ឆ្នាំ ២០១០-២០១៩
ខ្ញុំ​ឆ្ងល់​យ៉ាង​អស្ចារ្យ
តុលា 2015


ខ្ញុំ​ឆ្ងល់​យ៉ាង​អស្ចារ្យ

ទីបន្ទាល់របស់ខ្ញុំ​អំពីព្រះយេស៊ូវ​គ្រីស្ទ ត្រូវ​បាន​ស្ថាបនាឡើង​មកពី​បទពិសោធន៍ពិសេស​ៗ​ជាច្រើន​ដែល ខ្ញុំ​បានស្គាល់​ក្ដីស្រឡាញ់​ដ៏អស្ចារ្យ​របស់ទ្រង់​ចំពោះ​យើង​ម្នាក់ៗ ។

បងប្អូន​ប្រុស​ស្រីនៅ​ទូទាំងពិភពលោក​ជា​ទីស្រឡាញ់ ខ្ញុំ​មានអំណរគុណ​ណាស់​ចំពោះ​គណៈ​ប្រធាន​ទីមួយ​សម្រាប់​ការ​អញ្ជើញ​ឲ្យ​ខ្ញុំ​ចែកចាយ​ទីបន្ទាល់ដ៏​រាបសា​របស់​ខ្ញុំ​នា​ថ្ងៃ​បរិសុទ្ធ​នេះ ។ ទំនុកបទ​ក្នុង​ទំនុកតម្កើង​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយមួយ ​បានពិពណ៌នា​អំពី​អារម្មណ៍​ថ្មីៗ​របស់ខ្ញុំ ៖

ខ្ញុំ​ឆ្ងល់​យ៉ាង​អស្ចារ្យ​នូវ​ក្ដីស្នេហ៍​ព្រះគ្រីស្ទ​ឲ្យ​ខ្ញុំ

ទាំង​ឆ្ងល់​ចំពោះ​ព្រះគុណ​ដែលព្រះអង្គ​បានប្រទាន​ដល់​ខ្ញុំ ។ …

ខ្ញុំ​ស្ងប់ស្ងែង​ដែល​ទ្រង់​បាន​យាងចុះ​ពី​បល្ល័ង្គ​ឧត្តម

ដើម្បី​សង្គ្រោះ​ព្រលឹង​ដ៏​កាច​ឆ្មើង​ឆ្មៃ​ដូច​រូប​ខ្ញុំ

ដែល​ទ្រង់​មានព្រះទ័យ​ស្រឡាញ់​ដល់​មនុស្ស​ដូច​ជា​ខ្ញុំ

គ្រប់គ្រាន់​នឹង​ចិញ្ចឹម​ និងប្រោសលោះ​ និងរាប់អាន​ដល់ខ្ញុំ ។ …

ឱ នេះ​ជាការដ៏អស្ចារ្យ ដ៏អស្ចារ្យដល់ខ្ញុំ !

ពីរបី​ថ្ងៃ​កន្លង​ទៅ ខ្ញុំ​មាន​ឯកសិទ្ធិ​យ៉ាង​អស្ចារ្យ​ដើម្បីជួប​នឹង​គណៈប្រធានទីមួយ ហើយទទួល​ការ​ហៅ​នេះ​មកពី​ព្យាការី​ជាទីស្រឡាញ់​របស់​យើងគឺ ប្រធាន ថូម៉ាស អេស ម៉នសុន ។ ខ្ញុំ​ចង់​ធ្វើជា​សាក្សី​ដល់បងប្អូន​ទាំងអស់​អំពី​ភាព​រឹងមាំ និង​ក្ដីស្រឡាញ់​របស់ប្រធាន ម៉នសុន បានមាន​ពេល​លោក​ថ្លែង​មក​ខ្ញុំ​ថា « ការហៅ​នេះ​ចេញ​ពី​ព្រះ​អម្ចាស់ ព្រះយេស៊ូវគ្រីស្ទ » ។

ខ្ញុំ​មានអារម្មណ៍ដ៏​លើល​លប់ ហើយ​ញាប់ញ័រ​ជាខ្លាំង​ពេលគិត​អំពី​សារៈសំខាន់​នៃ​ពាក្យ​ទាំងនោះ​ដែល​ត្រូវ​បានថ្លែង​ដោយ​ទន់ភ្លន់​ពី​ព្យាការី​ជា​ទីស្រឡាញ់របស់​យើង ។ ប្រធាន ម៉នសុន ប្រធាន អាវរិង ប្រធាន អុជដូហ្វ ខ្ញុំ​ស្រឡាញ់ពួក​លោក ហើយ​ខ្ញុំ​នឹង​បម្រើ​ព្រះអម្ចាស់ និង​លោក​ដោយអស់ពី​ចិត្ត គំនិត កម្លាំង និង​ពលំ​របស់ខ្ញុំ ។

ខ្ញុំ​ស្រឡាញ់​ប្រធាន ប្រធាន ប៊យដ៏ ឃេ ផាកកឺ និង អែលឌើរ អិល ថម ភែរី​ និង រីឆាដ ជី ស្កត ។ ខ្ញុំ​នឹក​ពួក​លោក​ខ្លាំង​ណាស់ ។ ខ្ញុំ​មានពរ​ដែល​ទទួលបានការ​បំពាក់បំប៉ន និង​បង្រៀន​មកពី​បងប្អូន​ប្រុស​ជាទីស្រឡាញ់​ទាំងនេះ ។ ​ ខ្ញុំ​ពុំ​មាន​ភាពសក្ដិសម​ដើម្បីជំនួស​ពួក​លោក​ទាំង​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​មានកិត្តិយស​ដើម្បី​ឈរ​យ៉ាង​រឹងប៉ឹងជាមួយពួក​លោក ហើយ​បន្ដ​នៅក្នុង​ការ​បម្រើ​របស់ព្រះអម្ចាស់ ។

នៅពេល​ខ្ញុំ​គិត​អំពី​អ្នក​ទាំងឡាយ​ដែល​បាន​ជួយ​​ខ្ញុំឲ្យ​ក្លាយ​ជា​រូបខ្ញុំ​នាពេលនេះ ខ្ញុំ​គិត​ដំបូង​គេនោះ​​គឺ​ដៃគូ​​ជាទីស្រឡាញ់ និង​ដែល​ពុំ​គិត​ពីខ្លួនឯងដ៏អស់កល្ប​​​របស់ខ្ញុំ មេឡានី ។ អស់ជាច្រើនឆ្នាំ​ នាង​បាន​ជួយ​ខ្ញុំ​ឲ្យ​ប្រែក្លាយ​កាន់​តែ​ដូចជា​សិស្ស​របស់ព្រះ​យេស៊ូគ្រីស្ទ ។ ក្ដីស្រឡាញ់ និងការ​បម្រើ​របស់​នាង និង​កូនៗ​ប្រាំ​នាក់របស់​យើង ព្រមទាំង​ភរិយា និងស្វាមី​របស់ពួកគេ និង​ចៅៗ ២៤ នាក់របស់​យើង គាំទ្រ​ដល់​ខ្ញុំ ។ ខ្ញុំ​ស្រឡាញ់​​គ្រួសារ​ជាទីស្រឡាញ់​របស់ខ្ញុំ ។

ដូច​ជា​នីហ្វៃ​ពីបុរាណ ខ្ញុំ​បានកើត​មក​ពី​ឪពុក​ម្ដាយ​ល្អ នៅក្នុង​ដំណឹងល្អ ហើយ​ពួក​គាត់កើត​មក​ពី​​ឪពុក​ម្ដាយ​ល្អ​ប្រាំ​មួយជំនាន់ ។ ជីដូនជីតា​ដំបូង​បំផុត​របស់ខ្ញុំ ដែលបាន​ចូលរួម​ក្នុង​សាសនាចក្រ គឺ​មកពី​ប្រទេស​អង់គ្លេស និង​ប្រទេស​ដាណាម៉ាក ។ អ្នកត្រួសត្រាយផ្លូវ​ទាំងនេះ បាន​លះបង់​អ្វីៗ​ទាំងអស់​​សម្រាប់​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​បន្សល់​ទុក​នូវ​កេរដំណែល​សម្រាប់​កូនចៅ​របស់ពួកគាត់​ឲ្យ​ដើរ​តាម ។ ខ្ញុំ​មាន​អំណរគុណ​ណាស់​ចំពោះ​គ្រួសារ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ជា​ច្រើន​ជំនាន់ ហើយ​ខ្ញុំ​ដឹង​ថា នេះគឺ​ជា​គោលដៅ​ដ៏​សក្តិសម​មួយ​សម្រាប់​យើងទាំងអស់គ្នា​ដើម្បី​ព្យាយាមចាប់​យក​វា ។

អ្នកដទៃជាច្រើនទៀត បាន​លះបង់​ដើម្បី​រៀបចំជីវិត​របស់ខ្ញុំ​សម្រាប់ការ​ហៅ​ថ្មីនេះ។ ពួកគេ​ទាំង​នោះ​គឺ មិត្តពីកុមារភាព​ និង​គ្រួសារ​របស់ខ្ញុំ អ្នកដឹកនាំ គ្រូបង្រៀនពីមុនៗ និង​អ្នក​ឲ្យ​ដំបូន្មាន​ពេញមួយ​ជីវិត​របស់ខ្ញុំ ។ ខ្ញុំ​ត្រូវ​រួម​បញ្ចូល​ទាំង​អស់​អ្នក​ដែល​មកពី​បេសកកម្ម​មុនៗ​របស់ខ្ញុំ​នៅ​រដ្ឋ​ប៉ែក​ខាង​កើត និង​អ្នកផ្សព្វផ្សាយសាសនា​ជាទីស្រឡាញ់​របស់​យើង មកពី​បេសកកម្ម​នូវយ៉ោក នូវ​យ៉ោក​ខាង​ជើង ។ ខ្ញុំ​មាន​អំណរគុណខ្លាំង​ណាស់ ​សម្រាប់​មនុស្ស​ជាច្រើន​ដែល​មានឥទ្ធិពល និង​តម្រែតម្រង់​ជីវិត​ខ្ញុំ ។

ខ្ញុំ​បាន​បម្រើ​ដោយ​រីករាយ​ជាមួយ​នឹង​បងប្អូន​ប្រុស​នៃ​ពួកចិតសិបនាក់​របស់ខ្ញុំ ។ អស់រយៈពេល ១៥ ឆ្នាំ​ហើយ ដែលខ្ញុំ​បាន​នៅក្នុង​កូរ៉ុម​ដ៏​អស្ចារ្យ​បំផុត និង​ភាព​ជាបងប្អូន​ប្រុស​ជាទីស្រឡាញ់​នៃ​សាសនាចក្រ ។ សូម​អរគុណ បងប្អូនដែល​ជា​អ្នកបម្រើ​ជាទី​ស្រឡាញ់​របស់ខ្ញុំ ។ ឥឡូវ ខ្ញុំ​ទន្ទឹង​រង់ចាំ​នៅក្នុង​កូរ៉ុម​ថ្មី ។ ប្រធាន រ័សុល អិម ណិលសុន ខ្ញុំ​ស្រឡាញ់លោក​ និងសមាជិក​នៃ​កូរ៉ូម​នៃ​ពួកសាវក​ដប់ពីរ​នាក់​ម្នាក់ៗខ្លាំងណាស់ ។​

ស៊ិស្ទើរ រ៉ាសបាន និង ខ្ញុំ​មានពរ​ដើម្បី​ទៅជួប​សមាជិកអំឡុង​ពេល​នៃ​ ការ​ចាត់តាំង​​ទៅ​ក្នុង​សាលាប្រជុំ និង​បេសកកម្មជាច្រើន នៅជុំ​វិញ​ពិភពលោក ។ ពួក​យើង​ស្រឡាញ់​ពួកបរិសុទ្ធ​គ្រប់ទីកន្លែង ! សេចក្ដីជំនឿ​របស់​បងប្អូន​បាន​ចម្រើន​សេចក្ដីជំនឿ​របស់​យើង ទីបន្ទាល់​របស់បងប្អូន​បាន​បង្កើន​​ទីបន្ទាល់​របស់​យើង ។

ឥឡូវ​នេះ ​បើ​ខ្ញុំអាច​​បន្សល់​ទុក​សារលិខិត​តូច​មួយ​ជាមួយ​បងប្អូន​នាថ្ងៃ​នេះ សារលិខិតនោះគឺ ៖ ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា « ចូរ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ ដូចជា​ខ្ញុំ​បាន​ស្រឡាញ់​​អ្នក​រាល់គ្នា » ។ ខ្ញុំ​មាន​ទំនុកចិត្ត​ថា គ្មាន​ជម្រើស អំពើ​បាប ឬកំហុសណា ដែល​អ្នក ឬ​នរណា​ម្នាក់​បាន​ធ្វើ​ដែលនឹង​ផ្លាស់ប្ដូរ​ក្ដី​ស្រឡាញ់​របស់ទ្រង់​ចំពោះ​បងប្អូន ឬ​ពួកគេ​ទេ ។ នោះ​ពុំ​មែន​មានន័យថា ទ្រង់​អត់ទោស ឬ​បណ្ដោយ​តាម​ទង្វើ​ប្រកប​ដោយអំពើបាប​នោះទេ--ខ្ញុំ​ជឿ​ថា ទ្រង់​មិនអត់ទោស​ឲ្យ​ទេ-- ប៉ុន្តែ​វា​មានន័យថា យើង​ត្រូវ​ឈោង​ជួយ​ដល់​បងប្អូន​របស់យើង​ក្នុង​ក្ដីស្រឡាញ់​ដើម្បី​អញ្ជើញ បញ្ជុះបញ្ចូល បម្រើ និង​សង្គ្រោះ ។ ព្រះយេស៊ូវ​គ្រីស្ទ ពុំ​គិត​អំពី​ជាតិសាសន៍ ឋានៈ និង​ស្ថានភាព​របស់មនុស្ស​​ ដើម្បី​បង្រៀន​ពួកគេ​អំពី​សេចក្ដីពិត​ដ៏​អស្ចារ្យ​នេះ​ឡើយ ។

ខ្ញុំ​ត្រូវ​បាន​សួរ​ជាច្រើនដង​ថា តើខ្ញុំ​ទទួលបាន​ទីបន្ទាល់​របស់ខ្ញុំ​ពីកាលណា ។

ខ្ញុំ​​ជឿ​ទៅលើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទជានិច្ច។ ខ្ញុំ​ស្រឡាញ់​ទ្រង់ ហើយ​ខ្ញុំ​រៀនពី​ទ្រង់​ពេល​លុតជង្គង់ជិត​ម្ដាយ​ដ៏​ល្អ​របស់ខ្ញុំ ពេល​អាន​គម្ពីរ និង​អានរឿង​ដំណឹងល្អ ។ ជំនឿ​ពី​ដំបូង​នោះ បាន​រីកចម្រើន​ពេលនេះ​ក្លាយទៅជា​ចំណេះដឹង និង​សាក្សី​អំពី​ក្ដីស្រឡាញ់​របស់ព្រះវរបិតាសួគ៌ ដែល​ស្ដាប់ និង​ឆ្លើយ​ការ​អធិស្ឋាន​របស់​យើង ។ ទីបន្ទាល់របស់ខ្ញុំ​អំពីព្រះយេស៊ូវ​គ្រីស្ទ ត្រូវ​បាន​ស្ថាបនាឡើង​មកពី​បទពិសោធន៍ពិសេស​ៗ​ជាច្រើន​ដែល ខ្ញុំ​បានស្គាល់​ក្ដីស្រឡាញ់​ដ៏អស្ចារ្យ​របស់ទ្រង់​ចំពោះ​យើង​ម្នាក់ៗ ។

ខ្ញុំ​មាន​អំណរគុណ​ចំពោះ​ដង្វាយធួន​របស់​ព្រះអង្គសង្គ្រោះ​របស់​យើង ហើយចង់​ស្រែក​ដូច​អាលម៉ា​ជាមួយ​នឹង​ត្រែ​នៃ​ព្រះ ។ ខ្ញុំ​ដឹង​ថា យ៉ូសែប ស៊្មីធ គឺជា​ព្យាការី​របស់​ព្រះនៃ​ការ​ស្ដារឡើងវិញ ហើយ​ថា​ព្រះគម្ពីរមរមន​ជា​បន្ទូល​របស់ព្រះ ។ ហើយ​ខ្ញុំ​ដឹង​ថា ប្រធាន ថូម៉ាស អេស ម៉នសុន គឺ​ជា​អ្នក​បម្រើ​ពិត និងជា​ព្យាការី​របស់​ព្រះ​នៅលើ​ផែនដី​សព្វថ្ងៃ​នេះ​។

នៅពេល​យើង​ធ្វើតាម​ព្យាការីរបស់យើង ខ្ញុំ​អធិស្ឋាន​សុំ​ឲ្យ​យើង​មាន​ចិត្ត​សប្បុរស​នៅក្នុង​ដួងចិត្ត​យើង​ចំពោះ​អ្នកដទៃ ហើយ​ថា​យើង​នឹង​ក្លាយជា​សាក្សី​រស់​មួយរូប និង « ឆ្ងល់​យ៉ាង​អស្ចារ្យ​នូវ​ក្ដី​ស្នេហ៍​ព្រះគ្រីស្ទ​ឲ្យ​ដល់​ [ យើង ] » ។ អូ៎ « វា​អស្ចារ្យ អស្ចារ្យ​ចំពោះ​ [ អ្នក និង​ខ្ញុំ ]​ណាស់ » ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។