ឆ្នាំ ២០១០-២០១៩
ការ​ប្រឈម​មុខ​នឹង​ឧបសគ្គ​នានា​នៃ​ពិភពលោក​សព្វថ្ងៃ
តុលា 2015


ការ​ប្រឈម​មុខ​នឹង​ឧបសគ្គ​នានា​នៃ​ពិភពលោក​សព្វថ្ងៃ

ជម្រើស​ដែល​អ្នក​ធ្វើ--បេសកកម្ម ការអប់រំ អាពាហ៍ពិពាហ៍ អាជីព និងការ​បម្រើនៅក្នុង​សាសនាចក្រ --នឹង​តម្រង់​ជោគ​វាសនា​អស់​កល្បជានិច្ច​របស់​អ្នក ។

មាន​អ្វីៗ​ជាច្រើន​ដែល​បាន​សរសេរ​ទុក និង​ថ្លែង​អំពី​ជំនាន់​នៃ​យុវមជម្ឈិម​វ័យ​សព្វថ្ងៃ​នេះ ។ ការស្រាវជ្រាវ​បាន​បង្ហាញ​ថា មាន​មនុស្ស​ជាច្រើន​ជំទាស់​នឹង​សាសនា​ដែល​បាន​រៀបចំ​ឡើង ។ មនុស្ស​ជាច្រើន​បាន​ជំពាក់​បំណុល និង​គ្មាន​ការងារ​ធ្វើ ។ ភាគ​ច្រើន​ចូលចិត្ត គំនិត នៃ​អាពាហ៍ពិពាហ៍ ប៉ុន្តែ​ភាគច្រើន​ស្ទាក់ស្ទើត​នឹង​បោះ​ជំហាន​ទៅរក​វា ។ កំណើន​នៃ​មនុស្ស​មិន​ចង់​បាន​កូន​មាន​កាន់តែ​ច្រើន ។ បើ​គ្មាន​ដំណឹងល្អ និងការ​ណែនាំ​ដ៏​បំផុស​គំនិត​ទេ នោះ​មនុស្ស​ជាច្រើន​នឹង​វង្វេង​នៅលើ​ផ្លូវ​ចម្លែក ហើយ​វង្វេង ។

សំណាង​ល្អ សមាជិក​វ័យក្មេង​នៃ​សាសនាចក្រ​ពុំ​មាន​ទំនោរ​ទៅរក​បញ្ហា​ទាំងនេះ​ខ្ពស់​ទេ ដោយ​សារ​តែ​ពួកគេ​ត្រូវ​បាន​ប្រទានពរ​ជាមួយ​នឹង​ផែនការ​នៃ​ដំណឹងល្អ ។ ផែនការ​អស់​កល្ប​នោះ រួមមាន​ទាំង​ការ​កាន់​ខ្ជាប់​ទៅ​នឹង​ដំបង​ដែក--​តោង​ជាប់​ព្រះបន្ទូល​របស់​ព្រះ និង​ពាក្យ​សម្ដី​របស់​ពួក​ព្យាការី​ទ្រង់ ។ យើង​ចាំបាច់​ត្រូវ​ចាប់​កាន់​ដំបង​ដែក​ដែល​នាំ​យើង​ត្រឡប់​ទៅ​រក​ទ្រង់​វិញ​ឲ្យ​ណែន ។ ឥឡូវ​នេះ គឺជា « ថ្ងៃ​សម្រាប់​ការជ្រើសរើស » សម្រាប់​យើង​ទាំង​អស់​គ្នា ។

កាល​ពី​ក្មេង ពេលខ្ញុំ​ហៀ​ប​នឹង​ធ្វើ​ការ​ជ្រើសរើស​ដែល​មិន​ល្អ ពេលខ្លះ ឪពុក​របស់​ខ្ញុំ​នឹង​ប្រាប់​ថា « រ៉ូបឺត ទៅ​ឲ្យត្រង់ ហើយ​ហោះ​ឲ្យ​បាន​ត្រឹមត្រូវ ! » អ្នក​បាន​នៅ​ទីនោះ ។ ខ្ញុំ​ចង់​និយាយ​ចំៗ​ទៅ​ប្អូនៗ ជា​យុវវ័យ​—ជា​យុវវ័យ និង—យុវមជ្ឈិមវ័យ​ដ៏​ថ្លៃថ្នូរ​របស់​យើង « ដ្បិត​ព្រលឹង​របស់​ខ្ញុំ ត្រេកអរ​ចំពោះ​ការ​ច្បាស់ … ដើម្បី [ យើង ] អាច​ចេះដឹង » ។

អ្នក​រាល់គ្នា​កំពុង​រស់នៅ​ឆ្លង​កាត់​គ្រា​ដ៏​សំខាន់​នៃ​ជីវិត​របស់​អ្នក ។ ជម្រើស​ដែល​អ្នក​ធ្វើ--បេសកកម្ម ការអប់រំ អាពាហ៍ពិពាហ៍ អាជីព និងការ​បម្រើ​នៅក្នុង​សាសនាចក្រ --នឹង​តម្រង់​ជោគ​វាសនា​អស់​កល្បជានិច្ច​របស់​អ្នក ។ នេះ​មាន​ន័យ​ថា អ្នក​នឹង​មើល​ទៅមុខ--​មើល​ទៅ​អនាគត​ជានិច្ច ។

ក្នុងនាម​ជា​អាកាសយាន្តនិក​ចម្បាំង ខ្ញុំ​បាន​រៀន​​គោលការណ៍​នេះ​ថា ៖ មិន​ត្រូវ​ប៉ុនប៉ង​ហោះ​ចូល​ទៅក្នុង​ព្យុះ​ឡើយ ។ ( ខ្ញុំ​នឹង​មិន​ប្រាប់​អ្នក​អំពី​របៀប​ដែល​ខ្ញុំ​រកឃើញ​វា​ទេ ) ។ ផ្ទុយទៅវិញ បើក​វៀង​ទៅផ្លូវ​ផ្សេង ឬ​រង់ចាំ​ឲ្យ​ព្យុះ​ស្ងប់​មុន​ពេល​ចុះចត ។

យុវជម្ឈិមវ័យ​ជា​ទីស្រឡាញ់​ខ្ញុំ​ចង់​ជួយ​អ្នក « ឲ្យ​ហោះហើរ​ត្រឹមត្រូវ » នៅក្នុ​ងព្យុះ​នៃ​ថ្ងៃ​ចុង​ក្រោយ​នេះ ។ អ្នក​គឺ​ជា​អាកាសយាន្តនិក ។ អ្នក​មាន​ទំនួលខុសត្រូវ​ដើម្បី​គិត​អំពី​លទ្ធផល​នៃ​ជម្រើស​គ្រប់​យ៉ាង​ដែល​អ្នក​បាន​ធ្វើ ។ ចូរ​សួរ​ខ្លួន​អ្នក « បើ​ខ្ញុំ​ធ្វើ​ការ​ជ្រើសរើស​នេះ តើ​មាន​រឿង​ដ៏​អាក្រក់​បំផុត​អ្វីខ្លះ ដែល​អាច​កើត​ឡើង ? ការ​ជ្រើសរើស​សុចរិត​របស់​អ្នក នឹង​រក្សា​ខ្លួន​អ្នក​កុំ​ឲ្យ​ទៅ​ខុស​ផ្លូវ ។

ចូរ​គិត​ពី​ចំណុច​នេះ ៖ ប្រសិន​បើអ្នក​មិន​ជ្រើសរើស​ទទួល​ទាន​គ្រឿង​ស្រវឹងទេ នោះ​អ្នក​នឹង​មិន​ញៀន​គ្រឿង​ស្រវឹង​ទេ ! ប្រសិន​បើ​អ្នក​ពុំធ្លាប់​ជ្រើសរើស​ជំពាក់​បំណុល​ទេ នោះ​អ្នក​នឹង​ចៀស​ផុត​ពី​ការ​ក្ស័យ​ធុន !

គោលបំណង​មួយ​នៃ​បទគម្ពីរ គឺ​ដើម្បី​បង្ហាញ​យើង​អំពី​របៀប​ដែល​មនុស្ស​សុចរិត​ឆ្លើយ​តប​ចំពោះ​ការ​ល្បួង និង​ការ​អាក្រក់ ។ និយាយ​ឲ្យ​ខ្លី​ទៅ ពួកគេ​ចៀសវាង​ពី​វា ! យ៉ូសែប បាន​រត់​គេច​ពី​ប្រពន្ធ​របស់​ប៉ូទីផា ។ លីហៃ នាំ​គ្រួសារ​គាត់​ចេញពី​ក្រុង​យេរូសាឡិម ។ ម៉ារា និង យ៉ូសែប ភៀស​ខ្លួន​ទៅ​អេស៊ីព្ទ ដើម្បី​គេច​ផុត​ពី​ផែនការ​អាក្រក់​របស់​ហេរ៉ូឌ ។ ព្រះវរបិតា​សួគ៌​បាន​ព្រមាន​ដល់​អ្នក​ជឿ​ទាំងនេះ នៅគ្រប់​ស្ថានភាព ។ ស្រដៀងគ្នា​នេះ​ដែរ ទ្រង់​នឹង​ជួយ​យើង​ឲ្យ​ដឹង​ថា​ត្រូវ​ច្បាំង រត់គេច ឬទទួល​យក​ការ​ផ្លាស់ប្ដូរ​ស្ថានភាព​របស់​យើង ។ ទ្រង់​នឹង​មាន​បន្ទូល​មកកាន់​យើង​តាមរយៈ​ការ​អធិស្ឋាន ហើយ​នៅពេល​យើង​អធិស្ឋាន នោះ​យើង​នឹង​មាន​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែល​ជា​អង្គ​នឹង​ដឹកនាំ​យើង ។ យើង​មាន បទគម្ពីរ ការ​បង្រៀន​របស់​ពួកព្យាការី​នៅរស់ ពរជ័យ​អយ្យកោ ការ​ប្រឹក្សា​របស់​ឪពុក​ម្ដាយ និង​អ្នកដឹកនាំ​បព្វជិតភាព និង​អង្គការ​ជំនួយ ដែល​មាន​ការ​បំផុសគំនិត ហើយ​លើស​ពីនោះ គឺ​សំឡេង​តូច​រហៀង​របស់​ព្រះវិញ្ញាណ ។

ព្រះអម្ចាស់​នឹង​រក្សា​ការសន្យា​របស់​ទ្រង់​ជានិច្ច ៖ « យើងនឹង​ដឹកនាំ​អ្នក​រាល់គ្នា » ។ មាន​សំណួរ​តែ​មួយ​គត់ គឺ​ថា តើ​យើង​យល់​ព្រម​ឲ្យ​ខ្លួន​យើង​ត្រូវ​បាន​ដឹកនាំ​ឬទេ ? តើ​យើង​នឹង​ស្ដាប់​សំឡេង​របស់​ទ្រង់ និង​សំឡេង​របស់​ពួក​អ្នកបម្រើ​ទ្រង់​ឬទេ ?

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ប្រសិនបើ​អ្នក​នៅ​ទីនោះ​សម្រាប់​ព្រះអម្ចាស់ នោះ​ទ្រង់​នឹង​គង់​នៅ​ទីនោះ​សម្រាប់​អ្នក ។ ប្រសិន​បើ​អ្នក​ស្រឡាញ់​ទ្រង់ ហើយ​រក្សា​បទបញ្ញត្តិ​របស់​ទ្រង់ នោះ​អ្នក​នឹង​មាន​ព្រះវិញ្ញាណ​របស់​ទ្រង់ គង់​នៅ​ជាមួយ​អ្នក ហើយ​ដឹកនាំ​អ្នក ។ « ចូរ​ដាក់​ទី​ទុក​ចិត្ត​របស់​អ្នក​ទៅ​នឹង​ព្រះ​វិញ្ញាណ​នោះ ដែល​នាំ​ឲ្យ​ធ្វើ​ល្អ ។ … ដោយ​ការណ៍​នេះ អ្នក​នឹង​ដឹង​គ្រប់​ទាំងអស់ … ទាក់ទង​ទៅនឹង​ការណ៍ទាំង​ឡាយនៃ​សេចក្ដី​សុចរិត » ។

ដោយ​មាន​គោលការណ៍​ទាំងនោះ​ជាគ្រឹះ​មួយ តើ​ខ្ញុំ​សូម​ផ្ដល់​ការ​ប្រឹក្សា​ជាក់ស្ដែង​ខ្លះៗ​បាន​ឬទេ​ ?

មនុស្ស​ជាច្រើន​ក្នុង​ជំនាន់​របស់​អ្នក​កំពុង​ប្រឈម​មុខ​នឹង​បំណុល​ដ៏ធំ ។ កាល​ខ្ញុំ​នៅ​វ័យ​ស្របាល​អ្នក ប្រធាន ស្ដេក​របស់​ខ្ញុំ គឺជា​អ្នក​វិនិយោគ​នៅ​ក្រុមហ៊ុន វ៉ល ស្ទ្រីត ។ គាត់​បាន​បង្រៀន​ខ្ញុំថា « អ្នក​គឺជា​អ្នក​មាន​ហើយ ប្រសិនបើ​អ្នក​អាច​រស់នៅ​ដោយ​រីករាយ​តាម​លទ្ធភាព​របស់​អ្នក​នោះ » ។ តើ​អ្នក​អាច​ធ្វើ​ដូច្នោះ​ដោយ​របៀប​ណា ? ថ្វាយ​ដង្វាយ​មួយភាគ​ក្នុង​ដប់​របស់​អ្នក ហើយ​សន្សំ​ប្រាក់ ! នៅពេល​អ្នក​រក​បាន​ច្រើន សន្សំ​ឲ្យ​ច្រើន ។ កុំ​ប្រគួត​ប្រជែង​នឹង​អ្នកដទៃ ដែល​ប្រើប្រាស់​របស់​ថ្លៃៗ ។ កុំ​ទិញ​អ្វី​ដែល​ហួស​ពី​លទ្ធភាព​អ្នក ។

យុវមជ្ឈិមវ័យ​ជាច្រើន នៅក្នុង​ពិភពលោក នឹង​ជំពាក់​បំណុល​ដើម្បី​ទទួល​ការ​អប់រំ ព្រោះ​តែ​ថ្លៃ​សាលា​មាន​តម្លៃ​ថ្លៃ​ជាង​ដែល​ពួកគេ​អាច​បង់សង ។ សូម​រកមើល​អាហារ​រូបករណ៍ និង ការ​ផ្ដល់​អំណោយ ។ ធ្វើ​ការងារ​ក្រៅ​ម៉ោង​ដើម្បី​ជួយ​បង់​ថ្លៃសាលា​ដោយ​ខ្លួន​អ្នក បើ​អាច​ធ្វើ​ទៅ​បាន ។ ការណ៍​នេះ នឹង​តម្រូវ​ឲ្យ​មាន​ការ​លះបង់​ខ្លះៗ ប៉ុន្តែ​វា​នឹង​ជួយ​អ្នក​ទទួល​ជោគជ័យ ។

ការ​អប់រំ​រៀបចំ​អ្នក​ឲ្យ​មាន​ឱកាស​ការងារ​ល្អ ។ វា​ដាក់​អ្នក​ឲ្យ​ស្ថិត​នៅក្នុង​ទីតាំង​ល្អប្រសើរ​ដើម្បី​បម្រើ និង​ប្រទានពរ​ដល់​អ្នក​ទាំងឡាយ​ដែល​នៅ​ជុំវិញ​អ្នក ។ វា​នឹង​ដាក់​អ្នក​នៅលើ​ផ្លូវ​នៃ​ការ​រៀនសូត្រ​យូរ​អង្វែង ។ វា​នឹង​ពង្រឹង​អ្នក​ប្រយុទ្ធ​នឹង​ភាព​ឆោតល្ងង់ និង​ភាពខុសឆ្គង ។ ដូច​យ៉ូសែប ស្ម៊ីធ បាន​បង្រៀន​ថា ៖ « ចំណេះដឹង​លុបបំបាត់​នូវភាព​ងងឹតងងល់ ចម្ងល់ និង​សង្ស័យ ដ្បិត​របស់​ទាំងនោះ​ពុំអាច​មាន​វត្តមាន​នៅក្នុង​ចំណេះដឹង​បាន​ទេ ។ … នៅ​ក្នុងចំណេះដឹង​គឺ​មាន​នូវអំណាច » ។ « រៀន​សូត្រ​គឺជា​ការល្អ បើ​ពួកគេ​ស្ដាប់​តាម​ដំបូន្មាន​របស់ព្រះ » ។១០ ការ​អប់រំ​នឹង​រៀបចំ​អ្នក​សម្រាប់​អ្វី​ដែលនៅ​ខាង​មុខ រួមទាំង​អាពាហ៍ពិពាហ៍​ផងដែរ ។

ជា​ថ្មី​ម្ដងទៀត ខ្ញុំ​សូម​និយាយ​ដោយ​ចំៗបាន​ទេ ? ផ្លូវ​ដែលនាំ​ទៅរក​អាពាហ៍ពិពាហ៍​ឆ្លងកាត់​ទីតាំង​ដែល​ហៅ​ថា ការដើរលេង​ជាគូ ! ការដើរលេង​ជាគូ គឺជា​ឱកាស​ដើម្បី​មាន​ការ​សន្ទនា​យូរ ។ នៅពេល​អ្នក​ដើរ​លេង​ជាគូ ចូរ​រៀន​អ្វីៗ​ជាច្រើន​តាម​ដែល​អ្នក​អាច​ធ្វើ​បាន​ពី​គ្នាទៅ​វិញទៅ​មក ។ ចូរ​ស្គាល់​គ្រួសារ​របស់​គ្នាទៅ​វិញទៅមក​ឲ្យ​បាន​ច្រើន​បើ​អាច​ធ្វើ​ទៅ​បាន ។ តើ​គោលដៅ​របស់​អ្នក​ត្រូវគ្នា​ឬ​ទេ ? តើ​អ្នក​បាន​ចែកចាយ​អារម្មណ៍​ដូចគ្នា​អំពី​បទបញ្ញត្តិ ព្រះអង្គ​សង្គ្រោះ បព្វជិតភាព ព្រះវិហារ​បរិសុទ្ធ ភាពជា​ឪពុក​ម្ដាយ ការហៅ​បម្រើ​ក្នុង​សាសនាចក្រ និង​ការ​បម្រើ​ដល់​អ្នកដទៃ​ឬ​ទេ ? តើ​អ្នក​បាន​សង្កេត​មើល​គ្នាទៅ​វិញទៅ​មកនៅ​ក្នុង​ភាព​តានតឹង ការ​ឆ្លើយតប​ចំពោះ​ភាពជោគជ័យ និង​បរាជ័យ ការ​ទប់​កំហឹង និង​ការ​ដោះស្រាយ​ឧបសគ្គ​ឬទេ ? តើ​មនុស្ស​ដែល​អ្នក​ដើរ​លេង​ជាមួយ ធ្វើ​ឲ្យ​អ្នក​ដទៃ​ធ្លាក់ចុះ ឬ​ស្ថាបនា​អ្នក​ដទៃ​ឡើង ? តើ​អាកប្បកិរិយា និង ភាសា ព្រមទាំង​ទង្វើ​របស់​គាត់ ឬ​នាង ជា​អ្វី​ដែល​អ្នក​ចង់​រស់នៅ​ជាមួយ​ប្រចាំ​ថ្ងៃ​ឬទេ ?

នោះ​បាន​ន័យថា គ្មាន​យើង​ណា​ម្នាក់ ​រៀបការ នឹង​មនុស្ស​ល្អ​ឥតខ្ចោះ​នោះ​ទេ ប៉ុន្ដែ​យើង​រៀបការ នឹង​មនុស្ស​មាន​ សក្ដានុពល  ។ អាពាហ៍ពិពាហ៍​ត្រឹមត្រូវ មិន​គ្រាន់តែ​អំពី​អ្វី​ដែល​ខ្ញុំ​ចង់​បាន​នោះ​ទេ វា​ក៏​ជា​អ្វី​ដែល​នាង​ចង់​បាន និង ត្រូវការ​ឲ្យ​ខ្ញុំ​ប្រែក្លាយ​ផងដែរ—ដែល​នាង​នឹង​ក្លាយ​ជា​ដៃគូ​របស់​ខ្ញុំ ។

និយាយ​ឲ្យ​ត្រង់ទៅ ចូរ​កុំ​ដើរ​លេង​ជាគូ​នៅ​ក្នុង​វ័យ ២០ ឆ្នាំ​របស់​អ្នក​ដើម្បី គ្រាន់​តែ « សប្បាយ » ដូច្នេះ​ពន្យា​ការ​រៀបការ​ដោយ​សារ​តែ​ចំណាប់​អារម្មណ៍ និង​សកម្មភាព​ផ្សេងៗ ។ ហេតុអ្វី ? ដោយ​សារ​តែ​ការ​ដើរលេង​ជាគូ និង​អាពាហ៍ពិពាហ៍ ពុំ​មែនជា​ទិសដៅ​ចុង​ក្រោយ​នោះទេ ។ វា​គឺជា​ច្រក​ផ្លូវ​ទៅកាន់​កន្លែង​ដែល​អ្នក​ចង់​ទៅ​នៅ​ទីបំផុត​វិញ​ទេតើ ។ « ដោយ​ហេតុ​នោះ បាន​ជា​មនុស្ស​ប្រុស​នឹង​លា​ចេញ​ពី​ឪពុក​ម្តាយ​ខ្លួន ទៅ​នៅ​ជាប់​នឹង​ប្រពន្ធ​វិញ » ។១១

ទំនួលខុសត្រូវ​របស់​អ្នក ឥឡូវ​នេះ គឺ​ត្រូវ​មាន​ភាព​សក្ដិសម​នឹង​មនុស្ស​ដែល​អ្នក​ចង់​រៀបការ​ជាមួយ ។ ប្រសិន​បើ​អ្នក​ចង់​រៀបការ​​នឹង​មនុស្ស​ដែល​ល្អ គួរ​ស្រឡាញ់ ស្មោះត្រង់ រីករាយ ខំធ្វើការ​នឹង​មាន​ព្រះវិញ្ញាណ​ខ្ពស់ ចូរ​ធ្វើជា ​ មនុស្ស​ប្រភេទ​នោះ ។ ប្រសិន​បើ​អ្នក គឺជា មនុស្ស​ប្រភេទ នោះ ហើយ​អ្នក​ពុំ បាន​រៀបការ ចូរ​អត់ធ្មត់ ។ សូម​ដាក់​ការរងចាំ​លើ​ព្រះអម្ចាស់ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះអម្ចាស់ ស្គាល់​បំណង​ប្រាថ្នា​របស់​អ្នក ហើយ​ស្រឡាញ់​អ្នក​ចំពោះ​ការលះបង់​ដោយស្មោះ​របស់​អ្នក​ចំពោះ​ទ្រង់ ។ ទ្រង់​មាន​ផែនការ​សម្រាប់​អ្នក មិន​ថា​វា​នៅក្នុង​ជីវិត​នេះ ឬ ជីវិត​បន្ទាប់​ពី​នេះ​ឡើយ ។ ចូរ​ស្ដាប់​តាម​ព្រះវិញ្ញាណ​ទ្រង់ ។ « ចូរ​កុំ​ចង់​ទូន្មាន​ដល់​ព្រះអម្ចាស់​ឡើយ តែ​ចូរ​ទទួល​ដំបូន្មាន​ពី​ព្រះហស្ត​របស់​ទ្រង់​វិញ » ។១២ នៅក្នុង​ជីវិត​នេះ ឬ​ជីវិត​បន្ទាប់ ការ​សន្យា​របស់​ទ្រង់​នឹង​ត្រូវ​បាន​បំពេញ ។ « បើសិន​ជា​អ្នករាល់គ្នា​បាន​ប្រុងប្រៀប​ទុកជា​ស្រេច នោះ​អ្នក​រាល់គ្នា​នឹង​មិន​ត្រូវ​ខ្លាច​ឡើយ » ។១៣

ប្រសិនបើ​អ្នក​ពុំ​មាន​ធនធាន​បរិបូរ ចូរ​កុំ​បារម្ភ ។ សមាជិក​សាសនាចក្រ​ដ៏​ល្អ​ម្នាក់​បាន​ប្រាប់​ខ្ញុំ​ថ្មីៗ​នេះ​ថា « ខ្ញុំ​មិន​ចិញ្ចឹម​កូន​ដោយសារ​ប្រាក់​ទេ គឺខ្ញុំ​ចិញ្ចឹម​ពួកគេ​ដោយ​សេចក្ដីជំនឿ » ។ មាន​នូវ​សេចក្តីពិត​ដ៏​អស្ចារ្យ​មួយ​ចំពោះ​ចំណុច​នោះ ។ ចូរ​ចាប់​ផ្ដើម​អនុវត្ត​សេចក្ដីជំនឿ​របស់​អ្នក​នៅ​គ្រប់​ផ្នែក​នៃ​ជីវិត​របស់​ខ្លួន ។ ប្រសិន​បើ​អ្នក​មិន​ធ្វើទេ អ្នក​នឹង​ត្រូវ​រងទុក្ខ​នូវអ្វី​ដែល​ខ្ញុំ​នឹង​ហៅ​ថា « ជំនឿ​ទន់ខ្សោយ​» ។ កម្លាំង​ដែល​ត្រូវ​ការ​ដើម្បី​អនុវត្ត​សេចក្ដីជំនឿ​របស់​អ្នក នឹង​រលាយ​សាបសូន្យ​ទៅ ។ ដូច្នេះ​ចូរ​អនុវត្ត​សេចក្ដីជំនឿ​របស់​អ្នក​ប្រចាំ​ថ្ងៃ ហើយ​អ្នក​នឹង « បាន​មុត​មាំ​ខ្លាំង​ឡើងៗ… ហើយ​បាន​រឹងប៉ឹង​ឡើងៗ​នៅក្នុង​សេចក្ដីជំនឿ​ជឿ​ដល់​ព្រះ​គ្រីស្ទ » ។១៤

ចូរ​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​រៀបការ ចូរ​ប្រាកដ​ថា​អ្នក​មានភាព​សក្ដិសម​ដើម្បី​ទទួលទាន​សាក្រាម៉ង់ និង​កាន់បណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ ។ ចូរ​ទៅ​ព្រះវិហារ​បរិសុទ្ធ​ជា​ទៀងទាត់ ។ បម្រើ​នៅ​ក្នុង​សាសនាចក្រ ។ បន្ថែម​ពី​លើ​ការ​ហៅបម្រើ​ក្នុង​ការហៅ​របស់​សាសនាចក្រ ចូរ​ធ្វើតាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ ដែល​« យាង​ចុះ​ឡើង​ធ្វើការ​ល្អ » ។១៥

ឥឡូវ អ្នក​អាច​នឹង​មាន​សំណួរ​សំខាន់​អំពី​ជម្រើស​នៅខាង​មុខ ។ នៅក្នុង​វ័យ​ក្មេង​របស់​ខ្ញុំ ខ្ញុំ​បាន​ស្វែងរក​ដំបូន្មាន​មកពី​ឪពុក​ម្ដាយ​ខ្ញុំ ហើយ​នឹង​អ្នក​ឲ្យ​ដំបូន្មាន​ស្មោះត្រង់ និង​ដែល​ទុកចិត្ត​បាន ។ មនុស្ស​ម្នាក់​គឺ​អ្នក​ដឹកនាំ​បព្វជិតភាព​មួយ​រូប ហើយ​ម្នាក់​ទៀត គឺ​គ្រូបង្រៀន​ដែល​មាន​ជំនឿ​ចិត្ត​លើ​ខ្ញុំ ។ អ្នក​ទាំងពីរ​បាន​ថ្លែង​មក​ខ្ញុំ​ថា « ប្រសិនបើ​អ្នក​ចង់​បាន​ដំបូន្មាន​ខ្ញុំ ចូរ​ត្រៀម​ខ្លួន​ទទួល​យកវា » ។ ខ្ញុំ​បាន​យល់​ពី​អត្ថន័យ​នោះ ។ សូម​ជ្រើសរើស​អ្នក​ប្រឹក្សា​ដោយការ​​អធិស្ឋាន​ជា​អ្នក​ដែល​មាន​ដួងចិត្ត​ចង់​ឲ្យ​អ្នក​មាន​សុខុមាលភាព​ខាង​វិញ្ញាណ​ល្អ ។ ចូរ​ប្រយ័ត្ន​ក្នុងការយក​ដំបូន្មាន​មកពី​មិត្តភក្ដិ​របស់​អ្នក ។ ប្រសិនបើ​អ្នក​ចង់​បាន​ដំបូន្មាន​បន្ថែម​ចូរ​ ទៅរក ដំបូន្មានពី​មនុស្ស​ចាស់ទុំ កុំ​ទៅរក​ ពី​មិត្តភក្ដិ​អ្នក​ឡើយ !១៦

ចូរ​ចងចាំ​ថា គ្មាន​នរណា​អាច​ជ្រើសរើស​ជំនួស​អ្នក​ឡើយ ។ មាន​តែ​សេចក្ដី​ជំនឿ និង​ការ​អធិស្ឋាន របស់​អ្នក ប៉ុណ្ណោះ ដែល​នឹង​បណ្ដាល​ឲ្យ​អ្នក​លើក​ខ្លួន​ឡើង ហើយ​មាន​ការ​ផ្លាស់​ប្រែចិត្ត​ជឿ​ដ៏ធំ​បាន ។ មានតែ​ដំណោះ​ស្រាយ របស់​អ្នក ដើម្បី​គោរព​ប្រតិបត្តិ​ប៉ុណ្ណោះ ដែលអាច​ផ្លាស់ប្ដូរ​ជីវិត​របស់​អ្នក​បាន ។ ដោយ​សារ​តែ​ពលិកម្ម​ធួន​របស់​ព្រះអង្គ​សង្គ្រោះ​សម្រាប់​អ្នក នោះ​អំណាច​មាន​នៅក្នុង​ខ្លួន​អ្នក ។១៧ អ្នក​មាន​សិទ្ធិ​ជ្រើសរើស​របស់​អ្នក អ្នក​មាន​ទីបន្ទាល់​រឹងមាំ ប្រសិនបើ​អ្នក​គោរព​ប្រតិបត្តិ ហើយ​អ្នក​អាច​ធ្វើ​តាម​ព្រះវិញ្ញាណ​ដែល​ដឹកនាំ​អ្នក ។

ថ្មីៗ​នេះ​អ្នក​ផលិត​ភាពយន្ត​វ័យ​ក្មេង​ម្នាក់ បាន​និយាយ​ថា គាត់​មាន​អារម្មណ៏​ថា​គាត់​ជា​ផ្នែក​មួយ​នៃ « ជំនាន់​កូន​ខ្ជះខ្ជាយ » — ជា​ជំនាន់ « ស្វែងរក​សេច​ក្តីជំនឿ ភាពរីករាយ និង ភាពជោគជ័យ ប៉ុនែ្ត​បែរ​ជា​រកខុស​កន្លែង និង ផ្លូវខុស » ។១៨

នៅក្នុង​រឿង​ប្រៀបធៀប​របស់​ព្រះអង្គ​សង្គ្រោះ អំពី​កូនប្រុស​ខ្ជះខ្ជាយ កូនប្រុស​នោះ​មាន​ពរជ័យ​ជាច្រើន​នៅ​រង់ចាំ​គាត់ ប៉ុន្តែ​មុន​ពេល​គាត់​អាច​ទទួល​បាន​វា នោះគាត់​ត្រូវតែ​មើល​ឲ្យ​ដិតដល់​ពី​ជីវិត​របស់​គាត់ ជម្រើស​របស់​គាត់ និងស្ថានភាព​របស់​គាត់ ។ អព្ភូតហេតុ​ដែល​បាន​កើតឡើង​បន្ទាប់ ត្រូវ​បាន​ពិពណ៌នា​នៅក្នុង​គម្ពីរ​ដោយឃ្លា​សាមញ្ញ​មួយ ៖ « កាល​វា​ភ្ញាក់​ដឹង​ខ្លួន » ។១៩ ខ្ញុំ​សូម​លើក​ទឹកចិត្ត​អ្នក​ឲ្យ​ភ្ញាក់ដឹង​ខ្លួន​បាន​ឬ​ទេ ? នៅក្នុង​សាសនាចក្រ នៅពេល​មាន​ការ​សម្រេចចិត្ត​សំខាន់​ដែល​ត្រូវ​ធ្វើឡើង នោះ​ជាញឹកញាប់ យើង​ធ្វើការ​ប្រជុំ​ក្រុមប្រឹក្សា ។ ក្រុមប្រឹក្សា​គ្រួសារ​មាន​ឡើង​ក្នុង​គោលបំណង​ស្រដៀង​គ្នា ។ អ្នក​អាច​នឹង​ចង់​ធ្វើ​នូវ​អ្វី​ដែល​អ្នក​នឹង​ហៅថា « ការ​ប្រឹក្សា​ខ្លួន​ឯង » ។ បន្ទាប់​ពី​អធិស្ឋាន សូម​ចំណាយ​ពេល​ខ្លះ​នៅតែ​ឯង ។ ចូរ​គិត​អំពី​អ្វី​ដែល​នៅ​ខាង​មុខ ។ ចូរ​សួរ​ខ្លួន​អ្នក ៖ « តើ​ផ្នែកណា​ខ្លះ​ក្នុងជីវិត​ខ្ញុំ ដែល​ខ្ញុំ​ចង់​ពង្រឹង​ដើម្បី​ខ្ញុំ​អាច​ពង្រឹង​ដល់​អ្នក​ដទៃ ? តើ​ខ្ញុំ​ចង់​ក្លាយ​ជា​អ្វី ក្នុង​រយៈពេល​មួយ​ឆ្នាំ​ទៀត ចាប់​ពី​ពេល​នេះ ? ពីរ​ឆ្នាំ​ទៀត​ចាប់​ពី​ពេលនេះត​ទៅ ? តើ​ការ​សម្រេច​ចិត្ត​អ្វី​ខ្លះ​ដែល​ខ្ញុំ​ចាំបាច់​ត្រូវ​ធ្វើ​ដើម្បី​ទៅដល់​ទីនោះ ? » គ្រាន់តែ​ចាំ​ថា​អ្នក​គឺ​ជា​អាកាសយាន្តនិក ហើយ​អ្នក​កំពុង​បើក​បរ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា នៅពេល​អ្នកភ្ញាក់​ដឹង​ខ្លួន នោះ​ព្រះវរបិតាសួគ៌​របស់​អ្នក នឹង​មក​រក​អ្នក ។ តាមរយៈ​ព្រះហស្ត​លួងលោម​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​ទ្រង់​នឹង​ជួយ​អ្នក​នៅ​តាមផ្លូវ ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់របស់​ខ្ញុំ​ថា ព្រះមាន​ព្រះជន្មរស់ ។ ខ្ញុំ​ថ្លែង​ជា​សាក្សី​របស់​ខ្ញុំ​ថា ព្រះអង្គ​សង្គ្រោះ​ស្រឡាញ់​អ្នក ។ « តើ​យើង​ពុំគួរ​ដើរ​នៅលើ​ផ្លូវ [ ដ៏​មហិមា​របស់ទ្រង់ ] ទេឬ ? ចូរ​ឆ្ពោះទៅមុខ កុំ​ថយ​ក្រោយ​ឡើយ » ។២០ នៅពេល​អ្នក​ដើរ​តាម​ទ្រង់ នោះទ្រង់​នឹង​ពង្រឹង​ហើយ​លើក​អ្នក​ឡើង ។ ទ្រង់​នឹង​នាំ​អ្នក​ឡើង​ទៅ​ដល់​ផ្ទះ​ដ៏​ខ្ពស់​បំផុត​របស់​អ្នក ។ ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕