ឆ្នាំ ២០១០-២០១៩
ចិត្ត​ខ្ញុំ​រំពឹង​គិត​ពី​បទគម្ពីរ​ទាំង​នោះ​ជា​រៀង​រហូត
តុលា 2015


ចិត្ត​ខ្ញុំ​រំពឹង​គិត​ពី​បទគម្ពីរ​ទាំង​នោះ​ជា​រៀង​រហូត

ខ្ញុំ​​សូម​អធិស្ឋាន​ដោយ​ស្មោះសរ​ថា អ្នក​នឹង​ជ្រើស​យក​ការពិចារណា​លើ​ព្រះបន្ទូល​ព្រះ​ក្នុង​លក្ខណៈ​មួយ​កាន់តែ​ច្រើន​ឡើង និង ជ្រាលជ្រៅ​ ។

ខ្ញុំ​ធ្វើ​ការ​ជា​អ្នក​វិនិយោគទុន ។ នៅក្នុង​សាសនា ខ្ញុំ​គឺ​ជា​កូនសិស្ស​ម្នាក់​របស់​ព្រះយេស៊ូវគ្រីស្ទ ព្រះរាជ​បុត្រា​នៃ​ព្រះ ។ នៅក្នុង​មុខ​ជំនួញ​របស់​ខ្ញុំ ខ្ញុំ​បាន​ឱប​ក្រសោប​យក​គោលការណ៍​ហិរញ្ញវត្ថុ ។ នៅពេល​ខ្ញុំ​រស់នៅ​តាម​ជំនឿ​របស់​ខ្ញុំ ខ្ញុំ​ព្យាយាម​ធ្វើ​តាម​គោលការណ៍​ខាង​វិញ្ញាណ​ដែល​នឹង​ជួយ​ខ្ញុំ​ឲ្យ​ប្រែក្លាយ​ដូច​ជា​ព្រះអង្គ​សង្គ្រោះ ។

ការអញ្ជើញ​នាំ​មក​នូវ​ពរជ័យ

ពរជ័យ​ផ្ទាល់ខ្លួន​ជា​ច្រើន​ដែល​ខ្ញុំ​បាន​ទទួល​នៅក្នុង​ជីវិត​នេះ ត្រូវបាន​ប្រទាន​មក​ដល់​ខ្ញុំ​តាមរយៈ​ការអញ្ជើញ​របស់​បុគ្គល​ណា​ម្នាក់​ដែល​អញ្ជើញ​ឲ្យ​ខ្ញុំ​ធ្វើ​នូវ​កិច្ចការ​លំបាកៗ ។ នៅ​ក្នុង​ស្មារតី​នោះ ខ្ញុំ​ចង់​ផ្តល់​ការអញ្ជើញ​ពីរ​ដល់​ពួក​យើង​គ្រប់​គ្នា ។ ទីមួយ​គឺទាក់ទង​នឹង​ហិរញ្ញវត្ថុ ។ ឯ​ការអញ្ជើញ​ទីពីរ គឺ​ទាក់ទង​នឹង​កិច្ចការ​ខាង​វិញ្ញាណ ។ ប្រសិន​បើ​ព្រម​ទទួល​យក ការអញ្ជើញ​ទាំងពីរ​នេះ នោះ​នឹង​តម្រូវ​ឲ្យ​មាន​ការដាក់​វិន័យ​មួយ​រយៈពេល​យូរ ដើម្បី​ច្រូតកាត់​បាន​នូវ​រង្វាន់​នោះ ។

ការអញ្ជើញ​ទី​មួយ

ការអញ្ជើញ​ទី​មួយ​គឺ​សាមញ្ញ ៖ ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​សន្សំ​ប្រាក់​រាល់​សប្តាហ៍ ។ អ្នក​សន្សំ​ប៉ុន្មាន​នោះ​វា​មិន​សំខាន់​ទេ គឺ​ស្រេច​តែ​លើ​អ្នក ។ នៅពេល​បងប្អូន​បង្កើន​ទម្លាប់​សន្សំ​ប្រាក់ នោះ​បងប្អូន​នឹង​ទទួល​បាន​ប្រយោជន៍​ផ្ទាល់​ខ្លួន ។ ហើយ​បងប្អូន​ក៏​នឹង​មាន​ឱកាស​ជួយ​មនុស្ស​ដទៃ​ខាង​ផ្នែក​ហិរញ្ញវត្ថុ​ផងដែរ ដោយសារ​តែ​ភាព​ឧស្សាហ៍​ព្យាយាម​របស់​បងប្អូន ។ សូម​ស្រមៃ​គិត​ពី​លទ្ធផល​វិជ្ជមាន​ដែល​កើត​មាន​ពី​ការសន្សំ​ប្រាក់រាល់​សប្តាហ៍​រយៈពេល ៦ ខែ ១ ឆ្នាំ ១០ ឆ្នាំ ឬ ច្រើន​ឆ្នាំ​ជាង​នេះ​ទៀត ។ ការប្រឹងប្រែង​បន្តិចបន្តួច​ក្នុង​រយៈពេល​យូរ អាច​បង្កើត​នូវ​លទ្ធផល​ដ៍​ធំ​អស្ចារ្យ ។

ការអញ្ជើញ​ទី​ពីរ

ការអញ្ជើញ​ទី​ពីរ​របស់​ខ្ញុំ​គឺ​ផ្ទុយ​ស្រឡះ ហើយ​កាន់តែ​សំខាន់​ជាង​ការអញ្ជើញ​ទី​មួយ​ទៅ​ទៀត ។ ការអញ្ជើញ​នោះ​គឺ ៖ ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ « ពិចារណា​ឲ្យ​ចាំ » មួយ​ខគម្ពីរ​រាល់​សប្តាហ៍ ។ ពាក្យ​ថា ពិចារណា​ឲ្យ​ចាំ ពុំ​មាននៅ​ក្នុង​វចនានុក្រម​ទេ ប៉ុន្តែ​វា​មាន​នៅក្នុង​ដួង​ចិត្ត​របស់​ខ្ញុំ ។ ដូច្នេះ តើ​ពិចារណា​ឲ្យ​ចាំ​មាន​ន័យ​ដូចម្តេច ? ខ្ញុំ​ចូលចិត្ត​និយាយ​ថា វា​គឺ​ជា​ការរួម​ផ្សំ​នូវ​ការ​រិះគិត​ចំនួន ៨០​ភាគរយ និង ការ​ទន្ទេញ​ចាំ ២០​ភាគរយ ។

មាន​ជំហាន​សាមញ្ញ​ពីរ ៖

ទីមួយ សូម​រើស​ខគម្ពីរ​មួយ​រាល់​សប្តាហ៍ ហើយ​ទុក​វា​នៅ​កន្លែង​ណា​ដែល​អ្នក​នឹង​ឃើញ​វា​រាល់​ថ្ងៃ ។

ទីពីរ សូម​អាន ឬ​គិត​ពី​ខគម្ពីរ​នោះ​បួន​ប្រាំ​ដង​រាល់ថ្ងៃ ហើយ​រិះគិត​ពី​អត្ថន័យ​នៃ​ពាក្យ​ពេចន៍​ក្នុង​ខគម្ពីរ​នោះ និង ឃ្លា​គន្លឹះ​ពេញ​មួយ​សប្តាហ៍ ។

សូម​គិត​ស្រមៃ​ពី​លទ្ធផល​ដ៏​លើក​ស្ទួយ​ខាង​វិញ្ញាណ តាមរយៈ​ការធ្វើ​កិច្ចការ​នេះ​ប្រចាំ​សប្តាហ៍​រយៈពេល ៦​ខែ មួយ​ឆ្នាំ ១០ ឆ្នាំ ឬ​ច្រើន​ឆ្នាំ​ជាង​នេះ​ទៀត ។

នៅពេល​អ្នក​ធ្វើ​នូវ​កិច្ចការ​នេះ នោះ​អ្នក​នឹង​ទទួល​អារម្មណ៍​កាន់តែ​រីក​ចម្រើន​ខាង​​វិញ្ញាណ ។ អ្នក​ក៏អាច​​បង្រៀន និង លើក​ស្ទួយ​ដល់​អស់​អ្នក​ដែល​អ្នក​ស្រឡាញ់ តាម​របៀប​ជា​ច្រើន​ដែល​កាន់តែ​មាន​អត្ថន័យ ។

រូបភាព
Snorkeling

ប្រសិនបើ​អ្នក​ជ្រើសដើម្បី​​ពិចារណាឲ្យ​ចាំ​​រាល់​សប្តាហ៍ នោះ​អ្នក​អាច​មាន​អារម្មណ៍​ថា​កាល​ពី​មុន​អ្នក​គ្រាន់តែ​ជា មនុស្ស​ម្នាក់​ដែល​ចូលចិត្ត​ហែល​ទឹក​ប៉ុណ្ណោះ តែ​ឥឡូវ​បាន​សម្រេច​ចិត្ត​សាកល្បង​ហែល​ទឹក​ដោយ​ពាក់​បំពង់​អុកស៊ីស្សែន​វិញ​ម្តង ។ ជាមួយ​ការសម្រេចចិត្ត​នោះ ការយល់​កាន់តែ​ជ្រាលជ្រៅ​អំពី​គោលការណ៍​នៃ​ដំណឹង​ល្អ​នឹង​ក្លាយ​ជា​របស់​អ្នក និង ទស្សន​វិស័យ​ខាង​វិញ្ញាណ​ថ្មីៗ​នឹង​ប្រទាន​ពរ​ដល់​ជីវិត​អ្នក ។

រូបភាព
Scuba diving

នៅពេល​អ្នក​រិះគិត​ពី​ខគម្ពីរ​ដែល​អ្នក​បាន​រើស​រាល់​សប្តាហ៍ នោះ​ពាក្យ​ពេចន៍ និង ឃ្លា​នានា​នឹង​ចារ​នៅក្នុង​ដួងចិត្ត​របស់​អ្នក ។ ពាក្យ​ពេចន៍ និង ឃ្លា​ទាំង​នោះ​ក៏​នឹង​ចារ​នៅក្នុង​គំនិត​របស់​អ្នក​ផងដែរ ។ និយាយ​ម្យ៉ាង​ទៀត​ថា ការទន្ទេញ​ចាំ​នឹង​កើត​ឡើង​យ៉ាង​ងាយ និង ឯកឯង ។ ប៉ុន្តែ​គោលបំណង​ចម្បង​នៃ​ការពិចារណា​ឲ្យ​ចាំ​គឺ​ដើម្បី​ផ្តល់​កន្លែង​លើក​ស្ទួយ​មួយ​សម្រាប់​គំនិត​របស់​អ្នក—គឺ​កន្លែង​មួយ​ដែល​រក្សា​អ្នក​ឲ្យ​នៅជិត​នឹង​ព្រះ​វិញ្ញាណ​នៃ​ព្រះអម្ចាស់ ។

ព្រះអង្គ​សង្គ្រោះ​មាន​បន្ទូល​ថា « ចូរ​រក្សា​ទុក​ក្នុង​គំនិត​របស់​អ្នករាល់​គ្នា​ ជា​បន្ត នូវ​ព្រះបន្ទូល​ទាំងឡាយ​ខាង​ជីវិត​វិញ » ។ ការពិចារណា​ឲ្យ​ចាំ​គឺ​ជា​របៀប​មួយ​សាមញ្ញ និង ស្អាងឡើង ។

ខ្ញុំ​ជឿ​ថា​នីហ្វៃ​គឺ​ជា​អ្នក​ពិចារណា​ឲ្យ​ចាំ​ម្នាក់ ។ លោក​បាន​ថ្លែង​ថា « ព្រលឹង​ខ្ញុំ​ត្រេកអរ​ចំពោះ​បទគម្ពីរ​ទាំងឡាយ ឯ​ចិត្ត​ខ្ញុំ​រំពឹង​គិតពី​បទគម្ពីរ​ទាំង​នោះ [ ជា​រៀងរហូត ] ហើយ​ខ្ញុំ​ក៏​សរសេរ​ទុក ដើម្បី​ជា​ការចេះ​ដឹង និង ជា​ប្រយោជន៍​ដល់​កូន​ចៅ​ខ្ញុំ » ។ លោក​បាន​គិត​គូរ​ដល់​កូនចៅ​របស់​លោក នៅពេល​លោក​បាន​ពិចារណា និង សរសេរ​ព្រះគម្ពីរ ។ តើ​គ្រួសារ​អ្នក​អាច​ទទួល​ប្រយោជន៍​តាម​របៀប​ណា នៅពេល​អ្នក បន្តជានិច្ច ដើម្បី​ព្យាយាម​បំពេញគំនិត​របស់​អ្នក​ជាមួយ​នឹង​ព្រះបន្ទូល​នៃ​ព្រះ​នោះ ?

ខគម្ពីរ​របស់​ខ្ញុំ

ថ្មីៗ​នេះ​ខ្ញុំ​បាន​ពិចារណា​ឲ្យ​ចាំ​ពី អាលម៉ា ៥:១៦ ។ វា​អាន​ថា «ខ្ញុំ​សូម​សួរ​អ្នក​ថា តើ​អ្នក​រាល់​គ្នា​អាច​រមិល​មើល​ខ្លួន​ឯង​ថា អ្នក​រាល់​គ្នា​ឮ​សំឡេង​នៃ​ព្រះអម្ចាស់ មាន​បន្ទូល​ទៅកាន់​អ្នក​ក្នុង​ថ្ងៃនោះ​ថា ៖ នែ៎​ពួក​ជន​ដ៏​មាន​ពរ​អើយ ចូរមក​រក​យើង​ចុះ ដ្បិត​មើល​ចុះ​កិច្ចការ​ទាំងឡាយ​របស់​អ្នក​រាល់​គ្នា​សុទ្ធសឹង​ជា​កិច្ចការ​សុចរិត​នៅលើ​ផ្ទៃ​ផែនដីនេះ ? »

នៅ​ចុង​សប្តាហ៍​នោះ នេះ​គឺ​ជា​លទ្ធផល​ដែល​បាន​ចារ​នៅក្នុង​គំនិត​របស់​ខ្ញុំ ៖ សូម​ស្រមៃ​គិត​ពី​ការ​ឮ​សំឡេង​នៃ​ព្រះអម្ចាស់​មាន​បន្ទូល​ថា « នែ៎​ពួក​ជន​ដ៏​មាន​ពរ​អើយ ចូរមក​រក​យើង​ចុះ ដ្បិត​មើល​ចុះ កិច្ចការ​ទាំងឡាយ​របស់​អ្នក សុទ្ធសឹង​ជា​កិច្ចការ​សុចរិត ? » (អាលម៉ា ៥:១៦) ។

ដូច​អ្នក​អាច​ឃើញ ថា​ខ្ញុំ​ពុំ​បាន​ទន្ទេញ​ពាក្យ​មួយៗ​ក្នុង​ខគម្ពីរ​ទាំង​មូល​ឡើយ ។ ប៉ុន្តែ ខ្ញុំ​បាន​ពិចារណា​ម្តង​ហើយ​ម្តង​ទៀត​នូវ​ធាតុ​សំខាន់​នៃ​ខគម្ពីរ​នេះ និង ទីតាំង​ដើម្បី​រក​ឃើញ​វា ។ ប៉ុន្តែ​ផ្នែកល្អ​បំផុត​នៃ​ដំណើរ​ការ​នេះ​គឺ​ថា ខ្ញុំ​មាន​ចំណុច​កាន់តែ​ប្រសើរ​ឡើង​ដើម្បី​គិត ។ ពេញ​មួយ​សប្តាហ៍​ខ្ញុំ​បាន​គិត​ស្រមៃ​ពី​ព្រះអង្គ​សង្គ្រោះ​មាន​បន្ទូល​លើក​ទឹក​ចិត្ត​ដល់​ខ្ញុំ ។ រូបភាព​នោះ​បាន​ដក់​ជាប់​ក្នុង​ដួងចិត្ត​ខ្ញុំ ហើយ​បាន​បំផុស​គំនិត​ខ្ញុំ​ឲ្យ​ចង់​ធ្វើ « កិច្ចការ​សុចរិត » ។ នោះ​គឺ​អ្វី​ដែល​អាច​កើត​ឡើង​នៅពេល​យើង « មើល​មក​ឯ [ ព្រះគ្រីស្ទ ] ដោយ​នូវ​គ្រប់​ទាំង​គំនិត » ។

យើង​ត្រូវតែ​វាយ​បក​ទៅ​វិញ

អ្នក​អាច​សួរ​ថា « ហេតុអ្វី​ខ្ញុំ​គួរធ្វើ​បែប​នេះ ? » ខ្ញុំ​នឹង​ឆ្លើយ​ថា យើង​កំពុង​រស់នៅ​ក្នុង​គ្រា​មួយ​នៃ​ការសាប​ព្រោះ​អំពើ​អាក្រក់​ជាប់​ជានិច្ច ។ យើង​ពុំ​គ្រាន់តែ​ទទួល​យក​របៀប​នានា​ក្នុង​ពេល​ឥឡូវ​នេះ​ឡើយ យើង​ថែម​ទាំង​បាន​ឮ​ពាក្យ​ស្មោកគ្រោក និង រូបភាព​នៃ​អំពើ​បាប​ស្ទើរ​គ្រប់​ទីកន្លែង​ដែល​យើង​ទៅ ហើយ​ពុំ​បាន​ធ្វើ​អ្វី​ឡើយ​ដើម្បី​ឆ្លើយតប ។ យើង​ត្រូវតែ​វាយ​បក​ទៅ​វិញ ។ នៅពេល​គំនិត​របស់​យើង​បំពេញ​ដោយ​គំនិត និង រូបភាព​លើក​តម្កើង នោះ​គឺ​នៅពេល​យើង « ចងចាំ​ទ្រង់​ជានិច្ច » គ្មាន​កន្លែង​សម្រាប់​ទុក​គំនិត​ស្មោកគ្រោក និង លាមក​ឡើយ ។

នៅក្នុង​ព្រះគម្ពីរ​មរមន ព្រះយេស៊ូវ​គ្រីស្ទ​អញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ « ពិចារណា​គិត​អំពី​រឿង​ទាំងឡាយ​ដែល [ ទ្រង់​បាន ] មាន​ព្រះបន្ទូល » ។ សូម​ចាត់​ទុក​ថា ការពិចារណា​ឲ្យ​ចាំ​គឺ​ជា​ល្បោយ​បន្ថែម​លើ​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់​ខ្លួន និង ជាមួយ​គ្រួសារ ប៉ុន្តែ​សុំ​កុំ​ធ្វើ​វា​ជំនួស​ការសិក្សា​ទាំង​ពីរ​នេះ​ឡើយ ។ ការពិចារណា​ឲ្យ​ចាំ​គឺ​ដូច​ជា​ថ្នាំ​វីតាមីន​បន្ថែម​លើ​ម៉ោង​សិក្សា​ពី​សាសនា​ទៅលើ​របប​អាហារ​ខាង​វិញ្ញាណ​បច្ចុប្បន្ន​របស់​អ្នក ។

វា​លំបាក​ពេក

អ្នក​អាច​វាចា​ថា « ការពិចារណា​ឲ្យ​ចាំ​ទំនង​ដូច​ជា​លំបាក​ពេក​ចំពោះ​ខ្ញុំ » ។ សូម​កុំ​រុញរា​ឡើយ ។ កិច្ចការ​លំបាក​អាច​ប្រែ​ជា​ល្អ​វិញ ។ ព្រះគ្រីស្ទ​អញ្ជើញ​យើង​ឲ្យ​ធ្វើ​កិច្ចការ​លំបាកៗ ដោយសារ​ទ្រង់​ដឹង​ថា​យើង​នឹង​ទទួល​ពរ​ដែល​វា​ជា​លទ្ធផល​នៃ​ការខ្នះខ្នែង​របស់​យើង​នោះ ។១០

រូបភាព
Scripture on phone

ក្មេង​ម្នាក់​ជា​អ្នក​ភូមិ​ផង​របង​នឹង​យើង បាន​រក​ឃើញ​របៀប​សាមញ្ញ​មួយ​ដើម្បី​ពិចារណា​ឲ្យ​ចាំ ។ គាត់​ដាក់​កាលវិភាគ​អាន​ព្រះគម្ពីរ​ប្រចាំ​សប្តាហ៍​របស់​ខ្លួន​នៅ​លើ​អេក្រង់​ទូរសព្ទ ។ យោបល់​មួយ​ផ្សេង​ទៀត​ដែល​អ្នក​អាច​សាកល្បង​នោះ​គឺ ចែកចាយ​ខគម្ពីរ​របស់​អ្នក​ជាមួយ​បងប្អូន​បង្កើត​ខ្លួន ជាមួយ​កូន ឬ មិត្ត​ភក្ដិ ។ ជូលី ភរិយា​ខ្ញុំ និង រូប​ខ្ញុំ​បាន​ជួយ​គ្នា​ទៅវិញ​ទៅ​មក ។ យើង​ជ្រើស​យក​ខគម្ពីរ​រៀងៗ​ខ្លួន​រាល់​សប្តាហ៍ ។ គាត់​ទុក​ខគម្ពីរ​របស់​គាត់​នៅ​លើ​ទូរ​ទឹក​កក ។ ខ្ញុំ​ដាក់​ខគម្ពីរ​របស់​ខ្ញុំ​នៅលើ​ឡាន​ដឹក​ទំនិញ​របស់​ខ្ញុំ ។ បន្ទាប់​មក​យើង​ចែកចាយ​គំនិត​យើង​អំពី​ខគម្ពីរ​នោះ​ពេញ​មួយ​សប្តាហ៍​តែ​ម្តង ។ យើង​ក៏​ចូលចិត្ត​ពិភាក្សា​ខគម្ពីរ​របស់​យើង​ជាមួយ​កូនៗ​យើង​ផងដែរ ។ នៅពេល​យើង​ធ្វើ​ដូច្នោះ វា​ហាក់បី​ដូច​ជា​ធ្វើ​ឲ្យ​ពួកគេ​កាន់តែ​មាន​ភាពងាយ​ស្រួល ដើម្បី​ចែកចាយ​គំនិត​របស់​ខ្លួន​ជាមួយ​ពួក​យើង​អំពី​ព្រះបន្ទូល​នៃ​ព្រះ ។

រូបភាព
Sister Durrant putting scripture on refrigerator
រូបភាព
Brother Durrant putting scripture in truck

ជូលី និង ខ្ញុំ​ក៏​ជា​ផ្នែក​មួយ​នៃ​ក្រុម​លើ​អ៊ិនធើរណែត​ដែល​មាន​សមាជិក​គ្រួសារ មិត្តភក្ដិ និង អ្នក​ផ្សព្វផ្សាយ​សាសនា​ដែល​អាច​ចែកចាយ​ខគម្ពីរ រួម​ទាំង​គំនិត​ដែល​ទាក់ទង​ខគម្ពីរ​នោះ ឬ ថ្លែង​ទីបន្ទាល់​របស់​ខ្លួន​រាល់​សប្តាហ៍ និង យូរៗ ម្តង ។ ការធ្វើ​ជា​ផ្នែក​មួយ​នៃ​ក្រុម​នោះ ធ្វើ​ឲ្យ​វា​កាន់តែ​ងាយស្រួល​ដល់​យើង​ដើម្បី​បន្ត​ធ្វើ​វា​ជាប់លាប់ ។ កូនស្រី​របស់​ខ្ញុំ​ដែល​រៀន​នៅ​វិទ្យាល័យ និង មិត្តភក្ដិ​របស់​នាង​មួយ​ក្រុម ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម និង ផ្ញើ​សារ​ដើម្បី​ចែកចាយ​ខគម្ពីរ​ជាមួយ​គ្នា​ទៅវិញ​ទៅមក ។

រូបភាព
Young woman sharing scripture on social media

សូម​កុំ​រុញរា​ដើម្បី​ដាក់​បញ្ចូល​មនុស្ស​ដែល​មាន​ជំនឿ​ផ្សេង​នៅក្នុង​ក្រុម​របស់​អ្នក​នោះ​ឡើយ ។ ពួកគេ​ក៏​កំពុង​ស្វែងរក​របៀប​ផ្សេងៗ​ដើម្បី​លើក​តម្កើង​គំនិត និង អារម្មណ៍​របស់​ខ្លួន​ឲ្យ​ខិត​កាន់តែ​ជិត​ព្រះ​ផងដែរ ។

តើ​មាន​ប្រយោជន៍​អ្វី​ខ្លះ ?

រូបភាព
Sister Durrant studying the scriptures

ដូច្នេះ​តើ​មាន​ប្រយោជន៍​អ្វី​ខ្លះ​ទៅ ? ជូលី និង ខ្ញុំ​បាន​ពិចារណា​ឲ្យ​ចាំ​មួយ​ខគម្ពីរ​ក្នុង​មួយ​សប្តាហ៍​អស់​រយៈពេល​ជាង​បី​ឆ្នាំ​ហើយ​មក​ដល់​ពេល​នេះ ។ យើង​ចាប់ផ្តើម​ដោយ​ដាក់​គោលដៅ​ធ្វើ​វា ២០​ឆ្នាំ ។ ថ្មីៗ​នេះ​គាត់​បាន​ប្រាប់​ខ្ញុំ​ ៖ « នៅពេល​ដំបូង​ដែល​បង​បាន​អញ្ជើញ​អូន​ឲ្យ​ពិចារណា​ឲ្យ​ចាំ​មួយ​ខគម្ពីរ​រាល់​សប្តាហ៍​រយៈពេល ២០​ឆ្នាំ នោះ​អូន​បាន​ឆ្ងល់​ថា តើ​អូន​អាច​ធ្វើ​វា​បាន​ដល់​មួយ​ខែ​ដែរ​ឬ​អត់​ផង ។ អូន​គ្មាន​មន្ទិលសង្ស័យ​បែប​នោះ​ទៀត​ឡើយ ។ អូន​ពុំ​ជឿ​សោះ​ថា វា​ពិត​ជា​សប្បាយ​ណាស់​ដើម្បី​ដាក់​ខគម្ពីរ​មួយ​នៅ​លើ​ទូរ​ទឹក​កក​រាល់​សប្តាហ៍ ហើយ​គ្រាន់តែ​ពិចារណា​វា​គ្រប់​ពេល​ដែល​អូន​ឃើញ​វា​នោះ វា​បាន​លើក​ស្ទួយ​វិញ្ញាណ​របស់​អូន » ។

បន្ទាប់​ពី​ពិចារណា​ឲ្យ​ចាំ​បាន​ប្រាំមួយ​សប្តាហ៍ បងស្រី​ម្នាក់​មក​ពី​រដ្ឋ តិចសាស​ស.រ.អា.​បាន​ថ្លែង ៖ « ខ្ញុំ​មាន​ចិត្ត​រឹងប៉ឹង … ហើយ​ខ្ញុំ​មាន​អារម្មណ៍​ខិតកាន់តែ​ជិត​ព្រះវរបិតាសួគ៌​របស់​ខ្ញុំ ។ … ខ្ញុំ​ចូលចិត្ត​ពី​របៀប​ដែល​ព្រះបន្ទូល​ព្រះ​កំពុង​តែ​ផ្លាស់ប្តូរ​ខ្លួន​ខ្ញុំ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង » ។

មិត្ត​ភក្ដិ​វ័យ​ក្មេង​ម្នាក់​បាន​សរសេរ ៖ « ខ្ញុំ​ពិត​ជា​រីករាយ​ដែល​អាច [ ពិចារណា​ឲ្យ​ចាំ ] ពី​ព្រះគម្ពីរ ដោយសារ​វា​បាន​ជួយ​ខ្ញុំ​ឲ្យ​ផ្តោត​ចិត្ត​លើ​កិច្ចការ​នានា​ដែល​ពិត​ជា​សំខាន់ » ។

អ្នក​ផ្សព្វផ្សាយ​សាសនា​ម្នាក់​របស់​យើង​បាន​ចែកចាយ ៖ « ខ្ញុំ​បាន​ពិចារណា​ឲ្យ​ចាំ​មួយ​ខគម្ពីរ​រាល់​សប្តាហ៍ ចាប់តាំង​ពី​ខែ មិថុនា ឆ្នាំ ២០១៤ ម្ល៉េះ ហើយ​ខ្ញុំ​ចូលចិត្ត​ធ្វើ​វា ។ … ខគម្ពីរ​ទាំងនេះ​បាន​ក្លាយ​ដូច​ជា​មិត្តភក្តិ ដែល​ខ្ញុំ​អាច​ពឹងពាក់​បាន​នៅពេល​គ្រា​ត្រូវការ » ។

សម្រាប់​ខ្ញុំ​វិញ ខ្ញុំ​មាន​អារម្មណ៍​ពី​ព្រះវិញ្ញាណ​កាន់តែ​ពោរពេញ​ ​នៅពេល​ខ្ញុំ​ពិចារណា​ឲ្យ​ចាំ​វា​រាល់​សប្តាហ៍ ។ សេចក្តី​ស្រឡាញ់​របស់​ខ្ញុំ​ចំពោះ​ព្រះគម្ពីរ​បាន​កើន​ឡើង ដែល​ជា​លទ្ធផល​មួយ​នៃ​ការព្យាយាម​ដើម្បី « ឲ្យ​គុណធម៌​តុបតែង​គំនិត [ របស់​ខ្ញុំ ] ដោយ​ឥត​ឈប់ឈរ​ឡើយ » ។១១

សូម​ពិចារណា​ពី​ការអញ្ជើញ​នេះ និង ពរជ័យ​ដ៏​អស្ចារ្យ​ដែល​នីហ្វៃ​បាន​ចែកចាយ ៖ « បើសិន​ជា​អ្នក​រាល់គ្នា​ខិតខំ​ជឿន​ទៅមុខ ដោយ​ទទួល​ទាន នូវ​ព្រះបន្ទូល​នៃ​ព្រះគ្រីស្ទ ហើយ​កាន់​ខ្ជាប់​ដរាប​ដល់​ចុង​បំផុត មើល​ចុះ នោះ​ព្រះវរបិតា​ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ ៖ អ្នក​រាល់​គ្នា​នឹង​មាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច » ។១២ នៅ​ក្នុង​ស្មារតី​នៃ​ការ « ទទួលទាន​នូវ​ព្រះបន្ទូល​នៃ​ព្រះគ្រីស្ទ » នោះ​ការពិចារណា​ឲ្យ​ចាំ​គឺ​ដូច​ជា​ការខាំ​យក​នូវ​អាហារ​ដ៏​ឆ្ងាញ់​ពិសា​មួយ​ម៉ាត់ ហើយ​ទំពា​វា​មួយៗ ដើម្បី​រីករាយ​នឹង​រសជាតិ​ដ៏​ឆ្ងាញ់​បំផុត​របស់​វា ។

រូបភាព
Woman savoring salad

តើ​ខគម្ពីរ​ណា​ខ្លះ​ជា​របស់​អ្នក ?

តើ​អ្នក​នឹង​ពិចារណា​ឲ្យ​ចាំ​មួយ​ខគម្ពីរ​ក្នុង​មួយ​សប្តាហ៍​រហូត​ដល់​ដាច់​ខែ​នេះ​ទេ ? រហូត​ដល់​ដាច់​ឆ្នាំ​នេះ​ឬ​ទេ ? ប្រហែល​ជា​យូរ​ជាង​នេះ​ទៀត​ឬ​ទេ ? ជូលី និង ខ្ញុំ​បាន​អញ្ជើញ​អ្នក​ផ្សព្វផ្សាយ​សាសនា​ដ៏​អង់អាច​ទាំងអស់​របស់​យើង​នៅ តិចសាស ដាឡាស ឲ្យ​ពិចារណា​ឲ្យ​ចាំ​ជាមួយ​យើង​រយៈពេល ២០​ឆ្នាំ ។ យើង​នឹង​ឈាន​ដល់​ទី​ផ្តាច់​ព្រ័ត្រ​ជាមួយ​គ្នា​ក្នុង​ពេល ១៧ ឆ្នាំ​ដ៏​ឆាប់​ខាង​មុន​នេះ ។ បន្ទាប់​មក​ទៀត​យើង​នឹង​ដាក់​គោលដៅ​ថ្មី ដើម្បី​លើក​ស្ទួយ​គំនិត​របស់​យើង ព្រមទាំង​នាំ​យើង​ឲ្យ​ខិត​កាន់តែ​ជិត​ព្រះ​គ្រីស្ទ ។

អ្នក​អាច​ឆែក​មើល​យើង​ដោយ​សួរ​ថា « តើ​ខគម្ពីរ​ណា​ខ្លះ​ជា​របស់​អ្នក ? » ប៉ុន្តែ​ប្រសិន​បើ​អ្នក​សួរ​ដូច្នោះ សូម​ត្រៀម​ខ្លួន​អ្នក​ចែកចាយ​ខគម្ពីរ​របស់​អ្នក​វិញ​ផងដែរ ។ យើង​ម្នាក់ៗ​នឹង​ត្រូវបាន​លើក​ស្ទួយ​មក​ពី​លទ្ធផល​នៃ​ការផ្តោះប្តូរ​របស់​យើង​នោះ ។

អ្នក​អាច​គិត​ស្រមៃ​មើល​ថា តើ​ជីវិត​របស់​អ្នក និង គ្រួសារ​អ្នក​នឹង​ផ្លាស់ប្តូរ​យ៉ាង​ណា ប្រសិន​បើ​អ្នក​ចារ​ខគម្ពីរ​ថ្មី​មួយ​នៅក្នុង​ដួងចិត្ត និង គំនិត​របស់​អ្នក​រាល់​សប្តាហ៍​រយៈពេល​ពីរ​បី​ខែ​ក្រោយ​ទៀត ឬ ពីរបី​ឆ្នាំ​បន្ទាប់​ទៀត ឬ ច្រើន​ឆ្នាំ​ជាង​នេះ​ទៀត​ទេ ?

ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​គំរូ​របស់​យើង

ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង្កើន​សេចក្តី​ស្រឡាញ់​ចំពោះ​ព្រះគម្ពីរ​តាំង​តែ​ពី​ទ្រង់​នៅ​ក្មេង ។ ទ្រង់​ប្រាកដ​ជា​បាន​អាន និង ពិចារណា​ខគម្ពីរ​តាំង​តែ​ពី​ក្មេង ដើម្បី​មាន​ការពិភាក្សា​ដ៏​មាន​អត្ថន័យ​ជាមួយ​ពួក​អាចារ្យ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​កាល​ព្រះជន្ម ១២ ព្រះវស្សា​នោះ ។១៣ ទ្រង់​បាន​ចាប់ផ្តើម​បេសកកម្ម​របស់​ទ្រង់​នៅ​ព្រះជន្ម ៣០ ​ព្រះវស្សា១៤ ហើយ​ទ្រង់​បាន​សិក្សា​ព្រះគម្ពីរ​តាំងតែ​ពី​វ័យ​ក្មេង ហើយ​ជា​ញឹកញាប់​ពេញ​ការបម្រើ​របស់​ទ្រង់ ។១៥ តើ​យើង​ពុំ​អាច​និយាយ​ដោយ​ស្រួល​ឬ​ទេ​ថា ព្រះគ្រីស្ទ​បាន​ចំណាយ​ពេល​យ៉ាង​ហោច​ណាស់ ២០​ឆ្នាំ ដើម្បី​សិក្សា និង ពិចារណា​ព្រះគម្ពីរ ដែល​ជា​ផ្នែក​មួយ​នៃ​ការរៀបចំ​បេសកកម្ម​របស់​ទ្រង់​ទេ​ឬ ? តើ​មាន​អ្វី​ខ្លះ​ដែល​អ្នក​ត្រូវ​ធ្វើ​ថ្ងៃ​នេះ​ដើម្បី ត្រៀមខ្លួន​អ្នក​ខាង​វិញ្ញាណ​សម្រាប់​ឱកាស​នានា​នាពេល​អនាគត ដើម្បី​បង្រៀន និង ប្រទាន​ពរ​ដល់​គ្រួសារ​របស់​អ្នក និង មនុស្ស​ដទៃ ?

អនុវត្ត​សេចក្តី​ជំនឿ​របស់​អ្នក ហើយ​ចូរ​ធ្វើ​វា​ចុះ

ជា​ការរំឭក​ឡើង​វិញ ខ្ញុំ​សង្ឃឹម​ថា​អ្នក​នឹង​សម្រេច​ចិត្ត​ដើម្បី​សន្សំ​ប្រាក់​រាល់​សប្តាហ៍ ។ ចូរ​អនុវត្ត​សេចក្តីជំនឿ​របស់​អ្នក ចូរ​ដាក់​វិន័យ​ដល់​ខ្លួន​អ្នក ហើយ​ចូរ​ធ្វើ​វា​ចុះ ។ ខ្ញុំ​ក៏​សូម​អធិស្ឋាន​ដោយ​ស្មោះសរ​ថា អ្នក​នឹង​ជ្រើស​យក​ការពិចារណា​លើ​ព្រះបន្ទូល​ព្រះ​ក្នុង​លក្ខណៈ​មួយ​កាន់តែ​ច្រើន និង ជ្រាលជ្រៅ​រាល់​សប្តាហ៍ ។ ចូរ​អនុវត្ត​សេចក្តីជំនឿ​របស់​អ្នក ចូរ​ដាក់​វិន័យ​ដល់​ខ្លួន​អ្នក ហើយ​ចូរ​ធ្វើ​វា​ចុះ ។

ពុំ​ដូច​ជា​ការអញ្ជើញ​ទី​មួយ​របស់​ខ្ញុំ​ឲ្យ សន្សំ​ប្រាក់ នោះ​ទេ នោះ​គ្រប់​ប្រយោជន៍​នៃ​ការអញ្ជើញ​ទី​ពីរ​របស់​ខ្ញុំ​ឲ្យ សង្គ្រោះ​ព្រលឹង នឹង​ក្លាយ​ជា​របស់​អ្នក​ជា​រៀង​រហូត—ដែល​គ្មាន​កន្លាត និង ច្រែះ​ស៊ី​បំផ្លាញ​នៅ​ផែន​ដី​នេះ​ឡើយ ។១៦

អែលឌើរ ឌី. ថត គ្រីស្តូហ្វឺសិន បាន​ផ្តល់​ការទូន្មាន និង ការសន្យា​ដ៏​ច្បាស់​នេះ ៖ « ចូរ​សិក្សា​ព្រះគម្ពីរ​ដោយ​យកចិត្ត​ទុកដាក់ ដោយ​មាន​ចេតនា ។ សូម​ពិចារណា ព្រមទាំង​អធិស្ឋាន​អំពី​វា ។ ព្រះគម្ពីរ​គឺ​ជា​វិវរណៈ ហើយ​វា​នឹង​នាំ​មក​នូវ​វិវរណៈ​បន្ថែម​ទៀត » ។១៧

សេចក្ដី​បញ្ចប់

ខ្ញុំ​សូម​សន្យា​ថា អ្នក​នឹង​មិន​ស្តាយ​ក្រោយ​ឡើយ ក្នុង​ការចារ​ខគម្ពីរ​មួយ​នៅក្នុង​គំនិត និង ដួងចិត្ត​របស់​អ្នក​រាល់​សប្តាហ៍ ។ អ្នក​នឹង​ដក​ពិសោធន៍​ពី​អារម្មណ៍​នៃ​គោលបំណង ការការពារ និង ព្រះចេស្តា​ខាង​វិញ្ញាណ​ជា​បន្ត​បន្ទាប់ ។

ចូរ​ចាំ​ពី​ព្រះបន្ទូល​នៃ​ព្រះយេស៊ូវគ្រីស្ទ នៅពេល​ទ្រង់​មាន​បន្ទូល​ថា « ធ្វើ​នូវ​អ្វីៗ​ដែល​អ្នក​រាល់​គ្នា​បាន​ឃើញ​យើង​ធ្វើ​ចុះ » ។១៨ សូម​ឲ្យ​យើង​អាច​អនុវត្ត​តាម​ព្រះបន្ទូល​របស់​ទ្រង់ យ៉ាង​ពេញ​ទំហឹង នៅក្នុង​ជីវិត​របស់​យើង ខ្ញុំ​ក៏​សូម​អធិស្ឋាន​ដូច្នេះ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។