ឆ្នាំ ២០១០-២០១៩
« បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​ខ្ញុំ ចូរ​កាន់​តាម​បញ្ញត្តិ​របស់​ខ្ញុំ​ចុះ »
តុលា 2015


« បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​ខ្ញុំ ចូរ​កាន់​តាម​បញ្ញត្តិ​របស់​ខ្ញុំ​ចុះ »

បញ្ញត្តិ​​​ព្រះ​គឺជា​ការ​បង្ហាញ​ពី​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ចំពោះ​យើង ហើយ​ការ​គោរព​តាម​បញ្ញត្តិ​ទ្រង់​គឺជា​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ទ្រង់ ។

នៅពេល​កូន​ស្រី​ច្បង​របស់​ខ្ញុំ ជេន បាន​នាំ​កូនស្រី​តូច​ទីបី​របស់​នាង​ចេញ​ពី​មន្ទីរ​ពេទ្យ​ត្រឡប់​មក​ផ្ទះ​វិញ ខ្ញុំ​ក៏​បាន​ទៅ​ជួយ​នាង​នៅ​ផ្ទះ ។ បន្ទាប់​ពី​ជូន​កូនស្រី​ច្បង​នាង​ទៅ​សាលា យើង​បាន​សម្រេច​ចិត្ត​ថា​អ្វី​ដែល​ជេន​ត្រូវ​ការ​បំផុត​នោះ​គឺ​ការ​មើល​ថែ​កូនៗ​ដែល​នៅ​សល់ ។ ដូច្នេះ​អ្វី​ដែល​ខ្ញុំ​អាច​ជួយ​បាន​គឺ​យក ក្លូ កូន​ស្រី​នាង​ទៅ​ផ្ទះ​ជាមួយ​នឹង​ខ្ញុំ ដើម្បី​ឲ្យ​ម្ដាយ​នាង និង​ប្អូន​ស្រី​តូច​នាង​អាច​មាន​ពេល​ស្ងប់​ស្ងាត់​ខ្លះ ។

ខ្ញុំ​បាន​ដាក់​ខ្សែ​ក្រវ៉ាត់​សុវត្ថិភាព​ឲ្យ​ក្លូ ព្រម​ទាំង​ខ្លួន​ឯង​ដែរ រួច​ក៏​បើក​ឡាន​ចេញ​ទៅ ។ ប៉ុន្តែ ពី​មុន​យើង​នៅ​ដល់​ចុង​ផ្លូវ ក្លូ​បាន​ដោះ​ខ្សែ​ក្រវ៉ាត់​នាង​ចេញ ហើយ​ក្រោក​ឡើង​មើល​ស្មា​ខ្ញុំ រួច​និយាយ​នឹង​ខ្ញុំ ! ខ្ញុំ​បាន​ចត​ឡាន​ទៅ​ម្ខាង​ផ្លូវ រួច​ចេញ​ទៅ​ដាក់​ខ្សែ​ក្រវ៉ាត់​ឲ្យ​នាង​វិញ ។

យើង​បាន​ចាប់ផ្ដើម​ធ្វើ​ដំណើរ​ម្ដង​ទៀត ប៉ុន្តែ​មិន​បាន​ប៉ុន្មាន​ផង​នាង​ក៏​ដោះ​ខ្សែ​ក្រវ៉ាត់​នោះ​ចេញ​ទៀត ។ ខ្ញុំ​ត្រូវ​ធ្វើ​តាម​វិធី​មុន​ម្ដង​ទៀត ប៉ុន្តែ​ពេល​នេះ​ពី​មុន​ខ្ញុំ​ចូល​ទៅ​ក្នុង​ឡាន​វិញ ហើយ​ដាក់​ខ្សែ​ក្រវ៉ាត់​ខ្ញុំ​វិញ ក្លូ​បាន​ក្រោក​ឈរ​ឡើង​ម្ដង​ទៀត​រួច​ទៅ​ហើយ !

ខ្ញុំ​ក៏​បាន​ឃើញ​ថា​ខ្លួន​ឯង​អង្គុយ​នៅ​ក្នុង​ឡាន​ដែល​ចត​នៅ​ម្ខាង​ផ្លូវ​កំពុង​ជួប​បញ្ហា​នឹង​ចៅស្រី​អាយុ​បី​ឆ្នាំ ។ ហើយ​នាង​ក៏​ឈ្នះ !

ខ្ញុំ​បាន​ប្រើ​គ្រប់​វិធី​ដែល​ខ្ញុំ​អាច​នឹក​ឃើញ​ដើម្បី​ធ្វើ​ឲ្យ​នាង​ជឿ​ថា ការ​ពាក់​ខ្សែ​ក្រវ៉ាត់​ពេល​ជិះ​ឡាន​គឺជា​គំនិត​មួយ​ល្អ ។ នាង​មិន​ជឿ​ទេ ! នៅ​ទី​បំផុត​ខ្ញុំ​បាន​សម្រេច​ចិត្ត​សាកល្បង​គោលការណ៍​​ប្រសិនបើ/នោះ ។

ខ្ញុំ​និយាយ​ថា « ក្លូ ប្រសិនបើ​ចៅ​ព្រម​ដាក់​ខ្សែ​ក្រវ៉ាត់ នោះ​ពេល​យើង​ទៅ​ដល់​ផ្ទះ​លោក​យាយ​ភ្លាម​យើង​អាច​លេង​ដី​ឥដ្ឋ​ពណ៌ » ។

គ្មាន​ចម្លើយ​ទេ ។

« ក្លូ ប្រសិនបើ​ចៅ​ព្រម​ដាក់​ខ្សែ​ក្រវ៉ាត់ នោះ​យើង​អាច​ធ្វើ​នំប៉័ង​ពេល​យើង​ទៅ​ដល់​ផ្ទះ​លោក​យាយ » ។

គ្មាន​ចម្លើយ​ទេ ។

ខ្ញុំ​បាន​សាកល្បង​ម្ដង​ទៀត ។ « ក្លូ ប្រសិនបើ​ចៅ​ព្រម​ដាក់ខ្សែ​ក្រវ៉ាត់ នោះ​យើង​អាច​ឈប់​នៅ​ផ្សារ​ទិញ​ចំណី » ។

បន្ទាប់​ពី​ការល្បង​បី​ដង​មក ខ្ញុំ​ដឹង​ថា​នេះ​វា​គ្មាន​ប្រយោជន៍​ទេ ។ នាង​បាន​តាំង​ចិត្ត ហើយ​គ្មាន​គោលការណ៍​ប្រសិន​បើ/នោះ មួយ​ណា​អាច​ល្មម​ធ្វើ​ឲ្យ​នាង​ព្រម​ដាក់​ខ្សែ​ក្រវ៉ាត់​ឡើយ ។

យើង​មិន​អាច​ចំណាយ​ពេល​ពេញ​មួយ​ថ្ងៃ​អង្គុយ​នៅ​ក្នុង​ឡាន​ដែល​ចត​នៅ​ម្ខាង​ផ្លូវ​ដូច្នេះ​ទេ ប៉ុន្តែ​ខ្ញុំ​ចង់​គោរព​តាម​ច្បាប់ ហើយ​ក៏​គ្មាន​សុវត្ថិភាព​ក្នុង​ការ​បើក​ឡាន​ឡើយ កាល​ក្លូ​ឈរ​ដូច្នោះ​នោះ ។ ខ្ញុំ​បាន​អធិស្ឋាន​ស្ងាត់ៗ ហើយ​ស្ដាប់​ឮ​ព្រះវិញ្ញាណ​ខ្សឹប​ប្រាប់​ថា « បង្រៀន​នាង » ។

ខ្ញុំ​បាន​ងាក​មើល​មុខ​នាង ហើយ​ដោះ​ខ្សែ​ក្រវ៉ាត់​ចេញ ដើម្បី​នាង​អាច​មើល​ឃើញ ។ ខ្ញុំ​និយាយ​ថា « ក្លូ លោក​យាយ​ពាក់​ខ្សែ​ក្រវ៉ាត់​នេះ​ដោយ​សារ​វា​នឹង​ការពារ​ដល់​យាយ ។ ប៉ុន្តែ​ចៅ​មិន​ព្រម​ពាក់​ខ្សែ​ក្រវ៉ាត់​ទេ ដូច្នេះ​ចៅ​នឹង​គ្មាន​សុវត្ថិភាព​ឡើយ ។ ហើយ​លោក​យាយ​នឹង​សោក​សៅ​ជា​ខ្លាំង បើ​ចៅ​មាន​របួស​នោះ » ។

នាង​បាន​មើល​មុខ​ខ្ញុំ ខ្ញុំ​អាច​ឃើញ​នាង​ទំនង​ជា​ប្ដូរ​គំនិត​ខ្លះ​ហើយ កាល​ខ្ញុំ​បាន​រង់​ចាំ​ចម្លើយ​របស់​នាង ។ នៅ​ទី​បំផុត នាង​បាន​ធ្វើ​ភ្នែក​យ៉ាង​ស្រទន់ រួច​និយាយ​ថា « លោក​យាយ លោក​យាយ​ចង់​ឲ្យ​ចៅ​ពាក់​ខ្សែ​ក្រវ៉ាត់​នេះ​ដោយ​សារ​លោក​យាយ​ស្រឡាញ់​ចៅ​មែនទេ ! »

ព្រះវិញ្ញាណ​បាន​គង់​ក្នុង​ឡាន​នោះ​កាល​ខ្ញុំ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដល់​ចៅស្រី​តូច​ដ៏​មាន​តម្លៃ​នេះ ។ ខ្ញុំ​មិន​ចង់​បាត់​បង់​អារម្មណ៍​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​បាន​ដឹង​ថា​ខ្ញុំ​ត្រូវ​តែ​ចេញ​ទៅ​ដាក់​ខ្សែ​ក្រវ៉ាត់​ឲ្យ​នាង កាល​នៅ​ទាន់​មាន​ឱកាស ។ រួច​ខ្ញុំ​បាន​សួរ​ថា « ក្លូ តើ​ចៅ​នឹង​ពាក់​ខ្សែ​ក្រវ៉ាត់​ជាប់​រហូត​មែន​ទេ ? » ហើយ​នាង​បាន​ធ្វើ​មែន—រហូត​ទៅ​ដល់​ផ្សារ​ដើម្បី​ទិញ​ចំណី ! ហើយ​នាង​បាន​ពាក់​ខ្សែ​ក្រវ៉ាត់​ចាប់​តាំង​ពី​ផ្សារ​រហូត​ដល់​ផ្ទះ​របស់​ខ្ញុំ ជា​កន្លែង​ដែល​យើង​បាន​ធ្វើ​នំប៉័ង ហើយ​បាន​លេង​ដីឥដ្ឋ​ពណ៌ ដោយ​សារ​ក្លូ​មិន​បាន​ភ្លេច​ទេ !

កាល​ខ្ញុំ​បើក​ឡាន​ចេញ​ទៅ​ផ្លូវ​វិញ បទគម្ពីរ​មួយ​បាន​ផុស​ឡើង​ក្នុង​គំនិត​ខ្ញុំ ៖ « បើ​អ្នករាល់គ្នា​ស្រឡាញ់​ខ្ញុំ ចូរ​កាន់​តាម​បញ្ញត្តិ​ខ្ញុំចុះ » យើង​មាន​ច្បាប់​ដើម្បី​បង្រៀន ដឹកនាំ ហើយ​ការពារ​ដល់​កុមារ ។ ហេតុអ្វី ? ដោយ​សារ​យើង​ស្រឡាញ់​ពួកគេ​ខ្លាំង​ណាស់ ។ ប៉ុន្តែ​ទម្រាំ​ក្លូ​បាន​យល់​ថា​បំណង​របស់​ខ្ញុំ​ឲ្យ​នាង​ពាក់​ខ្សែ​ក្រវ៉ាត់​ឲ្យ​ជាប់​គឺ​ដោយ​សារ​ខ្ញុំ​ស្រឡាញ់​នាង ហើយ​បារម្ភ​ពី​សុវត្ថិភាព​របស់​នាង​នោះ ដំបូង​នាង​មិន​ព្រម​ធ្វើ​អ្វី​ដែល​នាង​គិត​ថា​ជា​ការ​រឹតបណ្ដឹង​នោះ​ទេ ។ នាង​បាន​គិត​ថា​ខ្សែ​ក្រវ៉ាត់​សុវត្ថិភាព​ចង​នាង ហើយ​កំណត់​សេរីភាព​របស់​នាង ។

ដូចជា​ក្លូ ដែរ យើង​អាច​ជ្រើស​មើល​ឃើញ​ថា​ព្រះបញ្ញត្តិ​ជា​ការ​ដាក់​កំហិត ។ នៅ​ពេល​ខ្លះ យើង​អាច​នឹង​មាន​អារម្មណ៍​ថា ក្រឹត្យវិន័យ​របស់​ព្រះ​រឹត​បណ្តឹង​ដល់​សេរីភាព​ផ្ទាល់ខ្លួន​របស់​យើង ដក​យក​សិទ្ធិ​ជ្រើសរើស​របស់​យើង ហើយ​កំណត់​ព្រំដែន​នៃ ការ​រីកចម្រើន​របស់​យើង ។ ប៉ុន្តែ​នៅ​ពេល​យើង​ស្វែងរក​ការ​យល់ដឹង​កាន់​តែ​ស៊ី​ជម្រៅ ពេល​យើង​អនុញ្ញាត​ឲ្យ​ព្រះវរបិតា​បង្រៀន​យើង នោះ​យើង​នឹង​ចាប់ផ្ដើម​មើល​ឃើញ​ថាក្រិត្យវិន័យ​របស់ទ្រង់ គឺ​ជា​ការ​បង្ហាញ​នៃ​សេចក្ដី​ស្រឡាញ់​ចំពោះ​យើង ហើយ​ការ​គោរព​តាម​ក្រិត្យវិន័យ​របស់ទ្រង់ គឺជា​ការ​បង្ហាញ​ក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ទ្រង់ ។

ប្រសិន​បើ​បងប្អូន​រកឃើញ​ថា​ខ្លួន​ឯង​ហាក់​ដូច​ជា​កំពុង​ចត​នៅ​ផ្លូវ​ម្ខាង តើ​ខ្ញុំ​អាច​ណែនាំ​គោលការណ៍​ពីរ​បី​ដែល​នឹង​ជួយ​បងប្អូន​ឲ្យ​ត្រឡប់​ទៅ​លើ​ផ្លូវនៃ​សេចក្ដីជំនឿ និង​ការគោរព​ប្រតិបត្តិ​នោះ​បាន​ទេ ? »

ទី​មួយ សូម​ទុក​ចិត្ត​ព្រះ ។ ចូរ​ទុក​ចិត្ត​លើ​ផែនការ​ដ៏​អស់កល្ប​របស់​ទ្រង់​សម្រាប់​បងប្អូន ។ យើង​ម្នាក់ៗ​គឺជា « បុត្រា និង បុត្រី​ខាង​វិញ្ញាណ​របស់​ព្រះមាតា​បិតា​សួគ៌ » ។ សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ចំពោះ​យើង​បាន​បង្ហាញ​ឲ្យ​ឃើញ​នៅ​ក្នុង​​ព្រះបញ្ញត្តិ ។ ព្រះបញ្ញត្តិ​គឺ​ជា​ការណែនាំ​ដ៏​សំខាន់​ដើម្បី​បង្រៀន ដឹកនាំ ហើយ​ការពារ​យើង នៅ​ពេល​យើង « ទទួល​បទពិសោធន៍​នៅលើ​ផែនដី » ។

នៅ​ក្នុង​ពិភព​មុន​ឆាក​ជីវិត​នេះ​យើង​បាន​ប្រើ​សិទ្ធិ​ជ្រើសរើស​របស់​យើង​ដើម្បី​ទទួល​យក​ផែនការ​របស់​ព្រះ ហើយ​យើង​បាន​រៀន​ថា ការ​គោរព​ប្រតិបត្តិ​ចំពោះ​ក្រឹត្យវិន័យ​របស់​ព្រះ​គឺ​ជា​រឿង​ដ៏​សំខាន់​សម្រាប់​ជោគជ័យ​របស់​យើង​នៅ​ក្នុង​ផែនការ​របស់​ទ្រង់ ។ ​ព្រះគម្ពីរ​បង្រៀន​ថា « មាន​ក្រិត្យ​វិន័យ​មួយ​ដ៏​ពុំ​អាច​ដក​ចេញ​បាន ដែល​បាន​ធ្វើ​នៅ​ឋាន​សួគ៌ មុន​កំណើត​លោកិយ​មក​ម្ល៉េះ ដែល​គ្រប់​ព្រះពរ​ទាំងអស់​ផ្អែក​ទៅ​លើ » ។ បើ​យើង​គោរព​តាម​ក្រឹត្យវិន័យ​នោះ យើង​ទទួល​បាន​ពរជ័យ ។

សូម្បី​តែ​ជាមួយ​នឹង​រាល់​កំហុស សេចក្ដី​ជំទាស់ និង​ការ​រៀនសូត្រ​ដែល​មាន​នៅ​ក្នុង​ជីវិត​រមែង​ស្លាប់​យើង​ក្ដី ព្រះ​នឹង​មិន​ភ្លេច​ពី​សក្ដានុពល​ដ៏​អស់​កល្ប​របស់​យើង​ឡើយ សូម្បី​តែ​ពេល​យើង​ធ្វើ​រឿង​ទាំងនោះ​ក៏​ដោយ ។ យើង​អាច​ទុក​ចិត្ត​ទ្រង់​បាន​« ដោយសារ​ព្រះ​ចង់​បាន​កូនចៅ​ទ្រង់​ត្រឡប់​ទៅ​វិញ » ។ ហើយ​ទ្រង់​បាន​ប្រទាន​ផ្លូវ​មួយ​តាមរយៈ​ដង្វាយធួន​នៃ​ព្រះរាជបុត្រា​របស់​ទ្រង់ គឺ​ព្រះយេស៊ូវ​គ្រីស្ទ ។ ដង្វាយធួន​« គឺ​ជា​ចំណុច​ចម្បង​នៅ​ក្នុង​ផែនការ​នៃ​សេចក្ដីសង្គ្រោះ » ។

ទីពីរ សូម​ទុក​ចិត្ត​លើ​ព្រះយេស៊ូវ ។ ការបង្ហាញ​នៃ​ការគោរព​ប្រតិបត្តិ និង​សេចក្ដី​ស្រឡាញ់​សុទ្ធសាធ​ដ៏​អស្ចារ្យ​បំផុត​គឺជា​ដង្វាយធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ ការ​ថ្វាយ​ខ្លួន​ទ្រង់​ធ្វើ​តាម​ព្រះទ័យ​របស់​ព្រះវរបិតា ទ្រង់​បាន​ប្រទាន​ព្រះជន្ម​របស់​ទ្រង់​សម្រាប់​យើង ។ ទ្រង់​មាន​បន្ទូល​ថា « ​បើ​អ្នក​រាល់​គ្នា​កាន់​តាម​បញ្ញត្តិ​ខ្ញុំ នោះ​នឹង​នៅ​ជាប់​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ខ្ញុំ ដូច​ជា​ខ្ញុំ​បាន​កាន់​តាម​បញ្ញត្តិ​នៃ​ព្រះវរបិតា​ខ្ញុំ ហើយ​ក៏​នៅ​ជាប់​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ទ្រង់​ដែរ » ។

ព្រះយេស៊ូវ​ក៏​បាន​បង្រៀន​ផងដែរ ៖

« ត្រូវ​ឲ្យ​ស្រឡាញ់​ព្រះអម្ចាស់​ជា​ព្រះ​នៃ​ឯង​ឲ្យ​អស់​អំពី​ចិត្ត​អស់​ពី​ព្រលឹង ហើយ​អស់​អំពី​គំនិត​ឯង ។

« នេះ​ជា​បញ្ញត្តិ​យ៉ាង​សំខាន់​ទី​មួយ ។

« ហើយ​បញ្ញត្តិ​ទី​ពីរ​ក៏​បែប​ដូចគ្នា គឺ​ថា ត្រូវ​ឲ្យ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​អ្នក» ។

នៅ​រៀងរាល់​ថ្ងៃ​អាទិត្យ យើង​មាន​ឱកាស​ដើម្បី​សញ្ជឹង​គិត ហើយ​ចងចាំ​សេចក្ដី​ស្រឡាញ់​សុទ្ធសាធ​របស់​ព្រះអង្គ​សង្គ្រោះ​នៃ​យើង នៅ​ពេល​យើង​ទទួល​ទាន​និមិត្តរូប​នៃ​ដង្វាយធួន​ដែល​គ្មាន​ដែន​កំណត់​របស់​ទ្រង់ ។ នៅ​ក្នុង​ពិធី​សាក្រាម៉ង់ ខ្ញុំ​មើល​ពេល​ដៃ​បាន​ហុច​នំប៉័ង និង​ទឹក​មក ។ នៅ​ពេល​ខ្ញុំ​លូក​ដៃ​ទៅ​ទទួល​ទាន​និមិត្តរូប​ទាំង​នោះ ខ្ញុំ​ចុះ​សេចក្ដី​សញ្ញា​ថា ខ្ញុំ​នឹង​លើក​ដាក់​ព្រះនាម​ទ្រង់​មក​លើ​ខ្លួន​ខ្ញុំ ចងចាំ​ទ្រង់​ជានិច្ច ហើយ​កាន់​តាម​ព្រះបញ្ញត្តិ​របស់​ទ្រង់ ។ ហើយ​ទ្រង់​សន្យា​ថា [ យើង ]​អាច​នឹង​បាន​ព្រះវិញ្ញាណ​របស់​ទ្រង់​គង់​នៅ​ជាមួយ​នឹង​[ យើង ]​ជា​ដរាប ។១០

ទីបី សូម​ទុក​ចិត្ត​លើ​ការ​ខ្សឹប​ប្រាប់​ពី​ព្រះវិញ្ញាណ ។ តើ​នៅ​ចាំ​ពី​បទពិសោធន៍​របស់​ខ្ញុំ​ជាមួយ​នឹង​ក្លូ​បាន​ទេ កាលដែល​ព្រះវិញ្ញាណ​បាន​ខ្សឹប​ប្រាប់​បទគម្ពីរ​មួយ​ដល់​ខ្ញុំ​នោះ ? វា​នៅក្នុង យ៉ូហាន ១៤:១៥ ៖ « បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​ខ្ញុំ ចូរ​កាន់​តាម​បញ្ញត្តិ​របស់​ខ្ញុំ​ចុះ » ។ ហើយ​បន្ទាប់​មក​ទៀត​មាន​ខ​គម្ពីរ​ដ៏​សំខាន់​ដូចនេះ ៖

« ខ្ញុំ​នឹង​ទូល​សូម​ដល់​ព្រះវរបិតា ហើយ​ទ្រង់​នឹង​ប្រទាន​ព្រះ​ដ៏​ជា​ជំនួយ​មួយ​អង្គ​ទៀត មក​អ្នក​រាល់​គ្នា ឲ្យ​បាន​គង់​នៅ​ជា​មួយ នៅ​អស់​កល្ប​រៀង​ទៅ ។

« គឺ​ជា​ព្រះវិញ្ញាណ​នៃ​សេចក្តី​ពិត ដែល​លោកីយ៍​ទទួល​ពុំ​បាន ព្រោះ​មិន​ឃើញ ហើយ​មិន​ស្គាល់​ទ្រង់​សោះ តែ​អ្នក​រាល់​គ្នា​ស្គាល់​ទ្រង់ ដ្បិត​ទ្រង់​គង់​ជា​មួយ ក៏​នឹង​សណ្ឋិត​នៅ​ក្នុង​អ្នក​រាល់​គ្នា​ដែរ » ។១១

សមាជិក​ដ៏​សក្ដិសម​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ដែល​បាន​ទទួល​ពិធី​បញ្ជាក់​គ្រប់​រូប​មាន​សិទ្ធិ​ដើម្បី​ទទួល​បាន​ភាព​ជា​ដៃ​គូ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ការ​តម​អាហារ ការអធិស្ឋាន ការ​សិក្សា​ព្រះគម្ពីរ និង​ការគោរព​ប្រតិបត្តិ​បាន​លើក​កម្ពស់​ដល់​សមត្ថភាព​យើង​យ៉ាង​ខ្លាំង​ដើម្បី​ស្ដាប់ឮ ហើយ​ទទួល​អារម្មណ៍​នូវ​ការ​បំផុស​គំនិត​ពី​ព្រះវិញ្ញាណ ។

នៅ​ពេល​គំនិត​របស់​បងប្អូន​ពោរពេញ​ដោយ​ភាព​សង្ស័យ និង​ការ​បំភ័ន្ត នោះ​ព្រះវរបិតា និង​ព្រះរាជបុត្រា​នឹង​បញ្ជូន​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​ព្រមាន ហើយ​ដឹកនាំ​បងប្អូន​ឆ្លងកាត់​គ្រោះថ្នាក់​នៃ​ដំណើរ​នៅ​ក្នុង​ជីវិត​នេះ​ដោយ​សុវត្ថិភាព ។ ទ្រង់​នឹង​ជួយ​បងប្អូន​ឲ្យ​ចងចាំ ទ្រង់​នឹង​លួងលោម ហើយ​បំពេញ​បងប្អូន « ដោយ​សេចក្ដី​សង្ឃឹម និង​សេចក្ដី​ស្រឡាញ់​ដ៏​ឥត​ខ្ចោះ » ។១២

ទី​បួន សូម​ទុក​ចិត្ត​លើ​ការ​ប្រឹក្សា​របស់​ពួក​ព្យាការី​នៅ​រស់ ។ ព្រះវរបិតា​យើង​បាន​ប្រទាន​វិធី​មួយ​ឲ្យ​យើង​បាន​ស្ដាប់​បន្ទូល​របស់​ទ្រង់ ហើយ​ស្គាល់​ក្រឹត្យវិន័យ​របស់​ទ្រង់​តាមរយៈ​ពួក​ព្យាការី​របស់ទ្រង់ ។ ព្រះអម្ចាស់​បាន​ប្រកាស​ថា « ពាក្យ​របស់​យើង … ទាំងអស់​នឹង​បាន​សម្រេច​ទោះ​ជា​ដោយ សំឡេង​របស់​យើង​ផ្ទាល់ ឬ ក៏​ដោយ​សំឡេង​នៃ​ពួក​អ្នក​បម្រើ​របស់​យើង​ក្តី គឺ​ដូច​តែ​គ្នា » ។១៣

ថ្មីៗ​នេះ ពួក​ព្យាការី​បាន​ទូន្មាន​ឲ្យ​យើង « នឹក​ចាំ​ពី​ថ្ងៃ​ឈប់​សម្រាក ដើម្បី​ញែក​ថ្ងៃ​នោះ​ចេញ​ជា​បរិសុទ្ធ »១៤ ហើយ​រស់នៅ តាម​ច្បាប់​តមអាហារ ។ ការ​គោរព​តាម​ការ​ទូន្មាន​របស់​ព្យាការី​ផ្ដល់​ផ្លូវ​មួយ​ឲ្យ​យើង​គោរព​តាម​ព្រះបញ្ញត្តិ​របស់​ព្រះ​ឲ្យ​ស្រឡាញ់​ទ្រង់ និង​អ្នក​ជីវិត​ខាង​យើង នៅ​ពេល​យើង​បង្កើន​សេចក្ដី​ជំនឿ​យើង​លើ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ឈោង​ដៃ​យើង​ទៅ​ស្រឡាញ់ ហើយ​មើល​ថែ​អ្នក​ដទៃ ។១៥

សុវត្ថិភាព គឺ​មាននៅក្នុង​ការធ្វើ​តាម​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​គឺ​តាមរយៈ​ពួក​ព្យាការី​ទ្រង់ ។ ព្រះ​បាន​ហៅ​ប្រធាន ថូម៉ាស អេស ម៉នសុន និង​ទីប្រឹក្សា​នៅក្នុង​គណៈប្រធាន​ទីមួយ និង​សមាជិក​នៃ​ពួកសាវក​ដប់ពីរ​នាក់ ជាព្យាការី អ្នក​មើលឆុត និងអ្នក​ទទួល​វិវរណៈ ។ នៅ​ក្នុង​ពិភពលោកនៃ​ការ​ភ័យ​ខ្លាច ការ​អូសទាញ ភាព​មិន​អនុគ្រោះ និង​កំហឹង​នេះ យើង​អាច​មើល​ទៅ​ពួក​លោក​ដើម្បី​ឃើញ​ពី​របៀប​ដែល​ពួក​សិស្ស​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ធ្វើ ដែល​ពេញ​ដោយ​ក្ដីសប្បុរស មើល ស្ដាប់ និង​មាន​ប្រតិកម្ម​ចំពោះ​បញ្ហា​ទាំងឡាយ​ដែល​អាច​ធ្វើ​ឲ្យ​មាន​ការ​បាក់​បែក​គ្នា ។ ពួក​លោក​ថ្លែង​ទីបន្ទាល់​ពី​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ឆ្លើយ​តប​ដោយ​សេចក្ដី​សប្បុរស ដែល​ជា​សេចក្ដី​ស្រឡាញ់​សុទ្ធសាធ​នៃ​ព្រះគ្រីស្ទ ជា​អង្គ​ដែល​ពួក​លោក​ធ្វើ​ជា​សាក្សី ។

បន្ទាប់ពី​បទពិសោធន៍​របស់​ខ្ញុំ​ជាមួយ​នឹង ក្លូ នោះ​ខ្ញុំ​បាន​ស្រាវជ្រាវ​បទគម្ពីរ​រកខ​គម្ពីរ​ណា​ដែល​ប្រាប់​អំពី​បទបញ្ញត្តិ និង​ក្ដីស្រឡាញ់ ។ ខ្ញុំ​រក​ឃើញ​យ៉ាងច្រើន ។ ខគម្ពីរ​និមួយៗ​រំឭក​ពួក​យើង​ថា បញ្ញត្តិ​ទ្រង់​គឺជា​ការ​បង្ហាញ​ពី​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ចំពោះ​យើង ហើយ​ការ​គោរពតាម​បញ្ញត្តិ​ទ្រង់​គឺជា​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ទ្រង់ ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា នៅ​ពេល​យើង​ទុក​ចិត្ត​ព្រះ ជា​ព្រះវរបិតា​អស់កល្ប​របស់​យើង ទុក​ចិត្ត​លើ​ព្រះរាជបុត្រ​ទ្រង់ ព្រះយេស៊ូវ​គ្រីស្ទ ហើយ​អនុវត្ត​សេចក្ដីជំនឿ​ទៅ​លើ​ដង្វាយធួន​របស់​ទ្រង់ ទុក​ចិត្ត​លើ​ការ​ខ្សឹប​ប្រាប់​ពី​ព្រះវិញ្ញាណ ហើយ​ទុក​ចិត្ត​លើ​ដំបូន្មាន​របស់​ពួក​ព្យាការី​នៅ​រស់ នោះ​យើង​នឹង​រកឃើញ​ផ្លូវ​ខុស​នៅ​គែម​ផ្លូវ​នោះ ហើយ​បន្ត​ដំណើរ​ដោយ​សុវត្ថិភាព—ពុំ​មែន​ដោយ​ស៊ូទ្រាំ​តែ​ម្យ៉ាង​ទេ—ប៉ុន្តែ​ដោយ​រក​ឃើញ​អំណរ​នៅ​ក្នុង​ដំណើរ​របស់​យើង​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។