ឆ្នាំ ២០១០-២០១៩
ចូរ​កុំខ្លាច​អី ឲ្យ​គ្រាន់តែ​ជឿ​ប៉ុណ្ណោះ
តុលា 2015


ចូរ​កុំខ្លាច​អី ឲ្យ​គ្រាន់តែ​ជឿ​ប៉ុណ្ណោះ

នៅពេល​យើង​ជ្រើសរើស​ជឿ អនុវត្ត​សេចក្ដីជំនឿ​ដល់​ការ​ប្រែចិត្ត​ហើយ​ដើរ​តាម​ព្រះអង្គ​សង្គ្រោះ​ព្រះយេស៊ូវ​គ្រីស្ទ​របស់​យើង នោះ​យើង​បើក​ភ្នែក​ខាង​វិញ្ញាណ​របស់​យើង​មើល​ឃើញ​រឿង​អស្ចារ្យ ដែល​យើង​កម្រ​នឹង​អាច​ស្រមៃ​ឃើញ ។

បាប៊ីឡូន និង ដានីយ៉ែល

ពីរពាន់​ប្រាំ​មួយ​រយ​ឆ្នាំ​កន្លង​ទៅ បាប៊ីឡូន គឺ​ជា​ជាតិ​សាសន៍​ដ៏​មាន​អានុភាព​បំផុត​នៅលើ​ពិភពលោក ។ អ្នក​ប្រវត្តិវិទូ​បុរាណ​មួយ​រូប បាន​ពិពណ៌នា​អំពី​ជញ្ជាំង​នៃ​ទីក្រុង​បាប៊ីឡូន​ដែល​មាន​កម្ពស់​ជាង ៩០ ម៉ែត្រ និង​កម្រាស់ ២៥ ម៉ែត្រ​ព័ទ្ធ​ជុំវិញ​ទីក្រុងនោះ ។ គាត់​បាន​សរសេរ​ថា « គ្មាន​ទីក្រុង​ណា​មាន​ភាព​រុងរឿង​ប្រៀប​ផ្ទឹម​នឹង​… វា​បានទេ » ។

ក្នុង​ជំនាន់​នោះ​ទីក្រុង បាប៊ីឡូន គឺ​ជា​មជ្ឈមណ្ឌល​សំខាន់​ក្នុងការ​រៀនសូត្រ ជា​មជ្ឈមណ្ឌល​ច្បាប់ និង​ទស្សនៈវិជ្ជា​របស់​ពិភពលោក ។ កងទ័ព​ក្នុង​ទីក្រុង​នេះ គ្មាន​អ្វី​ប្រៀប​បាន​ឡើយ ។ វា​បាន​បំបែក​អំណាច​នៃ​ប្រទេស​អេស៊ីព្ទ ។ វា​បាន​វាយលុក បំផ្លាញ និង​លួច​ប្លន់ រដ្ឋធានី អាស្ស៊ីរី ​ទីក្រុង​នីនីវេ ។ វា​បាន​យក​ឈ្នះ​លើ​ទីក្រុង​យេរូសាឡិម​ដោយ​ងាយ ហើយ​បាន​នាំ​យក​ក្មេង​ល្អៗ និង​មាន​ប្រាជ្ញា​បំផុត​នៃ​ពួក​អ៊ីស្រាអែល​ត្រឡប់​ទៅ​ទីក្រុង​បាប៊ីឡូន​ដើម្បី​បម្រើ​ស្ដេច​នេប៊ូ​ក្នេសា ។

ឈ្លើយ​ម្នាក់​ក្នុង​ចំណោម​ពួក​ឈ្លើយ​ទាំងនេះ គឺ​មាន​ក្មេង​ប្រុស​ម្នាក់​ឈ្មោះ ដានីយ៉ែល ។ អ្នក​ប្រាជ្ញ​ជា​ច្រើន​បាន​ជឿ​ថា ដានីយ៉ែល គឺ​មាន​អាយុ​ចន្លោះពី ១២ ទៅ ១៧ ឆ្នាំ​ប៉ុណ្ណោះ​នាគ្រា​នោះ ។ ចូរ​គិត​មើល អ្នក​កាន់​បព្វជិតភាព​អើរ៉ុន​វ័យ​ក្មេង​ជា​ទីស្រឡាញ់​របស់​ខ្ញុំ​អើយ ៖ ដានីយ៉ែល គឺ​មាន​វ័យ​ប្រហាក់ប្រហែល​នឹង​អ្នក នៅពេល​គាត់​ត្រូវ​បាន​គេ​យក​ទៅ​ចូល​ក្នុង​ដំណាក់​ហ្លួង​ដើម្បី​អប់រំ​ខាង​ភាសា ច្បាប់ សាសនា និង​វិទ្យាសាស្ត្រ​ខាង​លោកិយ​នៃ​ទីក្រុង​បាប៊ីឡូន ។

តើ​អ្នក​អាច​នឹក​ស្រមៃ​ថា អ្នក​មាន​អារម្មណ៍​យ៉ាង​ណា ពេល​ត្រូវ​បាន​បង្ខំ​ឲ្យ​ចេញ​ពី​ផ្ទះ​របស់ខ្លួន ដើរ​ចម្ងាយ ៨០០ គ.ម ទៅ​ប្រទេស​ក្រៅ ហើយ​នឹង​ត្រូវ​បាន​បង្រៀន​ដោយ​គោលលទ្ធិ​ក្នុង​សាសនា​របស់​មារសត្រូវ​អ្នក​នោះ ?

ដានីយ៉ែល បាន​ចិញ្ចឹម​ធំ​ឡើង​ធ្វើ​ជា​អ្នក​ដើរ​តាម​ព្រះយេហូវ៉ា ។ គាត់​ជឿ និង​ថ្វាយបង្គំ​ព្រះ​នៃ​អ័ប្រាហាំ អ៊ីសាក និង យ៉ាកុប ។ គាត់​បាន​សិក្សា​ពាក្យសម្ដី​របស់​ពួក​ព្យាការី ហើយ​គាត់​បាន​ស្គាល់​ទំនាក់ទំនង​របស់​ព្រះ​នឹង​មនុស្ស ។

ប៉ុន្តែ​ឥឡូវ​នេះ ទាំង​នៅ​វ័យក្មេង គាត់​ត្រូវ​បាន​ដាក់​ឃុំ​ឲ្យ​ធ្វើ​ជា​សិស្ស​នៅ​ទីក្រុង​បាប៊ីឡូន ។ គាត់​ច្បាស់​ជា​មាន​សម្ពាធ​យ៉ាង​ខ្លាំង​ដើម្បី​ឲ្យ​លះបង់​នូវ​ជំនឿ​ចាស់​របស់​គាត់​ចោល ហើយ​ទទួល​យក​ជំនឿ​នៃ​ទីក្រុង​បាប៊ីឡូន ។ ប៉ុន្តែ គាត់​នៅ​ស្មោះត្រង់​ចំពោះ​សេចក្ដី​ជំនឿ​របស់​គាត់--ទាំង​ពាក្យសម្ដី និង​ទង្វើ ។

អ្នក​រាល់គ្នា​ជាច្រើន​អាច​ដឹង​ហើយ​ថា វា​មាន​អារម្មណ៍​យ៉ាង​ណា​ដែល​ត្រូវ​ឈរ​ការពារ​សេចក្ដីពិត​ដែល​ពុំ​មាន​ប្រជាប្រិយភាព​នោះ ។ នៅ​ក្នុង​ពាក្យ​តិទៀន​លើ​អ៊ិនធើរណិត​សព្វថ្ងៃ យើង​និយាយ​អំពី​ការ​ត្រូវ « ដុតឆេះ » ដោយ​អ្នក​ទាំងឡាយ​ដែល​មិន​យល់​ស្រប​នឹង​យើង ។ ប៉ុន្តែ​ដានីយ៉ែល​ពុំ​គ្រាន់តែ​ប្រថុយ​នឹង​ការ​រិះគន់​ជា​សាធារណៈ​នោះ​ទេ ។ នៅ​ក្នុង​ទីក្រុង​បាប៊ីឡូន អ្នក​ទាំងឡាយ​ដែល​ជំទាស់​នឹង​អ្នក​មាន​សិទ្ធិ​អំណាច​ខាង​សាសនា​ដែល​យល់​ពី​អត្ថន័យ​របស់​វា--​ទាំង​ន័យ​ធៀប និង​ន័យ​ត្រង់--នឹង​ត្រូវ « ដុត​ឆេះ » ។ ក៏​ដូចជា​មិត្ត​របស់​ដានីយ៉ែល​ឈ្មោះ សាដ្រាក់ មែសាក់ និង អ័បេឌ-នេកោ ។

ខ្ញុំ​មិន​ដឹង​ថា​តើ​វា​ងាយស្រួល​សម្រាប់​ដានីយ៉ែល​ធ្វើ​ជា​អ្នក​ជឿ​នៅក្នុង​ស្ថានភាព​នោះ​ទេ ។ មនុស្ស​ខ្លះ​ត្រូវ​បាន​ប្រទានពរ​ឲ្យ​មាន​ដួងចិត្ត​ជឿ--ចំពោះ​ពួកគេ សេចក្ដី​ជំនឿ ហាក់​ដូចជា​កើត​មាន​ជា​អំណោយទាន​មួយ​ពី​ស្ថានសួគ៌ ។ ប៉ុន្តែ​ខ្ញុំ​ស្រមៃ​ថា ដានីយ៉ែល ក៏​ដូចជា​គ្នា​យើង​ជាច្រើន​នាក់​ដែល​ត្រូវ​ខំ​ដើម្បី​មាន​ទីបន្ទាល់​របស់​យើង ។ ខ្ញុំ​ជឿ​ថា ដានីយ៉ែល បាន​ចំណាយ​ពេល​រាប់​ម៉ោង​លុត​ជង្គង់​អធិស្ឋាន ដាក់​ចម្ងល់ និង​ការភ័យ​ខ្លាច​របស់​គាត់​នៅលើ​អាសនា​នៃ​សេចក្ដី​ជំនឿ ហើយ​រង់ចាំ​ព្រះអម្ចាស់​ប្រទាន​ការ​យល់ដឹង និង​ប្រាជ្ញា ។

ហើយ​ព្រះអម្ចាស់​បាន​ប្រទានពរ​ដល់​ដានីយ៉ែល ។ ទោះជា​ជំនឿ​របស់​គាត់​ត្រូវ​បាន​សាកល្បង និង​រិះគន់​ក្ដី ក៏​គាត់​បន្ដ​នៅ​ស្មោះត្រង់​ចំពោះ​អ្វី​ដែល​គាត់​បាន​ដឹង​ដោយ​បទពិសោធន៍​ផ្ទាល់​ខ្លួន​គាត់​ថា​ជា​រឿង​ត្រឹមត្រូវ ។

ដានីយ៉ែល​បាន​ជឿ ។ ដានីយ៉ែល​ពុំ​សង្ស័យ​ឡើយ ។

រួច​ហើយ​មាន​យប់មួយ​នោះ ស្ដេច​នេប៊ូក្នេសា បាន​យល់​សុបិន​មួយ​ដែល​ធ្វើ​ឲ្យ​ទ្រង់​ច្របូក​ប្របល់ ។ ទ្រង់​បាន​ប្រមូល​អ្នកប្រាជ្ញ និង​ទីប្រឹក្សា​ទាំងអស់​មក ហើយ​បាន​បញ្ជា​ឲ្យ​ពិពណ៌នា​អំពី​សុបិន​របស់​ទ្រង់ ហើយ​បក​ស្រាយ​ន័យ​នៃ​សុបិន​នោះ​ផងដែរ ។

ប្រាកដ​ណាស់ ពួកគេ​មិនអាច​បក​ស្រាយ​បាន​ទេ ។ ពួកគេ​បាន​ទូល​ថា « គ្មាន​នរណា​ម្នាក់​អាច​ធ្វើ​តាម​ទ្រង់​សុំ​បាន​នោះទេ » ។ ប៉ុន្តែ​ការណ៍​នេះ​កាន់តែ​ធ្វើ​ឲ្យ​ស្ដេច​នេប៊ូក្នេសា​ខ្ញាល់ ហើយ​ទ្រង់​បាន​បញ្ជា​ថា គ្រប់​អ្នក​ប្រាជ្ញ គ្រូ​មន្ដ​អាគម គ្រូ​អង្គុយធម៌ និង​ទីប្រឹក្សា​ទាំងអស់ នឹង​ត្រូវ​កាត់​ជា​កំណាត់ៗ --រួម​ទាំង​ដានីយ៉ែល និង​សិស្ស​វ័យ​ក្មេង​ដទៃទៀត​មក​ពី​អ៊ីស្រាអែល​ផងដែរ ។

អ្នក​ដែល​ស្គាល់​គម្ពីរ​ដានីយ៉ែល បាន​ដឹង​ពី​អ្វី​កើត​ឡើង​បន្ទាប់​ពី​នោះ ។ ដានីយ៉ែល បាន​ទូល​សុំ​ពេល​ច្រើន​ទៀត​ពី​ស្ដេច​នេប៊ូក្នេសា ហើយ​គាត់ និង​ដៃគូ​ស្មោះត្រង់​របស់​គាត់ បាន​ងាក​ទៅរក​ប្រភព​នៃ​ជំនឿ និង​កម្លាំង​ខាង​សីលធម៌ របស់​ពួកគេ  ។ ពួកគេ​បាន​អធិស្ឋាន​ទៅ​ព្រះ ហើយ​បាន​ទួល​សូម​ជំនួយ​ពី​ព្រះ​ក្នុងគ្រា​ដ៏​សំខាន់​នេះ​នៅ​ក្នុង​ជីវិត​របស់​ពួកគេ ។ ហើយ « ដូច្នេះ សេចក្តី​អាថ៌កំបាំង​នោះ បាន​សម្តែង​មក​ឲ្យ​ដានីយ៉ែល​ឃើញ​ក្នុង… ការនិមិត្ត​មួយ » ។

ដានីយ៉ែល ជា​ក្មេង​ប្រុស​មកពី​ជាតិ​សាសន៍​ក្រោម​ចំណុះ--ដែល​ត្រូវ​បាន​គេ​បំពាន និង​បៀតបៀន​ចំពោះ​ការជឿ​លើ​សាសនា​ចម្លែក​របស់​គាត់-- បាន​ចេញ​ទៅ​ខាង​មុខ​ស្ដេច ហើយ​បាន​ប្រាប់​ពី​សុបិន និង​បកស្រាយ​សុបិន​ដល់​ទ្រង់ ។

ជា​លទ្ធផល​ផ្ទាល់​ពី​សេចក្ដីស្មោះត្រង់​របស់​គាត់​ចំពោះ​ព្រះ​នោះ​ដានីយ៉ែល បាន​ក្លាយ​ទៅជា​ទីប្រឹក្សា​ដ៏​ជា​ទីទុក​ចិត្ត​របស់​ស្ដេច ល្បី​ខាង​ប្រាជ្ញា​របស់​គាត់​ក្នុង​ទីក្រុង​បាប៊ីឡូន​ទាំងមូល ចាប់តាំង​ពី​ថ្ងៃនោះ​មក ។

ក្មេង​ប្រុស​ដែល​ជឿ ហើយ​បាន​រស់នៅ​តាម​ជំនឿ​របស់​ខ្លួន បាន​ក្លាយទៅ​ជា​បុរស​របស់​ព្រះ ។ ជា​ព្យាការី ។ ក្សត្រ​នៃ​សេចក្ដី​សុចរិត ។

តើ​យើង​ដូចជា​ដានីយ៉ែល​ឬ​ទេ ?

ចំពោះ​យើង​ទាំងអស់​គ្នា​ដែល​កាន់​បព្វជិតភាព​ដ៏​បរិសុទ្ធ​នៃ​ព្រះ ខ្ញុំ​សូម​សួរ​ថា តើ​យើង​ដូចជា​ដានីយ៉ែល​ឬ​ទេ ?

តើ​យើង​បន្ដ​ស្មោះត្រង់​ចំពោះ​ព្រះ​ឬ​ទេ ?

តើ​យើង​អនុវត្ត​អ្វី​ដែល​យើង​ផ្សាយ ឬ​តើ​យើង​គ្រាន់តែ​ជា​គ្រីស្ទ​សាសនិក​តែ​នៅ​ថ្ងៃ​អាទិត្យ​ទេ​ឬ ?

តើ​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​យើង ឆ្លុះបញ្ចាំង​ច្បាស់​អំពី​អ្វី​ដែល​យើង​ប្រកាស​ថា​ជឿ​ឬ​ទេ ?

តើ​យើង​ជួយ « ​មនុស្ស​ទ័ល​ក្រ និង​មនុស្ស​កំសត់​ទុរគត៌ មនុស្ស​ឈឺ និង​មនុស្ស​មាន​ទុក្ខ​វេទនា » ឬទេ ?

តើ​យើង​គ្រាន់តែ​និយាយ ឬ​តើ​យើង​ដើរ​តាម​អ្វី​ដែល​យើង​និយាយ​ដោយ​ក្លៀវក្លា ?

បងប្អូន​ប្រុស​ទាំងឡាយ​អើយ យើង​ត្រូវ​បាន​ប្រទាន​ឲ្យ​ច្រើន​ណាស់ ។ យើង​ត្រូវបាន​បង្រៀន​អំពី​សេចក្ដីពិត​ដ៏​ទេវភាព​នៃ​ដំណឹងល្អ​ដែល​បាន​ស្ដារឡើង​វិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ យើង​ត្រូវ​បាន​ប្រទាន​ឲ្យ​នូវ​សិទ្ធិអំណាច​បព្វជិតភាព​ដើម្បី​ជួយ​បងប្អូន​របស់​យើង ហើយ​ស្ថាបនា​នគរ​ព្រះ​នៅលើ​ផែនដី ។ យើង​រស់នៅ​ក្នុង​គ្រា​មួយ​ដែល​មាន​ការចាក់ស្រោច​នៃ​អំណាច​ខាង​វិញ្ញាណ​ដ៏​មហិមា ។ យើង​មាន​សេចក្ដីពិត​ពេញលេញ ។ យើង​មាន​កូនសោ​បព្វជិតភាព​ដើម្បី​ផ្សារភ្ជាប់​នៅលើ​ផែនដី និង​នៅលើ​ស្ថានសួគ៌ ។ បទគម្ពីរ​ពិសិដ្ឋ និង​ការ​បង្រៀន​របស់​ពួក​ព្យាការី​នៅរស់ និង​ពួក​សាវក គឺ​មាន​ច្រើន​មិនដូច​ពីមុន​ទេ ។

មិត្ត​ជា​ទីស្រឡាញ់​របស់​ខ្ញុំ​អើយ ចូរ​កុំ​ធ្វេសប្រហែស​ចំពោះ​រឿង​ទាំង​នេះ​ឡើយ ។ វា​មាន​នូវ​ទំនួលខុសត្រូវ និង​កាតព្វកិច្ច​មក​ជាមួយ​នឹង​ពរជ័យ និង​ឯកសិទ្ធិ​ទាំងនេះ ។ ចូរ​យើង​បំពេញ​វា​ឡើង ។

ទីក្រុង​បាប៊ីឡូន​ពី​បុរាណ​ត្រូវបាន​វិនាស​ហើយ ។ ភាព​រុងរឿង​របស់​វា​បាន​រលត់​បាត់​ហើយ ។ ប៉ុន្តែ​ភាពខាង​លោកិយ និង​សេចក្ដី​ទុច្ចរិត​របស់​វា​បន្ដ​នៅមាន ។ ឥឡូវ​ជា​ទំនួលខុសត្រូវ​របស់​យើង​ដើម្បី​រស់នៅ​ជា​អ្នកជឿ​ក្នុង​ពិភពលោក​ឥត​ជំនឿ ។ ឧបសគ្គ​​របស់​យើង​គឺថា ​ត្រូវ​អនុវត្ត​គោលការណ៍​នៃ​​ដំណឹងល្អ​ដែល​បាន​ស្ដារឡើងវិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​រស់នៅ​ស្មោះត្រង់​ចំពោះ​បទបញ្ញត្តិ​របស់​ព្រះប្រចាំថ្ងៃ ។ យើង​នឹង​ត្រូវ​នៅស្ងប់​​ស្ងៀម​ក្រោម ​សម្ពាធ​ពីមិត្តភក្ដិ ពុំ​ចាំបាច់​ត្រូវ​មានការ​សរសើរ​ពី​ទំនោរ​ប្រជាប្រិយភាព​ ឬ​ព្យាការី​ក្លែង​ក្លាយទេ ​កុំ​ខ្វល់​នឹង​ការ​រិះគន់​ពី​ពួក​មនុស្ស​អាក្រក់ ទប់ទល់នឹង​ការល្បួង​នៃ​មេ​អាក្រក់ ហើយ​យកឈ្នះ​លើ​​ភាព​ខ្ជិល​ច្រអូស​ផ្ទាល់ខ្លួន​របស់​យើង ។

ចូរ​គិត​អំពី​វា ។ តើ​វា​នឹង​ងាយស្រួល​ប៉ុណ្ណា​បើ​ដានីយ៉ែល​គ្រាន់តែ​ធ្វើតាម​របៀប​របស់​បាប៊ីឡូន​នោះ ? គាត់​អាច​នឹង​ទុកចោល​នូវ​បទដ្ឋាន​តឹងរឹង​ដែល​ព្រះបានដាក់​ឲ្យកូនចៅ​អ៊ីស្រាអែល ។ គាត់​អាច​នឹង​ទទួលទាន​អាហារ​ដ៏​បរិបូរ​ដែល​ស្ដេច​បាន​ប្រទាន​ឲ្យ ហើយ​រួម​ចំណែក​ក្នុង​សម្ពាធ​ខាង​លោកិយ​នៃ​មនុស្ស​ខាង​សាច់ឈាម ។ គាត់​នឹង​បាន​ចៀសផុត​ពី​ការ​រិះគន់ ។

គាត់​នឹង​មាន​ប្រជាប្រិយភាព ។

គាត់​នឹងចូល​ចុះ​​នឹង​គេ ។

ផ្លូវ​របស់​គាត់​អាច​នឹង​មិន​សូវ​ស៊ាំញ៉ាំ ។

ប្រាកដ​ណាស់ រហូត​ដល់​ថ្ងៃ​ដែល​ស្ដេច​បាន​បង្គាប់​ឲ្យ​បក​ស្រាយ​សុបិន​របស់​ទ្រង់ ។ នោះ​ដានីយែល​បាន​យល់​ឃើញ​ថា គាត់​ក៏​ដូចជា « ពួក​អ្នកប្រាជ្ញ » របស់​បាប៊ីឡូន​ផ្សេង​ទៀត ដែល​បាន​បាត់បង់​ទំនាក់ទំនង​របស់​ខ្លួន​ចំពោះ​ប្រភព​ពិត​នៃ​ពន្លឺ និង​ប្រាជ្ញា ។

ដានីយ៉ែល​បាន​ជាប់​ការសាកល្បង​នោះ​ហើយ ។ ប៉ុន្តែ​យើង​នៅ​តែ​បន្ដ​មានការ​សាកល្បង​នោះ​នៅ​ឡើយ ។

ភាព​ក្លាហាន​ដើម្បី​ជឿ

សាតាំង ជា​មារសត្រូវ​របស់​យើង ចង់​ឲ្យ​យើ​ង​បរាជ័យ ។ វា​ផ្សាយ​ការកុហក ដែល​ជា​ផ្នែក​នៃ​កិច្ចខិតខំ​របស់​វា​ដើម្បី​បំផ្លាញ​ជំនឿ​របស់​យើង ។ វា​ឲ្យ​យោបល់​ដ៏​ប៉ិនប្រសប់​ថា អ្នក​សង្ស័យ អ្នក​ចេះសួរ មនុស្ស​ទុទិដ្ឋិនិយម គឺ​ជា​មនុស្ស​ជឿនលឿន និង​មាន​បញ្ញា ខណៈ​ដែល​អ្នក​ដទៃ​មាន​ជំនឿ​ទៅលើ​ព្រះ និង​អព្ភូតហេតុ​របស់​ទ្រង់ គឺ​ជា​មនុស្ស​ខ្វះគតិ ខ្វាក់ ឬ​ត្រូវ​គេ​លាង​ខួរ​ក្បាល​ទៅ​វិញ ។ សាតាំង​នឹង​គាំទ្រ​ថា វា​ឡូយ​ណាស់​ដើម្បី​សង្ស័យ​អំពី​អំណោយទាន​ខាង​វិញ្ញាណ និង​ការ​បង្រៀន​របស់​ពួក​ព្យាការីពិត ។

ខ្ញុំ​ចង់​ជួយ​ឲ្យ​មនុស្ស​គ្រប់គ្នា​យល់​អំពី​កត្តា​សាមញ្ញ​មួយ​នេះ​ថា ៖ យើង ជឿ ទៅលើ​ព្រះ ដោយសារ​រឿង​ទាំងឡាយ​ដែល​យើង ដឹង ដោយ​ដួងចិត្ត គំនិត​របស់​យើង ពុំ​មែន​ដោយ​សារ​រឿង​ដែល​យើង មិន​ដឹង​នោះទេ។  បទពិសោធន៍​ខាង​វិញ្ញាណ​របស់​យើង ពេល​ខ្លះ​វា​ពិសិដ្ឋ​ខ្លាំង​ពេក ដើម្បី​ពន្យល់​ជា​ពាក្យ​ខាង​លោកិយ ប៉ុន្តែ​ពុំ​មែន​មាន​ន័យ​ថា វា​មិនពិត​នោះទេ ។

ព្រះវរបិតា​សួគ៌ បាន​រៀបចំ​កូនចៅ​របស់​ទ្រង់​នូវ​អាហារ​ខាង​វិញ្ញាណ ផ្ដល់​នូវ​អាហារ​ដ៏​មាន​ឱ​ជា​រស​គ្រប់​ប្រភេទ​--ប៉ុន្ដែ​ផ្ទុយ​ទៅ​វិញ ពួក​ចេះ​សួរ​បាន​ស្កប់ស្កល់​នឹង​ខ្លួនគេ​នូវ​ការមើល​ពី​ចម្ងាយ បន្ដ​ទទួល​យក​ដោយ​ទុទិដ្ឋិនិយម សង្ស័យ និង​មិន​គោរព ជំនួស​ឲ្យ​ការរីករាយ​នឹង​អំណោយទាន​ខាង​វិញ្ញាណ​ទាំងនោះ ។

ហេតុអ្វី​ក៏​មាន​មនុស្ស​ដើរ​ក្នុង​ជីវិត​ស្កប់ស្កល់​តែ​នឹង​ពន្លឺ​ភ្លើង​ទៀន​នៃ​ការ​យល់ដឹង​ផ្ទាល់​ខ្លួន​ពួកគេ កាល​ដែល​ការឈោង​ទៅ​រក​ព្រះវរបិតាសួគ៌​របស់​យើង នោះ​ពួកគេ​អាច​ទទួល​បទពិសោធន៍​ដូចជា​ពន្លឺ​ព្រះអាទិត្យ​នៃ​ចំណេះ​ដឹង​ខាង​វិញ្ញាណ ដែល​ពង្រីក​គំនិត​របស់​ពួកគេ​ដោយ​ប្រាជ្ញា និង​បំពេញ​ព្រលឹង​របស់​ពួកគេ​ដោយ​អំណរ​ដូច្នេះ​ទៅ​វិញ ?

តើ​អ្នក និង​ខ្ញុំ​បាន​និយាយ​ទៅ​មនុស្ស​អំពី​ជំនឿ និង​ការ​ជឿ​នៅពេល​ណា​ដែរ តើ​ជាញឹកញាប់​យើង​ពុំ​ស្ដាប់​ឮ​ទេ​ឬ​អី​ថា « ខ្ញុំ​ចង់​ជឿ​ដូច​ជា​អ្នក​ដែរ » ?

នៅក្នុង​ការ​ថ្លែង​ដូច្នេះ គឺជា​ការ​បោកបញ្ឆោត​មួយ​ទៀត​របស់​សាតាំង​គឺ​ថា ៖ ជំនឿ​គឺ​មាន​សម្រាប់​មនុស្ស​ខ្លះ ប៉ុន្តែ​គ្មាន​សម្រាប់​អ្នក​ខ្លះ​ទៀត​នោះទេ ។ គ្មាន​មន្ដអាគម​ដើម្បី​ធ្វើ​ឲ្យ​ជឿ​នោះ​ទេ ។ ប៉ុន្តែ ការចង់ ជឿ គឺជា ជំហាន​ដំបូងដ៏ចាំបាច់ ! ព្រះ​មិន​រើស​មុខ​អ្នក​ណា​ទេ ។ ទ្រង់​គឺជា​បិតា​របស់​អ្នក ។ ទ្រង់​ចង់​មាន​បន្ទូល​មក​អ្នក ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ វា​តម្រូវ​ឲ្យ​មាន​នូវការ​យល់​ដឹង​ខាង​វិទ្យាសាស្ត្រ​បន្ដិច—វា​តម្រូវ​ឲ្យ​មាន​ការ​ដក​ពិសោធន៍​ទៅលើ​ព្រះបន្ទូល​នៃ​ព្រះ—ហើយ​អនុវត្ត​សេចក្ដីជំនឿ​មួយ​ភាគ​តូច​មួយ​នោះ » ។ វា​ក៏​ត្រូវ​មាន​ភាព​រាបសា​បន្ដិច​ផងដែរ ។ ហើយ​វា​តម្រូវ​ឲ្យ​មាន​ដួងចិត្ត​បើក​ចំហ និង​ការ​បើក​គំនិត ។ វា​តម្រូវ​ឲ្យ​មាន ការ​ស្វែងរក អត្ថន័យ​ពេញ​លេញ​នៃ​ព្រះបន្ទូល ។ ហើយ​ប្រហែល​ជា​អ្វី​ដែល​លំបាក​បំផុត​នោះ​គឺ វា​តម្រូវ​ឲ្យ​មាន​ការអត់ធ្មត់ និង​ការ​រង់ចាំ​ព្រះអម្ចាស់ ។

ប្រសិន​បើ​យើង​ពុំ​ខិតខំ​ជឿ នោះ​យើង​ក៏​ដូចជា​មនុស្ស​ដែល​ដក​អំពូល​ចេញ រួច​ហើយ​បន្ទោស​អំពូល​ភ្លើង​ថា​ពុំ​ផ្ដល់​ពន្លឺ​អ្វី​សោះ ។

ថ្មីៗ​នេះ ខ្ញុំ​ភ្ញាក់ផ្អើល ហើយក៏​សោក​ស្ដាយ​ដែល​ស្ដាប់​ឮ​ថា អ្នក​កាន់​បព្វជិតភាព​អើរ៉ុន ដែល​ហាក់​ដូចជា​មាន​អំនួត​ក្នុង​ការ​ដក​ខ្លួន​ឆ្ងាយ​ពី​ព្រះ ។ គាត់​បាន​និយាយ​ថា « ប្រសិនបើ​ព្រះ​បើក​បង្ហាញ​ព្រះអង្គ​ទ្រង់​ដល់ខ្ញុំ នោះ​ខ្ញុំ​នឹង​ជឿ ។ ពេល​នោះ ខ្ញុំ​នឹង​រក​ឃើញ​សេចក្ដីពិត​ដោយ​ផ្អែក​ទៅលើ​ការ​យល់ដឹង និង​បញ្ញា​ផ្ទាល់ខ្លួន​របស់​ខ្ញុំ ដើម្បី​បំភ្លឺ​ផ្លូវ​នៅចំពោះ​មុខ​ខ្ញុំ » ។

ខ្ញុំ​មិន​ដឹង​ពី​ដួងចិត្ត​របស់​យុវជន​រូប​នេះ​គិត​យ៉ាង​ណា​ទេ ខ្ញុំ​ពុំ​អាច​ជួយ​អ្វី​បាន ក្រៅពី​មាន​អារម្មណ៍​សោកស្ដាយ​យ៉ាង​ខ្លាំង​ចំពោះគាត់ ។ វា​ងាយស្រួល​ណាស់​ដើម្បី​គាត់​បដិសេធ​អំណោយទាន​ដែល​ព្រះអម្ចាស់​បាន​ផ្ដល់​ឲ្យ​គាត់ ។ យុវជន​ម្នាក់​នេះ បាន​ដក​អំពូល​ភ្លើង​ចេញ ហើយ​ហាក់​ដូច​ជា​ស្កប់ស្កល់​នៅ​ក្នុង​ការ​មើល​ដោយ​ឆ្លាត​វៃ​របស់​ខ្លួន ដែល​គ្មាន​ពន្លឺ​នោះ​ទៅវិញ ។

ជាអកុសល ការណ៍​នេះ​វា​ហាក់​ដូចជា​ឥរិយាបថ​ដ៏​មាន​ប្រជាប្រិយភាព​មួយ​នា​បច្ចុប្បន្ន​នេះ ។ ប្រសិនបើ​យើង​អាច​ដាក់​បន្ទុក​ឲ្យ​ព្រះ​បង្ហាញ​ភស្ដុតាង​ដល់​យើង នោះ​យើង​គិត​ថា យើង​អាច​ដក​ខ្លួន​ចេញ​ពី​ការ​ទទួល​យក​បទបញ្ញត្តិ​របស់​ព្រះ​ដោយ​មុតមាំ និង​ដកខ្លួន​ពី​ទំនួលខុសត្រូវ​ក្នុង​ទំនាក់ទំនាក់ទំនង​របស់​យើង​ជាមួយ​ព្រះ​វរបិតាសួគ៌​ហើយ ។

បងប្អូនប្រុស​អើយ ខ្ញុំ​សូម​ប្រាប់​ឲ្យ​ច្បាស់ថា ៖ វា​ពុំមែន​ជា​ការអស្ចារ្យ ឬ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ទេ​ក្នុង​ការចេះ​ចោទ​សួរ​នោះ ។ ការចំអក​គឺ​ងាយស្រួល​ណាស់--​មនុស្ស​គ្រប់គ្នា​អាច​ធ្វើ​បាន ។ វា​គឺ​ជា​ជីវិត​ស្មោះត្រង់​ដែល​តម្រូវ​ឲ្យ​មាន​នូវកម្លាំង​ខាង​សីលធម៌ ការលះបង់ និង​ភាព​ក្លាហាន ។ អ្នក​ទាំងឡាយ​ដែល​តោងជាប់​ទៅនឹង​សេចក្ដីជំនឿ គឺ​មាន​ចំណាប់​អារម្មណ៍​ច្រើនជាង​អ្នក​ទាំងឡាយ​ដែល​ចុះចាញ់​ក្នុង​ការ​សង្ស័យ ពេល​មាន​សំណួរ​អាថ៌កំបាំង ឬ​កង្វល់​កើត​ឡើង ។

ប៉ុន្តែ​វា​ពុំ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ចំពោះ​យើង​ទេ​ដែល​ថា សេចក្ដីជំនឿ​ពុំ​ត្រូវ​បាន​សង្គម​ឲ្យ​តម្លៃ​​​នោះ ។ ពិភពលោក​នេះ មាន​ប្រវត្តិ​យូរ​អង្វែង​មក​ហើយ​អំពី​ការបដិសេធ ដែល​ពិភពលោក​នេះ​ពុំ​យល់​ទាល់​តែ​សោះ ។ ហើយ​វា​មាន​នូវ​បញ្ហា​ជាក់លាក់​ក្នុងការ​យល់​នូវ​រឿង​ដែល​វា​មើល​ពុំ​ឃើញ ។ ប៉ុន្តែ​ដោយ​គ្រាន់តែ​យើងពុំ​អាច​មើល​ឃើញ​អ្វី​មួយ​ដោយ​ភ្នែក​ខាង​រូបកាយ​របស់​យើង នោះ​ពុំ​មែន​មាន​ន័យ​ថា វា​គ្មាន​វត្តមាន​នោះ​ទេ ។ តាមពិត « មាន​រឿង​ជាច្រើន​នៅក្នុង​ស្ថានសួគ៌ និង​ផែនដី … ច្រើន​ជាង​ការ​សុបិន » នៅក្នុង​សៀវភៅ​សរសេរ​កំណត់ត្រា​ខាង​វិទ្យាសាស្ត្រ និង​ទស្សនៈវិជ្ជា​ខាង​លោកិយ​របស់​យើង​ទៅទៀត ។ សកលលោក មាន​ពេញទៅ​ដោយ​រឿង​ដ៏​អស្ចារ្យ និង ចម្លែកៗ—ដែល​អាច​យល់​ដឹង​បាន​តែ​តាមរយៈ​កែវ​ភ្នែក​នៃ​ខាង​វិញ្ញាណ​តែ​ប៉ុណ្ណោះ ។

ពរជ័យ​នៃការ​សន្យា

នៅពេល​យើង​ជ្រើសរើស​ជឿ អនុវត្ត​សេចក្ដីជំនឿ​ចំពោះ​ការ​ប្រែចិត្ត ហើយ​ដើរ​តាម​ព្រះអង្គ​សង្គ្រោះ​របស់​យើង គឺ​ព្រះយេស៊ូវ​គ្រីស្ទ នោះ​យើង​បើក​ភ្នែក​ខាង​វិញ្ញាណ​របស់​យើង​មើល​ឃើញ​រឿង​អស្ចារ្យ ដែល​យើង​កម្រ​នឹង​អាច​ស្រមៃ​ឃើញ ។ ដូច្នេះ​ការ​ជឿ និង​ជំនឿ​របស់​យើង នឹង​រីក​ចម្រើន​ខ្លាំង​ឡើង ហើយ​យើង​នឹង​មើល​កាន់តែ​ឃើញ​ច្រើន ។

បងប្អូនប្រុស​អើយ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ទោះជា​នៅក្នុង​គ្រា​ដ៏​លំបាក​បំផុត​ក្ដី​ក៏​ព្រះអង្គ​សង្គ្រោះ​នឹង​មាន​បន្ទូល​ទៅ​អ្នក ដូច​ដែល​ទ្រង់​មាន​បន្ទូល​ទៅកាន់​ឪពុក​ដែល​ខ្វល់​មួយ​រូប​នៅក្នុង​កណ្ដាល​ហ្វូង​មនុស្ស​នៅ​តាម​ផ្លូវ​ក្នុង​ស្រុក​កាលីឡេ​ថា « ចូរ​កុំខ្លាច​អី ឲ្យ​គ្រាន់តែ​ជឿ​ប៉ុណ្ណោះ » ។១០

យើង​អាច​ជ្រើសរើស​ជឿ ។

ព្រោះ​នៅក្នុង​ការជឿ យើង​អាច​រកឃើញ​នូវ​ពន្លឺ ។

យើង​នឹង​រកឃើញ​សេចក្ដីពិត ។១១

យើង​នឹង​រកឃើញ​ភាព​សុខសាន្ដ ។១២

ដោយ​សារ​ជំនឿ​របស់​យើង នោះ​យើង​នឹង​ពុំ​ស្រេក ឬ​ឃ្លាន​ឡើយ ។១៣ អំណោយទាន​នៃ​ព្រះគុណ​របស់​ព្រះ នឹង​ជួយ​យើង​ឲ្យ​នៅពិត​ត្រង់​ចំពោះ​សេចក្ដី​ជំនឿ​របស់​យើង ហើយ​នឹង​បំពេញ​ព្រលឹង​របស់​យើង​ដូចជា « រន្ធ​ទឹក​នៅ​ក្នុង​អ្នក​នោះ ផុស​ឡើង​ដល់​ទៅ​បាន​ជីវិត​អស់​កល្ប​ជានិច្ច » ។១៤ យើង​នឹង​ទទួល​បទពិសោធន៍​អំណរពិត និង​យូរ​អង្វែង ។១៥

ហេតុដូច្នោះ​ហើយ មិត្ត​ជា​ទីស្រឡាញ់​របស់​ខ្ញុំ បងប្អូនប្រុស​ជាទីស្រឡាញ់​របស់​ខ្ញុំ នៅក្នុង​បព្វជិតភាព​នៃ​ព្រះ ៖

ចូរ​មាន​ភាព​ក្លាហាន​ដើម្បី​ជឿ ។

ចូរ​កុំខ្លាច​អី ឲ្យ​គ្រាន់តែ​ជឿ​ប៉ុណ្ណោះ ។

ចូរ​ឈរ​ជាមួយ​ដានីយ៉ែល ។

ខ្ញុំ​អធិស្ឋាន​សុំ​ឲ្យ​យើង​ម្នាក់ៗ--ទាំងចាស់ និង​ក្មេង--​បាន​បំពេញ​ដោយ​កម្លាំង ភាព​ក្លាហាន និង​បំណងប្រាថ្នា​ដើម្បី​ជឿ​ឡើង​វិញ ។ ក្នុង​ព្រះ​នាម​នៃ​លោក​ចៅហ្វាយ​យើង ជា​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។