសិដ្ឋ​នេះ យើង​រក​ឃើញ​នូវភាព​ស្រស់ស្អាត និង​របៀប​រៀបរយ ។ មានការ​សម្រាក​នៅក្នុង​ព្រលឹង​របស់យើង ហើយ​សម្រាល​ពីកង្វល់នៃ​​​ជីវិត​របស់​យើង ។

នៅពេល​យើង​ចូល​ក្នុង​ព្រះវិហារបរិសុទ្ធ នោះ​អាច​មានកម្រិត​នៃ​ជីវភាព​ខាងវិញ្ញាណ និង​អារម្មណ៍​សុខសាន្ដ ដែលនឹង​លើស​អស់អារម្មណ៍​ផ្សេងទៀត ​ដែល​អាច​នឹងកើត​មានក្នុង​ចិត្ត​មនុស្ស ។ យើង​នឹង​ក្រសោប​យក​ន័យពិត​នៃ​ព្រះបន្ទូល​របស់ព្រះអង្គសង្គ្រោះ ពេល​ទ្រង់មានបន្ទូលថា ៖ « ខ្ញុំ​ទុក​សេចក្ដី​សុខសាន្ត​នៅ​នឹង​អ្នករាល់​គ្នា គឺ​ខ្ញុំ​ឲ្យ​សេចក្ដី​សុខសាន្ត​របស់​ខ្ញុំ​ដល់​អ្នក​រាល់​គ្នា ។ …កុំ​ឲ្យ​ចិត្ត​អ្នក​រាល់​គ្នា​ថប់​បារម្ភ ឬ​ភ័យ​ឡើយ ។ »

ភាព​សុខសាន្ដ​ដូច្នេះ អាច​បំពេញ​គ្រប់ដួងចិត្ត-- ដួងចិត្ត​ដែល​មានបញ្ហា ដួងចិត្ត​ដែល​ផ្ទុក​ធ្ងន់​ដោយ​ភាព​សោកសៅ ដួងចិត្ត​ដែល​ច្របូកច្របល់ ដួងចិត្ត​ដែល​សុំរកជំនួយ ។

ថ្មីៗ​នេះ ខ្ញុំ​បាន​រៀន​ពីបទពិសោធន៍​ផ្ទាល់របស់​​យុវជន​ម្នាក់ ដែលបាន​ចូលរួម​ក្នុង​ព្រះវិហារបរិសុទ្ធ​ដោយ​ដួងចិត្ត​សុំ​រក​ជំនួយ ។ ជាច្រើន​ខែ​មុន គាត់បាន​ទទួល​ការហៅ​បម្រើបេសកកម្ម​នៅ​អាហ្រ្វិក​ខាង​ត្បូង ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ទិដ្ឋាការ​របស់គាត់ ត្រូវ​បាន​ពន្យាពេល​អស់រយៈពេល​យ៉ាង​យូរ ដែល​គាត់​ត្រូវ​បាន​ចាត់​សារជាថ្មី​ឲ្យ​ទៅ​បេសកកម្ម​នៅ​សហរដ្ឋ​អាមេរិក ។ ទោះ​ជា​គាត់​ខកចិត្ត ដែល​គាត់ពុំ​អាច​បម្រើ​នៅ​តំបន់​​ដែល​ហៅ​គាត់​ដំបូង​ក្ដី ក៏​គាត់​បានធ្វើ​ការ​យ៉ាង​ខ្លាំង​នៅក្នុង​ការ​ចាត់តាំង​ថ្មី​របស់គាត់ ដោយ​ប្ដេជ្ញា​បម្រើ​ឲ្យ​អស់ពី​លទ្ធភាព​របស់គាត់ ។ ទោះជាយ៉ាងណា​ក៏ដោយ​ គាត់​បាន​បាក់ទឹកចិត្ត ដោយ​សារ​បទពិសោធន៍​អវិជ្ជមាន ដែលគាត់មាន​ជាមួយ​នឹង​អ្នកផ្សព្វផ្សាយសាសនា ដែលចំពោះគាត់ ពួកគេ​ហាក់​ដូចជា​ចាប់អារម្មណ៍​ច្រើន​លើ​ការ​សប្បាយ​​ជាង​ការ​ចែកចាយដំណឹងល្អ ។

ប៉ុន្មានខែ​ក្រោយមក យុវជន​ម្នាក់នេះ មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ ដែល​ធ្វើ​ឲ្យគាត់ពុំ​អាច​កម្រើក​បាន​​មួយចំហៀង​ខ្លួន ដូច្នេះ​គាត់ត្រូវ​បាន​បញ្ជូន​ទៅផ្ទះ​ដើម្បីព្យាបាល ។

ជាច្រើនខែ​ក្រោយមក យុវជន​​នេះ​បាន​ព្យាបាល​ជាសះស្បើយទាំង​ស្រុង ។ គាត់​ត្រូវ​បានជូនដំណឹងថា គាត់​នឹង​អាច​បម្រើ​ម្ដងទៀត​បាន ជាពរជ័យ​មួយ​ដែលគាត់​បាន​អធិស្ឋាន​ប្រចាំ​ថ្ងៃ ។ ដំណឹង​ខក​ចិត្ត​គឺថា គាត់នឹង​ត្រឡប់ទៅ​បេសកកម្ម​ដដែល​ដែលគាត់​បាន​ចេញមកនោះ ជា​កន្លែង​ដែល​គាត់​ដឹង​ពី​ឥរិយាបទ និង​អាកប្បកិរិយា​របស់​អ្នកផ្សព្វផ្សាយសាសនា​មួយចំនួន​ពុំ​បាន​ធ្វើ​ដូច​ដែលពួកគេ​គួរ​ធ្វើនោះទេ ។

គាត់​បាន​ទៅ​ព្រះវិហារបរិសុទ្ធ ដើម្បី​ស្វែងរក​ការលួងលោមចិត្ត និង​ការ​បញ្ជាក់ ដែល​គាត់​អាច​មាន​បទពិសោធន៍​ល្អ ក្នុងនាមជា​អ្នកផ្សព្វផ្សាយសាសនា ។ ឪពុក​ម្ដាយ​របស់គាត់ ក៏បានអធិស្ឋាន​ផងដែរ​ថា សុំ​ឲ្យ​ការ​ទៅព្រះវិហារបរិសុទ្ធ​នេះ នឹង​ផ្ដល់​ជំនួយ​ដែលកូន​ប្រុសពួកគេ​ត្រូវការ ។

នៅពេល​យុវជន​បាន​ចូល​ទៅក្នុង​បន្ទប់​សេឡេស្ទាល បន្ទាប់ពី​ពិធី គាត់​អង្គុយនៅលើ​កៅអីមួយ ហើយបាន​ចាប់​ផ្ដើម​អធិស្ឋាន​សុំ​ការ​ណែនាំ​មកពី​ព្រះវរបិតាសួគ៌ ។

មាន​មនុស្ស​ម្នាក់ទៀត ដែល​ចូល​មកបន្ទប់​សេឡេស្ទាល បន្ដិច​ក្រោយ​មក​ គឺ​ជា​យុវជន​ម្នាក់ដែល​មានឈ្មោះ​ថា ឡាដុន ។ នៅពេល​គាត់​ដើរ​ចូល​ក្នុង​បន្ទប់​នោះ រំពេច​នោះ​គាត់​ក្រឡេកឃើញ​យុវជន​​ម្នាក់​កំពុង​អង្គុយ​លើ​កៅអី​បិទភ្នែកអធិស្ឋាន​ ។ ឡាដុន បាន​ទទួល​ការ​បំផុសគំនិត​ច្បាស់​ថា គាត់​គួរ​និយាយ​នឹង​យុវជន​នេះ​ ។ ទោះជាយ៉ាងណា ដោយពុំ​ហ៊ានរំខាន គាត់បាន​សម្រេច​ចិត្ត​ថា​រង់ចាំ ។ បន្ទាប់ពីប៉ុន្មាននាទី​បាន​កន្លង​ផុតទៅ យុវជន​នោះ​នៅតែ​អធិស្ឋាន ។ ឡាដុន បាន​ដឹង​ថា គាត់មិន​អាចបង្អាក់​ការ​បំផុស​គំនិត​​នៅ​យូរ​ជាងនេះ​ទៀត​ទេ ។ គាត់បាន​ដើរ​ទៅ​ជិត​យុវជន​នោះ ហើយ​បាន​ប៉ះស្មា​ថ្នមៗ ។ យុវជន​នោះ​បាន​បើក​ភ្នែក​ឡើង ហើយ​ភ្ញាក់​ផ្អើល​ដែល​មាន​ការរំខាន ។ ឡាដុន បាននិយាយ​ដោយ​ស្ងាត់ស្ងៀម​ថា « ខ្ញុំ​មានអារម្មណ៍​ថា ខ្ញុំ​ចាំបាច់​ត្រូវ​និយាយ​នឹង​អ្នក ទោះជា​ខ្ញុំ​ពុំដឹង​ថា​ហេតុអ្វី​ក៏ដោយ » ។

នៅពេល​ពួកគេ​ចាប់ផ្ដើម​សន្ទនា យុវជន​នោះ​បាន​និយាយ​អស់ពី​ចិត្ត​របស់គាត់​ប្រាប់ ឡាដុន ដោយពន្យល់​ពី​ស្ថានភាពគាត់ ហើយបញ្ចប់​ដោយ​មានបំណង​ទទួលនូវ​ការលួងលោម​ និង​ការលើក​ទឹកចិត្ត​មួយចំនួន​ទាក់ទង​នឹង​បេសកកម្ម​របស់គាត់ ។ ឡាដុន ដែល​បាន​ត្រឡប់មកពី​បេសកកម្ម​ដ៏ជោគជ័យ​មួយ​​កាលពីមួយឆ្នាំ​មុន បានប្រាប់​អំពី​បទពិសោធន៍​បេសកកម្ម​ផ្ទាល់ខ្លួន​គាត់ ប្រាប់អំពី​ឧបសគ្គ និង​កង្វល់ ដែល​គាត់​បានជួប និង​របៀប​ដែលគាត់​ងាកទៅរក​ព្រះអម្ចាស់​សុំ​ជំនួយ និង​ពរជ័យ​ដែលគាត់​បាន​ទទួល ។ ពាក្យ​របស់គាត់គឺ​ជាការ​លួងលោមចិត្ត និង​ការ​អះអាង ហើយ​ចិត្ត​ក្លៀវក្លា​ក្នុងការ​បម្រើ​បេសកកម្ម​របស់គាត់ ត្រូវ​បាន​ជះឥទ្ធិពល​ទៅយុវជន​នោះ ។ ទីបំផុត ការ​ភ័យខ្លាច​យុវជន​នោះបាន​រលប់​បាត់ នោះ​អារម្មណ៍​នៃភាព​សុខសាន្ដ​បាន​កើតមាន ។ គាត់​មានអារម្មណ៍​ដឹងគុណ​ដ៏​ជ្រាលជ្រៅ ពេល​គាត់​បានដឹង​ថា ការអធិស្ឋាន​របស់គាត់ត្រូវ​បាន​ឆ្លើយតប ។

យុវជន​ទាំងពីរ​នាក់នេះ បានអធិស្ឋាន​រួមគ្នា រួច​ហើយ ឡាដុន បាន​រៀបចំចេញទៅ ហើយរីករាយ​ដែល​គាត់បាន​ស្ដាប់​តាមការ​បំផុសគំនិត​ដែល​កើតមានចំពោះគាត់ ។ ពេល​គាត់​ក្រោកឈរ​ហៀបដើរទៅ យុវជន​នោះបាន​សួរ​ ឡាដុន ថា « តើ​អ្នកបម្រើ​នៅបេសកកម្ម​ណា ? » មក​ដល់ចំនុច​នេះ គ្មានពួកគេ​ណា​ម្នាក់​បាន​ប្រាប់​ដល់គ្នា​អំពី​ឈ្មោះ​បេសកកម្ម​ដែលពួកគេ​បានបម្រើ​នៅឡើយ​ទេ ។ ពេល​ ឡាដុន បាន​ប្រាប់​ពីឈ្មោះ​បេសកកម្ម​របស់គាត់ យុវជន​រូបនោះ​បាន​ស្រក់ទឹកភ្នែក ។ ឡាដុន បាន​បម្រើ​នៅក្នុង​បេសកកម្ម​ដែល​យុវជន​រូបនេះ នឹង​ត្រឡប់ទៅ​បម្រើ !

ក្នុង​សំបុត្រ​ថ្មីមួយ​មកកាន់ខ្ញុំ ឡាដុន បានចែកចាយ​នឹង​ខ្ញុំ​អំពី​ពាក្យ​សម្ដី​របស់យុវជន​នោះ​ប្រាប់គាត់​ថា ៖ « ខ្ញុំ​មានជំនឿ​ថា ព្រះវរបិតា​សួគ៌​នឹង​ប្រទានពរ​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​ពុំ​នឹក​ស្មាន​សោះ​ថា ទ្រង់​នឹង​បញ្ជូន​នរណា​ម្នាក់​ឲ្យមក​ជួយ​ខ្ញុំ ដែល​ធ្លាប់​បម្រើ​ក្នុង​បេសកកម្ម​របស់​ខ្ញុំ​ទេ ។​ ឥឡូវ​ ខ្ញុំ​ដឹង​ថា អ្វី​គ្រប់យ៉ាង​នឹង​ល្អ » ។ ការអធិស្ឋាន​ដោយរាបសារ​ពីដួងចិត្ត​ស្មោះ ត្រូវ​បាន​ស្ដាប់ឮ និង​ឆ្លើយតប ។

បងប្អូនប្រុសស្រី នៅក្នុងជីវិត​របស់យើង យើង​នឹង​មានការ​ល្បួង យើងនឹង​មានការសាកល្បង និងឧបសគ្គ​នានា ។ នៅពេលយើង​ទៅ​ព្រះវិហារបរិសុទ្ធ នៅពេល​ពេលយើង​ចងចាំ​សេចក្ដីសញ្ញា​ទាំងឡាយ ដែលយើងបានធ្វើនៅទីនោះ នោះ​យើង​នឹង​អាច​យកឈ្នះការល្បួង​ទាំងនោះ ហើយ​ទ្រាំទ្រ​នឹង​ការ​សាកល្បង​បានល្អប្រសើរ​ជាង ។ នៅក្នុង​ព្រះវិហារបរិសុទ្ធ យើង​អាច​រក​ឃើញ​ភាព​សុខសាន្ដ ។

ពរជ័យ​នៃ​ព្រះវិហារបរិសុទ្ធ គឺ​ពុំអាច​កាត់ថ្លៃបាន ។ ពរជ័យ​មួយ​ដែលខ្ញុំ​ដឹងគុណ​រាល់ថ្ងៃ​ក្នុងជីវិត​ខ្ញុំ គឺ​ភរិយា​ជាទីស្រឡាញ់​របស់ខ្ញុំ ហ្វ្រែនស៊ីស ហើយ​ខ្ញុំ​បាន​ទទួល ពេល​យើង​លុតជង្គង់​ចុះ​នៅ​ទីអាសនា​ដ៏ពិសិដ្ឋ​មួយ ហើយ​ធ្វើ​សេចក្ដីសញ្ញា​ចងភ្ជាប់នឹងគ្នា​សម្រាប់ភាពអស់កល្បជានិច្ច ។ គ្មានពរជ័យណា​មានតម្លៃជាង​សេចក្ដីសុខសាន្ដ និង​ការលួងលោម​ចិត្ត ដែលខ្ញុំ​បាន​ទទួលមកពី​ចំណេះដឹង ដែលខ្ញុំ​ដឹង​ថា នាង និង​ខ្ញុំ នឹង​នៅជាមួយគ្នា​ម្ដងទៀត​នោះទេ ។

សូម​ឲ្យ​ព្រះវរបិតាសួគ៌​របស់យើង ប្រទានពរ​ដល់យើង ដើម្បី​យើងអាច​មានវិញ្ញាណ​នៃ​ការ​ថ្វាយបង្គំ​ក្នុងព្រះវិហារបរិសុទ្ធ ដើម្បី​យើងអាច​គោរពប្រតិបត្តិ​ចំពោះបទបញ្ញត្តិ​របស់ទ្រង់ និង​ដើម្បី​យើង​អាច​ធ្វើតាម​ជំហាន​ទាំងឡាយ​នៃ​ព្រះអម្ចាស់ និង​ព្រះអង្គសង្គ្រោះ​ ព្រះយេស៊ូវ​គ្រីស្ទ ដោយប្រុងប្រយ័ត្ន ។ ខ្ញុំ​ធ្វើ​ទីបន្ទាល់​ថា ទ្រង់​គឺ​ជា​ព្រះប្រោសលោះ​របស់យើង ។ ទ្រង់​គឺ​ជា​​ព្រះរាជបុត្រា​នៃព្រះ ។ ទ្រង់​គឺ​ជា​អង្គ​ដែល​ចេញមកពី​ផ្នូរ នៅព្រឹក​អ៊ីស្ទើរ​ដំបូង ដែលនាំ​អំណោយ​នៃ​ជីវិត​ដ៏អស់កល្បជានិច្ច​របស់ទ្រង់​មក​ឲ្យ​កូនចៅ​ទាំងអស់​របស់ព្រះ ។ នៅ​ថ្ងៃ​ដ៏​ស្រស់​ស្អាត​នេះ ពេលយើង​ប្រារព្ធ​ព្រឹត្តការណ៍​ដ៏​សំខាន់នេះ ចូរ​យើង​ធ្វើ​ការ​អធិស្ឋាន​ដឹងគុណចំពោះ​អំណោយទាន​ដ៏​មហិមា និង​អស្ចារ្យ​ទាំងឡាយ​របស់​ទ្រង់មកកាន់យើង ។ សូមឲ្យ​ការ​នោះ​កើតមានដូច្នោះ ខ្ញុំអធិស្ឋាន​ដោយ​រាបសារ​នៅក្នុងព្រះនាម​ដ៏បរិសុទ្ធ​ទ្រង់ អាមែន ។

Right
បង្ហាញ​សេចក្ដី​យោងលាក់​សេចក្ដី​យោង

    កំណត់​ចំណាំ

    1. យ៉ូហាន ១៤:២៧។

    2. ការ​ឆ្លើយឆ្លង​នៅក្នុង​ការ​កាន់កាប់​របស់ថូម៉ាស អេស  ម៉នសុន ។