ឆ្នាំ ២០១០-២០១៩
រឿង​ប្រៀប​ប្រដូច​នៃ​អ្នក​ព្រោះ​គ្រាប់​ពូជ
ខែ មេសា 2015


រឿង​ប្រៀប​ប្រដូច​នៃ​អ្នក​ព្រោះ​គ្រាប់​ពូជ

វា​គឺ​អាស្រ័យ​លើ​យើង​ម្នាក់​ៗ ដើម្បី​ដាក់​អាទិភាព និង​ធ្វើ​អ្វី​ៗ​ឲ្យ​ដី​យើង​ល្អ​ ហើយ​មាន​ផល​ហូរហៀរ ។

ប្រធានបទ​សម្រាប់​សុន្ទរកថា​សន្និសីទ​ទូទៅ​ត្រូវ​បាន​ចាត់តាំង—ពុំ​មែន​មក​ពីសិទ្ធិ​អំណាច​ខាង​លោកិយ​ទេ ប៉ុន្តែដោយ​ការបំផុស​គំនិត​នៃ​ព្រះវិញ្ញាណ​វិញ ។ ប្រធានបទ​ជា​ច្រើន ត្រូវ​បានផ្តល់ដោយ​ព្រោះ​តែ​កង្វល់ខាង​ជីវិត​រមែង​ស្លាប់ ដែល​យើងរាល់​គ្នា​មាន ។ ប៉ុន្តែ ដូច​ជា​ព្រះយេស៊ូវ ដែល​មិន​បានបង្រៀន​ អំពី​វិធី​ដើម្បី​យក​ឈ្នះ​លើឧបសគ្គ​ខាង​ជីវិត​រមែង​ស្លាប់ ឬ​ការសង្កត់​សង្កិន​ខាងនយោបាយ​ក្នុង​សម័យរបស់​ទ្រង់ដែរ-- ជាធម្មតា ទ្រង់​បំផុស​គំនិត​​អ្នក​បម្រើ​របស់​ទ្រង់ឲ្យ​ថ្លែង​​​អំពី​អ្វី​ដែល​អ្នកដើរ​តាមទ្រង់ អាច​ធ្វើ ដើម្បី​កែ​ប្រែ​នៅក្នុង​ជីវិត​របស់យើង​ផ្ទាល់ ដើម្បី​រៀបចំ​​យើង ឲ្យត្រឡប់​ទៅ​ផ្ទះ​សួគ៌ា​​យើង​វិញ ។ ខ្ញុំ​បាន​ទទួល​ការបំផុសគំនិត ឲ្យនិយាយ​អំពី​ការបង្រៀននានាដ៏មានតម្លៃ និងគ្មាន​កំណត់ នៅ​ក្នុងរឿងប្រៀបប្រដូចមួយ​របស់​ព្រះយេស៊ូវ ។

រឿង​ប្រៀប​ប្រដូច​នៃ​អ្នក​ព្រោះគ្រាប់​ពូជ គឺ​ជា​រឿងប្រៀប​ប្រដូចតូចមួយ​ ដែលត្រូវ​បានកត់​ទុក​នៅក្នុង​សេចក្តីសង្ខេប​នៃ​ព្រះគម្ពីរ​ទាំងបី ។ វាក៏ជា​រឿង​ដ៏​តូចមួយ​នៃ​រឿង​ប្រៀប​ប្រដូច​ ដែល​ព្រះ​យេស៊ូវ​ បាន​ពន្យល់​ដល់​ពួកសាវក​របស់​ទ្រង់ផងដែរ ។ គ្រាប់​ពូជ​ដែ​លបាន​ព្រោះ​ទៅគឺជា​ « ព្រះ​បន្ទូល​ពី​នគរ » ( ម៉ាថាយ​១៣:១៩ ), « ព្រះ​បន្ទូល » ( ម៉ាកុស ៤:១៤ ), ឬ « ព្រះបន្ទូល​របស់​ព្រះ » ( លូកា​៨:១១ )—ការបង្រៀន​នានា របស់​ព្រះអម្ចាស់ និង អ្នកបម្រើ​ទ្រង់ ។

ដីមានលក្ខណៈខុសៗ​គ្នា ដែល​គ្រាប់​ពូជបាន​ធ្លាក់​ទៅ​លើ តំណាងឲ្យ​របៀបខុស​ៗគ្នា ដែលជន​​មាន​ជីវិត​រមែង​ស្លាប់ទទួល​ និង​អនុវត្ត​តាម​ការបង្រៀន​ទាំងនេះ ។ ដូច្នេះ​ហើយ គ្រាប់​ពូជដែល​ « ធ្លាក់ចុះ​តាម​ផ្លូវ » ( ម៉ាកុស ៤:៤ )ពុំ​បាន​ធ្លាក់​ទៅដល់​ដី​នៃ​ជីវិតរមែងស្លាប់ ដែល​ជាកន្លែង​ដែល​ពួកគេ​ប្រហែល​ជា អាច​ដុះចេញ​មក ។ ពួកគេគឺ​ដូច​ជា​ការ​បង្រៀននានា ដែល​បានធ្លាក់ចំដួង​ចិត្ត ដែលរឹងរូស ឬ​មិនបានរៀបចំ​ជាស្រេច ។ ខ្ញុំ​នឹង​មិន​និយាយ​បន្ថែម​អំពី​ករណីទាំង​នេះ​ទៀតឡើយ ។ សាររបស់​ខ្ញុំគឺមាន​ទាក់​ទង នឹង​អស់​អ្នក​ដែល​បាន​ប្តេជ្ញាចិត្ត ធ្វើ​ជាអ្នក​ដើរតាម​ព្រះគ្រីស្ទ ។ តើ​យើង​ធ្វើ​ដូ​ចម្តេច ចំ​ពោះការ​បង្រៀន​របស់​ព្រះ​អង្គសង្រ្គោះ ខណៈ​​ដែល​យើង​រស់នៅក្នុងជីវិត​​យើង ?

រឿង​ប្រៀប​ប្រដូច​នៃអ្នក​ព្រោះគ្រាប់​ពូជ ព្រមាន​យើង​អំពី​កាលៈទេសៈ និង​អាកប្បកិរិយា​ ដែល​រារាំង ជន​ណា​ម្នាក់​ដែល​បាន​ទទួល​គ្រាប់​ពូជ នៃសារដំ​ណឹងល្អ ពី​ការ​បង្កើត​ជាផលល្អ​នោះ ។

I. នៅ​លើ​ថ្ម ដែល​គ្មាន​ឫស

គ្រាប់ពូជ​ខ្លះទៀត « ធ្លាក់​ទៅ​ក្នុង​កន្លែង​ថ្ម ដែល​មិនសូវ​មាន​ដី​ប៉ុន្មាន ហើយ​ក៏​ដុះ​ឡើង​ភ្លាម ពី​ព្រោះ​គ្មាន​ដី​ជ្រៅ តែ​កាល​ថ្ងៃរះ​ឡើង នោះ​ក្រៀម​ខ្លោច​ទៅ​វិញ ពី​ព្រោះគ្មាន​ឫស » ( ម៉ាកុស ៤:៥–៦ ) ។

ព្រះយេស៊ូវ​បាន​ពន្យល់​ថា រឿង​នេះពិពណ៌នា ពី​អស់ « អ្នក​ដែល​ កាលណា​គេឮ​ព្រះ​បន្ទូល​ នោះគេទទួល​លាមដោយអំណរ » តែពីព្រោះពួកគេ « គ្មានចាក់​ឬស​នៅក្នុង​ខ្លួន​សោះ …​កាល​ណា​កើត​មាន​សេចក្តី​ទុក្ខ​លំបាក​ ឬសេចក្តី​បៀតបៀន ដោយ​ប្រោះ​ព្រះ​បន្ទូល នោះ​គេ​រវាត​ចិត្តចេញ​ភ្លាម » ( ម៉ាកុស ៤:១៦–១៧ ) ។

តើអ្វី​ធ្វើ​ឲ្យ​អ្នក​ស្តាប់​ « គ្មាន​ចាក់​ឫស​នៅក្នុងខ្លួន ? » នេះ​គឺ​ជា​ស្ថានភាព​នៃ​សមាជិក​ថ្មី ដែល​គ្រាន់​តែបាន​ប្រែចិត្ត​ជឿ ចំ​ពោះ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា ឬ ចំ​ពោះចារិកលក្ខណៈដ៏​ទាក់ទាញជា​ច្រើន នៃ​សាសនាចក្រ​ ឬចំ​ពោះផល​ផ្លែ​ជាច្រើន នៃ​សមាជិកភាព​របស់​សាសនា​ចក្រ ។ ដោយ​មិន​បាន​ចាក់ឫស​នៅ​ក្នុង​ព្រះ​បន្ទូល នោះ​ពេល​មាន​ឧបសគ្គកើត​ឡើង ពួកគេ​ឆេះរោល ហើយ​ក្រៀមងាប់​ទៅ ។ ប៉ុន្តែ​សូម្បី​តែ​ពួក​អ្នក​ ដែល​ត្រូវ​បានបីបាច់​ឡើងនៅក្នុង​សាសនាចក្រ​—ជា​សមាជិក​​ដ៏​យូរ​ក្ដី​—អាច​ភ្លាត់​ជើង​ដួល​ចុះ​ទៅ​ក្នុង​ស្ថាន​ភាព ដែល​​គ្មាន​ចាក់ឫស​នៅក្នុងខ្លួន​ពួក​គេបាន ។ ខ្ញុំ​បាន​ស្គាល់​មនុស្ស​បែបនេះ​មួយ​ចំនួន—ជា​សមាជិក​ដែល​គ្មាន​ការ​ប្រែចិត្ត​ជឿ​រឹងមំា និងគង់វង្ស​ចំពោះ​ដំ​ណឹងល្អនៃ​ព្រះ​យេស៊ូវ​គ្រីស្ទ ។ បើយើងមិនចាក់​ឫស ទៅ​ក្នុង​ការបង្រៀន​នៃ​ដំណឹងល្អ និង អនុវត្ត​វា​យ៉ាង​ខ្ជាប់​ខ្ជួន​ទេ ​នោះ យើង​អាច​បង្កើត​ជាដួង​ចិត្ត​​ថ្ម ដែល​ជាកន្លែង​ថ្ម សម្រាប់​គ្រាប់​ពូជខាងវិញ្ញាណ ។

ចំណី​អាហារ​ខាង​វិញ្ញាណ គឺ​ជា​កត្តា​ចាំ​បាច់​សម្រាប់ការ​រស់​រាន​ខាង​វិញ្ញាណ ជា​ពិសេស​ នៅក្នុង​ពិភពលោក​ដែល​កំពុង​តែដើរ​ចេញ​ពី ជំនឿ​លើ​ព្រះ និង ភាពដាច់ខាត​នៃការត្រូវ និង ការខុស ។ នៅ​ក្នុង​ជំនាន់​ដែល​គ្រប់គ្រង​ដោយ​អ៊ិនធើរណែត ដែល​បង្កើន​សារ​ជា​ច្រើន​គំរាមគំហែង​ដល់​សេចក្ដីជំនឿ នោះ​យើង​ត្រូវ​តែ​បង្កើន​ការ​បង្ហាញ​សេចក្ដីពិត​ខាង​វិញ្ញាណ​របស់​យើង​ ដើម្បី​ពង្រឹង​ដល់​សេចក្ដីជំនឿ និង​ចាក់​ឬស​នៅក្នុង​ដំណឹងល្អ ។

យុវវ័យអើយ បើ​ការបង្រៀននោះហាក់​ដូចជាមិន​សូវ​ជាក់​លាក់ សូម​អនុវត្ត​តាម​គំរូ​នេះចុះ ។ បើ​និមិត្តរូបនៃ​សាក្រាម៉ង់ ត្រូវ​បាន​ចែក​ ហើយ​អ្នកកំពុងតែសរសេរ​សារក្នុង​ទូរសព្ទ ឬ​ខ្សឹប​គ្នា ឬកំពុងតែលេងវីឌេអូហ្គែម ឬធ្វើអ្វី​មួយ​ផ្សេងទៀត​បដិសេធ​ចំណី​អាហារ​ខាង​វិញ្ញាណ​ដ៏​ចាំបាច់​សម្រាប់​ខ្លួន​អ្នក នោះ​អ្នក​កំពុង​តែកាត់ផ្តាច់ឫសខាងវិញ្ញាណរបស់​អ្នក ហើយ​ធ្វើ​ឲ្យ​ខ្លួនអ្នក​​បែរ​ទៅ​ជា​កន្លែង​ថ្ម​ហើយ ។ អ្នកកំពុង​តែធ្វើឲ្យខ្លួនអ្នក ឈឺចាប់​ដោយការក្រៀមហួតហែង នៅពេល​អ្នក​ជួបនឹង​ទុក្ខលំបាក ដូចជា​ភាពឯកោ ការភ័យខ្លាច ឬ​ការចំអកមើលងាយជា​ដើម ។ ហើយ​ការណ៍​នោះ​អនុវត្ត​ចំពោះ​មជ្ឈិមវ័យ​ផងដែរ ។

បច្ចាមិត្រដែល​អាច​បំផ្លាញ​ឫស​ខាង​វិញ្ញាណ​—​ដែល​បានបង្កើនល្បឿន​តាមរយៈ​បច្ចេកវិទ្យា​នាបច្ចុប្បន្ននេះ ដែល​គ្មានអ្វី​ចម្លែក​—គឺជាទិដ្ឋភាព​ដែល​មើល​ដំណឹងល្អ ឬ សាសនាចក្រ​តាមរន្ធសោ ។ ទិដ្ឋភាព​មាន​កម្រិតនេះ ផ្តោត​ទៅលើ​គោលលទ្ធិ ឬការអនុវត្ត ឬ​ការ​ដឹង​ពុំ​ពេញ​លេញពី​អ្នក​ដឹកនាំ​ម្នាក់​ ហើយ​ព្រងើយកន្តើយ ទៅ​នឹង​សក្តានុពល​ដ៏ធំទូលំទូលាយ នៃដំណឹងល្អ និង​ផល​ផ្លែផ្ទាល់ខ្លួន​ និងជាក្រុម​នៃការប្រមូល​ផល​របស់វា ។ ប្រធាន​ ហ្គរដុន ប៊ី ហ៊ិងគ្លី បានផ្តល់ការពិពណ៌នា​យ៉ាង​ជាក់ស្តែង អំពី​ទិដ្ឋភាពមួយ​នៃ​រន្ធសោនេះ ។ លោក​បាន​ប្រាប់​អ្នក​ស្ដាប់​នៅ​សកលវិទ្យាល័យ ប៊ីវ៉ៃយូ អំពី​អ្នកអត្ថាធិប្បាយខាង​នយោបាយ​ដែល​បាន « ឆាបឆួល ឡើងដោយកំហឹង» ដែល​នៅ​ពេល​នោះ ជា​ព្រឹត្តិការណ៍​សារព័ត៌មានថ្មី​មួយ ។ « តាម​បាន​សិក្សា​សិល្បៈ ពួកគេបាន​បញ្ចេញ​នូវ​ទឹក​ខ្មេះ​ នៃការ​រិះគន់ និង​កំហឹង ។ … ពិតហើ » គាត់​បាន​បញ្ចប់​ថា « នេះ​គឺជា​សម័យ និង​ទី​កន្លែង ដែល​ទទួល​យក​ពាក្យ​សម្ដី​ជូរចត់ » ។ ផ្ទុយ​ទៅវិញ ​ដើម្បីចាក់ឫស​យ៉ាងសុវត្ថិភាព ទៅក្នុងដំណឹងល្អ​ យើង​ត្រូវ​តែចេះវិនិច្ឆ័យ និង​ថ្លឹងថ្លែង​ នៅក្នុងការទិតៀន​ ហើយតែងតែស្វែងរក​ នូវទិដ្ឋភាពកាន់តែ​ទូលំទូលាយ​ចំពោះ​កិច្ចការ​ដ៏ខ្ពង់ខ្ពស់​របស់​ព្រះ​អម្ចាស់ ។

II. បន្លា ៖ ជា​កង្វល់​នៃពិភពលោកនេះ និង​ការឆបោក​នៃការ​មាន​ទ្រព្យ​សម្បត្តិ

ព្រះយេស៊ូវ​បានបង្រៀនថា « ខ្លះទៀត​ធ្លាក់ទៅ​ក្នុង​បន្លា បន្លាក៏ដុះឡើងខ្ទប់​ ហើយគ្រាប់​នោះ​មិន​កើតផល​សោះ » ( ម៉ាកុស ៤:៧ ) ។ ទ្រង់​បានពន្យល់ថា មនុស្ស​ទាំងនេះ​គឺ «អស់​អ្នក​ដែល​បាន​ឮព្រះបន្ទូលហើយ តែសេចក្តី​ខ្វល់​ខ្វាយនៅ​ជីវិតនេះ សេចក្តីឆបោក​របស់​ទ្រព្យសម្បត្តិ និងសេចក្តី​ប៉ង​ប្រាថ្នា ខាង​ឯសេចក្តីផ្សេង​ៗ​ឯទៀត ក៏ចូលមក​ខ្ទប់​ព្រះ​បន្ទូលជិត រួច​ព្រះ​បន្ទូល​មិន​អាច​នឹង​បង្កើត​ផល​បាន » ( ម៉ាកុស ៤:១៨–១៩ ) ។ នេះ​ការ​ព្រមានដ៏ពិត​ ដែល​យើងរាល់គ្នា​ត្រូវ​តែ​ស្តាប់ ។

ដំបូង​ខ្ញុំ​នឹង​និយាយ​អំពី​ការឆបោក​របស់​ទ្រព្យសម្បត្តិ ។ មិន​ថា​យើង​នៅទីណា ក្នុងដំណើរ​ខាងវិញ្ញាណ​របស់​យើង—ក្នុងសភាព​នៃការប្រែចិត្តជឿ​របស់​យើង​បែប​ណា—​យើង​រាល់គ្នា​ត្រូវ​បានល្បួង​ដោយ​ទ្រព្យសម្បត្តិ ។ នៅ​ពេល​អាកប្បកិរិយា​ ឬ​អាទិភាពផ្តោត​ទៅ​លើការ​ចង់​មាន​ចង់​បាន ការ​ប្រើ​ប្រាស់ ឬ ការមាន​ទ្រព្យ យើងហៅវាថា​សម្ភារនិយម ។ មានពាក្យពេចន៍​ និងការសរសេរជាច្រើន អំពីសម្ភារនិយម ដែលខ្ញុំមិនបាច់យក​មក​បរិយាយនៅ​ទីនេះឡើយ ។ អស់អ្នក​ដែល​ជឿលើ​អ្វី​ដែល​ហៅ​ថា​ ទេវាវិទ្យា នៃ​ការចង់​មាន​ចង់បាន កំពុងតែរងគ្រោះ​ចំពោះ «ការឆបោក​របស់​ទ្រព្យសម្បត្តិ» ហើយ ។ ការចង់​មាន​ចង់​បាន​ទ្រព្យ ឬថវិកាស្តុកស្ដម្ភ គឺ​ពុំមែន​ជា​គំនូសនៃការគាប់ព្រះទ័យ​សួគ៌ា​ឡើយ ហើយ​អវត្តមានរបស់​វា ក៏​ពុំ​មែនជា​ភស្តុតាងនៃការមិនគាប់ព្រះទ័យសួគ៌ា​ដែរ ។ កាល​ដែល​ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ ទៅ​កាន់​អ្នក​ដើរតាម​ដ៏​ស្មោះត្រង់​ម្នាក់​ថា គាត់​អាចទទួលបាន​ជីវិត​អស់កល្ប​ជានិច្ច ប្រសិន​បើគាត់​គ្រាន់តែ​លះបង់​អ្វី​ៗ​ទាំង​អស់​ដែល​គាត់​មាន ទៅឲ្យ​អ្នក​ក្រី​ក្រ ( សូមមើល ម៉ាកុស ១០:១៧–២៤ ) ទ្រង់មិន​បាន​អារកាត់អំពីភាព​អាក្រក់នៅ​ក្នុង ការចង់មានចង់បាន ទ្រព្យសម្បត្តិ​ទេ ប៉ុន្តែភាព​អាក្រក់ នៅក្នុង​អាកប្បកិរិយា​របស់ អ្នកដើរតាម​រូប​នោះ ចំពោះ​ទ្រព្យ​ទាំងនោះវិញ ។ ដូច​ដែល​យើង​រាល់គ្នា​យល់​ដឹង ព្រះ​យេស៊ូវបាន​សរសើរ​សាសន៍សាម៉ារីដ៏ល្អ ដែល​បាន​ប្រើនូវប្រាក់កាក់​ដដែលដែលយូដាសបាន​ប្រើដើម្បីក្បត់​នឹង​ព្រះអង្គសង្គ្រោះ ដើម្បី​នឹងបម្រើបង​ប្អូនរបស់​គាត់ ។ ឫសនៃ​ភាព​អាក្រក់ទាំង​អស់ គឺ​ពុំមែន​ជាលុយទេ ប៉ុន្តែ​ជា សេចក្តី​ស្រឡាញ់លុយវិញ ( សូម​មើល ធីម៉ូថេ ទី ១ ៦:១០ ) ។

ព្រះគម្ពីរមរមន​ប្រាប់​អំពី​ពេលវេលា នៅ​ពេល​ដែល​សាសនាចក្ររបស់​ព្រះ « បានចាប់​ផ្តើមចុះអន់ថយ » ( អាល់ម៉ា ៤:១០ ) ពីព្រោះ​តែ « ប្រជាជន​នៃ​សាសនា​ចាប់ផ្តើម​ … ភ្ជាប់ចិត្ត​គេ​ទៅ​លើ​ទ្រព្យសម្បត្តិ និង​ទៅ​លើវត្ថុទាំង​ឡាយ​ដែល​ឥត​ប្រយោជន៍នៃ​លោកីយ » ( អាលម៉ា ៤:៨ ) ។ អស់អ្នក​ណា​ដែល​មានយ៉ាងហូរហៀរ​នូវ​របស់​របរ​​ទាំងនេះ​ គឺស្ថិត​នៅក្នុង​ភាពគ្រោះ​ថ្នាក់នៃ «ថ្នាំ​សន្តំ» ខាង​វិញ្ញាណ ដោយ​ទ្រព្យ​សម្បត្តិ និង​អ្វីផ្សេងៗ​ទៀតនៃ​លោកិយ​ ។ ៣​ នោះហើយ​គឺ​ជាសេចក្តី​ផ្តើម​សម​ហេតុ​ផល​ ចំ​ពោះការ​បង្រៀន​បន្ទាប់ទៀត​របស់​ព្រះ​អង្គ​សង្គ្រោះ​ ។

បន្លា​ដ៏​មាន​កលល្បិច​បំផុត ដែលសង្កត់​សង្កិន​លទ្ធផលនៃ​ពាក្យពេចន៍​ដំណឹងល្អ នៅក្នុង​ជីវិត​របស់យើង គឺជា​ឥទ្ធិពល​ខាង​លោកិយ ដែល​ព្រះ​យេស៊ូវបាន​ហៅថា « សេចក្តី​ខ្វល់ខ្វាយ និង​ទ្រព្យសម្បត្តិ ហើយ​និង​សេចក្ដី​ស្រើបស្រាល​នៃជីវិត​នេះ » ( លូកា ៨:១៤ ) ។ មាន​ពាក្យ​ពេចន៍​ជាច្រើន ដើម្បី​យក​មកសូត្រ ។ គំរូ​មួយ​ចំនួន​គឺ​គ្រប់គ្រាន់​ហើយ ។

ក្នុងគ្រា​មួយ ព្រះយេស៊ូវ​បានស្តីបន្ទោស​ដល់​សាវកច្បងរបស់​ទ្រង់​ ដោយ​មាន​ព្រះ​បន្ទូល​ទៅកាន់​ពេត្រុសថា « ឯងជា​សេចក្តី​បង្អាក់ដល់​ចិត្ត ព្រោះ​មិនចេះគិត​តាម​គំនិតនៃ​ព្រះសោះ គឺ​គិត​តាម​តែ​គំនិត​របស់​មនុស្ស​លោកវិញ » ( ម៉ាថាយ ១៦:២៣; សូមមើល​ផងដែរ គ. និង ស. ៣:៦–៧; ៥៨:៣៩ ) ។ ការគិត​តាម​គំនិត​របស់​មនុស្ស​លោក មាន​ន័យ​ថា ការដាក់សេចក្តីខ្វល់​ខ្វាយ​របស់​លោកិយ មុនការណ៍​ទាំងឡាយ​នៃ​ព្រះ​នៅក្នុង​សកម្មភាព​របស់យើង អាទិភាពរបស់យើង និង​គំនិត​របស់​យើង ។

យើង​ចុះចាញ់ « សេចក្ដី​ស្រើបស្រាល​នៃ​ជីវិត​នេះ » (១) នៅ​ពេល​យើង​ញៀន ដែលវា​បន្ទាប​អំណោយ​​ដ៏​មាន​តម្លៃ​នៃសិទ្ធិជ្រើសរើស​របស់​ព្រះ(២)  នៅ​ពេល​យើង​ត្រូវ​បាន​ទាក់​ទាញចេញ​ដោយ​ការរំខាននានា ដែល​ទាញ​យើងចេញពីអ្វី​ៗដែល​សំខាន់​អស់កល្បជានិច្ច ហើយ(៣) កាលណាយើង​មាន​អាកប្បកិរិយា​ចង់លោភ ចង់​បាន​ វា​រារាំង​ការលូតលាស់​ចាំបាច់​ផ្ទាល់​ខ្លួន ​ដើម្បី​នឹងផ្តល់​ជាលទ្ធ​ភាព​ដល់​យើង សម្រាប់​ជោគវាសនា​ដ៏​អស់កល្ប​ជានិច្ច​របស់​យើង ។

យើងត្រូវបានគ្រប​« ដោយ​សេចក្តីកង្វល់​នៃជីវិត​នេះ » នៅ​ពេល​យើង​ត្រូវ​បាន​បង្អាក់ដោយ​ការភ័យខ្លាច​ចំពោះអនាគត ដែល​នឹងរារាំងនូវ​ការបោះជំហានទៅមុខ ក្នុងសេចក្តី​ជំនឿ​របស់​យើង ការ​ទុកចិត្ត​លើព្រះ និង​សេចក្តីសន្យារបស់​ទ្រង់ ។ ម្ភៃប្រាំ​ឆ្នាំ​កន្លង​ទៅ​ហើយ សាស្ត្រាចារ្យ ​ប៊ីវ៉ៃយូ​ដ៏​ល្បីម្នាក់ឈ្មោះ ហាហ្វ ដបុលយូ. នីប្លី បាន​មាន​ប្រសាសន៍អំពី​​គ្រោះ​ថ្នាក់​នៃ​ការឡោមព័ទ្ធ​ទៅ​ដោយ​សេចក្តី​កង្វល់​របស់​លោកិយ ។ គាត់​ត្រូវ​បាន​គេ​សួរ នៅក្នុងការសម្ភាសន៍​មួយថា ​តើ​ស្ថានភាព​នៃ​ពិភពលោក​ និង​កាតព្វកិច្ច​របស់​យើងក្នុង​ការ​ចែកដំណឹងល្អ ធ្វើ​ឲ្យ​មាន​បំណង​ប្រាថ្នា ក្នុង​ការ​ស្វែងរក​របៀប​មួយ​ចំនួន ដើម្បី «ផ្លាស់​ប្ដូរ​អ្វីដែ​លយើង​ធ្វើ​នៅក្នុង​សាសនាចក្រ ដើម្បី​ឲ្យ​ស្រប​ទៅ​នឹង​ពិភពលោក» ដែរ​ឬ​ទេ ។

គាត់ឆ្លើយថា៖ «នោះ​ពិត​ជា​គោលបំណងទាំង​ស្រុង​​នៃ​សាសនាចក្រ មែន​ទេ? អ្នក​ត្រូវ​តែ​មាន​ឆន្ទៈ នឹង​ត្រូវ​គេ​ឯង​អាក់​អន់​ចិត្ត អ្នក​ត្រូវ​តែមាន​ឆន្ទៈ​ទទួលយក​ហានិភ័យ​ ។ ការចែកដំណឹងល្អ ​ជាទីកន្លែង​ដែល​តម្រូវ​ឲ្យ​មានសេចក្តីជំនឿ ។ … ការប្តេជ្ញាចិត្ត​របស់​យើង គឺត្រូវ​បាន​រំពឹងថា​នឹង​ត្រូវ​សាកល្បង​ វា​ត្រូវបាន​រំ​ពឹងថានឹង​ពិបាក ថា​វា​ពិត​ជា​សមហេតុផល ក្នុង​លក្ខខណ្ឌនៃ​លោកិយនេះ​» ។​

អាទិភាពនៃ​ដំណឹងល្អ​នេះ​ គឺ​ត្រូវ​បាន​បញ្ជាក់នៅ​លើបរិវេណនៃ​សកលវិទ្យាល័យ ប៊ីវ៉ៃយូ ពីរ​បី​ខែ​កន្លង​ទៅ​នេះ ដោយ​អ្នក​ដឹកនាំ​កាតូលិក​ដ៏ល្បីម្នាក់ ឆាលេស ជេ. ឆាភុត ដែលមានឋានៈជា​គ្រូ​គង្វាល​​ជាន់​ខ្ពស់ នៃ​រដ្ឋ ហ្វៀឡាដេលហ្វៀ​ ។ និយាយ​អំពី​​ « កង្វល់ ដែល​សមាគម អិល. ឌី. អេស និង កាតូលិក មាន​ដូច​គ្នានោះ » លោកមាន​ប្រសាសន៍ « អំពី​អាពាហ៍ពិពាហ៍ និង​ក្រុម​គ្រួសារ​ ធម្ម​ជាតិ​នៃ​ផ្លូវភេទ​របស់​យើង និង​បរិសុទ្ធភាព​នៃ​ជីវិត​របស់​មនុស្សលោក​ និង​ភា​ពបន្ទាន់​នៃសេរីភាព​ខាងសាសនា » ថា ៖

«ខ្ញុំចង់​បញ្ជាក់​ម្តង​ទៀត​ អំពី​សារៈសំខាន់ នៃ​ការរស់នៅ​​តាម​អ្វី​ដែល​ យើង​អះ​អាងថា​ជឿនោះ ។ វា​ត្រូវតែ​ជា​អា​ទិភាព​មួយ​—មិន​ត្រឹម​តែ​នៅក្នុង​ជីវិត​ផ្ទាល់​ខ្លួន​ និងគ្រួសារយើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នៅ​ក្នុងសាសនា​ចក្រ​​យើង​ ជម្រើសខាងនយោ​បាយ​របស់​យើង ទំនាក់​ទំនង​ខាង​អាជីវកម្ម​ ការ​ប្រព្រឹត្តិនឹង​អ្នក​ក្រីក្រ​របស់​យើង គឺ​មាន​ន័យថា​ នៅ​ក្នុងគ្រប់​អ្វី​ៗ​​ដែល​យើង​ធ្វើ » ។

« នេះ​ជា​មូលហេតុ​ដែល​វាសំខាន់ » លោក​បាន​បន្ដ ។ «រៀន​ពី​បទពិសោធន៍​របស់​សាសនា​កាតូលីក ។ ក្នុង​នាម​ជា​ពួកកាតូលិក យើង​ជឿ​ថា ភារកិច្ចរបស់​យើង គឺ​ដើម្បី​ធ្វើ​ជាដំបែរ​នៅ​ក្នុង​សង្គម ។ ប៉ុន្តែ​មាន​នូវ​គំនូសយ៉ាង​ស្តើង រវាង​ការ​ធ្វើ​ជាដំបែ នៅក្នុង សង្គម និង​ការដែល​ត្រូវបាន​រំលាយ ដោយ សង្គមវិញ » ។

ការ​ព្រមាន​របស់​ព្រះ​អង្គ​សង្គ្រោះ​ជំ​ទាស់​នឹង​សេចក្តី​កង្វល់​នៃ​ពិភព​លោក​នេះ​ ដែល​កំពុង​តែរុញ​ព្រះ​បន្ទូល​របស់​ព្រះចេញ​ពីក្នុង​ជីវិត​​យើង ពិត​ជា​អញ្ជើញ​យើង​ ឲ្យរក្សា​អាទិភាព​នានា​របស់​យើងឲ្យឋិតឋេរ—ឲ្យ​ដួងចិត្ត​​យើង​នឹងធឹង​—ទៅ​លើ​ព្រះ​បញ្ញត្តិ​របស់​ព្រះ និង​ថ្នាក់​ដឹកនាំនៅក្នុង​សាសនាចក្រ​របស់​ទ្រង់ ។

គំរូ​របស់​ព្រះ​អង្គ​សង្គ្រោះ​ អាច​ញ៉ាំង​ចិត្ត​យើង​ឲ្យ​គិត​អំពី​រឿង​ប្រៀប​ប្រដូច​នេះ​ ទុក​ជា​រឿង​ប្រៀប​ប្រដូច​អំពី​ដី ។ ដីមាន​ជីជាតិល្អ​ ​គឺ​ផ្អែក​លើ​ដួង​ចិត្ត​របស់​មនុស្ស​ម្នាក់​ៗ​ដែល​ធ្លាប់​បាន​ឮ​អំពី​គ្រាប់​ពូជ​នៃ​ដំណឹងល្អ ។ នៅក្នុង​ការ​បើក​​ចិត្ត​ចំពោះ​ការ​បង្រៀន​ខាង​វិញ្ញាណ​ ដួងចិត្ត​ខ្លះរឹង​រូស និងមិន​បាន​រៀបចំ ដួងចិត្ត​ខ្លះ​គឺ​ជា​កន្លែង​ថ្ម​ដោយ​មកពី​ការ​ឈប់​ប្រើ​ប្រាស់ ហើយ​ដួង​ចិត្ត​ខ្លះ​ទៀត ដក់​ជាប់​ទៅ​លើ​អ្វី​ៗនៃ​ពិភព​លោក ។

III. ខ្លះ​ទៀត​បាន​ធ្លាក់​ទៅ​លើ​ដី​ល្អ ហើយ​បាន​បង្កើត​ជាផល​ផ្លែ

រឿង​ប្រៀប​ប្រដូច​នៃ​អ្នក​ព្រោះគ្រាប់​ជូជ បាន​បញ្ចប់​ជា​មួយ​នឹង​ការពិពណ៌នា​របស់ព្រះ​អង្គ​សង្គ្រោះ​ អំពី​គ្រាប់​ពូជដែល « ធ្លាក់​ទៅ​លើដី​ល្អ ហើយ​បង្កើ​តផល» ជា​បរិមាណ​ផ្សេងៗ​គ្នា ( ម៉ាថាយ​ ១៣:៨ ) ។ តើ​យើង​អាច​រៀបចំ​ខ្លួន​យើង ដើម្បី​ធ្វើ​ជា​ដី​ល្អ ហើយ​បង្កើត​ជាផលល្អ​យ៉ាង​ដូចម្តេច ?

ព្រះយេស៊ូវបាន​ពន្យល់​ថា « តែ​ពូជ​ដែល​នៅដីល្អ គឺជា​ពួកអ្នក​ដែល​មាន​ចិត្ត ទៀងត្រង់​ល្អ ក៏ឮព្រះ​បន្ទូល ហើយយក​ចិត្ត​ទុក​ដាក់​ រួចបង្កើត​ផល​ដោយ​សេចក្តី​​អត់​ធន់វិញ » ( លូកា ៨:១៥ ) ។ យើង​មាន​គ្រាប់​ពូជ​នៃ​ព្រះ​បន្ទូលដំណឹងល្អ ។ វា​គឺ​អាស្រ័យ​លើ​យើង​ម្នាក់​ៗ ដើម្បី​ដាក់​អាទិភាព និង​ធ្វើ​អ្វី​ៗ​ឲ្យ​ដី​យើង​ល្អ​ ហើយ​មាន​ផល​ហូរហៀរ ។ យើង​ត្រូវ​តែ​ព្យាយាមចាក់ឫស ហើយ​ប្រែចិត្តជឿ​ដំណឹងល្អរបស់​ព្រះ​យេស៊ូវ​គ្រីស្ទ ( សូម​មើល កូល៉ុស ២:៦–៧ ) ។ យើង​ត្រូវសម្រេច​ឲ្យ​បាន​នូវ​​ការ​ប្រែ​ចិត្ត​ជឿ​នេះ ​ដោយ​ការ​អធិស្ឋាន ការ​អាន​ព្រះ​គម្ពីរ​ ការ​បម្រើ និង​ដោយ​ការ​ទទួល​សាក្រាម៉ង់​ជា​ប្រចាំ ដើម្បី​​មាន​ព្រះ​ វិញ្ញាណ​របស់​ទ្រង់​នៅ​ជាមួយ​នឹង​យើងជានិច្ច ។ យើង​ក៏​ត្រូវស្វែងរក​នូវ​ការផ្លាស់ប្តូរ​យ៉ាង​ធំ​នៃ​ដួង​ចិត្ត ( សូមមើល អាលម៉ា ៥:១២–១៤) ដែល​ជំនួសឲ្យ​សេចក្តី​ប្រាថ្នា​ដែល​អាក្រក់ និង​សេចក្តីកង្វល់​ដែល​គិត​តែ​ពី​ខ្លួន​ឯង ជាមួយនឹង​សេចក្តី​ស្រឡាញ់​របស់​ព្រះ​ និង​សេចក្តី​ប្រាថ្នា ដើម្បី​បម្រើ​ទ្រង់​ និង​កូនចៅ​របស់ទ្រង់​វិញ ។

ខ្ញុំ​សូមថ្លែង​ទី​បន្ទាល់​អំពី​ការ​ពិត នៃ​អ្វី​ៗទាំងនេះ​ និង​អំពី​ព្រះ​អង្គសង្គ្រោះ ព្រះ​យេស៊ូវ គ្រីស្ទ ដែល​ការបង្រៀន​របស់​ទ្រង់ បង្ហាញផ្លូវ ហើយ​​ដង្វាយ​ធួនរបស់​ទ្រង់ បាន​ធ្វើ​ឲ្យ​អ្វី​ៗ​ទាំង​អស់​កើតឡើងបាន នៅក្នុង​ព្រះនាម​នៃ​ព្រះ​យេស៊ូវ គ្រីស្ទ អាម៉ែន ។

កំណត់​ចំណាំ

  1. ហ្គដុន ប៊ី ហ៊ិងគ្លី, «ចូរកុំឲ្យដួងចិត្តរបស់អ្នកមានកង្វល់ឡើយ» (ការប្រជុំ​ធម្មនិដ្ឋាន​សកលវិទ្យាល័យ ព្រិកហាំ យ៉ង់, ថ្ងៃទី ២៩ ខែតុលា, ឆ្នាំ ១០៧៤), ទំព័រ ១; speeches.byu.edu ។

  2. សូមមើល ឧទាហរណ៍ ដាល្លិន  អេក អូក « សម្ភារ​និយម » ជំពូក ៥ នៅក្នុង Pure in Heart (ឆ្នាំ ១៩៨៨), ៧៣–៨៧ ។

  3. ខ្ញុំពិតជាជំពាក់​អែលឌើរ នៀល  អេ ម៉ាក់ស្វែល សម្រាប់រូបភាពជាអនុស្សាវរីយនេះ ( សូមមើល « These Are Your Days,»} Ensign, ខែ តុលា ឆ្នាំ ២០១៤ ទំព័រ ២៦ ។

  4. James P. Bell នៅក្នុង « Hugh Nibley in Black and White, » BYU Today, ខែ ឧសភា ឆ្នាំ ១៩៩០ ទំព័រ ៣៧ ។

  5. Hugh Nibley, នៅក្នុង « Hugh Nibley, in Black and White,» ទំព័រ ៣៧–៣៨ ។

  6. Charles J. Chaput, « The Great Charter at ៨០០ ៖ Why It Still Matters,” First Things, ថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០១៥ សូមមើល firstthings.com/web-exclusives/2015/01/the-great-charter-at-800; សូមមើល​ផងដែរ Tad Walch, “At BYU, Catholic Archbishop Seeks Friends, Says U.S. Liberty Depends on Moral People,” ក្រុមហ៊ុនកាសែតព័ត៌មាន Deseret News, ថ្ងៃទី ២៣ ខែ មករាឆ្នាំ ២០១៥,​deseretnews.com/article/865620233/At-BYU-Catholic-archbishop-seeks-friends-says-US-liberty-depends-on-moral-people.html ។ គ្រូ​គង្វាល​ជាន់ខ្ពស់ Chaput ក៏​បាន​ថ្លែង​ផងដែរ​ថា « ស្ថាប័នសាសនាកាតូលិកដ៏ល្អបំផុតរបស់យើង​ខ្លះ បាន​បាត់​បង់ ឬបានបន្ទាប​អត្តសញ្ញាណ​ខាងសាសនារបស់គេ ។ …ព្រិកហាំ យ៉ង់ គឺជាសកលវិទ្យាល័យដ៏ឆ្នើមមួយ … ​ពីព្រោះ​វាគឺជាមជ្ឈមណ្ឌល​នៃការអប់រំ ដែលពង្រឹង​ដោយ​អត្តសញ្ញាណ​ខាងសាសនា ។ កុំបំបាត់​បទដ្ឋាននោះឡើយ » ( « The Great Charter at ៨០០ » ) ។