ឆ្នាំ ២០១០-២០១៩
ចូរ​ធ្វើជា​គំរូ និង ពន្លឺ
តុលា 2015


ចូរ​ធ្វើជា​គំរូ និង ពន្លឺ

នៅ​ពេល​យើង​ធ្វើតាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ នោះ​យើង​នឹង​មាន​ឱកាស​ដើម្បី​ធ្វើ​ជា​ពន្លឺ​នៅក្នុង​ជីវិត​របស់​អ្នក​ដទៃ ។

បងប្អូន​ប្រុស​ស្រី វា​ល្អ​ណាស់​ដែល​បាន​ជួប​បងប្អូន​​ម្ដង​ទៀត ។ ដូច​បងប្អូន​ដឹង​ហើយ ចាប់​តាំង​ពី​យើង​បានជួបគ្នា​នៅក្នុង​ខែ​មេសា យើង​មានការ​សោកស្ដាយ​ដោយ​បាត់បង់​សាវក​ជាទីស្រឡាញ់​របស់​យើង​បីរូប ៖ ប្រធាន ប៊យដ៏ ឃេ ផាកកឺ, អែលឌើរ អិល ថម ភែរី និង អែលឌើរ រីឆាដ ជី ស្កត ។ ពួកលោក​បាន​ត្រឡប់ទៅ​គេហដ្ឋា​សួគ៌​របស់​ខ្លួន​វិញ​ហើយ ។ យើង​នឹក​រឭក​ពួកលោក ។ យើង​មាន​អំណរគុណ​ណាស់​ចំពោះ​គំរូ​នៃ​ក្ដី​ស្រឡាញ់​ដូច​ជា​ព្រះគ្រីស្ទ​របស់​ពួកលោក និង​ចំពោះ​ការ​បង្រៀន​ដ៏​បំផុសគំនិត​ដែល​ពួកលោក​បាន​បន្សល់​ទុក​ឲ្យ​យើង​ទាំងអស់គ្នា ។

យើង​សូម​ស្វាគមន៍​ដោយ​ស្មោះ​ចំពោះ​សាវក​ថ្មី​របស់​យើង​គឺ អែលឌើរ រ៉ូណល អេ រ៉ាសបាន,អែលឌើរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន, និង អែលឌើរ ឌែល ជី. រ៉ង់​ឡាន់ ។ បុរស​ទាំងនេះ​បាន​លះបង់​នៅ​ក្នុង​កិច្ចការ​របស់​ព្រះអម្ចាស់ ។ ពួកលោក​​មាន​គុណសម្បត្តិ​ល្អ​ដើម្បី​បំពេញ​តំណែង​សំខាន់​ដែល​ពួក​លោក​ត្រូវ​បាន​ហៅ​នេះ ។

ថ្មីៗ​នេះ នៅ​ពេល​ខ្ញុំ​អាន ហើយ​ពិចារណា​បទគម្ពីរ មាន​វគ្គ​បទគម្ពីរ​ចំនួន​ពីរ​បាន​ដិត​ជាប់​នឹង​គំនិត​ខ្ញុំ​ជាពិសេស ។ យើង​ទាំងអស់​គ្នា​ស្គាល់​វគ្គ​បទគម្ពីរ​​ទាំងពីរ​នោះ ។ ទីមួយ​គឺ​ចេញ​មក​ពី​ទេសនកថា​នៅ​លើ​ភ្នំ ៖ « ដូច្នេះ ចូរ​ឲ្យ​ពន្លឺ​របស់​អ្នក​រាល់​គ្នា បាន​ភ្លឺ​នៅ​មុខ​មនុស្ស​លោក​យ៉ាង​នោះ​ដែរ ដើម្បី​ឲ្យ​គេ​ឃើញ​ការ​ល្អ ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត រួច​សរសើរដំកើង ដល់​ព្រះវរបិតា​នៃ​អ្នក​រាល់​គ្នា​ដែល​គង់​នៅ​ស្ថានសួគ៌ » ។ បទគម្ពីរ​ទីពីរ គឺ ជា​អ្វីមួយ​ដែល​ចូល​មក​គំនិត​ខ្ញុំ ពេល​ខ្ញុំ​ពិចារណា​អំពី​អត្ថន័យ​នៃ​វគ្គ​បទគម្ពីរ​ទីមួយ ។ វា​ចេញ​មក​ពី​សំបុត្រ​របស់​សាវក​ប៉ុល​ទៅ​កាន់​ធីម៉ូថេ ៖ « ចូរ​ធ្វើ​ជា​គំរូ​ដល់​ពួក​អ្នក​ជឿ ដោយ​ពាក្យ​សម្ដី កិរិយាប្រព្រឹត្ត សេចក្ដី​ស្រឡាញ់ សេចក្ដីជំនឿ និង​សេចក្ដីបរិសុទ្ធ » ។

ខ្ញុំ​ជឿ​ថា បទគម្ពីរ​ទីពីរ ពន្យល់​អំពី​របៀប​ដែល​យើងអាច​សម្រេច​គម្ពីរ​ទីមួយ​ដ៏​ច្រើន ។ យើង​ធ្វើជា​គំរូ​ដល់​ពួកអ្នកជឿ តាមរយៈ​ការ​រស់នៅ​តាម​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ទាំង​ពាក្យសម្ដី ការ​សន្ទនា សប្បុរស អារម្មណ៍ សេចក្ដី​ជំនឿ និង​ភាពបរិសុទ្ធ ។ នៅ​ពេល​យើង​ធ្វើ​ដូច្នោះ ពន្លឺ​របស់​យើង​នឹង​បំភ្លឺ​ដល់​អ្នកដទៃ​ឲ្យ​មើល​ឃើញ ។

យើង​ម្នាក់ៗ​មកកាន់​ផែនដី​ដោយ​ត្រូវ​បាន​ផ្ដល់​ឲ្យ​នូវ​ពន្លឺ​ព្រះគ្រីស្ទ ។ នៅពេល​យើង​ធ្វើតាម​គំរូ​របស់​ព្រះអង្គសង្គ្រោះ ហើយ​រស់នៅ​ដូច​ដែល​ទ្រង់​បាន​រស់នៅ និង​ដូច​ដែលទ្រង់​បាន​បង្រៀន ពន្លឺ​នោះ​នឹង​បំភ្លឺ​ក្នុង​ខ្លួន​យើង ហើយ​នឹង​បំភ្លឺ​ផ្លូវ​អ្នកដទៃ ។

សាវក​ប៉ុល​បាន​រៀបរាប់​អាកប្បកិរិយា​ចំនួន​ប្រាំមួយ​របស់​អ្នក​ជឿ ជា​អាកប្បកិរិយា​ដែល​នឹង​អនុញ្ញាត​ឲ្យ​ពន្លឺ​របស់​យើង​ភ្លឺ​ឡើង ។ ចូរ​យើង​ពិភាក្សា​អំពី​អាកប្បកិរិយា​និមួយៗ ។

ខ្ញុំ​ប្រាប់​អំពី​អាកប្បកិរិយា​ពីរ​ដំបូងគេ​ជាមួយគ្នា​--​ការ​ធ្វើ​គំរូ​ទាំង​ពាក្យ​សម្ដី និង​ការ​សន្ទនា ។ ពាក្យ​ដែល​យើង​ប្រើ​អាច​លើក​តម្កើង ហើយ​បំផុសគំនិត ឬ​វា​អាច​ធ្វើ​ឲ្យ​អន្ដរាយ ហើយ​បន្ទាបបន្ថោក ។ នៅ​ក្នុង​ពិភពលោក​សព្វថ្ងៃ មាន​នូវ​ពាក្យប្រមាថ​ដ៏​ច្រើន​ដែល​យើង​ហាក់​ដូចជា​ត្រូវ​បាន​ហ៊ុំ​ព័ទ្ធ​គ្រប់​ច្រក ។ វា​ពិបាក​ដើម្បី​ចៀស​ឲ្យ​ផុត​ពី​ការ​ស្ដាប់​ឮ​ព្រះនាម​របស់​ព្រះ​ត្រូវ​បាន​គេ​ប្រើ​ដោយ​ឥតខ្វល់ និង​ពុំ​គិត​ក្រែង ។ ពាក្យ​គ្រោតគ្រាត​ហាក់ដូចជា​ក្លាយជារឿង​ធម្មតា​នៅក្នុង​ទូរទស្សន៍ ខ្សែភាពយន្ដ សៀវភៅ និង​តន្ត្រី ។ ការ​បោះបោក​សម្ដី​ គឺជា​ភាសា​ប្រមាថ និង​កំហឹង ។ ចូរ​យើង​និយាយ​នឹង​គ្នា​ដោយ​ក្ដីស្រឡាញ់ និង​ការគោរព សូម្បី​តែ​រក្សា​ភាសា​របស់​យើង​ឲ្យ​ស្អាតស្អំ ហើយ​ចៀស​ពី​ពាក្យ ឬ​សម្ដីណា​ដែល​នឹង​ធ្វើ​ឲ្យ​អ្នកដទៃ​ឈឺចាប់ ឬ​អាក់អន់​ចិត្ត ។ សូមឲ្យ​យើង​ធ្វើ​តាម​គំរូ​របស់​ព្រះអង្គសង្គ្រោះ ដែល​មាន​បន្ទូល​ដោយ​ការអធ្យាស្រ័យ និង​ព្រះទ័យ​​ល្អ​នៅក្នុង​ការងារ​បម្រើ​របស់​ទ្រង់ ។

អាកប្បកិរិយា​បន្ទាប់​ដែល​ប៉ុល​បាន​ប្រាប់​គឺ សេចក្ដីសប្បុរស ដែល​កំណត់​ជា​សេចក្ដីស្រឡាញ់​ដ៏​សុទ្ធសាធ​របស់​ព្រះគ្រីស្ទ ។ ខ្ញុំ​ជឿ​ថា ​អ្នក​ដែល​យើង​ជះឥទ្ធិពល​ទៅលើ​គឺជា​​អ្នកដែល​ឯកោ អ្នកឈឺ និង​អ្នក​ដែល​មាន​អារម្មណ៍​បាក់ទឹកចិត្ត ។ យើង​មាន​ឱកាស​ដើម្បី​ជួយ​ពួកគេ ហើយ​លើក​វិញ្ញាណ​គេ​ឡើង ។ ព្រះអង្គ​សង្គ្រោះ​បាន​នាំ​ក្ដីសង្ឃឹម​ដល់​អ្នក​អស់​សង្ឃឹម ហើយ​ចម្រើន​កម្លាំង​ដល់​អ្នក​ទន់ខ្សោយ ។ ទ្រង់​បាន​ព្យាបាល​អ្នកឈឺ ទ្រង់​បាន​ធ្វើឲ្យ​អ្នកខ្វិន​ដើរ​បាន មនុស្ស​ខ្វាក់​មើល​ឃើញ មនុស្ស​ថ្លង់​ស្ដាប់ឮ ។ ទ្រង់​បាន​ប្រោស​មនុស្ស​ស្លាប់ ។ ពេញ​មួយ​ការងារ​បម្រើ​របស់​ទ្រង់ ទ្រង់​បាន​ឈោង​ទៅ​ជួយ​អ្នក​ខ្វះខាត​គ្រប់រូប​​ដោយ​សប្បុរស ។ នៅពេល​យើង​ធ្វើតាម​គំរូ​របស់​ទ្រង់ នោះ​យើង​ប្រទានពរ​ដល់​ជីវិត​ជាច្រើន រួមទាំង​ខ្លួន​យើងផង ។

បន្ទាប់មក យើង​គួរ​ធ្វើ​ជា​គំរូ​នៅ​ក្នុង​អាកប្បកិរិយា​របស់​យើង ។ ចំពោះខ្ញុំ នោះ​មានន័យ​ថា យើង​ព្យាយាម​ធ្វើ​ឲ្យ​ខ្លួន​យើង​មាន​នូវ​សណ្ដានចិត្ត​ល្អ ការដឹងគុណ ការ​អត់ទោស និង​សុច្ឆនៈ ។ គុណសម្បត្តិ​ទាំងនេះ នឹង​ផ្ដល់​ឲ្យ​យើង​នូវ​ស្មារតី​មួយ ដែល​នឹង​មាន​ឥទ្ធិពល​ដល់​ជីវិត​អ្នកទាំងឡាយ​ដែល​នៅ​ជុំវិញ​យើង ។ វា​ជា​ឱកាស​របស់​ខ្ញុំ​អស់​ជាច្រើន​ឆ្នាំ​មក​នេះ ដើម្បី​ស្គាល់​បុគ្គល​ជា​ច្រើន ដែល​មាន​នូវ​ស្មារតី​បែបនោះ​រាប់​មិន​អស់ ។ យើង​មាន​អារម្មណ៍​ពិសេស​មួយ ពេល​យើង​នៅក្នុង​ចំណោម​ពួកគេ ជា​អារម្មណ៍​ដែល​ធ្វើ​ឲ្យ​យើង​ចង់​នៅ​ជាមួយ​ពួកគេ ហើយ​ធ្វើ​តាមគំរូ​របស់​ពួកគេ ។ ពួកគេ​បញ្ចេញ​ពន្លឺ​ព្រះគ្រីស្ទ​ ហើយ​ជួយ​យើង​មាន​អារម្មណ៍​ពី​ក្ដីស្រឡាញ់​របស់​ទ្រង់​ចំពោះ​យើង ។

ដើម្បី​បង្ហាញ​ថា ពន្លឺ​ដែល​មាន​មក​កាន់​យើង​ចេញ​មក​ពី​អារម្មណ៍​ដ៏​បរិសុទ្ធ និង​ក្ដីស្រឡាញ់ ត្រូវ​បាន​អ្នកដទៃ​ទទួលស្គាល់ នោះ​ខ្ញុំ​សូម​ចែកចាយ​បទពិសោធន៍​មួយ​កាល​ពី​ច្រើន​ឆ្នាំ​កន្លង​ទៅ​ដល់​អ្នក ។

នៅគ្រា​នោះ អ្នកដឹកនាំ​សាសនាចក្រ​ជួបជុំគ្នា​ជាមួយ​នឹង​មន្ត្រី​នៅ​ទីក្រុង​យេរូសាឡិម ដើម្បី​ធ្វើការ​ចុះ​កិច្ចព្រមព្រៀង​ជួល​ដី​ដែល​នឹង​សង់​មជ្ឈមណ្ឌល​យេរូសាឡិម​របស់​សាសនាចក្រ ។ ដើម្បី​ទទួល​បាន​ការ​អនុញ្ញាត​ដែល​ចាំបាច់ នោះ​សាសនាចក្រ​ត្រូវ​យល់ព្រម​ថា សមាជិក​របស់​យើង​ដែល​នៅ​មជ្ឈមណ្ឌល​នោះ នឹង​មិនត្រូវ​ផ្សព្វផ្សាយ​អំពី​សាសនា​ឡើយ ។ បន្ទាប់ពី​ធ្វើ​កិច្ចព្រមព្រៀង​ហើយ មន្ត្រី​អ៊ីសា្រអែល​មួយរូប​ដែល​បាន​ស្គាល់​សាសនាចក្រ និង​សមាជិក​ច្បាស់ បាន​ថ្លែង​ថា គាត់​​បាន​ដឹង​ថា​សាសនាចក្រ​នឹង​គោរព​កិច្ចព្រមព្រៀង​មិន​ផ្សព្វផ្សាយ​អំពី​សាសនា​នោះ ។ គាត់បាន​និយាយ​សំដៅ​ទៅ​លើ​សិស្ស​ដែល​នឹង​ចូល​រួម​ក្នុង​ទីនោះ​ថា « ប៉ុន្តែ ចុះ​តើ​យើង​ត្រូវ​ធ្វើ​យ៉ាង​ណា​អំពី​ពន្លឺ​នោះ​ដែល​មាន​នៅ​ក្នុង​កែវភ្នែក​របស់​ពួកគេ​នោះ ? » សូម​ឲ្យ​ពន្លឺ​ពិសេស​នោះ​មាន​នៅក្នុងខ្លួន​យើង​ជានិច្ច​ ដើម្បី​វា​អាច​ត្រូវ​បាន​អ្នកដទៃ​ទទួលស្គាល់ និង ឲ្យ​តម្លៃ ។

ធ្វើជា​គំរូ​នៃ​សេចក្ដីជំនឿ​មាន​ន័យ​ថា យើង​ទុកចិត្ត​ទៅ​លើ​ព្រះអម្ចាស់ និង ព្រះបន្ទូល​របស់​ទ្រង់ ។ វា​មាន​ន័យ​ថាយើង​មាន​ជំនឿ ហើយ​យើង​ចិញ្ចឹម​បីបាច់​ជំនឿ ដែល​នឹង​ដឹកនាំ​គំនិត និង​សកម្មភាព​របស់​យើង ។ សេចក្ដីជំនឿ​របស់​យើង​ទៅ​លើ​ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ និង​ព្រះវរបិតាសួគ៌​របស់​យើង នឹង​មាន​ឥទ្ធិពល​លើ​គ្រប់​អ្វី​ដែល​យើង​ធ្វើ ។ នៅ​កណ្ដាល​ភាពច្របូក​ច្របល់​នៃ​ជំនាន់​របស់​យើង ការ​ជំទាស់​ក្នុង​មនសិកា និង​ចលាចល​នៃ​ការ​រស់នៅ​ប្រចាំ​ថ្ងៃ នោះ​ការ​កាន់ខ្ជាប់​សេចក្ដីជំនឿ បាន​ក្លាយ​ទៅ​ជា​យុថ្កា​ក្នុង​ជីវិត​យើង ។ សូម​ចងចាំ​ថា សេចក្ដីជំនឿ និង ការ​សង្ស័យ​ពុំ​អាច​មាន​​ក្នុង​គំនិត​ដូចគ្នា​​ក្នុង​ពេល​តែ​មួយ​នោះ​ទេ ព្រោះ​បើ​មាន​មួយ​ នោះ​នឹង​អត់​មួយ​ទៀត ។ ខ្ញុំ​សូម​ថ្លែង​ឡើង​វិញ​នូវអ្វី​ដែល​យើង​ត្រូវ​បាន​ប្រាប់​ជា​ញឹកញាប់--ថា​ដើម្បី​ទទួលបាន និង​រក្សា​សេចក្ដីជំនឿ​ដែល​យើង​ត្រូវការ នោះ​វា​សំខាន់ណាស់ដែល​យើងអាន ហើយ​សិក្សា ព្រមទាំង​ពិចារណា​បទគម្ពីរ ។ ទំនាក់ទំនង​ជាមួយ​នឹង​ព្រះវរបិតាសួគ៌​របស់​យើង​តាមរយៈ​ការ​អធិស្ឋាន​គឺ​សំខាន់​ណាស់ ។ យើង​មិន​អាច​ធ្វេស​ប្រហែល​ចំពោះ​រឿង​ទាំងនេះ​ឡើយ ដ្បិត​មារសត្រូវ​ និង​បរិវារ​របស់វា កំពុង​ព្យាយាម​ពុំ​ឈប់ឈរ​ដើម្បី​បំបែក​អាវ​ក្រោះ​របស់​យើង បន្ទាប​សេចក្ដីស្មោះត្រង់​របស់​យើង ។ ព្រះអម្ចាស់​មាន​បន្ទូល​ថា « ចូរ​ព្យាយាម​ស្វែងរក ចូរ​អធិស្ឋាន​ជានិច្ច ហើយ​ចូរមាន​ជំនឿ ហើយ​គ្រប់ការណ៍​ទាំងអស់​ផ្សំគ្នា សម្រាប់​សេចក្ដី​ល្អ​ដល់​អ្នក » ។

ចំណុច​ចុងក្រោយ យើង​ត្រូវ​បរិសុទ្ធ មានន័យថា យើង​ស្អាតស្អំ​ខាង​រូបកាយ គំនិត និង​ស្មារតី ។ យើង​ដឹង​ថា រូបកាយ​របស់​យើង​គឺជា​ព្រះវិហារ​បរិសុទ្ធ​មួយ ដែល​ត្រូវ​ប្រព្រឹត្ត​ដោយ​គារវភាព និង​ការ​គោរព ។ គំនិត​របស់​យើង គប្បី​មានពេញ​ដោយ​គំនិត​លើក​តម្កើង និង​ថ្លៃថ្នូរ ហើយ​ថែ​វា​កុំ​ឲ្យ​មាន​អ្វី​មក​បំពុល​វា​ឡើយ ។ ដើម្បី​មាន​ព្រះវិញ្ញាណបរិសុទ្ធ​ជា​ដៃគូ​ដ៏ខ្ជាប់​ខ្ជួន​របស់​យើង នោះ​យើង​ត្រូវ​តែ​សក្ដិសម ។ បងប្អូន​ប្រុសស្រី ភាព​បរិសុទ្ធ​នឹង​នាំ​ក្ដីសុខសាន្ដ​ក្នុង​គំនិត​យើង ហើយ​នឹង​ធ្វើ​ឲ្យ​យើង​សម​នឹង​ទទួល​ការសន្យា​របស់​ព្រះអង្គសង្គ្រោះ ។ ទ្រង់​មាន​បន្ទូល​ថា « មាន​ពរ​ហើយ អស់​អ្នក​ដែល​មាន​ចិត្ត​បរិសុទ្ធ ដ្បិត​អ្នក​ទាំង​នោះ​នឹង​បាន​ឃើញ​ព្រះ » ។ 

នៅពេល​យើង​បង្ហាញ​ខ្លួន​យើង​ថា​ជា​គំរូ​ដោយ​ពាក្យ​សម្ដី ការសន្ទនា សេចក្ដីសប្បុរស ដោយ​អារម្មណ៍ សេចក្ដីជំនឿ និង​សេចក្ដីបរិសុទ្ធ នោះ​យើង​នឹង​សក្ដិសម​ធ្វើជា​ពន្លឺ​ដល់​លោកិយ​នេះ ។

ខ្ញុំ​សូម​ថ្លែង​ទៅ​បងប្អូន​ទាំងអស់​គ្នា​ ហើយ​ជាពិសេស​ចំពោះ​ប្អូនៗ​វ័យក្មេងថា ពិភពលោក​កំពុង​តែ​រំកិល​ចេញ​កាន់តែ​ឆ្ងាយទៅៗ​ពី​គោលការណ៍ និង​ការ​ណែនាំ​ដែល​ព្រះវរបិតាសួគ៌​ជាទីស្រឡាញ់​របស់​យើង​ប្រទាន​ដល់​យើង ចូរ​យើង​លេច​ធ្លោ​ឡើង​ចេញ​ពី​ហ្វូង​នោះ​ដោយសារ​យើង​ខុសប្លែក​ពីគេ ។ យើង​នឹង​លេចធ្លោ​ឡើង ដោយសារ​យើង​ស្លៀក​ពាក់​រមទម្យ ។ យើង​នឹង​ខុសប្លែក​ពីគេ ដោយ​សារ​យើង​មិន​ប្រើ​ពាក្យ​ប្រមាថ ហើយ​ដោយសារ​យើង​មិន​ទទួល​ទាន​សារធាតុ​ដែល​គ្រោះថ្នាក់​ដល់​រូបកាយ​យើង ។ យើង​នឹង​ខុសប្លែក​ពីគេ ដោយសារ​យើង​ចៀសវាង​ពី​ការលេង​សើច​មិន​សមរម្យ និង​សម្ដី​ដែល​អាប់យស ។ យើង​នឹង​ខុសប្លែក​ពីគេ នៅពេល​យើង​សម្រេច​ចិត្ត​ថា​មិន​បំពេញ​ក្នុងគំនិត​របស់​យើងដោយ​មើល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាច្រើន ដែល​អសីលធម៌ និង​ថោក​ទាប ហើយ​ដែល​នឹង​បណ្ដេញ​ព្រះវិញ្ញាណ​ពី​គេហដ្ឋាន និង​ជីវិត​របស់​យើង ។ យើង​នឹង​លេចធ្លោ​យ៉ាងជាក់ នៅពេល​យើង​ធ្វើការ​សម្រេចចិត្ត​គោរព​ដល់​សីលធម៌--​ជា​ការ​ជ្រើសរើស​​គោរព​ដល់​គោលការណ៍ និង​បទដ្ឋាន​ដំណឹងល្អ ។ រឿងទាំងឡាយ​​ដែល​ធ្វើ​ឲ្យយើង​ខុសប្លែក​ពី​ពិភពលោក​ទាំងមូល នឹង​ផ្ដល់​ដល់យើង​នូវ​ពន្លឺ និង​ស្មារតី​នោះ​ដែល​នឹង​បំភ្លឺ​នៅក្នុង​ពិភពលោក​ដែល​កាន់តែ​អាប់អួរ​នេះ ។

ជាញឹកញាប់ វា​ពិបាក​ដើម្បី​នៅខុសប្លែក​ពីគេ ហើយ​ឈរ​តែម្នាក់ឯង​នៅក្នុង​ហ្វូង​មនុស្ស ។ វា​ធម្មតា​ទេ​ដែល​យើងខ្លាច​ថា​អ្នកដទៃ​នឹង​គិត ឬ​ថា​យ៉ាង​ម៉េច​នោះ ។ ការលួងលោម​ចិត្ត គឺ​មាន​នៅ​ក្នុង​ពាក្យ​នៃ​ទំនុកតម្កើង ៖ « ព្រះ​អម្ចាស់​​ទ្រង់​ជា​ពន្លឺ ហើយ​ជា​សេចក្តី​សង្គ្រោះ​របស់​ខ្ញុំ តើ​ខ្ញុំ​នឹង​ត្រូវ​ខ្លាច​ចំពោះ​អ្នក​ណា ព្រះ​អម្ចាស់​​ទ្រង់​ជា​ទី​ពឹង​ពំនាក់​នៃ​ជីវិត​ខ្ញុំ តើ​ត្រូវ​ឲ្យ​ខ្ញុំ​ភ័យ​ចំពោះ​អ្នក​ណា » ។ នៅពេល​យើង​ដាក់​ព្រះគ្រីស្ទ​ជា​ស្នូល​នៃ​ជីវិត​របស់​យើង នោះ​ការ​ភ័យខ្លាច​នឹង​ជំនួស​ដោយ​ភាព​ក្លាហាន​នៃ​ការ​ជឿស៊ប់​របស់​យើង ។

គ្មាន​យើង​ណា​ម្នាក់​មាន​ជីវិត​ឥតខ្ចោះ​នោះ​ទេ ហើយ​ជួនកាល បញ្ហា និង​ការលំបាក ដែល​យើង​ជួប អាច​នឹង​លើសលប់ បណ្ដាល​ឲ្យ​ពន្លឺ​របស់​យើង​ស្រអាប់ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ដោយ​មាន​ជំនួយ​មក​ពី​ព្រះវរបិតាសួគ៌​របស់​យើង ផ្គួប​ផ្សំ​នឹង​ការ​គាំទ្រ​មក​ពី​អ្នកដទៃ នោះ​យើង​អាច​ទទួលបាន​ពន្លឺ​នោះ​មកវិញ ដែល​នឹង​បំភ្លឺ​ផ្លូវ​របស់​យើង​ម្ដងទៀត ហើយ​ផ្ដល់ពន្លឺ​ដល់អ្នកដទៃ​ដែល​អាច​នឹង​ត្រូវការ ។

ដើម្បី​បង្ហាញ​រឿង​នោះ ខ្ញុំ​សូម​ចែកចាយ​នឹង​បងប្អូន​នូវ​ពាក្យ​ដែល​ដក់​ក្នុង​ចិត្ត​​​ចេញ​មក​ពី​កំណាព្យ​ដ៏​ល្អ ដែល​ខ្ញុំ​បាន​អាន​ជាច្រើន​ឆ្នាំ​មុន ៖

ខ្ញុំ​ជួប​នឹង​មនុស្ស​មិន​ស្គាល់​មុខ​ពេល​រាត្រី

ដែល​មាន​ចង្កៀង​អត់​ពន្លឺ ។

ខ្ញុំ​បាន​នៅ​ស្ងៀម ហើយ​​ឲ្យ​គាត់​អុជ​​ពន្លឺ

ចង្កៀងគាត់​ពី​ចង្កៀង​ខ្ញុំ ។

ក្រោយមក​ក៏​​មាន​ព្យុះភ្លៀង

រញ្ជួញ​ធរណី ។

ពេល​ខ្យល់​ស្ងប់​ទៅ​វិញ

ចង្កៀង​ខ្ញុំ​ក៏​រលត់ !

មនុស្ស​មិន​ស្គាល់​មុខ​នោះ​បាន​មក​ជួប​ខ្ញុំ​វិញ—

ដែល​ចង្កៀង​គាត់​មាន​ពន្លឺ​ដ៏​ចិញ្ចែង !

គាត់​បាន​អុជបំភ្លឺ​ចង្កៀង​ខ្ញុំ​

ដោយ​ពន្លឺ​ដ៏​ថ្លៃថ្លា​របស់​គាត់ !

បងប្អូនប្រុសស្រី ឱកាស​របស់​យើង​ដើម្បី​​បំភ្លឺ​ដល់​មនុស្ស​ជុំវិញ​យើង​មាន​​​រាល់ថ្ងៃ​ និង​គ្រប់​ស្ថានភាព ។ នៅ​ពេល​យើង​ធ្វើតាម​គំរូ​របស់​ព្រះអង្គសង្គ្រោះ នោះ​យើង​នឹង​មាន​ឱកាស​ដើម្បី​ធ្វើជា​ពន្លឺ​នៅក្នុង​ជីវិត​អ្នកដទៃ ទោះជា​ពួកគេ​ជា​គ្រួសារ​យើង មិត្តភក្ដិ សហការី អ្នកស្គាល់គ្នា ឬ​មនុស្ស​មិន​ស្គាល់​មុខ​ក្ដី ។

ខ្ញុំ​សូម​និយាយ​ចំពោះ​បងប្អូន​ម្នាក់ៗ​ថា បងប្អូន​ជា​បុត្រា ឬ​បុត្រី​របស់​ព្រះវរបិតាសួគ៌​យើង ។ អ្នក​បាន​មក​ពី​វត្តមាន​របស់​ទ្រង់​ ដើម្បី​រស់នៅ​ក្នុង​ផែនដី​នេះ​មួយរយៈ​កាល ដើម្បី​​ធ្វើជា​គំរូ​នៃ​​ក្ដីស្រឡាញ់ និង​ការ​បង្រៀន​របស់​ព្រះអង្គសង្គ្រោះ ហើយ​​ឲ្យ​ពន្លឺ​របស់​អ្នក​រាល់គ្នា បាន​ភ្លឺ​​ចំពោះ​មនុស្ស​ទាំងអស់​ដោយ​ក្លាហាន ។ នៅ​ពេល​ជីវិត​រមែង​ស្លាប់​របស់​អ្នក​បាន​បញ្ចប់ ប្រសិនបើ​អ្នក​បាន​ធ្វើ​នូវ​ចំណែក​របស់​អ្នក នោះ​អ្នក​នឹង​មានពរជ័យ​ដ៏​រុងរឿង​នៃ​ការ​ត្រឡប់​ទៅរស់នៅ​ជាមួយ​ទ្រង់ជា​រៀងរហូត ។

ព្រះបន្ទូល​របស់​ព្រះអង្គសង្គ្រោះ​បាន​អះអាង​ថា ៖ « ខ្ញុំ​​​ជា​ពន្លឺ​លោកីយ៍ អ្នក​ណា​ដែល​តាម​ខ្ញុំ នោះ​មិន​ដែល​ដើរ​ក្នុង​សេចក្តី​ងងឹត​ឡើយ គឺ​នឹង​មាន​ពន្លឺ​នៃ​ជីវិត​វិញ » ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​អំពី​ទ្រង់ ។ ទ្រង់​ជា​ព្រះអង្គសង្គ្រោះ និង ព្រះ​ប្រោសលោះ​របស់​យើង ទ្រង់​ជា​អង្គ​គាំទ្រ​​របស់​យើង ជាមួយ​នឹង​ព្រះ​វរបិតា ។ ទ្រង់​ជា​គំរូ និង​ជា​កម្លាំង​​របស់​យើង ។ ទ្រង់​គឺជា « ពន្លឺ​ដែល​ភ្លឺ​មក​ក្នុង​សេចក្ដី​ងងឹត» ។១០ ខ្ញុំ​អធិស្ឋាន​សូម​ឲ្យ​យើង​ម្នាក់ៗ​ ដែល​ស្ដាប់​ឮ​សម្ដី​របស់​ខ្ញុំ អាច​ធ្វើតាម​ទ្រង់ ហើយ​ក្លាយជា​ពន្លឺ​បំភ្លឺ​ដល់​ពិភពលោក នៅក្នុង​ព្រះនាម​ដ៏​បរិសុទ្ធ​របស់​ទ្រង់ ជា​ព្រះយេស៊ូវគ្រីស្ទ ជា​អម្ចាស់ អាម៉ែន ៕