ឆ្នាំ ២០១០-២០១៩
មូលហេតុ​ដែល​អាពាហ៍ពិពាហ៍ និង គ្រួសារ​សំខាន់—នៅ​គ្រប់​កន្លែង​លើ​ពិភពលោក
ខែ មេសា 2015


មូលហេតុ​ដែល​អាពាហ៍ពិពាហ៍ និង គ្រួសារ​សំខាន់—នៅ​គ្រប់​កន្លែង​លើ​ពិភពលោក

គ្រួសារ​ជា​ស្នូល​នៃ​ជីវិត ហើយ​ជា​កូនសោចាក់​បើក​សុភមង្គល​ដ៏អស់កល្ប​ជានិច្ច ។

កាលពី​ខែ​វិច្ឆិកា​មុន ខ្ញុំ​មាន​សិទ្ធិទទួលបាន​ការ​អញ្ជើញ--ឲ្យ​ទៅ​​ជាមួយ​ប្រធាន ហិនរី  ប៊ី អាវរិង និង ប៊ីស្សព ហ្គែរ៉ល កូសសែ—​ទៅចូលរួម​ក្នុងសន្និសីទ​អំពី​អាពាហ៍ពិពាហ៍ និង​គ្រួសារ​នៅ​ វីធីខេន ក្នុង​ទីក្រុង​រ៉ូម ប្រទេស អ៊ីតាលី ។ អ្នក​មាន​​វត្តមាន​នៅ​ទី​នោះ គឺ​ជា​អ្នក​តំណាង​សាសនា​មក​ពី​សាសនា ១៤ ផ្សេងៗ​គ្នា និង មក​ពី​ទ្វីប​ប្រាំមួយ​ក្នុង​ចំណោម​ទ្វីប​ទាំង​ប្រាំពីរ ដែល​ទាំងអស់​គ្នា​ត្រូវបាន​អញ្ជើញ​ឲ្យ​សម្ដែង​ពី​ជំនឿ​របស់​ខ្លួន​ទៅ​លើ​អ្វី​ដែល​កំពុង​កើត​ឡើង​ដល់​គ្រួសារ​ក្នុង​ពិភពលោក​សព្វ​ថ្ងៃ​នេះ ។

រូបភាព
President Henry B. Eyring, Bishop Gerald Causse and Elder Perry in Rome

សង្ឃរាជ ហ្វ្រានស៊ីស បាន​បើក​សម័យ​ប្រជុំ​ទីមួយ​នៃ​សន្និបាត​នេះ ដោយ​ថ្លែង​ដូច​នេះ​ថា ៖ « ឥឡូវ​នេះ យើង​រស់នៅ​ក្នុង​វប្បធម៌​នៃ​ភាព​បណ្ដោះ​អាសន្ន ដែល​មនុស្ស​កាន់តែ​ច្រើន​ទៅៗ លះបង់​ចោល​អាពាហ៍​ពិពាហ៍ រាប់ទុក​ជា​ការតាំង​ចិត្ត​ជា​សាធារណៈ​មួយ​ទៅ​វិញ ។ បដិវត្តន៍​ក្នុង​ចារិត​លក្ខណៈ និង សីលធម៌​នេះ ជា​ញឹកញាប់​ត្រូវបាន​គេ​គាំទ្រ ប៉ុន្តែ ការពិត​ទៅ​វា​បាន​នាំ​មក​នូវ​ការ​ហិនហោច​ខាង​វិញ្ញាណ និង ទ្រព្យ​សម្បត្តិ ដល់​មនុស្ស​លោក​ច្រើន​ឥត​គណនា ជា​ពិសេស​អ្នក​ដែល​ក្រីក្រ និង អ្នក​ដែល​ងាយ​រង​គ្រោះ​បំផុត ។ … វា​តែងតែ​ជាពួក​គេ​​ដែល​រងទុក្ខ​ខ្លាំង​បំផុត​ក្នុង​វិបត្តិនេះ » ។1

និយាយ​ដល់​ពួក​ជំនាន់​ដែល​កំពុង​ពេញ​វ័យ លោក​បាន​មាន​ប្រសាសន៍​ថា វា​សំខាន់​ដែល​ពួកគេ « មិន​ត្រូវ​ចុះចូល​នឹង [ ចិត្ត​គំនិត ] ដ៏​ពិស​ពុល​នៃ​ភាព​បណ្ដោះ​អាសន្ន​នោះ​ឡើយ តែ​ផ្ទុយ​ទៅ​វិញ ត្រូវ​ធ្វើ​បដិវត្តន៍​ដោយ​សេចក្ដី​ក្លាហាន ដើម្បី​ស្វែងរក​សេចក្ដី​ស្រឡាញ់​ដ៏​ពិត និង និរន្តរ៍​វិញ ដោយ​ជំទាស់​នឹង​គំរូ​ដ៏​សាមញ្ញ​នោះ » ការណ៍​នេះ​ត្រូវតែ​បាន​សម្រេច ។

រូបភាព
Synod hall with the faith leaders on the marriage summit

ការណ៍​នេះ ត្រូវបាន​ធ្វើ​ឡើង​បី​ថ្ងៃ ដោយ​មាន​បទ​បង្ហាញ និង ការពិភាក្សា​ជាមួយ​នឹង​អ្នក​ដឹកនាំ​សាសនា​នានា ថ្លែង​ពី​ប្រធានបទ​នៃ​អាពាហ៍ពិពាហ៍​រវាង​បុរស​ម្នាក់ និង ស្ត្រី​ម្នាក់ ។ កាល​ខ្ញុំ​ស្ដាប់​ដល់​ប្រសាសន៍​ផ្សេងៗ​យ៉ាង​ទូលំ​ទូលាយ​បំផុត​របស់​ពួក​អ្នក​ដឹកនាំ​សាសនា​ទូទាំង​ពិភពលោក នោះ​ខ្ញុំ​បាន​ឮ​ពួក​លោក​យល់​ស្រប​គ្នា​ទាំង​ស្រុង ហើយ​បាន​បង្ហាញ​ការគាំទ្រ​ដល់​ជំនឿ​គ្នា​ទៅ​វិញ​ទៅ​មក ទៅលើ​ភាព​ពិសិដ្ឋ​នៃ​អាពាហ៍ពិពាហ៍ និង សារៈ​សំខាន់​នៃ​គ្រួសារ ដែល​ជា​ស្ថាប័ន​គ្រឹះ​នៃ​សង្គម ។ ខ្ញុំ​បាន​ទទួល​អារម្មណ៍​អានុភាព​នៃ​គោលដៅរួម និង សាមគ្គីភាព​ជាមួយ​នឹង​ពួកលោក ។

មាន​អ្នក​ដឹកនាំ​ជាច្រើន​ដែល​បាន​ឃើញ និង បាន​បង្ហាញ​ពី​ភាព​សាមគ្គី​នេះ ហើយ​ពួកលោក​បាន​ធ្វើ​ដូច្នោះ ក្នុង​របៀប​ផ្សេងៗ ។ អ្វី​មួយ​ដែល​ខ្ញុំ​ពេញ​ចិត្ត​បំផុត គឺ​ពេល​ដែល​អាចារ្យ​អ៊ីស្លាម​ម្នាក់​មក​ពី​ប្រទេស​អៀរ៉ង់ បាន​ដកស្រង់​ទាំងស្រុង​នូវ​កថាកណ្ឌ​​ចំនួន​ពីរ ចេញ​ពី​សេចក្ដី​ប្រកាស​អំពី​ក្រុម​គ្រួសារ​របស់​យើង​ផ្ទាល់​តែ​ម្ដង ។

ក្នុង​អំឡុង​សន្និបាត​នោះ ខ្ញុំ​បាន​សង្កេត​ឃើញ​ថា ពេល​ជំនឿ និង និកាយ និង សាសនា​ផ្សេងៗ​គ្នា​បាន​រួបរួម​គ្នា​តែមួយ ចំពោះ​អាពាហ៍ពិពាហ៍ និង គ្រួសារ នោះ​ពួកលោក​ក៏​ស្រុះស្រួល​គ្នា​ផង​ដែរ​ទៅលើ​តម្លៃ និង ភក្ដីភាព និង ការតាំងចិត្ត ដែល​ជាធម្មតា​ទាក់ទង​គ្នា​នឹង​ស្ថាប័ន​គ្រួសារ ។ ចំពោះ​រូប​ខ្ញុំ វា​អស្ចារ្យ​ណាស់ ដែល​ឃើញ​ថា អាពាហ៍ពិពាហ៍ និង អាទិភាព​ដែល​ផ្ដោត​លើ​គ្រួសារ មិន​ប្រកាន់​នូវ​ភាព​ខុសគ្នា​ខាង​នយោបាយ សេដ្ឋកិច្ច ឬ​សាសនា ។ ពេល​និយាយ​ដល់​ក្ដី​ស្រឡាញ់​របស់​ស្វាមី​ភរិយា និង សេចក្ដី​សង្ឃឹម ក្ដី​បារម្ភ និង ក្ដី​ប្រាថ្នា​ចង់​បាន​កូន​ចៅ នោះ​យើង​ទាំងអស់​គ្នា​គឺ​ដូច​គ្នា ។

រូបភាព
President Henry B. Eyring speaking in a news room.

វា​អស្ចារ្យ​ណាស់​ដែល​បាន​ចូលរួមការប្រជុំ​នឹង​អ្នក​ដឹកនាំ​មក​ពី​ទូទាំង​ពិភពលោក កាលដែល​ពួក​លោក​បាន​បង្ហាញ​ជា​សកល​នូវ​អារម្មណ៍​​អំពី​សារៈសំខាន់​នៃ​អាពាហ៍ពិពាហ៍​រវាង​បុរស និង ស្ត្រី ។ សុន្ទរកថា​នីមួយៗ​របស់​ពួកលោក មាន​អម​ដោយ​ទីបន្ទាល់​មក​ពី​អ្នក​ដឹកនាំ​សាសនា​ផ្សេងៗ​ទៀត ។ ប្រធាន ហិនរី  ប៊ី អាវរិង បាន​ថ្លែង​ទីបន្ទាល់​បញ្ចប់​នៅក្នុង​សន្និសីទ​នោះ ។ លោក​បាន​ថ្លែង​ទីបន្ទាល់​ដ៏​អានុភាព អំពី​ភាព​ស្រស់​ស្អាត​នៃ​អាពាហ៍ពិពាហ៍​ដែល​មាន​ការតាំង​ចិត្ត និង ជំនឿ​របស់​យើង​ចំពោះ​ពរជ័យ​ដែល​បាន​សន្យា​អំពី​គ្រួសារ​អស់កល្ប​ជានិច្ច ។

ទីបន្ទាល់​របស់​ប្រធាន អាវរិង ជា​ទីបន្ទាល់​បញ្ចប់​ដ៏​សក្ដិសម​សម្រាប់រយៈពេល​​បី​ថ្ងៃ​ដ៏​ពិសេស​នោះ ។

ឥឡូវ​នេះ អ្នក​ប្រហែល​ជា​នឹង​សួរ​ថា « មែនហើយ បើ​ពួកលោក​ភាគ​ច្រើន​​បាន​ដឹង​ពី​ភាពស្រដៀង​គ្នា​នៃ​អាទិភាព​គ្រួសារ និង ជំនឿ បើ​សាសនា​ទាំងអស់​នោះ​ពិតជា​បាន​យល់​ស្រប​ទៅលើ​ថា​អាពាហ៍ពិពាហ៍​គួរ​មាន​លក្ខណៈ​បែបណា ហើយ​បើ​ពួកលោក​ទាំងអស់​បាន​យល់​ស្រប​លើ​តម្លៃ​ដែល​គួរ​ត្រូវ​បាន​ដាក់​នៅក្នុង​គេហដ្ឋាន និង ទំនាក់​ទំនង​គ្រួសារ នោះ​តើ​យើង​មាន​អ្វី​ខុស​ពី​គេ​ទៅ ? តើ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ញែក​ចេញ និង ខុស​ពី​សាសនា​ផ្សេង​ទៀត​នៅ​ក្នុង​ពិភពលោក​យ៉ាង​ដូច​ម្ដេច​ទៅ ?

នេះ​ជា​ចម្លើយ ៖ ទោះជា​​វា​អស្ចារ្យ​ដែល​ឃើញ និង ដឹង​ថា យើង​មាន​កត្តា​ជា​ច្រើន​ស្រដៀង​គ្នា​ជាមួយ​នឹង​សាសនា​ផ្សេងៗ​ទៀត​ក្នុង​ពិភពលោក ទាក់ទង​នឹង​គ្រួសារ​យើង​ក៏ដោយ ក៏​យើង​មាន​ទស្សនវិស័យ​ដ៏​អស់កល្ប​អំពី​ដំណឹងល្អ​ដែល​ស្ដារ​ឡើង​វិញ​បន្ថែមដែរ ។

អ្វី​ដែល​ដំណឹងល្អ​ ដែល​​បាន​ស្ដារ​ឡើង​វិញ ផ្ដល់​ដល់​ការពិភាក្សា​អំពី​អាពាហ៍​ពិពាហ៍ និង គ្រួសារ គឺ​ទូលំ​ទូលាយ ហើយ​ទាក់ទង​គ្នា​ខ្លាំង​ណាស់ ដែល​វា​ពុំ​អាច​ថា​និយាយ​ច្រើន​ហួស​នោះ​ទេ ៖ យើង​ធ្វើ​អាពាហ៍ពិពាហ៍​នោះ​ទៅ​ជា​អស់កល្ប​ជានិច្ច ! យើង​យក​ការតាំងចិត្ត និង ភាពពិសិដ្ឋ​នៃ​អាពាហ៍ពិពាហ៍​ដាក់​នៅ​កម្រិត​មួយ​ដែល​កាន់តែ​ខ្ពង់ខ្ពស់ ដោយសារ​តែ​ជំនឿ និង ការយល់​ដឹង​របស់​យើង​ដែល​ថា គ្រួសារ​បាន​ចាប់ផ្តើម​មុន​ផែនដី​នេះ​ត្រូវបាន​បង្កើត និង ថា​គ្រួសារ​អាច​ឆ្ពោះ​ទៅ​មុខ​អស់កល្ប​ជានិច្ច ។

គោលលទ្ធិ​នេះ ត្រូវ​បាន​បង្រៀន​យ៉ាង​សាមញ្ញ ប្រកប​ដោយ​អានុភាព និង​ស្រស់ថ្លា ដោយ​អត្ថបទ​របស់ រ៉ូស ហ្គាតនើរ សម្រាប់​ចម្រៀងកុមារ​ថា « ក្រុមគ្រួសារ​អាច​រួបរួមគ្នា​ជា​និរន្តរ៍ » ។ សូមគិត​មួយសន្ទុះ​អំពី​កុមារ​អង្គការ​បឋមសិក្សា​នៅទូទាំង​ពិភពលោក​ច្រៀង​ទំនុក​ទាំងនេះ​ជាភាសា​ពួកគេ ឮៗ​ដោយ​ចិត្ត​ក្លៀវក្លា ដែលមានតែ​សេចក្ដី​ស្រឡាញ់​នៃ​គ្រួសារ​ប៉ុណ្ណោះ​ដែល​អាច​កើត​ឡើងបាន ៖

ក្រុមគ្រួសារ​អាច​បាន​នៅ​ជាមួយ​គ្នា​ជា​រៀង​រហូត

តាម​រយៈ​ផែនការ​របស់​ព្រះវរបិតាសួគ៌ ។

ខ្ញុំចង់រស់នៅ​ជាមួយ​ក្រុមគ្រួសារ​ខ្ញុំ

ហើយ​ព្រះអង្គ​បាន​បង្ហាញ​ផ្លូវ​ដល់ខ្ញុំ ។

សាសនវិទ្យា​ទាំងមូល​នៃ​ដំណឹងល្អ​ដែល​ស្ដារ​ឡើង​វិញ​របស់​យើង ផ្ដោត​លើ​គ្រួសារ និង លើ​សេចក្ដី​សញ្ញា​ថ្មី និង អស់កល្ប​ជានិច្ច​នៃ​អាពាហ៍ពិពាហ៍ ។ ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ យើង​ជឿ​លើ​ជីវិត​មុន​ផែនដី ដែល​យើង​ទាំងអស់​គ្នា​បាន​រស់នៅ​ជា​កូន​វិញ្ញាណ​នៃ​ព្រះ ជា​ព្រះវរបិតាសួគ៌​របស់​យើង ។ យើង​ជឿ​ថា យើង​ធ្លាប់ជា ហើយ​នៅ​តែ​ជា​សមាជិក​នៃ​គ្រួសារ​របស់​ទ្រង់ ។

យើង​ជឿ​ថា អាពាហ៍ពិពាហ៍ និង ចំណង​គ្រួសារ​អាច​បន្ត​ហួស​ពីសេច​ក្ដី​ស្លាប់—ថា​អាពាហ៍ពិពាហ៍​ដែល​ត្រូវបាន​ធ្វើ​ឡើង​ដោយ​ពួក​អ្នក​ដែល​មាន​សិទ្ធិ​អំណាច​ត្រឹមត្រូវ ក្នុង​ព្រះវិហារ​បរិសុទ្ធ​ទ្រង់ នឹង​បន្ត​មាន​សុពលភាព​បន្ទាប់​ពី​ជីវិត​នេះ ។ ពិធី​រៀប​អាពាហ៍ពិពាហ៍​របស់​យើង ពុំ​មាន​ពាក្យ « រហូត​ដល់សេច​ក្ដី​ស្លាប់​ទើប​យើង​បែក​គ្នា » នោះ​ទេ តែ​ថា « ចំពោះ​វេលា​កាល និង ចំពោះ​អស់​ទាំង​ភាព​អស់កល្ប​ជានិច្ច​ផង » ។

យើង​ក៏​ជឿ​ដែរ​ថា គ្រួសារ​ស្របតាម​ទំនៀម​ទម្លាប់​ដ៏​រឹងមាំ មិន​ត្រឹម​តែ​ជា​ស្ថាប័ន​គ្រឹះ​នៃ​សង្គម សេដ្ឋកិច្ច និង វប្បធម៌​មួយ​ដែល​មាន​ស្ថេរភាព​ខាង​គុណ​តម្លៃ​ប៉ុណ្ណោះ​ទេ—តែ​ពួកគេ​ថែម​ទាំង​ជា​ស្ថាប័ន​គ្រឹះ​នៃ​ភាព​អស់កល្ប និង នៃ​នគរ និង រដ្ឋាភិបាល​របស់​ព្រះ​ផងដែរ ។

យើង​ជឿ​ថា អង្គភាព និង រដ្ឋាភិបាល​នៃ​ស្ថានសួគ៌ នឹង​ត្រូវបាន​ស្ថាបនា​ឡើង​ជុំ​វិញ​គ្រួសារ និង សាច់ញាតិ​ទាំងឡាយ ។

វា​គឺ​ដោយសារ​ជំនឿ​យើង ដែល​ថា អាពាហ៍ពិពាហ៍ និង គ្រួសារ​គឺ​អស់កល្ប ទើប​យើង ជា​សាសនាចក្រ ចង់​ធ្វើ​ជា​អ្នក​ដឹកនាំ និង ជា​អ្នក​ចូលរួម​ម្នាក់​ក្នុង​ចលនា​ពង្រឹង​ពួកគេ​នៅ​ទូទាំង​ពិភពលោក ។ យើង​ដឹង​ថា មិន​ត្រឹម​តែ​ពួក​អ្នក​ដែល​ជា​អ្នក​ជឿ​សាសនា​យ៉ាង​សកម្ម​ប៉ុណ្ណោះ​ទេ ដែល​មាន​គុណ​តម្លៃ និង អាទិភាព​ដូច​គ្នា​អំពី​អាពាហ៍ពិពាហ៍​ដ៏​និរន្តរ៍ និង ទំនាក់ទំនង​គ្រួសារ​ដ៏​រឹងមាំ​នោះ ។ មាន​មនុស្ស​មិន​ជឿ​សាសនា​មួយ​ចំនួន​ធំ ក៏​បាន​សន្និដ្ឋាន​ដែរ​ថា អាពាហ៍ពិពាហ៍ និង រចនាបទ​ជីវិត​គ្រួសារ​ដែល​មាន​ការតាំង​ចិត្ត គឺជា​របៀប​រស់នៅ​ដ៏​មាន​សុភវិនិច្ឆ័យ​បំផុត សន្សំ​សំចៃ និង រីករាយ​បំផុត ។

គ្មាននរណា​ម្នាក់ដែល​មាន​វិធី​ដ៏​មានប្រសិទ្ធភាព​ ដើម្បី​ចិញ្ចឹមបីបាច់​មនុស្ស​ជំនាន់​ក្រោយជាង​ឪពុក​ម្ដាយ​ដែលបាន​រៀបការ​មានកូនចៅ​នោះទេ ។

ហេតុអ្វី​អាពាហ៍ពិពាហ៍ និង គ្រួសារ​សំខាន់—នៅ​គ្រប់​កន្លែង ? ការស្ទង់​មតិ​ជា​សាធារណៈ​បង្ហាញ​ថា អាពាហ៍ពិពាហ៍​នៅតែ​ជា​ឱកាស​ដ៏​ល្អ​វិសេស និង ជាសេច​ក្ដី​សង្ឃឹម​ក្នុង​ចំណោម​មនុស្ស​ភាគច្រើន​ក្នុង​គ្រប់​អាយុ​ទាំងអស់—សូម្បី​តែ​ក្នុង​ជំនាន់​សហស្សវត្ស ជា​កន្លែង​ដែល​យើង​ឮ​ជា​ច្រើន​អំពី​អ្នក​ដែល​ជ្រើស​នៅ​លីវ សេរីភាព​ផ្ទាល់​ខ្លួន និង នៅ​ជាមួយ​គ្នា​ដោយ​មិន​រៀបការ ។ ការពិត​គឺ​ថា មនុស្ស​មួយ​ភាគ​ធំ​នៅ​តែ​ចង់​មាន​កូន​ចៅ និង ចង់​បង្កើត​គ្រួសារ​រឹងមាំ ។

ពេល​យើង​រៀបការ ហើយ​មាន​កូន នោះ​ភាពពិតជា​​រួម​​ក្នុង​ចំណោម​មនុស្ស​លោក​ នឹង​កាន់តែបង្ហាញ​​ជាក់​ស្ដែង​ឡើងៗ ។ ក្នុង​នាម​ជា « មនុស្ស​ដែល​ជឿ​លើ​គ្រួសារ »—មិន​ថា​យើង​រស់នៅ​កន្លែង​ណា ឬ កាន់​សាសនា​អ្វី​នោះ​ទេ—យើង​មាន​ការលំបាក​ ការ​សម្រប​ខ្លួន​ សេចក្ដី​សង្ឃឹម សេចក្ដី​ព្រួយ និង ក្ដី​សុបិន្ត​ដូច​គ្នាជាច្រើន​​សម្រាប់​កូន​ចៅ​យើង ។

ក្នុង​នាម​​ជាអ្នក​និពន្ធ​New York Times ដេវីឌ ប្រ៊ូកស៍​បាន​ថ្លែង​ថា ៖ « មនុស្ស​ពុំ​មាន​ជីវិត​កាន់តែ​ប្រសើរ​ទេ ពេល​ពួកគេ​ទទួល​បាន​សេរីភាព​ផ្ទាល់​ខ្លួន​ជា​អតិបរិមា​ដើម្បី​ធ្វើ​អ្វី​ដែល​ពួកគេ​ចង់បាន​នោះ ។ ពួកគេ​មាន​ជីវិតល្អ​​ប្រសើរ​ជាង ពេល​ពួកគេ​ត្រូវបាន​កំណត់​នៅក្នុង​ការតាំងចិត្ត​ទាំងឡាយ ដែល​ផ្លាស់​ប្រែ​ជម្រើស​ផ្ទាល់​ខ្លួន—គឺជា​ការតាំង​ចិត្ត​ចំពោះ​គ្រួសារ ព្រះ ជំនាញ និង ប្រទេស​ជាតិ » ។4

បញ្ហា​មួយ​គឺ​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ និង ការកម្សាន្ត​ដែល​ពិភពលោក​ចែកចាយ ពុំ​ឆ្លុះ​បញ្ចាំង​​ពី​អាទិភាព និង គុណ​តម្លៃ​នៃ​មនុស្ស​ភាគ​ច្រើន​នោះ​ទេ ។ មិន​ដឹងជា​​មូលហេតុ​អ្វី​ទេ ​ទូរទស្សន៍ កុន តន្ត្រី និង អ៊ិនធើរណិត​របស់​យើងច្រើន​សន្ធឹក​ បង្ហាញ​ពី​ករណី​ទូទៅ​មួយ អំពី​មនុស្ស​ភាគ​តិច ​ធ្វើខ្លួន​​ជា​មនុស្ស​ភាគ​ច្រើន ។ ការប្រាសចាក​ពី​សីលធម៌ និង ភាពខ្វះ​សីលធម៌ ឈាន​ពី​ការបំពានដ៏​ហួស​ប្រមាណ​ ទៅ​ដល់​ការ​រួម​ភេទដោយ​ទំនើងចិត្ត ត្រូវបាន​បង្ហាញ​ថា​ជា​រឿង​ធម្មតា ហើយ​អាច​ធ្វើ​ឲ្យ​ពួក​អ្នក​ដែល​មាន​គុណ​តម្លៃ​ខាង​សីលធម៌​មាន​អារម្មណ៍​ថា ជាមនុស្ស​ហួស​សម័យ ឬ មក​ពី​ជំនាន់​បុរាណ ។ នៅក្នុង​ពិភពលោក​ដែល​ពេញ​ដោយ​ឥទ្ធិពល​អ៊ិនធើរណិត និង ប្រព័ន្ធ​ផ្សព្វផ្សាយ​បែបនេះ ជាពេល​ដ៏​ពិបាក​ ក្នុង​ការ​ចិញ្ចឹម​បីបាច់​កូន​ចៅ​ឲ្យ​មាន​ការទទួល​ខុសត្រូវ និង ឲ្យ​រក្សា​អាពាហ៍ពិពាហ៍ និង គ្រួសារ​ឲ្យ​នៅ​ជា​មួយ​គ្នា​នោះ ។

ថ្វី​បើ​មាន​ទម្រង់​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង ការកម្សាន្ត​ច្រើន​យ៉ាង​ណា ហើយ​ថ្វីបើ​មនុស្ស​ខ្លះ​ពុំ​មាន​បំណង​ចង់​បាន​អាពាហ៍ពិពាហ៍ និង គ្រួសារ​ក៏​ដោយ ក៏​មាន​មនុស្ស​ភាគច្រើន​នៅតែ​ជឿ​ថា អាពាហ៍ពិពាហ៍​គប្បី​ធ្វើ​ឡើង​រវាង​បុរស​ម្នាក់ និង ស្ត្រី​ម្នាក់ដែរ ។ ពួកគេ​ជឿ​លើ​ភក្ដីភាព​ដែល​មាន​ក្នុង​អាពាហ៍ពិពាហ៍ ហើយ​ពួកគេ​ជឿ​ក្នុង​ពាក្យ​សម្បថ​អាពាហ៍ពិពាហ៍​ដែល​ថា « ក្នុង​គ្រា​ឈឺ​ស្កាត់ និង សុខភាព​ល្អ » និង « រហូត​ដល់​ក្ដី​ស្លាប់​ទើប​យើង​បែក​គ្នា » ។

យើង​ត្រូវ​រំឭក​ខ្លួន​ឯង​យូរៗ​ម្ដង ដូច​ដែល​ខ្ញុំ​ត្រូវបាន​រំឭក​នៅ​ទីក្រុង​រ៉ូម អំពី​ការពិត​ដែល​បាន​អះអាង​ជា​ថ្មី និង ដែល​លួងលោម​យ៉ាង​អស្ចារ្យ​ថា អាពាហ៍ពិពាហ៍ និង គ្រួសារ​នៅតែ​ជា​ក្ដី​ប្រាថ្នា និង វិសេស​វិសាល​ចំពោះ​មនុស្ស​ភាគ​ច្រើន ហើយ​ថា យើង​មិន​ឯកោ​ទេ​នៅ​ក្នុង​ការជឿ​ទាំង​នោះ ។ វា​មិនធ្លាប់​មាន​ឧបសគ្គខ្លាំង​ក្នុង​ការ​ស្វែង​រក​តុល្យភាព​ជាក់​ស្ដែង​មួយ រវាង​ការ​មាន​ការងារ គ្រួសារ និង តម្រូវការ​​ផ្ទាល់​ខ្លួន ជាង​ក្នុង​ជំនាន់​របស់​យើង​នេះ​ទេ ។ ក្នុង​នាម​ជា​សាសនាចក្រ​ យើង​ចង់​ជួយ​តាម​គ្រប់​វិធី ដើម្បី​បង្កើត និង គាំទ្រ​ដល់​អាពាហ៍ពិពាហ៍ និង គ្រួសារ​​រឹងមាំ ។

នេះ​ជា​មូលហេតុ​ដែល​សាសនាចក្រ​ចូលរួម​យ៉ាង​សកម្ម ហើយ​ផ្ដល់​នូវ​ភាព​ជា​អ្នក​ដឹកនាំ​ដល់​ក្រុម​មនុស្ស​ផ្សេងៗ និង ផ្ដល់​កិច្ច​ប្រឹងប្រែងជា​​អន្ដរ​សាសនា​រួម ដើម្បី​ពង្រឹង​គ្រួសារ ។ នេះ​ជា​មូលហេតុ​ដែល​យើង​ចែកចាយ​គុណ​តម្លៃ​ដែល​ផ្ដោត​លើ​គ្រួសារ​របស់​យើង​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ និង បណ្ដាញ​សង្គម ។ នេះ​ជា​មូលហេតុ​ដែល​យើង​ចែកចាយ​កំណត់ត្រា​គ្រួសារខ្សែ​ស្រឡាយ ជាមួយ​ជាតិ​សាសន៍​ទាំងអស់ ។

យើង​ចង់​ឲ្យ​គេ​បាន​ឮ​សំឡេង​យើង ដែល​ជំទាស់​នឹង​រចនាបទ​ជីវិត​​ក្លែងក្លាយដទៃ​ទៀត ដែល​ព្យាយាមយក​​មកដាក់​ជំនួស​អង្គភាព​គ្រួសារ ដែល​ព្រះ​បាន​បង្កើត​ឡើងដោយ​​ផ្ទាល់​នោះ ។ យើង​ក៏​ចង់​ឲ្យ​គេ​ឮ​សំឡេង​យើង ក្នុង​ការ​គាំទ្រ​ដល់​ក្ដី​អំណរ និង ភាពពេញលេញ​​ដែល​​គ្រួសារ​ដែលមានទំនៀមទំលាប់​នាំមកផងដែរ ។ យើង​ត្រូវតែ​បន្ត​បង្ហាញ​មតិ​យើង​នៅ​ទូទាំង​ពិភពលោក ​ប្រកាស​ពី​មូលហេតុ​ដែល​អាពាហ៍ពិពាហ៍ និង គ្រួសារ​សំខាន់​យ៉ាងខ្លាំង ពី​មូលហេតុ​ដែល​អាពាហ៍ពិពាហ៍ និង គ្រួសារ​ពិតជា​សំខាន់ និង មូលហេតុ​ដែល​វា​តែងតែ​សំខាន់​ជានិច្ចនោះ ។

បងប្អូន​ប្រុសស្រី​របស់​ខ្ញុំ​អើយ ដំណឹងល្អ​ដែល​ស្ដារ​ឡើង​វិញ គឺផ្ដោត​លើ​អាពាហ៍ពិពាហ៍ និង គ្រួសារ ។ ផងដែរ​ អាពាហ៍ពិពាហ៍ និង​គ្រួសារ ក៏ជាកន្លែង​ដែលយើងអាច​សាមគ្គីបំផុត​ជាមួយនឹង​ជំនឿ​ផ្សេងៗ​ទៀត ។ គឺជា​អាពាហ៍ពិពាហ៍ និង​គ្រួសារ​ដែល​យើង​នឹង​រក​ឃើញ​ភាពរួបរួមគ្នា​ដ៏​អស្ចារ្យបំផុត​របស់​យើង​​នៅក្នុង​ពិភពលោក ។ វា​គឺជា​អាពាហ៍ពិពាហ៍ និងគ្រួសារ​ដែល​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​មាន​ឱកាស​ដ៏ធំបំផុត​ដើម្បី​ធ្វើជា​ពន្លឺ​នៅលើ​ភ្នំ ។

សូម​ឲ្យ​ខ្ញុំ​បញ្ចប់​ដោយ​ថ្លែង​បន្ទាល់ ( នៅ​​វ័យ​ប្រាំបួន​ទសវត្សរ៍​របស់​ខ្ញុំ​នៅលើ​ផែនដី​នេះ ធ្វើ​ឲ្យ​ខ្ញុំ​មាន​លទ្ធភាព​ពេញលេញ​នឹង​និយាយ​ការណ៍​នេះ ) ដែល​មនុស្ស​​ចាស់ៗ​​ទទួល​បាន ដែល​មនុស្ស​ចាស់ដឹង​ថា គ្រួសារ​ជា​ស្នូល​នៃ​ជីវិត ហើយ​ជា​កូនសោ​ចាក់បើក​សុភមង្គល​ដ៏​អស់កល្ប​ជានិច្ច ។

ខ្ញុំ​អរគុណ​ដល់​ភរិយា​ខ្ញុំ កូនៗ​ខ្ញុំ ចៅៗ និង ចៅៗ​ទួត​ខ្ញុំ និង ដល់​បង​ប្អូន​ជីដូន​មួយ និង សាច់​ថ្លៃ និង ​សាច់ញាតិ​ទាំងអស់ ដែល​ធ្វើ​ឲ្យ​ជីវិត​ខ្ញុំ​បាន​បរិបូរណ៌​​ក្រៃលែង មែនហើយ​គឺ​អស់កល្ប​ជានិច្ច ។ ខ្ញុំ​ថ្លែងជាសាក្សី​ដ៏​ពិសិដ្ឋ​បំផុត និង​រឹងមាំបំផុត​អំពីសេចក្ដីពិត​ដ៏អស់កល្បនេះ​នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាមែន ។

កំណត់​ចំណាំ

  1. សង្ឃរាជ ហ្វ្រែនស៊ីស ថ្លែង​នៅ​ឯ Humanum: An International Interreligious Colloquium on the Complementarity of Man and Woman ថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០១៤ humanum.it/en/videos; សូមមើល​ផងដែរ zenit.org/en/articles/pope-francis-address-at-opening-of-colloquium-on-complementarity-of-man-and-woman ។

  2. សន្និសីទ​របស់ សង្ឃរាជ ហ្វ្រែនស៊ីស Colloquium ស្ដី​ពី​ការ​បង្រ្តប់គ្នា​រវាង​បុរស និង​ស្ត្រី ។

  3. « ក្រុមគ្រួសារ​អាចរួមរ​ស់ជាមួយគ្នាជានិរន្ដរ៍ » ទំនុក​តម្កើង ទំព័រ ៣០០ ។

  4. David Brooks, « The Age of Possibility, » New York Times, ថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០១២, A៣៥; nytimes.com/២០១២/១១/១៦/opinion/brooks-the-age-of-possibility.html ។