ឆ្នាំ ២០១០-២០១៩
រក្សា​បទបញ្ញត្តិ
តុលា 2015


រក្សា​បទបញ្ញត្តិ

ទ្រង់​ដែល​បង្កើត​យើង​មក ហើយ​ដែល​ស្រឡាញ់​យើង​ដ៏​ឥតខ្ចោះ បាន​ញាណ​ដឹង​ថា យើង​ចាំបាច់​ត្រូវ​រស់នៅ​ក្នុង​ជីវិត​របស់​យើង​យ៉ាងណា ដើម្បី​ទទួល​បាន​សុភមង្គល​ដ៏​ធំ​បំផុត​នោះ ។

បងប្អូន​ប្រុស​ជាទីស្រឡាញ់ វា​ល្អ​ខ្លាំង​ណាស់​ដែល​បាន​ជួប​បងប្អូន​​ម្ដង​ទៀត ។ យើង​ត្រូវ​បាន​បំផុសគំនិត​នា​រសៀល​នេះ​ដោយ​ពាក្យសម្ដី​ដែល​យើង​បាន​ស្ដាប់​ឮ ។ ខ្ញុំ​ក៏​អធិស្ឋាន​សូម​ឲ្យ​ខ្ញុំ​នឹង​ត្រូវ​បាន​ដឹកនាំ​នៅ​ក្នុង​អ្វី​ដែល​ខ្ញុំ​ថ្លែង​ផងដែរ ។

សារលិខិត​របស់ខ្ញុំ​ដល់​បងប្អូន​នា​យប់​នេះ គឺ​ត្រង់ៗ ។ វា​គឺ​ដូច​នេះ ៖ រក្សា​បទបញ្ញត្តិ ។

បទបញ្ញត្តិ​របស់​ព្រះ ពុំ​បាន​ប្រទាន​មក​ដើម្បី​ធ្វើ​ឲ្យយើង​ស្មុគស្មាញ ឬ​ក្លាយ​ជា​ឧបសគ្គ​ចំពោះ​សុភមង្គល​របស់​យើង​នោះ​ទេ ។ ផ្ទុយទៅវិញ វា​គឺជា​ការ​ពិត ។ ទ្រង់​ដែល​បង្កើត​យើង​មក ហើយ​ដែល​ស្រឡាញ់​យើង​ដ៏​ឥតខ្ចោះ បាន​ញាណ​ដឹង​ថា​​យើង​ចាំបាច់​ត្រូវ​រស់នៅ​ក្នុង​ជីវិត​របស់​យើង​យ៉ាងណា ដើម្បី​ទទួល​បាន​សុភមង្គល​ដ៏​ធំ​បំផុត​នោះ ។ ទ្រង់​បាន​ប្រទាន​ដល់​យើង​នូវ​ការ​ដឹកនាំ ប្រសិន​បើ​យើង​ធ្វើតាម នោះ​ទ្រង់​នឹង​ដឹក​នាំ​យើង​ដោយ​សុវត្ថិភាព​ឆ្លងកាត់​ដំណើរ​ជីវិត​រមែង​ស្លាប់​ដ៏​គ្រោះថ្នាក់​នេះ ។ យើង​ចងចាំ​ទំនុកបទ​នៃ​ទំនុកតម្កើង​មួយ ៖ « រក្សា​បទបញ្ញត្តិ ! នាំ​ឲ្យ​មាន​សុវត្ថិភាព និង ក្ដី​សុខសាន្ត » ។

ព្រះវរបិតា​សួគ៌​យើង​ស្រឡាញ់​យើង​គ្រប់​គ្រាន់​ល្មម​នឹង​មាន​បន្ទូល ៖ កុំ​កុហក​ឲ្យ​សោះ កុំ​ឲ្យ​លួច​ឲ្យ​សោះ កុំ​ឲ្យ​ផិត​ឲ្យ​សោះ ចូរ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង ជាដើម ។ យើង​ស្គាល់​បទបញ្ញត្តិ ។ ទ្រង់​ញាណដឹង​ថា នៅពេល​យើង​រក្សា​បទបញ្ញត្តិ នោះ​ជីវិត​យើង​នឹង​កាន់តែ​រីករាយ កាន់តែ​ពេញលេញ ហើយ​មិនសូវ​ស្មុគស្មាញ ។ យើង​នឹង​មាន​ភាព​ងាយ​ស្រួយ​ក្នុងការ​ទ្រាំទ្រ​បញ្ហា និង​ឧបសគ្គ​របស់​យើង ហើយ​យើង​នឹង​ទទួល​បាន​ពរជ័យ​ដែល​បាន​សន្យា​របស់​ទ្រង់ ។ ប៉ុន្តែ​ខណៈ​ដែល​ទ្រង់​ប្រទាន​ដល់​យើង​នូវ​ក្រឹត្យវិន័យ និង​បទបញ្ញត្តិ នោះ​ទ្រង់​ក៏​អនុញ្ញាត​ឲ្យ​យើង​ជ្រើសរើស​ថា​ត្រូវ​ទទួលយក ឬ​បដិសេធ​វា​ផងដែរ ។ ការ​សម្រេច​ចិត្ត​របស់​យើង​ទាក់ទង​នឹង​រឿងនេះ​នឹង​កំណត់​នូវ​ជោគវាសនា​របស់​យើង ។

ខ្ញុំ​មាន​ទំនុកចិត្ត​ថា យើង​ម្នាក់ៗ​មាន​គោលដៅ​ជីវិត​ចុង​ក្រោយ​ដូចទ្រង់ ដើម្បី​មាន​ជីវិត​ជា​និរន្ដរ៍​នៅ​ក្នុង​វត្តមាន​នៃ​ព្រះវរបិតាសួគ៌​យើង និង​ព្រះរាជបុត្រា​ទ្រង់ ព្រះយេស៊ូវគ្រីស្ទ ។ ហេតុដូច្នោះហើយ វា​សំខាន់​ណាស់​សម្រាប់​យើង​ដើម្បី​ធ្វើការ​ជ្រើសរើស​នៅក្នុង​ជីវិត​របស់​យើង ដែល​នឹង​ដឹកនាំ​យើង​ទៅ​រក​គោលដៅ​នេះ ។ យ៉ាង​ណា​ក៏​ដោយ យើង​ដឹងថា មារសត្រូវ​បាន​តាំងចិត្ត​នឹង​ធ្វើ​ឲ្យ​យើង​បរាជ័យ ។ វា និង​ពួកបរិវារ​វា គឺ​ខិតខំ​ឥតឈប់ឈរ​ដើម្បី​បំផ្លាញ​បំណង​ប្រាថ្នា​សុចរិត​របស់​យើង ។ វា​តំណាង​ឲ្យ​ការគំរាម​ដ៏​ធ្ងន់ធ្ងរ ហើយ​ខ្ជាប់ខ្ជួន​មួយ​ចំពោះ​សេចក្ដីសង្គ្រោះ​ដ៏​អស់កល្ប​ជានិច្ច​របស់​យើង លុះត្រា​តែ​យើង​ត្រូវ​តាំងចិត្ត ហើយ​ខិត​ខំ​ឥតឈប់​ឈរ​ដើម្បី​សម្រេច​គោលដៅ​របស់​យើង​ផងដែរ ។ សាវក​ពេត្រុស បាន​ព្រមាន​យើង​ថា « ចូរ​ឲ្យ​ដឹង​ខ្លួន ហើយ​ចាំ​យាម​ចុះ ព្រោះ​អារក្ស​ដែល​ជា​ខ្មាំងសត្រូវ​របស់​អ្នក​រាល់​គ្នា វា​តែង​ដើរ​ក្រវែល ទាំង​គ្រហឹម​ដូច​ជា​សិង្ហ ដើម្បី​នឹង​រក​អ្នក​ណា​ដែល​វា​នឹង​ត្របាក់​លេប​បាន » ។

ទោះជា​គ្មាន​ពេល​ណា​ក្នុងជីវិត​យើង ដែល​យើង​ត្រូវ​បាន​លើក​លែង​ពី​ការល្បួង​ក្ដី ក៏​យុវជន​ក្នុង​វ័យ​មួយ អ្នក​អាច​នឹង​មាន​ភាព​ទន់ខ្សោយ​ដែរ ។ ក្នុង​វ័យ​ជា​យុវវ័យ ជាញឹកញាប់​ជា​វ័យ​ដែល​ខ្វះ​ទំនុកចិត្ត​លើខ្លួន​ឯង ឬ​មាន​អារម្មណ៍​ថា គ្មាន​សមត្ថភាព​គ្រប់គ្រាន់ ព្យាយាម​ដើម្បី​មាន​ប្រជាប្រិយភាព​ក្នុង​ចំណោម​មិត្តភក្ដិ ហើយ​ព្យាយាម​ឲ្យ​ខ្លួន​ឯង​ត្រូវ​នឹង​គេ ។ អ្នក​អាច​នឹង​ត្រូវ​បានល្បួង​ឲ្យ​បន្ទាប​បទដ្ឋាន​របស់​អ្នក ហើយ​ដើរតាម​ក្រុម​មនុស្ស ដើម្បី​ឲ្យ​អ្នក​ត្រូវ​បាន​ពួកគេ​ទទួល​យក​ធ្វើ​ជា​មិត្តភក្ដិ ។ សូម​រឹងមាំ​ឡើង ហើយ​ប្រយ័ត្ន​ចំពោះ អ្វីៗ ដែល​នឹង​លួច​យក​ពរជ័យ​ដ៏​អស់កល្ប​ជានិច្ច​របស់​អ្នក ។ ការជ្រើសរើស​ដែល​អ្នក​ធ្វើ​នៅ​ទីនេះ និង​ឥឡូវ​នេះ គឺ​សំខាន់​ជា​រៀង​រហូត ។

យើង​អាន​នៅ​ក្នុង កូរិនថូស​ទី ១ ៖ « មាន … សំឡេង​ជាច្រើន​ប្រភេទ​នៅ​ក្នុង​ពិភពលោក​នេះ » ។ យើង​ត្រូវ​បាន​ហ៊ុមព័ទ្ធ​ដោយ​សំឡេង​ទាក់ទាញ សំឡេង​បោក​ប្រាស់ សំឡេង​បន្ដុះបង្អាប់ សំឡេងស្មុគស្មាញ និងសំឡេង​បំភ័ន្ត ។ ខ្ញុំ​អាច​បន្ថែម​ថា សំឡេង​ទាំងនោះ ឮៗ ណាស់ ។ ខ្ញុំ​សូម​ដាស់តឿន​អ្នក​ឲ្យ​បន្ថយ​សំឡេង ហើយ​ទទួល​ឥទ្ធិពល​មក​ពី​សំឡេង​តូច​រហៀង​ដែល​នឹង​ដឹកនាំ​អ្នក​ទៅ​ដោយ​សុវត្ថិភាព​ជំនួស​វិញ ។ ចូរ​ចងចាំ​ថា មនុស្ស​ម្នាក់​ដែល​មានសិទ្ធិ​អំណាច​បាន​ដាក់ដៃ​លើ​ក្បាល​អ្នក​បន្ទាប់ពីអ្នក​បាន​ទទួល​បុណ្យជ្រមុជទឹក បញ្ជាក់​ដល់​អ្នក​ថា ជា​សមាជិក​មួយ​រូប​នៃ​សាសនាចក្រ ដោយ​និយាយ​ថា « ចូរ​ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ​ចុះ » ។ ដួងចិត្ត​របស់​អ្នក​បាន​បើក សូម្បី​តែ​ព្រលឹង​របស់​អ្នក​ក៏​បាន​បើក​ចំពោះ​សំឡេង​​ពិសេស​នោះ ដែល​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដីពិត​ដែរ ។ ដូច​ដែល​ព្យាការី​អេសាយ បាន​សន្យា « ត្រចៀក​នឹង​ឮ​ពាក្យ​ … , គឺ​ផ្លូវ​នេះ​ទេ ចូរ​ដើរ​តាម​នេះ​វិញ » ។ សូមឲ្យ​យើង​បាន​ស្ដាប់​ឮ ដើម្បី​យើង​អាច​ស្ដាប់​ឮ​សំឡេង​លួងលោម ដឹកនាំ​នេះ ដែល​នឹង​រក្សា​យើង​ឲ្យ​មាន​សុវត្ថិភាព ។

ការ​មិនគោរព​បទបញ្ញត្តិ​បើក​ច្រកផ្លូវ​ឲ្យ​អ្វី ដែល​យើង​ចាត់ទុក​ថា​ជា​គ្រោះ​ចង្រៃ​នៃ​ជំនាន់​របស់​យើង ។ វា​រួមមាន​ទាំង​គ្រោះចង្រៃ​នៃ​ការចុះចូល គ្រោះ​ចង្រៃ​នៃ​រូប​អាសគ្រាម គ្រោះចង្រៃ​នៃ​ថ្នាំ​ញៀន គ្រោះ​ចង្រៃ​នៃ​ភាពអសីលធម៌ និង​គ្រោះ​ចង្រៃ​នៃ​ការ​ពន្លូត​កូន នេះ​គ្រាន់តែ​រៀបរាប់​បន្ដិច​បន្ដួច​ទេ ។ បទគម្ពីរ​ប្រាប់​យើង​ថា មារសត្រូវ​គឺជា « គ្រឹះ​នៃ​រឿង​អស់​ទាំងនេះ » ។ យើង​ដឹង​ថា វា​គឺជា « បិតា​នៃ​អស់ទាំង​ការ​កុហក ដើម្បី​បញ្ឆោត​ ហើយ​ដើម្បី​ធ្វើ​ឲ្យ​មនុស្ស​ខ្វាក់ » ។

ខ្ញុំ​សូម​អង្វរ​ដល់អ្នក​ឲ្យ​ចៀសវាង​ពី​អ្វី​ដែល​នឹង​ដក​យក​នូវ​សុភមង្គល​របស់​អ្នក​នៅក្នុងជីវិត​រមែង​ស្លាប់នេះ និង​ជីវិត​អស់កល្ប​ជានិច្ច​ក្នុង​ពិភព​ខាង​មុខ ។ ដោយ​ការ​បញ្ឆោត និង​ការកុហក​របស់​វា មារសត្រូវ​នឹង​នាំ​អ្នក​ឲ្យ​ធ្លាក់​ចុះ​ជ្រៅ​ទៅៗ​ក្នុង​ការ​បំផ្លិចបំផ្លាញ ប្រសិន​បើ​អ្នក​អនុញ្ញាត​ឲ្យ​វា​ធ្វើ​ដូច្នោះ ។ អ្នក​នឹង​ធ្លាក់ចុះ​ជ្រៅ​ទៅៗ មុនពេល​អ្នក​បាន​ដឹង​ថា​អ្នក​គ្មាន​ផ្លូវ​ដើម្បី​បញ្ឈប់​វា​ទេ​នោះ ។ អ្នក​បាន​ស្ដាប់​ឮ​សារលិខិត​អំពី​មារសត្រូវ​ហើយ ។ វា​បាន​ហៅ​ដោយ​ឆបោក ៖ គ្រាន់​តែ​ម្ដង​នោះ​វា​គ្មាន​ជា​អ្វី​ទេ មនុស្ស​គ្រប់គ្នា​កំពុង​ធ្វើ​វា​ដែរ កុំ​ចាស់​កំរិល​ពេក ពេលវេលា​បានផ្លាស់ប្ដូរ​ហើយ​ វា​មិន​ធ្វើ​ឲ្យ​នរណា​ឈឺចាប់ទេ ជីវិត​អ្នក គឺជា​របស់​អ្នក​ដើម្បី​រស់នៅ ។ មារសត្រូវ​ស្គាល់​យើង ហើយ​វា​ដឹង​ថា​យើង​ពិបាក​បដិសេធ​នឹង​ការ​ល្បួង ។ វា​សំខាន់ណាស់​ដែល​យើង​ត្រូវ​អនុវត្ត​ការ​ប្រុងប្រយ័ត្ន​ជានិច្ច ដើម្បី​ចៀស​ផុត​ពី​ការ​ចុះ​ចាញ់​ក្នុង​ការ​កុហក និង​ការល្បួង​ទាំងឡាយ​នេះ ។

វា​នឹង​តម្រូវ​ឲ្យ​មាន​ភាព​ក្លាហាន​យ៉ាង​ខ្លាំង នៅពេល​យើង​បន្ដ​ស្មោះត្រង់ ហើយ​នៅ​ពិត​​ក្នុង​កណ្ដាល​សម្ពាធ និង​ឥទ្ធិពល​ដ៏​បោក​បញ្ឆោត​ខ្លាំង​ឡើងៗ​ដែល​ហ៊ុមព័ទ្ធ​យើង ហើយ​បង្ខូច​សេចក្ដីពិត បំផ្លាញ​សេចក្ដីល្អ និង​ជាទីពេញចិត្ត ហើយ​ប៉ុនប៉ង​ដាក់​ជំនួស​ដោយ​ទស្សនវិជ្ជា​ដែល​មនុស្ស​បង្កើត​នៅ​ក្នុង​លោក​នេះ​វិញ ។ ប្រសិន​បើ​បទបញ្ញត្តិ​ត្រូវ​បាន​សរសេរ​ដោយ​មនុស្ស នោះ​ការ​ផ្លាស់ប្ដូរ​វា​តាម​ចំណង់ ឬ​ច្បាប់ ឬ​ដោយ​មធ្យោបាយ​ផ្សេងទៀត នឹង​ជា​សិទ្ធិ​របស់​មនុស្ស​ហើយ ។ យ៉ាងណា​ក៏ដោយ បទបញ្ញត្តិ​ទាំងឡាយ ត្រូវ​បាន​ប្រទាន​មក​ពី​ព្រះ ។ ដោយ​ការ​ប្រើ​សិទ្ធិជ្រើសរើស​របស់​យើង នោះ​យើង​អាច​បដិសេធ​វា​បាន ។ យ៉ាងណា​ក៏ដោយ យើង​មិន​អាច ផ្លាស់ប្ដូរ វា​បាន​ទេ ហើយ​យើង​ក៏​មិន​អាច​ផ្លាស់ប្ដូរ​ផលវិបាក ដែល​កើត​មាន​មក​ដោយសារ​ការ​មិនគោរព និង​ការ​ល្មើស​បទបញ្ញត្តិ​នោះ​ដែរ ។

សូម​ឲ្យ​យើង​ដឹង​ថា សុភមង្គល​ដ៏​មហិមា​បំផុត​របស់​យើង​នៅ​ក្នុង​ជីវិត​នេះ នឹង​កើត​មាន​នៅពេល​យើង​ធ្វើតាម​បទបញ្ញត្តិ​របស់​ព្រះ ហើយ​គោរព​តាម​ក្រឹត្យវិន័យ​របស់​ទ្រង់ ! ខ្ញុំ​ស្រឡាញ់​ពាក្យ​នៅក្នុង អេសាយ ជំពូក ៣២ ខទី ១៧ ៖ « ឯ​ការ​នៃ​សេចក្តី​សុចរិត នោះ​នឹង​បាន​ជា​សន្តិសុខ ហើយ​ផល​នៃ​សេចក្តី​សុចរិត នោះ​នឹង​បាន​ជា​សេចក្តី​ស្រាកស្រាន្ត និង​ជា​សេចក្តី​ទុក​ចិត្ត​ជា​ដរាប​ទៅ » ។ សេចក្ដី​ស្រាកស្រាន្ដ និង​សេចក្ដី​ទុកចិត្ត​ដូច្នេះ អាច​កើត​មាន​តែ​តាមរយៈ​សេចក្ដីសុចរិត​ប៉ុណ្ណោះ ។

យើង​មិនអាច​អនុញ្ញាត​ឲ្យ​ខ្លួន​យើង​​រសាត់​ឆ្ងាយ​សូម្បី​តែ​បន្ដិច​ទៅ​ទាក់ទង​នឹង​អំពើបាប​បាន​ទេ ។ យើង​មិន​អាច​អនុញ្ញាត​ឲ្យ​ខ្លួន​យើង​ជឿ​ថា យើង​អាច​ចូលរួម « តែ​បន្ដិច » នៅក្នុង​ការ​មិន​គោរព​បទបញ្ញត្តិ​នៃ​ព្រះ​បាន​ទេ ដ្បិត​អំពីបាប​អាច​ចាប់​យើង​ដោយ​ដៃ​ដែក​ដែល​នឹង​ឈឺ​ចាប់​បំផុត​​ពេល​យើង​ព្យាយាម​ដោះ​ខ្លួន​នោះ ។ ការ​ញៀន​ដែល​អាច​កើតមាន​ពី​ថ្នាំ​ញៀន គ្រឿង​ស្រវឹង រូបអាសគ្រាម និង​រឿងអសីលធម៌ គឺមានពិត ហើយ​ស្ទើរ​តែ​ពុំ​អាច​កាត់​ផ្ដាច់​​​បាន ដោយ​គ្មាន​ការ​ពុះពារ​ដ៏​ខ្លាំង និង​ជំនួយ​ដ៏​ច្រើន​នោះ ។

ប្រសិន​បើ​មាន​អ្នករាល់គ្នា​ណាម្នាក់ បាន​ជំពប់​ដួល​ក្នុង​ដំណើរ​របស់​ខ្លួន ខ្ញុំ​អះអាង​នឹង​អ្នក​ថា អ្នក​អាច​ត្រឡប់​ថយ​ក្រោយ​វិញ​បាន ។ ដំណើរការ​នោះ​ត្រូវ​បាន​ហៅ​ថា ការ​ប្រែចិត្ត ។ ថ្វីត្បិត​តែ​ផ្លូវនោះ​មានការ​លំបាក តែ​សេចក្ដីសង្គ្រោះ​ដ៏​អស់កល្ប​ជានិច្ច​របស់​អ្នក អាស្រ័យ​លើ​វា​ ។ តើ​អាច​មាន​អ្វី​ដែល​​សក្ដិសម​​ចំពោះ​អ្នក​ត្រូវ​ធ្វើ​ការ​ខិតខំ​ជាង​នោះ​ទៀត ? ខ្ញុំ​សូម​អង្វរ​ដល់​អ្នក​ឲ្យ​តាំងចិត្ត​ពេល​នេះ និង​ឥឡូវ​នេះ ដើម្បី​ទទួល​យក​ជំហាន​ដែល​ចាំបាច់​ដើម្បី​ប្រែចិត្ត​ឲ្យ​ពេញ​លេញ ។ កាលណា​អ្នក​ធ្វើ​វា​បាន​កាន់តែ​ឆាប់ នោះអ្នក​នឹង​អាច​ទទួល​បទពិសោធន៍​នៃ​ភាព​សុខសាន្ដ​ ​ភាព​ស្ងប់សុខ និង​ការ​អះអាង​ដែល​បានថ្លែង​ដោយ​អេសាយ​កាន់តែ​ឆាប់​ផងដែរ ។

មិន​យូរ​ប៉ុន្មាន​កន្លង​ទៅ ខ្ញុំ​បាន​ស្ដាប់​ឮ​ទីបន្ទាល់​របស់​ស្ត្រី​ម្នាក់ និង​ស្វាមី​របស់​នាង បាន​វង្វេង​ចេញពី​ផ្លូវ​សុវត្ថិភាព មិន​គោរព​បទបញ្ញត្តិ ហើយ​ស្ទើរ​តែ​បំផ្លាញ​គ្រួសារ​ពួកគេ​ទាំស្រុង ។ នៅទីបំផុត នៅពេល​ពួកគេ​ម្នាក់ៗ​អាច​មើល​ឃើញ​ពី​ឥទ្ធិពល​នៃ​ការញៀន ហើយ​ទទួលស្គាល់​នូវ​ភាព​ពុំ​រីករាយ​ក្នុង​ជីវិត​របស់​ពួកគេ ក៏​ដូចជា​ការ​​ធ្វើ​ឲ្យ​មនុស្ស​ជាទីស្រឡាញ់​ពួកគេ​ឈឺចាប់ខ្លាំង នោះ​ពួកគេ​បាន​ចាប់​ផ្ដើម​កែប្រែ ។ ដំណើរការ​នៃការ​ប្រែចិត្ត​ធ្វើឡើង​យឺតៗ ហើយ​ជួនកាល​ឈឺចាប់ ប៉ុន្ដែ​ដោយ​មានជំនួយ​ពី​អ្នកដឹកនាំ​បព្វជិតភាព ព្រមជាមួយ​នឹង​ជំនួយ​មក​ពី​ក្រុមគ្រួសារ និង​មិត្តភក្ដិ​ស្មោះត្រង់ នោះ​ពួកគេ​បាន​ត្រឡប់​មក​វិញ ។

ខ្ញុំ​ចែកចាយ​នឹង​អ្នក​នូវ​ចំណែក​មួយ​នៃ​ទីបន្ទាល់​របស់​បងស្រី​នេះ អំពី​អំណាច​ព្យាបាល​នៃការ​ប្រែចិត្ត ៖ « តើ​មនុស្ស​ម្នាក់​អាច​ផ្លាស់​​ពី​ជា​ចៀម​វង្វេង​មួយក្បាល និង​ដែល​​ស្ថិត​ក្នុង [អំពើបាប] មក​ទទួលភាព​សុខសាន្ដ និង​សុភមង្គល ដែល​យើង​ទទួលអារម្មណ៍​នា​ពេលនេះ​បាន​យ៉ាង​ដូចម្ដេច ? តើ​រឿង​នោះ​កើតឡើង​យ៉ាង​ដូចម្ដេច ? ចម្លើយ… គឺ​ថា ដោយសារ​តែ​ដំណឹងល្អ​ដ៏ឥតខ្ចោះ ព្រះរាជបុត្រា​ដ៏​ឥតខ្ចោះ និង​ពលិកម្ម​របស់​ទ្រង់​ចំពោះ​ខ្ញុំ ។ … ពីមុន​មាន​ភាព​ខ្មៅងងឹត តែ​ឥឡូវ​មាន​ពន្លឺ ។ ពីមុន​មាន​ភាព​អស់សង្ឃឹម​ និង​ឈឺចាប់ តែឥឡូវ​មាន​អំណរ និង​ក្ដីសង្ឃឹម ។ យើង​ត្រូវ​បាន​ប្រទានពរ​ជា​និរន្ដរ៍​​ដោយ​ការកែប្រែ​នោះ ដែល​អាច​កើតមាន​ តែ​តាមរយៈ​ការ​ប្រែចិត្ត​ ដោយសារ​​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ​ប៉ុណ្ណោះ » ។

ព្រះអង្គ​សង្គ្រោះ​របស់​យើង ​បាន​សុគត​ដើម្បី​ប្រទាន​ឲ្យ​អ្នក និង​ខ្ញុំ​នូវ​អំណោយទាន​ដ៏​មាន​ពរ​នោះ ។ ថ្វីត្បិត​តែ​ផ្លូវ​នោះពិបាក​ក្ដី តែ​ការ​សន្យា​មាន​ពិត ។ ព្រះអម្ចាស់​បាន​មាន​បន្ទូល​ទៅ​អ្នកទាំងឡាយ​ដែល​ប្រែចិត្ត​ ៖

« ទោះបើ​អំពើ​បាប​របស់​អ្នក​រាល់​គ្នា​ខ្មៅ​កខ្វក់​យ៉ាង​ណា​ក្តី​ក៏​វា​ប្រែ​សដូចសំឡី​វិញ​ដែរ » ។

« យើង​ជា​ព្រះអម្ចាស់ មិន​ចាំ​ពី​ [អំពើ​បាប​ទាំង​នោះ] ​ទៀត​ទេ » ។១០

នៅ​ក្នុង​ជីវិត​យើង យើង​នឹង​ចាំបាច់​ត្រូវ​បីបាច់​ទីបន្ទាល់​ឲ្យ​រឹងមាំ​តាម​រយៈ​ការសិក្សា​គម្ពីរ និង​ការអធិស្ឋាន និង​ការ​ពិចារណា​អំពី​សេចក្ដី​ពិត​នៃដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ នៅពេល​ទីបន្ទាល់របស់​យើង​ដុះរឹងមាំ​ក្នុង​ដំណឹងល្អ ក្នុង​ព្រះអង្គ​សង្គ្រោះ និង​ក្នុង​ព្រះវរបិតាសួគ៌​យើង នោះវា​នឹង​មាន​ឥទ្ធិពល​លើ​គ្រប់​អ្វី​ដែល​យើង​ធ្វើ ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា យើង​ទាំងអស់គ្នា​គឺជា​បុត្រា​សំណព្វ​របស់​ព្រះវរបិតាសួគ៌​របស់​យើង ដែល​បាន​បញ្ជូន​មក​កាន់​ផែនដី ហើយ​ជាពេល​សម្រាប់គោលបំណង​មួយ ហើយ​ត្រូវ​បាន​ប្រគល់​ឲ្យ​នូវ​បព្វជិតភាព​នៃ​ព្រះ ដើម្បី​យើង​អាច​បម្រើ​គ្នាទៅ​វិញ​ទៅមក ហើយ​ធ្វើ​កិច្ចការ​របស់​ព្រះ​អម្ចាស់​នៅលើ​ផែនដី​នេះ ។ យើង​ត្រូវ​បាន​បញ្ជា​ឲ្យ​រស់នៅ​ក្នុង​ជីវិត​យើង​នេះ ដើម្បី​ឲ្យ​យើង​បន្ដ​មាន​ភាព​សក្ដិសម​ដើម្បី​ទទួលបាន​បព្វជិតភាព​នោះ ។

បងប្អូនប្រុស សូម​ឲ្យ​យើង​រក្សា​បទបញ្ញត្តិ​​ទាំងឡាយ ! រង្វាន់​ដែល​ទុក​សម្រាប់​យើង​គឺ​មាន​ភាព​រុង​រឿង ហើយ​អស្ចារ្យ ប្រសិនបើ​យើង​គោរពបញ្ញត្តិ ។ សូម​ឲ្យ​ការ​នេះ​ជា​ពរជ័យ​របស់​យើង ខ្ញុំ​សូម​អធិស្ឋាន​នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ជា​ព្រះអង្គសង្គ្រោះ​ និង​ព្រះប្រោសលោះ​របស់​យើង អាម៉ែន ៕