ឆ្នាំ ២០១០-២០១៩
ក្រុម​គ្រួសារ គឺ​មក​ពី​ព្រះ
ខែ មេសា 2015


ក្រុម​គ្រួសារ គឺ​មក​ពី​ព្រះ

យើង​ម្នាក់ៗ​មាន​ចំណែក​យ៉ាង​សំខាន់​​ក្នុង​ក្រុម​គ្រួសារ​របស់​ព្រះ ។

តើ​មាន​អ្វី​ដែល​ស្រស់ស្អាត និង​ជ្រាលជ្រៅ​ជាង​សេចក្ដីពិត​ដ៏​​សាមញ្ញ​ ហើយ​បរិសុទ្ធ​​នៃ​ដំណឹងល្អ​ដែល​បាន​បង្រៀន​នៅ​ក្នុង​ចម្រៀង​កុមារ​ដែរ​ឬទេ ? ហើយ​កុមារី​អង្គការ​បឋមសិក្សា​ទាំងអស់នា​យប់នេះ​ ចេះ​ចម្រៀង​ដែល​យើង​នឹង​និយាយ​នេះ ។ ប្អូនៗ​បាន​រៀន​បទនេះ នៅ​ក្នុង​កម្មវិធី​បឋម​សិក្សា​ឆ្នាំ​មុន ។

ក្នុង​ទំនុកបទ « ក្រុម​គ្រួសារ គឺ​មក​ពី​ព្រះ »—ត្រូវ​បាន​ច្រៀង​មុន​នេះ​បន្តិច ក្នុង​ការ​ប្រជុំ​នេះ—យើង​ត្រូវ​បាន​រំឭក​ពី​គោលលទ្ធិ​ដ៏​បរិសុទ្ធ ។ យើង​ពុំ​ត្រឹម​តែ​បាន​ដឹង​ថា ក្រុម​គ្រួសារ​គឺ​មក​ពី​ព្រះ​ប៉ុណ្ណោះ​ទេ យើង​ក៏​ដឹង​ផងដែរ​ថា យើង​ម្នាក់ៗ​គឺ​ជា​ផ្នែក​នៃ​ក្រុម​គ្រួសារ​របស់​ព្រះ ។

ឃ្លា​ទីមួយ​នៃ​បទ​នេះ​បង្រៀន​ថា ៖ « បិតា​យើង​មាន​ក្រុម​គ្រួសារ​មួយ ។ មាន​ខ្ញុំ ! មាន​អ្នក អ្នក​ផ្សេង​ទៀត​ដែរ ៖ យើង​ជា​កូនចៅ​ទ្រង់ » ។ ចេញ​ពី​ការ​ប្រកាស​ពី​គ្រួសារ យើង​បាន​រៀន​ថា « នៅ​ជីវិត​មុន​ផែនដី បុត្រា និង បុត្រី​ខាង​វិញ្ញាណ​ទាំងឡាយ បាន​ស្គាល់ ហើយ​បាន​ថ្វាយ​បង្គំ​ព្រះ ជា​ព្រះវរបិតា​ដ៏​នៅ​អស់កល្ប​ជានិច្ច​របស់​ពួកគេ » ។ នៅ​ក្នុង​ជីវិត​នោះ យើង​បាន​រៀន​អំពី​អត្តសញ្ញាណ​ជា​ស្រ្តី​ដ៏​នៅ​អស់កល្ប​ជានិច្ច​របស់​យើង ។ យើង​បាន​ដឹង​ថា យើង​ម្នាក់ៗ « ជា​បុត្រី … សំណប់​របស់ព្រះបិតាមាតា​សួគ៌ » ។

ដំណើរ​ជីវិត​រមែង​ស្លាប់​របស់​យើង​មក​កាន់​ផែនដី មិន​បាន​ផ្លាស់ប្ដូរ​ការពិត​ទាំងនោះ​ទេ ។ យើង​ម្នាក់ៗ​មាន​ចំណែក​យ៉ាង​សំខាន់​​ក្នុង​ក្រុម​គ្រួសារ​របស់​ព្រះ ។ ក្រុមគ្រួសារទាំងអស់នៅលើផែនដីខុសៗគ្នា ។ ហើយនៅពេលយើងព្យាយាមអស់ពីសមត្ថភាពដើម្បីបង្កើតទំនៀមទម្លាប់គ្រួសារដ៏រឹងមាំ នោះសមាជិកភាពនៅក្នុងក្រុមគ្រួសារ​របស់ព្រះគឺមិនអាស្រ័យទៅលើទំនាក់ទំនងផ្សេងទៀត ឬ​ស្ថានភាព​ណាមួយ—ដូចជាស្ថានភាពអាពាហ៍ពិពាហ៍ ស្ថានភាព​ហិរញ្ញវត្ថុ ស្ថានភាពសង្គម ឬស្ថានភាពដែលយើងសរសេរ​នៅ​លើបណ្ដាញផ្សព្វផ្សាយសង្គមឡើយ ។

យើង​ជា​សមាជិក​គ្រួសារ ។ ពួក​យើង​គឺជាបុត្រីនៃ​ព្រះវរបិតាសួគ៌ ទ្រង់ស្រឡាញ់យើង ហើយ​យើង​ក៏ស្រឡាញ់​ព្រះអង្គដែរ ។

ឃ្លា​ទី​ពីរ​នៃបទ​នេះ បញ្ជាក់​ន័យ​​ឃ្លា​ទីមួយ ។ « ទ្រង់បញ្ជូនយើងមកលើផែនដី ដោយកើត រស់នៅ និងរៀននៅក្នុងគ្រួសារ » ។

នៅ​ក្នុង​ជីវិត​មុន​ផែនដី យើង​បាន​រៀន​ថា​ យើង​នឹង​ត្រូវការ​ពេល​មួយ​នៃ​ជីវិត​រមែង​ស្លាប់ ។ យើង « បាន​ទទួល​ផែនការ​របស់ ​[ ព្រះវរបិតាសួគ៌ ] ដែល​នាំ​ឲ្យ​កូន​ចៅ​ទាំងឡាយ​អាច​ទទួល​រូបកាយ ហើយ​និង​ទទួល​បទពិសោធន៍​នៅលើ​ផែនដី ដើម្បី​រីកចម្រើន​ទៅ​រក​ភាព​ល្អ​ឥតខ្ចោះ ហើយ​នៅ​ទីបញ្ចប់​នឹង​ដឹង​ពី​គោល​បំណង​ដ៏​ទេវភាព​របស់​[ យើង ] ដោយ​ទទួល​ជីវិត​ដ៏​នៅ​អស់កល្ប​ទុក​ជា​មរតក » ។

អែលឌើរ រីឆាដ ជី ស្កត បាន​ពន្យល់​ថា « យើង​ត្រូវ​បាន​បង្រៀន​នៅ​ក្នុង​ពិភព​មុន​ផែនដី​ថា គោល​បំណង​របស់​យើង​ក្នុង​ការ​មក​ផែនដី គឺ​ដើម្បី​ត្រូវ​បាន​ដក​ពិសោធន៍ សាកល្បង និង​រីកចម្រើន » ។ ការរីកចម្រើន​នោះ​កើត​មាន​​ជា​ច្រើន​សណ្ឋាន នៅពេល​ដែល​បុគ្គល​ម្នាក់ៗ​ជួប​ប្រទះ​វា ។ ខ្ញុំ​មិន​ដែល​ឆ្លងកាត់​ការ​លែងលះ ភាព​ឈឺចាប់​នៃ​ការ​អសន្តិសុខ​ដែល​មក​ពី​ការ​បោះបង់​ចោល ឬ​ទំនួល​ខុសត្រូវ​​​ជា​ស្រី្ត​មេម៉ាយ​ឡើយ ។ ខ្ញុំ​ពុំ​ធ្លាប់​មាន​កូន​​ស្លាប់ ជំងឺ​អារ ឬ​ប្រតិព័ទ្ធ​ភេទ​ដូចគ្នា​ទេ ។ ខ្ញុំ​ពុំធ្លាប់ទ្រាំទ្រ​ការ​ប្រមាថ ជំងឺ​រ៉ាំរ៉ៃ ឬ​ការ​ញៀន​ផ្សេងៗ​ឡើយ ។ ទាំងនេះ​មិនមែន​ជា​ឱកាស​សាកល្បង​របស់​ខ្ញុំ​ទេ ។

ដូច្នេះ ក្នុង​ពេល​នេះ​មាន​បងប្អូន​មួយ​ចំនួន​កំពុង​គិត​ថា « ស៊ិស្ទើរ ស្ទីហ្វិន មិន​យល់​ពី​បញ្ហា​ទាំង​នោះ​ទេ ! » ហើយ​ខ្ញុំ​សូម​ឆ្លើយ​ថា អ្នក​ប្រហែល​ជា​ត្រឹមត្រូវ​ហើយ ។ ខ្ញុំ​ពុំ​យល់​ច្បាស់​នូវ​បញ្ហា​របស់​អ្នក​ឡើយ ។ ប៉ុន្តែ តាម​រយៈ ការ​សាកល្បង និង​ទុក្ខលំបាក​ផ្ទាល់​ខ្លួនខ្ញុំ—ជា​អ្វីដែល​​​បាន​នាំ​ឲ្យ ខ្ញុំ លត់​ជង្គង់​ចុះ— នោះ​ខ្ញុំ​បាន​​ស្គាល់​អង្គ​ដែល​យល់ ជា​អង្គ​ដែល « ស្គាល់​សេចក្តី​ឈឺចាប់ » ជា​អង្គ​ដែល​បាន​ជួប​ទុក្ខលំបាក ហើយ​យល់​ពី​វា​ទាំង​អស់ ។ ហើយ​បន្ថែម​ពី​លើ​នោះ ខ្ញុំ​បាន​ជួប​ការ​សាកល្បង​ក្នុង​ជីវិត​រមែង​ស្លាប់​ទាំងអស់​ដែល​ខ្ញុំ​ទើប​តែ​បានប្រាប់​ខាង​លើ​នេះ​តាម​រយៈ​កូនស្រី ម្ដាយ ជីដូន បងស្រី មីង និង​មិត្តភក្ដិ​របស់​ខ្ញុំ ។

ឱកាស​របស់​យើង​ជា​បុត្រី​ដែល​រក្សា​សេចក្ដី​សញ្ញា​នៃ​ព្រះ គឺ​មិន​មែន​គ្រាន់​តែ​រៀន​ពី​បញ្ហា​ផ្ទាល់​ខ្លួន​​ប៉ុណ្ណោះ​ទេ វា​គឺ​ជា​ការ​រួម​គ្នា​ក្នុង​ការ​យល់ចិត្ត និង​ក្ដី​មេត្តា​ករុណា នៅពេល​ដែល​យើង​គាំទ្រ​សមាជិក​ដទៃ​​នៃ​ក្រុម​គ្រួសារ​របស់​ព្រះ​នៅ​ក្នុង​ការ​ពុះពារ​របស់​ពួកគេ ដូច​ដែល​យើង​បាន​ចុះ​សេចក្ដី​សញ្ញ​ថា​ត្រូវ​ធ្វើ​វា ។

នៅពេល​ដែល​យើង​ធ្វើ​ដូច្នេះ យើង​ក៏​អាច​យល់ និង​ទុកចិត្ត​ថា​ព្រះអង្គ​សង្រ្គោះ​ជ្រាប​ពី​ការ​លំបាក​នៅ​ក្នុង​វិថី​ជីវិត ហើយ​អាច​ដឹកនាំ​យើង​ឆ្លង​កាត់​ទុក្ខ​សោកសៅ និង​ការ​ខកចិត្ត​ដែល​អាច​កើត​មាន ។ ទ្រង់មានក្ដីសប្បុរស ហើយក្ដីស្រឡាញ់របស់ទ្រង់ « ស្ថិតស្ថេរ​នៅជានិច្ច »យើងអាចទទួលក្ដី​ស្រឡាញ់នោះ​—នៅពេល​ដែលយើងធ្វើតាមទ្រង់ ។

ក្នុង​នាម​ជា​បុត្រី​របស់​ព្រះ និង​ជា​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ យើង « ប្រព្រឹត្ត​ស្រប​តាម​ការ​អាណិត​អាសូរ​ដែល​ព្រះ​បាន​បណ្ដុះ​នៅ​ក្នុង ​[ ដួងចិត្ត ] ​របស់​យើង » ។ ឥទ្ធិពល​របស់យើង ពុំ​កំណត់​ចំពោះ​តែ​សមាជិក​គ្រួសារ​យើងផ្ទាល់​​ឡើយ ។

រូបភាព
Photo of Sister Yazzi and Sister Yellowhair

ថ្មីៗ​នេះ ខ្ញុំ​មាន​ឱកាស​ទៅ​សួរ​សុខទុក្ខ​បងស្រី យ៉ាសស៊ី នៅ​ស្ដេក​ក្នុង​តំបន់​ឈីនលី រដ្ឋ​អារីស្សូណា នៅ​ក្នុង​ផ្ទះខ្ទម​របស់​គាត់ ។ នៅពេល​ដែល​គាត់​បាន​ស្វាគមន៍​ខ្ញុំ​ចូល​ក្នុង​ផ្ទះ​គាត់ អ្វី​ដំបូង​ដែល​ខ្ញុំ​បាន​សម្គាល់​ឃើញ​នោះ​គឺ ​ស៊ុម​រូបថត​គ្រួសារ និង​អ្នក​ផ្សព្វផ្សាយ​សាសនា​នៅ​លើ​ជញ្ជាំង និង​នៅ​លើ​តុ​របស់​គាត់ ។ ដូច្នេះ​ខ្ញុំ​បាន​សួរ​គាត់​ថា « តើ​បងស្រី យ៉ាស៊ី តើ​បង​មាន​ចៅ​ប៉ុន្មាន​អ្នក​ដែរ ? »

ដោយ​មាន​ការ​ភ្ញាក់​ផ្អើល​នឹង​សំណួរ​​ខ្ញុំ គាត់​បាន​ញាក់​ស្មា​ ។ ចម្លើយ​របស់​គាត់​ធ្វើ​ឲ្យ​ខ្ញុំ​ច្រឡំ ខ្ញុំ​បាន​មើល​ទៅ​កូន​ស្រី​របស់​គាត់ គឺ​ប្អូនស្រី យែលឡូហ៊ែរ ដែល​បាន​ឆ្លើយ​ថា « គាត់​មិន​ដឹង​ថា​គាត់​មាន​ចៅ​ប៉ុន្មាន​នាក់​ទេ ។ យើង​ពុំ​រាប់ទេ ។ កុមារ​ទាំងអស់​ហៅ​គាត់​ថា​លោកយាយ--​គាត់គឺជា​លោកយាយ​ចំពោះ​មនុស្ស​គ្រប់គ្នា » ។

បងស្រី យ៉ាសស៊ី មិន​បាន​កំណត់​សេចក្ដី​ស្រឡាញ់ និង​ឥទ្ធិពល​របស់​គាត់​ចំពោះ​តែ​ក្រុម​គ្រួសារ​សាច់បង្កើត​របស់​គាត់​ទេ ។ គាត់​យល់​ពី​អ្វី​ដែល​មាន​ន័យ​ថា​ត្រូវ​ពង្រីក​ដែន​ឥទ្ធិពល​របស់​គាត់ នៅពេល​ដែល​គាត់​ធ្វើ​ល្អ ប្រទានពរ បីបាច់ និង​ការពារ​ក្រុម​គ្រួសារ​របស់​ព្រះ ។ គាត់​យល់​ថា « នៅពេល​ដែល​ស្រី្ត​ម្នាក់​ពង្រឹង​សេចក្ដី​ជំនឿ​របស់​កូនម្នាក់ នោះ​គាត់​ចូលរួម​ចំណែក​ពង្រឹង​ក្រុម​គ្រួសារ— ក្នុង​ពេល​នេះ និង​នា​ពេល​អនាគត » ។

ឃ្លា​ទី​បី​នៃ​បទ​នេះ​ពន្យល់​បន្ថែម​ទៀត នូវ​គោលបំណង​នៃ​ជីវិត​រមែង​ស្លាប់​របស់​យើង ៖ « ព្រះ​ប្រទាន​យើង​គ្រួសារ ដើម្បី​ជួយ​យើង​ឲ្យ​ក្លាយ​ជា​អ្វី​ដែល​ទ្រង់​តំរិះ » ។ ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​ថា « ចូរ​រួមគ្នា​តែ​មួយ ហើយ​បើសិន​ជា​អ្នក​រាល់គ្នា​មិន​រួម​គ្នា​តែ​មួយ​ទេ ឈ្មោះ​ថា​អ្នក​រាល់​គ្នា​ពុំមែន​ជា​របស់​ផង​យើង​ឡើយ »១០ សេចក្ដី​ប្រកាស​ពី​គ្រួសារ​បង្រៀន​យើង​ថា ក្នុង​នាម​ជា​បុត្រី​សំណព្វ​របស់​ព្រះមាតា​បិតា​សួគ៌ យើង​មាន​និស្ស័យ​អត្តសញ្ញាណ​ដ៏​អស់កល្ប និង​គោលបំណង​ដ៏​ទេវភាព ។ ព្រះ​មាន​ព្រះទ័យ​ចង់​ឲ្យ​យើង​រួមគ្នា​តែ​មួយ ។ ព្រះ​ត្រូវ​ការ​ឲ្យ​យើង​រួមគ្នា​តែមួយ​—ជា​បុត្រី​ដែល​រក្សា​សេចក្តី​សញ្ញា​រួបរួម​គ្នា ​ទោះ​បី​ជា​មាន​ភាព​ទីទៃ​ពី​គ្នា​ក្ដី១១ ជា​អ្នក​ដែល​មាន​​ប្រាថ្នា​ចង់​រៀន​អ្វី​ៗ​ដែល​ចាំបាច់ ដើម្បី​ត្រឡប់​ទៅ​វត្តមាន​របស់​ទ្រង់​វិញ ដើម្បី​ផ្សារភ្ជាប់​នឹង​ទ្រង់​ជាផ្នែក​នៃ​ក្រុមគ្រួសារ​ទ្រង់​ដ៏​អស់កល្ប​ជានិច្ច ។

« ពិធី​បរិសុទ្ធ និង សេចក្តី​សញ្ញា​ពិសិដ្ឋ​នានា ដែល​មាន​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ អាច​ធ្វើ​ឱ្យ​ [ យើង ] ត្រឡប់​ទៅ​កាន់​វត្តមាន​នៃ​ព្រះ​វិញ ហើយ​ដើម្បី​ឲ្យ​ក្រុម​គ្រួសារ អាច​ត្រូវ​បាន​រួបរួម​គ្នា​ដ៏​អស់​កល្ប​ជានិច្ច » ។១២ ពិធី​បរិសុទ្ធ​ទាំងឡាយ​ដែល​យើង​ទទួល​បាន និង​សេចក្ដី​សញ្ញា​ដែល​យើង​ធ្វើ​នៅ​​ជ្រមុជ​ទឹក និង​​ព្រះវិហារ​បរិសុទ្ធ តភ្ជាប់​ក្រុម​គ្រួសារ​នៃ​ព្រះ​ទាំងសង​ខាង​វាំងនន—គឺ​វា​តភ្ជាប់​យើង​ទៅ​ព្រះវរបិតា​​តាម​រយៈបុត្រា​ទ្រង់ ជា​អង្គ​ដែល​បាន​អធិស្ឋាន​ថា « ដើម្បី​ឲ្យ​ទាំង​អស់​បាន​រួម​មក​តែ​មួយ ឱ​ព្រះវរបិតា​អើយ ដូច​ជា​ទ្រង់​គង់​ក្នុង​ទូលបង្គំ ហើយ​ទូលបង្គំ​នៅ​ក្នុង​ទ្រង់​ដែរ គឺ​ឲ្យ​អ្នក​ទាំង​នោះ​បាន​រួម​គ្នា​តែ​មួយ នៅ​ក្នុង​យើង » ។១៣

នៅពេល​ដែល​យើង​ប្រើ​ពេល​​ក្នុង​ជីវិត​រមែង​ស្លាប់​ដើម្បី​សិក្សា និង​អនុវត្ត​ការ​បង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ នោះ​យើង​ប្រែក្លាយ​កាន់​តែ​ដូច​ទ្រង់ ។ យើង​បាន​យល់​ថា ទ្រង់​គឺ​ជា​ផ្លូវ—ជា​ផ្លូវ​តែ​មួយ​គត់—ដែល​យើង​អាច​យកឈ្នះ​បញ្ហា​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ និង​ត្រូវ​បាន​ប្រោស​ឲ្យ​ជា ហើយ​ត្រឡប់​ទៅ​គេហដ្ឋាន​សួគ៌ា​យើង​វិញ ។

ឃ្លា​ចុងក្រោយ​នៃ​បទ​នេះ​ត្រឡប់​ទៅ​កន្លែង​ដែល​វា​ចាប់​ផ្ដើម​វិញ ៖ « នេះ​គឺ​ជា​ក្ដី​ស្រឡាញ់​ទ្រង់ ដ្បិត​គ្រួសារ​គឺ​មក​ពី​ព្រះ » ។ ផែនការ​របស់​ព្រះវរបិតា​សម្រាប់​កូនចៅ​ទ្រង់ គឺ​ជា​ផែនការ​នៃ​សេចក្ដី​ស្រឡាញ់ ។ ​វា​ជា​ផែនការ​ដែល​រួបរួម​កូនចៅ​របស់​ទ្រង់—ដែល​ជា​ក្រុម​គ្រួសារ​ទ្រង់—ជាមួយ​ទ្រង់ ។ អែលឌើរ រ័សុល អិម ណិលសុន បាន​បង្រៀន​ថា « ព្រះវរបិតាសួគ៌​មាន​ក្ដី​ប្រាថ្នា​ពីរ​សម្រាប់​កូនចៅ​​ទ្រង់ …  ៖ គឺ​ជីវិត​រមែង​ស្លាប់ និង ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ‹ ដែល​មាន​ន័យ​ថា​ ជីវិត​នៅ​ជាមួយ​ទ្រង់​នៅ​ស្ថានសួគ៌ ›»១៤ ក្ដី​ប្រាថ្នា​ទាំង​នេះ អាច​ក្លាយ​ជា​ការ​ពិត​លុះត្រា​​តែ​យើង​ចែកចាយ​ក្ដី​ស្រឡាញ់​ដែល​ព្រះវរបិតាសួគ៌​មាន​ដល់​ក្រុម​គ្រួសារ​ទ្រង់​ដែរ ដោយ​ការ​ឈោង​ទៅ​ជួយ​អ្នក​ដទៃ និង​ការ​ចែកចាយ​ផែនការ​របស់​ទ្រង់​ជាមួយ​អ្នក​ដទៃ ។

កាលពី​ម្ភៃ​ឆ្នាំ​កន្លង​ទៅ គណៈ​ប្រធាន​ទី​មួយ និង​កូរ៉ុម​នៃ​ពួកសាវកដប់ពីរ​នាក់ បាន​ឈោង​ទៅជួយ​ដល់​ទូទាំងពិភពលោក ពេល​ចេញ​សេចក្ដីប្រកាស​ស្ដីអំពី​គ្រួសារ ។ ចាប់​តាំង​ពីពេល​នោះ​មក ការ​វាយ​ប្រហារ​លើ​ក្រុមគ្រួសារ​បាន​កើត​ឡើង ។

បើ​យើង​ចង់​មាន​ជោគជ័យ​នៅ​ក្នុង​ទំនួល​ខុសត្រូវ​ដ៏​ទេវភាព​របស់​យើង​ក្នុង​នាម​ជា​បុត្រី​របស់​ព្រះ យើង​ត្រូវ​តែ​យល់​ពី​សារៈសំខាន់​ដ៏​អស់កល្ប​នៃ​ទំនួល​ខុសត្រូវ​ផ្ទាល់​ខ្លួន​របស់​យើង ដើម្បី​បង្រៀន​សេចក្ដី​ពិត​អំពី​ផែនការ​របស់​ព្រះវរបិតាសួគ៌​សម្រាប់​ក្រុម​គ្រួសារ​របស់​ទ្រង់ ។ ប្រធាន ហាវើដ  ដបុលយូ ហឹនធើរ បាន​ពន្យល់​ថា ៖

« មាន​តម្រូវ​ការ​ដ៏​ធំ​មួយ ដើម្បី​ប្រមូល​ផ្ដុំ​ស្រ្តី​នៅ​ក្នុង​សាសនាចក្រ​ឲ្យ​ឈរ​ជាមួយ​បងប្អូន​ប្រុស​នៅ​ក្នុង​ការ​បញ្ចប់​អំពើ​អាក្រក់ ដែល​នៅ​ជុំវិញ​យើង និង​នៅ​ក្នុង​ការ​ពន្លឿន​កិច្ចការ​របស់​ព្រះអង្គ​សង្គ្រោះ​របស់​យើង ។ …

« … ដូច្នេះ យើង​ទទូច​អង្វរ​ដល់​អ្នក​ឲ្យ​បម្រើ​ដោយ​ឥទ្ធិពល​ដ៏​អស្ចារ្យ​របស់​អ្នក​សម្រាប់​ការណ៍​ល្អ នៅ​ក្នុង​ការ​ពង្រឹង​ក្រុម​គ្រួសារ សាសនាចក្រ និង​សហគមន៍​របស់​យើង » ។១៥

បងប្អូន​ស្ត្រី​អើយ ​​យើង​មាន​គ្រួសារ ។ ពួកគេ​ស្រឡាញ់​យើង ។ ពួកគេ​ត្រូវ​ការ​យើង ។ យើង​មាន​គោលបំណង កិច្ចការ ទីកន្លែង និង​តួនាទី​ដ៏​ទេវភាព​នៅក្នុង​សាសនាចក្រ និង​នគរ​នៃ​ព្រះ និង​​ក្នុង​ក្រុមគ្រួសារ​ដ៏​អស់កល្ប​របស់​ទ្រង់ ។ តើ​អ្នក​ដឹង​​ក្នុង​ជម្រៅ​ចិត្ត​អ្នកឬ​ទេ​ថា ព្រះវរបិតាសួគ៌​របស់​អ្នក​ស្រឡាញ់​អ្នក ហើយ​មាន​ព្រះទ័យ​ចង់​ឲ្យ​អ្នក និង​អ្នក​ទាំងឡាយ​ដែល​អ្នក​ស្រឡាញ់​នៅ​ជាមួយ​ទ្រង់ ? គឺដូចជា « ព្រះវរបិតាសួគ៌ និងព្រះរាជបុត្រារបស់ទ្រង់ គឺល្អឥតខ្ចោះ …, សេចក្ដីសង្ឃឹមរបស់ទ្រង់ទាំងពីរអង្គ គឺចង់ឲ្យយើងបាន « ល្អឥតខ្ចោះ » ដែរ ។​១៦ផែនការរបស់ទ្រង់ទាំងពីរអង្គសម្រាប់យើង គឺល្អឥតខ្ចោះ ហើយការសន្យារបស់ទ្រង់គឺពិត ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ដោយ​អំណរគុណ​អំពី​សេចក្ដី​ពិត​ទាំង​នេះនៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។

កំណត់ចំណាំ

  1. សូមមើល « ក្រុមគ្រួសារ​គឺមកពីព្រះ » ក្រុមគ្រួសារ​គឺ​ជា​និរន្ដរ៍ ៖គម្រោង​ពេលវេលា​ចែកចាយ ឆ្នាំ ២០១៤ ( ឆ្នាំ ២០១៣ ), ២៨–២៩ ។

  2. « ក្រុម​គ្រួសារ ៖ សេចក្ដីប្រកាស​ដល់ពិភព​លោក, »EnsignLiahona, ខែ តុលា ឆ្នាំ ២០១០, ១២៩ ។

  3. « បាវចនា​យុវនារី » នៅក្នុងការអភិវឌ្ឍ​ខ្លួន​យុវនារី (កូនសៀវភៅt, ២០០៩), ៣ ។

  4. « ក្រុម​គ្រួសារ ៖ ការ​ប្រកាស​ដល់​ពិភព​លោក » ។

  5. រីឆាដ  ជី ស្កត « Make the Exercise of Faith Your First Priority, » Ensignលីអាហូណា, ខែ វិច្ឆិកា ឆ្នាំ ២០១៤, ៩២។

  6. អេសាយ 53:3

  7. មរ៉ូណៃ ៧:៤៧ ។

  8. យ៉ូសែប ស៊្មីធ នៅក្នុងDaughters in My Kingdom: The History and Work of Relief Society ( ឆ្នាំ ២០១១ ) ទំព័រ ១៦ ។

  9. Daughters in My Kingdom, ១៥៩ ។

  10. គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៣៨:២៧ ។

  11. សូមមើល ប៉ាទ្រីស្សា ធី. ហូឡិន «‹񃘼One Thing Needful›: Becoming Women of Greater Faith in Christ,» Ensign, ខែ តុលា ឆ្នាំ ១៩៨៧, ២៦–៣៣ ។

  12. « ក្រុម​គ្រួសារ ៖ ការ​ប្រកាស​ដល់​ពិភព​លោក » ។

  13. យ៉ូហាន ១៧:២១

  14. អ.  ស្កត ឡយត៍ « God Wants His Children to Return to Him, Elder Nelson Teaches,» Church News section of LDS.org, ថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០១៤ lds.org/church/news/god-wants-his-children-to-return-to-him-elder-nelson-teaches

  15. ហោវើត ដបុលយូ. ហាន់ធើរ នៅក្នុង Daughters in My Kingdom, ១៥៧; សូមមើល​ផងដែរ « To the Women of the Church,» Ensign, ខែ វិច្ឆិកា ឆ្នាំ ១៩៩២, ៩៦ ។

  16. M. Russell Ballard, “Let Us Think Straight” (Brigham Young University devotional, Aug. 20, 2013); speeches.byu.edu.