ឆ្នាំ ២០១០-២០១៩
ព្រះ​ដ៏​ជា​ជំនួយ
ខែ មេសា 2015


ព្រះ​ដ៏​ជា​ជំនួយ

ខ្ញុំ​សូម​ធ្វើ​សាក្សី​ថា ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់ បញ្ជូន​ព្រះវិញ្ញាណ​បរិសុទ្ធ ជា​អង្គលួងលោម​ចិត្ត ​ដល់​អ្នក​ដែលទូលសូមទ្រង់​ឲ្យ​កម្សាន្តចិត្ត ។

បងប្អូន​ប្រុស​ស្រី វា​ជា​ក្ដីអំណរ​​ដែលខ្ញុំ​នៅ​ជាមួយ​នឹង​បងប្អូន ។ ខ្ញុំ​បាន​គិត​ពី​ម្ដាយ​ខ្ញុំ ភរិយា​ខ្ញុំ កូនស្រី កូន​ប្រសារស្រី ចៅស្រី--នឹង​ស្រ្ដី​ជាច្រើន​នៅទីនេះ ។ កម្មវិធី​ដ៏ល្អ​នេះ បានធ្វើ​ឲ្យ​ខ្ញុំ​មាន​អំណរគុណ​ច្រើន​ដល់ពួកគាត់ ។ ខ្ញុំ​ទទួល​ស្គាល់​ថា​ការ​មាន​គ្រួសារ​មួយ និង​ជីវិត​គ្រួសារ​ដ៏​ល្អ​មួយ​ដូច្នេះ កើតមាន​មកពី​ពួកគេ​មានព្រះអង្គសង្គ្រោះ​នៅ​ជា​ស្នូល​នៃ​ជីវិត​រស់នៅ​របស់​ពួកគេ​ម្នាក់ៗ ។ យើង​បានចងចាំ​ទ្រង់​នាយប់នេះ​ក្នុង​បទចម្រៀង ការអធិស្ឋាន និង​តាមរយៈ​ទេសនកថា​ដ៏​បំផុសគំនិត ។ លក្ខណៈ​មួយ​របស់​ព្រះអង្គ​សង្គ្រោះ ដែល​យើង​ពេញ​ចិត្ត​បំផុត​គឺ​ក្ដី​មេត្តាករុណាគ្មាន​ទី​បញ្ចប់​នៃ​ទ្រង់ ។

នា​យប់​នេះ បងប្អូន​​ដឹង​ថា ទ្រង់​ស្គាល់ និង​ស្រឡាញ់​បងប្អូន ។ បងប្អូន​ដឹង​ពី​ក្ដី​ស្រឡាញ់​ទ្រង់​សម្រាប់​អ្នកទាំងឡាយ​ដែល​អង្គុយ​​នៅ​​​ក្បែរ​បងប្អូន ។ ពួកគេ​ជា​បងប្អូន​ស្រី​របស់​បងប្អូន ជា​បុត្រី​ខាង​វិញ្ញាណ​នៃ​ព្រះវរបិតាសួគ៌​យើង ។ ទ្រង់​យកព្រះទ័យ​ទុកដាក់​នឹង​ពួកគាត់ ពេល​ទ្រង់​យកព្រះទ័យទុកដាក់នឹង​បងប្អូន ។ ទ្រង់​យល់ពី​ការសោកសៅ​របស់ពួកគាត់​ទាំងអស់ ។ ទ្រង់​ចង់លួងលោម​ពួកគាត់ ។

សារលិខិត​របស់​ខ្ញុំ​ដល់បងប្អូន​នា​យប់នេះ​គឺ​ថា បងប្អូន​អាច និង​ត្រូវតែ​ជា​ចំណែក​ដ៏សំខាន់​នៃ​ការផ្ដល់ការលួងលោមចិត្ត​របស់ទ្រង់ ទៅ​ដល់អ្នកទាំងឡាយ​ដែល​ត្រូវការ​ការលួងលោម​ចិត្ត ។ បងប្អូន​អាច​ធ្វើចំណែក​បងប្អូន​ល្អបំផុត បើ​បងប្អូន​ដឹង​ច្រើន​ពី​របៀប​ដែលទ្រង់​ឆ្លើយ​​តប​ការ​អធិស្ឋាន​សុំ​ជំនួយ​ទាំងនោះ ។

មនុស្ស​ជា​ច្រើន​អធិស្ឋាន​ទៅ​ព្រះវរបិតាសួគ៌​សូម​​ភាពធូរស្បើយ សូមជំនួយ​ក្នុង​ការរែក​​បន្ទុក​នៃ​ភាពសោកសៅ ភាពឯកោ និង ភ័យខ្លាច ។ ព្រះវរបិតាសួគ៌​ឮ​ការអធិស្ឋាន ហើយ​យល់​ពី​តម្រូវការ​ពួកគេ ។ ទ្រង់ និង បុត្រា​ទ្រង់ ដែល​ជា​ព្រះយេស៊ូវគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់ឡើង​វិញ បាន​សន្យា​ថា​នឹង​ជួយ ។

ព្រះយេស៊ូវ​គ្រីស្ទ​ប្រទាន​នូវការ​សន្យា​ដ៏​ផ្អែមល្ហែម​នេះ​ថា

« អស់​អ្នក​ដែល​នឿយ​ព្រួយ ហើយ​ផ្ទុក​ធ្ងន់​អើយ ចូរ​មក​ឯ​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ឈប់​សម្រាក ។

« ចូរ​ទទួល​នឹម​ខ្ញុំ ហើយ​រៀន​នឹង​ខ្ញុំ​ចុះ ដ្បិត​ខ្ញុំ​ស្លូត ហើយ​មាន​ចិត្ត​សុភាព នោះ​អ្នក​រាល់​គ្នា​នឹង​បាន​សេចក្តី​សម្រាក​ដល់​ព្រលឹង ។

« ពី​ព្រោះ​នឹម​ខ្ញុំ​ងាយ​ទេ ហើយ​បន្ទុក​ខ្ញុំ​ក៏​ស្រាល » ។

បន្ទុក​ដែល​អ្នក​បម្រើ​ទ្រង់​ត្រូវ​តែ​រែក​​ក្នុង​ជីវិត​នេះ ត្រូវបាន​សម្រាល​ដោយ​ដង្វាយធួន​ទ្រង់ ។ បន្ទុក​នៃ​អំពើបាប​អាច​ត្រូវ​បាន​ដក​ចេញ ប៉ុន្តែ​ការសាកល្បង​នៃ​ជីវិត​រមែង​ស្លាប់​សម្រាប់មនុស្ស​ល្អ​អាចនៅ​តែ​ជាបន្ទុក​ធ្ងន់​ដដែល ។

បងប្អូន​បាន​ឃើញ​ការសាកល្បង​បែបនោះ​ក្នុង​ជីវិត​មនុស្ស​សុចរិត ដែល​បងប្អូន​ស្រឡាញ់ ។ បងប្អូន​ចង់​ជួយ​ពួកគេ ។ មាន​ហេតុផល​មួយ ដែល​បណ្ដាល​ឲ្យ​បងប្អូន​មាន​ក្តីមេត្តាករុណា​ចំពោះ​ពួកគេ ។

បងប្អូន​គឺ​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ ការ​ផ្លាស់ប្ដូរ​ដ៏ធំមួយ បាន​ចាប់​ផ្ដើម​មានក្នុងដួងចិត្ត​បងប្អូន នៅពេល​បងប្អូន​មក​ក្នុង​សាសនាចក្រ ។ បងប្អូន​បាន​ធ្វើ​សេចក្ដីសញ្ញា​មួយ ហើយ​បងប្អូន​បាន​ទទួល​ការសន្យា​មួយ ដែល​បាន​ចាប់​ផ្ដើម​ផ្លាស់ប្ដូរ​ចរិត​បងប្អូន ។

អាលម៉ា បានពិពណ៌នា​ នៅក្នុង​សម្ដី​លោក នៅទឹក​ទន្លេមរមន អំពី​អ្វី​ដែលបងប្អូន​បាន​សន្យា​នៅក្នុងពិធីបុណ្យជ្រមុជទឹក​របស់បងប្អូន និង​អ្វី​ដែល​វា​នឹង​មានន័យចំពោះបងប្អូន និង​មនុស្ស​គ្រប់គ្នា--ជាពិសេស​គ្រួសារ​របស់​បងប្អូន ។ គាត់​​បាន​ថ្លែង​ទៅ​អ្នក​ដែល​ហៀប​នឹង​ចុះសេច​ក្ដី​សញ្ញា ដែល​បងប្អូន​បាន​ចុះ ហើយ​ពួកគេក៏​ទទួល​បាន​ការសន្យា ដែល​ព្រះអម្ចាស់​បាន​ធ្វើ​ជាមួយ​បងប្អូន​ដែរ ៖

« មើល​ចុះ នេះ​ជា​ទឹក​មរមន ( ព្រោះ​នេះ​ជា​ឈ្មោះ​ដែល​គេ​ហៅ ) ហើយ​ឥឡូវ​នេះ ដោយ​អ្នក​រាល់​គ្នា​មាន​បំណង​ចង់​ចូល​រួម​ក្នុង​ក្រោល​នៃ​ព្រះ ហើយ​ដើម្បី​ឲ្យ​បាន​ហៅ​ថា​ជា​រាស្ត្រ​របស់​ទ្រង់ ហើយ​យល់​ព្រម​ទទួល​បន្ទុក​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ឲ្យ​បន្ទុក​នោះ​បាន​ស្រាល

« មែន​ហើយ ហើយ​យល់​ព្រម​ទួញ​យំ​ជាមួយ​នឹង​អ្នក​ណា​ដែល​ទួញ​យំ មែន​ហើយ ហើយ​កំសាន្ត​ទុក្ខ​ដល់​អស់​អ្នក​ណា​ដែល​កំពុង​ត្រូវការ​កំសាន្ត​ទុក ហើយ​ឈរ​ជា​សាក្សី​ដល់​ព្រះ​នៅ​គ្រប់​ពេល និង គ្រប់​សេចក្ដី និង គ្រប់​ទីកន្លែង​ដែល​អ្នក​រាល់​គ្នា​បាន​នៅ រហូត​ដល់​ពេល​ស្លាប់ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​បាន​ប្រោស​សោះ​ដោយ​ព្រះ ហើយ​បាន​រាប់​ជា​មួយ​នឹង​ពួក​អ្នក​នៃ​ដំណើរ​រស់​ឡើង​វិញ​ទី​មួយ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​មាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច » ។

នោះ​ជា​ហេតុ​ដែល​បងប្អូន​មាន​អារម្មណ៍​ចង់​ជួយ​មនុស្សម្នាក់ ដែល​ពុះពារ​ឆ្ពោះ​ទៅ​មុខក្រោម​ភាពសោកសៅ និងក្ដី​លំបាក​នោះ ។ បងប្អូន​សន្យា​ថា នឹង​ជួយ​ព្រះអម្ចាស់​ធ្វើ​ឲ្យ​បន្ទុក​ពួកគេ​បាន​ស្រាល និង​ត្រូវ​បានលួងលោមចិត្ត ។ ពេល​បងប្អូន​ទទួល​អំណោយទាន​ព្រះវិញ្ញាណ​បរិសុទ្ធ បងប្អូន​ត្រូវបាន​ប្រទាន​ឲ្យ​នូវ​អំណាច ដើម្បី​ជួយ​សម្រាល​បន្ទុក​ទាំងនោះ ។

នៅពេល​ទ្រង់​ហៀប​នឹង​ត្រូវ​គេ​ឆ្កាង នោះព្រះអង្គស​ង្គ្រោះ​បាន​ពិពណ៌នា​អំពី​វិធី​ដែល​ទ្រង់​ជួយ​សម្រាល​បន្ទុក ហើយ​ប្រទាន​កម្លាំង​ដើម្បី​រែក​បន្ទុក​នោះ ។ ទ្រង់​ជ្រាប​ថា ពួក​សិស្ស​ទ្រង់​នឹង​សោកសង្រេង ។ ទ្រង់ជ្រាប​ថា ពួកគេ​នឹង​ភ័យខ្លាច​ចំពោះអនាគត​ពួកគេ ។ ទ្រង់​ជ្រាប​ថា ពួកគេ​នឹង​ពុំ​ប្រាកដ​ថា​ខ្លួន​អាច​បន្ត​ទៅ​មុខ​ទៀត​នោះ​ទេ ។

ដូច្នេះទ្រង់​បាន​សន្យា​នឹង​ពួកគេ​ដូច​បាន​សន្យា​នឹង​យើង ​និង​ដល់​ជា​សិស្ស​ពិត​របស់​ទ្រង់ទាំងអស់​​ថា ៖

« នោះ​ខ្ញុំ​នឹង​ទូល​សូម​ដល់​ព្រះវរបិតា ហើយ​ទ្រង់​នឹង​ប្រទាន​ព្រះ​ដ៏​ជា​ជំនួយ ១ អង្គ​ទៀត មក​អ្នក​រាល់​គ្នា ឲ្យ​បាន​គង់​នៅ​ជា​មួយ​នៅ​អស់​កល្ប​រៀង​ទៅ ។

« គឺ​ជា​ព្រះវិញ្ញាណ​នៃ​សេចក្តី​ពិត ដែល​លោកីយ៍​ទទួល​ពុំ​បាន ព្រោះ​មិន​ឃើញ ហើយ​មិន​ស្គាល់​ទ្រង់​សោះ តែ​អ្នក​រាល់​គ្នា​ស្គាល់​ទ្រង់ ដ្បិត​ទ្រង់​គង់​ជា​មួយ ក៏​នឹង​សណ្ឋិត​នៅ​ក្នុង​អ្នក​រាល់​គ្នា​ដែរ »

រួច​ទ្រង់​បាន​សន្យា​ថា ៖

« តែ​ព្រះ​ដ៏​ជា​ជំនួយ គឺ​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​ព្រះវរបិតា​នឹង​ចាត់​មក ដោយ​នូវ​ឈ្មោះ​ខ្ញុំ ទ្រង់​នឹង​បង្រៀន​អ្នក​រាល់​គ្នា ពី​គ្រប់​សេចក្តី​ទាំង​អស់ ក៏​នឹង​រំឭក​ពី​គ្រប់​ទាំង​សេចក្តី ដែល​ខ្ញុំ​បាន​ប្រាប់​ដល់​អ្នក​រាល់​គ្នា​ដែរ ។

« ខ្ញុំ​ទុក​សេចក្តី​សុខ​នៅ​នឹង​អ្នក​រាល់​គ្នា គឺ​ខ្ញុំ​ឲ្យ​សេចក្តី​សុខ​សាន្ត​របស់​ខ្ញុំ​ដល់​អ្នក​រាល់​គ្នា ហើយ​ដែល​ខ្ញុំ​ឲ្យ នោះ​មិន​មែន​ដូច​ជា​លោកីយ៍​ឲ្យ​ទេ ។ កុំ​ឲ្យ​ចិត្ត​អ្នក​រាល់​គ្នា​ថប់​បារម្ភ ឬ ភ័យ​ឡើយ » ។

កាល​ប៉ុន្មាន​សប្ដាហ៍​មុន ខ្ញុំ​ឃើញ​ថា កិច្ចសន្យា​នោះ​បាន​បំពេញ​ក្នុង​ជីវិត​ខ្ញុំ និង ជីវិត​នៃ​អ្នក​ដែល​បាន​អង្វរ​ក្នុងការ​អធិស្ឋាន ​ឲ្យ​បន្ទុក​ពួកគេ​បាន​ស្រាល ។ អព្ភូតហេតុ​ដែលបន្ទុក​ត្រូវ​បាន​សម្រាល​កើតមាន​មកតាម​វិធីមួយ​ដែលព្រះអម្ចាស់​បានសន្យា ។ ទ្រង់ និងព្រះបិតាសួគ៌​បានបញ្ជូន​ព្រះវិញ្ញាណបរិសុទ្ធ​ជា​អង្គលួងលោម​ចិត្ត​ចំពោះ​ពួកសិស្ស​របស់ទ្រង់ ដើម្បីជួយ ។

ថ្មី​នេះ​ជំនាន់​ទីបី​នៃ​គ្រួសារ​មួយ ត្រូវ​បាន​សោកសៅ​ក្នុង​ការ​ស្លាប់​នៃ​ក្មេង​ប្រុស​អាយុ​ប្រាំ​ឆ្នាំ​ម្នាក់ ។ គាត់​បាន​ស្លាប់ដោយ​គ្រោះថ្នាក់​ពេល​ទៅវិស្សមកាលជាមួយគ្រួសារ​គាត់ ។ ខ្ញុំ​មាន​ឱកាស​ដើម្បី​មើល​ឃើញ​ម្ដងទៀត​អំពី​របៀប​ដែលព្រះអម្ចាស់​ប្រទានពរ​ដល់​ពួកស្មោះ​ត្រង់​នូវការ​សម្រាលបន្ទុក និង​កម្លាំង​ដើម្បីកាន់ខ្ជាប់ ។

ខ្ញុំ​បាន​មើល​ឃើញ​របៀប​ដែលព្រះអម្ចាស់​បានធ្វើ​ឲ្យ​បន្ទុក​ពួកគេ​បានស្រាល ។ ខ្ញុំ​បាន​នៅនឹង​ពួកគេ​ក្នុង​នាម​ជា​អ្នក​បម្រើក្នុង​​សេចក្ដី​សញ្ញា​ព្រះអម្ចាស់​—ដូច​​អ្នក​នឹង​ធ្វើ​ក្នុង​ជីវិត​ដែរ—« គឺ​ទួញ​យំ​នឹង​អ្នក​ណា​ដែល​ទួញ​យំ … កម្សាន្ត​ទុក្ខ​ដល់​អស់​អ្នក​ណា​ដែល​កំពុង​ត្រូវការ​កម្សាន្ត​ទុក្ខ » ។

ដោយសារ​ខ្ញុំ​ដឹង​ថា វាជាការពិត ខ្ញុំ​រីករាយ ហើយ​មានភាព​សុខសាន្ដ​ពេល​ជីដូនជីតា​បានអញ្ជើញ​ខ្ញុំ​ឲ្យជួប​នឹង​ពួកលោក និង​ឪពុក​ម្ដាយ​របស់ក្មេងតូច​នោះ​មុនពេល​បុណ្យសព ។

ខ្ញុំ​បាន​អធិស្ឋាន​ ដើម្បី​ដឹង​វិធី​​អាច​ជួយ​ព្រះអម្ចាស់​កម្សាន្តចិត្ត​ពួកគេ ។ ពួកគេ​បាន​អង្គុយ​ជាមួយ​ខ្ញុំ​ក្នុង​បន្ទប់​ទទួល​ភ្ញៀវ​យើង ។ ខ្ញុំ​បាន​បង្កាត់​ភ្លើង​ក្នុង​ឡ ដើម្បី​ធ្វើ​ឲ្យ​បន្ទប់​នោះ​មាន​ភាព​កក់ក្ដៅ​នា​ល្ងាច​ដ៏​ត្រជាក់​នោះ ។

ខ្ញុំ​មានអារម្មណ៍​ឲ្យ​ប្រាប់ពួកគេ​ថា ខ្ញុំ​ស្រឡាញ់ពួកគេ ។ ខ្ញុំ​ប្រាប់ពួកគេ​ថា ខ្ញុំ​ដឹងពីក្ដីស្រឡាញ់​របស់ព្រះអម្ចាស់ចំពោះពួកគេ ។ ខ្ញុំ​ព្យាយាម​ប្រាប់ពួកគាត់តែពីរ​បីម៉ាត់ថា ខ្ញុំ​ទួញយំ​នឹងពួកគេ ប៉ុន្តែ​នោះមានតែព្រះអម្ចាស់​ទេ​ដែលដឹង ហើយ​អាច​ដឹង​ដោយឥតខ្ចោះ​នូវការ​ឈឺចាប់ និង​ទុក្ខសោក​របស់ពួកគេ​នោះ ។

បន្ទាប់ពី​និយាយពាក្យទាំងនេះ​ហើយ ខ្ញុំ​មានអារម្មណ៍​ថា​ឲ្យ​ស្ដាប់​ដោយក្ដីស្រឡាញ់ ពេលពួកគេ​និយាយ​អំពី​អារម្មណ៍​របស់ពួកគេ ។

កាល​យើង​អង្គុយ​ជាមួយ​គ្នា​នោះ ពួកគេ​បាន​និយាយ​ច្រើន​ជាង​ខ្ញុំ​ទៅ​ទៀត ។ ខ្ញុំ​អាច​ដឹង​តាម​សំឡេងពួកគេ និង​មើល​ទៅ​កែវភ្នែក​ពួកគេ​ដឹងថា ព្រះ​វិញ្ញាណ​បរិសុទ្ធ​កំពុង​លួងលោម​ចិត្ត​ពួកគេ ។ ​ពួកគេ​បាន​ថ្លែង​អំពី​អ្វី​បាន​កើត​ឡើង និង​របៀប​ដែលពួកគេ​ដឹង ជា​ពាក្យ​ថ្លែងទីបន្ទាល់​សាមញ្ញៗ ។ ព្រះវិញ្ញាណ​បរិសុទ្ធ​បានប្រទាន​ភាព​សុខសាន្ដ​ដល់ពួកគេ ដែល​កើត​មានជាមួយ​នឹង​ក្ដី​សង្ឃឹម​នៃជីវិត​ដ៏អស់កល្បជានិច្ច នៅពេល​កូនប្រុស​របស់​ពួកគេ ដែល​ស្លាប់ទៅដោយគ្មានអំពើបាប អាច​នៅជាមួយ​ពួកគេ​ជានិរន្ដរ៍ ។

ពេល​ខ្ញុំ​ផ្ដល់​ការប្រសិទ្ធពរ​បព្វជិតភាព​ដល់​គេ​គ្រប់​គ្នា ខ្ញុំ​បាន​អរគុណ​​ចំពោះ​អនុភាព​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​មាន​វត្តមាន​នៅ​ទី​នោះ ។ អង្គលួងលោមចិត្ត​បានមក នាំ​ក្ដីសង្ឃឹម ភាព​ក្លាហាន និង បង្កើន​កម្លាំង​សម្រាប់យើង​ទាំងអស់​គ្នា ។

នា​ល្ងាច​នោះ ខ្ញុំ​បាន​ឃើញ​វិធី​ដែល​ព្រះអម្ចាស់​ធ្វើការ​ជាមួយ​យើង​ ក្នុង​ការសម្រាល​បន្ទុក​នៃ​រាស្ត្រ​ទ្រង់ ។ បងប្អូន​ចាំទេ​​នៅ​ក្នុង​ព្រះគម្ពីរ​មរមន កាល​រាស្ត្រ​ទ្រង់​ត្រូវបាន​គាបសង្កត់ ដោយ​នូវ​បន្ទុក​ដែល​ដាក់​នៅ​លើ​ខ្នង​​គេ​ដោយ​មេការ​ដ៏​ឃោរឃៅ ។

រាស្ត្រ​​ទាំងនោះ​បាន​អង្វរ​សុំ​ការ​សម្រាល ក៏​ដូចជាមនុស្ស​​ដែល​យើង​ស្រឡាញ់ ហើយ​បម្រើ បាន​ធ្វើ​ដែរ ។ នេះ​ជា​ដំណើររឿង ដែល​ខ្ញុំ​ដឹង​ថា​ជា​ការពិត ៖

« យើង​នឹង​សម្រាល​បន្ទុក​ទាំងឡាយ ដែល​ដាក់​នៅ​លើ​ស្មា​អ្នក​ផង ហើយ​សូម្បី​តែ​រូប​អ្នក​ក៏​នឹង​មិន​អាច​ចាប់​អារម្មណ៍​ថា មាន​បន្ទុក​ទាំងនោះ​នៅ​លើ​ខ្នង​អ្នក​ឡើយ ទោះ​នៅ​ពេល​អ្នក​ជាប់​នៅ​ក្នុង​សេវកភាព​ក្ដី ហើយ​យើង​នឹង​ធ្វើ​ការនេះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា អាច​ឈរ​ជា​សាក្សី​ដល់​យើង​ពី​អំណិះ​តទៅ ហើយ​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​ដឹង​ជា​ពិត​ប្រាកដ​ថា ព្រះអម្ចាស់​ដ៏​ជា​ព្រះ​មក​រក​រាស្ត្រ​យើង​ក្នុង​ពេល​គេ​ស្ថិត​ក្នុង​សេចក្ដី​វេទនា ។

« ហើយឥឡូវនេះ ហេតុការណ៍​បានកើត​ឡើង​ថា បន្ទុកទាំងឡាយ​ដែលដាក់នៅលើអាលម៉ា និងបងប្អូន​លោក ​ត្រូវបានសម្រាលទៅ មែន​ហើយ ព្រះអម្ចាស់ទ្រង់បានចំរើនកម្លាំង​ឲ្យគេ​ ដើម្បីឲ្យគេអាចទ្របន្ទុក​ទាំងឡាយ​របស់​គេ ​បានងាយ ហើយ​ពួកគេបាន​ធ្វើតាមអស់ទាំង​ព្រះហឫទ័យនៃព្រះអម្ចាស់» ។

ខ្ញុំ​បាន​ឃើញ​អព្ភូហេតុ​បែបនោះ​ច្រើន​ដង​ហើយ ។ យើង​សម្រាល​បន្ទុក​មនុស្ស​ដទៃ​ បាន​ប្រសើរ​បំផុត ដោយ​ការជួយ​ព្រះអម្ចាស់​ពង្រឹង​ពួកគេ ។ នេះ​ជា​មូលហេតុ​ព្រះអម្ចាស់​បាន​បញ្ចូល​វា​​ក្នុងទំនួលខុសត្រូវ​យើង ដើម្បី​កម្សាន្ត​ចិត្ត​មនុស្ស​ដទៃ ជា​ការបញ្ជា​ឲ្យ​ឈរ​ជា​សាក្សី​ទ្រង់​គ្រប់​ពេល​វេលា និង គ្រប់​ទីកន្លែង ។

ឪពុកម្ដាយ​​ក្មេង​ប្រុស​តូច​នោះ បាន​ថ្លែងទីបន្ទាល់​អំពី​ព្រះអង្គ​សង្គ្រោះ​នា​លា្ងច​នោះ​ក្នុង​បន្ទប់​ទទួល​ភ្ញៀវ​ខ្ញុំ ។ ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​យាង​មក ហើយ​យើង​ទាំង​អស់គ្នា​ត្រូវ​បាន​លួងលោម​ចិត្ត ។ ឪពុក​ម្ដាយ​នោះ​ត្រូវ​បាន​ចម្រើន​កម្លាំង ។ បន្ទុក​នៃ​ភាពសោកសៅ​ពុំ​រសាយ​បាត់​ទៅ​ឡើយ តែ​ពួកគេ​ត្រូវបាន​ពង្រឹង​ឲ្យទ្រាំទ្រ​ភាពសោកសៅ​នោះ ។ ជំនឿ​របស់ពួកគេ​កើនឡើង ។ ហើយភាពរឹងមាំរបស់​​ពួកគេ​នឹង​បន្ត​រឹងមាំ​ឡើង ដរាប​ណា​ពួកគេ​ទូលសុំ ហើយ​រស់នៅតាមនោះ ។

សាក្សី​នៃ​ដង្វាយធួន​របស់ព្រះវិញ្ញាណ​ដែល​មាននៅ​យប់នោះ ក៏​បាន​ពង្រឹង​ដល់យ៉ូប​ឲ្យ​រែក​បន្ទុក​របស់គាត់​ផងដែរ​ថា ៖

« ដ្បិត​ខ្ញុំ​ដឹង​ថា អ្នក​ដែល​លោះ​ខ្ញុំ​ទ្រង់​មាន​ព្រះជន្ម​រស់​នៅ ហើយ​ដល់​ជាន់​ក្រោយ​ទ្រង់​នឹង​មក​ឈរ​នៅ​លើ​ផែនដី ៖

« ហើយ​ទោះ​សំបក​កាយ​នេះ​រលាយ​ទៅ គឺ​ក្រៅ​ពី​រាងកាយ​នោះ​យើង​នឹង​បាន​ឃើញ​ព្រះ » ។

សាក្សី​ពី​ព្រះវិញ្ញាណ​នោះ​ហើយ ដែល​បាន​ផ្ដល់​ភាពរឹងមាំ​ដល់​គាត់​ឲ្យកាន់ខ្ជាប់ ។ គាត់​បាន​ឆ្លងកាត់​ការទួញសោក និង កង្វះ​ការកម្សាន្តចិត្ត​ពី​មនុស្ស​ជុំវិញ​ខ្លួន ដើម្បី​​ឃើញ​ក្ដី​អំណរ ដែល​កើត​មាន​ដល់​មនុស្ស​ស្មោះត្រង់ បន្ទាប់​ពី​បាន​ឆ្លង​កាត់​ការសាកល្បង​​ដោយ​ខ្ជាប់ខ្ជួន ។

វា​ជា​រឿង​ពិត​សម្រាប់ យ៉ូប ។ ពរជ័យជាច្រើន​បានកើតមាន​ដល់គាត់​ក្នុងជីវិត​នេះ ។ ប្រវត្តិ យ៉ូប បញ្ចប់​ទៅ​ដោយ​អព្ភូតហេតុ​ដូច​នេះ ៖

« ដូច្នេះ​ព្រះយេហូវ៉ា​ទ្រង់​បាន​ប្រទាន​ពរ​ដល់យ៉ូប នៅជាន់​ក្រោយនេះ ជាជាង​ជាន់ដើម​ទៅទៀត ។ …

« រី​ឯ​នៅ​គ្រប់​ក្នុង​ស្រុក​នោះ គ្មាន​ឃើញ​ស្ត្រី​ណា​ដែល​មាន​រូប​ឆោម​ពិសី ដូចជា​កូនស្រី​របស់ យ៉ូប នោះ​ទេ ៖ ហើយ​ឪពុក​ក៏​បែងចែក​មករដក​ដល់​កូនស្រី​ទាំងនោះ​ដូចជា​ដល់​បងប្អូន​ប្រុស​ដែរ ។

« ក្រោយ​ពី​នោះ​មក យ៉ូប រស់នៅ​បាន​មួយ​រយ​សែបសិប​ឆ្នាំ​ទៀត លោក​ក៏​ឃើញ​កូនចៅ​ខ្លួន​ត​ទៅ​ដល​បួន​ដំណ ។

« នោះយ៉ូប​បាន​ស្លាប់ទៅ​ដោយ​មាន​អាយុ​ជា​យឺនយូរ ហើយ​ស្កប់ស្កល់​នឹង​ជីវិត​ផង » ។

ជា​សាក្សី​ពី​ព្រះវិញ្ញាណ​អំពីដង្វាយធួន​ដែលនឹង​មកដល់ ដែល​យ៉ូបបានឃើញក្នុងការ​សាកល្បង​នៃ​ជីវិត ​នឹង​កើតឡើង​សម្រាប់​យើង​ទាំងអស់គ្នា​ ។ នេះ​ជា​ចំណែក​នៃ​ផែនការ​នៃ​សុភមង្គល​ដ៏​មហិមា ដែល​ព្រះវរបិតា​ប្រទាន​ឲ្យ ។ ទ្រង់​អនុញ្ញាត​ឲ្យ​បុត្រា​ទ្រង់​ប្រទាន​ក្ដី​សង្ឃឹម​លួងលោម​​យើង ​តាមរយៈ​ពលិកម្មធួន ​មិន​ថា​ការត្រឡប់​ទៅ​ទ្រង់វិញ​លំបាក​យ៉ាងណា​ឡើយ ។

ព្រះបិតា និង​ព្រះរាជបុត្រា​បានបញ្ជូន​ព្រះវិញ្ញាណបរិសុទ្ធ​ដើម្បី​លួងលោម និង​ពង្រឹង​ដល់​ពួកសិស្ស​អំពីលោកចៅហ្វាយ នៅក្នុង​ដំណើរ​របស់ពួកគេ ។

ខ្ញុំ​បាន​ឃើញ​អព្ភូតហេតុ​នៃ​ការកម្សាន្តចិត្ត​នេះ​កើតឡើង ពេល​ខ្ញុំ​ចេញ​​ក្រៅ​សាលា​ជំនុំ ដែល​បុណ្យសព​នៃ​ក្មេងប្រុស​តូច​នេះ​បាន​ប្រារព្ធ​ឡើង ។ ខ្ញុំ​បាន​យុវនារី​ជាទីស្រឡាញ់ម្នាក់​ហៅឈប់ ដែលខ្ញុំពុំ​ចាំនាងទេ ។ នាង​បាន​និយាយ​ថា នាង​កំពុង​ទៅ​​បុណ្យសព ដើម្បីជួយរំលែកទុក្ខ និង ផ្ដល់​ការលួងលោម​ចិត្ត បើនាង​អាចធ្វើបាន ។​

នាង​បាននិយាយថា នាង​ទៅបុណ្យសព​ជា​ផ្នែក​នៃ​ការលួងលោមចិត្ត​ខ្លួន​ឯង ។ នាង​បានប្រាប់ខ្ញុំ​ថា កូនដំបូង​របស់នាង​ទើបតែ​ស្លាប់ថ្មីៗ​នេះ ។ នាង​បានបីក្នុងដៃ​នាង​នូវកូនស្រីតូច​ដ៏ស្រស់ស្អាត ។ ខ្ញុំឈ្ងោកទៅមើល​មុខ​កូនតូច​កំពុងញញឹម​នោះ ។ ខ្ញុំបាន​សួរ​ម្ដាយទារក​ថា « តើ​កូនតូច​ឈ្មោះអ្វី ? » នាង​តបយ៉ាង​លឿន​ និង​ដោយរីករាយ​ថា « ឈ្មោះ​កូននេះគឺ ក្ដីអំណរ ។ អំណរ តែង​កើតមាន​ក្រោយ​ពី​ទុក្ខសោក » ។

គាត់​បាន​ថ្លែង​សាក្សី​មក​កាន់​ខ្ញុំ ។ ខ្ញុំ​អាច​ឃើញ​ថា ភាព​សុខសាន្ដ និង​ការកម្សាន្តចិត្ត​នោះ​កើតឡើង​ចំពោះ​គាត់ ​មក​​ពី​ប្រភព​ពិតតែ​ប៉ុណ្ណោះ ។ មានតែ​ព្រះ​ស្គាល់ដួងចិត្ត ហើយ​មាន​តែ​ទ្រង់​អាច​មានបន្ទូល​ក្នុង​សេចក្ដីពិត​ថា « យើង​ដឹង​ថា​អ្នកមាន​អារម្មណ៍​យ៉ាងណា » ។ ដូច្នេះ​ខ្ញុំ​អាច​នឹក​ស្រម៉ៃ​ឃើញ​តែ​ក្ដីអំណរ និង​ទុក្ខសោក​ដែលកើតមានពីមុន​វា ប៉ុន្ដែ​ព្រះអម្ចាស់​ដែលស្រឡាញ់​នាង​ដឹង ។

ខ្ញុំ​អាច​ដឹង​តែ​ខ្លះៗ​ថា​ទ្រង់មាន​ក្ដី​អំណរ​យ៉ាងណា​រាល់ពេលដែល​អ្នក ជា​សិស្ស​របស់ទ្រង់ ជួយទ្រង់​នាំ​ឲ្យ​មាន​គ្រា​នៃ​ក្ដី​សុខសាន្ដ និង​ក្ដីអំណរ​ចំពោះ​កូន​ម្នាក់​របស់​ព្រះវរបិតាសួគ៌​របស់​យើង ។

ខ្ញុំ​ថ្លែង​ជា​សាក្សី​ថា ព្រះអម្ចាស់​សុំ​ឲ្យ​យើង​ម្នាក់ៗ ជា​សិស្ស​របស់ទ្រង់ ជួយ​រែក​បន្ទុក​គ្នាទៅវិញទៅមក ។ យើង​បាន​សន្យា​ថា​នឹង​ធ្វើ​ដូចនេះ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា តាមរយៈ​ដង្វាយធួន និង ការមាន​ព្រះជន្ម​រស់ឡើងវិញ​របស់​ទ្រង់ បាន​ផ្ដាច់អំណាច​នៃ​សេចក្ដីស្លាប់ ។ ខ្ញុំ​សូម​ធ្វើ​សាក្សី​ថា ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់ បញ្ជូន​ព្រះវិញ្ញាណ​បរិសុទ្ធ ជា​អង្គលួងលោម​ចិត្ត ​ដល់​អ្នក​ដែលទូលសូមទ្រង់​ឲ្យ​កម្សាន្តចិត្ត ។

អ្នក​គឺជា​សាក្សី ដូចជា​ខ្ញុំ អំពី​សេចក្ដីពិត​នៃការចារិត​នៅលើ​ឃ្នាប​ម្ដាយរបស់ខ្ញុំ​ពាក់​ច្រើនជាង ២០ ឆ្នាំ​ក្នុងនាមជា​សមាជិក​នៃ​គណៈប្រធាន​សមាគម​សង្គ្រោះ​ទូទៅ ។ វា​អានថា « សេចក្ដីសប្បុរស​ពុំ​ដែលរលត់ឡើយ » ខ្ញុំនៅតែ​ពុំ​ដឹង​នូវអត្ថន័យពេញលេញ​នៃ​ពាក្យ​ទាំង​នេះ​ទេ ។ ប៉ុន្តែខ្ញុំ​បាន​ឃើញមួយភ្លែត ពេល​ខ្ញុំ​ឃើញ​នាង​ឈោង​ទៅជួយ​អ្នកដទៃ​ដែលខ្វះខាត ។ បទគម្ពីរ​ប្រាប់​យើង​សេចក្ដីពិត​នេះ ៖ « សេចក្តី​សប្បុរស គឺ​ជា​សេចក្ដី​ស្រឡាញ់​ដ៏​សុទ្ធសាធ​នៃ​ព្រះ​គ្រីស្ទ » ។១០

សេចក្ដីស្រឡាញ់​របស់ទ្រង់​ពុំ​ដែល​បាត់បង់​ឡើយ ហើយ​យើង​ពុំ​ដែល​ឈប់​មានអារម្មណ៍​ក្នុង​ដួងចិត្ត​យើង​នូវ​ការ​ជម្រុញ​ឲ្យ « គឺ​ទួញ​យំ​នឹង​អ្នក​ណា​ដែល​ទួញ​យំ … កម្សាន្ត​ទុក្ខ​ដល់​អស់​អ្នក​ណា​ដែល​កំពុង​ត្រូវការ​កម្សាន្ត​ទុក្ខ » ។១១ ហើយ​សេចក្ដីសុខ​សាន្ដ​ដែល​ទ្រង់​សន្យា​នឹង​ពុំ​ដែល​ចេញ​ពី​យើង​ឡើយ នៅពេល​យើង​បម្រើ​អ្នកដទៃ​ដើម្បីទ្រង់ ។

ក្នុង​នាម​ជា​សាក្សី​ទ្រង់ ខ្ញុំ​សូមសម្ដែង​ការ​ដឹងគុណ​ចំពោះអ្វី​ដែលបងប្អូន​ធ្វើ​យ៉ាង​ល្អ​ដើម្បី​ជួយ​ព្រះអម្ចាស់ដ៏​មានព្រះជន្ម​រស់ ជាព្រះយេស៊ូវ​គ្រីស្ទ និង​ព្រះវិញ្ញាណបរិសុទ្ធ ជា​អង្គ​លួងលោម​ចិត្ត ពង្រឹង​ដល់ជង្គង់​ដែល​ញ័រ និងលើក​ដៃ​ដែល​រោយ ។១២ ខ្ញុំ​មាន​អំណរគុណ​ដោយអស់ពីចិត្ត​ចំពោះ​ស្ត្រីទាំងឡាយ​​នៅក្នុង​ជីវិត​ខ្ញុំ ដែល​បាន​ជួយ​ខ្ញុំ ហើយ​ប្រទានពរ​ខ្ញុំ​ក្នុងនាមជា​សិស្ស​ពិត​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន។