ឆ្នាំ ២០១០-២០១៩
ស្វែងរក​ព្រះអម្ចាស់
ខែ មេសា 2015


ស្វែងរក​ព្រះអម្ចាស់

ខ្ញុំ​ជឿ​ថា ពេល​យើង​កាន់តែយល់​ដឹង​ពី​ព្រះ​អង្គ​សង្គ្រោះ​របស់​យើង នោះ​យើង​នឹង​កាន់តែ​មាន​បំណង​រស់នៅ​ដោយ​ក្តី​អំណរ ហើយ​ភាពជឿជាក់ ដែល​ក្តី​អំណរ​កើត​មាន​ឡើង​បាន ។

បងប្អូន​​ជា​ទី​ស្រឡាញ់ វា​ជា​ក្តី​អំណរ​ដ៏ធំក្រៃលែង​ដែល​ខ្ញុំ​ឈរ​នៅ​ចំពោះ​​មុខ​បងប្អូនទីនេះ ខណៈ​ដែល​ពួកយើង​កំពុង​ចូលរួម​ក្នុង​សន្និសីទ​ទូទៅ​នេះ​ជាមួយ​គ្នា ។ ដោយ​ការ​ស្តាប់​ពាក្យ​ដ៏​វាងវៃ ពាក្យ​ទូន្មាន ពាក្យ​លួងលោម និង ការព្រមាន​នានា​មក​ពី​សន្និសីទ​ទូទៅ​អស់​រយៈកាល​ជា​ច្រើន​ឆ្នាំ​មក​នេះ បាន​ប្រទាន​ពរ​ដ៏​ច្រើន​អនេក​​ដល់​ស៊ីស្ទើរ ធៀស្សៀរ៉ា គ្រួសារ​យើង និង រូប​ខ្ញុំ​ ។

​រដូវកាល​ពិសេសនេះក្នុង​ឆ្នាំ ជាពិសេស​នៅ​ថ្ងៃ​ឈប់​សម្រាក​នៃ​បុណ្យ​អ៊ីស្ទើរ​នេះ ​ខ្ញុំ​មិន​អាច​ទ្រាំថា​នឹង​មិន​គិត​អំពី​ការបង្រៀន​ដ៏​មាន​អត្ថន័យ​របស់​ព្រះអង្គ​សង្គ្រោះ និង សេចក្តី​សប្បុរស​ព្រមទាំង​គំរូ​នៃ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់​នៅ​ក្នុង​ជីវិត​ខ្ញុំ​បាន​ឡើយ ។

ការយល់​ដឹង​ដ៏​ជ្រាលជ្រៅ​អំពី​ព្រះយេស៊ូវគ្រីស្ទ នឹង​ផ្តល់​ក្តី​សង្ឃឹម​ដ៏​មហិមា​ដល់​យើង​ក្នុង​ពេល​អនាគត ហើយ​មាន​ទំនុក​ចិត្ត​កាន់តែ​ច្រើន​ក្នុងការ​សម្រេច​បាន​គោលដៅ​សុចរិត​របស់​យើង ទោះជា​យើង​ពុំ​ល្អ​ឥតខ្ចោះ​ក្តី ។ ការណ៍​នេះ​ក៏​នឹង​ធ្វើ​ឲ្យ​យើង​មាន​បំណង​កាន់តែ​ខ្លាំង​ដើម្បី​បម្រើ​បងប្អូន​យើង ។

ព្រះអម្ចាស់​មាន​បន្ទូល​ថា « [ ចូរ​មើល​មក ] ឯ​យើង​ដោយ​នូវ​គ្រប់​ទាំង​គំនិត ចូរ​កុំសង្ស័យ ​កុំ​ខ្លាច​ឡើយ » ។ ការស្វែងរក​ព្រះ​អម្ចាស់ និង ​ការដឹង​ពីវត្តមានទ្រង់ គឺ​ជា​ការព្យាយាម​ប្រចាំ​ថ្ងៃ ជា​កិច្ចខិតខំ​ដ៏​មាន​តម្លៃ​មួយ ។

បងប្អូន​ប្រុសស្រី បច្ចុប្បន្ន​នេះ​យើង​មាន​ឱកាស​ពិសេសៗ​ និង ធនធាន​នានា​​ច្រើនជាង​សម័យ​ណាៗ​ទាំងអស់ ដើម្បីជួយ​ឲ្យ​យើង​​យល់ដឹងកាន់​តែជ្រៅជ្រះ​​អំពី​ការបង្រៀន​របស់​ព្រះយេស៊ូវគ្រីស្ទ និង ដង្វាយធួន​របស់​ទ្រង់ ។ ការប្រើ​ធនធាន​ទាំងនេះ​ដោយ​ត្រឹមត្រូវ នឹង​ជួយ​យើង​ឲ្យ​រស់នៅ​ប្រកប​ដោយ​ជោគជ័យ​ជាមួយ​នឹង​ក្តី​អំណរ ។

ព្រះអង្គ​សង្គ្រោះ​មាន​បន្ទូល​ជា​ពាក្យ​ប្រៀបធៀប​អំពី​ដើម​ទំពាំង​បាយ​ជូរ និង មែក​របស់​វា​ថា ៖ « ចូរ​នៅ​ជាប់​នឹង​ខ្ញុំ ហើយ​ខ្ញុំ​ជាប់​នឹង​អ្នក​រាល់​គ្នា​ចុះ ។ ប្រៀប​ដូច​ជា​ខ្នែង បើ​មិន​នៅ​ជាប់​នឹង​គល់ នោះ​ពុំ​អាច​នឹង​បង្កើត​ផល​ដោយ​ឯក​ឯង​បាន​ទេ ដូច្នេះ អ្នក​រាល់​គ្នា​ក៏​ពុំ​បាន​ដែរ លើក​តែ​នៅ​ជាប់​នឹង​ខ្ញុំ » ។

កាលណា​យើង​កាន់តែ​យល់​ពី​តួនាទី​របស់​ព្រះគ្រីស្ទ​មាន​ក្នុង​ជីវិត​យើង នោះ​យើង​កាន់តែ​យល់​ពី​បំណង​ខ្លួន​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ គឺ​ដើម្បី​មាន​ក្តី​អំណរ ។ ទោះជា​យ៉ាង​ណា ក្តីអំណរ​នោះ ពុំរាំង​​យើង​ពី​បទពិសោធន៍​នៃ​ការសាកល្បង និង ទុក្ខលំបាក​ឡើយ ដែល​បទពិសោធន៍​ខ្លះ​ធំធេង និង ស្មុគស្មាញ​ដែល​នាំ​ឲ្យ​យើង​គិត​ថា សុភមង្គល​មិន​អាច​កើត​ឡើង​បាន​ក្នុង​កាលៈទេស​បែប​នេះ ។

ខ្ញុំ​ដឹង​ដោយ​បទពិសោធន៍​ផ្ទាល់ខ្លួន​ថា ក្តី​អំណរ​នៃ​ការរស់នៅ​ក្នុងភាព​សុចរិត និង រស់នៅ​តាម​ព្រះគ្រីស្ទ​អាច​បន្ត​ទៅ​មុខ​បាន ទោះ​មាន​ទុក្ខ​លំបាក​កើត​មាន​ឡើង​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ​ក្តី ។ ទីបំផុត ទុក្ខ​វេទនាទាំងនេះ ជាញឹកញាប់​ វាធ្វើ​ឲ្យ​យើង​រីកចម្រើន បន្សុទ្ធ និង​ដឹកនាំ​យើង​ឲ្យ​យល់កាន់តែ​ជ្រៅ​អំពី​គោលបំណង​នៃជីវិត​របស់​យើង​នៅទីនេះ ក្នុង​ជីវិត​រមែង​ស្លាប់ និង​អំពី​ដង្វាយធួន​របស់ព្រះយេស៊ូវ​គ្រីស្ទ ។ ពិតណាស់ សេចក្តី​អំណរ​ដ៏​ពោរពេញ​អាច​ទទួល​បាន​តាមតែ​រយៈ​ព្រះយេស៊ូវគ្រីស្ទ​ប៉ុណ្ណោះ ។

ទ្រង់មានបន្ទូលថា « ខ្ញុំ​ជា​គល់ អ្នក​រាល់​គ្នា​ជា​ខ្នែង ៖ អ្នក​ណា​ដែល​នៅ​ជាប់​នឹង​ខ្ញុំ ហើយ​ខ្ញុំ​ជាប់​នឹង​អ្នក​នោះ នោះ​ទើប​នឹង​បង្កើត​ផល​ឡើង​ជា​ច្រើន ដ្បិត​បើ​ដាច់​ពី​ខ្ញុំ​ចេញ នោះ​អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​ធ្វើ​អ្វី​បាន​ទេ » ។

ខ្ញុំ​ជឿ​ថា ពេល​យើងកាន់តែយល់​ដឹងជ្រៅជ្រះ​អំពី​ព្រះ​អង្គ​សង្គ្រោះ​ នោះ​យើង​នឹង​កាន់តែ​មាន​​បំណង​​រស់នៅ​ដោយ​ក្តី​អំណរ ហើយ​ភាពជឿជាក់​ ដែល​ក្តី​អំណរ​​កើត​មាន​ឡើង​បាន ។ ដូច្នេះ យើង​នឹង​មាន​សមត្ថភាព​កាន់តែ​ប្រសើរ​ដើម្បី​រស់នៅ​រៀងរាល់​ថ្ងៃ ដោយក្ដី​រីករាយ​ក្នុង​ជីវិត​នេះ និងរក្សា​បទ​បញ្ញត្តិ​របស់​ព្រះ ទោះបី​ស្ថិត​ក្នុង​កាលៈទេសៈ​លំបាក​ក្តី ។

ចូរ​យើង​កុំ​ពន្យារ​ពេល​ចាំ​ដល់​ថ្ងៃ​ស្អែក ដើម្បី​ធ្វើ​កិច្ចការ​ដែល​យើង​អាច​ធ្វើ​បាន​នៅ​ថ្ងៃ​នេះ​ឡើយ ។ យើង​ត្រូវតែ​មក​កាន់​ព្រះគ្រីស្ទ​នា​ពេល​ឥឡូវ​នេះ ​ព្រោះ « បើសិន​ជា ​[ យើង ] ជឿ​ដល់ [ ទ្រង់ ] នោះ [ យើង ] នឹង​ធ្វើ​ការ ក្នុងកាល​ដែល​ហៅ​ថា​ថ្ងៃ​នេះ » ។

រាល់​ថ្ងៃ​យើង​គួរ​ពិចារណា​ អំពី​ការប្រព្រឹត្ត​ជា​ញឹកញាប់​ដោយ​នូវ​ការបង្រៀន​របស់​ព្រះគ្រីស្ទ ។ កាយវិការ និង ទង្វើ​តូចតាច ហើយសាមញ្ញ​បង្កើត​ឲ្យ​មាន​ឆន្ទៈ​ប្រចាំ​ថ្ងៃ ៖

  1. យល់ដឹងកាន់តែជ្រៅជ្រះអំពី​​សារៈសំខាន់​នៃ​ព្រះអម្ចាស់​ក្នុង​ជីវិត​យើង ហើយ

  2. សូម​​ជួយយើង​​ចែកចាយ​ការយល់​ដឹង​នេះ​ជាមួយ​នឹង​ជំនាន់​ដែល​កំពុង​ពេញ​វ័យ ដែល​នឹងទទួល​អារម្មណ៍​នៃ​ក្តី​ស្រឡាញ់​របស់​ព្រះវរបិតាសួគ៌ និង បុត្រា​ទ្រង់​គឺ​ព្រះយេស៊ូវគ្រីស្ទ​ជា​ប្រាកដ នៅ​ពេល​ពួកគេ​ឃើញ​គំរូ​នៃ​ការរស់នៅ​តាម​ដំណឹង​ល្អ​ដ៏​ស្មោះត្រង់​របស់​យើង ។

ដូច្នេះ តើ​ឥរិយាបថ​សាមញ្ញៗ​ណា​ខ្លះ​ក្នុង​សម័យ​ទំនើប​នេះ ដែល​នឹង​ក្លាយ​ជា​ប្រទាល​មុខ​សះ​សម្រាប់​ព្រលឹង​របស់​យើង​ក្នុង​ការពង្រឹង​ទីបន្ទាល់​យើង​អំពី​ព្រះគ្រីស្ទ និង បេសកកម្ម​របស់​ទ្រង់ ?

រូបភាព
Woman on a train with a cell phone illuminating her face.

ក្នុង​ឆ្នាំ ២០១៤ ការប្រកួត​រូបថត​ភូមិសាស្រ្ត​ថ្នាក់​ជាតិ​មួយ​ទទួល​បាន​រូបថត​ច្រើន​ជាង ៩២០០​សន្លឹក ពី​ជាង​ថតរូប ជំនាញ និង អ្នក​គាំទ្រ​មក​ពី​ ១៥០ ប្រទេស   រូបថត​ដែល​ឈ្នះ​នោះ​គឺ​ជា​រូប​ស្ត្រី​ម្នាក់​ដែល​ឈរ​នៅ​កណ្តាល​រថភ្លើង​ដែល​ពេញ​ហៀរ​ទៅ​ដោយ​អ្នក​ដំណើរ​។ ពន្លឺ​ដែល​ភ្លឺ​ពី​ទូរសព្ទ​ដៃ​របស់​នាង​បាន​ចាំង​ឃើញ​ផ្ទៃ​មុខ​នាង។ នាង​បង្ហាញ​ពី​សារលិខិត​ដ៏​ច្បាស់​មួយ ដល់​អ្នក​ដំណើរ​ដទៃ​ទៀត​ថា ៖ ទោះបី​ជា​រូបកាយ​នាង​នៅ​ទី​នោះ​ក្តី តែ​ចិត្ត​នាង​ពុំ​នៅ​ទី​នោះ​ទេ ។

ទិន្នន័យ​ទូរសព្ទ ទូរសព្ទ​ស្មាត​ហ្វូន និង បណ្តាញ​សង្គម​បាន​ផ្លាស់ប្តូរ​យ៉ាង​ខ្លាំង​ពី​របៀប​រស់នៅ​របស់​យើង​ក្នុង​ពិភពលោក​នេះ និង របៀប​យើង​ទាក់ទង​គ្នា ។

ក្នុង​យុគសម័យ​ឌីជីថល​នេះ យើង​អាច​ធ្វើ​ដំណើរ​យ៉ាង​លឿន​ទៅ​កន្លែង​ជា​ច្រើន ហើយ​ធ្វើ​សកម្មភាព​នានា ដែល​ធ្វើ​ឲ្យ​យើង​ដក​ខ្លួន​ចេញ​យ៉ាង​លឿន​ពី​អ្វី​ដែល​ចាំបាច់​ដើម្បី​មាន​ជីវិត​មួយ​ដែល​ពោរពេញ​ដោយ​ក្តី​អំណរ​ដ៏​យូរ​អង្វែង ។

ការចំណាយ​ពេល​លើ​អ៊ិនធើណែត​ដោយ​មិន​បាន​គ្រប់គ្រង​ពេលវេលា ធ្វើ​ឲ្យ​យើង​មាន​ទំនាក់ទំនង​ជាមួយ​មនុស្ស​ដែល​យើង​មិន​ស្គាល់ ឬ មិន​ធ្លាប់​ជួប​មុខ​ ច្រើន​ជាង​មនុស្ស​ដែល​យើង​រស់នៅ​ជាមួយ—​គឺ​ក្រុមគ្រួសារ​យើង​ផ្ទាល់នោះ !

ផ្ទុយ​ទៅ​វិញ យើង​ទាំងអស់​គ្នា​ដឹង​ថា យើង​មាន​ពរ​ដោយ​មាន​ធនធាន​នានា​ដ៏​អស្ចារ្យ​បំផុត​តាម​អ៊ិនធើរណែត រួម​មាន ធនធាន​ដែល​បាន​បង្កើត​ឡើង​ដោយ​សាសនាចក្រ​ដូច​ជា ព្រះគម្ពីរ​ដ៏​បរិសុទ្ធ​នានា និង សន្និសីទ​ទូទៅ​ដែល​មាន​ជា អត្ថបទ សំឡេង ផលិតកម្ម​ជា​វីដេអូ​ អំពី​ព្រះជន្ម និង ការបង្រៀន​នៃ​ព្រះយេស៊ូវគ្រីស្ទ កម្មវិធី apps ដើម្បី​កត់ត្រា​ពង្សប្រវត្តិ​របស់​យើង និង ឱកាស​ដើម្បី​ស្តាប់​តន្ត្រី​ដ៏​បំផុស​គំនិត ។

ជម្រើស និង អាទិភាព​ដែល​យើង​ធ្វើ​ជាមួយ​ពេលវេលា​យើង​លើ​អ៊ិនធើរណែត ​គឺ​មាន​ឥទ្ធិពល​ណាស់ ។ វា​អាច​កំណត់​ពី​ភាពរីកចម្រើន​ខាង​វិញ្ញាណ និង ភាព​ចាស់ទុំ​យើង​ក្នុង​ដំណឹង​ល្អ ព្រមទាំង​បំណង​ប្រាថ្នា​យើង​ក្នុង​ការរួមចំណែក​ដល់​ពិភពលោក​ដែល​ប្រសើរ​ជាង​នេះ ហើយ​រស់នៅ​ក្នុង​ជីវិត​កាន់តែ​មាន​ន័យ ។

ដោយ​មូលហេតុទាំងនេះ ថ្ងៃ​នេះ​ខ្ញុំ​ចង់​ប្រាប់​អំពី​ទម្លាប់​សាមញ្ញ​បីយ៉ាង ដែល​នឹង​បង្កើត​សកម្មភាព​តាម​អ៊ិនធើរណិត​ល្អ ។ ទម្លាប់​ទាំង​នេះ​នឹង​បង្កើត​ការវាស់វែង​ប្រចាំ​ថ្ងៃ​ដែល​ចំាបាច់​សម្រាប់​យើង ដើម្បី​រីកចម្រើន​ឲ្យ​កាន់តែ​ខិតជិត​ការបង្រៀន​នៃ​ព្រះវរបិតា​សួគ៌​យើង និង បុត្រា​ទ្រង់ គឺ​ព្រះយេស៊ូវគ្រីស្ទ ។

ទម្លាប់​ទី ១ ៖ ចូល​ទស្សនា​គេហទំព័រ​ធនធាន​សាសនាចក្រ​ជា​ផ្លូវការ​

សូមមើល​ធនធាន​ទាំង​នេះ​ជា​ញឹកញាប់​នៅ​អំឡុង​ពេល​នៃ​សប្តាហ៍ នឹង​ជួយ​យើង​ឲ្យ​ឆាប់​ចាប់​បាន​ជានិច្ច​នូវ​ការបង្រៀន​នៃ​ដំណឹង​ល្អ ហើយ​លើក​ទឹកចិត្ត​គ្រួសារ និង មិត្តភក្តិ​យើង ឲ្យ​គិត និង ពិចារណា​អំពី​អ្វីៗ​ដែល​សំខាន់​បំផុត ។

ទម្លាប់​ទី ២ ៖ សូម​ចុះ​ឈ្មោះ​លើ​បណ្តាញ​សង្គម​ជា​ផ្លូវការ​របស់​សាសនាចក្រ

ជម្រើស​នេះ​នឹង​នាំ​ឲ្យ​អេក្រង់​កុំព្យូទ័រ​អ្នក​មាន​នូវ​អ្វី​ដែល​ចាំបាច់​ដើម្បី​រុករក ហើយស្វែងរក​ព្រះអម្ចាស់ និង ការបង្រៀន​ទ្រង់ ហើយ​ពង្រឹង​បំណង​ប្រាថ្នា​បងប្អូន​ដើម្បី​ស្វែងយល់​អំពី​ដំណឹង​ល្អ​ឲ្យ​កាន់តែ​ខ្លាំង ។ សំខាន់​ជាងនោះ ការណ៍​នេះ​នឹង​ជួយ​អ្នក​ចងចាំ​នូវ​អ្វី​ដែលព្រះគ្រីស្ទ​រំពឹង​ពីយើងម្នាក់ៗ ។

គឺ​ដូច​ជា​ឃ្លា​ថា « ដី​គ្មាន​ជីជាតិ​ឡើយ ​បើ​គ្មាន​កសិករ​ល្អ​នោះ » ដូចគ្នា​នេះ​ដែរ នឹង​គ្មាន​លទ្ធផល​ល្អ​មក​ពី​ការប្រើ​អ៊ិនធើរណែត​ឡើយ លុះត្រា​តែ​យើង​ដាក់​អាទិភាព​តាំង​ពី​ដើម​ទី​ ដើម្បី​​ដៃ និង ចិត្ត​របស់​យើង​ងាយ​ចូលប្រើ​ប្រាស់ ។

ទម្លាប់​ទី ៣ ៖ សូម​ឆ្លៀតពេល​ទុក​ឧបករណ៍​ចល័ត​របស់​អ្នក​មួយ​អន្លើរ​សិន

វា​នឹង​ធ្វើ​ឲ្យ​ស្រស់ស្រាយ​ឡើង​វិញ​ នៅពេល​យើង​ទុក​ឧបករណ៍​អេឡិចត្រូនិច​មួយ​អន្លើរ​សិន ហើយ​បើក​ព្រះគម្ពីរ​អាន ឬ ចំណាយ​ពេល​សន្ទនា​ជាមួយ​គ្រួសារ និង មិត្តភក្ដិ ។ ជាពិសេស​នៅ​ថ្ងៃ​របស់​ព្រះអម្ចាស់ ដែល​ជា​បទពិសោធន៍​នៃ​ក្តីសុខសាន្ត​នៃ​ការចូលរួម​ក្នុង​ការប្រជុំ​សាក្រាម៉ង់ ដោយ​ពុំ​​គិត​មមៃ​ជាប់​ជានិច្ច​ថា តើ​មាន​សារ ឬ ការចុះ​ផ្សាយ​ថ្មីៗ​នោះ​ឡើយ ។

ទម្លាប់​នៃ​ការទុក​ឧបករណ៍​ចល័ត​របស់​បងប្អូន​​មួយ​អន្លើរ នោះ​នឹង​ពង្រីក ហើយ​បង្កើន​ទស្សនៈនៃ​ជីវិត ដ្បិត​ជីវិត​មិន​ត្រូវ​បាន​កំណត់​ត្រឹម​អេក្រង់​ទំហំ ​១០ សង់​ទីម៉ែត្រ​នេះ​ឡើយ ។

ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ​បានមានបន្ទូលថា « ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា ដូច​ជា​ព្រះវរបិតា ទ្រង់​ស្រឡាញ់​ខ្ញុំ​ដែរ ចូរ​នៅ​ជាប់​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ខ្ញុំ​ចុះ » ។ ព្រះ​ចង់​ឲ្យយើង​មានក្ដីអំណរ ហើយ​ដឹង​ពី​ក្ដីស្រឡាញ់​របស់ទ្រង់ ។ ព្រះគ្រីស្ទ បង្កើត​សេចក្តី​អំណរ​បែប​នោះ​ឲ្យ​មាន​ដល់​យើង​ម្នាក់ៗ ។ យើង​មាន​មធ្យោបាយ​ច្រើន​ដើម្បី​ស្គាល់​ទ្រង់ ហើយ​រស់នៅ​តាម​ដំណឹង​ល្អ​ទ្រង់​ឲ្យ​បាន​កាន់តែ​ប្រសើរ ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ខ្ញុំ​អំពី​ក្តីអំណរ ​ដែល​នឹង​មាន ​ពេល​យើង​គោរព​បញ្ញត្តិ​នានា និង​អំពី​ក្តី​សុខសាន្ត និង សុវត្ថិភាព ​ដែល​យើង​​ទទួល​អារម្មណ៍ ពេល​យើង​នៅ​ជាប់​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ព្រះវរបិតា​សួគ៌ និង ព្រះរាជ​បុត្រា​ទ្រង់ ​ដែល​ជា​អង្គ​សង្គ្រោះ​យើង ។ នៅ​ក្នុង​ព្រះ​នាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។