ឆ្នាំ ២០១០-២០១៩
រដូវ​ក្ដៅនៅ​ជាមួយ​នឹងអ៊ំ​ស្រីកុលាប​
តុលា 2015


រដូវ​ក្ដៅនៅ​ជាមួយ​នឹងអ៊ំ​ស្រីកុលាប​

នៅពេល​បងប្អូន​ដើរ​នៅ​លើ​ផ្លូវ​ដ៏ភ្លឺស្រឡះនៃភាពជាសិស្ស​របស់​បងប្អូនផ្ទាល់ ខ្ញុំអធិស្ឋាន​សូម​​ឲ្យ​ក្ដី​ជំនឿ​នឹង​ការពារ​បងប្អូន​គ្រប់​ជំហាន​នៅ​តាម​ផ្លូវ​ ។

បងប្អូន​ស្រី និងមិត្តជាទីស្រឡាញ់​របស់ខ្ញុំ ខ្ញុំ​រីករាយ​ដើម្បី​នៅជាមួយ​អ្នក​នា​ថ្ងៃនេះ ហើយ​ខ្ញុំមានអំណរគុណដើម្បី​នៅក្នុង​វត្តមាន​ព្យាការីជា​ទី​ស្រឡាញ់​របស់​យើង ប្រធាន ថូម៉ាស អេស ម៉នសុន ។ ប្រធាន​ ពួក​យើង​ស្រឡាញ់លោក ។ យើង​សោកស្ដាយ​ដែល​បាន​បាត់បង់​មិត្ត​ដ៏​មាន​តម្លៃ​​បីរូប​របស់​យើង ជាសាវក​ដ៏ពិត​របស់ព្រះអម្ចាស់ ។ យើង​នឹក​ប្រធាន​ផាកកឺ អែលឌើរ ភែរី និង​អែលឌើរ ស្កត យើង​ស្រឡាញ់​ពួកលោក ។​ យើងអធិស្ឋាន​សម្រាប់​ក្រុមគ្រួសារ និងមិត្ត​របស់ពួកគាត់ ។

ខ្ញុំ​តែងទន្ទឹង​ចាំ​​សម័យ​ប្រជុំ​សន្និសីទ​នេះ--តន្ត្រី​ដ៏​ពិរោះ និង​ការទូន្មានល្អៗ​មក​ពី​បងប្អូន​ស្រី​ដ៏​បំផុត​គំនិត​របស់​យើង បាន​នាំមក​នូវ​​ព្រះវិញ្ញាណ​ដ៏​បរិបូរ ។ ខ្ញុំ​ក្លាយ​ជា​មនុស្ស​ល្អ​ប្រសើរ​ម្នាក់ បន្ទាប់ពី​បាន​នៅ​ក្នុង​ចំណោម​បងប្អូន ។

កាល​ខ្ញុំ​ពិចារណា​ពី​អ្វី​ដែល​ខ្ញុំ​គួរ​ថ្លែង​ទៅ​បងប្អូន​នា​ថ្ងៃនេះ គំនិត​ខ្ញុំ​បាន​គិត​ដល់របៀប​ដែល​ព្រះអង្គសង្គ្រោះ​បាន​បង្រៀន ។​ វា​គួរ​ឲ្យ​ចាប់អារម្មណ៍​ណាស់ ថា​ទ្រង់អាច​បង្រៀន​សេចក្ដីពិត​ដ៏​វិសេស​បំផុត​ដោយប្រើ​រឿង​សាមញ្ញៗ ។ រឿង​ប្រៀបធៀប​របស់​ទ្រង់ បាន​អញ្ជើញ​ពួកសិស្ស​របស់​ទ្រង់​ឲ្យ​ទទួល​យក​សេចក្ដីពិត​ដាក់​នៅ​ក្នុង​គំនិត និង​​ដួងចិត្ត​របស់​ពួកគេ​ ហើយ​បាន​ភ្ជាប់​គោលការណ៍​ដ៏​អស់កល្ប​ទៅ​នឹង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ពួកគេ ។1 ប្រធាន ម៉នសុន​ជាទី​ស្រឡាញ់​របស់​យើង ក៏​ពូកែ​បង្រៀន​ដោយ​ប្រើ​បទពិសោធន៍​ផ្ទាល់ខ្លួន​ផងដែរ ។2

ថ្ងៃនេះ ខ្ញុំ​នឹង​ផ្ដល់​សារលិខិត​របស់​ខ្ញុំដោយ​ការ​បង្ហាញ​អំពី​គំនិត និង​អារម្មណ៍​របស់ខ្ញុំ​នៅ​ក្នុង​ទម្រង់ជា​រឿង​មួយ ។ ខ្ញុំ​សូម​អញ្ជើញ​អ្នក​ឲ្យ​ស្ដាប់​ដោយ​ព្រះវិញ្ញាណ ។ ព្រះវិញ្ញាណ​បរិសុទ្ធ នឹង​ជួយ​អ្នក​រកឃើញ​សារលិខិត ​សម្រាប់​អ្នក ​នៅក្នុង​រឿង​ប្រៀបធៀប​នេះ ។

អ៊ំស្រីកុលាប

ដំណើរ​រឿង​នោះ​គឺ​អំពី​ក្មេង​ស្រី​ម្នាក់ ឈ្នោះ អេវ៉ា ។ មាន​រឿង​សំខាន់​ពីរ​ដែល​អ្នក​គួរ​ដឹង​អំពី អេវ៉ា ។ ទីមួយ​គឺ​ថា​ក្នុង​រឿង​នេះ នាង​មាន​អាយុ ១១ ឆ្នាំ ។ ហើយ​រឿង​ទីពីរ​ គឺ​ថា នាង មិន​ ចង់​ទៅ​រស់​នៅ​ជាមួយ​នឹង​​អ៊ំស្រីកុលាប​ទេ ។ សូម្បី​តែ​បន្តិច ។ ក៏​គ្មាន​ដែរ ។

ប៉ុន្តែ​ម្ដាយ​របស់​អេវ៉ា នឹង​ត្រូវ​វះកាត់ ហើយ​ត្រូវ​ការ​ពេលច្រើន​ទើប​អាចជាសះស្បើយឡើងវិញ ។ ដូច្នេះ ឪពុក​ម្ដាយ​របស់​អេវ៉ា នឹង​បញ្ជូន​នាង​ទៅ​នៅ​ជាមួយ​នឹង​អ៊ំស្រី​កុលាប​ពេញ​មួយ​រដូវក្ដៅ ។

នៅក្នុង​គំនិត​របស់​អេវ៉ាគឺ​មាន​មូលហេតុ​រាប់ពាន់​ថា​គំនិត​នេះ គឺ​មិនល្អ​ទេ ។ ចំពោះ​មូលហេតុមួយ គឺ​មានន័យ​ថា​ នាង​នឹង​នៅឆ្ងាយ​ពីម្ដាយ ។ វា​ក៏​មានន័យ​ថា ត្រូវ​ចាកចេញពី​គ្រួសារ​ និងមិត្តភក្ដិ​នាង ។ ហើយ​ក្រៅពីនោះ នាង​មិន​​ស្គាល់​អ៊ំ​ស្រី​កុលាប​ទេ ។ នាង​សុខស្រួល​នឹង​នៅ​កន្លែង​ដែលនាង​ធ្លាប់នៅ អរគុណច្រើន​ណាស់ ។

ប៉ុន្តែ​ទោះជា​មាន​ការ​ប្រកែក ឬ​មិន​យល់​ស្រប​​យ៉ាងណា​ក៏ដោយ ក៏មិនអាច​ផ្លាស់ប្ដូរ​ការ​សម្រេចចិត្ត​នោះបានដែរ ។ ដូច្នេះ អេវ៉ា បាន​រៀបចំ​ឥវ៉ាន់​ដាក់វ៉ាលី ហើយ​ធ្វើដំណើរ​យ៉ាង​យូរ​ជាមួយ​នឹង​ឪពុក​នាង ទៅ​ផ្ទះអ៊ំស្រី កុលាប ។

អេវ៉ា​មិន​ចូល​ចិត្ត​សោះ​ ចាប់​តាំង​ពីគ្រា​ដែល​​នាង​ឈាន​ជើង​ចូល​ទៅក្នុង​ផ្ទះនោះ ។

អ្វីៗ​គ្រប់យ៉ាង​គឺ​ចាស់គំរិល ! គ្រប់​កន្លែងគឺ​មាន​ដាក់សៀវភៅ​ចាស់ៗ ដបទឹក​មានពណ៌ចម្លែកៗ និង​ធុង​ផ្លាស្ទិក​មានពេញ​ទៅដោយ​អង្កាំ បូ និង ឡេវ​ជាច្រើន ។

អ៊ំស្រី​កុលាប រស់នៅ​តែ​ម្នាក់​ឯង គាត់​ពុំ​ដែល​រៀបការ​ទេ ។ អ្នក​ក្នុងផ្ទះម្នាក់ទៀត គឺ​ជា​ឆ្មា​ពណ៌​ប្រផេះ ដែល​ចូលចិត្ត​ដេក​លើ​កន្លែង​ខ្ពស់ៗ​តាម​បន្ទប់ ហើយ​ សំឡឹង​មើល​មក​អ្វីៗ​ខាង​ក្រោម​​ដូចជា​សត្វ​ខ្លា​ស្រេក​ឃ្លាន​មួយ​ក្បាល​ ។

សូម្បី​តែ​ផ្ទះ​ក៏ស្ងាត់​ជ្រងំ​ដែរ ។ វា​ស្ថិត​នៅ​តាម​ជនបទ ដែល​ផ្ទះ​នៅ​ឆ្ងាយៗ​ពីគ្នា ។ ក្នុង​ចម្ងាយ​កន្លះ​ម៉ែល​គឺ​គ្មាន​ក្មេង​វ័យ​ស្របាល​អេវ៉ា​ឡើយ ។ ការណ៍​នោះ​ក៏​ធ្វើ​ឲ្យ​អេវ៉ា​មាន​អារម្មណ៍​ឯកោ​ដែរ ។

ដំបូង​ឡើយ នាង​ពុំ​ខ្វល់​នឹង​អ៊ំស្រី កុលាបទេ ។ នាង​គិត​តែ​ពី​ម្ដាយរបស់នាង ។ ពេលខ្លះ នាង​ពុំ​គេង​លក់​ទេ ដោយ​អធិស្ឋាន​អស់​ពី​ចិត្ត​សូម​ឲ្យ​ម្ដាយ​របស់​នាង​បាន​ជា​សះស្បើយ ។ ហើយ​ទោះជា​វា​ពុំ​បាន​កើត​ឡើង​ភ្លាមៗ​ក្ដី តែ​អេវ៉ា​បាន​ចាប់​ផ្ដើម​មាន​អារម្មណ៍​ថា ព្រះ​កំពុង​មើល​ថែ​ម្ដាយ​របស់​នាង ។

ទីបំផុត​បានឮ​ថា ការ​វះកាត់​នោះបាន​ជោគជ័យ ហើយ​ឥឡូវ​នេះ​អ្វី​ដែល​អេវ៉ា​ត្រូវ​ធ្វើ គឺ​ស៊ូទ្រាំ​នៅ​រហូត​ដល់​ផុត​រដូវ​ក្ដៅ ។ ប៉ុន្តែ អូ៎ ! នាង​ស្អប់​ការ​ស៊ូទ្រាំ​ណាស់ !​

ឥឡូវ​ដោយនាង​បាន​ធូរស្បើយ​លែង​បារម្ភ​ពី​ម្ដាយ អេវ៉ា​បាន​​ចាប់​ផ្ដើម​កត់​សម្គាល់​អំពី​អ៊ំ​ស្រី​កុលាបច្រើនជាង​មុន ។ គាត់​មាន​មាឌ​ធំ--​ហើយ​ក៏​មាន ៖ សំឡេង​ធំ ស្នាមញញឹម​ធំ អត្តចរិក​​ទូលាយ​ផង​ដែរ ។ គាត់​មាន​ការ​ពិបាក​ក្នុង​ការ​ទៅណាមកណា​ខ្លាំង​ណាស់ ប៉ុន្តែ​គាត់​តែង​ច្រៀង​ ហើយ​សើច​នៅពេល​គាត់​ធ្វើការ សំឡេង​សើច​របស់​គាត់ គឺ​ឮ​ពេញ​ផ្ទះ ។ រៀង​រាល់​យប់ គាត់​អង្គុយ​នៅ​លើ​កៅអី​វែង ហើយ​បាន​ទាញ​គម្ពីរ​មក​អាន​ឮៗ ។ ហើយ​នៅ​ពេល​គាត់​អាន ពេល​ខ្លះ​គាត់​បាន​និយាយ​ថា « អូ៎ គាត់​មិន​គួរ​ធ្វើ​ដូច្នេះសោះ ! » ឬ « ម៉េច​ក៏​មិន​ឲ្យ​ខ្ញុំ​ទៅ​ទី​នោះ ! » ឬ « តើ​នោះ​ពុំ​មែន​ជា​រឿង​អស្ចារ្យ​ ដែល​អ្នក​បាន​ឮ​ទេ​ឬ​អី ! » ហើយ​​រៀងរាល់​ល្ងាច នៅពេ​ល​ពួក​គេ​ទាំងពីរ​​បាន​លុត​ជង្គង់​នៅ​ជិត​គ្រែ​របស់​អេវ៉ា​ អ៊ំ​ស្រី​កុលាប​បានពោល​ពាក្យ​អធិស្ឋាន​ដ៏​មានន័យ​បំផុត ដោយ​ថ្លែង​អំណរគុណ​ដល់​ព្រះវរបិតាសួគ៌​របស់​គាត់​ចំពោះ​សត្វ​ចាប និង​ដើមឈើ ព្រះអាទិត្យ​លិច និង​ហ្វូង​តារា ​ព្រមទាំង « ភាព​អស្ចារ្យ​នៃ​ជីវិត » ។ ចំពោះ​អេវ៉ា ស្ដាប់មើល​ទៅ​ដូចជា​ អ៊ំ​កុលាប បាន​ស្គាល់ព្រះ ដូច​មិត្តភក្ដិ​ដូច្នោះដែរ ។

យូរៗទៅ អេវ៉ា​បាន​​រកឃើញ​រឿង​ដ៏​ភ្ញាក់ផ្អើល ៖ អ៊ំស្រី​កុលាប គឺជា​មនុស្ស​សប្បាយ​រីករាយ​បំផុត តាម​ដែល​នាង​ធ្លាប់​ដឹង !

ចុះ​តើ​វា​អាច​កើត​ឡើង​ដោយ​របៀប​ណា ?

តើ​គាត់​រីករាយ​អំពី​អ្វីខ្លះ ?

គាត់​ពុំ​ដែល​រៀបការ គាត់គ្មាន​កូន គាត់គ្មាន​អ្នក​នៅ​ជា​មួយ លើក​លែង​តែ​ឆ្មា​ដ៏​គួរ​ឲ្យ​ខ្លាច​មួយ​ក្បាល​នោះ ហើយ​គាត់​ពិបាក​ក្នុងការ​ធ្វើ​រឿង​សាមញ្ញៗ ដូចជា ចង​ខ្សែ​ស្បែកជើង និង​ដើរ​ឡើង​កាំជណ្ដើរ ។

នៅពេល​គាត់​ទៅ​ទីក្រុង នោះគាត់​ពាក់​មួក​ធំ​ចម្លែក ហើយ​មាន​ពណ៌​ឆើតៗ ។ ប៉ុន្តែ​មនុស្សទូទៅ​មិន​សើច​គាត់ទេ ។ ផ្ទុយទៅវិញ ពួកគេ​បាន​មក​ចោមរោមចាំ​និយាយ​នឹង​គាត់ ។ អ៊ំ​កុលា ធ្លាប់ធ្វើ​ជា​គ្រូបង្រៀន​នៅ​សាលា​ ហើយ​វា​ជា​រឿង​ធម្មតា​ទេ​ដែល​សិស្ស​គាត់​កាល​ពីមុន--ឥឡូវ​ធំ​ឡើង​មាន​កូនចៅ​រៀងៗខ្លួន--​មក​និយាយ​លេង​នឹង​គាត់​នោះ ។ ពួកគេ​បាន​អរគុណ​គាត់​ចំពោះ​ការធ្វើជា​ឥទ្ធិពល​ល្អ​នៅក្នុង​ជីវិត​របស់​ពួកគេ ។ ពួកគេ​បានសើច​ជាញឹកញាប់ ។ ពេល​ខ្លះ ពួកគេ​បាន​យំផងដែរ ។

នៅពេល​រដូវ​ក្ដៅ​ចេះ​តែ​កន្លង​ទៅ អេវ៉ា បាន​ចំណាយ​ពេល​ច្រើន​ឡើងៗ​ជាមួយ​អ៊ំស្រីកុលាប ។ ពួកគេ​បាន​ដើរ​យ៉ាង​ឆ្ងាយ ហើយ​អេវ៉ា រៀន​អំពី​ភាព​ខុសគ្នា​រវាង​ចាប​ពូក និង​ចាប​ចៀប​កប្បាស ។ នាង​បាន​បេះ​ផ្លែ​ប៊ែរី​ព្រៃ ហើយ​បាន​ធ្វើជា​ដំណាប់​ផ្លែក្រូច ។ នាង​បាន​រៀន​អំពី​លោក​យាយ​លួត​របស់​នាង ដែល​បាន​ចាក​ចោល​ស្រុក​​កំណើត​របស់​គាត់ ​ធ្វើ​ដំណើរ​ឆ្លងកាត់​សមុទ្រ ហើយ​ដើរ​កាត់​វាលទំនាប​ដើម្បី​ចូលរួម​នឹង​ពួកបរិសុទ្ធ ។​

មិនយូរ​ប៉ុន្មាន អេវ៉ា​បាន​រក​ឃើញ​​រឿង​ភ្ញាក់ផ្អើល​មួយទៀត ៖ អ៊ំស្រី​កុលាប​ពុំ​មែន​គ្រាន​តែ​ជា​មនុស្ស​ដ៏រីករាយ​បំផុត​ម្នាក់​ដែល​នាង​ស្គាល់ទេ​ប៉ុន្តែ​អេវ៉ា​ខ្លួន​ឯង​ក៏​​រីករាយ​ផងដែរ​ពេល​នៅជិត​គាត់ ។

រដូវ​ក្ដៅបាន​កន្លង​ផុតទៅ​យ៉ាង​រហ័ស ។ អេវ៉ា​បាន​ភ្លេច​ខ្លួន​រហូត​ដល់​អ៊ំស្រី​កុលាប​ប្រាប់ថា មិន​យូរ​ប៉ុន្មាន​ទេ នាង​នឹង​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ ។ ទោះជា​អេវ៉ា​បានទន្ទឹងចាំ​ឲ្យ​គ្រា​នោះ​ឆាប់​មក​ដល់តាំង​ពី​ពេល​នាង​មក​ដល់​ក្ដី តែ​ឥឡូវ​នាង​មាន​អារម្មណ៍​មិន​ប្រាកដ​ទេ ។ នាង​បាន​ដឹង​ថា​នាង​នឹង​នឹក​ផ្ទះ​ចាស់​ចម្លែក​នេះ ​សត្វឆ្មា និង​អ៊ំ​ស្រី​កុលាប​ជា​ទី​ស្រឡាញ់​របស់​នាង​មិន​ខាន​ទេ ។

នៅថ្ងៃ​មុនពេល​ឪពុក​របស់​នាង​មក​​ទទួល​ អេវ៉ា បាន​សួរ​សំណួរ​ដែល​នាង​បាន​ងឿង​ឆ្ងល់​អស់​ជា​ច្រើន​សប្ដាហ៍​មក​នោះ ៖ « អ៊ំកុលាប ហេតុអ្វី​ក៏អ៊ំ​​រីករាយ​ម្ល៉េះ ?

អ៊ំ​ស្រី​កុលាប បាន​មើល​មុខ​នាង​ចំ ហើយ​នាំ​នាង​ទៅ​មើល​ផ្ទាំង​គំនូរ​មួយ ដែល​ព្យួរ​នៅ​បន្ទប់ខាង​មុខ ។ វា​គឺជា​អំណោយ​មកពី​មិត្ត​សំឡាញ់​ដ៏​មាន​ទេពកោសល្យម្នាក់ ។

គាត់បាន​សួរ​ថា « តើ​ក្មួយ​មើល​ឃើញ​អ្វី​នៅ​ទីនោះ ? »

រូបភាព
ក្មេងស្រី​​ត្រួស​ត្រាយ​ផ្លូវម្នាក់​

អេវ៉ា បាន​ធ្លាប់​ឃើញ​គំនូរ​នេះ​ពីមុន ប៉ុន្តែ​នាង​ពុំ​ដែល​យក​ចិត្ត​ទុក​ដាក់​មើល​ទេ ។ ក្មេងស្រី​ម្នាក់​ក្នុង​​សំលៀក​បំពាក់​ត្រួស​ត្រាយ​ផ្លូវ លោត​លេង​តាម​ផ្លូវ​ពណ៌​ខៀវ​ស្រឡះ​ ។ ស្មៅ និង​ដើមឈើ​មានពណ៌​បៃតង​ខ្ចី ។ អេវ៉ា​បាន​និយាយ​ថា « វា​ជា​គំនូរ​អំពី​ក្មេង​ស្រី​ម្នាក់ ។ ដូចជា​នាង​កំពុង​តែ​លោត​លេង​ » ។

អ៊ំ​កុលាប បាន​តបថា « ចា៎ស នោះគឺ​ជា​ក្មេង​ស្រី ​ត្រួសត្រាយផ្លូវ ដែល​លោត​លេង​ដ៏​រីករាយ » ។ « អ៊ំ​ស្រមៃ​ថា មាន​ថ្ងៃ​ដ៏​ខ្មៅ​ងងឹត​គួរ​ឲ្យ ហើយ​ភ័យ​ខ្លាច​ជា​ច្រើន​សម្រាប់​ពួក​អ្នកត្រួសត្រាយផ្លូវ ។ ជីវិត​របស់​ពួកគេ​មាន​ការ​លំបាក​ណាស់--យើង​នឹក​មិន​ដល់ទេ ។ ប៉ុន្តែ​ក្នុង​គំនូរ​នេះ អ្វីៗ​គ្រប់យ៉ាង​គឺ​ភ្លឺថ្លាប្រកប​ដោយ​ក្ដី​សង្ឃឹម ។ ក្មេង​ស្រី​នេះ​មាន​ដំណើរ​លោតលេង ហើយ​នាង​ដើរ​ឆ្ពោះទៅមុខ​ជានិច្ច » ។

អេវ៉ា​នៅស្ងៀម ដូច្នេះ​អ៊ំស្រី​កុលាប បាន​បន្ដ​ទៀតថា ៖ « មាន​រឿង​មិន​ល្អ​បាន​កើត​ឡើង​ក្នុង​ជីវិត​ល្មម​គ្រប់គ្រាន់​ហើយ ដូច្នេះ​មនុស្ស​អាច​នឹង​មាន​ភាពទុទិដ្ឋិនិយម និង​អស់សង្ឃឹម ។ ប៉ុន្តែ​អ៊ំ​ស្គាល់​មនុស្ស​ដែលគិត​ផ្ដោត​ទៅ​លើ​ភាព​អស្ចារ្យ និង​អព្ភូតហេតុ​នៃ​ជីវិត ទោះជា​មាន​រឿង​ជា​ច្រើន​មិនសម​តាម​បំណង​ក្ដី ។ មនុស្ស​ទាំងនេះ គឺជា​មនុស្សរីករាយបំផុត​ដែលអ៊ំ​ស្គាល់ » ។

អេវ៉ា​បាន​និយាយថា « ប៉ុន្តែ អ៊ំមិន​អាច​​ប្ដូរ​ពី​ភាពសោកសៅ​ទៅ​ភាព​រីករាយ​បានភ្លាមៗ​ដោយ​គ្រាន់​តែ​កាច់​កុងតាក់​មួយ​នោះទេ » ។

អ៊ំកុលាប​បានញញឹម​តិចៗ « ទេ ប្រហែលជា​មិនបានទេ ប៉ុន្តែ​ព្រះ​ពុំ​បាន​រៀបចំ​យើង​ឡើង​មក​ឲ្យសោកសៅ​នោះទេ » ។ ទ្រង់​បង្កើត​យើង​មក​ឲ្យ​មានក្ដីអំណរ !3 ដូច្នេះ​ប្រសិនបើ​យើង​ទុកចិត្តលើ​ទ្រង់ ទ្រង់​នឹង​ជួយ​យើង​ឲ្យ​ស្គាល់​រឿង​ល្អៗ​នៅ​ក្នុង​ជីវិត​ដែល​ភ្លឺថ្លា ហើយពេញ​ដោយ​ក្ដីសង្ឃឹម ។ ហើយ​ប្រាកដណាស់ ពិភពលោក​នឹង​កាន់តែ​ស្រស់ថ្លា ។ ទេ វា​មិន​កើតឡើង​ភ្លាមៗ​ទេ ប៉ុន្តែ​តាមពិតទៅ តើមាន​រឿងល្អៗ​ប៉ុន្មានទៅ ? ចំពោះ​អ៊ំ រឿងល្អៗ​បំផុត ត្រូវ​ការ​មាន​ភាព​អត់ធ្មត់ និង​ការធ្វើការ ដូចជា​ការដុតនំប៉័ង ឬធ្វើ​​​ដំណាប់​ទឹក​ក្រូច​ដោយ​ខ្លួន​យើង​អញ្ចឹង ។

អេវ៉ា បាន​គិត​មួយ​ភ្លែត ហើយ​បាន​និយាយថា « ប្រហែលជា​វា​ពុំ​ងាយ​ស្រួល​ទេ សម្រាប់​មនុស្ស​ដែល​គ្មាន​អ្វីៗ​ល្អ​ឥត​ខ្ចោះ​នៅ​ក្នុង​ជីវិត​របស់​ពួកគេ​នោះ » ។

« អេវ៉ា​ក្មួយ​សំឡាញ់ តើ​ក្មួយ​ពិត​ជា​គិត​ថា ជីវិត​​អ៊ំល្អ​ឥត​ខ្ចោះ​ឬ ? » អ៊ំ​កុលាប បាន​អង្គុយ​ជាមួយ​​អេវ៉ា​លើ​កៅ​អី​វែង ។ « វា​មាន​គ្រា​មួយ​ដែល​អ៊ំ​បាក់​ទឹក​ចិត្ត​យ៉ាង​ខ្លាំង ហើយ​អ៊ំ​មិនចង់​បន្ដ​ទៅមុខ​ទេ » ។

« អ៊ំ​ហ្នឹង ? » អេវ៉ាបានសួរ ។

អ៊ំ​ស្រី​កុលាប បាន​ងក់ក្បាល ។ « មានរឿង​ជាច្រើន​ដែល​អ៊ំ​ប៉ង​ចង់បាន​ក្នុងជីវិត » ។ នៅពេល​គាត់​និយាយ ​សំឡេង​របស់គាត់​មាន​ភាព​សោកសៅ ដែល​អេវ៉ា​ពុំ​ធ្លាប់​ឮ​ពីមុន​មកទេ ។ « មានអ្វីៗ​ជាច្រើន​ពុំ​កើតឡើងទេ ។ វា​គឺជា​រឿង​ខក​ចិត្ត​មួយ​ហើយ​មួយ​ទៀត ។ ថ្ងៃមួយ អ៊ំ​បាន​ដឹង​ថា វា​នឹង​ពុំ​បាន​ដូចជា​អ្វី​ដែល​អ៊ំសង្ឃឹម​​នោះទេ ។ នោះជា​ថ្ងៃ​ដ៏​អស់​សង្ឃឹម​មួយ ។ អ៊ំ​ហៀប​នឹង​ចុះចាញ់ ហើយ​ក្លាយជា​អ្វី​ក៏​ក្លាយ​ទៅ » ។

« ដូច្នោះ​តើ​អ៊ំ​ត្រូវ​ធ្វើ​យ៉ាងណា ? »

« គ្មាន​អ្វី​ទេ​ពេលនោះ ។ អ៊ំ​មាន​តែ​កំហឹង ។ អ៊ំ​ជា​មនុស្ស​ដែល​គ្មាន​នរណា​ម្នាក់​ចង់​នៅ​ជិត​ទេ » ។ បន្ទាប់មក​គាត់​សើច​បន្ដិច តែ​វា​ពុំ​មែន​ជា​ការសើចសើច​ឮៗ​ខ្ទរផ្ទះ​ដែល​គាត់​ធ្លាប់​សើច​នោះ​ទេ ។ «‹ វា​មិន​យុត្តិធម៌ទេ › គឺជា​ចម្រៀង​ដែល​អ៊ំ​ច្រៀង​ម្ដងហើយម្ដងទៀត​នៅក្នុង​ខួរ​ក្បាល ។ ប៉ុន្តែ​នៅទីបំផុត អ៊ំ​បាន​រក​ឃើញ​អ្វី​មួយ ដែល​បាន​ផ្លាស់​ជីវិត​អ៊ំ​ទាំងស្រុង » ។

« តើវាជាអ្វីទៅ ? »

អ៊ំស្រីកុលាប​បាន​ញញឹម រួច​ពោលថា « ក្ដីជំនឿ » ។ « អ៊ំ​បាន​រក​ឃើញ​សេចក្ដីជំនឿ ។ ហើយ​សេចក្ដីជំនឿ​នាំ​ទៅ​រក​សេចក្ដីសង្ឃឹម ។ ហើយក្ដី​​ជំនឿ និងក្ដី​​សង្ឃឹម​បាន​ផ្ដល់​ទំនុកចិត្ត​ដល់អ៊ំ ថា​ថ្ងៃ​មួយ អ្វីៗ​នឹង​បាន​យល់ ហើយ​ដោយសារ​តែ​ព្រះអង្គសង្គ្រោះ នោះ​រាល់​ការ​ខុស​ទាំងឡាយ នឹង​ត្រូវ​បាន​ធ្វើ​ឲ្យទៅជា​ត្រូវ​វិញ ។ បន្ទាប់ពីនោះមក អ៊ំ​បាន​មើល​ឃើញ​ផ្លូវ​នៅ​ចំពោះមុខ​ថា ​វា​ពុំ​សូវ​នឿយហត់ និង​​​អាប់អួរ​​ដូច​អ៊ំ​ធ្លាប់គិតឡើយ ។ អ៊ំ​បាន​ចាប់ផ្ដើម​សម្គាល់ឃើញ​ពណ៌​ខៀវ​ខ្ចី បៃតង​ស្រងាត់ និង​ពណ៌​ក្រហម​ច្បាស់ ហើយ​អ៊ំ​បាន​សម្រេច​ចិត្ត​ថា អ៊ំ​មាន​ជម្រើស​មួយ--​អ៊ំ​គិត ហើយ​អូស​ជើង​ឲ្យ​ដើរ​នៅ​តាមផ្លូវដ៏​អាប់អួរ នៃ​ភាព​អាណិត​ខ្លួន​ឯង ឬ​អ៊ំ​អាច​មាន​ជំនឿ​បន្ដិច ពាក់​សំលៀក​បំពាក់​ពណ៌​ស្រស់ៗ ពាក់​ស្បែកជើង​រាំ​របស់អ៊ំ ហើយ​លោត​លេង​នៅ​តាម​ផ្លូវ​នៃ​ជីវិត ដោយ​ដើរ​បណ្ដើរ​ច្រៀង​បណ្ដើរ » ។ ឥឡូវ សំឡេង​គាត់​បាន​សើច​សប្បាយ​ដូចជា​ក្មេង​ស្រី​នៅក្នុង​គំនូរ​ដែរ ។

អ៊ំស្រី​កុលាប បាន​ឈោង​ទៅ​ចុង​តុ ហើយ​ទាញ​គម្ពីរ​ដ៏​ទក់​របស់គាត់​​មក​ដាក់លើ​ភ្លៅ ។ « អ៊ំ​មិនគិត​ថា អ៊ំ​អស់សង្ឃឹម​រហូត​ដល់​កើត​រោគចិត្ត​នោះទេ--អ៊ំ​មិន​ប្រាកដ​ថា ក្មួយ​អាច​ប្រាប់​ខ្លួន​ឯង​កុំ​ឲ្យ​ធ្វើ​រឿង​នោះ​បាន​ដែរ​ឬអត់​នោះទេ ។ ប៉ុន្តែ​អ៊ំ​បាន​ប្រាប់​ខ្លួន​ឯង​ឲ្យ​ធ្លាក់​ចូល​ក្នុង​ភាព​រងទុក្ខ​ ! មែនហើយ អ៊ំ​មាន​ថ្ងៃ​សោកសៅ​ខ្លះ ប៉ុន្តែ​រាល់ការ​សោកសៅ និង​ការ​ព្រួយបារម្ភ​របស់អ៊ំ ពុំ​អាច​ផ្លាស់​ប្ដូរអ្វី​បាន​ទេ--វា​រឹត​តែ​ធ្វើ​ឲ្យ​រឿងទាំងឡាយ​កាន់​តែ​អាក្រក់​ទៅ ។ ក្ដីជំនឿ​​ទៅ​លើ​ព្រះអង្គ​សង្គ្រោះ បាន​បង្រៀន​អ៊ំ​ថា ទោះជា​ពីមុន​មាន​រឿង​អ្វី​កើត​ឡើង​ក្ដី​ តែ​រឿង​របស់អ៊ំ​នឹង​បញ្ចប់​ដោយ​ភាព​រីករាយ » ។

« តើ​អ៊ំដឹង​ដូច្នោះ​ដោយ​របៀប​ណា ? » អេវ៉ាបានសួរ ។

អ៊ំស្រី​កុលាប បាន​បើក​គម្ពីរ​ប៊ីប​របស់​គាត់ រួច​ពោល​ថា « វា​ប្រាប់​នៅត្រង់នេះ​ថា ៖

«‹ ព្រះ… ទ្រង់​នឹង​គង់​នៅ​ជា​មួយ​នឹង​គេ គេ​នឹង​ធ្វើ​ជា​រាស្ត្រ​របស់​ទ្រង់ ហើយ​ព្រះអង្គ​ទ្រង់​ក៏​នឹង​ធ្វើ​ជា​ព្រះ​ដល់​គេ ។

«› ព្រះ ​ទ្រង់​នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក ពី​ភ្នែក​គេ​ចេញ និង​គ្មាន​សេចក្តី​ស្លាប់ ឬ​សេចក្តី​សោក​សង្រេង ឬ​សេចក្តី​យំ​ទួញ ឬ​ទុក្ខ​លំបាក​ណា​ទៀត​ឡើយ ដ្បិត​សេចក្តី​មុន​ទាំង​ប៉ុន្មាន បាន​កន្លង​បាត់​ទៅ​ហើយ ›» ។4

អ៊ំ​ស្រី​កុលាប​បាន​មើលមុខ​អេវ៉ា ។ ស្នាមញញឹមរបស់គាត់​មាន​យ៉ាងធំ ពេល​គាត់​ខ្សឹប​ ដោយ​សំឡេង​ញ័រ​តិចៗ​​ថា « តើ​នោះ​ពុំ​មែនជា​រឿង​ដ៏​ស្រស់​ស្អាត​បំផុត ដែល​ក្មួយ​ធ្លាប់​ឮ​ទេឬអី ? »

អេវ៉ា​គិត​ថា វា​ស្ដាប់ទៅ​​ពិត​ជាអស្ចារ្យ​​ណាស់ ។

អ៊ំស្រីកុលាប បាន​បើក​ទៅ​ពីរ​បី​ទំព័រ​ទៀត ហើយ​ចង្អុល​ទៅ​ខគម្ពីរ​មួយ​​ឲ្យ​អេវ៉ា​អាន ៖ « សេចក្ដី​ដែល​ភ្នែក​មិន​ដែល​ឃើញ ត្រចៀក​មិន​ដែល​ឮ ហើយ​ចិត្ត​នឹក​មិន​ដែល​ដល់ គឺ​សេចក្ដី​នោះ​ឯង​ដែល​ព្រះ​បាន​រៀប​ចំ​ទុក សម្រាប់​ពួក​អ្នក​ដែល​ស្រឡាញ់​ទ្រង់ » ។5

អ៊ំស្រីកុលាប​បាន​និយាយថា​ « ជាមួយនឹង​អនាគត​ដ៏​រុងរឿង​ដូច្នោះ ហេតុអ្វី​ក៏​យើង​លុង​ខ្លួន​ទៅ​ក្នុងរឿង​អតីតកាល ឬ​បច្ចុប្បន្នកាល​ដែល​ពុំ​បាន​ដូចជា​អ្វី​ដែល​យើងបាន​ដាក់ផែនការទៅវិញ ? »

អេវ៉ា​បាន​ជ្រួញ​ចិញ្ចើម​ ។ នាង​បាន​និយាយថា « ចាំបន្ដិច​សិន » ។ « តើ​អ៊ំកំពុង​និយាយ​ថា ការ​រីករាយ​មាន​ន័យថា គ្រាន់តែ​ជា​ការ​រង់ចាំ​សុភមង្គល​នៅ​ពេល​អនាគត​ឬ ? តើ​រាល់​សុភមង្គល​របស់​យើង​ស្ថិត​នៅ​ក្នុងភាព​អស់កល្បជានិច្ច​​ឬ ? តើ​វា​មិនអាច​មាន​ខ្លះ​នៅពេល​នេះ​ទេ​ឬ ?

« អូ៎ ពិតណាស់ ក្មួយ​ ! » អ៊ំស្រីកុលាប បាន​ថ្លែង ។ « ក្មួយសំឡាញ់ ពេល​ឥឡូវ​នេះ គឺជា​ ផ្នែក នៃ​ភាព​អស់កល្ប​ជានិច្ច ។ វា​ពុំ​ចាប់​ផ្ដើម​បន្ទាប់ពី​យើង​ស្លាប់​ទៅ​នោះ​ទេ ! សេចក្ដីជំនឿ និង​ក្ដីសង្ឃឹម នឹង​បើក​ភ្នែក​របស់​យើង​មើល​ទៅ​សុភមង្គល ដែល​មាន​នៅ​ចំពោះ​មុខ​អ្នក ។

« អ៊ំ​ចេះ​កំណាព្យ​មួយ​ដែល​ពោល​ថា ‹ និរន្ដរភាព--គឺតាក់តែង​ឡើង​ពី​​ពេល​ឥឡូវ​នេះ › ។6 អ៊ំ​ពុំ​ចង់​ឲ្យ​និរន្ដរភាពរបស់​អ៊ំ ត្រូវ​​តាក់តែង​ឡើង​ដោយ​ភាព​ខ្មៅ​ងងឹត និង​ភាពភ័យខ្លាច ‹ នា​ពេល​ឥឡូវ​នេះ › ទេ ។ ហើយ​អ៊ំ​មិន​ចង់​រស់នៅ​ក្នុង​រូង​ដ៏​ងងឹត​ក្នុងការ​សង្កៀត​ធ្មេញ ​បិទ​ភ្នែក​ ហើយ​ស៊ូទ្រាំ​រហូត​ដល់​ចុង​បំផុត​ដ៏​ជូរចត់ពោរពេញ​ដោយ​ភាព​អាក់អន់​ចិត្តនោះទេ ។ ​ជំនឿ​ បាន​ផ្ដល់​សេចក្ដីសង្ឃឹម​​​ ដែល​អ៊ំ​ត្រូវការ​ដើម្បី​រស់នៅ​ដោយ​ក្ដីអំណរ​នាពេលឥឡូវ​នេះ ! »

« ដូច្នោះ​តើ​អ៊ំ​ត្រូវ​ធ្វើ​យ៉ាងណា ? » អេវ៉ាបានសួរ ។

« អ៊ំ​បាន​អនុវត្ត​សេចក្ដីជំនឿ​ទៅ​លើ​ការ​សន្យា​របស់​ព្រះ ដោយបំពេញ​ជីវិត​របស់អ៊ំ ជាមួយ​នឹង​រឿង​ដែល​មាន​ន័យ​ទាំងឡាយ ។ អ៊ំ​បាន​ទៅ​សាលារៀន ។ អ៊ំ​ទទួលបាន​ការអប់រំ ។ វា​បាន​ដឹកនាំ​អ៊ំ​ឲ្យ​មាន​អាជីព​មួយ ដែលអ៊ំ​ស្រឡាញ់ » ។

អេវ៉ា បាន​គិត​អំពី​រឿង​នេះ​មួយ​សន្ទុះ ហើយ​និយាយថា « ប៉ុន្តែ​ការ​ជាប់រវល់​មិន​មែនជា​អ្វី​ដែល​ធ្វើ​ឲ្យ​អ៊ំ​រីករាយ​ទេ ។ មាន​មនុស្ស​រវល់​ជាច្រើន​ដែល​គ្មាន​ភាពរីករាយ » ។

« ហេតុអ្វី​ក្មួយឆ្លាត​ម្ល៉េះ នៅតូច​សោះ ? » អ៊ំស្រី​កុលាប​សួរ ។ « ក្មួយ​និយាយ​ត្រូវ​ណាស់ ។​ ហើយ​ភាគ​ច្រើន​មនុស្ស​ដែល​រវល់ ហើយ​គ្មាន​ភាព​ភាព​រីករាយ​ទាំងនោះ បាន​ភ្លេច​នូវ​រឿង​មួយ ដែល​សំខាន់​បំផុត​នៅ​ក្នុង​ពិភពលោក​នេះ--​ជា​រឿង ដែល​​ព្រះយេស៊ូវ​បាន​មាន​បន្ទូលថា ជា​បេះដូង​នៃ​ដំណឹងល្អ​របស់​ទ្រង់ » ។

« ហើយ​នោះ​ជា​អ្វី​ទៅ ? » អេវ៉ាបានសួរ ។

អ៊ំ​កុលាប បាន​និយាយថា « ​វា​ជាក្ដី​ស្រឡាញ់-- ​សេចក្ដី​ស្រឡាញ់​ដ៏​សុទ្ធសាធ​នៃ​ព្រះគ្រីស្ទ » ។ « ក្មួយ​ឃើញទេ ​អ្វីៗ​ទាំងអស់​ក្នុង​ដំណឹងល្អ—អ្វីៗ​ទាំងអស់ គប្បី ហើយ ត្រូវតែ និង គួរ​តែ —នាំ​ទៅរក​សេចក្ដីស្រឡាញ់ ។ នៅពេល​យើង​ស្រឡាញ់​ព្រះ យើង​ចង់​បម្រើ​ទ្រង់ ។ យើង​ចង់​ដូចជាទ្រង់។ នៅពេល​យើង​ស្រឡាញ់​អ្នកជិត​ខាង​យើង យើងឈប់​គិត​ច្រើន​អំពី​បញ្ហា​ផ្ទាល់ខ្លួន​យើង ហើយ​ជួយអ្នកដទៃ​ដោះ​ស្រាយ​បញ្ហា​របស់ពួកគេ​​​វិញ » ។7

« ហើយ​តើ​នោះ​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​យើង​រីករាយ​មែនទេ ? » អេវ៉ាបានសួរ ។

អ៊ំ​ស្រី​កុលាប​បាន​ងក់​ក្បាល ហើយ​ញញឹម ទាំង​ទឹកភ្នែក ។ « ចា៎ស ក្មួយ​សំឡាញ់ ។ នោះហើយ គឺជា​អ្វី​ដែល​ធ្វើ​ឲ្យ​យើង​រីករាយ » ។

មិនដូច​ពីមុនឡើយ ។

នៅ​ថ្ងៃ​ស្អែក​ឡើង អេវ៉ា​បាន​ឱប​អ៊ំស្រី​កុលាប​របស់នាង ហើយ​បាន​អរគុណ​ចំពោះអ្វី​ៗ​គ្រប់​យ៉ាង​ដែល​គាត់បានធ្វើ ។ នាង​បានត្រឡប់​មក​ផ្ទះ​ជួប​គ្រួសារ​ មិត្ត ​ផ្ទះ និង​អ្នកជិត​ខាង​របស់​នាង​វិញ ។

ប៉ុន្តែ​នាង​ពុំ​ដូចជា​មុន​ទៀតឡើយ ។

នៅពេល​អេវ៉ា​ធំឡើង នាង​បានគិត​អំពី​ពាក្យ​សម្ដី​របស់​អ៊ំស្រី​កុលាប​ជា​ញឹកញាប់ ។ ទីបំផុត អេវ៉ា​បាន​រៀបការ មានកូន ហើយរស់នៅ​ក្នុង​ជីវិត​ដ៏​ស្រស់ស្អាត​យូរ​អង្វែង​មួយ ។

ហើយ​ថ្ងៃមួយ នៅពេល​នាង​ឈរ​នៅ​ក្នុង​ផ្ទះ​របស់​នាង សរសើរ​ដល់​គំនូរ​ក្មេង​ស្រី​ដែល​ស្លៀក​សំលៀកបំពាក់​ត្រួសត្រាយផ្លូវ​ លោត​លេង​នៅលើ​ផ្លូវ​ពណ៌​ខៀវ​ស្រឡះ នោះ​នាង​បាន​ដឹង​ថា នាង​បាន​ឈាន​ចូល​ដល់​វ័យ​ដូច​ជា​អ៊ំស្រីកុលាប​អំឡុង​គ្រា​រដូវ​ក្ដៅ​ដ៏​អស្ចារ្យ​នោះ ។

រូបភាព
ក្មេងស្រី​​ត្រួស​ត្រាយ​ផ្លូវម្នាក់​

នៅពេល​នាង​បាន​ដឹង​រឿងនេះ នាង​មានអារម្មណ៍​នូវការ​អធិស្ឋានដ៏​ពិសេស​មួយ​ពេញ​ក្នុង​ដួងចិត្ត​របស់​នាង ។ ហើយ​អេវ៉ា បាន​មាន​អំណរគុណ​ជាខ្លាំង​ចំពោះ​ជីវិត​របស់នាង ចំពោះគ្រួសារ​នាង ចំពោះ​ដំណឹង​ល្អ​ដែលបាន​ស្ដារឡើងវិញ​របស់ព្រះយេស៊ូវ​គ្រីស្ទ និង​ចំពោះ​រដូវ​ក្ដៅ​ក្នុងពេល​កន្លង​ទៅនោះ ដែល​អ៊ំស្រីកុលាប8 បានបង្រៀន​នាង​អំពី ក្ដីជំនឿ ​ក្ដីសង្ឃឹម និង​ក្ដីស្រឡាញ់ ។9

ពរជ័យ

បងប្អូន​ស្រី​ មិត្ត​ជា​ទីស្រឡាញ់​ ក្នុង​ព្រះគ្រីស្ទ​ជាទីស្រឡាញ់​របស់ខ្ញុំ ខ្ញុំ​សង្ឃឹម និង​អធិស្ឋាន​សូម​ឲ្យ​អ្វី​មួយ​នៅក្នុង​រឿង​នេះ បាន​ចាក់​ក្នុង​បេះដូង​របស់​បងប្អូន ហើយ​បំផុស​ដល់​ព្រលឹង​របស់​បងប្អូន ។ ខ្ញុំ​ដឹង​ថា ព្រះមានព្រះជន្មរស់​ ហើយ​ថា​ទ្រង់​ស្រឡាញ់​បងប្អូន​​ម្នាក់ៗ ។

នៅពេល​បងប្អូន​ដើរ​នៅ​លើ​ផ្លូវ​ដ៏ភ្លឺស្រឡះនៃភាពជាសិស្ស​របស់​បងប្អូនផ្ទាល់ ខ្ញុំអធិស្ឋាន​សូម​​ឲ្យ​ក្ដីជំនឿ​នឹង​ការពារ​បងប្អូន​គ្រប់​ជំហាន​នៅ​តាម​ផ្លូវ​ ហើយ​សូម​​ឲ្យ​ក្ដីសង្ឃឹមនឹង​បើក​ភ្នែក​របស់​បងប្អូន​ឲ្យ​មើល​ឃើញ​សិរីល្អ​ដែល​ព្រះវរបិតាសួគ៌ បាន​មាន​សម្រាប់​អ្នក ហើយ​សូម​ឲ្យ​សេចក្ដី​ស្រឡាញ់​​ចំពោះព្រះ និងកូនចៅ​របស់​ទ្រង់​គ្រប់រូប នឹង​មាន​ពេញ​ក្នុង​បេះដូង​បងប្អូន ។ ក្នុងនាម​ជា​សាវកមួយរូប​របស់ព្រះអម្ចាស់ ខ្ញុំ​បន្សល់​ទុក​ការណ៍​នេះជាទីបន្ទាល់ និង​ជា​ពរជ័យ​របស់ខ្ញុំ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។