ឆ្នាំ ២០១០-២០១៩
ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​បន្ត​ការព្យាយាម​ជានិច្ច
ខែ មេសា 2015


ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​បន្ត​ការព្យាយាម​ជានិច្ច

នៅពេល​យើង​ព្យាយាម ស៊ូទ្រាំ និង​ជួយ​អ្នក​ដទៃ​ធ្វើ​ដូចគ្នា​នេះ យើង​គឺ​ជា​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ពិត ។

បងប្អូន​ប្រុស​ស្រី ក្នុង​ខែ ធ្នូ ឆ្នាំ ២០១៣ ពិភពលោក​បាន​កាន់​ទុក្ខ​មរណៈភាព​របស់ នែលសិន ម៉ានឌែឡា ។ បន្ទាប់​ពី ២៧ ឆ្នាំ នៃ​ការឃុំ​ខ្លួន​ដោយសារ​ចលនា​តស៊ូ​ប្រឆាំង​ការរើសអើង​ពណ៌​សម្បុរ ម៉ានឌែឡា ត្រូវ​បាន​គេ​បោះឆ្នោត​ជ្រើសតាំង​ដោយ​លទ្ធិ​ប្រជាធិបតេយ្យ​ឲ្យ​ធ្វើ​ជា​ប្រធានាធិបតី​នៅ​អាហ្វ្រិក​ខាង​ត្បូង ។ ការអភ័យទោស​គាត់​ចំពោះ​អ្នក​ដែល​បាន​ចាប់​គាត់​ឃុំ​ខ្លួន គឺ​អស្ចារ្យ​ណាស់ ។ គាត់​បាន​ទទួល​ការសរសើរ​ជា​សាកល ។ ជាញឹកញាប់ ម៉ានឌែឡា ពុំ​ទទួល​យក​ការសរសើរ​ដោយ​និយាយ​ថា « ខ្ញុំ​ពុំ​មែនជា​ពួក​បរិសុទ្ធ​ទេ—បើ​អ្នក​គិត​ដូច្នោះ នោះ​លុះត្រា​តែ​អ្នក​គិត​ថា​ពួកបរិសុទ្ធ គឺ​ជា​មនុស្ស​មាន​បាប​ដែល​បន្ដ​ធ្វើការ​ព្យាយាម » ។

សេចក្ដី​ថ្លែងការណ៍​នេះ--« ពួកបរិសុទ្ធ​គឺ​ជា​មនុស្ស​មាន​បាប​ដែល​បន្ដ​ធ្វើការ​ព្យាយាម » -- គួរ​តែ​លួងលោម និង​លើក​ទឹកចិត្ត​ដល់​សមាជិក​នៃ​សាសនាចក្រ ។ ទោះជា​យើង​បាន​ត្រូវបាន​ចាត់ទុក​ជា « ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ » ក្ដី ពេល​ខ្លះ យើង​រអៀស​ខ្លួន​នឹង​ឈ្មោះ​នេះ ។ ពាក្យ ពួកបរិសុទ្ធ គឺ​ត្រូវ​បាន​ប្រើ​ជា​ទូទៅ​ដើម្បី​សម្គាល់​អ្នក​ទាំងឡាយ​ដែល​បាន​សម្រេច​សភាព​លើក​កម្ពស់​នៃ​ភាព​បរិសុទ្ធ ឬ​ភាព​ឥតខ្ចោះ ។ ហើយ​យើង​ដឹង​យ៉ាង​ច្បាស់​ថា យើង​មិន​គ្រប់​លក្ខណ៍​ឡើយ ។

សាសនា​យើង​បង្រៀន​ថា យើង​អាច​គ្រប់​លក្ខណ៍​បាន​ដោយ​ប្រព្រឹត្ត​ដដែលៗ និង កើនឡើង​ជា​លំដាប់ « ដោយ​ពឹងផ្អែក​ទាំងស្រុង » លើ​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ​ដូចជា ៖ អនុវត្ត​ក្ដី​ជំនឿ​លើ​ទ្រង់ ប្រែចិត្ត ទទួល​ទាន​សាក្រាម៉ង់​រំឭក​សេចក្ដី​សញ្ញា រួម​ទាំង​ពរជ័យ​នៃ​បុណ្យ​ជ្រមុជ​ទឹក និង ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ​ជា​គូកន​ជានិច្ច​ក្នុង​កម្រិត​មួយ​កាន់​តែ​ខ្លាំង ។ ពេល​យើង​ធ្វើ​ដូច្នេះ យើង​ក្លាយ​កាន់តែ​ដូច​ព្រះគ្រីស្ទ ហើយ​អាច​កាន់ខ្ជាប់​ដល់​ចុង​បំផុត​ជាមួយ​នឹង​អ្វី​ទាំង​នោះ​ដែល​ចាំបាច់ ។ និយាយ​ឲ្យ​ស្រួល​ស្ដាប់​គឺ ព្រះ​យក​ព្រះទ័យ​ទុក​ដាក់​ខ្លាំង​ថា​តើ​យើង​ជា​នរណា ហើយ​យើង​នឹង​ក្លាយ​ជា​នរណា ច្រើន​ជាង​ថា​តើ​កាល​ពី​មុន​យើង​ជា​នរណា ។ ទ្រង់​យក​ព្រះទ័យ​ទុក​ដាក់ ថា​តើ​យើង​បន្ត​ការព្យាយាម​ដែរ​ឬ​ទេ ។

រឿង​កំប្លែង As You Like It, បាន​សរសេរ​ដោយ​​អ្នកនិពន្ធ​ជនជាតិ​អង់គ្លេស ឈ្មោះ William Shakespeare, ពិពណ៌នា​អំពី​ការផ្លាស់ប្ដូរ​យ៉ាង​ច្បាស់​នៅក្នុង​ជីវិត​របស់​តួអង្គ​មួយ ។ បងប្រុស​ម្នាក់​បាន​ព្យាយាម​ផ្ដាច់​ជីវិត​ប្អូន​ប្រុស​ខ្លួន ។ ទោះ​ជា​ប្អូន​ប្រុស​នោះ​ដឹង​ថា​យ៉ាង​នោះ​ក្ដី ក៏​គាត់​នៅ​តែ​ជួយ​ជីវិត​បងប្រុស​ទុរយស​ខ្លួន​ពី​សេចក្ដី​ស្លាប់​មួយ​ចំនួន​ដែរ ។ កាល​បងប្រុស​ដឹង​អំពី​ក្ដី​អាសូរ​ដែល​ខ្លួន​មិន​សម​នឹង​ទទួល​នេះ គាត់​បាន​ផ្លាស់ប្ដូរ​ទាំងស្រុង និង ជា​និរន្តរ៍ ហើយ​មាន​អ្វី​មួយ​ហៅ​ថា « ការប្រែ​ចិត្តជឿ » ។ ក្រោយ​មក មាន​នារី​ខ្លះ​មក​ជួប​បងប្រុស​រូបនោះ ហើយ​សួរ​ថា « តើ​មិនមែន​ជា​លោក​ទេ​ឬ ដែល​បាន​ព្យាយាម​ផ្ដាច់​ជីវិត [ ប្អូន​ប្រុស​ខ្លួន ] នោះ » ?

បងប្រុស​បាន​តបថា « គឺ​ខ្ញុំ​ហើយ តែ​ឥឡូវ​ពុំ​មែន​ជា​ខ្ញុំ​ទៀត​ទេ ៖ ខ្ញុំ​មិន​ខ្មាស់អៀន​ឡើយ ក្នុង​ការប្រាប់​អ្នក​នាង​ថា​ខ្ញុំ​ធ្លាប់​ជា​មនុស្ស​បែប​នោះ​មែន ព្រោះ​ការប្រែចិត្ត​ជឿ​របស់​ខ្ញុំ​ធ្វើ​ឲ្យ​ខ្ញុំ​រីករាយ​ឡើង ហើយ​ក្លាយ​ជា​មនុស្ស​ដូច​សព្វថ្ងៃ​នេះ » ។

សម្រាប់​យើង ដោយសារ​ក្ដី​មេត្តា​នៃ​ព្រះ និង ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ការផ្លាស់ប្ដូរ​នេះ​ពុំមែន​គ្រាន់តែ​ជា​ប្រលោមលោក​ប្រឌិត​នោះ​ទេ ។ ព្រះអម្ចាស់​បាន​ថ្លែង​តាម​រយៈ អេសេគាល ថា ៖

« ចំណែក​អំពើ​អាក្រក់​របស់​មនុស្ស​អាក្រក់​វិញ គេ​មិន​បាន​ដួល​ដោយ​ព្រោះ អំពើ​ទាំង​នោះ​ក្នុង​ថ្ងៃ​ដែល​បែរ​ចេញ​ពី​អំពើ​អាក្រក់​របស់​ខ្លួន​ទេ …

« … បើ​គេ​បែរចេញ​ពី​អំពើ​បាប​របស់​ខ្លួន​ទៅ​ប្រព្រឹត្ត​សេចក្ដី​ដែល​ទៀងត្រង់ ហើយ​ត្រឹមត្រូវ​វិញ

« … នឹង​ប្រគល់​របស់​បញ្ចាំ​ដល់​ម្ចាស់​វិញ ហើយ​ប្រគល់​របស់​ដែល​ខ្លួន​បាន​លួច​ទៅ​វិញ​ដែរ ព្រមទាំង​ដើរ​តាម​អស់ទាំង​ច្បាស់​នៃ​ជីវិត​នេះ ឥត​ប្រព្រឹត្ត​ទុច្ចរិត​ឡើង នោះ​គេ​នឹង​បាន​រស់នៅ​ជាពិត ។ …

« ដូច្នេះ​នឹង​គ្មាន​អ្នក​ណា​នឹកចាំ​ពី​អំពើ​បាប​ទាំង​ប៉ុន្មាន​ដែល​អ្នក​នោះ​បាន​ប្រព្រឹត្ត​ឲ្យ​ទាស់​នឹង​ខ្លួន​ទៀត​ឡើយ ដ្បិត​គេ​បាន​ប្រព្រឹត្ត​តាម​សេចក្ដី​ទៀងត្រង់​ត្រឹមត្រូវ​ហើយ គេ​នឹង​រស់នៅ​ជាពិត » ។

ទ្រង់​សន្យា​ដោយ​ក្ដី​មេត្តា​ថា​នឹង​អភ័យទោស នៅ​ពេល​យើង​ប្រែចិត្ត ហើយ​បែរ​ចេញ​ពី​អំពើ​ទុច្ចរិត—ដើម្បី​ឲ្យ​អំពើ​បាប​យើង​នឹង​មិន​ត្រូវ​នឹក​ចាំ​ទាស់​នឹង​យើង​ឡើយ ។ ចំពោះ​យើង ដោយសារ​ដង្វាយធួន​នៃ​ព្រះគ្រីស្ទ និង ការប្រែចិត្ត​យើង យើង​អាច​មើល​ទៅ​ទង្វើ​ពី​អតីត​យើង ហើយ​ពោល​ថា « គឺ​ខ្ញុំ​ហើយ តែ​ឥឡូវ​ពុំមែន​ជា​ខ្ញុំ​ទៀត​ទេ » ។ ទោះ​យើង​បាន​ប្រព្រឹត្ត​ទុច្ចរិត​យ៉ាង​ណា​ក្ដី យើង​ហ៊ាន​ពោល​ថា « ខ្ញុំ​បាន​ប្រព្រឹត្ត​មែន ។ ប៉ុន្តែ​មនុស្ស​អាក្រក់​ពី​អតីតកាល គឺពុំ​មែន​ជា​ខ្ញុំ​ទៀត​ទេ »

ប្រធាន ថូម៉ាស អេស ម៉នសុន បាន​បង្រៀន​ថា « អំណោយ​វិសេសវិសាល​បំផុត​ពី​ព្រះ​ចំពោះ​យើង គឺ​ក្ដី​អំណរ​ក្នុង​ការព្យាយាម​សារ​ជា​ថ្មី ដ្បិត​បរាជ័យ​នឹង​ត្រូវ​សាបសូន្យ​ទៅ » ។ ទោះ​ជា​យើង​ធ្លាប់​ជា​អ្នក​ប្រព្រឹត្ត​បាប​ដ៏​លិចលង់ ដោយ​មាន​ចេតនា ឬ បរាជ័យ និង ខកចិត្ត​ច្រើន​ដង​ក្ដី ក៏​នៅ​វិនាទី​ដែល​អ្នក​សម្រេច​ថា​ព្យាយាម​សារ​ជាថ្មី នោះ​ដង្វាយធួន​នៃ​ព្រះគ្រីស្ទ​អាច​ជួយ​យើង​បាន​ដែរ ។ យើង​ត្រូវ​ចាំ​ថា ​ព្រះវិញ្ញាណ​បរិសុទ្ធ​មិន​ប្រាប់​យើង​ថា យើង​ទៅ​ឆ្ងាយ​ហួស​ពេក​ហើយ បោះបង់​ចោល​ទៅនោះ​ទេ ។

ព្រះហឫទ័យ​ព្រះ គឺ​ចង់​ឲ្យ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ បន្ត​ការព្យាយាម​ជានិច្ច ថែមទាំង​យក​ឈ្នះ​លើ​អំពើ​បាប ។ ទោះជា​យើង​រងទុក្ខ​ដោយសារ​ទំនាក់ទំនង​ប្រេះឆា បញ្ហា​សេដ្ឋកិច្ច ឬ ជំងឺ ដោយសារ​លទ្ធផល​អំពើ​បាប​នៃ​ជន​ណា​មួយ​ក្ដី ក៏​ដង្វាយធួន​ឥត​ព្រំដែន​នៃ​ព្រះអង្គ​សង្គ្រោះ​អាច​ព្យាបាល​បាន—​​ប្រហែលជា​ពិសេស​—ព្យាបាល​អ្នក​ដែល​រងទុក្ខ​ដោយ​គ្មាន​ទោស​អ្វី​ទាល់​តែ​សោះនោះ​ ។ ទ្រង់​ព្រះ​តម្រិះ​យ៉ាង​ឥតខ្ចោះ ថា​ការរងទុក្ខ​ដោយ​គ្មាន​ទោស​ដោយ​ព្រោះ​អំពើ​រំលង​នៃ​ជន​ដទៃ​នោះ មាន​សភាព​យ៉ាង​ណា ។ ដូច​បាន​ព្យាករ ព្រះអង្គ​សង្គ្រោះ នឹង « ទៅ​រុំ​របួស​ដួងចិត្ត​ប្រេះឆា … ដើម្បី​ផ្ដល់ …សម្រស់​ដល់​ផេះផង់ ផ្ដល់​ប្រេង​នៃ​សេចក្ដី​អំណរ​សម្រាប់​ការ​ទួញ​យំ [ និង ] ​សំលៀក​បំពាក់​នៃ​ការ​សរសើរ​ចំពោះ​វិញ្ញាណ​ដែល​ធ្ងន់ជ្រប់ »  មិន​ថា​មាន​អ្វី​កើតឡើង ដោយ​មាន​ជំនួយ​របស់​ទ្រង់ ព្រះ​រំពឹង​ឲ្យ​ពួក​បរិសុទ្ធ​បន្ដ​ការ​ព្យាយាម ។

ដូចជា​ព្រះ​មាន​ព្រះទ័យ​រីករាយ​ នៅ​ពេល​យើង​តស៊ូ នោះ​ទ្រង់​ក៏​ខក​ព្រះទ័យ​ដែរ ​នៅ​ពេល​យើង​មិន​ទទួល​ស្គាល់​ថា​មនុស្ស​ដទៃ​ក៏​ព្យាយាម​ដែរ​នោះ។ មិត្ត​ជា​ទី​ស្រ​ឡាញ់​យើង​ឈ្មោះ ថូបា បាន​ចែកចាយ​ពី​របៀប​ដែល​នាង​បាន​រៀន​មេរៀន​នេះ​ពី​ម្ដាយ​នាង​គឺ ជូលៀ ។ ថូបា និង ជូលៀ ជា​សមាជិក​ក្នុង​ចំណោម​អ្នក​ប្រែចិត្ត​ជឿ​ស្បែក​ខ្មៅ​ដំបូង​គេ​នៅ​អាហ្វ្រិក​ខាង​ត្បូង ។ ក្រោយ​ពី​របប​រើសអើង​ពណ៌​សម្បុរ​បាន​បញ្ចប់ សមាជិក​សាសនាចក្រ​ទាំង​ស្បែក​ខ្មៅ និង ស្បែក​ស ត្រូវបាន​អនុញ្ញាត​ឲ្យ​ចូលរួម​ព្រះវិហារ​ជាមួយ​គ្នា ។ ចំពោះ​មនុស្ស​ជា​ច្រើន សមភាព​ក្នុង​ទំនាក់ទំនង​រវាង​ពូជសាសន៍​នានា មាន​សភាព​ថ្មីថ្មោង និង ជា​ឧបសគ្គ ។ គ្រា​មួយ នៅ​ពេល ជូលៀ និង ថូបា ចូលរួម​ព្រះវិហារ ពួកគេ​ទទួល​អារម្មណ៍​ថា​ត្រូវ​បាន​គេ​ប្រព្រឹត្ត​ដោយ​មិន​យកចិត្ត​ទុកដាក់​ដូច​សមាជិក​ស្បែក​ស​ឡើយ ។ កាល​ពួកគេ​ចេញ​ទៅ ថូបា បាន​ត្អូញត្អែរ​យ៉ាង​ខ្លាំង​ទៅ​ដល់​ម្ដាយ​នាង ។ ជូលៀ ស្ដាប់​ដោយ​ស្ងៀមស្ងាត់​រហូត​ដល់ ថូបា បាន​បញ្ចេញ​កំហឹង​របស់​នាង​អស់ ។ រួច ជូលៀ បាន​ពោល​ថា « ឱ កូន ថូបា សាសនាចក្រ​គឺ​ដូចជា​មន្ទីរពេទ្យ​ធំ​មួយ ហើយ​យើង​ទាំង​អស់​គ្នា​ជា​អ្នក​ជំងឺ​ផ្សេងៗ​គ្នា ។ យើង​ទៅ​ព្រះវិហារ​ដើម្បី​បាន​ជំនួយ » ។

ការឆ្លើយ​តប​របស់ ជូលៀ បាន​ផ្ដល់​ជា​ការយល់ដឹង​មួយ​ដ៏​មាន​តម្លៃ ។ យើង​មិន​ត្រឹមតែ​អើពើ​ពេល​មនុស្ស​ដទៃ​ព្យាយាម​កែខៃ​ភាព​អាក្រក់​ផ្ទាល់​ខ្លួនគេ​នោះ​ទេ យើង​ត្រូវតែ​មាន​ចិត្ត​ល្អ អត់ធ្មត់ ជ្រោមជ្រែង និង យោគយល់​ដែរ ។ ទន្ទឹម​នឹង​ព្រះ​ទ្រង់​លើក​ទឹកចិត្ត​យើង​ឲ្យ​បន្ត​ការព្យាយាម​ជានិច្ច នោះ​ទ្រង់​ក៏​រំពឹង​ឲ្យ​យើង​ម្នាក់ៗ ទុក​ឱកាស​ឲ្យ​មនុស្ស​ដទៃ​ធ្វើ​ដូចគ្នា​តាម​លទ្ធភាព​គេ​ដែរ ។ ដង្វាយធួន​នឹង​មាន​នៅ​ក្នុង​ជីវិត​យើង​កាន់តែ​ច្រើន ។ លំដាប់​នោះ យើង​នឹង​ដឹង​ថា ទោះ​ជា​មាន​ភាពខុសគ្នា​យ៉ាង​ណា​ក្ដី យើង​ទាំងអស់​គ្នា​សុទ្ធតែ​ត្រូវការ​ដង្វាយធួន​ឥតព្រំដែន ។

ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ យុវជន​ដ៏​ឆ្នើម​ម្នាក់​ឈ្មោះ ឃើធីស ត្រូវបាន​ហៅ​ឲ្យ​បម្រើ​បេសកកម្ម ។ គាត់​ជា​ប្រភេទ​អ្នក​ផ្សព្វផ្សាយ​សាសនា ដែល​ប្រធាន​បេសកកម្ម​គ្រប់​រូប​ប្រាថ្នា​ចង់​បាន ។ គាត់​ជា​មនុស្ស​យក​ចិត្ត​ទុក​ដាក់ ហើយ​ខិតខំ​ធ្វើការ ។ ដល់ពេល​មួយ​គាត់​បាន​ចាត់​ដៃគូ​ផ្សព្វផ្សាយសាសនា ដែល​ក្មេង​ខ្ចី ចម្លែកៗ ហើយ​ពុំ​មាន​ចិត្ត​ក្លៀវក្លា​អំពី​ការ​សម្រេច​កិច្ចការ ។

ថ្ងៃ​មួយ កាល​ពួកគេ​កំពុង​ជិះ​កង់ ឃើធីស បាន​ក្រឡេក​ក្រោយ ហើយ​ឃើញ​ដៃគូ​ខ្លួន​ចុះ​ពី​លើ​កង់ ហើយ​ដើរ ។ ឃើធីស ត្អូញត្អែរ​ទៅ​កាន់​ព្រះ​ក្នុង​ចិត្ត​ថា វា​ពិបាក​ណាស់​ដែល​ត្រូវ​បាន​ចាត់​ឲ្យ​បម្រើ​ជាមួយ​ដៃគូ​ដែល​ត្រូវការ​ទាញ​អូស​យ៉ាង​ខ្លាំង ដើម្បី​សម្រេច​បាន​កិច្ចការ​ណាមួយ​នោះ ។ បន្តិច​ក្រោយមក ឃើរធីស មាន​អារម្មណ៍​យ៉ាង​ជ្រាលជ្រៅ​ដូច​ព្រះ​មាន​បន្ទូល​ទៅ​កាន់​គាត់​ថា « អ្នក​ដឹង​ទេ ឃើធីស បើ​ប្រៀប​មក​យើង អ្នក​ទាំងពីរ​ពុំ​មាន​អ្វី​ខុស​គ្នា​ទាល់តែ​សោះ » ។ ឃើធីស បាន​ស្វែងយល់​ថា គាត់​ត្រូវ​អត់ធ្មត់​ជាមួយ​ដៃគូ​មិន​គ្រប់​លក្ខណ៍ ដែល​យ៉ាង​ណា​ក៏​ដោយ គាត់​បាន​ព្យាយាម​តាម​របៀប​គាត់​ហើយ​នោះ ។

ការអញ្ជើញ​របស់​ខ្ញុំ​ចំពោះ​យើង​ទាំងអស់​គ្នា គឺ​ត្រូវ​វាយតម្លៃ​ជីវិត​ខ្លួន​យើង ប្រែចិត្ត ហើយ​បន្ត​ការព្យាយាម​ជានិច្ច ។ បើ​យើងមិនព្យាយាម យើង​គ្រាន់​តែ​​អ្នក​មាន​បាប​ថ្ងៃ​ចុង​ក្រោយ បើ​យើង​មិន​ស៊ូទ្រាំ យើង​គឺជា​ចុះចាញ់​ថ្ងៃ​ចុង​ក្រោយ ហើយ​បើ​យើង​មិន​អនុញ្ញាត​ឲ្យ​អ្នកដទៃ​សាកល្បង នោះ​យើង​គឺ​ជា​អ្នក​លាក់ពុត​ថ្ងៃ​ចុង​ក្រោយ​តែ​ប៉ុណ្ណោះ ។១០ នៅពេល​យើង​ព្យាយាម ស៊ូទ្រាំ និង​ជួយ​អ្នក​ដទៃ​ឲ្យ​ធ្វើ​ដូចគ្នា​នេះ នោះ​យើង​គឺ​ជា​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ពិត ។ នៅពេល​យើង​ផ្លាស់ប្ដូរ យើង​នឹង​រក​ឃើញ​ថា​ព្រះ​ពិត​ជា​យក​ព្រះទ័យ​ទុកដាក់​នឹង​យើង​ជា​នរណា​ពេលនេះ ​ផ្ដោត​លើ​ការ​ប្រែក្លាយ​របស់​យើង ច្រើន​​ជាង​​អតីតកាល​របស់​យើង ។១១

ខ្ញុំ​មាន​អំណរគុ​ណ​ដ៏​ជ្រាលជ្រៅ​ចំពោះ​ព្រះអង្គ​សង្គ្រោះ ដង្វាយធួន​ដ៏​និរន្ដរ៍​របស់​ទ្រង់ និង​ព្យាការី​ថ្ងៃ​ចុងក្រោយ ដែល​លើក​ទឹកចិត្ត​យើង​ឲ្យ​ធ្វើជា​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ដើម្បី​បន្ដ​ព្យាយាម ។១២ ខ្ញុំ​ធ្វើ​ជាសាក្សី​អំពី​ការ​មានព្រះជន្ម​រស់ពិត​របស់​ព្រះអង្គ​សង្គ្រោះ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។

កំណត់​សម្គាល់

  1. សូមមើល Rolihlahla Mandela, Long Walk to Freedom (ឆ្នាំ ១៩៩៤ ); « Biography of Nelson Mandela, » nelsonmandela.org/content/page/biography; and President Barack Obama’s ថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ២០១៣, eulogy for Nelson Mandela, at whitehouse.gov/the-press-office/២០១៣/១២/១០/remarks-president-obama-memorial-service-former-south-african-president-. ភាពទីទៃ​ពី​គ្នា​នៃ​ពានរង្វាន់​គឺ​ត្រូវ​បាន​បង្ហាញ​ដោយ ម៉ានឌែឡា ដែល​បាន​ទទួល​ពានរង្វាន់​ណូប៊ែល ដែល​ជា​មេដាយ​សេរីភាព​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក និង សហព័ន្ធ​សូវៀត ឡេនិន ។

  2. សូមមើល​ឧទាហរណ៍ សេចក្ដីថ្លែងការណ៍​របស់ Nelson Mandela នៅ​វិទ្យាស្ថាន​ដុតនំ​របស់​សាកលវិទ្យាល័យ​អង្ករ នៅ​ថ្ងៃទី ២៦ ខែ​តុលា ឆ្នាំ ១៩៩៩, bakerinstitute.org/events/1221 ។ គាត់​ទំរង​ជា​ថាឡើងវិញ​នូវ​សេចក្ដី​ថ្លែង​ដ៏ល្អ​ល្បាញ​មួយ ដែល​ចង្អុលទៅ Robert Louis Stevenson ៖ « ពួកបរិសុទ្ធ​គឺជា​មនុស្ស​មាន​បាប​ដែល​បន្ត​ព្យាយាម​កែប្រែ » ។ អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ មាន​មនុស្ស​ជាច្រើន​បញ្ចេញ​យោបល់​ស្រដៀង​គ្នា​នេះ​ដែរ ។ ឧទាហរណ៍ Confucius ត្រូវ​បាន​សរសើរ​ដោយការ​និយាយថា « សិរីល្អ​ដ៏​មហិមា​បំផុត​របស់​យើង ពុំ​ផ្អែក​លើ​ការ​ធ្លាក់ចុះ​នោះទេ ប៉ុន្តែ​ផ្ដោត​លើ​ការ​ក្រោកឡើង​នៅគ្រប់ពេល​ដែល​យើងធ្លាក់ចុះ » ។

  3. សូមមើល​ឧទាហរណ៍, នីហ្វៃទី ២ ៣១:២–២១; នីហ្វៃ​ទី ៣ ១១:២៣–៣១; ២៧:១៣–២១; មរ៉ូណៃ ៦:៦; គោលលទ្ធិ និង សេចក្តី​សញ្ញា ២០:៧៧, ៧៩; ៥៩:៨–៩; ក្បួនខ្នាត​ភាគ ២ ៖ ការគ្រប់គ្រង​សាសនាចក្រ ( ឆ្នាំ ២០១០ ) ចំណុច ២.១.២ )។

  4. ការ​និយាយ​ថាព្រះ​យកព្រះទ័យទុកដាក់​នឹង​យើងជានរណា​ ហើយ​ថា​​យើង​​ប្រែក្លាយ​ទៅ​ជា​យ៉ាង​ណា ជាជាង​​អតីតកាល​យើង ពុំ​មែន​មានន័យ​ថា ព្រះអង្គ​សង្គ្រោះ​បដិសេធ​នឹង​ផល​នៃ​អំពើបាប​របស់​មនុស្ស​ម្នាក់ៗ​ទៅលើ​អ្នកដទៃ​នោះ​ទេ ។ តាម​ពិត​ទៅ ព្រះអង្គសង្គ្រោះ​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​បុគ្គល​ដែល​រង​របួស សេចក្ដី​ឈឺចាប់ និង ដួងចិត្ត​ខ្ទេចខ្ទាំ​ដោយសារតែ​អំពើ​រំលង​នៃ​បុគ្គល​ម្នាក់​ទៀត ។ ព្រះអង្គ​សង្គ្រោះ « នឹង​ដាក់​លើ​រូប​អង្គ​ទ្រង់​នូវ​ជំងឺ​ឈឺចាប់ [ របស់​រាស្ត្រ​ទ្រង់ ] ដើម្បី​ឲ្យ​ព្រះហឫទ័យ​ទ្រង់​បាន​ពោរពេញ​ទៅ​ដោយ​សេចក្ដី​មេត្តា​ករុណា… ដើម្បី​ទ្រង់​អាច​ដឹង​ស្រប​តាម​សាច់ឈាម​ថា តើ​ត្រូវ​ជួយ​រាស្ត្រ​ទ្រង់​បែបណា​តាម​ជំងឺ​របស់​គេ » (អាលម៉ា ៧:១២) ។

  5. William Shakespeare, As You Like It, ឈុត 4, ឆាកទី ៣, បន្ទាត់ទី ១៣៤–៣៧។

  6. អេសេគាល ៣៣:១២,១៤–១៦

  7. ការ​ប្រើ​បច្ចុប្បន្នកាល​ក្នុង​កិរិយាសព្ទ គឺ​កត់ចំណាំ​នៅក្នុង​បទគម្ពីរជាច្រើន ទាក់ទង​នឹង​ការ​ជំនុំជំរះ​ចុង​ក្រោយ ។ សូមមើល​ឧទាហរណ៍ នីហ្វៃ​ទី ២ ៩:១៦; មរមន ៩:១៤; គោលលទ្ធិ និង សេចក្តី​សញ្ញា ៥៨:៤២–៤៣ ។

  8. ថូម៉ាស អេ ម៉នសុន «Hopeless Dawn—Joyful Morning,» Ensign, ខែ​ឧសភា ឆ្នាំ ១៩៨៧,ទំព័រ ៦៨ ។

  9. អេសាយ ៦១:១-៣ ; សូម​មើលផងដែរ លូកា ៤:១៦-២១

  10. លាក់ពុត ដូច​បាន​ប្រើ​នៅក្នុង​គម្ពីរ​សញ្ញា​ថ្មី អាច​ត្រូវ​បាន​បក​ប្រែ​ចេញមកពី​ភាសា​ក្រិចថា « អ្នក​ធ្វើពើ » « ពាក្យ​ក្រិច​មានន័យថា ‘អ្នក​សម្ដែង,’ ឬ ‘មនុស្ស​ម្នាក់​ដែល​ធ្វើ​ជា​សម្ដែង ឬ​ពន្លើសផ្នែកមួយ’» (ម៉ាថាយ ៦:២, លេខយោង ) ។ បើ​យើង​មិន​ផ្ដល់​ឱកាស​មនុស្ស​ដទៃ​ផ្លាស់ប្ដូរ​ទៅ​តាម​លទ្ធភាព​ខ្លួន​ទេ​នោះ យើង​កំពុង​តែ​ធ្វើ​ពុត​ជា​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ហើយ ។

  11. សូម​មើល លេខ​យោង ៤ ខាង​លើ ។

  12. មានច្រើនដង​ដែលវគ្គ​គម្ពីរ​នេះ​លេចឡើង​នៅក្នុង​ទេសនកថា​នៃ​គណៈប្រធានទីមួយ​ និង​ កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ គឺ​ខុស​ប្រក្រតី ។ ប្រធាន ឌៀថើរ  អេស្វ អុជដូហ្វ បាន​ថ្លែង​ចំនុចនេះ​ថា « ក្នុងគ្រប់​គោលការណ៍​ទាំងអស់ បានបង្រៀន​ដោយ​ពួកព្យាការី​អស់​រាប់​សតវត្សរ៍​មក មានគោលការណ៍​មួយ​ដែល​បាន​គូសបញ្ជាក់ឡើងវិញ​ដដែលៗ គឺជា​សារលិខិត​ផ្ដល់ក្ដីសង្ឃឹម និង​ការ​ស្វាគមន៍ ដែល​មនុស្ស​អាច​ប្រែចិត្ត ផ្លាស់ប្ដូរ​ទិសដៅ និង​ត្រឡប់ទៅ​លើ​ផ្លូវ​នៃភាពជាសិស្ស​ពិត » ( « ​You Can Do It Now!”Ensign Liahona, ខែ វិច្ឆិកា ឆ្នាំ ២០១៣, ៥៦ ) ។