ឆ្នាំ ២០១០-២០១៩
អ្នក​ការពារ​សេចក្ដីប្រកាស
ខែ មេសា 2015


អ្នក​ការពារ​សេចក្ដីប្រកាស

ចូរ​យើងជួយ​ស្ថាបនា​នគរ​ព្រះ ដោយ​ឈរ​យ៉ាង​អង់អាច ហើយ​ជាអ្នកការពារ​ដល់​អាពាហ៍ពិពាហ៍ ភាព​ជា​ឪពុកម្ដាយ និង​គេហដ្ឋាន ។

ឱនេះ​ជា​ឯកសិទ្ធិ​ និងក្ដីអំណរ​ដែល​មានចំណែក​នៅក្នុង​ការ​ប្រជុំ​របស់​យុវនារី និង​ស្ត្រី​​ដ៏​អស្ចារ្យនេះ ។ យើង​មាន​ពរណាស់ ក្នុងនាមជា​ស្ត្រី ដែលបានចូលរួម​ជុំគ្នានា​ល្ងាច​នេះ​ដោយសាមគ្គីភាព និង​ក្ដីស្រឡាញ់ ។

រូបភាព
Old portrait of Marie Madeleine Cardon

ថ្មីៗ​នេះ ខ្ញុំ​បាន​អាន​រឿង​របស់ ម៉ារី មេឌើរលីន ខាដុន ដែល​បាន​ទទួល​សារលិខិត​នៃ​ដំណឹងល្អ​ដែលបាន​ស្ដារឡើងវិញ​របស់​​ព្រះយេស៊ូវ​គ្រីស្ទ​ជាមួយគ្រួសារ​គាត់ តាម​រយៈ​អ្នកផ្សព្វផ្សាយសាសនា​ដំបូងគេ ដែលបានហៅ​ឲ្យបម្រើ​នៅក្នុង​ប្រទេស​អ៊ីតាលី ក្នុង​ឆ្នាំ ១៨៥០ ។ គាត់ជា​យុវនារី​មានវ័យ ១៧ ឬ ១៨ ឆ្នាំ ពេល​ពួកគាត់​ទទួលបុណ្យជ្រមុជទឹក ។ នៅថ្ងៃ​អាទិត្យមួយ ពេលគ្រួសារ​​កំពុង​ធ្វើ​កម្មវិធី​ថ្វាយបង្គំ​នៅ​គេហដ្ឋាន​របស់ពួកគាត់​នៅលើភ្នំ​ខ្ពស់​នៃ​ប្រទេសអ៊ីតាលី ប៉ែក​ខាង​ជើង នោះមាន​មនុស្ស​កំណាច​មួយក្រុម​ដែល​ខឹង​ស្របា មានទាំងគ្រូ​គង្វាល​​ក្នុង​តំបន់មួយចំនួន បាន​មកផ្ដុំគ្នា​នៅជុំវិញ​ផ្ទះ រួច​ចាប់​ផ្ដើម​ស្រែកគំហកខ្លាំងៗ ហើយ​ហៅ​ឲ្យ​អ្នកផ្សព្វផ្សាយសាសនា​ឲ្យ​ចេញទៅក្រៅ​ផ្ទះ ។ ខ្ញុំ​មិនគិត​ថា ពួកគេ​អន្ទះសា​ចិត្ត​ទទួល​ការ​បង្រៀនដំណឹងល្អ​ទេ-- តែពួកគេ​មានបំណង​ចង់​ធ្វើ​បាប​ខាង​រូបកាយ ។ ក្មេងស្រី ម៉ារី បាន​ចេញទៅ​ក្រៅ​ផ្ទះ​ប្រឈម​នឹង​ពួកមនុស្ស​អាក្រក់ ។

ពួកគេ​បានបន្ដ​ស្រែកយ៉ាង​សាហាវ​ឲ្យ​យក​អ្នក​ផ្សព្វផ្សាយសាសនា​ចេញមក​ក្រៅ ។ ម៉ារី បាន​លើក​ព្រះគម្ពីរ​ប៊ីបឡើង ហើយ​បញ្ជា​ពួកគេ​ឲ្យ​ចេញ ។ នាង​​បាន​ប្រាប់​ពួកគេ​ថា ពួកអែលឌើរ គឺស្ថិត​នៅក្រោម​ការការពារ​របស់នាង ហើយ​ពួកគេ​ពុំអាច​ប៉ះពាល់​ដល់អ្នកផ្សាយសាសនា​មួយសរសៃ​សក់ឡើយ ។ សូម​ស្ដាប់​នូវ​ពាក្យ​របស់គាត់​ផ្ទាល់ ៖ « មនុស្ស​ទាំងអស់​ឈរស្រឡាំងកាំង ។  … ព្រះគង់នៅនឹង​ខ្ញុំ ។ ទ្រង់ឲ្យ​ខ្ញុំ​និយាយ បើមិនដូច្នោះ​ខ្ញុំ​ពុំអាច​និយាយ​បានទេ ។ មនុស្ស​ទាំងអស់​នៅ​ស្ងៀម​មួយរំពេច ។ មនុស្ស​សាហាវ​មាឌធំៗ​ទាំងនោះ​ឈរ​ទ្រឹង​នៅពីមុខ​ក្មេង​ស្រី​ទន់ខ្សោយ ភ័យញ័រ​ តែ​គ្មានភ័យ​ខ្លាច​នោះ » ។ គ្រូគង្វាល​បាន​សុំ​ឲ្យ​ពួក​មនុស្ស​អាក្រក់ចាកចេញ ដែល​ពួកគេ​បានចេញទៅដោយ​ស្ងាត់ស្ងៀម ដោយខ្មាស់អៀន ភ័យខ្លាច និងវិប្បដិសារី ។​ ក្រុមតូច​នោះ​បាន​បញ្ចប់ការ​ប្រជុំ​របស់ពួកគេ​ដោយ​សុខសាន្ដ ។1

តើអ្នក​អាច​នឹក​ស្មានដល់ទេ ដែល​យុវនារី​ក្លាហាន មានវ័យ​ស្របាល​អ្នក ឈរចំពោះមនុស្ស​អាក្រក់ ហើយការ​ពារ​ជំនឿ​ដែល​នាង​រកឃើញ​ថ្មីៗ​ដោយភាព​ក្លាហាន និង​ដោយ​ជំនឿចិត្ត​នោះ ?

បងប្អូន​ស្រីអើយ គ្នា​យើងមួយចំនួន​តូច​នឹង​មិន​ត្រូវ​ប្រឈម​មុខ​នឹង​មនុស្ស​កំណាច​ឡើយ ​ប៉ុន្តែ​មាន​សង្គ្រាម​មួយ ដែល​កំពុង​កើតមានក្នុង​ពិភពលោក​នេះ ដែល​គោលលទ្ធិ​គ្រឹះ និង​ដ៏​ល្អបំផុត​របស់យើង ត្រូវ​ស្ថិត​នៅក្រោម​ការ​វាយប្រហារ ។ ខ្ញុំ​និយាយ​ជា​ពិសេស​អំពី​គោលលទ្ធិ​នៃ​ក្រុមគ្រួសារ ។ ភាពបរិសុទ្ធ​នៃ​គេហដ្ឋាន និងគោលបំណង​សំខាន់​នៃគ្រួសារ ត្រូវ​បាន​គេ​ចោទ​ជាសំណួរ រិះគន់ ហើយ​បំពាន​តាមមគ្រប់វិធី ។

នៅពេល​ប្រធាន ហ្គរដុន  ​ប៊ី ហ៊ិងគ្លី អាន​ជាលើកដំបូង​នូវ « ក្រុមគ្រួសារ ៖ សេចក្ដីប្រកាស​ដល់ពិភពលោក » កាលពី​ ២០ ឆ្នាំ​មុន មកដល់ឆ្នាំ​នេះ យើង​មានអំណរគុណ ហើយ​ឲ្យតម្លៃ​ដល់​ភាពច្បាស់លាស់ ភាពងាយយល់ និង​ភាពពិត​នៃ​ឯកសារ​ដ៏ប្រកប​ដោយវិវរណៈ​នេះ ។ គ្រានោះ​យើង​ពុំសូវ​ដឹង​ពីសារៈសំខាន់​ថា​តើ​យើង​នឹង​ត្រូវការ​សេចក្ដីប្រកាស​ជាមូលដ្ឋាន​ទាំងនេះ​ ​នៅ​ក្នុង​ពិភព​លោក​សព្វថ្ងៃ​ធ្វើ​ជា​បទដ្ឋាន​ដែល​យើងអាច​​ប្រើ​ដើម្បីវិនិច្ឆ័យ​អំពី​ការបង្រៀន​របស់លោកិយ​នាពេល​សព្វថ្ងៃ​​ដែលបង្ហាញដល់​យើង​ មកពី​ប្រព័ន្ធ​ផ្សព្វផ្សាយ អ៊ិនធើរណិត អ្នកប្រាជ្ញ ទូរទស្សន៍ និង​ខ្សែភាពយន្ដ ព្រមទាំងនិតិពន្ធ​​​​ខ្លាំង​​យ៉ាងណានោះ​ទេ ។ សេចក្ដីប្រកាស​អំពីគ្រួសារ បាន​ក្លាយជា​បទដ្ឋាន​គោល​របស់យើង​ដើម្បី​វិនិច្ឆ័យ​អំពី​ទស្សនៈវិជ្ជា​របស់​ពិភពលោក ហើយ​ខ្ញុំ​ថ្លែង​ទីបន្ទាល់​ថា គោលការណ៍​ទាំងឡាយ​ត្រូវបាន​បង្កើត​ឡើង​នៅក្នុងរង្វង់​សេចក្ដីថ្លែងការណ៍​នេះ គឺ​ជាការពិត​នាសព្វថ្ងៃនេះ ក៏ដូច​ជា​វា​មាន​កាលពីមុន ពេល​វា​ត្រូវ​បាន​ផ្ដល់​ឲ្យ​យើង​ដោយព្យាការី​នៃ​ព្រះ​កាលពីជិត ២០ ឆ្នាំ​កន្លង​ទៅនោះ ។

អនុញ្ញា​ឲ្យខ្ញុំបង្ហាញ​នូវ​អ្វីមួយជាក់ស្ដែង​បានឬទេ ? ជីវិត​កម្ររ​នឹង​មានដំណើរ​ស្រប​តាម​ផែនការរបស់​មនុស្ស​គ្រប់រូប​ណាស់ ហើយ​យើង​បានដឹង​ជាមុន​ថា ពុំ​មែន​ស្ត្រី​គ្រប់រូប​កំពុងទទួល​បទពិសោធន៍​ដូចជា​អ្វី​ដែល​សេចក្ដីប្រកាស​បាន​ពិពណ៌នា​ទេ ។ វា​នៅតែសំខាន់​ដើម្បី​យល់ និង​បង្រៀន​ពីគំរូ​របស់ព្រះអម្ចាស់ ហើយ​ព្យាយាម​ដើម្បីទទួលបាន​នូវ​គំរូ​នោះ​ឲ្យ​ល្អបំផុត​តាមដែលយើងអាច​ធ្វើបាន ។​

យើង​ម្នាក់​ៗ​​មានចំណែក​ក្នុងផែនការ ហើយ​យើង​ម្នាក់ៗ​គឺ​មានតម្លៃ​ស្មើគ្នា​នៅក្នុង​ព្រះនេត្រ​របស់ព្រះអម្ចាស់ ។ យើងគួរ​តែ​ចងចាំ​ថា ព្រះវរបិតា​សួគ៌​ជាទីស្រឡាញ់ គឺ​ញាណ​ដឹងជាមុន​អំពីបំណង​ប្រាថ្នា​សុចរិត​របស់យើង ហើយ​នឹង​គោរព​តាមការ​សន្យា​របស់ទ្រង់ ដែលគ្មានអ្វី​នឹង​រារាំង​ពីពួកអ្នកដែល​រក្សា​សេចក្ដីសញ្ញា​ដោយស្មោះត្រង់​ឡើយ ។ ព្រះវរបិតា​​សួគ៌​មាន​បេសកកម្ម និង​ផែនការ​មួយ​សម្រាប់​យើង​ម្នាក់ៗ ប៉ុន្តែ​ទ្រង់​ក៏​មាន​ពេលវេលា​ទ្រង់​ផ្ទាល់ផងដែរ ។ ឧបសគ្គ​ដ៏លំបាក​បំផុត​មួយ​នៅក្នុង​ជីវិត​នេះ​គឺ ដើម្បី​មានជំនឿ​ទៅលើ​ពេលវេលា​របស់ទ្រង់ ។ វា​គឺ​ជា​គំនិត​ល្អ​ដើម្បីមាន​ផែនការ​ជម្រើស​ក្នុងចិត្ត ដែលជួយ​យើង​ឲ្យក្លាយជា​ស្ត្រី​ដែល​​រក្សា​​សេចក្ដីសញ្ញា សប្បុរស និងសុចរិត ដែលស្ថាបនា​នគរ​ព្រះ មិនថា​យើង​ជីវិត​យើង​នឹង​ទៅជាយ៉ាងណា​ទេ ។ យើង​ចាំបាច់​ត្រូវ​បង្រៀន​កូនស្រី​របស់យើង​ឲ្យ​ផ្ដោតទៅលើភាព​ឥតខ្ចោះ ប៉ុន្តែ​រៀបចំ​សម្រាប់ព្រឹត្តការណ៍​ដែលពុំ​រំពឹងទុក ។​

អំឡុង​ខួបលើក​ទី ២០ ឆ្នាំ នៃ​សេចក្ដីប្រកាស​អំពី​ក្រុមគ្រួសារ ខ្ញុំ​ចង់​ធ្វើ​ការ​សំណូមពរ​មួយ​សម្រាប់​យើង​ទាំងអស់គ្នា ជា​ស្ត្រី​នៃ​សាសនាចក្រ​ធ្វើជា​អ្នក​ការពារ « គ្រួសារ ៖ ការ​ប្រកាស​ដល់​ពិភព​លោក » ។ ដូចជា ម៉ារី មេឌើរលីន ខាដុន បាន​ការពារអ្នក​ផ្សព្វផ្សាយ​សាសនា និងជំនឿ​ដែល​រកឃើញ​ថ្មីៗ​របស់នាង​​​ដោយក្លាហាន យើងចាំបាច់​ត្រូវ​ការ​ពារ​គោលលទ្ធិ​ដែល​បាន​បើក​សម្ដែង​ដោយ​អង់អាច ដែលបាន​ពិពណ៌នា​អំពីអាពាហ៍ពិពាហ៍ ក្រុមគ្រួសារ តួនាទី​ដ៏ទេវភាព​របស់បុរស និង​ស្ត្រី និង​សារៈសំខាន់​នៃ​គេហដ្ឋាន ជា​កន្លែង​ពិសិដ្ឋ -- ទោះ​ជា​ពេលពិភពលោក​កំពុង​ស្រែក​ដាក់​​ត្រចៀកយើង​ថា គោលការណ៍​ទាំងនេះ​ បានហួស​សម័យ មានកម្រិត ឬ​ឈប់​ទាក់ទងហើយ ។ មនុស្ស​គ្រប់គ្នា​ មិន​ថា​មាន​ស្ថានភាព​អាពាហ៍ពិពាហ៍​យ៉ាងណា ឬ​មាន​កូនប៉ុន្មាន​ទេ អាច​ធ្វើជា​អ្នក​ការពារ​ផែនការ​របស់ព្រះអម្ចាស់ ដែលបានពិពណ៌នា​នៅក្នុង​សេចក្ដីប្រកាស​អំពីគ្រួសារ​បាន ។ បើ​វា​គឺជា​ផែនការ​របស់ព្រះអម្ចាស់ វា​គួ​រតែ​ជា​ផែនការ​របស់យើង​ដែរ !

មានគោលការណ៍​បី​យ៉ាង បាន​បង្រៀន​នៅក្នុង​សេចក្ដីប្រកាស ដែល​ខ្ញុំ​គិត​ថា គឺត្រូវការ​ជា​ពិសេសនូវ​​អ្នកការពារ​ដ៏​នឹងនរ ។ ដំបូង​គឺ​ជា​អាពាហ៍ពិពាហ៍​រវាង​បុរសម្នាក់ និង​ស្ត្រីម្នាក់ ។ យើងត្រូវ​បាន​បង្រៀន​នៅ​ក្នុង​បទគម្ពីរថា « ប៉ុន្តែ​ក្នុង​ព្រះអម្ចាស់ នោះ​បុរស​មិន​មែនជា​ឥត​ពឹង​អាស្រ័យ​ដល់ស្ត្រី​ឡើយ ហើយ​ស្ត្រី​ក៏​មិនមែន​ជា​ឥត​ពឹង​អាស្រ័យ​ដល់​ស្ត្រី​ឡើយ » ។  សម្រាប់​អ្នក​ដែល​ទទួល​ភាពពេញលេញ​នៃ​ពរជ័យ​បព្វជិតភាព គឺ​ច្បាស់​ជា​ស្វាមិ និងភរិយា ដែល​បានផ្សារភ្ជាប់​នៅក្នុង​ដំណាក់​នៃ​ព្រះអម្ចាស់ ធ្វើការរួមគ្នា​ក្នុង​សេចក្ដីសុចរិត ហើយ​បន្ដ​នៅស្មោះត្រង់​ចំពោះ​សេចក្ដីសញ្ញា ។ នេះគឺ​ជា​ផែនការ​របស់ព្រះអម្ចាស់​សម្រាប់កូនចៅ​ទ្រង់ ហើយគ្មាន​ការពិភាក្សា​ជា​សាធារណៈ​ណា ឬ​ការរិះគន់ណា នឹង​ផ្លាស់ប្ដូរ​នូវអ្វី​ដែលព្រះអម្ចាស់​បាន​​ប្រកាស​នោះ​ដែរ ។ យើង​ចាំបាច់ត្រូវ​បន្ដ​គំរូអាពាហ៍ពិពាហ៍​សុចរិត ស្វែងរក​ពរជ័យ​នោះ​ក្នុង​ជីវិត​របស់យើង ហើយមានជំនឿ បើ​វា​កម្រ​មក​ដល់ ។ ចូរ​យើង​ធ្វើ​ជា​អ្នក​ការពារ​អាពាហ៍ពិពាហ៍​ ដូច​ដែលព្រះអម្ចាស់​បាន​តែងតាំង​វាឡើង ដោយបន្ដ​បង្ហាញ​សេចក្ដីស្រឡាញ់ និង​មេត្តាករុណា​ដល់អ្នកទាំងឡាយ​ដែល​មានទស្សនៈខុស​ពីយើង ។

គោលការណ៍បន្ទាប់​ដែល​ត្រូវ​អំពាវ​នាវរក​ការពារ​របស់យើង គឺ​ការ​លើក​កម្ពស់​តួនាទី​ដ៏ទេវភាព​របស់ម្ដាយ និង​ឪពុក ។ យើងចង់​បង្រៀន​កូនៗ​របស់​យើង​ឲ្យ​ដាក់គោលដៅ​ខ្ពស់​ក្នុង​ជីវិត​នេះ ។ យើង​ចង់​ប្រាកដ​ថា កូនស្រី​របស់យើង​ដឹង​ថា ពួកគេ​មាន​សក្ដានុពល​ដើម្បី​សម្រេច និង​អាច​ក្លាយទៅ​ជា​មនុស្ស​ដែល​ពួកគេ​ស្រម៉ៃ​ចង់ប្រែ​ក្លាយ ។ យើង​សង្ឃឹម​ថា ពួកគេ​នឹង​ចូលចិត្ត​ការរៀនសូត្រ មាន​ការអប់រំខ្ពស់ មានទេពកោសល្យ ហើយ​អាច​នឹង​ស្នង ម៉ារី ខូរី ឬ អេលីស្សា អ. ស្នូ ។

តើ​យើង​បានបង្រៀន​បុត្រា​បុត្រី​របស់យើង​ថា គ្មានកិត្តយសណា​អស្ចារ្យ គ្មានឋានៈ​ណា​ខ្ពស់ ហើយ​គ្មានតួនាទី​ណា​សំខាន់​ជាង​តួនាទី​ជា​ម្ដាយ ឬជា​ឪពុក ក្នុង​ជីវិត​នេះដែរ​ឬទេ ? ខ្ញុំ​សង្ឃឹម​ថា នៅពេល​យើង​លើក​ទឹកចិត្ត​ដល់កូនចៅ​របស់យើង​ឲ្យ​ឈោង​ទៅជួយ​អស់ពីសមត្ថភាព​ក្នុងជីវិត​នេះ នោះ​យើង​​បង្រៀន​ពួកគេ​ដោយ​កិត្តិយស និង​តម្កើង​តួនាទី​ដែល​ម្ដាយ និង​ឪពុក​មាននៅក្នុង​ផែនការ​របស់ព្រះវរបិតាសួគ៌ផងដែរ​ ។

កូន​ស្រីពៅ​របស់យើង អាប៊ី មើលឃើញ​ឱកាស​ពិសេស​មួយ​ដើម្បី​ឈរ​ជាអ្នកការពារ​តួនាទី​ជាម្ដាយ ។ នៅថ្ងៃមួយ នាង​ទទួល​បាន​សំបុត្រ​ជូនដំណឹងមួយពី​សាលារៀន​កូនៗ​នាង ដែល​ពួកគេ​មាន​បទបង្ហាញ​​អំពី​អាជីព​នៅសាលារៀន ។ ឪពុក​ម្ដាយ​ត្រូវ​បានអញ្ជើញ​ឲ្យ​ដាក់​ពាក្យ​សុំ​មួយ បើ​ពួកគេ​ចង់​មក​សាលា​រៀន​ដើម្បីបង្រៀន​កុមារ​តូចៗ​អំពី​ការ​ងារ​របស់ពួកគេ ហើយ​ អាប៊ី ទទួលអារម្មណ៍​ឲ្យ​ដាក់ពាក្យ ហើយ​និយាយ​អំពី​យុទ្ធសាស្ត្រ ។ នាង​ពុំ​បាន​ឮដំណឹង​អ្វី​ពី​សាលារៀន​ទេ ហើយ​នៅពេល​ថ្ងៃ​សម្ដែង​នោះមកជិត​ដល់ ទីបំផុត​នាង​បាន​ទូរសព្ទ​ទៅសាលារៀន ដោយគិត​ថា​ពួកគេ​អាច​នឹង​បាត់​ពាក្យ​សុំ​របស់នាង​ហើយ ។ អ្នករៀបចំ​កម្មវិធី​បាន​រកឃើញ​ថា​ត្រូវដាក់ទៅថ្នាក់ណា ហើយ​ក៏​រក​បាន​គ្រូពីរ​រូប​ដែល​យល់​ព្រម​ឲ្យ អាប៊ី មក​ឡើងនិយាយ​នៅក្នុង​ថ្នាក់​របស់ពួកគេ​ពេលចុង​កម្មវិធី ។

នៅក្នុង​បទបង្ហាញ​ដ៏​សប្បាយ​ៗ​ដល់កុមារតូចៗ អាប៊ី បានបង្រៀន​ពួកគេ​ថា នៅក្នុងចំណោម​រឿង​ទាំងឡាយ ក្នុង​នាម​ជា​ម្ដាយ នាង​ចាំបាច់​ត្រូវ​មានជំនាញដូច​ជា ​ថ្នាំ​ពេទ្យ ចិត្ត​សាស្ត្រ សាសនា ការបង្រៀន តន្ត្រី អក្សរសាស្ត្រ គំនូ ហិរញ្ញវត្ថុ តុបតែង ធ្វើម៉ូតសក់ នាំ​កូនទៅសកម្មភាព កីឡា ចំអិនអាហារ និង​អ្វីៗ​ច្រើនទៀត ។ កុមារតូចៗ​ចាប់អារម្មណ៍ណាស់ ។ នាង​បាន​បញ្ចប់​ដោយការ​ឲ្យ​កុមារ ចងចាំ​ពីម្ដាយ​របស់ពួកគេ​ដោយការ​សរសេរ​សំបុត្រ​អរគុណ បង្ហាញពី​ការ​ដឹងគុណ​ចំពោះ​សកម្មភាព​បម្រើ​​ដោយក្ដីស្រឡាញ់​ជាច្រើន ដែលពួកគេ​បានទទួល​ប្រចាំ​ថ្ងៃ ។ អាប៊ី មានអារម្មណ៍​ថា កុមារតូចៗ មើលឃើញ​ម្ដាយពួកគេ​ក្នុង​ពន្លឺ​ថ្មី​មួយទាំងស្រុង ហើយ​ការ​ក្លាយជា​ម្ដាយ ឬ​ជា​ឪពុក​ម្នាក់ គឺ​ជា​អ្វីមួយ​ដ៏មានតម្លៃបំផុត ។ នាង​បាន​​ដាក់ពាក្យសុំ​ដើម្បីចែកចាយ​ម្ដង​ទៀត​ក្នុង​ឆ្នាំ​នេះនៅ​ ឃែរី ឌេ ហើយ​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចែកចាយ​ដល់សិស្ស​ប្រាំមួយថ្នាក់ ។

រូបភាព
Sister Oscarson's daughter, Abby, holding a portrait of her children

អាប៊ី បាន​និយាយពីបទពិសោធន៍​របស់​នាង​ថា ៖ « ខ្ញុំ​មានអារម្មណ៍​ថា​វាអាច​នឹង​​ងាយស្រួល​នៅក្នុងពិភពលោក​នេះ ចំពោះកុមារ​ម្នាក់​ទទួលដឹង​ថា ការ​ធ្វើ​ជា​ឪពុក​ម្ដាយ គឺ​ជា​ការ​ងារ​ទីពីរ ឬ​ពេលខ្លះ​មិន​ងាយ​ស្រួល​ទេ ។ ខ្ញុំ​ចង់​ឲ្យ​កុមារ​គ្រប់រូប​មានអារម្មណ៍ដូចជា​ពួកគេ​គឺ​ជាអាទិភាព​សំខាន់​បំផុត​ចំពោះ​ឪពុក​ម្ដាយ​របស់ពួកគេ ហើយ​ប្រហែលជា​​នឹង​ប្រាប់ពួកគេ​ថា ការ​ធ្វើជា​​ឪពុក​ម្ដាយសំខាន់​ប៉ុណ្ណា​ចំពោះខ្ញុំ នោះ​​នឹង​ជួយ​ពួកគេ​ដឹង​ថា​អ្វីៗគ្រប់យ៉ាង​ដែល​ឪពុក​ម្ដាយរបស់ពួកគេ​ធ្វើ គឺ​សម្រាប់​ពួកគេ និង​ហេតុអ្វី » ។4

ព្យាការី​ជាទីស្រឡាញ់របស់​យើង ប្រធាន ថូម៉ាស  អេស ម៉នសុន គឺ​ជា​គំរូ​នៃបុរស​ដែលគោរព​ស្ត្រី និង​ភាព​ជាម្ដាយ​ដ៏អស្ចារ្យ ជាពិសេស​ម្ដាយ​បង្កើត​របស់លោក ។ លោក​មានប្រសាសន៍ ​យោងទៅម្ដាយ​ខាង​សាច់ឈាម​របស់យើង​ថា ៖ « សូមឲ្យ​យើង​ម្នាក់ៗ​រក្សាសម្បត្តិ​នៃ​សេចក្ដីពិតនេះ ព្រោះ​គ្មាន​មនុស្ស​ណា​ភ្លេច​ពីម្ដាយ​របស់ខ្លួន ហើយ​ចងចាំ​ព្រះនោះទេ ។ ហើយ​គ្មានមនុស្ស​ម្នាក់ណា​ចងចាំ​ពីម្ដាយ​ខ្លួន ហើយភ្លេច​ព្រះ​នោះដែរ ។ ហេតុអ្វី ? ដោយ​សារ​មនុស្សពិសិដ្ឋ​ទាំងពីរ​រូបនេះ ព្រះ និង ម្ដាយ​ [ ខាង​សាច់ឈាម ] របស់យើង ជា​ដៃគូ​នឹងគ្នា​ក្នុងការ​បង្កបង្កើត នៅក្នុង​សេចក្ដីស្រឡាញ់ ការពលិកម្ម ការ​បម្រើ គឺ​រួម​គ្នា​តែមួយ » ។

គោលការណ៍​ចុង​ក្រោយ ដែល​យើងចាំបាច់ត្រូវ​ឈរការពារ គឺ​បរិសុទ្ធភាព​នៃ​គេហដ្ឋាន ។ យើងចាំបាច់​ត្រូវ​យកពាក្យមួយ ដែលពេលខ្លះ ត្រូវ​បាន​និយាយ​ដោយ​មានការ​សម្រេចចិត្ត និង​លើក​កម្ពស់ ។ វាជាពាក្យមេផ្ទះ ។ យើងទាំងអស់គ្នា— ជា​ស្ត្រី បុរស យុវវ័យ និងកុមារ​តូច អ្នកនៅលីវ និង​អ្នក​រៀបការ— អាច​ធ្វើការខិតខំ​ដើម្បីធ្វើជា​មេផ្ទះ ។ យើង​គួរ​តែ « ធ្វើ​ឲ្យ​គេហដ្ឋា​យើង » ជា​កន្លែងនៃ​របៀប​រៀបរយ ​ទីជ្រកកោន បរិសុទ្ធ និង​សុវត្ថិភាព ។ គេហដ្ឋាន​របស់យើង គួរ​តែ​ជា​កន្លែង​ដែលព្រះវិញ្ញាណនៃ​ព្រះអម្ចាស់ មាន​យ៉ាង​ច្រើនបរិបូរណ៌ ហើយ​ដែលបាន​សិក្សា បង្រៀន និង​រស់នៅតាម​​ព្រះគម្ពីរ និងដំណឹងល្អ ។ តើ​នឹង​មានភាពខុសគ្នា​យ៉ាងណានៅក្នុងពិភពលោក បើ​មនុស្ស​ទាំងអស់​មើលឃើញ​ខ្លួន​ថា​ជា​អ្នកត្រូវ​​​ធ្វើ​ឲ្យ​គេហដ្ឋាន​មានសុចរិតភាព​នោះ​ ។ ចូរ​យើងការពារ​គេហដ្ឋាន​ជាកន្លែងមួយ​ដែល​ស្ថិត​នៅលំដាប់ទីពីរ បន្ទាប់ពី​ព្រះវិហារបរិសុទ្ធ​នៅក្នុង​បរិសុទ្ធភាព ។

បងប្អូន​ស្រីអើយ ខ្ញុំ​មានអំណរគុណ​ដើម្បី​ក្លាយជា​ស្ត្រី​នៅក្នុង​ថ្ងៃចុង​ក្រោយ​នេះ​ណាស់ ។ យើងមាន​ឱកាស និងលទ្ធភាព​ជាច្រើន ដែល​គ្មានជំនាន់នៃ​ស្ត្រី​​ណា​ផ្សេងទៀត​មាន​ក្នុង​ពិភពលោកនេះ​ទេ ។ ចូរ​យើងជួយ​ស្ថាបនា​នគរ​ព្រះ ដោយ​ឈរ​យ៉ាង​អង់អាច ហើយ​ជាអ្នកការពារ​ដល់​អាពាហ៍ពិពាហ៍ ភាព​ជា​ឪពុកម្ដាយ និង​គេហដ្ឋាន ។ ព្រះអម្ចាស់​ត្រូវការ​យើង​ឲ្យ​ក្លាហាន នឹងនរ ហើយ​ជាអ្នកចម្បាំង​ដ៏​រឹងមាំ ដែលនឹង​ការពារ​ផែនការ​របស់ទ្រង់ ហើយ​បង្រៀន​ដល់ជំនាន់​ក្រោយៗ​អំពី​សេចក្ដីពិត​របស់ទ្រង់ ។

ខ្ញុំ​ថ្លែងជា​សាក្សី​ថា ព្រះវរបិតា​សួគ៌ មានព្រះជន្មរស់ ហើយ​ស្រឡាញ់​យើង​ម្នាក់ៗ ។ ព្រះរាជបុត្រា​ទ្រង់​ ​ព្រះយេស៊ូវ​គ្រីស្ទ គឺ​ជាព្រះ​​អង្គសង្គ្រោះ​ និងព្រះប្រោសលោះ​យើង ។ ខ្ញុំ​សូម​​បន្សល់​ទីបន្ទាល់​នេះនឹង​បងប្អូន ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។

កំណត់​ចំណាំ

  1. សូមមើល Marie Madeline Cardon Guild, “Marie Madeline Cardon Guild: An Autobiography,» cardonfamilies.org/Histories/MarieMadelineCardonGuild.html; see also Marie C. Guild autobiography, circa ១៩០៩, Church History Library, Salt Lake City, Utah ។

  2. កូរិនថូស​ទី ១ ១១:១១

  3. ថូម៉ាស  អេស ម៉នសុន « Behold Thy Mother, » Ensign, ខែ វិច្ឆិកា ឆ្នាំ ១៩៧៤, ៣២ ។