ឆ្នាំ ២០១០-២០១៩
មានពរហើយ​រីករាយ​ដល់​អស់​អ្នក​ដែល​គោរព​តាម​ព្រះបញ្ញត្តិ​ព្រះ
តុលា 2015


មានពរហើយ​រីករាយ​ដល់​អស់​អ្នក​ដែល​គោរព​តាម​ព្រះបញ្ញត្តិ​ព្រះ

របាំង​ដែល​ព្រះអម្ចាស់​បាន​ស្ថាបនា​ បង្កើត​ជា​ផែ​សុវត្ថិភាព​មួយ​សម្រាប់​យើង​ឲ្យ​ចៀស​ផុត​ពី​អំពើ​អាក្រក់ និង​ឥទ្ធិពល​បំផ្លិច​បំផ្លាញ ។

ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ កាល​ទៅ​លេង​នៅ​ប្រទេស​អូស្ត្រាលី ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទៅ​ឆក​សមុទ្រ​ដ៏​ស្រស់​ស្អាត​មួយ​ដែល​ល្បីខាង​ជិះក្ដារ​លើ​រលក ។ ពេល​ខ្ញុំ​ដើរ​តាម​មាត់​ឆ្នេរ ខ្ញុំ​បាន​ចាប់​ចិត្ត​នឹង​ភាព​មហស្ចារ្យ​នៃ​រលក​សមុទ្រ​ធំៗ​ហូរ​មក​ប៉ះ​នឹង​ឆកសមុទ្រ​នោះ និង​រលក​តូចៗ​ដែល​ហូរ​មក​ពៀប​នឹង​មាត់​ឆ្នេរ ។

កាល​ខ្ញុំ​បាន​បន្ត​ដើរ​ទៅ​មុខ​ទៀត ខ្ញុំ​បាន​ជួប​នឹងអ្នក​​ជិះក្ដារ​លើ​រលក​ជនជាតិ​អាមេរិកមួយ​ក្រុម​ ។ ពួក​គេ​ច្បាស់​ជា​ខក​ចិត្ត​នឹង​អ្វី​ម្យ៉ាង ព្រោះ​បាន​និយាយ​ខ្លាំងៗ ហើយ​ធ្វើ​កាយវិការ​សំដៅ​ទៅ​សមុទ្រ​នោះ ។ ពេល​ខ្ញុំ​សួរ​ពួកគេ​ថា​មាន​រឿង​អ្វី ពួកគេ​បាន​ចង្អុល​ទៅ​ផ្នែក​ខាង​ក្រៅ​ឆក​សមុទ្រ​នោះ​ត្រង់​កន្លែង​ដែល​រលក​ធំៗ​កំពុង​បោក​បក់ ។

មាន​ពួកគេ​ម្នាក់​បាន​ប្រាប់​ខ្ញុំ​ទាំង​ខឹង​ថា « មើល​ទៅ ។ « តើ​លោក​ឃើញ​របាំង​នោះ​ទេ ? » ដោយ​ខំ​មើល​ឲ្យ​បាន​ដិត​ដល់ ខ្ញុំ​បាន​ឃើញ​របាំង​វែង​មួយ​ដាក់​កាត់​ច្រក​ឆក​សមុទ្រ​ទាំងមូល ត្រង់​កន្លែង​មាន​រលក​ធំៗ​កំពុង​បោកបក់ ។ របាំង​នោះ​ទំនង​ជា​ធ្វើ​ឡើង​ដោយ​សំណាញ់​មួយ​យ៉ាង​ធ្ងន់ ហើយ​ភ្ជាប់​ជាមួយ​ពោង​នៅ​លើ​ផ្ទៃ​ទឹក ។ យោង​តាម​ពួក​អ្នក​ជិះក្ដារ​លើ​រលក​ទាំង​នោះ សំណាញ់​នោះ​ត្រូវ​បាន​ទម្លាក់​ដល់​បាត​សមុទ្រ ។

អ្នក​ជិះក្ដារ​លើ​រលក​ជនជាតិ​អាមេរិក​ម្នាក់​នោះ​បាន​បន្ត​ថា « នេះ​គឺ​ជា​ឱកាស​ដ៏​កម្រ ដើម្បី​មក​ទី​នេះ​ជិះក្ដារ​លើ​រលក​ធំៗ​ទាំងនេះ ។ យើង​អាច​ជិះ​ក្ដារ​លើ​ទឹក​រលក​តូចៗ​ជាង​នេះ ​ចូលឆក​សមុទ្រ​នេះ​ក៏​បាន​ដែរ ប៉ុន្តែ​របាំង​នោះ​រារាំង​យើង​មិន​ឲ្យ​ជិះ​លើ​រលក​ធំៗ​ឡើយ ។ យើង​មិន​ដឹង​ថា​ហេតុអ្វី គេ​ដាក់​របាំង​នៅទី​នោះទេ ។ អ្វី​ដែល​យើង​ដឹង​គឺ​ថា វា​បាន​បង្ខូច​ដំណើរ​កម្សាន្ត​របស់​យើង​ទាំងស្រុង » ។

កាល​អ្នក​ជិះ​លើ​រលក​ទាំងនោះ​រអ៊ូរទាំ​កាន់​តែ​ខ្លាំង ខ្ញុំ​បាន​មើល​ទៅ​មនុស្ស​ម្នាក់​ទៀត​ក្បែរ​នោះ—ជា​បុរស​ចំណាស់​ម្នាក់ ហើយ​ជា​អ្នក​ក្នុង​ស្រុក​ម្នាក់ ។ គាត់​ទំនង​ដូចជា​ទប់​ចិត្ត​លែង​បាន កាល​គាត់​ស្ដាប់​ការ​ត្អូញត្អែរ​កាន់​តែ​ខ្លាំង​ឡើងៗ​អំពី​របាំង​នោះ ។

នៅ​ទីបំផុត គាត់​បាន​ក្រោក​ឈរ​ឡើង ហើយ​ដើរ​ទៅ​រក​ក្រុម​នោះ ។ គាត់​បាន​ដក​កែវ​យឺត​ចេញ​ពី​កាបូប​ស្ពាយ​គាត់ ហើយ​ហុច​វា​ទៅ​ឲ្យ​អ្នក​ជិះ​ម្នាក់​ដោយ​មិន​ស្ដី​អ្វី​ទាំងអស់ រួច​ចង្អុល​ទៅ​របាំង​នោះ ។ ពួកគេ​ម្នាក់ៗ​បាន​យក​កែវយឺត​នោះ​មក​ឆ្លុះ​មើល ។ ដោយ​មាន​ជំនួយ​ពី​កែវ​ពង្រីក​នោះ ពេល​ដល់​វេន​ខ្ញុំ ខ្ញុំ​អាច​មើល​ឃើញ​អ្វី​មួយ​ដែល​ខ្ញុំ​មិន​អាច​មើល​ឃើញ​ពីមុន ៖ គឺ​ត្រី​ឆ្លាម​ធំៗ—​កំពុង​ស៊ី​ចំណី​នៅជិត​ថ្ម​ប៉ប្រះទឹក​នៅ​ម្ខាង​ទៀត​នៃ​របាំង​នោះ ។

រំពេច​នោះ​ក្រុម​នេះ​បាន​ស្ងាត់​មាត់ ។ បុរស​ចំណាស់​នោះ​ទៅ​យក​កែវយឺត​គាត់​វិញ រួច​ដើរ​ចេញ​ទៅ ។ ពេល​គាត់​ដើរ​ចេញ​ទៅ ខ្ញុំ​នៅ​ចាំ​ពាក្យ​មួយ​ឃ្លា ដែល​គាត់​បាន​ពោល ៖ គាត់​បាន​និយាយ​ថា « កុំ​រិះគន់​របាំង​នោះ​ខ្លាំង​ពេក ។ វា​គ្រាន់​តែ​ជា​វត្ថុ​មួយ​ដែល​ការពារ​អ្នក​ពី​ការ​ត្របាក់​ស៊ី​តែ​ប៉ុណ្ណោះ » ។

នៅពេល​យើង​ឈរ ​នៅលើ​ឆ្នេរ​ខ្សាច់​ដ៏​ស្រស់ស្អាត​នោះ ទស្សនវិស័យ​របស់យើង​បាន​ផ្លាស់ប្ដូរ​មួយ​រំពេច ។ របាំង​មួយ​ដែល​ទំនង​ដូចជា ការ​តឹងរឹង និង​ការ​រឹត​បណ្តឹង—ដែល​កាត់​បន្ថយ​ភាព​សប្បាយ និង​ភាព​រីករាយ​នៃ​ការ​ជិះក្ដារ​លើ​រលក​ដ៏​ធំៗ—​បាន​ក្លាយ​ទៅ​ជា​អ្វី​មួយ​ផ្សេង​ទៅ​វិញ ។ ឥឡូវ​របាំង​នេះ​បាន​ផ្ដល់​ការ​ការពារ សុវត្ថិភាព និង​ភាពសុខសាន្ត ពេល​យើង​យល់​ដឹង​ជា​ថ្មី​អំពី​គ្រោះថ្នាក់​ដែល​លាក់​ខ្លួន​នោះ ។

កាល​អ្នក និង​ខ្ញុំ​ដើរ​លើ​ផ្លូវ​នៃ​ជីវិត​នេះ ទៅ​រក​ក្ដី​ស្រមៃ​របស់​យើង ព្រះបញ្ញត្តិ និង​បទដ្ឋាន​របស់​ព្រះ—ដូច​គ្នា​នឹង​របាំង​នោះ​ដែរ—ពេល​ខ្លះ​អាច​ជា​រឿង​ពិបាក​យល់​ណាស់ ។ វា​ហាក់​ដូចជា​តឹងរឹង ហើយ​រឹតបណ្ដឹង បិទ​ផ្លូវ​ដែល​សប្បាយ​រីករាយ ហើយ​ដែល​មនុស្ស​ដទៃ​ទៀត​ជាច្រើន​កំពុង​ដើរ ។ ដូចជា​សាវក​ប៉ុល​បាន​រៀបរាប់​ថា « យើង​មើល​ឃើញ​បែប​ស្រអាប់ ដូច​ជា​ដោយសារ​កញ្ចក់ »  ជាមួយ​នឹង​ទស្សនៈ​ដែល​មាន​ដែន​កំណត់​នេះ ដែល​ជា​រឿយៗ​យើង​មិន​អាច​យល់​នូវ​គ្រោះថ្នាក់​ដ៏​ធំ​ដែល​បាន​លាក់​ខ្លួន នៅ​ផ្ទៃ​ខាង​ក្រោម​នោះ​ឡើយ ។

ប៉ុន្តែ​អង្គ​ដែល « យល់​គ្រប់​ទាំងអស់ » ជ្រាប​យ៉ាង​ច្បាស់​ពី​ទីកន្លែង​ដែល​មាន​គ្រោះថ្នាក់ ។ ទ្រង់​ប្រទាន​ការ​ដឹកនាំ​ដ៏​ទេវភាព​ដល់​យើង​តាមរយៈ​ព្រះបញ្ញត្តិ និង​ការ​ណែនាំ​ដ៏​គួរ​ឲ្យ​ស្រឡាញ់​របស់​ទ្រង់ ដើម្បី​យើង​អាច​ចៀស​ផុត​ពី​គ្រោះថ្នាក់​ទាំងនោះ—ដើម្បី​យើង​អាច​កំណត់​ទិសដៅ​នៅ​ក្នុង​ជីវិត​យើង​ដើម្បី​ទទួល​បាន​ការការពារ​​ពី​ពួក​សត្វ​កំណាច​ខាង​វិញ្ញាណ និង​ចង្កូម​​នៃ​អំពើបាប​ ។

យើង​បង្ហាញ​ក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ—​និង​ក្ដី​ជំនឿ​របស់​យើង​ចំពោះ​ទ្រង់—ដោយ​ការ​ធ្វើ​ឲ្យ​អស់​ពី​លទ្ធភាព​របស់​យើង​ជា​រៀង​រាល់ថ្ងៃ​ក្នុង​ការ​ដើរ​តាម​ផ្លូវ​ដែល​ទ្រង់​បាន​រៀបចំ​សម្រាប់​យើង និង​ដោយ​ការ​គោរព​តាម​ព្រះបញ្ញត្តិ​ដែល​ទ្រង់​បាន​ប្រទាន​ដល់​យើង ។ ជាពិសេស យើង​បង្ហាញ​ជំនឿ និង​ក្ដី​ស្រឡាញ់​នោះ​នៅ​ក្នុង​ស្ថានភាព​ដែល​យើង​ពុំ​យល់​ហេតុផល​ទាំងស្រុង​ចំពោះ​ការបញ្ជា​របស់​ព្រះ ឬ​ផ្លូវ​ជាក់​លាក់​ដែល​ទ្រង់​កំពុង​ប្រាប់​យើង​ឲ្យ​ដើរ ។ បើគិត​ទៅ វា​ងាយ​ដើម្បី​ដើរ​តាម​ផ្លូវ​នៅ​ខាង​ក្នុង​របាំង​នោះ ពេល​យើង​ដឹង​ថា​មាន​ហ្វូង​ត្រី​ឆ្លាម​ដ៏​កាច​សាហាវ​នៅ​ខាងក្រៅ​វា​នោះ ។ ប៉ុន្តែ​វា​ពិបាក​ក្នុង​ការ​ដើរ​លើ​ផ្លូវ​ដែល​ស្ថិត​នៅ​ក្នុង​របាំង​នោះ ពេល​យើង​គ្រប់​គ្នា​អាច​មើល​ឃើញ​រលក​ធំៗ​គួរ​ឲ្យ​រំភើប​នៅ​ឯជ្រុង​ម្ខាង​ទៀត​នោះ ។ គឺ​នៅ​ពេល​ទាំងនោះ​ហើយ—​ដែល​យើង​ជ្រើស​អនុវត្ត​ជំនឿ​របស់​យើង ដាក់​ការ​ទុកចិត្ត​របស់​យើង​ទៅ​លើ​ព្រះ ហើយ​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ទ្រង់—ជា​ពេល​ដែល​យើង​រីកចម្រើន​ខ្លាំង​បំផុត ។

ក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី អាន៉្នានាស​ពុំ​យល់​ពី​សេចក្ដី​បង្គាប់​របស់​ព្រះអម្ចាស់​ឲ្យ​ស្វែង​រក ហើយ​ប្រសិទ្ធិពរ​ដល់​សូល—ជា​បុរស​ម្នាក់​ដែល​មាន​សិទ្ធិ​ចាប់​ឃុំ​ខ្លួន​ពួក​អ្នក​ជឿ​លើ​ព្រះគ្រីស្ទ​ឡើយ ។ ក៏​ប៉ុន្តែ​ដោយ​សារ​គាត់​បាន​គោរ​តាម​សេចក្ដី​បង្គាប់​របស់​ព្រះ អាន៉្នានាស​បាន​ក្លាយ​ជា​ឧបករណ៍​នៅ​ក្នុង​កំណើត​ខាង​វិញ្ញាណ​របស់​សាវក​ប៉ុល ។

ពេល​យើង​ទុកចិត្ត​លើ​ព្រះអម្ចាស់ អនុវត្ត​ជំនឿ​របស់​យើង គោរព​តាម​ព្រះបញ្ញត្តិ​របស់​ទ្រង់ ហើយ​ដើរ​តាម​ផ្លូវ​ដែល​បាន​រៀបចំ​សម្រាប់​យើង នោះ​យើង​កាន់​តែ​ប្រែក្លាយ​ដូចជា​បុគ្គល​ដែល​ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ចង់​ឲ្យ​យើង​ប្រែក្លាយ ។ វា​គឺជា « ការ​ប្រែក្លាយ »—ការ​ផ្លាស់​ប្រែ​ដួងចិត្ត​នេះ​ហើយ—ដែល​ជា​រឿង​ដ៏​សំខាន់​បំផុត ។ ដូច​អែលឌើរ ដាល្លិន អេក អូក បាន​បង្រៀន​យើង ៖ « វា​មិន​គ្រប់គ្រាន់​ទេ​សម្រាប់​នរណា​ម្នាក់ដែល​គ្រាន់​តែ​ធ្វើ​អ្វី​មួយ​ដោយ​គ្មាន​ការ​គិត​ពិចារណា​ពី​វា​នោះ ។ ព្រះបញ្ញត្តិ ពិធី​បរិសុទ្ធ និង​សេចក្ដី​សញ្ញា​នៃ​ដំណឹងល្អ​ពុំ​មែន​ជា​បញ្ជី​នៃ​ប្រាក់កក់​មួយ​ដែល​តម្រូវ​ឲ្យ​ធ្វើ​ក្នុង​គណនី​សួគ៌ា​ខ្លះៗ​នោះ​ទេ ។ ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ផែនការ​មួយ​ដែល​បង្ហាញ​យើង​ពី​របៀប​ប្រែ​ក្លាយ​ទៅ​ជា​អ្វី​ដែល​ព្រះវរបិតា​សួគ៌​មាន​ព្រះរាជ​បំណង​ចង់​ឲ្យ​យើង​ប្រែ​ក្លាយ » ។

ដូច្នេះ ការ​គោរព​ប្រតិបត្តិ​ពិត​គឺជា​ការ​ថ្វាយ​ខ្លួន​យើង​ទាំង​ស្រុង​ដល់​ទ្រង់ ហើយ​អនុញ្ញាត​ឲ្យ​ទ្រង់​គូស​ផ្លូវ​ឲ្យ​យើង​ដើរ​ទាំង​នៅ​ក្នុង​សមុទ្រ​ដ៏​ស្ងប់ និង​សមុទ្រ​ដែល​មាន​រលក​ធំៗ ដោយ​យល់​ដឹង​ថា ទ្រង់​អាច​ធ្វើ​ឲ្យ​យើង​បាន​ប្រសើរ​ឡើង​ច្រើន​ជាង​យើង​ធ្វើ​វា​ដោយ​ខ្លួន​ឯង ។

ពេល​យើងបន្ទាប​ខ្លួន​យើង​ឲ្យ​ស្រប​តាម​ព្រះទ័យ​របស់​ទ្រង់ យើង​បង្កើន​ភាព​សុខសាន្ត និង​សុភមង្គល ។ ស្ដេច​បេនយ៉ាមីន បាន​បង្រៀន​ថា ជន​ដែល​គោរព​តាម​សេចក្ដី​បង្គាប់​របស់​ព្រះគឺ « មាន​ពរ ហើយ​រីករាយ … ក្នុង​រឿង​គ្រប់​យ៉ាង ទាំង​ខាង​សាច់​ឈាម និង​ខាង​វិញ្ញាណ » ។ ព្រះ​ទ្រង់​សព្វ​ព្រះទ័យ​ឲ្យ​យើង​មាន​អំណរ ។ ទ្រង់​សព្វ​ព្រះទ័យ​ឲ្យ​យើង​មាន​ភាព​សុខសាន្ត ។ ទ្រង់​សព្វ​ព្រះទ័យ​ឲ្យ​យើង​បាន​ជោគជ័យ ។ ទ្រង់​សព្វ​ព្រះទ័យ​ឲ្យ​យើង​មាន​សុវត្ថិភាព ហើយ​ត្រូវ​បាន​ការពារ​ពី​ឥទ្ធិពល​លោកិយ​ដែល​នៅ​ជុំវិញ​យើង ។

ម្យ៉ាង​វិញ​ទៀត សេចក្ដី​បង្គាប់​របស់​ព្រះអម្ចាស់​មិន​បង្កើត​ឲ្យ​មាន​របាំង​បត់បែន​ក្រោម​ទឹក​ដ៏​រញ៉េរញ៉ៃ ហើយ​ពិបាក​យ៉ាង​ខ្លាំង​ដែល​យើង​ត្រូវ​រៀន​ស៊ូទ្រាំ​ទាំង​បង្ខំចិត្ត​នៅ​ក្នុង​ជីវិត​នេះ​ដើម្បី​យើង​អាច​ត្រូវ​បាន​តម្កើង​ឡើង​នៅ​ជីវិត​ក្រោយ​នោះ​ទេ ។ ផ្ទុយ​ទៅវិញ របាំង​ដែល​ព្រះអម្ចាស់​បាន​ស្ថាបនា​ឡើង​បង្កើត​នូវ​កំពង់​ផែ​សុវត្ថិភាព​មួយ​ដល់​យើង​ឲ្យ​ចៀស​ផុត​ពី​ឥទ្ធិពល​អាក្រក់ ហើយ​បំផ្លិច​បំផ្លាញ​ដែល​អាច​នឹង​ទាញ​យើង​ឲ្យ​ចូល​ទៅ​ក្នុង​ជម្រៅ​នៃ​ភាព​អស់​សង្ឃឹម​នោះ ។ ព្រះ​បញ្ញត្តិ​របស់​ព្រះអម្ចាស់​បាន​ប្រទាន​ឲ្យ​ដោយ​សេចក្ដី​ស្រឡាញ់ និង​ការ​ខ្វល់​ខ្វាយ ។​វា​បាន​បង្កើត​ឡើង​ដើម្បី​ឲ្យ​យើង​មាន​អំណរ​នៅ​ក្នុង​ជីវិត​នេះ ដូច​គ្នា​សម្រាប់​ឲ្យ​យើង​មាន​អំណរ និង​ភាព​តម្កើងឡើង​នៅ​ជីវិត​ក្រោយ ។ វា​ជា​គំនូស​ពី​វិធី​ដែល​យើង​គួរ​ធ្វើ—ហើយ​សំខាន់​បំផុត វា​បំភ្លឺ​ថា​យើង​គួរ​ក្លាយ​ជា​មនុស្ស​បែប​ណា ។

ព្រះយេស៊ូវ​គ្រីស្ទ​ឈរ​ជា​គំរូ​ដ៏​ល្អ​បំផុត​គ្រប់​រឿង​ដែល​ល្អ ហើយ​ពិត ។ ទង្វើ​ដ៏​អស្ចារ្យ​បំផុត​នៃ​ការ​គោរព​ប្រតិបត្តិ​នៅ​ក្នុង​អស់​ទាំងភាព​អស់​កល្ប​ជានិច្ច​បាន​កើត​ឡើង ពេល​ព្រះរាជបុត្រា​បាន​ថ្វាយ​អង្គ​ទ្រង់​ធ្វើ​តាម​ព្រះទ័យ​នៃ​ព្រះវរបិតា ។ ដោយ​ទូល​សូម​យ៉ាង​រាបសា​បំផុត​ឲ្យ​ពែង​នោះ​ត្រូវ​បាន​ដក​ចេញ—ដើម្បី​ទ្រង់​អាច​យាង​លើ​ផ្លូវ​ផ្សេង​ទៀត​ជាជាង​ផ្លូវ​ដែល​បាន​គូស​ដាន​សម្រាប់​ទ្រង់—ព្រះគ្រីស្ទ​បាន​ថ្វាយ​អង្គ​ទ្រង់​យាង​ដើរ​លើ​ផ្លូវ​ដែល​ព្រះវរបិតា​ទ្រង់​សព្វ​ព្រះទ័យ ឲ្យ​ទ្រង់​យាង​ដើរ ។ វា​គឺជា​ផ្លូវ​មួយ​ដែល​បាន​នាំ​ឆ្លងកាត់​ច្បារ​គែតសេម៉ានី និង គាល់កូថា​ជា​កន្លែង​ដែល​ទ្រង់​បាន​ស៊ូទ្រាំ​នឹង​ការ​ឈឺចាប់ និង​ការ​រង​ទុក្ខ​វេទនា​ដែល​មិន​អាច​នឹក​ស្មាន​ដល់ និង​កន្លែង​ដែល​ទ្រង់​ត្រូវ​បាន​ទុក​ឲ្យ​នៅ​តែ​អង្គ​ឯង​ទាំង​ស្រុង កាល​ព្រះវិញ្ញាណ​របស់​ព្រះវរបិតា​ទ្រង់​បាន​យាង​ចេញ​ទៅ ។ ប៉ុន្តែ​ផ្លូវ​ដដែល​នោះ​បាន​បញ្ចប់​នៅ​ក្នុង​ផ្នូរ​ទទេរ​មួយ​នៅ​ថ្ងៃ​ទី​បី ជាមួយ​នឹង​សម្រែក​ថា « ទ្រង់​មាន​ព្រះជន្ម​វិញ​ហើយ! »​ ឮ​ពេញ​ត្រចៀក និង​ដួង​ចិត្ត​នៃ​ជន​ដែល​ស្រឡាញ់​ទ្រង់ ។ វា​បាន​រួម​បញ្ចូល​នូវ​អំណរ និង​ការ​លួង​លោម​ដែល​មិន​អាច​ស្រមៃ​ដល់​ដែល​មាន​នៅ​ក្នុង​ដង្វាយ​ធួន​របស់​ទ្រង់​សម្រាប់​កូន​ចៅ​ព្រះ​គ្រប់​រូប​រហូត​ដល់​ភាព​អស់​កល្ប​ជានិច្ច ។ ដោយ​អនុញ្ញាត​ឲ្យ​ព្រះទ័យ​របស់​ទ្រង់​គ្របដណ្ដប់​ដោយ​ព្រះទ័យ​នៃ​ព្រះ​វរបិតា នោះ​ព្រះគ្រីស្ទ​បាន​ប្រទាន​ឲ្យ​យើង​នូវ​ទស្សនៈវិស័យ​នៃ​ភាពសុខសាន្ត អំណរ និង​ជីវិត​អស់កល្ប​ជានិច្ច ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា យើង​គឺជា​កូនចៅ​នៃ​ព្រះ​មួយ​អង្គ​ដែល​ស្រឡាញ់​យើង ។ ខ្ញុំ​សូម​ធ្វើ​ជា​សាក្សី​ថា ទ្រង់​សព្វ​ព្រះទ័យ​ឲ្យ​យើង​បាន​ពរ ហើយ​មាន​ភាព​រីករាយ និង​សុវត្ថិភាព ។ នៅ​ទីបំផុត ទ្រង់​បាន​គូស​ផ្លូវ​មួយ​ឲ្យ​យើង​ដែល​វា​ដឹកនាំ​ទៅ​រក​ទ្រង់​វិញ ហើយ​ទ្រង់​បាន​ស្ថាបនា​របាំង​ដែល​នឹង​ការពារ​យើង​តាម​ផ្លូវ​នោះ ។ នៅពេល​យើង​ធ្វើ​ឲ្យ​អស់​ពី​លទ្ធភាព​ដើម្បី​ដើរ​តាម​ផ្លូវ​នោះ យើង​រកឃើញ​សុវត្ថិភាព សុភមង្គល និង​ភាព​សុខសាន្ត​ពិត ។ ហើយ​ពេល​យើង​ថ្វាយ​ខ្លួន​ធ្វើ​តាម​ព្រះទ័យ​របស់​ទ្រង់ យើង​ប្រែក្លាយ​ជា​អ្វី​ដែល​ទ្រង់​សព្វ​ព្រះទ័យ​ឲ្យ​យើង​ប្រែ​ក្លាយ ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។