ឆ្នាំ ២០១០-២០១៩
ចូរ​ឲ្យ​សំឡេង​ត្រែ​ដ៏​គ្រលួច​បន្លឺ​ឡើង
តុលា 2015


ចូរ​ឲ្យ​សំឡេង​ត្រែ​ដ៏​គ្រលួច​បន្លឺ​ឡើង

ពិភពលោក​ត្រូវការ​ពួកសិស្ស​នៃ​ព្រះគ្រីស្ទ ដែល​អាច​ផ្សព្វផ្សាយ​សារលិខិត​នៃ​ដំណឹង​ល្អ​​ដោយ​ច្បាស់ៗ និង ចេញ​ពី​ដួង​ចិត្ត ។

កាល​ពី​រដូវ​ក្តៅ​ឆ្នាំ​មុន មាន​ចៅប្រុស​តូចៗ​ពីរ​នាក់​របស់​ពួក​ខ្ញុំ​បាន​នៅ​ជាមួយ​ភរិយា​ខ្ញុំ និង រូប​ខ្ញុំ អំឡុង​ពេល​ឪពុក​ម្តាយ​របស់​ពួកគេ​ចូលរួម​សកម្មភាព​ព្យុហយាត្រា​អ្នក​ត្រួសត្រាយ​នៅក្នុង​ស្តេក​របស់​ខ្លួន ។ កូនស្រី​របស់​យើង​ចង់​ដឹង​ប្រាកដ​ថា កូនៗ​របស់​នាង​បាន​ហាត់​សម​លេង​ព្យាណូ​អំឡុង​ពេល​ដែល​ពួកគេ​នៅ​ឆ្ងាយ​ពី​ផ្ទះ ។ នាង​បាន​ដឹង​ថា ការ​ស្នាក់​នៅ​ពីរបី​ថ្ងៃ​ជាមួយ​តាយាយ​នោះ អាច​ធ្វើ​ឲ្យ​ងាយ​នឹង​ភ្លេច​អំពី​ការហាត់​សម ។ នៅ​រសៀល​មួយ ខ្ញុំ​បាន​សម្រេច​ចិត្ត​អង្គុយ​ជាមួយ​ចៅ​ប្រុស​អាយុ ១៣​ឆ្នាំ​របស់​ខ្ញុំ អែនឌ្រូ ហើយ​ស្តាប់​គាត់​លេង​ព្យាណូ ។

ចៅប្រុស​ម្នាក់​នេះ​ពោរពេញ​ដោយ​កម្លាំង ហើយ​ចូលចិត្ត​សកម្មភាព​ខាង​ក្រៅ​ផ្ទះ ។ គាត់​អាច​ចំណាយ​ពេល​ទាំងអស់​របស់​ខ្លួន​ដោយ​ងាយ​ដើម្បី​បរបាញ់​សត្វ និង ស្ទូច​ត្រី ។ អំឡុង​ពេល​​គាត់ហាត់​សម​លេង​ព្យាណូ ខ្ញុំ​អាច​ប្រាប់​អ្នក​ថា​គាត់​ចង់​ទៅ​ស្ទូច​ត្រី​នៅ​ទន្លេ​ក្បែរ​នោះ​ជាង ។ ខ្ញុំ​បាន​ស្តាប់ នៅពេល​គាត់​ចុច​ខ្ទង់​ព្យាណូ​ខ្លាំងៗ​នូវ​បទ​ដែល​មួយ​ដែល​គាត់​ចេះ ។ គ្រប់​អក្សរ​ភ្លេង​ដែល​គាត់​បាន​លេង មាន​ការសង្កត់​សំឡេង និង ចង្វាក់ ដែល​ធ្វើ​ឲ្យ​ពិបាក​រកឃើញ​ច្បាស់​នូវ​សំឡេង​មេឡូឌី ។ ខ្ញុំ​អង្គុយ​លើ​កៅអី​ក្បែរ​គាត់ ហើយ​ពន្យល់​ពី​សារៈសំខាន់​នៃ​ការចុច​ឲ្យ​ខ្លាំង​បន្តិច​ទៀត​លើ​ខ្ទង់​សំឡេង​មេឡូឌី ហើយ​ចុច​បន្ថយ​បន្តិច​លើ​អក្សរ​ភ្លេង​ដែល​អម​ជាមួយ​សំឡេង​មេឡូឌី ។ យើង​បាន​ជជែក​គ្នា​ថា​ព្យាណូ គឺ​ជា​ឧបករណ៍​ដែល​លើស​ពី​ឧបករណ៍​មេកានិច​មួយ​ទៅទៀត ។ វា​អាច​ជា​ឧបករណ៍​ដែល​បង្អូស​សំឡេង​របស់​គាត់ និង ធ្វើ​ឲ្យ​អារម្មណ៍​គាត់​អន្លង់អន្លោច ព្រមទាំង​ក្លាយ​ជា​ឧបករណ៍​ទំនាក់ទំនង​មួយ​ដ៏​អស្ចារ្យ ។ សំឡេង​មេឡូឌី​គួរតែ​រលូន​នៅពេល​យើង​ប្តូរ​ពី​អក្សរ​ភ្លេង​មួយ​ទៅ​អក្សរ​មួយ​ទៀត គឺ​ដូច​ជា​មនុស្ស​ម្នាក់​ដែល​និយាយ ហើយ​ប្តូរ​ពី​មួយ​ពាក្យ​ទៅ​មួយ​ពាក្យ​ទៀត​យ៉ាង​រលូន​ដូច្នោះ​ដែរ ។

យើង​បាន​សើច​ជាមួយ​គ្នា នៅពេល​គាត់​បាន​ព្យាយាម​លេង​ម្តង​ហើយ​ម្តង​ទៀត ។ នៅពេល​សំឡេង​មេឡូឌី​ដែល​គាត់​ចេះ​នេះ​បាន​ចាប់​ផ្តើម​ឮ ខុស​ពី​សំឡេង​ឮ​ខ្លាំងៗ​ពីមុន នោះ​គាត់​ញញឹម​កាន់តែ​ខ្លាំង ។ សំឡេង​បទ​នោះ​បាន​ឮ​កាន់តែ​ច្បាស់ ៖ « ខ្ញុំ​ជា​កូន​របស់​ព្រះ ហើយ​ទ្រង់​បាន​ចាត់​ខ្ញុំ​មក » ។ ខ្ញុំ​បាន​សួរ​អែនឌ្រូ ប្រសិន​បើ​គាត់​អាច​ទទួល​អារម្មណ៍​ពី​ទំនុក​បទ​នោះ ។ គាត់​បាន​ឆ្លើយ​ថា « បាទ​លោក​តា ចៅ​ទទួល​អារម្មណ៍​ពី​វា​ហើយ ! »

សាវក​ប៉ុលបាន​បង្រៀន​អំពី ការប្រៀបធៀប​នៃ​ពាក្យ​សម្តី​ទៅ​នឹង​ឧបករណ៍​តន្ត្រី នៅពេល​លោក​បាន​សរសេរ​លិខិត​ទៅ​ពួក​កូរិនថូស ៖

« ឯ​របស់​ឥត​ជីវិត​ទាំង​ប៉ុន្មាន​ដែល​មាន​ចេញ​សូរ ទោះ​បើ​ជា​ខ្លុយ ឬ ស៊ុង​ក្តី បើ​មិន​មាន​ឮ​ខ្ពស់​ទាប នោះ​ធ្វើ​ដូចម្តេច​ឲ្យ​ដឹង​ថា​ផ្លុំ ឬ ចាប់​លេង​បទ​ណា​ទៅ​បាន ?

« ឯ​ត្រែ ក៏​ដូច​គ្នា បើ​ឮ​សូរ​មិន​ច្បាស់ នោះ​តើ​នឹង​មាន​អ្នក​ណា​ប្រុង​ប្រៀប​ខ្លួន​ទៅ​ច្បាំង​បាន ? »

សម័យ​បច្ចុប្បន្ន​នេះ​គឺ​ជា​សម័យ​មួយ ដែល​ពិភពលោក​នេះ​ត្រូវការ​ពួក​សិស្ស​នៃ​ព្រះគ្រីស្ទ ដែល​ប្រកាស​សារលិខិត​នៃ​ដំណឹង​ល្អ​ដោយ​ច្បាស់ៗ និង ចេញ​ពី​ដួងចិត្ត ។ យើង​ត្រូវការ​ការហៅ​ដ៏​គ្រលួច​នៃ​សំឡេង​ត្រែ ។

ព្រះគ្រីស្ទ​គឺ​ពិត​ជា​គំរូ​ដ៏​ល្អ​បំផុត​សម្រាប់​យើង ។ ទ្រង់​បាន​បង្ហាញ​សេចក្តី​ក្លាហាន​ដើម្បី​ការពារ​អ្វី​ដែល​ត្រឹមត្រូវ ។ ព្រះបន្ទូល​របស់​ទ្រង់​គឺ​ដូច​ពី​ជំនាន់​មុន​ដែរ នៅពេល​ទ្រង់​អញ្ជើញ​យើង​ឲ្យ​ចងចាំ​ដោយ​ស្រឡាញ់​ព្រះ និង បងប្អូន​របស់​យើង ឲ្យ​គោរព​ព្រះបញ្ញត្តិ​ទាំងអស់​របស់​ព្រះ ហើយ​រស់នៅ​ដូចជា​ពន្លឺ​ដល់​ពិភពលោក ។ ទ្រង់​ពុំ​ភ័យ​ខ្លាច ដើម្បី​មាន​បន្ទូល​ប្រឆាំង​នឹង​អ្នក​មាន​អំណាច ឬ អ្នក​គ្រប់គ្រង​លើ​ផែនដី​នេះ​នៅ​ជំនាន់​របស់​ទ្រង់​ឡើយ ទោះបី​ជា​អ្នក​មាន​អំណាច ឬ អ្នក​គ្រប់គ្រង​ទាំង​នោះ បាន​ប្រឆាំង​នឹង​បេសកកម្ម​របស់​ទ្រង់​ដែល​បាន​ប្រទាន​ដល់​ទ្រង់​ដោយ​ព្រះវរបិតា​សួគ៌​របស់​ទ្រង់ ។ ព្រះបន្ទូល​របស់​ទ្រង់​ពុំ​បាន​ថ្លែង​ឡើង​ដើម្បី​បំភាន់​មនុស្ស​ឡើយ ប៉ុន្តែ​ដើម្បី​ផ្លាស់ប្តូរ​ដួងចិត្ត​មនុស្ស​វិញ ។ ទ្រង់​ស្គាល់​ព្រះ​ឆន្ទៈ​របស់​ព្រះវរបិតា​ទ្រង់​ច្បាស់ នៅក្នុង​គ្រប់​បន្ទូល និង ទង្វើ​ដែល​ទ្រង់​បាន​ធ្វើ ។

ខ្ញុំ​ក៏​ស្រឡាញ់​គំរូ​របស់​ពេត្រុស​ផងដែរ ដែល​បាន​លួងលោម​មនុស្ស​នៃ​លោកិយ​នេះ​ដោយ​សេចក្តី​ក្លាហាន និង ច្បាស់លាស់​នៅ​បុណ្យ​ថ្ងៃ​ទី​ហាសិប ។ នៅថ្ងៃ​នោះ​មនុស្ស​ជា​ច្រើន មក​ពី​ប្រទេស​នានា​បាន​មក​ជួបជុំ​គ្នា រិះគន់​ដល់​ពួក​បរិសុទ្ធ​ជំនាន់​ដើម ដោយសារ​ពួកគេ​បាន​ស្តាប់​ឮ​ពួក​បរិសុទ្ធ​នោះ​និយាយ​ជា​ភាសា​ខ្លួន ហើយ​បាន​គិត​ថា​ពួកគេ​ស្រវឹង​ស្រា ។ នោះ​ពេត្រុស​ដោយ​មាន​ព្រះវិញ្ញាណ​គង់​នៅ​ក្នុង​ខ្លួន​គាត់ បាន​ក្រោកឈរ​ឡើង​ការពារ​សាសនាចក្រ និង សមាជិក​ទាំង​នោះ ។ លោក​បាន​ថ្លែង​ទីបន្ទាល់​ដោយ​ថ្លែង​ពាក្យ​ទាំង​នេះ ៖ « ឱ​ពួក​សាសន៍​យូដា និង​ពួក​អ្នក​នៅ​ក្រុង​យេរូសាឡិម​ទាំង​អស់​គ្នា​អើយ សូម​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​សេចក្តី​នេះ ហើយ​ប្រុង​ស្តាប់​ពាក្យ​ខ្ញុំ​ចុះ » ។

ក្រោយ​មក​លោក​បាន​ដកស្រង់​ខគម្ពីរ ដែល​មាន​ការព្យាករណ៍​អំពី​ព្រះគ្រីស្ទ ហើយ​បាន​ថ្លែង​ទីបន្ទាល់​ចំៗ​ថា ៖ « ដូច្នេះ ចូរ​ឲ្យ​ពួក​វង្ស​អ៊ីស្រាអែល​ទាំង​អស់​ដឹង​ជា​ប្រាកដ​ថា ព្រះ​ទ្រង់​បាន​លើក​ព្រះយេស៊ូវ​នេះ​ដែល​អ្នក​រាល់​គ្នា​បាន​ឆ្កាង ឲ្យ​ទ្រង់​ធ្វើ​ជា​ព្រះអម្ចាស់ ហើយ​ជា​ព្រះគ្រីស្ទ​ផង » ។

មនុស្ស​ជាច្រើន​បាន​ស្តាប់​ឮ​ពាក្យ​ទាំង​នេះ ហើយ​បាន​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ ហើយ​មនុស្ស ៣០០០​នាក់​បាន​ក្លាយ​ជា​សមាជិក​សាសនាចក្រ​នៅ​ជំនាន់​ដើម​នោះ ។ នេះ​គឺ​ជា​ភស្តុតាង​ដ៏​មាន​ឥទ្ធិពល ដែល​បុរស ឬ ស្ត្រី​ម្នាក់ ដែល​មាន​ឆន្ទៈ​ថ្លែង​ទីបន្ទាល់ ដែល​អាច​ធ្វើ​ឲ្យ​មាន​ការផ្លាស់ប្តូរ នៅពេល​ពិភពលោក​នេះ​ហាក់បី​ដូច​ជា​ចាប់ផ្តើម​យល់​ខុស​ពី​សាសនាចក្រ ។

នៅពេល​យើង​ជា​សមាជិក​ធ្វើ​ការសម្រេច​ចិត្ត​ដើម្បី​ការពារ ហើយ​ធ្វើ​ជាសាក្សី​ដ៏​មាន​ឥទ្ធិពល​ចំពោះ​គោលលទ្ធិ​របស់​ព្រះ និង សាសនាចក្រ​របស់​ទ្រង់ នោះ​នឹង​មាន​ការផ្លាស់ប្តូរ​នៅក្នុង​ខ្លួន​យើង ។ យើង​លើក​ព្រះភក្ត្រ​របស់​ទ្រង់​ដាក់​លើ​មុខ​យើង ។ យើង​ខិត​កាន់តែ​ជិត​នឹង​ព្រះវិញ្ញាណ​របស់​ទ្រង់ ។ ទ្រង់​នឹង​យាង​ទៅ​ពី​មុខ​យើង ហើយ​នឹង​នៅ « ខាង​ស្ដាំ​ដៃ​[ យើង ] ហើយ​ខាង​ឆ្វេង​ដៃ​[ យើង ] ហើយ​ព្រះវិញ្ញាណ [ របស់​ទ្រង់ ] នឹង​សណ្ឋិត​នៅ​ក្នុង​ដួងចិត្ត [ យើង ] ហើយ​ពួក​ទេវតា [ របស់​ទ្រង់ ]​នៅ​ព័ទ្ធ​ជុំវិញ [ យើង ] ដើម្បី​ទ្រ [ យើង ] ឡើង » ។

កូនសិស្ស​ពិត​ប្រាកដ​របស់​ព្រះគ្រីស្ទ នឹង​ពុំ​ស្វែងរក​ការដោះសារ​ចំពោះ​គោលលទ្ធិ ដែល​វា​ពុំ​ត្រូវ​នឹង​គំនិត​បច្ចុប្បន្ន​របស់​ពិភពលោក​នេះ​ឡើយ ។ ប៉ុល​គឺ​ជា​សិស្ស​ក្លាហាន​ម្នាក់​ផ្សេង​ទៀត ដោយ​បាន​ប្រកាស​យ៉ាង​អង់អាច​ថា លោក​គ្មាន « សេចក្តី​ខ្មាស ចំពោះ​ដំណឹង​ល្អ​នៃ​ព្រះគ្រីស្ទ​ទេ ពី​ព្រោះ​ជា​ព្រះចេស្តា​នៃ​ព្រះ សម្រាប់​នឹង​ជួយ​សង្គ្រោះ​ដល់​អស់​អ្នក​ណា​ដែល​ជឿ » ។ កូន​សិស្ស​ពិត​ធ្វើ​ជា​តំណាង​ដល់​ព្រះអម្ចាស់ ទោះបីជា​ពុំ​មាន​ភាព​ងាយស្រួល​ដើម្បី​ធ្វើ​ដូច្នោះ​ក៏​ដោយ ។ កូន​សិស្ស​ពិត​មាន​បំណង​បំផុស​ដួងចិត្ត​មនុស្ស ពុំ​មែន​បង្អាក់​ចិត្ត​គេ​នោះទេ ។

ជារឿយៗ វា​ពុំ​ងាយ​ស្រួល ឬ ស្រណុក​ឡើយ​ដើម្បី​ឈរ​ការពារ​ចំពោះ​ព្រះគ្រីស្ទ​នោះ ។ ខ្ញុំ​ដឹង​ជា​ប្រាកដ​ថា នេះ​ជា​ករណី​របស់​ប៉ុល នៅ​ពេល​ដែល​លោក​ត្រូវបាន​ហៅ​ទៅ​ចំពោះ​ព្រះភក្ត្រ​ព្រះរាជា​អ័គ្រីប៉ា ហើយ​ត្រូវបាន​សុំ​ឲ្យ​បញ្ជាក់​ពី​ភាព​ត្រឹមត្រូវ និង ប្រាប់​ពី​រឿង​របស់​ខ្លួន ។ ដោយ​ពុំ​ស្ទាក់ស្ទើរ​ឡើយ ប៉ុល​បាន​ប្រកាស​ពី​ជំនឿ​របស់​លោក ជាមួយ​នឹង​ព្រះចេស្តា​ដដែល​នោះ​ជា ស្តេច​ដែល​គម្រាម​សម្លុត​នេះ​បាន​សារភាព​ថា លោក « ស្ទើរតែ » ត្រូវ​គេ​បៀតបៀន​ដោយសារ​តែ​ធ្វើ​ជា​គ្រិស្តសនិក ។

ចម្លើយ​របស់​ប៉ុល​បាន​ធ្វើ​ជា​សាក្សី​ពី​បំណង​ប្រាថ្នា​របស់​លោក ដើម្បី​ឲ្យ​មនុស្ស​យល់ យ៉ាង​ច្បាស់ ពី​អ្វី​ដែល​លោក​បាន​និយាយ ។ លោក​បាន​ទូល​ព្រះរាជា​អ័គ្រីប៉ា​ថា វា​គឺ​ជា​បំណង​ប្រាថ្នា​របស់​លោក ដែល​ថា​មនុស្ស​ទាំងអស់​ដែល​ស្តាប់​លោក​នឹង​ក្លាយ​ជា​គ្រិស្តសនិក « ទាំងអស់ » ឡើយ ផ្ទុយ​ទៅវិញ « ទាំងអស់​គ្នា » នឹង​ក្លាយ​ជា​កូនសិស្ស​នៃ​ព្រះគ្រីស្ទ ។ អស់​អ្នក​ដែល​និយាយ​យ៉ាង​ច្បាស់​បែប​នេះ អាច​នាំ​ការណ៍​នេះ​ឲ្យ​សម្រេច​បាន​ជា​ប្រាកដ​មែន ។

អស់​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដែល​ខ្ញុំ​បាន​សិក្សា​រឿង​នៃ​ការសុបិន​របស់​លីហៃ​នៅក្នុង​ព្រះគម្ពីរ​មរមន នោះ​ខ្ញុំ​គិត​ជានិច្ច​អំពី​អាគារ​ដ៏​ធំ ហើយ​ទូលាយ​នោះ​ថា​វា​ជា​កន្លែង​មួយ​ដែល​ភាគច្រើន​មាន​តែ​អ្នក​ប៉ះបោរ​រស់នៅ​ប៉ុណ្ណោះ ។ មាន​មនុស្ស​ពេញ​អគារ​នោះ សើច​ចំអក ហើយ​ចង្អុល​មក​ពួក​អ្នក​ស្មោះត្រង់​ដែល​កាន់​ដំបង​ដែង ដែល​តំណាង​ឲ្យ​ព្រះបន្ទូល​នៃ​ព្រះ ហើយ​ពួកគេ​បាន​ធ្វើ​ដំណើរ​ទៅ​រក​ដើម​ជីវិត ដែល​តំណាង​ឲ្យ​សេចក្តី​ស្រឡាញ់​នៃ​ព្រះ ។ មនុស្ស​មួយ​ចំនួន​ពុំ​អាច​ស៊ូទ្រាំ​ក្រោម​សម្ពាធ​នៃ​ការចំអក​ឡកឡឺយ​របស់​មនុស្ស​ទាំង​នោះ​ចំពោះ​ពួកគេ​ឡើយ ហើយ​បាន​វង្វេង​ផ្លូវ ។ អ្នក​ខ្លះ​ទៀត​បាន​សម្រេច​ចិត្ត​ចូលរួម​ជាមួយ​អ្នក​ចំអក​ដែល​នៅក្នុង​អគារ​នោះ ។ តើ​ពួកគេ​គ្មាន​សេចក្តី​ក្លាហាន ដើម្បី​និយាយ​ដោយ​អង់អាច​ប្រឆាំង​នឹង​ការរិះគន់ ឬ សារលិខិត​នៃ​លោកិយ​នេះ​ឬ ?

នៅពេល​ខ្ញុំ​មើល​ទៅ​ពិភពលោក​បច្ចុប្បន្ន​នេះ វា​កំពុង​តែ​ឃ្លាត​ឆ្ងាយ​ពី​ព្រះ នោះ​ខ្ញុំ​គិត​ថា​អគារ​នេះ​គឺ​កំពុង​រីក​ទំហំ​ធំ​ឡើង ។ មនុស្ស​ជាច្រើន​ឃើញ​ថា​ពួកគេ​កំពុងវង្វេង​ផ្លូវ​ក្នុង​អគារ​ដ៏​ធំ ហើយ​ទូលាយ​នោះ ដោយ​ពុំ​ទទួល​ស្គាល់​ថា​ពួកគេ​កំពុង​តែ​ក្លាយ​ជា​ផ្នែក​មួយ​នៃ​វប្បធម៌​របស់​អគារ​នោះ​ឡើយ ។ ជាញឹកញាប់ ពួកគេ​ទោរទន់​ទៅ​រក​ការល្បួង និង សារលិខិត​ទាំង​នោះ ។ ទីបំផុត​យើង​ឃើញ​ថា​ពួកគេ​សើច​ចំអក ឬ ចូលរួម​ជាមួយ​អស់​អ្នក​ដែល​រិះគន់ ឬ សើច​ឡកឡឺយ​នោះ ។

អស់​ពេល​ជាច្រើន​ឆ្នាំ​មក​នេះ ខ្ញុំ​បាន​គិត​ថា​ហ្វូង​មនុស្ស​ដែល​សើច​ចំអក​នោះ កំពុង​តែ​ឡកឡើយ​ពី​របៀប​រស់នៅ​របស់​ពួក​អ្នក​ស្មោះត្រង់ ប៉ុន្តែ​សំឡេង​ឮ​ចេញ​ពី​អគារ​នោះ​នា​ពេល​បច្ចុប្បន្ន​នេះ បាន​ផ្លាស់ប្តូរ​សូរស័ព្ទ និង យុទ្ធសាស្ត្រ​របស់​វា ។ ជាញឹកញាប់ អស់​អ្នក​ដែល​ចំអក​ឡកឡឺយ​ព្យាយាម​វាយ​ឆ្មក់​តាមរយៈ​សារលិខិត​សាមញ្ញ​នៃ​ដំណឹង​ល្អ ដោយ​វាយ​ប្រហារ​លើ​ទិដ្ឋភាព​មួយ​ចំនួន​នៃ​ប្រវត្តិសាស្ត្រ​របស់​សាសនាចក្រ ឬ ផ្តល់​ចំណុច​រិះគន់​លើ​ព្យាការី ឬ ថ្នាក់​ដឹកនាំ​ផ្សេង​ទៀត ។ ពួកវា​ក៏​វាយ​ប្រហារ​ខ្លឹម​សំខាន់​នៃ​គោលលទ្ធិ​របស់​យើង ព្រមទាំង​ក្រឹត្យវិន័យ​របស់​ព្រះ​ផងដែរ ដែល​បាន​ប្រទាន​ដល់​យើង​តាំងតែ​ពី​ការបង្កបង្កើត​ផែនដី​មក​ម្ល៉េះ ។ ក្នុង​នាម​យើង​ជា​ពួក​សិស្ស​នៃ​ព្រះយេស៊ូវគ្រីស្ទ និង ជា​សមាជិក​នៃ​សាសនាចក្រ​របស់​ទ្រង់ យើង​ត្រូវ​តែ​កុំ​លែង​ដំបង​ដែក​នោះ​ឡើយ ។ យើង​ត្រូវតែ​ឲ្យ​សំឡេង​ដ៏​ច្បាស់​នៃ​ត្រែ​បន្លឺ​ឡើង​ចេញ​ពី​ព្រលឹងផ្ទាល់​របស់​យើង ។

សារលិខិត​សាមញ្ញ​នោះ​គឺ​ថា ព្រះ​ជា​ព្រះវរបិតា​សួគ៌​របស់​យើង​ដែល​ពេញ​ដោយ​ក្តី​ស្រឡាញ់ ហើយ​ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​បុត្រា​ទ្រង់ ។ ដំណឹងល្អ​ត្រូវបាន​ស្តារ​ឡើង​វិញ​នៅក្នុង​ថ្ងៃ​ចុង​ក្រោយ​នេះ តាមរយៈ​ព្យាការី​នៅរស់ ហើយ​ភស្តុតាង​នោះ​គឺ​ជា​ព្រះគម្ពីរ​មរមន ។ មាគ៌ា​នៃ​សុភមង្គល​គឺ​មាន​តាមរយៈ​អង្គភាព​គ្រឹះ​នៃ​គ្រួសារ ដូច​ដែល​បាន​រៀបចំ​តាំង​ពី​ដើម​ដំបូង​មក ហើយ​បាន​បើក​សម្តែង​ដោយ​ព្រះវរបិតា​សួគ៌​របស់​យើង ។ នេះ​គឺ​ជា​សំឡេង​មេឡូឌី​ដែល​យើង​ស្គាល់​នៃ​សារលិខិត ដែល​មនុស្ស​ជាច្រើន​អាច​ស្គាល់ ដោយសារ​ពួកគេ​ធ្លាប់​បាន​ស្តាប់​វា​តាំងតែ​ពី​ជីវិត​មុន​ឆាក​ជីវិត​នេះ ។

ក្នុង​នាម​ជា​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ គឺ​វា​ដល់​ពេល​ហើយ​ដើម្បី​ក្រោក​ឡើង​ការពារ និង ថ្លែង​ទីបន្ទាល់ ។ វា​ដល់​ពេល​ហើយ​ដើម្បី​ឲ្យ​អក្សរ​ភ្លេង​នៃ​សំឡេង​មេឡូឌី​របស់​ដំណឹង​ល្អ ឮ​លាន់​រំពង​ជាង​សំឡេង​នៃ​ពិភពលោក​នេះ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​បន្ថែម​របស់​ខ្ញុំ​ចំពោះ​សារលិខិត​របស់​ព្រះអង្គ​សង្គ្រោះ និង ព្រះ​ប្រោសលោះ​នៃ​ពិភពលោក​នេះ ។ ទ្រង់​មាន​ព្រះជន្ម​រស់ ! ដំណឹងល្អ​របស់​ទ្រង់​ត្រូវបាន​ស្តារ​ឡើង​វិញ ហើយ​ពរជ័យ​នៃ​សុភមង្គល និង ភាព​សុខសាន្ត​អាច​ទទួល​បាន​នៅក្នុង​ជីវិត​នេះ តាមរយៈ​ការរស់នៅ​តាម​ព្រះបញ្ញត្តិ​របស់​ទ្រង់ ហើយ​ដើរ​តាម​មាគ៌ា​ទ្រង់ ។ នេះ​ជា​ទីបន្ទាល់​របស់​ខ្ញុំ នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។