ឆ្នាំ ២០១០-២០១៩
បព្វជិតភាព និង ការអធិស្ឋាន​ផ្ទាល់​ខ្លួន
ខែ មេសា 2015


បព្វជិតភាព និង ការអធិស្ឋាន​ផ្ទាល់​ខ្លួន

ព្រះ​អាច​ប្រទាន​អំណាច​ដល់​យើង​នៅក្នុង​បព្វជិតភាព សម្រាប់​កាលៈទេសៈ​អ្វី​ក៏​ដោយ​ដែល​យើង​អាច​ជួប ។ វា​តម្រូវ​យ៉ាង​សាមញ្ញ​ថា យើង​ត្រូវ​ទូល​សុំ​ដោយ​រាបសា ។

ខ្ញុំ​មាន​អំណរគុណ​សម្រាប់​ការទុក​ព្រះទ័យ​ពី​ព្រះ ដើម្បី​និយាយ​ទៅ​កាន់​អ្នក​កាន់​បព្វជិតភាព​របស់​ព្រះ​នៅ​លើ​ផែនដី​ទាំង​មូល​នេះ ។ ខ្ញុំ​ទទួល​អារម្មណ៍​ពី​ទំនួល​ខុសត្រូវ​នេះ ដោយសារ​ខ្ញុំ​ដឹង​ពី អ្វី​ដែល​ព្រះអម្ចាស់​ទុក​ព្រះទ័យ​លើ​បងប្អូន​ទាំងអស់​គ្នា ។ ពេល​បងប្អូន​ទទួល​បព្វជិតភាព នោះ​បងប្អូន​ទទួល​នូវ​សិទ្ធិ​ដើម្បី និយាយ និង ប្រព្រឹត្ត​នៅ​ក្នុង​ព្រះនាម​ព្រះ ។

សិទ្ធិ​នោះ​នឹង​បាន​មក​យ៉ាង​ពិត នៅ​ពេល​បងប្អូន​ទទួល​ការបំផុស​គំនិត​ពី​ព្រះ​តែ​ប៉ុណ្ណោះ ។ បន្ទាប់​នោះ​បងប្អូន​នឹង​អាច​និយាយ​ដោយ​នូវ​ក្នុង​ព្រះនាម​ទ្រង់ ។ រួច​ទើប​បងប្អូន​អាច​ប្រព្រឹត្ត​នៅក្នុង​ព្រះនាម​ទ្រង់​បាន ។ បងប្អូន​អាច​គិត​ខុស​ថា « អូ៎ រឿង​នោះ​មិន​ពិបាក​ទេ ។ ខ្ញុំ​អាច​ទទួល​ការបំផុស​គំនិត​បាន បើសិន​គេ​សុំ​ខ្ញុំ​ឲ្យ​ឡើង​និយាយ ឬ បើសិន​គេ​ត្រូវការ​ខ្ញុំ​ផ្តល់​ការប្រសិទ្ធពរ​បព្វជិតភាព​មួយ » ។ ឬ ឌីកុន ឬ គ្រូ​វ័យ​ក្មេង​អាច​គិត​ស្រួលៗ​ថា « ពេល​ខ្ញុំ​ធំ​ជាង​នេះ ឬ​ពេល​ខ្ញុំ​ត្រូវ​បាន​ហៅ​បម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា ពេលនោះ​ខ្ញុំ​នឹង​ដឹង​ពី​អ្វី​ដែល​ព្រះ​ចង់​មាន​បន្ទូល និង អ្វី​ដែល​ព្រះ​ចង់​ធ្វើ » ។

ប៉ុន្តែ សូម​គិត​ពី​ថ្ងៃ​ដែល​បងប្អូន​ត្រូវតែ​ដឹង​ថា តើ​អ្វី​ដែល​ព្រះ​ចង់​មាន​បន្ទូល ហើយ​អ្វី​ដែល​ទ្រង់​ចង់​ធ្វើ​នោះ ។ ការណ៍​នេះ​បាន​កើតឡើង​ចំពោះ​យើង​គ្រប់គ្នា​ហើយ—​មិន​ថា​បងប្អូន​មាន​ការហៅ​បម្រើ​អ្វី​នៅ​ក្នុង​បព្វជិតភាព​បងប្អូន​ឡើយ ។ ខ្ញុំ​បាន​ធំ​ឡើង​នៅ​ក្នុង​តំបន់​បេសកកម្ម​ក្នុង​សហរដ្ឋ​អាមេរិក​ភាគ​ខាង​កើត អំឡុង​សង្គ្រាម​លោក​លើ​ទី ២ ។ សមាជិក​រស់​នៅ​ឆ្ងាយៗ ហើយ​មាន​ច្បាប់​ទិញ​សាំង​កំណត់​លីត្រ ។ ខ្ញុំ​គឺ​ជា​ឌីកុន​តែ​ម្នាក់​ឯង​គត់​នៅ​ក្នុង​សាខា​នោះ ។ សមាជិក​បាន​ប្រគល់​ស្រោម​សំបុត្រ​ដង្វាយ​តម​អាហារ​របស់​ខ្លួន​ដល់​ប្រធាន​សាខា ពេល​ពួកគេ​មក​ការប្រជុំ​តមអាហារ ហើយ​ថ្លែង​ទីបន្ទាល់​នៅ​ក្នុង​ផ្ទះ​របស់​យើង ។

កាល​ខ្ញុំ​អាយុ ១៣ ឆ្នាំ នោះ​យើង​បាន​ផ្លាស់​ផ្ទះ​ទៅ​រដ្ឋ យូថាហ៍ ហើយ​រស់នៅ​ក្នុង​វួដ​ធំ​មួយ ។ ខ្ញុំ​ចាំ​ពី​ការចាត់តាំង​ដំបូង​របស់​ខ្ញុំ ឲ្យ​ដើរ​តាម​ផ្ទះ ហើយ​ប្រមូល​ដង្វាយ​តម​អាហារ ។ ខ្ញុំ​បាន​មើល​ឈ្មោះ​លើ​ស្រោម​សំបុត្រ​មួយ ហើយ​ស្គាល់​គោត្តនាម​នោះ គឺ​វា​ដូច​ទៅ​នឹង​គោត្តនាម​របស់​សាក្សី​ម្នាក់​នៃ​សាក្សី​បី​នាក់​នៃ​ព្រះគម្ពីរ​មរមន ។ ខ្ញុំ​បាន​គោះ​ទ្វារ​ដោយ​មាន​ទំនុកចិត្ត ។ បុរស​ម្នាក់​បាន​បើក​ទ្វារ សម្លឹង​មើល​ខ្ញុំ ដោយ​ទឹកមុខ​ក្រញ៉ូវ ហើយ​ស្រែក​ទាំង​ខឹង​ដេញ​ខ្ញុំ​ចេញ ។ ខ្ញុំ​បាន​ដើរ​ចេញ​ទាំង​ខក​ចិត្ត ។

រឿង​នោះ​កើតឡើង​ជិត​ ៧០ ឆ្នាំ​មក​ហើយ ប៉ុន្តែ​ខ្ញុំ​នៅ​តែ​ចាំ​ពី​អារម្មណ៍​ដែល​ខ្ញុំ​មាននៅផ្ទះនោះ​ថ្ងៃ​នោះ​ថា ​មាន​អ្វី​មួយ​ដែល​ខ្ញុំ​គិត​ថា ត្រូវតែ​និយាយ ឬ​ធ្វើ ។ បើសិន​ខ្ញុំ​គ្រាន់តែ​អធិស្ឋាន​ដោយ​សេចក្តីជំនឿ ពេល​ខ្ញុំ​ទៅ​ប្រមូល​ដង្វាយ​នៅ​ថ្ងៃ​នោះ ខ្ញុំ​អាច​ត្រូវ​បាន​បំផុស​គំនិត​ឲ្យ​ឈរ​នៅ​មាត់​ទ្វារ​នោះ​បាន​យូរ​បន្តិច​ជាង​នោះ​ ដោយ​ញញឹម ហើយ​និយាយ​ពាក្យ​ដូច​ជា ៖ « ខ្ញុំ​សប្បាយ​ចិត្ត​ដែល​បាន​ជួប​លោក ។ សូម​អរគុណ​សម្រាប់​អ្វីៗ​ដែល​លោក និង គ្រួសារ​បាន​ធ្វើ​កន្លង​មក ។ ខ្ញុំ​ចាំ​មើល​លោក​ត្រឡប់​មក​វិញ​ម្ដង​ទៀត​នៅ​ខែ​ក្រោយ » ។

បើសិន​ខ្ញុំ​បាន​និយាយ ហើយ​ធ្វើ​បែប​នោះ នោះ​គាត់​អាច​ខឹង និង អន់​ចិត្ត​កាន់តែ​ខ្លាំង ។ ប៉ុន្តែ ឥឡូវ​នេះ​ខ្ញុំ​ដឹង​ថា​ខ្ញុំ​បាន​មាន​អារម្មណ៍​ដូចម្ដេច​ហើយ ។ ផ្ទុយ​ពី​អារម្មណ៍​ទុក្ខ​ព្រួយ នៅពេល​ខ្ញុំ​ដើរ​ចេញ នោះ​ខ្ញុំ​អាច​មាន​អារម្មណ៍​ស្រទន់​ដែល​អរឡើង​ក្នុង​គំនិត និង ចិត្ត​ខ្ញុំ​ថា ៖ « ប្រពៃ​ហើយ » ។

យើង​ម្នាក់ៗ​ត្រូវតែ​និយាយ និង ប្រព្រឹត្តនៅ​ក្នុង​ព្រះនាម​ព្រះ ព្រោះ​ការវិនិច្ឆ័យ​ផ្ទាល់​ខ្លួន​វា​មិនគ្រប់គ្រាន់​ឡើយ គឺ​ត្រូវការ​ការបំផុស​គំនិត ។ ឱកាស​ទាំង​នោះ​អាច​កើត​មាន​ចំពោះ​យើង​ដែល​ធ្វើ​ឲ្យ​យើង​គ្មាន​ពេល​ត្រៀម​ទុក​ឡើយ ។ ការណ៍​នេះ​បាន​កើត​ឡើង​ជា​ញយៗ​ចំពោះ​ខ្ញុំ ។ វា​បាន​កើតឡើង​ជា​ច្រើន​ឆ្នាំ​មក​ហើយ នៅ​ក្នុង​មន្ទីរពេទ្យ​មួយ​ដែល​មាន​ឪពុក​ម្នាក់​បាន​និយាយ​ថា វេជ្ជបណ្ឌិត​បាន​ប្រាប់​គាត់​ថា កូន​ស្រី​អាយុ​បីឆ្នាំ​ដែល​មាន​របួស​ធ្ងន់​របស់​គាត់ នឹង​ស្លាប់​ឆាប់ៗ​នេះ ។ នៅពេល​ខ្ញុំ​ដាក់​ដៃ​ខ្ញុំ​លើ​ក្បាល​នាង​ត្រង់​កន្លែង​ដែល​អត់​បិទ​បង់​រុំ​របួស ក្នុង​នាម​ជា​អ្នក​បម្រើ​ព្រះ នោះ​ខ្ញុំ​ត្រូវតែ​ដឹង​ពី​អ្វី​ដែល​ទ្រង់​មាន​ព្រះទ័យ​ចង់​ធ្វើ និង និយាយ ។

ពាក្យ​នោះ​បាន​មក​ក្នុង​ចិត្ត​ខ្ញុំ ហើយ​បបូរ​មាត់​ខ្ញុំ​បាន​និយាយ​ថា​ នាង​នឹង​រស់ ។ វេជ្ជបណ្ឌិត​ឈរ​នៅ​ក្បែរ​នោះ​ បាន​ដក​ដង្ហើម​ធំ​ដោយ​ជិន​ឬក​នឹង​ខ្ញុំ ហើយ​សុំ​ឲ្យ​ខ្ញុំ​ចេញ​ពី​ទី​នោះ ។ ខ្ញុំ​បាន​ដើរ​ចេញ​ពី​បន្ទប់​មន្ទីរពេទ្យ​ទាំង​អារម្មណ៍​សុខសាន្ត និង ​ក្តី​ស្រឡាញ់ ។ ក្មេង​ស្រី​តូច​នោះ​បាន​រស់ ហើយ​ដើរ​ទៅ​ការប្រជុំ​សាក្រាម៉ង់​នៅ​ថ្ងៃ​ចុង​ក្រោយ​ដែល​ខ្ញុំ​នៅ​ក្នុង​ទីក្រុង​នោះ ។ ខ្ញុំ​នៅ​ចាំ​ក្តីអំណរ និង ភាព​ស្កប់ស្កល់​ចិត្ត ដែល​ខ្ញុំ​បាន​មាន​ពី​អ្វី​ដែល​ខ្ញុំ​បាន​និយាយ និង បាន​ធ្វើ​នៅ​ក្នុង​ការបម្រើ​របស់​ព្រះអម្ចាស់ សម្រាប់​ក្មេង​ស្រី​តូច​នោះ និង គ្រួសារ​នាង ។

ភាពខុស​គ្នា​នៃ​អារម្មណ៍​ខ្ញុំ​ពេល​នោះ​នៅ​ឯ​មន្ទីរពេទ្យ​នោះ និង ការកើតទុក្ខ​ដែល​ខ្ញុំ​មាន​ពេល​ខ្ញុំ​ដើរ​ចេញ​ពី​ផ្ទះ​មួយ​ កាល​ខ្ញុំ​នៅ​ជា​ឌីកុន កើត​ចេញ​ពី​អ្វី​ដែល​ខ្ញុំ​បាន​រៀន​អំពី​ទំនាក់ទំនង​នៃ​ការអធិស្ឋាន​ទៅ​នឹង​អំណាច​នៃ​បព្វជិតភាព ។ ក្នុង​នាម​ជា​ឌីកុន ខ្ញុំ​មិន​ទាន់​បាន​ដឹង​ទេ​ថា អំណាច​ដើម្បី​និយាយ និង ប្រព្រឹត្តនៅ​ក្នុង​ព្រះនាម​ព្រះ​តម្រូវ​ឲ្យ​មាន​វិវរណៈ ហើយ​មាន​វា​ពេល​យើង​ត្រូវការ នោះ​វា​តម្រូវ​ឲ្យ​មាន​ការអធិស្ឋាន និង ធ្វើការ​ដោយ​សេចក្តី​ជំនឿ​ដើម្បី​មាន​ដៃគូ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

នៅ​ល្ងាច​នោះ​ ពី​មុន​ខ្ញុំ​បាន​ទៅ​ផ្ទះ​នោះ​ដើម្បី​យក​ដង្វាយ​តម​អាហារ នោះ​ខ្ញុំ​បាន​អធិស្ឋាន​ពេល​ចូល​ដេក ។ ប៉ុន្តែ អស់ពេល​ជា​ច្រើន​ខែ​មក ​មុន​ពេល​គេ​ទូរសព្ទមក​ពី​មន្ទីរពេទ្យ​រក​ខ្ញុំ នោះ​ខ្ញុំ​បាន​ធ្វើ​តាម​គំរូ​នៃ​ការ​អធិស្ឋាន ហើយ​បាន​ធ្វើ​តាម​អ្វី​ដែល​ប្រធាន​យ៉ូសែប  អេហ្វ ស៊្មីធ​បាន​បង្រៀន នឹង​បណ្តាល​ឲ្យ​ព្រះ​ប្រទាន​ការបំផុស​គំនិត​ដល់​យើង ដែល​ចាំបាច់​ឲ្យ​យើង​មាន​អំណាច​នៅ​ក្នុង​បព្វជិតភាព ។ លោក​បាន​ថ្លែង​ដោយ​សាមញ្ញ​ថា ៖

« យើង​មិន​ចាំបាច់​អំពាវ​ទៅ​រក​ទ្រង់​ដោយ​និយាយ​ច្រើន​នោះទេ ។ យើង​មិន​ចាំបាច់​ធ្វើ​ឲ្យ​ទ្រង់​ថប់​ព្រះទ័យ​ដោយ​ការអធិស្ឋាន​ដ៏​យូរ​នោះដែរ ។ អ្វី​ដែល​យើង​ចាំបាច់​ត្រូវ​ធ្វើ ហើយ​អ្វី ដែល​យើង​គួរ​ធ្វើ​ក្នុង​នាម​ជា​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ សម្រាប់​សេចក្តី​ល្អ​ផ្ទាល់​ខ្លួន គឺ​អធិស្ឋាន​ទៅ​ទ្រង់​ជានិច្ច ថ្លែង​ជា​សាក្សី​ដល់​ទ្រង់​ថា យើង​ចងចាំ​ទ្រង់ ហើយ​ថា​យើង​មាន​ឆន្ទៈ​លើក​យក​ព្រះនាម​ទ្រង់​មក​លើ​ខ្លួន​យើង រក្សា​បទបញ្ញត្តិ​ទ្រង់ ធ្វើការ​ដោយ​សុចរិត » ។

បន្ទាប់​មក​ប្រធាន ស្ម៊ីធ បាន​ប្រាប់​យើង​អំពី​អ្វី​ដែល​យើង​ត្រូវ​អធិស្ឋាន​សុំ ពេល​អ្នក​បម្រើ​ទ្រង់​បាន​ទូល​សុំ​ដើម្បី​ថ្លែង និង ប្រព្រឹត្ត​តំណាង​ឲ្យ​ព្រះ ។ ទ្រង់​បាន​មាន​បន្ទូល​ថា ៖ « តើ​អ្នក​អធិស្ឋាន​សុំ​អ្វី ? អ្នក​អធិស្ឋាន​សូម​ឲ្យ​ព្រះ​អាច​ស្គាល់​អ្នក សូម​ឲ្យ​ទ្រង់​អាច​ស្តាប់​ឮ​ការអធិស្ឋាន​អ្នក ហើយ​សូម​ទ្រង់​នឹង​ប្រទាន​ពរ​ដល់​អ្នក​ដោយ​នូវ​ព្រះវិញ្ញាណ​ទ្រង់ » ។

វា​មិន​សំខាន់​ណាស់​ណា​ថា​ត្រូវ​និយាយ​អ្វី​នោះ​ទេ ប៉ុន្តែ​វា​នឹង​ត្រូវការ​ភាពអត់ធ្មត់ ។ វា​ជា​ការ​អធិស្ឋាន​មួយ​ទៅ​ព្រះវរបិតា​សួគ៌​អ្នក​ជាមួយ​នឹង​គោលបំណង​ដើម្បី​ឲ្យ​ទ្រង់​ស្គាល់​ដោយ​ផ្ទាល់​អង្គ​ទ្រង់ ។ ទ្រង់​ជា​ព្រះ​លើ​សអស់​ទាំង​ព្រះ ជា​ព្រះវរបិតា​នៃ​មនុស្ស​ទាំងអស់ ហើយ​មាន​ព្រះឆន្ទៈ​ប្រទាន​ព្រះទ័យ​ទុកដាក់​ចំពោះ​បុត្រ​ទ្រង់​ម្នាក់​ទាំងស្រុង ។ នោះ​អាច​ជា​ហេតុផល​ដែល​ព្រះ​អង្គ​សង្គ្រោះ​បាន​ប្រើ​ពាក្យ​ថា « ឱ​ព្រះវរបិតា​នៃ​យើង​ខ្ញុំ ដែល​គង់​នៅ​ស្ថានសួគ៌​អើយ សូម​ឲ្យ​ព្រះនាម​ទ្រង់​បាន​បរិសុទ្ធ » ។

វា​ងាយ​ស្រួល​ជាង​ដើម្បី​ទទួល​អារម្មណ៍​ត្រឹមត្រូវ​នៃ​គារវភាព​នៅពេល​យើង​លុត​ជង្គង់ ឬ ឱន​ក្បាល តែ​វា​អាច​ធ្វើ​បាន​ដើម្បី​មាន​អារម្មណ៍​ថា អ្នក​កំពុង​អធិស្ឋាន​ទៅ​ព្រះវរបិតា​សួគ៌​នៅ​ក្នុង​ភាព​សាមញ្ញ ព្រម​ទាំង​ការអធិស្ឋាន​ស្ងាត់ៗ ដូច​ដែល​អ្នក​ត្រូវការ​ធ្វើ​វា​ញឹកញាប់​នៅ​ក្នុង​ការបម្រើ​បព្វជិតភាព​របស់​អ្នក ។ វា​នឹង​មាន​សំឡេង​អ៊ូរអរ ព្រមទាំង មនុស្ស​នៅ​ជុំ​វិញ​អ្នក​រាល់​ថ្ងៃ ។ ព្រះ​ទ្រង់​ស្តាប់​ឮ​ការ​អធិស្ឋាន​ស្ងាត់ៗ​របស់​អ្នក ប៉ុន្តែ​អ្នក​ត្រូវ​តែ​រៀន​ងាកចេញ​ពី​ការរំខាន ដោយសារ​ពេល​អ្នក​ត្រូវ​ការ​ទាក់ទង​ជាមួយ​ព្រះ​នោះ ​អាចនឹង​ពុំ​មាន​ឱកាស​ដែល​ស្ងប់ស្ងាត់​នោះ​ទេ ។

ប្រធាន ស្ម៊ីធ បាន​ផ្តល់​យោបល់​ថា អ្នក​ត្រូវតែ​អធិស្ឋាន​ថា ព្រះ​នឹង​ទទួល​ស្គាល់​ការហៅ​របស់​អ្នក​ដើម្បី​បម្រើ​ទ្រង់ ។ ទ្រង់​ស្គាល់​អំពី​ការហៅ​បម្រើ​អ្នក​យ៉ាង​ច្បាស់ ។ ទ្រង់​ហៅ​អ្នក​ឲ្យ​បម្រើ ហើយ​ដោយ​ការអធិស្ឋាន​ទៅ​កាន់​ទ្រង់​អំពី​ការហៅ​បម្រើ​របស់​អ្នក នោះ​ទ្រង់​នឹង​បើក​សម្តែង​ឲ្យ​អ្នក​ដឹង​ថែម​ទៀត ។

ខ្ញុំ​នឹង​ផ្តល់​គំរូ​មួយ​នៃ​អ្វី​ដែល​គ្រូបង្រៀន​តាម​ផ្ទះ​ម្នាក់​អាច​ធ្វើ នៅពេល​គាត់​អធិស្ឋាន ។ ប្រហែល​អ្នក​ដឹង​ហើយ​ថា​អ្នក​ត្រូវ ៖

« ទៅ​ផ្ទះ​នៃ​សមាជិក​ម្នាក់ៗ ដើម្បី​សួរសុខ​ទុក្ខ ហើយ​ទូន្មាន​ពួកគេ ឲ្យ​អធិស្ឋាន​ឲ្យឮ និង​នៅ​ទីអាថ៌​កំបាំង ហើយ​ឲ្យ​ធ្វើ​កាតព្វកិច្ច​គ្រួសារ​គ្រប់​យ៉ាង …

«… មើល​ការខុសត្រូវ​លើ​សាសនាចក្រ​ជានិច្ច ហើយ​នៅ​ជាមួយ និង ចម្រើន​កម្លាំង​របស់​ពួកគេ

« ហើយ​ឲ្យ​មើល​ឃើញ​ថា គ្មាន​សេចក្តី​ទុច្ចរិត នៅ​ក្នុង​សាសនាចក្រ ឬ ក៏​មាន​ភាពរឹង​ទទឹង​នឹង​គ្នា​ទៅ​វិញ​ទៅ​មក ឬ​មាន​ការកុហក ការពោល​បង្កាច់ ឬ​ក៏​មាន​ការនិយាយ​អាក្រក់​ឡើយ

« ហើយ​មើល​ឲ្យ​ឃើញ​ថា សាសនាចក្រ​ជួបជុំ​គ្នា​ជា​ញឹកញាប់ ហើយ​ក៏​មើល​ឲ្យ​ឃើញ​ថា សមាជិក​ទាំងអស់​ធ្វើ​កាតព្វកិច្ច​របស់​ខ្លួន » ។

ឥឡូវ​សូម្បីតែ​គ្រូបង្រៀន​តាម​ផ្ទះ​ដែល​មាន​បទពិសោធន៍ និង​ដៃគូ​សិស្ស​ប្អូន​គាត់ ពួក​គាត់ពុំ​អាច​ធ្វើ​កិច្ចការ​នេះ​បាន​ដោយ​គ្មាន​ជំនួយ​ពី​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ឡើយ ។ សូម​គិត​ពី​គ្រួសារ ឬ បុគ្គល​ម្នាក់ៗ​ដែល​អ្នក​បាន​ហៅ​បម្រើ ។ ការវិនិច្ឆ័យ​បែប​មនុស្ស និង ការមាន​បំណង​ល្អ​នោះ​វា​មិនគ្រប់គ្រាន់​ទេ ។

ដូច្នេះ​អ្នក​ដឹង​អធិស្ឋាន​រក​វិធី​ដើម្បី​ដឹង​ពីដួងចិត្ត​របស់​ពួកគេ ដើម្បី​ដឹង​នូវ​អ្វី​ដែល​យល់​ខុស​នៅក្នុង​ជីវិត និង​ដួង​ចិត្ត​នៃ​មនុស្ស​ដែល​អ្នក​ពុំ​ស្គាល់​ច្បាស់ ។ អ្នក​ត្រូវតែ​ដឹង​ថា ព្រះ​ចង់​ឲ្យ​អ្នក​ធ្វើ​អ្វី ដើម្បី​ជួយ​ពួកគេ ហើយ​ធ្វើ​វា​ឲ្យ​អស់​ពី​សមត្ថភាព ដោយ​មាន​អារម្មណ៍​នៃ​ក្តី​ស្រឡាញ់​របស់​ព្រះ​សម្រាប់​ពួកគេ ។

នេះ​គឺ​ព្រោះ​តែ​អ្នក​មាន​នូវ​ការហៅ​បព្វជិតភាព​ដ៏​សំខាន់ និង លំបាក​នេះ ដែល​ប្រធាន​ ស្ម៊ីធ បាន​ប្រាប់​ថា នៅពេល​អ្នក​អធិស្ឋាន នោះ​អ្នក​តែង​ទូល​អង្វរ​ទៅ​ព្រះ​ថា ទ្រង់​នឹង​ប្រទាន​ព្រះវិញ្ញាណ​ទ្រង់​ដល់​អ្នក ។ យើង​នឹង​ត្រូវការ​ព្រះវិញ្ញាណបរិសុទ្ធ​ពុំ​មែន​តែ​ម្ដង​នោះ​ទេ ប៉ុន្តែ​ឲ្យ​ច្រើន​តាម​ដែល​ព្រះនឹង​ប្រទាន​ដល់អ្នក​សម្រាប់ជា​ដៃគូ​ដ៏ខ្ជាប់ខ្ជួន ។ ដូច្នេះ​ហើយ យើង​ត្រូវតែ​អធិស្ឋាន​សុំ​ថា ព្រះ​នឹង​ដឹកនាំ​យើង​នៅ​ក្នុង​ការមប្រើ​យើង​ដល់​កូនចៅ​ទ្រង់ ។

ពីព្រោះ​អ្នក​ពុំ​អាច​ខិត​ទៅ​ដល់​សក្តានុពល​នៃ​បព្វជិតភាព​យើង ដោយ​គ្មាន​ព្រះវិញ្ញាណ​នៅ​ជាមួយ​អ្នក​ឡើយ អ្នក​គឺ​ជា​ផ្ទាំង​ស៊ីប​ចម្បង​របស់​សាតាំង​ដែល​វា​ជា​សត្រូវ​នៃ​អស់​ទាំង​សុភមង្គល ។ បើសិន​វា​អាច​ល្បួង​អ្នក​ឲ្យ​ធ្វើ​អំពើ​បាបបាន នោះ​វា​អាច​បន្ថយ​អំណាច​ដែល​ព្រះវិញ្ញាណ​ដឹកនាំ​អ្នក ហើយ​ជា​លទ្ធផល​បន្ថយ​អំណាច​នៅ​ក្នុង​បព្វជិតភាព​អ្នក ។ ហេតុនេះ​ហើយ​ទើប​ប្រធាន ស្ម៊ីធ បាន​ថ្លែង​ថា អ្នក​គួរតែ​អធិស្ឋាន​ជានិច្ច​សូម​ឲ្យ​ព្រះ​នឹង​ព្រមាន ហើយ​ការពារ​អ្នក​ពី​អំពើ​អាក្រក់ ។

ទ្រង់​ព្រមាន​យើង​តាម​វិធី​ជា​ច្រើន ។ ការព្រមាន​នានា​គឺ​ជា​ផ្នែក​មួយ​នៃ​ផែនការ​នៃ​សេចក្តី​សង្គ្រោះ ។ ព្យាការី សាវក ប្រធាន​ស្តេក ប៊ីស្សព និង អ្នក​ផ្សាយ​សាសនា​ទាំងអស់​បន្លឺ​សំឡេង​នៃ​ការព្រមាន​ដើម្បី​បញ្ជៀស​គ្រោះ​ដែល​នឹង​កើត​មាន តាមរយៈសេច​ក្តីជំនឿ​លើ​ព្រះ​យេស៊ូវគ្រីស្ទ ការប្រែចិត្ត និង ការធ្វើ និង រក្សា​សេចក្តី​សញ្ញា​ពិសិដ្ឋ​នានា ។

ក្នុង​នាម​ជា​អ្នក​កាន់​បព្វជិតភាព​ អ្នក​គឺ​ជា​ផ្នែក​មួយ​នៃ​សំឡេង​ព្រមាន​របស់​​ព្រះអម្ចាស់ ។ ប៉ុន្តែ​អ្នក​ត្រូវតែ​ស្តាប់​តាម​ការព្រមាន​នោះ​ដោយ​ខ្លួន​ឯង ។ អ្នក​នឹង​មិន​អាច​សង្គ្រោះ​វិញ្ញាណ ដោយ​គ្មាន​ការការពារ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែល​ជា​គូកន​អ្នក​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​អ្នក​ឡើយ ។

អ្នក​ត្រូវតែ​អធិស្ឋាន​សុំ ហើយ​ធ្វើការ​ដើម្បី​ឲ្យ​បាន​ការណ៍​នេះ ។ មានតែ​តាម​មាគ៌ា​ណែនាំ​នេះ​ទេ ដែល​អ្នក​អាច​នឹង​ដើរ​លើ​ផ្លូវ​ត្រង់ ហើយ​ចង្អៀត​ឆ្លងកាត់​អ័ព្ទ​នៃ​សេចក្តី​អាក្រក់ ។ ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ក្លាយ​ជា​អង្គ​ដឹកនាំ​អ្នក ព្រោះ​ទ្រង់​បង្ហាញ​សេចក្តី​ពិត ពេល​អ្នក​សិក្សា​សម្តី​របស់​ព្យាការី ។

ការទទួល​បាន​ការដឹកនាំ​នោះ នឹង​តម្រូវ​ឲ្យ​ធ្វើ​លើស​ជាង​ការស្តាប់ និង អាន​ធម្មតាៗ​ទៅ​ទៀត ។ អ្នក​ត្រូវតែ​អធិស្ឋាន ហើយ​ធ្វើការ​ក្នុងសេច​ក្តីជំនឿ​ដើម្បី​ដាក់​ព្រះបន្ទូល​នៃ​សេចក្តី​ពិត​ចូល​ទៅ​ក្នុង​ដួងចិត្ត​អ្នក ។ អ្នក​ត្រូវតែ​អធិស្ឋាន​ថា ព្រះ​នឹង​ប្រទាន​ព្រះវិញ្ញាណ​បរិសុទ្ធ​ដល់​អ្នក ថា​ទ្រង់​នឹង​ដឹកនាំ​អ្នក​ទៅ​ក្នុង​សេចក្តី​ពិត ហើយ​បង្ហាញ​ផ្លូវ​ត្រឹមត្រូវទាំងអស់​ដល់​អ្នក ។ នោះជា​របៀប​ដែល​ទ្រង់​នឹង​ព្រមាន និង ដឹកនាំ​អ្នក​នៅ​លើ​ផ្លូវ​ត្រឹមត្រូវ​ក្នុង​ជីវិត​អ្នក និង ការបម្រើ​បព្វជិតភាព​របស់​អ្នក ។

សន្និសីទ​ទូទៅ​ផ្តល់​ឱកាស​ដ៏​អស្ចារ្យ​ដើម្បី​ឲ្យ​ព្រះអម្ចាស់​ពង្រឹង​អំណាច​របស់​អ្នក ដើម្បី​បម្រើ​នៅ​ក្នុង​បព្វជិតភាព​នៃ​ព្រះ ។ អ្នក​អាច​រៀបចំ​ខ្លួន​អ្នក​ដោយ​ការអធិស្ឋាន ដូច​ដែល​ខ្ញុំ​ប្រាកដ​ថា​អ្នក​បាន​រៀបចំ​ខ្លួន​សម្រាប់​សន្និសីទ​នេះ ។ អ្នក​អាច​បញ្ចូល​សេចក្តីជំនឿ​របស់​អ្នក ឲ្យ​រួម​ចំណែក​ជាមួយ​អស់​អ្នក​ដែល​នឹង​អធិស្ឋាន​នៅ​ក្នុង​សន្និសីទ​នេះ ។ ពួកគេ​នឹង​អធិស្ឋាន​ក្នុង​សន្និសីទ​នេះ ដើម្បី​ឲ្យ​មាន​ពរជ័យ​នានា​កើត​មាន​ដល់​មនុស្ស​ជា​ច្រើន ។

ពួកគេ​នឹង​អធិស្ឋាន​សុំ​ព្រះវិញ្ញាណ​ឲ្យ​មក​សណ្ឋិត​លើ​ព្យាការី​ដែល​ជា​អ្នក​និយាយ​ជំនួស​ទ្រង់ ។ ពួកគេ​នឹង​អធិស្ឋាន​សម្រាប់​សាវក និង អ្នក​បម្រើ​ទាំងអស់​ដែល​បាន​ហៅ​ដោយ​ព្រះ ។ នោះ​រួម​មាន​ទាំង​អ្នក​ដែល​ជា​ឌីកុន​ថ្មីថ្មោង​រហូត​ដល់​សង្ឃ​ជាន់ខ្ពស់​ដែល​ចាស់​ទុំ និង មនុស្ស​ទាំង​ក្មេង​ទាំង​ចាស់​ដែល​នឹងហៀប​នឹង​ទៅ​កាន់​ពិភព​វិញ្ញាណ ជា​កន្លែង​ដែល​ពួកគេ​នឹង​ឮ​ថា « ប្រពៃ​ហើយ បាវ​ល្អ​ស្មោះត្រង់​អើយ » ។

ពរជ័យ​នោះ​នឹង​ផ្តល់​ឲ្យ​ដល់​មនុស្ស​មួយ​ចំនួន​ដែល​ភ្ញាក់​ផ្អើល​ចំពោះ​វា ។ ពួកគេ​ប្រហែល​ជា​មិន​ធ្លាប់​មាន​តំណែង​ធំដុំ​នៅ​ក្នុង​នគរ​នៃ​ព្រះលើ​ផែនដី​នេះ​ទេ ។ អ្នក​ខ្លះ​ធ្លាប់​មាន​អារម្មណ៍​ថា ពួកគេ​ឃើញ​មាន​លទ្ធផល​តិចតួច​មក​ពីការ​បម្រើ​របស់​ខ្លួន ឬ ឱកាស​បម្រើ​មួយ​ចំនួន​ពុំ​បាន​ផ្តល់​ដល់​ពួកគេ​ឡើយ ។ អ្នក​ខ្លះ​មាន​អារម្មណ៍​ថា​ពេលវេលា​នៃ​ការបម្រើ​ខ្លួន បាន​កាត់​កាន់តែ​ខ្លី​នៅ​ក្នុង​ជីវិត​នេះ​ជាង​អ្វី​ដែល​ពួកគេ​សង្ឃឹម​ទុក ។

វា​នឹង​មែន​ជា​តំណែង ឬ​ពេលវេលា​បម្រើ​ដែល​នឹង​សំខាន់​ចំពោះ​ព្រះអម្ចាស់​ឡើយ ។ យើង​ដឹង​ការណ៍​នេះ​មក​ពី​ការប្រៀបធៀប​របស់​ព្រះអម្ចាស់​អំពី​អ្នក​ធ្វើការ​នៅ​ក្នុងចម្ការ​ទំពាំង​បាយ​ជូរ​បាន​ទទួល​ប្រាក់​ឈ្នួល​ដូច​គ្នា​ដោយ​មិន​ទាក់ទង​នឹង​រយៈពេល ឬ កន្លែង​ដែល​ពួកគេ​ធ្វើ​ការ​ឡើយ ។ ពួកគេ​នឹង​ត្រូវ​បាន​ផ្តល់​រង្វាន់​ឲ្យ​តាមរយៈ​របៀប​ដើម្បី​បម្រើ​វិញ ។

ខ្ញុំ​ស្គាល់​បុរស​ម្នាក់ ជា​មិត្ត​ខ្ញុំ ដែល​ជីវិត​រមែង​ស្លាប់​របស់​គាត់​បាន​បញ្ចប់​ទៅ​កាល​ពី​យប់​មិញ​នេះ​នៅ​វេលា​ម៉ោង ១១:០០ ។ គាត់​បាន​ទទួល​ការព្យាបាល​ជំងឺ​មហារីក​អស់​ច្រើន​ឆ្នាំ​មក​ហើយ ។ អំឡុង​ពេល​ប៉ុន្មាន​ឆ្នាំ​នៃ​ការព្យាបាល​នេះ គាត់​បាន​ទទួល​ការហៅបម្រើ​មួយ​ឲ្យ​ធ្វើ​ការប្រជុំ​រាល់​សប្តាហ៍​ជាមួយ​សមាជិក និង មាន​ទំនួល​ខុសត្រូវ​លើ​ពួកគេ​នៅ​ក្នុង​វួដ​គាត់ ដែល​សមាជិក​ទាំង​នោះ​គ្មាន​កូនៗ​រស់នៅ​ជាមួយទេ ឯ​អ្នក​ខ្លះទៀត​ជា​ស្ត្រី​មេម៉ាយ ។ ការហៅ​បម្រើ​របស់​គាត់​ គឺជួយ​ពួកគេ​ឲ្យ​មាន​ភាព​កក់ក្តៅ​នៅ​ក្នុង​សង្គម និង ការរៀនសូត្រ​ដំណឹង​ល្អ ។

នៅពេល​គាត់​បាន​ទទួល​រោគវិនិច្ឆ័យ​ពិត​ប្រាកដ​ចុងក្រោយ នោះ​គាត់​មាន​ពេល​ខ្លី​ណាស់​ដើម្បី​រស់​នៅ ប៊ីស្សព​របស់​គាត់​បាន​ធ្វើ​ដំណើរ​ច្រើន​ដោយ​សារ​ជំនួញ​របស់​គាត់ ។ ពីរថ្ងៃ​ក្រោយ​មក គាត់​បាន​ផ្ញើ​សារ​ទៅ​ប៊ីស្សព​គាត់​តាមរយៈ​អ្នក​ដឹកនាំ​ក្រុម​សង្ឃ​ជាន់​ខ្ពស់​ ។ គាត់​បាន​ពោល​ពាក្យ​ទាំង​នេះ​អំពី​ការចាត់​តាំង​គាត់ ៖ « ខ្ញុំ​ដឹង​ថា​ប៊ីស្សព​មិន​នៅ​ផ្ទះ​ទេ ដូច្នេះ​ខ្ញុំ​ដើរតួ​ជំនួស​លោក ។ ខ្ញុំ​កំពុង​គិត​អំពី​ការប្រជុំ​មូយ​សម្រាប់​ក្រុម​យើង​នៅ​ថ្ងៃ​ច័ន្ទ​ក្រោយ ។ សមាជិក​ពីរ​នាក់​អាច​យក​ពួក​យើង​ទាំងអស់​គ្នា​ទៅ​ទស្សនា​មជ្ឈមណ្ឌល​សន្និសីទ ។ យើង​អាច​ពឹង​សមាជិក​មួយ​ចំនួន​ឲ្យ​ដឹក​ពួកគេ ហើយ​ឲ្យ​ក្រុម​កាយរិទ្ធ​មួយ​ចំនួន​រុញ​រទេះ​ជនពិការ ។ ដោយ​ផ្អែក​លើ​អ្នក​ដែល​បាន​ចុះ​ឈ្មោះ នោះ​យើង​នឹង​មាន​មនុស្ស​ចាស់​គ្រប់គ្រាន់​ដើម្បី​ធ្វើ​កិច្ចការ​នេះ​ដោយ​ខ្លួន​ឯង ប៉ុន្តែ​វា​កាន់តែ​ល្អ ​បើសិន​យើង​មាន​អ្នក​បម្រុង​ថែម​ទៀត ពេល​ត្រូវការ ។ វា​អាច​ក្លាយ​ជា​យប់​មួយ​ដ៏​ល្អ​សម្រាប់​គ្រួសារ បើសិន​អ្នក​ជួយ​ទាំង​នោះ​នាំ​គ្រួសារ​ខ្លួន​មក​ជាមួយ​ដែរ ។ អញ្ចឹង​សុំ​ឲ្យ​ខ្ញុំ​ដឹង​ផង ពីមុន​ខ្ញុំ​អនុវត្ត​តាម​ផែនការ​នេះ ។ … សូម​អរគុណ » ។

បន្ទាប់​មក​គាត់​រំភើប​ដោយសារ​ប៊ីស្សព​នោះ​បាន​ទូរសព្ទ​មក​គាត់ ។ ដោយ​មិន​និយាយ​ទាក់ទង​នឹង​កិច្ចការ ឬ ការបម្រើ​ដ៏​មោះមុត​របស់​ខ្លួន នោះ​គាត់​បាន​សួរ​ថា « ប៊ីស្សព តើ​លោក​មាន​អ្វី​ឲ្យ​ខ្ញុំ​ជួយ​ដែរ​ឬ​ទេ ? » មាន​តែ​ព្រះវិញ្ញាណ​បរិសុទ្ធ​ប៉ុណ្ណោះ ដែល​អាច​ឲ្យ​គាត់​ដឹង​ពី​បន្ទុក​របស់​ប៊ីស្សព ខណៈ​ដែល​ខ្លួន​គាត់​មាន​បន្ទុក​ដ៏​ធំ​ដែរ​នោះ ។ ហើយ​មាន​តែ​ព្រះវិញ្ញាណ​ទេ ដែល​អាច​ឲ្យ​គាត់ បង្កើត​ផែនការ​ដើម្បី​បម្រើ​បងប្អូន​ប្រុសស្រី​របស់​ខ្លួន ជាមួយ​នឹង​ភាព​ច្បាស់លាស់​ដែល​គាត់​បាន​ប្រើ​នៅ​ក្នុង​ផែនការ​នៃ​កម្មវិធី​ក្រុម​កាយរិទ្ធ កាល​ពីគាត់​នៅ​ក្មេង ។

ជាមួយ​នឹង​ការអធិស្ឋាន​ដោយ​សេចក្តីជំនឿ នោះ​ព្រះ​អាច​ប្រទាន​អំណាច​ដល់​យើង​នៅក្នុង​បព្វជិតភាព សម្រាប់​កាលៈទេសៈ​អ្វី​ក៏​ដោយ​ដែល​យើង​អាច​ជួប ។ វា​តម្រូវ​យ៉ាង​សាមញ្ញ​ថា យើង​ត្រូវ​ទូល​​សុំ​ដោយ​រាបសា​ឲ្យ​ព្រះវិញ្ញាណ​បង្ហាញ​យើង​នូវ​អ្វី​ដែល​ព្រះ​ចង់​ឲ្យ​យើង​និយាយ និង ធ្វើ នោះ​សូម​ធ្វើ​វា​ចុះ ហើយ​បន្ត​រស់​នៅ​ដោយ​សក្តិសម​សម្រាប់​អំណោយ​ទាន​នោះ ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ដល់​អ្នក​ថា ព្រះ​ជា​ព្រះវរបិតា​មាន​ព្រះជន្ម​រស់ ទ្រង់​ស្រឡាញ់​យើង ហើយ​ស្តាប់​ការអធិស្ឋាន​យើង ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះយេស៊ូវ គឺ​ជា​ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់ ដង្វាយ​ធួន​អាច​មាន​សម្រាប់​យើង​គ្រប់​គ្នា ដើម្បី​បន្សុទ្ធ​យើង ហើយ​យើង​បាន​សក្ដិសម​ជា​ដៃគូ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ដោយ​សេចក្តី​ជំនឿ និង ការព្យាយាម​យើង នោះ​នៅ​ថ្ងៃ​ណា​មួយ​យើង​អាច​ស្តាប់​ឮ​ព្រះបន្ទូល​ដែល​នឹង​នាំសេច​ក្តី​អំណរ​ដល់​យើងថា ៖ « ប្រពៃ​ហើយ បាវ​ល្អ​ស្មោះ​ត្រង់​អើយ » ខ្ញុំ​សូម​អធិស្ឋាន​ថា យើង​នឹង​ទទួល​ពរជ័យ​ដ៏​អស្ចារ្យ​នោះ​មក​ពី​លោកចៅហ្វាយ​ដែល​យើង​បម្រើ ។ នៅ​ក្នុង​ព្រះ​នាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។