ឆ្នាំ ២០១០-២០១៩
ល្អ ហើយ​ស្មោះត្រង់​ពិត
ខែ មេសា 2015


ល្អ ហើយ​ស្មោះត្រង់​ពិត

សារដំណឹង​ល្អ​នៃ​ដំណឹង​ល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​គឺ​ថា​បំណង​ប្រាថ្នា​នៃ​ដួងចិត្ត​របស់​យើង​អាច​ត្រូវ​បាន​ផ្លាស់ប្តូរ ហើយ​ទឹកចិត្ត​របស់​យើង​អាច​ត្រូវ​បាន​អប់រំ និង ដុសខាត់ ។

ជាអកុសល មាន​ពេល​មួយ​ក្នុង​ជីវិត​ខ្ញុំ ដែល​ខ្ញុំ​មាន​ចិត្ត​ចង់​បាន​តែ​តំណែង និង អំណាច ។ វា​ពិត​ជា​បាន​ចាប់ផ្តើម​ដោយ​មិន​ដឹង​ខ្លួន ។ នៅ​ពេល​ខ្ញុំ កំពុង​រៀបចំ​ខ្លួន​បម្រើ​បេសកកម្ម​ពេញ​ម៉ោង នោះ​បងប្រុស​ខ្ញុំ​បាន​ធ្វើ​ជា​អ្នក​ដឹកនាំ​តំបន់​​ក្នុង​បេសកកម្ម​គាត់ ។ ខ្ញុំ​បាន​ឮ​ចំណុច​ល្អៗ​ជា​ច្រើន​ ដែល​គេ​បាន​និយាយ​ពី​គាត់ ដែល​ខ្ញុំ​អត់​ទ្រាំ​ពុំ​បាន ហើយ​ចង់​ឲ្យ​វា​កើត​ឡើង​ចំពោះ​រូប​ខ្ញុំ​ដែរ ។ ខ្ញុំ​បាន​រំពឹង​ទុក ហើយ​ប្រហែល​ជា​បាន​អធិស្ឋាន​សុំ​ឲ្យ​បាន​មុខងារ​មួយ​ស្រដៀង​គ្នា​នោះ ។

ដោយ​អំណរគុណ នៅពេល​ខ្ញុំ​បម្រើ​បេសកកម្ម​នោះ​ ខ្ញុំ​បាន​រៀន​មេរៀន​ដ៏​មាន​ឥទ្ធិពល​មួយ ។ កាល​ពី​សន្និសីទ​មុន ខ្ញុំ​ត្រូវ​បាន​រំឭក​ពី​មេរៀន​នោះ ។

ក្នុង​ខែ​តុលា ​ប្រធាន ឌៀថើរ  អេស្វ អុជដូហ្វ បាន​មាន​ប្រសាសន៍​ថា ៖ « នៅ​ក្នុង​ជីវិត​ខ្ញុំ ខ្ញុំ​ធ្លាប់​មាន​ឱកាស​ដើម្បី​អង្អែល​ស្មារ​បុរស​ស្ត្រី​ដ៏​ឈ្លាសវៃ​បំផុត​មួយ​ចំនួន​នៅ​ក្នុង​ពិភព​លោក​នេះ ។ កាល​ខ្ញុំ​នៅ​ក្មេង ខ្ញុំ​ចាប់​អារម្មណ៍​នឹង​ជន​ដែល​បាន​រៀន​សូត មាន​ជោគជ័យ និង​មាន​ការ​កោតសរសើរ​ពី​ពិភពលោក ។ ប៉ុន្តែ​យូរៗ​ទៅ ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​ពិតជាចាប់​អារម្មណ៍នឹង​មនុស្ស​ដ៏​អស្ចារ្យ ហើយ​មានពរ​ទាំងនោះ ​ដែលជា​មនុស្ស ល្អ ហើយ​ស្មោះត្រង់​ពិតខ្លាំង​ជាង » ។

វីរៈបុរស​របស់​ខ្ញុំ​ក្នុង​ព្រះគម្ពីរ​មរមន គឺ​ជា​គំរូដ៏​ឥតខ្ចោះ​មួយ​នៃ​មនុស្ស​ដ៏​អស្ចារ្យ និង មាន​ពរ ដែល​ល្អ ​ហើយ​ស្មោះត្រង់​ពិត ។ ស៊ិបឡុន ជាកូន​ប្រុស​ម្នាក់​របស់​អាលម៉ា​ជា​កូន ។ យើង​ស្គាល់​ច្រើន​ពី​បងប្អូន​ប្រុស​គាត់​គឺ ហេលេមិន ដែល​ជា​អ្នក​ថែរក្សា​បញ្ជី​បន្ត​ពី​ឪពុក​ខ្លួន ហើយ​ក៏​ជា​ព្យាការី​នៃ​ព្រះ និង កូរីអានតុន ដែល​យើង​ស្គាល់​ថា​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ដែល​ត្រូវការ​ដំបូន្មាន​​មួយ​ចំនួន​ពី​របស់​ឪពុក​របស់​ខ្លួន ។ ចំពោះ​ហេលេមិន អាលម៉ា បាន​សរសេរ​ចំនួន​ ៧៧​ខ ( សូម​មើល អាលម៉ា ៣៦–៣៧) ។ ចំពោះ​កូរីអានតុន អាលម៉ា បាន​សរសេរ​ចំនួន​ ៩១​ខ ( សូម​មើល អាលម៉ា ៣៩-៤២) ។ ចំពោះ​ស៊ិបឡុន ដែលជា​កូន​កណ្តាល​របស់​ខ្លួន ​អាលម៉ា បាន​សរសេរ​តែ​ចំនួន​ ១៥​ខ ​ប៉ុណ្ណោះ ( សូមមើល អាលម៉ា ៣៨) ។ ប៉ុន្តែ​ពាក្យ​ពេចន៍​របស់​លោក​នៅ​ក្នុង ​១៥ ​ខ​នោះ​ ពោរពេញ​ដោយ​អំណាច និង ការណែនាំ ។

« ហើយ​ឥឡូវ​នេះ ឱ​កូន​ប្រុស​របស់​ឪពុក​អើយ ឪពុក​ជឿ​ថា ឪពុក​នឹង​មាន​សេចក្តី​អំណរ​ដ៏​មហិមា ដោយ​សារ​កូន ដោយ​ព្រោះ​ចិត្ត​នឹងនរ និង ចិត្ត​ស្មោះ​ត្រង់​របស់​កូន​ចំពោះ​ព្រះ ព្រោះ​ដូច​ជា​កូន​បាន​ចាប់ផ្តើម​រំពឹង​ទៅ​រក​ព្រះអម្ចាស់​ជា​ព្រះ​របស់​កូន​នៅ​ក្នុង​យុវវ័យ​ជា​យ៉ាង​ណា នោះ​ឪពុក​សង្ឃឹម​ថា កូន​នឹង​កាន់តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់​រហូត​តទៅ​ជា​យ៉ាង​នោះ​ដែរ ព្រោះមាន​ពរហើយ​ដល់​អស់​អ្នក​ណា​ដែល​កាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត ។

« ឱ កូន​ប្រុស​របស់​ឪពុក​អើយ ឪពុក​ប្រាប់​កូន​ថា ឪពុក​មាន​សេចក្តី​អំណរ​ជា​ខ្លាំង​មក​ហើយ ដោយសារ​កូន​ ដោយ​ព្រោះ​​សេចក្តី​ស្មោះ​ត្រង់ និង សេចក្តី​ព្យាយាម​របស់​កូន​ និង សេចក្តី​អត់ធន់​របស់​កូន​និង សេចក្តី​អត់ធ្មត់​របស់​កូន ក្នុង​ចំណោម​ប្រជានជន » (អាលម៉ា ៣៨:២–៣) ។

ក្រៅ​ពី​ការ​និយាយ ទៅកាន់ ស៊ិបឡុន នោះ​អាលម៉ា​ក៏​បាន​និយាយ អំពី ខ្លួន​លោក​ទៅ​កាន់​កូរីអានតុន​ផងដែរ ។ អាលម៉ា​បាន​និយាយ​ ៖ « ​តើ​កូន​ពុំ​យក​ចិត្ត​ទុក​ដាក់ ដល់​ភាព​នឹង​ធឹង​របស់​បងប្រុស​កូន​ទេ​ឬ និង សេចក្តី​ស្មោះ​ត្រង់​របស់​គេ និង សេចក្តីព្យាយាម​របស់​គេ​ក្នុង​ការកាន់​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​នៃ​ព្រះ ? មើល​ចុះ តើ​បង​របស់​កូន​ ពុំ​មែន​ជាគំរូ​មួយ​សម្រាប់​កូន​ទេ​ឬ​អី ? (អាលម៉ា ៣៩:១) ។

វា​បាន​បង្ហាញ​ថា ស៊ិបឡុន​គឺ​ជា​កូន​ប្រុស​ម្នាក់​ដែល​ចង់​ផ្គាប់ចិត្ត​ឪពុក​ខ្លួន ហើយ​បាន​ចេញ​ទៅ​ធ្វើ​កិច្ចការ​ដែល​ត្រឹមត្រូវ​ ដើម្បី​បាន​កេរ្តិ៍ឈ្មោះ​ល្អ ច្រើន​ជាង​ការសរសើរ មាន​មុខមាត់ អំណាច កិត្តិយស ឬក៏ សិទ្ធិ​អំណាច​ ។ ហេលេមិន​ ប្រាកដ​ជា​​បាន​ដឹង ហើយ​គោរព​ចំណុច​ទាំង​នេះ​ពី​ប្អូន​ប្រុស​ខ្លួន ដ្បិត​គាត់​បាន​ប្រគល់​សិទ្ធិ​ដល់​ស៊ិបឡុន​ឲ្យ​ថែរក្សា​បញ្ជី​ដ៏​ពិសិដ្ឋ​ដែល​គាត់​បាន​ទទួល​ពី​ឪពុក​លោក ។ ពិតណាស់ ហេលេមិន បាន​ទុកចិត្ត ស៊ិបឡុន ដោយសារ « លោក​គឺ​ជា​មនុស្ស​សុចរិត ហើយ​លោក​បាន​ដើរ​ដោយ​ត្រង់​នៅ​ចំពោះ​ព្រះ ហើយ​លោក​បាន​ប្រតិបត្តិ​តាម​ការធ្វើ​ល្អរហូត ដើម្បី​កាន់តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​នៃ​ព្រះអម្ចាស់​ជា​ព្រះ​របស់​លោក » (អាលម៉ា ៦៣:២) ។ ចរិក​លក្ខណៈ​របស់​ស៊ិបឡុន ​ហាក់​ដូចជា​ពុំ​បាន​កត់ត្រា​ច្រើន​ទេ ចាប់​តាំង​ពី​ពេល​ដែល​លោក​បាន​ទទួល​បញ្ជី​ពិសិដ្ឋ​ រហូត​ដល់​លោក​បាន​ប្រគល់​វា​ដល់​ហេលេមិន ដែល​ជាកូនប្រុស​របស់​ហេលេមិន​នោះ ( សូមមើល អាលម៉ា ៦៣:១១) ។

ស៊ិបឡុន​គឺ​ល្អ ហើយ​ស្មោះត្រង់​ពិត ។ លោក​គឺ​ជា​មនុស្ស​ម្នាក់​ដែល​បាន​លះបង់​ពេល​វេលា ទេពកោសល្យ និង កិច្ចខិតខំ​របស់​ខ្លួន​ដើម្បី​ជួយ និង លើកស្ទួយ​អ្នក​ដទៃ​ឡើង ដោយ​សារតែ​សេចក្តី​ស្រឡាញ់​ចំពោះ​ព្រះ និង មនុស្ស​ទូទៅ ( សូមមើល អាលម៉ា ៤៨:១៧–១៩; ៤៩:៣០) ។ លោក​ត្រូវ​បាន​រៀបរាប់​យ៉ាង​ល្អ​ឥតខ្ចោះ​ដោយ​ប្រសាសន៍​របស់​ប្រធាន ស្ពែនស៊ើរ   ដបុលយូ ឃឹមបឹល ៖ « ស្ត្រី និង បុរស​ដ៏​អស្ចារ្យ​​តែងតែ​អន្ទះសារ​ដើម្បី​បម្រើ​ជាជាង​ដើម្បី​​ត្រួតត្រា » ។

​ក្នុង​ពិភព​លោក​មួយ​ដែល​ការសរសើរ ការមាន​មុខមាត់ អំណាច កិត្តិយស និង សិទ្ធិ​អំណាច​ត្រូវ​បាន​គេព្យាយាម​រក​តាម​​គ្រប់​វិធី​ទាំងអស់ នោះ​ខ្ញុំ​សូម​គោរព​ដល់​​មនុស្ស​ដែល​អស្ចារ្យ និង មានពរ​ ដែល​ល្អ ហើយ​ស្មោះត្រង់​ពិត ជា​អស់​អ្នក​ដែល​មាន​ចិត្ត​ស្រឡាញ់​ព្រះ និង អ្នក​ជិតខាង​ខ្លួន អស់​ទាំង ស្ត្រី និង បុរស​ដ៏​អស្ចារ្យ​ទាំងឡាយ​ដែល​តែងតែ​ « អន្ទះសារ​ដើម្បី​បម្រើ​ ជាជាង​ដើម្បី​ត្រួតត្រា » ។

បច្ចុប្បន្ន​នេះ មាន​មនុស្ស​មួយ​ចំនួន​ដែល​ចង់​ឲ្យ​យើង​ជឿ​ថា ការស្វែងរក​ដ៏​សំខាន់​ដែល​ធ្វើ​ឲ្យ​យើង​ស្កប់ចិត្តនោះ​ មានតែ​តាម​រយៈការ​ទទួល​បាន​នូវ​មុខមាត់ និង អំណាច​​ប៉ុណ្ណោះ ។ ប៉ុន្តែ ដោយ​អំណរគុណ មាន​មនុស្ស​ជា​ច្រើន​ពុំ​បាន​ទទួល​រង​ឥទ្ធិពល​នៃ​ទស្សនវិស័យ​នេះ​ឡើយ ។ ពួកគេ​ស្វែងរក​អ្វី​ដែល​សំខាន់ៗ ដើម្បី​ព្យាយាម​ប្រែ​ជា​ល្អ ហើយ​ស្មោះត្រង់​ពិត ។ ខ្ញុំ​បាន​ជួប​ពួកគេ​ ​ក្នុង​មនុស្ស​គ្រប់​ជំពូក និង គ្រប់​សាសនា ។ ហើយ​ខ្ញុំ​បាន​ឃើញ​ពួកគេ​ជាច្រើន​​ក្នុង​ចំណោម​ពួកអ្នក​ផ្លាស់ប្រែ​ចិត្ត​ដ៏​ពិត​នៃ​ព្រះគ្រីស្ទ ។

ខ្ញុំ​សូម​គោរព​ដល់​អស់​អ្នក​ដែល​បម្រើ​ដោយ​មិន​គិត​ពី​ខ្លួន​ឯង​រាល់​សប្តាហ៍​នៅក្នុង​វួដ និង សាខា​ជុំវិញ​ពិភពលោក ​ដោយ​ធ្វើ​ការយ៉ាង​ច្រើន​លើសលុប​ក្នុង​ការបំពេញ​ការហៅបម្រើ​របស់​ខ្លួន ។ ប៉ុន្ដែ​ការហៅបម្រើ​មាន​ការញែកចេញ និង​ការដោះលែង ។ អ្វី​ដែល​​កាន់តែ​ភ្ញាក់ផ្អើល​ចំពោះ​ខ្ញុំ​នោះ​ គឺ​ថា មាន​មនុស្ស​ជាច្រើន​ដែល​គ្មាន​ការហៅ​បម្រើ​ជា​ផ្លូវការ​ តែ​គេតែង​ស្វែងរក​របៀប​នានា​ដើម្បី​បន្ត​បម្រើ និង លើក​ស្ទួយ​មនុស្ស​ដទៃ ។ មាន​បងប្រុស​ម្នាក់​បាន​មក​ព្រះ​វិហារ​តាំងពី​ព្រលឹម​​​ដើម្បី​រៀបចំ​កៅអី ហើយ​បន្ត​នៅ​ដើម្បី​សម្អាត​សាលា​ប្រជុំ ។ បងស្រី​ម្នាក់​មាន​ចេតនា​រើស​​កៅអីអង្គុយ​ក្បែរ​ស្ត្រី​ពិការភ្នែក​ម្នាក់​ក្នុង​វួដ​ខ្លួន ដើម្បី​គាត់​មិនត្រឹម​តែ​អាច​ស្វាគមន៍​នាង​នោះ​ទេ តែ​ថែមទាំង​អាច​ច្រៀង​ទំនុក​តម្កើង​ឮៗ​ល្មម​ដែល​ធ្វើ​ស្ត្រី​ពិការភ្នែក​ម្នាក់​នោះ​ស្តាប់​ឮ​ទំនុក​បទ ហើយ​ច្រៀង​តាម ។ បើ​អ្នក​មើល​ឲ្យ​ដិតដល់​នៅ​ក្នុង​វួដ ឬ សាខា​របស់​ខ្លួន នោះអ្នក​នឹង​ឃើញ​ពី​គំរូ​ទាំងនេះ ។ វា​តែងតែ​មាន​សមាជិក​ដែល​ហាក់បី​ដូច​ជា​ដឹង​ថា​នរណា​ត្រូវការ​ជំនួយ ហើយ​ពេល​ណា​ត្រូវ​ផ្តល់​ជំនួយ​នោះ ។

ប្រហែល​ជា​ខ្ញុំ​បាន​រៀន​មេរៀន​ដំបូង​​ខ្ញុំ អំពី​ពួកបរិសុទ្ធ​ល្អ ហើយ​ស្មោះត្រង់​ពិត​នេះ កាល​ពី​ខ្ញុំ​នៅ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​វ័យ​ក្មេង ។ ខ្ញុំ​បាន​ប្តូរ​តំបន់​ទៅ​នៅ​ជាមួយ​អែលឌើរ​ម្នាក់​ដែល​ខ្ញុំ​ពុំដែល​ស្គាល់ ។ ខ្ញុំ​បាន​ឮ​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្សេង​ទៀត និយាយ​អំពី​គាត់ថា​គាត់​​ពុំ​ដែល​ទទួល​ការចាត់តាំង​ជា​អ្នក​ដឹកនាំអ្វី​ទេ ហើយ​ថា​គាត់​មាន​ការលំបាក​និយាយ​ភាសា​កូរ៉េ ​ទោះបី​ជា​​នៅ​ប្រទេស​នោះ​​ជាយូរ​មក​ហើយ​ក្ដី ។ ប៉ុន្តែ នៅ​ពេល​ខ្ញុំ​ស្គាល់​អែលឌើរ​នេះ ខ្ញុំ​បាន​ឃើញ​ថា គាត់​គឺ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ម្នាក់​ដែល​គោរព​ប្រតិបត្តិ និង ស្មោះត្រង់​បំផុត​ដែល​ខ្ញុំ​ធ្លាប់​ស្គាល់ ។ គាត់​សិក្សា​នៅ​ពេល​ដល់​ម៉ោង​សិក្សា គាត់​ធ្វើ​ការ​នៅពេល​ដល់​ម៉ោង​ធ្វើ​ការ ។ គាត់​បាន​ចេញ​ពី​ផ្ទះ​ត្រូវ​ម៉ោង ហើយ​ត្រឡប់​មកផ្ទះ​វិញ​ទាន់​ម៉ោង ។ គាត់​ព្យាយាម​សិក្សា​ភាសា​កូរ៉េ ទោះ​បី​ជា​ភាសា​នោះ​ ពិត​ជា​ពិបាក​ចំពោះ​គាត់​ក៏​ដោយ ។

នៅពេល​ដែល​ខ្ញុំ​បាន​ដឹង​ថា អ្វី​ដែល​ខ្ញុំ​បាន​ឮ​នោះ​មិនមែន​ជា​ការពិត នោះខ្ញុំ​ទទួល​អារម្មណ៍​ថា អ្នក​ផ្សព្វផ្សាយ​សាសនា​រូប​នេះ ត្រូវ​បាន​គេ​វិនិច្ឆ័យ​ខុស​ថា​ជា​មនុស្ស​គ្មាន​ជោគជ័យ ។ ខ្ញុំ​ចង់​ប្រាប់​បេសកកម្ម​ទាំង​មូល​អំពី​អ្វី​ដែល​ខ្ញុំ​បាន​ពី​ឃើញ​អែលឌើរ​ម្នាក់​នោះ ។ ខ្ញុំ​បាន​ចែកចាយ​ជាមួយ​ប្រធាន​បេសកកម្ម​ខ្ញុំ​អំពី​បំណង​​​ខ្ញុំ​ ដើម្បី​កែតម្រូវ​ការយល់​ខុស​នេះ ។ គាត់​បាន​ឆ្លើយ​ថា « ព្រះវរបិតា​សួគ៌ ដឹង​ថា​យុវជន​ម្នាក់​នេះ​គឺ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ដ៏​មាន​ជោគជ័យ ហើយ​ខ្ញុំ​ក៏​ដឹង​ដែរ » ។ គាត់​បាន​បន្ថែម​ទៀត​ថា « ហើយ​ឥឡូវ​អ្នក​បាន​ដឹង​វា​ដែរ តើ​ចាំបាច់​ឲ្យ​អ្នក​ទៀត​ដឹង​ដែរ​ឬ ? » ប្រធាន​បេសកកម្ម​ដ៏​ឈ្លាសវៃ​នេះ បាន​បង្រៀន​ខ្ញុំ​ពី​អ្វី​ដែល​សំខាន់​ក្នុង​ការបម្រើ ហើយ​វា​មិនមែន​ជា​ការសរសើរ មាន​មុខមាត់ អំណាច កិត្តិយស ឬ សិទ្ធិ​អំណាច​ឡើយ ។ នេះ​គឺ​ជា​មេរៀន​ដ៏​អស្ចារ្យ​សម្រាប់​អ្នក​ផ្សព្វផ្សាយ​សាសនា​វ័យ​ក្មេង​ ដែល​បាន​ផ្តោតចិត្ត​ខ្លាំង​តែ​ទៅលើ​មុខ​តំណែង ។

ដោយ​ចាំ​មេរៀន​នេះ​នៅ​ក្នុង​ចិត្ត នោះ​ខ្ញុំ​បាន​ចាប់ផ្តើម​ក្រឡេក​មើល​ទៅ​ជីវិត​របស់​ខ្ញុំ ហើយ​ឃើញ​ជា​ញឹកញាប់​ពី​របៀប​ដែល​ខ្ញុំ​ត្រូវ​បាន​រងឥទ្ធិពល​ពី​បុរស និង ស្ត្រី​នានា​ដែល​នៅ​ពេល​នោះ​ពុំ​មាន​កាន់​តំណែង ឬ មុខមាត់​ខ្ពស់​នោះ​ឡើយ ។ មនុស្ស​ម្នាក់​ដែល​មាន​ចរិក​លក្ខណៈ​ដូច​ស៊ិបឡុន គឺ​ជា​គ្រូ​បង្រៀន​ថ្នាក់​សិក្ខាសាលា​ខ្ញុំ​ អំឡុង​ពេល​ខ្ញុំ​រៀនថ្នាក់​មធ្យម​សិក្សា​នៅ​វិទ្យាល័យ ។ បុរស​ដ៏​ល្អ​នេះ ​បាន​បង្រៀន​ថ្នាក់​សិក្ខាសាលារយៈពេល​តែ​ពីរ ឬ បី​ឆ្នាំ​ប៉ុណ្ណោះ ប៉ុន្តែ​គាត់​បាន​បើក​ដួង​ចិត្ត​​ខ្ញុំ​ ​បាន​ជួយ​ខ្ញុំ​ឲ្យទទួល​ទីបន្ទាល់​មួយ ។ គាត់​មិន​មែន​ជា​គ្រូ​បង្រៀន​ដែល​មាន​ប្រជាប្រិយភាព​ខ្លាំង​នៅ សាលា​រៀន​នោះ​ទេ ប៉ុន្តែ​គាត់​តែងតែ​បានរៀបចំ ហើយ​ឥទ្ធិពល​របស់​គាត់​មក​លើ​ខ្ញុំ​នោះ​ពោរពេញ​ដោយ​អំណាច និង យូរអង្វែង ។ ខ្ញុំ​បាន​ឃើញ​បុរស​ម្នាក់​នេះម្ដង​ម្កាល ក្នុង​៤០​ឆ្នាំ ចាប់តាំង​ពី​គាត់​បាន​បង្រៀន​ខ្ញុំ គឺពេល​ដែល​គាត់​បាន​មក​ជួប​ខ្ញុំក្នុង​ពិធី​បុណ្យ​សព​​ឪពុក​ខ្ញុំ ។ ពិតណាស់ នោះ​គឺ​ជា​ទង្វើ​មួយ​ដែល​មិន​ចង់​បាន​មុខ​តំណែង ឬ អំណាច​ឡើយ ។

ខ្ញុំ​សូម​គោរព​ដល់​គ្រូបង្រៀន​ដ៏​លះបង់​នោះ និង​មនុស្ស​ជាច្រើន​ទៀត​ដែល​ដូច​គាត់ ​ល្អ ហើយ​ស្មោះត្រង់​ពិត ។ ខ្ញុំ​សូម​គោរព​ដល់​គ្រូ​សាលា​ថ្ងៃ​អាទិត្យ​ម្នាក់ ដែល​មិន​គ្រាន់តែ​បង្រៀន​សិស្ស​​​ក្នុង​ថ្នាក់​នៅ​​ថ្ងៃ​អាទិត្យ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បង្រៀន និង ជះ​ឥទ្ធិពល​ដល់​សិស្ស​ទាំង​នោះ ដោយ​អញ្ជើញ​ពួកគេ​ឲ្យ​ចូលរួម​បរិភោគ​អាហារ​ពេល​ព្រឹក​ជាមួយគ្រួសារ​​គាត់ ។ ខ្ញុំ​សូម​គោរព​ដល់​ថ្នាក់ដឹកនាំ​យុវវ័យ ដែល​ចូលរួម​សកម្មភាព​កីឡា និង កម្មវិធី​វប្បធម៌​នានា​របស់​យុវជន និង​យុវនារី​នៅ​ក្នុង​វួដ​ខ្លួន ។ ខ្ញុំ​សូម​គោរព​បុរស​ម្នាក់​ដែល​សរសេរ​សំបុត្រ​លើក​ទឹក​ចិត្ត​ខ្លី​មួយ ទៅ​ដល់​អ្នក​ជិតខាង និង ស្ត្រី​ម្នាក់​ដែល​មិន​គ្រាន់តែផ្ញើ​កាតបុណ្យ​គ្រីស្ទម៉ាស់​ទេ តែ​បាន​យក​វាទៅ​ដល់​សមាជិក​គ្រួសារ និង មិត្តភក្ដិ​ដែល​ត្រូវការ​ការសួរសុខទុក្ខ​ដោយ​ផ្ទាល់ដៃ​ ។ ខ្ញុំ​សូម​គោរព​ដល់​បងប្រុស​ម្នាក់​ដែល​បាន​ដឹក​អ្នក​ជិតខាង​ខ្លួន​ជា​ប្រចាំ អំឡុង​ពេល​ដែល​អ្នក​ជិត​ខាង​នោះ​មាន​ជំងឺ​ជរា​ភ្លេចភ្លាំង—​ដោយ​ផ្តល់​នូវ​សេចក្តី​ត្រូវការ​ដ៏​ចាំបាច់​ដល់​​គាត់ និង ភរិយា​គាត់ ។

កិច្ចការ​ទាំង​នេះ ពុំ​បាន​ធ្វើ​ឡើង​ដើម្បី​បាន​ការសរសើរ ឬ កិត្តិយស​នោះ​ទេ ។ បុរស និង ស្ត្រី​ទាំងនេះ ពុំ​មាន​ចិត្ត​ទទួល​បាន​មុខ​តំណែង ឬ សិទ្ធិអំណាច​អ្វី​ឡើយ ។ ពួកគេ​ជា​កូន​សិស្ស​របស់​ព្រះគ្រីស្ទ ដោយ​បន្ត​ទៅ​ចុះឡើង ហើយ​ធ្វើ​ការល្អ ហើយ​ដូច​ជា​ស៊ិបឡុន ដែរ ពួកគេ​កំពុង​ព្យាយាម​ផ្គាប់​ព្រះទ័យ​របស់​ព្រះវរបិតា​ខ្លួន​នៅ​ស្ថានសួគ៌ ។

វា​ធ្វើ​ឲ្យ​ខ្ញុំ​កើត​ទុក្ខ ​នៅពេល​ខ្ញុំ​បាន​ឮ​ថា ​មនុស្ស​មួយ​ចំនួន​ឈប់​បម្រើ ឬ ចូលរួម​ព្រះវិហារ ដោយសារ​ពួកគេ​ត្រូវ​បាន​ដោះ​លែង​ពី​ការហៅ​បម្រើ ឬ មាន​អារម្មណ៍​ថា​ត្រូវ​គេ​មើល​រំលង​ខ្លួន​ចំពោះ​មុខងារ ឬ តំណែង​ណា​មួយ ។ ខ្ញុំ​សង្ឃឹម​ថា​ថ្ងៃ​ណា​មួយ ពួកគេ​នឹង​រៀន​នូវ​មេរៀន​ដូច​គ្នា​នេះ ដែល​ខ្ញុំ​បាន​រៀន​កាល​ពី​នៅ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​វ័យ​ក្មេង—ថា​ការបម្រើ​ដែល​សំខាន់​បំផុត​ គឺ​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​ព្រះ​តែ​មួយ​អង្គគត់ ។ នៅ​ក្នុង​ការធ្វើ​តាម​ចំណាប់​អារម្មណ៍​ផ្ទាល់​របស់​ខ្លួន តើ​យើង​បាន​ភ្លេច​ធ្វើ​តាម​ព្រះទ័យ​ទ្រង់​ និងដើម្បី​​ទ្រង់​ឬ ?

អ្នក​ខ្លះ អាច​និយាយ​ថា « ប៉ុន្តែ​ខ្ញុំ​បាន​ក្លាយ​ខ្លួន​ដូច​អស់​អ្នក​ ដែល​អ្នក​បាន​រៀបរាប់​យូរ​មក​ហើយ » ។ ដំណឹង​ល្អ​នៃ​ព្រះសិក្ខាបទ​របស់​ព្រះយេស៊ូវគ្រីស្ទ​គឺ​ថា ​បំណង​ប្រាថ្នា​នៃ​ដួងចិត្ត​​យើង​អាច​ត្រូវ​បាន​ផ្លាស់ប្តូរ ហើយ​ទឹកចិត្ត​របស់​យើង​អាច​ត្រូវ​បាន​អប់រំ និង ដុសខាត់ ។ នៅពេល​យើង​ជ្រមុជទឹក​ចូល​មក​ក្នុង​ក្រោលដ៏​ពិត​នៃ​ព្រះ នោះ​យើង​ចាប់ផ្តើម​ដំណើរការ​នៃការប្រែ​ក្លាយ​ជា​សត្វលោក​ថ្មី ( សូមមើល កូរិនថូសទី ២ ៥:១៧; ម៉ូសាយ ២៧:២៦) ។ រាល់​ពេល​ដែល​យើង​រំឭក​សេចក្តី​សញ្ញា​នៃ​ពិធី​បុណ្យ​ជ្រមុជ​ទឹក ដោយ​ការទទួល​ទាន​សាក្រាម៉ង់ នោះ​យើង​បោះ​ជើង​មួយ​ជំហាន​ខិត​កាន់តែ​ជិត​គោលដៅ​ចុង​ក្រោយ​នោះ នៅពេល​យើង​ស៊ូទ្រាំ​នៅ​ក្នុង​សេចក្តី​សញ្ញា​នោះ នោះ​យើង​ផ្តល់​កម្លាំង​ដើម្បី​ទួញ​យំ​ជាមួយ​អស់​អ្នក​ណា​ដែល​ទួញ​យំ ហើយ​កម្សាន្ត​ទុក្ខ​ដល់​អស់​អ្នក​ណា​ដែល​កំពុង​ត្រូវការ​ការកម្សាន្ត​ទុក្ខ ( សូម​មើល ម៉ូសាយ ១៨:៩) ។ នៅ​ក្នុង​សេចក្តី​សញ្ញា​នោះ យើង​រក​ឃើញ​ព្រះគុណ​ដែល​អាច​ឲ្យ​យើង​បម្រើ​ព្រះ ហើយ​គោរព​ព្រះបញ្ញត្តិ​របស់​ទ្រង់ រួម​ទាំង​ស្រឡាញ់​ព្រះ​អស់​ពី​ដួង​ចិត្ត​យើង និង ស្រឡាញ់​អ្នក​ជិតខាង​ដូច​ខ្លួន​យើង​ដែរ ។ នៅ​ក្នុង​សេចក្តី​សញ្ញា​នោះ ព្រះ និង ព្រះគ្រីស្ទ​ប្រទាន​ជំនួយ​ដល់​យើង​ដូច្នេះ​យើង​អាច​ផ្តល់​ជំនួយ​ដល់​អស់​អ្នក​ដែល​ត្រូវការ​ជំនួយ​ពី​យើង ( សូមមើល ម៉ូសាយ ៤:១៦សូមមើល​ផងដែរ ខ ១១–១៥) ។

អ្វីៗ​ទាំងអស់​ដែល​ខ្ញុំ​ចង់​បាន​នៅ​ក្នុង​ជីវិត​នោះ​គឺ​ផ្គាប់​ចិត្ត​ឪពុក​របស់​ខ្ញុំ—​ទាំង​ឪពុក​ខាង​សាច់ឈាម និង​ព្រះវរបិតា​សួគ៌​—ហើយ​ដើម្បី​ក្លាយ​ឲ្យ​កាន់តែ​ដូច​ជា​ស៊ិបឡុន ។

ខ្ញុំ​មាន​អំណរ​គុណ​ចំពោះ ព្រះវរបិតា​សួគ៌​​ខ្ញុំ​សម្រាប់​មនុស្ស​ទាំងអស់​ដែល​ដូច​ស៊ិបឡុន​ ដែល​បាន​ផ្តល់​ជាគំរូឲ្យ​ខ្ញុំ—​និង​យើង​ទាំងអស់​គ្នា​—នូវ​សេចក្តី​សង្ឃឹម ។ ក្នុង​ជីវិត​ពួកគេ យើង​ឃើញ​នូវ​​សាក្សី​ដែលព្រះបិតាសួគ៌​ជាទី​ស្រឡាញ់ និង ព្រះអង្គ​សង្គ្រោះ​ ​មាន​ព្រះទ័យ​ទុកដាក់ និង អាណិតអាសូរ​ដល់​យើង ។ ខ្ញុំ​សូម​បន្ថែម​ទីបន្ទាល់​​ខ្ញុំ​លើ​ទីបន្ទាល់​​ពួកគេ ព្រមទាំង​​​អង្វរ​ឲ្យ​ព្យាយាម​ធ្វើ​កាន់តែ​ដូច​​ពួកគេ ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

កំណត់​សម្គាល់

  1. ឌៀថើរ  អេស្វ អុជដូហ្វ « ព្រះអម្ចាស់​អើយ តើ​ទូលបង្គំ​ឬ​អី ?»Ensignលីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០១៤, សេចក្តី​បន្ថែម​ត្រូវ​បាន​បញ្ជាក់ ។

  2. ហេលេមិន​ មិន​បាន​ទៅ​បង្រៀន​ដល់​សាសន៍​សូរាំ​ទេ ដូច្នេះ​យើង​ដឹង​ថា អាលម៉ា កំពុង​និយាយ​ពី​ស៊ិបឡុន​នៅពេល​លោក​មាន​ប្រសាសន៍​ថា « បងប្រុស​របស់​ឯង » ( សូមមើល អាលម៉ា ៣១:៧; ៣៩:២) ។

  3. ស្ពែនស៊ើរ  ដបុលយូ ឃឹមបឹល « The Role of Righteous Women » Ensign ខែ វិច្ឆិកា ឆ្នាំ​១៩៦៩ ទំព័រ ១០៤ ។

  4. « ព្រះអម្ចាស់​បាន​បង្រៀន​យើង​ថា នៅពេល​យើង​ពិតជា​ផ្លាស់ប្រែ​ចិត្ត​ជឿ​លើ​ដំណឹង​ល្អ​របស់​ទ្រង់​ហើយ នោះដួងចិត្ត​យើង​នឹង​​បែរ​ចេញ​ពីកង្វល់​ដ៏​អត្មានិយម ហើយ​បែរ​ឆ្ពោះ​ទៅ​រក​ការបម្រើ​ដើម្បី​លើក​ស្ទួយ​មនុស្ស​ដទៃ ​នៅពេល​ពួកគេ​បន្ត​ដើរ​ទៅ​រក​ជីវិត​អស់​កល្ប​ជានិច្ច ។ ដើម្បី​ទទួល​បាន​ការ​ផ្លាស់ប្រែ​ចិត្ត​ជឿ​នោះ យើង​អាច​អធិស្ឋាន ហើយ​ធ្វើ​ការ​ក្នុង​សេចក្តី​ជំនឿ ដើម្បី​ប្រែក្លាយ​ទៅ​ជា​សត្វ​លោក​ថ្មី​ដែល​អាច​ធ្វើ​បាន ​ដោយ​ដង្វាយ​ធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ។ យើង​អាច​ចាប់ផ្តើម​ដោយ​ការ​អធិស្ឋាន​សុំ​សេចក្តី​ជំនឿ​ ដើម្បី​ប្រែចិត្ត​ពី​ភាព​អាត្មានិយម និង​សុំ​អំណោយទាន​នៃ​ការ​ខ្វល់ខ្វាយ​ចំពោះ​មនុស្ស​ដទៃ​ទៀត​ច្រើន​ជាង​ខ្លួន​យើង ។ យើង​អាច​អធិស្ឋាន​សុំ​អំណាច​ដើម្បី​ទម្លាក់​ចុះ​នូវ​អំនួត និង ការច្រណែន » ។ ( ហិនរី  ប៊ី អាវរិង « Testimony and Conversion » Ensign លីអាហូណា ខែ កុម្ភៈ ឆ្នាំ ២០១៥ ទំព័រ ៤–៥ ) ។

  5. « [ ព្រះ ] គឺ​អមត​ហើយ​ល្អ​ឥតខ្ចោះ ។ យើង​មាន​ជីវិត​រមែង​ស្លាប់ ហើយ​មិន​ល្អ​ឥតខ្ចោះ ។ ដូច្នេះ​ហើយ យើង​ព្យាយាម​រក​វិធី​នានា​ទោះបី​ជា​នៅ​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ​ ដើម្បី​​យើង​នឹង​អាច​រួមរួម​ជា​មួយ​នឹង​ទ្រង់​ខាង​វិញ្ញាណ ។ នៅពេល​យើង​ធ្វើ​ដូច្នេះ នោះ​យើង​បង្កើន​ច្រកចូល​ទៅ​កាន់​ទាំង​ព្រះគុណ និង បារមី​នៃ​ព្រះចេស្តា​ទ្រង់ ។ ឱកាស​ពិសេស​ទាំងនោះ​រួម​មាន...ពិធី​បុណ្យ​ជ្រមុជ​ទឹក និង ពិធី​បញ្ជាក់...[ ហើយ ] ទទួល​ទាន​តំណាង​នៃ​អាហារ​ពេល​យប់​របស់​ព្រះអម្ចាស់ » ( ជេហ្រ្វី  អ័រ ហូឡិន To My Friends [ ឆ្នាំ​២០១៤ ] ទំព័រ ៨០ ) ។

  6. « ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ដែល​មើល​ឃើញ​ខ្លួន​ពួកគេ​ក្នុង​គ្រប់កិច្ចការ​ដែល​ពួកគេ​ធ្វើ​ក្នុង​នាម​ជា​កូន​ចៅ​ព្រះ​ ជាទូទៅ​ទទួលយក​ការ​ធ្វើ និង ការរក្សា​នូវ​ការតាំងចិត្ត​ដោយ​ខ្លួន​ឯង ។ ផែនការនៃ​សេចក្តី​សង្គ្រោះ​ត្រូវ​បាន​គូស​ដាន​ដោយ​សេចក្តី​សញ្ញា ។ យើង​សន្យា​ថា ​គោរពប្រតិបត្តិ​ព្រះបញ្ញត្តិ ។ ត្រឡប់​មក​វិញ ព្រះ​សន្យា​ប្រទាន​ពរជ័យ​នៅ​ក្នុង​ជីវិត​នេះ និង អស់កល្ប​ជានិច្ច ។ ទ្រង់​ម៉ឹងម៉ាត់​ចំពោះ​អ្វី​ដែល​ទ្រង់​តម្រូវ​ឲ្យ​មាន ហើយ​ទ្រង់​រក្សា​ការសន្យា​របស់​ទ្រង់​បាន​ល្អ​ឥតខ្ចោះ ។ ពីព្រោះ​ទ្រង់​ស្រឡាញ់​ពួកគេ ហើយ​ដោយសារ​គោលបំណង​នៃ​ផែនការ​ គឺ​ដើម្បី ប្រែក្លាយ​ឲ្យ​ដូច​ជា​ទ្រង់ នោះ​ទ្រង់​តម្រូវ​នូវ​ភាព​ប្រាកដប្រជា​ពី​យើង ។ ហើយ​សេចក្តី​សន្យា​ដែល​ទ្រង់​ធ្វើ​ជាមួយ​យើង តែងតែ​រួម​មាន​នូវ​អំណាច​ដើម្បី​រីកចម្រើន​នៅ​ក្នុង​សម្ថតភាព​របស់​យើង​ដើម្បី​គោរព​តាម​សេចក្តី​សញ្ញា​នានា ។ ទ្រង់​ធ្វើ​ឲ្យ​យើង​ស្គាល់​ច្បាប់​របស់​ទ្រង់ ។ នៅ​ពេល​យើង​ព្យាយាម​អស់​ពី​ដួង​ចិត្ត​របស់​យើង ដើម្បី​បំពេញ​តាមបទដ្ឋាន​ទ្រង់ នោះ​​ទ្រង់​ប្រទាន​ដល់​ពួកយើង​នូវ​ដៃគូ​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ ។ វា​ធ្វើ​ឲ្យ​យើង​ពង្រីក​អំណាច​របស់​យើង​ដើម្បី​រក្សា​ការតាំងចិត្ត និង ដឹង​អ្វី​ដែល​ល្អ និង ពិត ។ ហើយ​នោះ​គឺ​ជា​អំណាច​ដើម្បី​រៀន ទាំង​ការសិក្សា​ខាង​សាច់ឈាម និង ការរៀន​សូត្រ​ដែល​យើង​ត្រូវការ​សម្រាប់​ភាព​អស់កល្ប​ជានិច្ច » ( ហិនរី  ប៊ី អាវរិង « A Child of God” [Brigham Young University devotional, ថ្ងៃទី ២១ ខែ  តុលា ឆ្នាំ ១៩៩៧ ] ទំព័រ ៤–៥; speeches.byu.edu) ។ សូមើល​ផងដែរ ដាវីឌ  អេ បែដណា « Bear Up Their Burdens with Ease »Ensignលីអាហូណា ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ៨៧–៩០ ។

  7. តាម​ការនឹក​ចាំ​របស់​ខ្ញុំ​ពីមុន នោះ​ខ្ញុំ​បាន​ចង់​ផ្គាប់​ចិត្ត​របស់​ឪពុក​ខ្ញុំ ។ នៅពេល​ខ្ញុំ​បាន​ចម្រើន​វ័យ និង កើន​នូវ​ទីបន្ទាល់​មក ខ្ញុំ​ក៏​បាន​កើន​នូវ​បំណង​ប្រាថ្នា​ដើម្បី​ផ្គាប់​ព្រះទ័យ​ព្រះវរបិតាសួគ៌​ដែរ ។ ក្រោយមក​ក្នុង​ជីវិត​ខ្ញុំ ខ្ញុំ​បាន​រៀន​អំពី​ស៊ិបឡុន ហើយ​បាន​បន្ថែម​គោលដៅ​នៃ​ជីវិត​របស់​ខ្ញុំ​ដើម្បី​ប្រែក្លាយ​​ឲ្យ​កាន់​តែ​ដូច​ទ្រង់ ។