ឆ្នាំ ២០១០-២០១៩
ចូរជ្រើស​យក​ពន្លឺ
តុលា 2015


ចូរជ្រើស​យក​ពន្លឺ

យើង​ត្រូវ​ជ្រើសរើស​ស្តាប់​តាម​ការទូន្មាន​របស់​ព្យាការី ទទួល​ស្គាល់ ហើយ​អនុវត្ត​តាម​ការបំផុស​គំនិត​ខាង​វិញ្ញាណ គោរព​ប្រតិបត្តិ​តាម​ព្រះបញ្ញត្តិ​ព្រះ ហើយ​ស្វែងរក​វិវរណៈ​ផ្ទាល់​ខ្លួន ។

ថ្មីៗ​នេះ ភរិយា​ខ្ញុំ និង ខ្ញុំ បាន​សម្រេច​ចិត្ត​ថា ពួក​យើង​គួរតែ​ដកពិសោធន៍​ឲ្យ​កាន់តែ​ពេញលេញ​ពី​សម្រស់​នៃ​តំបន់​នៅ​ក្បែរ​ផ្ទះ​របស់​យើង​ក្នុង​រដ្ឋ ម៉ុនតាណា​ភាគ​ពាយព្យ ។ ពួក​ខ្ញុំ​បាន​ប្ដេជ្ញា​ចិត្ត​ជិះ​កង់​ទៅ​តាម​ផ្លូវលំ ហៃអាវាថា ជា​ផ្លូវ​ដែល​បាន​ប្តូរ​ពី​ផ្លូវ​រថភ្លើង​ដែល​រត់​កាត់​ភ្នំ​រ៉កគី​ដ៏​ស្រស់​ត្រកាល នៅ​លើ​ព្រំដែន​នៃ​រដ្ឋ ម៉ុនតាណា និង អៃដាហូ ។ ពួក​ខ្ញុំ​បាន​គិត​ទុក​ជាមុន​ថា​វា​ជា​ថ្ងៃ​ដ៏​សប្បាយ​ជាមួយ​មិត្តភក្តិ ដោយ​រីករាយ​នឹង​សម្រស់​ធម្មជាតិ​នៅ​តំបន់​នោះ ។

ពួក​ខ្ញុំ​បាន​ដឹង​ថា​ការជិះកង់​លើ​ចម្ងាយ​ផ្លូវ ២៤ គីឡូម៉ែត្រ ដ៏​អស្ចារ្យ​នោះ​នឹង​មាន​ការជិះ​លើ​ស្ពាន​រថភ្លើង​ដែល​លាតសន្ធឹង​លើ​ជ្រោះ​ដ៏​ជ្រៅ និង ជិះ​តាម​ផ្លូវរូង​កាត់​ភ្នំ​ដ៏​វែង ។ ដូច្នេះ​ពួក​ខ្ញុំ​បាន​រៀបចំ​ខ្លួន​ដោយ​មាន​ពិល​ចង​ភ្ជាប់​នឹង​មួក​សុវត្ថិភាព និង កង់​របស់​ពួក​ខ្ញុំ​ដែរ ។

រូបភាព
Outside of Taft Tunnel

អស់​អ្នក​ដែល​ធ្លាប់​ជិះ​តាម​ផ្លូវ​នោះ​ពីមុន បាន​ប្រាប់​ពួក​ខ្ញុំ​ថា​ផ្លូវ​រូង​ភ្នំ​នោះ​ងងឹត ហើយ​ពួក​ខ្ញុំ​ត្រូវតែ​រក​ពិល​ដែល​ភ្លឺ​ខ្លាំង​បំផុត ។ នៅពេល​ពួក​ខ្ញុំ​ជួបជុំ​គ្នា​នៅមុខ​ថ្ម​ដ៏​ធំ​នៅ​ច្រកចូល​ផ្លូវរូង​ភ្នំ ថាហ្វ អ្នក​ត្រួតពិនិត្យ​បាន​ពន្យល់​ពី​កន្លែង​មួយ​ចំនួន​ដែល​គ្រោះថ្នាក់​នៅ​តាម​ដង​ផ្លូវ រួមមាន​រណ្តៅ​ដ៏​ជ្រៅ​នៅតាម​មាត់​ជ្រោះ ផ្ទាំង​ដី​រដិបរដុប ព្រមទាំង​ភាព​ងងឹត​ដ៏​ខ្លាំង ។ ដោយ​ពុំ​ចាំ​យូរ ពួក​ខ្ញុំ​បាន​ជិះ​កង់​ចូល​ទៅក្នុង​ផ្លូវ​រូង​ភ្នំ​នោះ ។ ក្រោយ​ពី​ពួក​ខ្ញុំ​ជិះ​កង់​បាន​តែ​ពីរបី​នាទី​ប៉ុណ្ណោះ ភាព​ងងឹត​ដែល​ដឹង​ជា​មុន​នោះ​បាន​ហ៊ុំព័ទ្ធ​ពួក​ខ្ញុំ ។ ពិល​ដែល​ខ្ញុំ​បាន​យក​ទៅ​នោះ​គ្មាន​ពន្លឺ​គ្រប់គ្រាន់​ឡើយ ហើយ​ភាព​ងងឹត​បាន​គ្រប់ដណ្តប់​លើ​ពន្លឺ​ពិល​នោះ ។ ភ្លាម​នោះ ខ្ញុំ​បាន​ចាប់ផ្តើម​មាន​អារម្មណ៍​ភិតភ័យ ច្របូកច្របល់ និង វង្វេង​ស្មារតី ។

រូបភាព
Bicycles in tunnel
រូបភាព
Bicycle in tunnel with reflective light

ខ្ញុំ​ខ្មាស់អៀន​នឹង​បង្ហាញ​ពី​ការព្រួយ​បារម្ភ​របស់​ខ្ញុំ​ចំពោះ​មិត្តភក្តិ និង គ្រួសារ​ខ្ញុំ ។ ទោះបី​ខ្ញុំ​ជា​អ្នក​ជិះកង់​ស្ទាត់​ជំនាញ​ក្តី ឥឡូវ​នេះ ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​ពុំ​ធ្លាប់​ជិះកង់​ទាល់តែ​សោះ ។ ខ្ញុំ​មាន​ការលំបាក​ដើម្បី​ជិះ​បន្ត​ទៅ​មុខ​ទៀត នៅពេល​ខ្ញុំ​កាន់តែ​ច្របូកច្របល់ ។ ទីបំផុត បន្ទាប់ពី​ខ្ញុំ​បាន​បង្ហាញ​ពី​ភាព​មិន​សុខស្រួល​របស់​ខ្ញុំ​ដល់​មនុស្ស​នៅ​ជុំវិញ​ខ្ញុំ នោះ​ខ្ញុំ​អាច​ជិះ​កាន់តែ​កៀក​នឹង​មិត្ត​ម្នាក់​ដែល​មាន​ពន្លឺ​ពិល​ភ្លឺ​ជាង​ខ្ញុំ ។ តាម​ពិត​ទៅ គ្រប់គ្នា​នៅក្នុង​ក្រុម​បាន​ចាប់ផ្តើម​ជិះ​ក្បែរ​គាត់​ជុំជិត ។ តាមរយៈ​ការជិះ​កង់​ក្បែរ​គាត់ និង ពឹង​លើ​ពន្លឺ​ពិល​របស់​គាត់ ព្រមទាំង​ពន្លឺ​ពិល​រួមគ្នា​របស់​ក្រុម​យើង​មួយ​រយៈមក នោះ​យើង​បាន​ជិះ​កាន់តែ​ជ្រៅ​ចូលទៅក្នុង​ភាព​ងងឹត​នៃ​ផ្លូវ​រូង​ភ្នំ​នោះ ។

រូបភាព
Light at the end of the tunnel

អស់​ពេល​ជាច្រើន​ម៉ោង​ក្រោយ​មក ខ្ញុំ​បាន​ឃើញ​ពន្លឺ​ប្រឹមៗ​មួយ ។ ភ្លាម​នេះ ខ្ញុំ​បាន​ចាប់ផ្តើម​ទទួល​អារម្មណ៍​បញ្ជាក់​ថា​គ្រប់​យ៉ាង​នឹង​មិន​អី​ទេ ។ ខ្ញុំ​បាន​ខំ​បន្ត​ធាក់​កង់​ទៅមុខ​ទៀត ដោយ​ពឹង​លើ​ពន្លឺ​ពិល​របស់​មិត្ត​ខ្ញុំ និង ពន្លឺ​ប្រឹមៗ​ដែល​ភ្លឺ​ខ្លាំង​ឡើងៗ​នោះ ។ ខ្ញុំ​មាន​ទំនុកចិត្ត​ឡើង​វិញ​បណ្តើរៗ នៅពេល​ពន្លឺ​នោះ​បាន​ភ្លឺ​កាន់តែ​ច្បាស់ និង ខ្លាំង​ឡើង ។ អស់​ចម្ងាយ​យ៉ាង​វែង​ពីមុន​ដល់​ចុង​មាត់​ច្រក​នៃ​ផ្លូវ​រូង​ភ្នំ ខ្ញុំ​ពុំ​ត្រូវការ​ជំនួយ​ពី​មិត្ត​របស់​ខ្ញុំ​ទៀត​ឡើយ ។ ការព្រួយ​បារម្ភ​ទាំង​ប៉ុន្មាន​បាន​រលាយ​សូន្យ​ឈឹង នៅពេល​យើង​បាន​ធាក់​កង់​យ៉ាង​លឿន​ឆ្ពោះ​ទៅ​រក​ពន្លឺ​នោះ ។ ខ្ញុំ​បាន​ទទួល​អារម្មណ៍​ស្ងប់ និង ការធានា តាំងតែ​ពី​មុន​ពួក​ខ្ញុំ​បាន​ជិះកង់​ចូល​ផ្លូវ​រូង​ភ្នំ​នា​ពេល​ព្រឹក​ដ៏​កក់ក្តៅ និង ស្រស់​ត្រកាល​នោះ​ម្ល៉េះ ។

យើង​រស់នៅ​ក្នុង​ពិភពលោក​មួយ​ដែល​យើង​នឹង​ដកពិសោធន៍​ឧបសគ្គ​នានា​ជាមួយ​នឹង​ក្តីជំនឿ​របស់​យើង ។ យើង​អាច​ទទួល​អារម្មណ៍​នៃ​ទំនុកចិត្ត​ថា យើង​បាន​ត្រៀម​ខ្លួន​រួច​ជាស្រេច​ដើម្បី​ទប់ទល់​នឹង​ឧបសគ្គ​ទាំង​នេះ—តែ​ក្រោយ​មក​យើង​ឃើញ​ថា​ការត្រៀម​ខ្លួន​របស់​យើង​ពុំ​បាន​គ្រប់គ្រាន់​ឡើយ ។ ហើយ​ដូច​ដែល​មិត្ត​របស់​ខ្ញុំ​បាន​ប្រាប់​ខ្ញុំ​ជាមុន​អំពី​ភាព​ងងឹត នោះ​យើង​ក៏​ត្រូវបាន​ព្រមាន​អំពី​វា​នៅ​បច្ចុប្បន្ន​នេះ​ផងដែរ ។ សំឡេង​នៃ​ពួក​សាវក​ជំរុញ​យើង​ឲ្យ​ត្រៀម​ខ្លួន​ជាមួយ​នឹង​ពន្លឺ​ដ៏​មាន​អំណាច​នៃ​កម្លាំង​ខាង​វិញ្ញាណ ។

ដូចគ្នា​នេះ​ផងដែរ យើង​អាច​មាន​អារម្មណ៍​ខ្មាស់អៀន ពុំ​សុខស្រួល ឬ ច្របូកច្របល់​ខាង​វិញ្ញាណ នៅពេល​យើង​ប្រឈម​មុខ​នឹង​ឧបសគ្គ​មួយ​ដែល​មាន​ដល់​ក្តីជំនឿ​របស់​យើង ។ ជាទូទៅ​ភាព​ខ្លាំងក្លា និង រយៈពេល​នៃ​អារម្មណ៍​ទាំងនេះ​នឹង​ផ្អែក​ទៅ​លើ​ប្រតិកម្ម​របស់​យើង​ចំពោះវា ។ ប្រសិនបើ​យើង​ពុំ​ធ្វើ​អ្វី​សោះ នោះ​ការសង្ស័យ អំនួត ហើយ​ទីបំផុត​ការក្បត់​សាសនា​អាច​ឆក់​ទាញ​យក​យើង​ចេញ​ពី​ពន្លឺ​នេះ ។

ខ្ញុំ​បាន​រៀន​មេរៀន​សំខាន់​មួយ​ចំនួន មកពី​បទពិសោធន៍​របស់​ខ្ញុំ​នៅក្នុង​ផ្លូវ​រូង​ភ្នំ​នោះ ។ ខ្ញុំ​នឹង​ចែកចាយ​វា​តែ​ពីរបី​ប៉ុណ្ណោះ ។

ទីមួយ មិន​ថា​ភាព​ងងឹត​នៃ​មន្ទិល​សង្ស័យ​ក្រាស់​ប៉ុណ្ណា​នោះទេ យើង​ត្រូវ​ជ្រើស​យក​រយៈពេល និង កម្រិត​ណា​ដែល​យើង​អនុញ្ញាត​ឲ្យ​វា​ជះ​ឥទ្ធិពល​លើ​យើង ។ យើង​ត្រូវតែ​ចាំ​ពី​សេចក្តី​ស្រឡាញ់​ដ៏​ខ្លាំង​របស់​ព្រះវរបិតាសួគ៌​របស់​យើង និង ព្រះរាជបុត្រា​ទ្រង់​មាន​ចំពោះ​យើង ។ ពួក​ទ្រង់​នឹង​ពុំ​បោះបង់​យើង ហើយ​ក៏​ពុំ​ឲ្យ​យើង​ចាញ់​ឡើយ ប្រសិន​បើ​យើង​ស្វែងរក​ជំនួយ​ពី​ព្រះអង្គ ។ សូម​ចាំ​ពី​បទពិសោធន៍​របស់​ពេត្រុស​នៅលើ​រលក​នៃ​សមុទ្រ​កាលីឡេ ។ នៅពេល​ពេត្រុស​ឃើញ​ពី​ភាពងងឹត​ដ៏​ត្រជាក់​នៅ​ព័ទ្ធ​ជុំវិញ​ខ្លួន នោះ​លោក​បាន​ទទួល​ស្គាល់​ពី​ការខ្វល់ចិត្ត​របស់​លោក​ភ្លាម ហើយ​បាន​ជ្រើសយក​ការអំពាវនាវ​រក​ជំនួយ​នៅពេល​នោះ​តែ​ម្តង ។ លោក​ពុំ​សង្ស័យ​ពី​ព្រះចេស្តា​របស់​ព្រះ​សង្គ្រោះ​ដើម្បី​សង្គ្រោះ​លោក​ឡើយ លោក​ស្រែក​យ៉ាង​សាមញ្ញ​ថា « ព្រះអម្ចាស់​អើយ សូម​ជួយ​សង្គ្រោះ​ទូលបង្គំ​ផង » ។

នៅក្នុង​ជីវិត​របស់​យើង ព្រះសង្គ្រោះ​បាន​លាត​ព្រះពាហុ​ទ្រង់​តាមរយៈ​ជំនួយ​មក​ពី មិត្តភក្តិ ថ្នាក់​ដឹកនាំ​ដ៏​ជាទី​ទុកចិត្ត ឬ ឪពុក​ម្តាយ​ដែល​ពេញ​ដោយ​ក្តី​ស្រឡាញ់ ។ អំឡុង​ពេល​ដែល​យើង​ពុះពារ​នៅក្នុង​ភាព​ងងឹត នោះ​វា​ពុំ​ខុស​ឆ្គង​ឡើយ​ដើម្បី​ពឹងផ្អែក​បណ្តោះ​អាសន្ន លើ​ពន្លឺ​នៃ​អស់​អ្នក​ដែល​ស្រឡាញ់​យើង ហើយ​យល់​យ៉ាង​ច្បាស់​ពី​ចំណាប់​អារម្មណ៍​នៃ​ដួងចិត្ត​របស់​យើង​នោះ ។

នៅពេល​យើង​ពិចារណា​ដោយ​ចេះ​គិតគូរ​ថា ហេតុអ្វី​យើង​ស្តាប់​តាម​អស់​អ្នក​ដែល​គ្មាន​អត្តសញ្ញាណ ជា​អ្នក​ដែល​ចំអក​ដល់​យើង​ពី​អគារ​ដ៏​ធំ ហើយ​ទូលាយ​នោះ​នៅក្នុង​ជំនាន់​របស់​យើង ហើយ​បែរ​ជា​ព្រងើយ​កន្តើយ​នឹង​ការអង្វរក​នៃ​អស់​អ្នក​ដែល​ស្រឡាញ់​យើង​យ៉ាង​ស្មោះ​ទៅ​វិញ ? វត្តមាន​នៃ​ពួក​អ្នក​ប្រឆាំង​ទាំង​នេះ​គឺ​មាន​បំណង​ហែកហួរ​ជាជាង​លើកតម្កើង ព្រមទាំង​ចំអក​ឡកឡឺយ​ជាជាង​លើក​ស្ទួយ ។ ពាក្យ​ចំអក​របស់​ពួកគេ អាច​ស៊ីរូង​ទៅក្នុង​ជីវិត​យើង ជាញយៗ​វា​ចូល​យ៉ាង​លឿន​ដោយ​ប្រុងប្រយ័ត្ន ហើយ តែ​មួយ​រយៈ​ខ្លី​ប៉ុណ្ណោះ តាមរយៈ​គ្រឿង​អេឡិចត្រូនិច ព្រមទាំង​មាន​ចេតនា​បំផ្លាញ​សេចក្តី​ជំនឿ​របស់​យើង​ផងដែរ ។ តើ​វា​មាន​ភាព​ឆ្លាតវៃ​ទេ ដើម្បី​ដាក់​សុខុមាលភាព​ដ៏​អស់​កល្ប​ជានិច្ច​របស់​យើង​នៅក្នុង​កណ្តាប់​ដៃ​នៃ​ជន​ចម្លែក​នោះ ? តើ​វា​មាន​ភាព​ឆ្លាតវៃ​ទេ ដើម្បី​ទាមទារ​យក​ការយល់​ដឹង​ពី​អស់​អ្នក​ដែល​គ្មាន​ពន្លឺ​ផ្តល់​ឲ្យ​យើង ឬ ពី​អស់​អ្នក​ដែល​លាក់បាំង​គម្រោងការ​ផ្ទាល់ខ្លួន​ជាមួយ​យើង​នោះ ? អ្នក​កេង​ប្រយោជន៍​ទាំង​នេះ បើ​ត្រូវបាន​បង្ហាញ​ដល់​យើង​ដោយ​ស្មោះត្រង់ នោះ​យើង​នឹង​ពុំ​ផ្តល់​ឱកាស​ដល់​វា​ឡើយ តែ​ដោយសារ​វា​កែងប្រវ័ញ្ច​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម បាន​លាក់​បំបាំង​ពី​ការត្រួតពិនិត្យ ទើប​ពួក​វា​ទទួល​បាន​ភាពជឿជាក់​ដែល​វា​មិនសម​នឹង​ទទួល​បាន​ឡើយ ។

ជម្រើស​របស់​យើង​ដើម្បី​ស្តាប់​តាម​អស់​អ្នក​ដែល​ចំអក​ចំពោះ​កិច្ចការ​ពិសិដ្ឋៗ នឹង​ធ្វើ​ឲ្យ​យើង​ឃ្លាត​ឆ្ងាយ​ពី​សេចក្តី​សង្គ្រោះ និង ពន្លឺ​ដែល​ប្រទាន​ដល់​ជីវិត​ពី​ព្រះអង្គ​សង្គ្រោះ ។ យ៉ូហាន​បាន​កត់ត្រា ៖ « ព្រះយេស៊ូវ​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​គេ​ម្តង​ទៀត​ថា ខ្ញុំ​ជា​ពន្លឺ​លោកីយ៍ អ្នក​ណា​ដែល​តាម​ខ្ញុំ នោះ​មិន​ដែល​ដើរ​ក្នុង​សេចក្តី​ងងឹត​ឡើយ គឺ​នឹង​មាន​ពន្លឺ​នៃ​ជីវិត​វិញ » ។ សូម​ចាំ​ថា​អស់​អ្នក​ដែល​ស្រឡាញ់​យើង​ពិតប្រាកដ អាច​ជួយ​យើង​ឲ្យ​ស្ថាបនា​សេចក្តី​ជំនឿ​របស់​យើង​បាន ។

គឺ​ដូច​ជា​ខ្ញុំ​មាន​ការខ្មាស់អៀន​នៅក្នុង​ផ្លូវ​រូង​ភ្នំ នោះ​យើង​អាច​មាន​អារម្មណ៍​ខ្មាស់អៀន​ដើម្បី​សុំ​ជំនួយ​នៅពេល​យើង​មាន​មន្ទិល​សង្ស័យ ។ ប្រហែល​យើង​គឺ​ជា​បុគ្គល​ម្នាក់​ដែល​មនុស្ស​ផ្សេង​ទៀត​រំពឹង​សុំ​កម្លាំង ប៉ុន្តែ​ឥឡូវ​យើង​បែរ​ជា​ត្រូវការ​ជំនួយ​វិញ ។ នៅពេល​យើង​ដឹង​ថា ពន្លឺ និង ការលួងលោម​ដែល​ព្រះអង្គ​សង្គ្រោះ​អាច​ប្រទាន​ដល់​យើង មាន​តម្លៃ​ខ្លាំង​ជាង​អំនួត នោះ​ថ្នាក់​ដឹកនាំ​ដ៏​បំផុស​គំនិត ឪពុក​ម្ដាយ និង មិត្តភក្ដិ​ដ៏​ជាទីទុក​ចិត្ត​អាច​ជួយ​យើង​បាន ។ ពួកគេ​បាន​ត្រៀម​ខ្លួន​រួច​ជាស្រេច​ដើម្បី​ជួយ​យើង ទទួល​បាន​ការបញ្ជាក់​ខាង​វិញ្ញាណ ដែល​នឹង​ពង្រឹង​យើង​ទប់ទល់​នឹង​ឧបសគ្គ​នានា​នៃ​សេចក្តីជំនឿ ។

ទីពីរ យើង​ត្រូវ​ទុកចិត្ត​លើ​ព្រះអម្ចាស់ ដើម្បី​បង្កើន​កម្លាំង​ខាង​វិញ្ញាណ​នៅក្នុង​ខ្លួន​របស់​យើង ។ យើង​ពុំ​អាច​ពឹង​ផ្អែក​លើ​ពន្លឺ​ពី​មនុស្ស​ដទៃ​រហូត​នោះ​ទេ ។ ខ្ញុំ​បាន​ដឹង​ថា ភាព​ងងឹត​នៅក្នុង​ផ្លូវ​រូង​ភ្នំ​នឹង​ពុំ​ងងឹត​យូរ​ឡើយ ប្រសិន​បើ​ខ្ញុំ​បន្ត​ធាក់​កង់​ក្បែរ​មិត្ត​ខ្ញុំ និង ក្នុង​ដែន​សុវត្ថិភាព​នៃ​ក្រុម​ខ្ញុំ​នោះ ។ ប៉ុន្តែ​ក្តីរំពឹង​របស់​ខ្ញុំ​គឺ​ថា ខ្ញុំ​អាច​ជិះកង់​ទៅ​មុខ​បាន​ដោយ​ខ្លួន​ឯង នៅពេល​ខ្ញុំ​បាន​ឃើញ​ពន្លឺ​នោះ ។ ព្រះអម្ចាស់​បង្រៀន​យើង​ថា « ចូរចូល​មក​ជិត​យើង នោះ​យើង​នឹង​ចូល​ទៅ​ជិត​អ្នក ចូរ​ព្យាយាម​ស្វែងរក​យើង នោះ​អ្នក​រាល់​គ្នា​នឹង​បាន​ជួប​យើង ចូរ​សូម នោះ​អ្នក​រាល់​គ្នា​នឹង​បាន​ទទួល ចូរគោះ​នោះ​តែង​នឹង​បាន​បើក​ឲ្យ​អ្នក » ។ យើង​ត្រូវតែ​អនុវត្ត ដោយ​រំពឹង​ថា​ព្រះអម្ចាស់​នឹង​បំពេញ​ការសន្យា​របស់​ទ្រង់ ដើម្បី​លើក​យើង​ឡើង​ចេញ​ពី​ភាព​ងងឹត​នោះ ប្រសិន​បើ​យើង​ចូល​ទៅ​ជិត​ទ្រង់ ។ ប៉ុន្តែ មារសត្រូវ​នឹង​ព្យាយាម​បញ្ចុះបញ្ចូល​យើង​ថា យើង​ពុំ​ទទួល​អារម្មណ៍​នៃ​ព្រះចេស្តា​នៃ​ព្រះវិញ្ញាណ​ឡើយ ហើយ​ថា​វា​កាន់តែ​ងាយ​ស្រួល​បើយើង​បញ្ឈប់​ការព្យាយាម​នោះ ។

ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ ទូន្មាន​យើង​ថា « ចូរសង្ស័យ​មន្ទិល​អ្នក ពី​មុន​សង្ស័យ​សេចក្ដី​ជំនឿ​អ្នក » ។ ថ្មីៗ​នេះ នៅ​ក្នុង​វួដ​កំណើត​របស់​ខ្ញុំ យុវជន​ម្នាក់​បាន​និយាយ​ថា « មាន​រឿង​ជា​ច្រើន​ដែល​ខ្ញុំ​បាន​ទទួល​អារម្មណ៍ តែ​ខ្ញុំ​ពុំ​អាច​ពន្យល់​បាន​តាម​របៀប​ណា​មួយ​ផ្សេង​ឡើយ លើកលែង​តែ​តាម​របៀប​របស់​ព្រះ​ប៉ុណ្ណោះ » ។ នេះ​គឺ​ជា​ភាព​ថ្លៃថ្នូរ​ខាង​វិញ្ញាណ ។

នៅពេល​ជួប​នូវចម្ងល់ ឬ ការល្បួង​ឲ្យ​មាន​មន្ទិល​សង្ស័យ នោះ​យើង​គួរតែ​ចងចាំ​ពី​ពរជ័យ​ខាង​វិញ្ញាណ និង អារម្មណ៍​ដែល​បាន​ជ្រាប​ចូល​ក្នុង​ដួងចិត្ត និង ជីវិត​របស់​យើង​កាល​ពី​អតីតកាល ហើយ​ដាក់​សេចក្តី​ជំនឿ​របស់​យើង​លើ​ព្រះវរបិតាសួគ៌ និង ព្រះរាជបុត្រា​ទ្រង់​គឺ​ព្រះយេស៊ូវគ្រីស្ទ ។ ទំនុកតម្កើង​ដែល​ខ្ញុំ​ស្គាល់​បាន​រំឭក​ខ្ញុំ​ពី​ការទូន្មាន​នេះ ៖ « យើង​មិន​សង្ស័យ​ព្រះគុណ​ព្រះអម្ចាស់ [ ដ្បិត ] យើង​ពិសោធន៍​ទ្រង់​កាល​ពីមុន​មក » ។ ការព្រងើយ​កន្ត្រើយ និង មិន​ផ្តល់​តម្លៃ​ដល់​បទពិសោធន៍​ខាង​វិញ្ញាណ​ពី​អតីតកាល​នឹង​ធ្វើ​ឲ្យ​យើង​ឃ្លាត​ឆ្ងាយ​ពី​ព្រះ ។

ការស្វែងរក​ពន្លឺ​របស់​យើង​នឹង​ត្រូវបាន​ពង្រីក​ឡើង តាមរយៈ​ឆន្ទៈ​របស់​យើង​ដើម្បី​ទទួល​ស្គាល់​វា នៅពេល​វា​រះ​ឡើង​នៅក្នុង​ជីវិត​របស់​យើង ។ ព្រះគម្ពីរ​សម័យ​ទំនើប​បាន​ផ្តល់​អត្ថន័យ​ពី​ពន្លឺ ហើយ​ផ្តល់​ការសន្យា​មួយ​ដល់​អស់​អ្នក​ដែល​ទទួល​យក​ពន្លឺ​នោះ ៖ « អ្វី​ដែល​មក​ពី​ព្រះ​ជា​ពន្លឺ ហើយ​អ្នក​ណា​ដែល​ទទួល​ពន្លឺ ហើយ​នៅ​ជាប់​ក្នុង​ព្រះ នោះ​ទទួល​ពន្លឺ​ថែម​ទៀត ហើយ​ពន្លឺ​នោះ​ភ្លឺ​កាន់តែ​ខ្លាំង​ឡើងៗ រហូត​ដល់​ថ្ងៃ​បាន​ល្អ​ឥតខ្ចោះ » ។ គឺ​ដូច​នៅពេល​យើង​បន្ត​ធាក់​កង់​ឆ្ពោះ​ទៅ​កាន់​ពន្លឺ​នោះ ដរាប​ណា​យើង​ខំ​ព្យាយាម ដរាប​នោះ​ពន្លឺ​នៃ​ព្រះចេស្តា​របស់​ទ្រង់​នឹង​កាន់តែ​មាន​ច្រើន​ឡើង​នៅក្នុង​ជីវិត​របស់​យើង ។ ដូច​ជា​ពន្លឺ​នៅ​ចុង​មាត់​ច្រក​នៃ​ផ្លូវ​រូង​ភ្នំ​នោះ​ដែរ ព្រះចេស្តា​របស់​ទ្រង់​នឹង​នាំ​មក​យើង​នូវ ទំនុក​ចិត្ត ការប្តេជ្ញា​ចិត្ត ការលួងលោម ព្រមទាំង—ការណ៍​ដ៏​សំខាន់​បំផុត​នោះ—គឺ​អំណាច​ដើម្បី​ដឹង​ថា​ទ្រង់​មាន​ព្រះជន្ម​រស់ ។

ទីបី គ្មាន​ភាព​ងងឹត​ដ៏​ក្រាស់ ពេញពេញ​ដោយ​គ្រោះថ្នាក់ ឬ លំបាក​ខ្លាំង​ដែល​ពន្លឺ​ពុំ​អាច​យក​ឈ្នះ​លើ​វា​បាន​ឡើយ ។ អែលឌើរ នែល អិល អាន់ឌើរសិន បាន​បង្រៀន​ក្នុង​ពេល​ថ្មីៗ​នេះ ៖ « ដោយសារ​តែ​អំពើ​អាក្រក់​កើន​ឡើង​នៅក្នុង​ពិភព​លោក​នេះ នោះ​មាន​អំណាច​ខាង​វិញ្ញាណ​មួយ​ដែល​អាច​ប៉ះប៉ូវ​បាន​សម្រាប់​ពួក​សុចរិត ។ ដោយសារ​ពិភពលោក​នេះ​បាន​រអិល​ចេញ​ពី​ចំណត​ខាង​វិញ្ញាណ​របស់​ខ្លួន នោះ​ព្រះអម្ចាស់​រៀបចំ​ផ្លូវ​ដល់​អស់​អ្នក​ដែល​ស្វែងរក​ទ្រង់ ដោយ​ប្រទាន​ដល់​ពួកគេ​នូវ​ការ​ធានាអះអាង ការបញ្ជាក់ និង ទំនុក​ចិត្ត​កាន់តែ​ខ្លាំង​ឡើង​នៅក្នុង​ការដឹកនាំ​ខាង​វិញ្ញាណ​ដែល​ពួកគេ​កំពុង​ធ្វើ​ដំណើរ​នោះ ។ អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ក្លាយ​ជា​ពន្លឺ​កាន់តែ​ភ្លឺ​ឡើង​នៅ​ពេល​សុរិយា​អស្ដង្គត » ។

បងប្អូន​ប្រុសស្រី យើង​ពុំ​ត្រូវបាន​ទុក​ចោល​ឲ្យ​នៅ​ឯកោ​ឡើយ ដើម្បី​ទទួល​ឥទ្ធិពល​ពី​គ្រប់​អស់​ទាំង​ការយល់​ដឹង និង ការផ្លាស់ប្តូរ​នៅក្នុង​ឥរិយាបថ​នៃ​ពិភពលោក​នេះ ប៉ុន្តែ​យើង​មាន​អំណាច​ដើម្បី​ជ្រើស​យក​ការជឿ​ជាជាង​សង្ស័យ ។ ដើម្បី​ទទួល​បាន​នូវ​ការសន្យា​ដែល​អាច​ប៉ះប៉ូវ​បាន​នេះ យើង​ត្រូវ​ជ្រើសរើស​ស្តាប់​តាម​ការទូន្មាន​របស់​ព្យាការី ទទួល​ស្គាល់ ហើយ​អនុវត្ត​តាម​ការបំផុស​គំនិត​ខាង​វិញ្ញាណ គោរព​ប្រតិបត្តិ​តាម​ព្រះបញ្ញត្តិ​ព្រះ ហើយ​ស្វែងរក​វិវរណៈ​ផ្ទាល់​ខ្លួន ។ យើង​ត្រូវតែ​ជ្រើសរើស ។ សូម​ឲ្យ​យើង​ជ្រើសរើស​យក​ពន្លឺ​នៃ​ព្រះអង្គ​សង្គ្រោះ ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។