ឆ្នាំ ២០១០-២០១៩
មាន​របៀប​រៀបរយ​ជា​អ្នក​ស្រុក​ប្រ៊ីស្តូល ៖ ភាពសក្ដិសម​ដើម្បី​ចូល​ព្រះវិហារ​បរិសុទ្ធ—ទាំង​ក្នុង​គ្រា​ល្អៗ និង​គ្រា​អាក្រក់ៗ
តុលា 2015


មាន​របៀប​រៀបរយ​ជា​អ្នក​ស្រុក​ប្រ៊ីស្តូល ៖ ភាពសក្ដិសម​ដើម្បី​ចូល​ព្រះវិហារ​បរិសុទ្ធ—ទាំង​ក្នុង​គ្រា​ល្អៗ និង​គ្រា​អាក្រក់ៗ

ការប្រកាន់​ខ្ជាប់​ទៅនឹង​គោលការណ៍​ដំណឹងល្អ​ដ៏​ពិសិដ្ឋ នឹង​ធ្វើ​ឲ្យ​យើង​មាន​ភាពសក្ដិសម​​ដើម្បី​ចូល​ព្រះវិហារ​បរិសុទ្ធ អាច​ឲ្យ​យើង​​ស្វែងរក​សុភមង្គល​ក្នុង​ជីវិត​នេះ ហើយ​នាំ​យើង​ត្រឡប់​ទៅ​គេហដ្ឋាន​សួគ៌ា​របស់​យើង​វិញ ។

ព្យាការី លីហៃ បាន​ប្រកាស​ថា « បើសិន​ជា​គ្មាន​សេចក្ដី​សុចរិត​ទេ នោះក៏​គ្មាន​សុភមង្គល​ដែរ » ។

មារសត្រូវ​បាន​ជោគជ័យ​ក្នុង​ការបណ្ដុះ​អភូតកថា​ដ៏​អស្ចារ្យ​មួយ​ក្នុង​គំនិត​មនុស្ស​ជាច្រើន ។ វា និង​បេសកជន​របស់​វា​ប្រកាស​ថា ជម្រើស​ដ៏​ពិត​ដែល​យើង​មាន គឺ​រវាង​សុភមង្គល និង​ក្ដីរីករាយ នា​ពេល​ឥឡូវ​នេះ ក្នុង​ជីវិត​នេះ និង​សុភមង្គល​ក្នុង ជីវិត​ខាងមុខ ( ដែល​មារសត្រូវ​ប្រកាស​ថា មិន​អាច​មាន​ទេ ) ។ អភូតកថា​នេះ​គឺ​ជា​ជម្រើស​ខុសឆ្គង ប៉ុន្តែ​វា​ទាក់ទាញ​ចិត្ត​ខ្លាំង​ណាស់ ។

គោលបំណង​ដ៏​ថ្លៃថ្នូរ​ខ្ពង់ខ្ពស់​បំផុត​នៃ​ផែនការ​សុភមង្គល​របស់​ព្រះ គឺ​ដើម្បី​ឲ្យ​ពួកសិស្ស និង​គ្រួសារ​ក្នុង​សេចក្ដី​សញ្ញា​ដ៏​សុចរិត​បាន​រួបរួម​ក្នុង​ក្ដី​ស្រឡាញ់ ការស្រុះស្រួល និង​ក្ដីសុខសាន្ត ក្នុង​ជីវិត​នេះ ហើយ​ទទួល​បាន​សិរីរុងរឿង​សេឡេស្ទាល​ក្នុង​ភាពអស់កល្ប​ជានិច្ច​ជាមួយ​ព្រះ​ជា​ព្រះវរបិតា ព្រះអង្គ​បង្កបង្កើត​របស់​យើង និង​ព្រះរាជបុត្រា​សំណព្វ​ទ្រង់ គឺ​ព្រះយេស៊ូវគ្រីស្ទ ព្រះអង្គ​សង្គ្រោះ​របស់​យើង ។

កាល​ខ្ញុំ​ជា​អ្នក​ផ្សព្វផ្សាយ​វ័យ​ក្មេង​ម្នាក់ ដែល​ត្រូវបាន​ចាត់​ឲ្យ​បម្រើ​នៅ​បេសកកម្ម​អង់គ្លេស តំបន់​ដំបូង​របស់​ខ្ញុំ​គឺ​មណ្ឌល​ប្រ៊ីស្តូល នៅពេល​នោះ ។ អ្នកដឹកនាំ​សាសនាចក្រ​ក្នុង​តំបន់​ម្នាក់​បាន​សង្កត់​ធ្ងន់​ថា ពួក​អ្នក​ផ្សព្វផ្សាយ​ដែល​បម្រើ​ក្នុង​តំបន់​នោះ​ត្រូវតែ « មាន​របៀប​រៀបរយ​ជា​អ្នក​ស្រុក​ប្រ៊ីស្តូល » ។

រូបភាព
កប៉ាល់​នៅ​កំពង់ផែ​ប្រ៊ីស្ដូល

មុនដំបូង​ខ្ញុំ​មិន​យល់​ថា​គាត់​មានន័យ​យ៉ាងណា​ទេ ។ មិន​យូរ​ប៉ុន្មាន ខ្ញុំ​បាន​រៀន​ពីប្រវត្តិសាស្ត្រ​​ និង​អត្ថន័យ​នៃ​ឃ្លា « មាន​របៀប​រៀបរយ​ជា​អ្នក​ស្រុក​ប្រ៊ីស្តូល » ។ នៅ​គ្រា​មួយ ប្រ៊ីស្តូល​ជា​កំពុងផែ​ដែល​រវល់​បំផុត​ទីពីរ​នៅ​ចក្រភព​អង់គ្លេស ។ វា​មាន​កម្រិតកម្ពស់ទឹក ១៣ ម៉ែត្រ ជា​កម្រិតទឹក​ខ្ពស់​បំផុត​ទីពីរ​ក្នុង​ពិភពលោក ។ ពេល​ទឹកនាច ជា​ពេលដែល​ទឹក​ស្រក កប៉ាល់​ចាស់ៗ​នឹង​កឿង​នឹង​បាត​សមុទ្រ ហើយ​ផ្អៀង​ទៅ​ចំហៀង ហើយ​បើ​កប៉ាល់​ទាំងនោះ​មិនបាន​សង់ឡើង​ល្អ​ទេ វា​នឹង​ខូចខាត​តែម្ដង ។ ជាងនោះ​ទៀត អ្វីគ្រប់​យ៉ាង​ដែល​មិន​បាន​រក្សា​ទុក ឬ​ចង​ដោយ​ប្រុងប្រយ័ត្ន​នឹង​ត្រូវ​បោះបោក​ក្នុង​ស្ថានភាព​វឹកវរ ហើយ​ត្រូវបំផ្លាញ ឬ​ខូចបង់ ។ បន្ទាប់ពី​ខ្ញុំ​បានយល់​ពី​អត្ថន័យ​ឃ្លា​នោះ​ហើយ វា​ច្បាស់​ណាស់​ថា អ្នកដឹកនាំ​នេះ​កំពុង​ប្រាប់​យើង​ថា ក្នុង​នាម​ជា​អ្នក​ផ្សព្វផ្សាយ យើង​ត្រូវតែ​សុចរិត ធ្វើតាម​ច្បាប់ និង​ត្រៀម​ជា​ស្រេច​សម្រាប់​ស្ថានភាព​លំបាកៗ ។

ការអញ្ជើញ​ដដែល​នេះ​គឺ​អាច​អនុវត្ត​បាន​ចំពោះ​យើង​គ្រប់គ្នា ។ ខ្ញុំ​នឹង​ពិពណ៌នា​ការ « មាន​របៀប​រៀបរយ​ជា​អ្នក​ស្រុក​ប្រ៊ីស្តូល » ថា​ជា​ភាពសក្ដិសម​ដើម្បី​ចូល​ព្រះវិហារ​បរិសុទ្ធ —ទាំង​ក្នុង​គ្រា​ល្អៗ និង​គ្រា​អាក្រក់ៗ ។

ទោះជា​ដំណើរ​ជោរ​នាច​នៃ​ទឹក​ក្នុង​ចរន្ត​ប្រ៊ីស្តូល​អាច​ព្យាករ​បាន ហើយ​អាច​ត្រៀម​បាន នោះ​ជា​ញឹកញាប់ ព្យុះ​សង្ឃរា និង​ការល្បួង​នៃ​ជីវិត​នេះ​គឺ​មិន​អាច​ព្យាករ​ទុក​មុន​បាន​ឡើយ ។ ប៉ុន្តែ យើង​ដឹង​ថា វា​នឹង​កើតឡើង ! ដើម្បី​យក​ឈ្នះ​ឧបសគ្គ និង​ការល្បួង​ទាំងឡាយ ដែល​យើង​ម្នាក់ៗ​ប្រឈម​ដោយ​ចៀស​មិន​រួច នោះ​វា​នឹង​តម្រូវ​ឲ្យ​មាន​ការរៀបចំ​យ៉ាង​សុចរិត និង​ការប្រើប្រាស់​ការការពារ​ដ៏​ទេវភាព​ដែល​ត្រូវបាន​ប្រទាន​ដល់​យើង ។ យើង​ត្រូវតែ​ប្ដេជ្ញា​ចិត្ត​ដើម្បី​មាន​ភាពសក្ដិសម​ដើម្បី​ចូល​ព្រះវិហារ​បរិសុទ្ធ មិន​ថា​មាន​អ្វី​កើតឡើង​ចំពោះ​យើង​ឡើយ ។ បើ​យើង​ប្រុងប្រៀប​ទុក​ជា​ស្រេច នោះ​យើង​នឹង​មិន​ត្រូវ​ខ្លាច​ឡើយ ។

សុភមង្គល​ក្នុង​ជីវិត​នេះ និង​សុភមង្គល​ក្នុង​ជីវិត​ខាង​មុខ គឺ​ប្រទាក់​គ្នា​ដោយ​សេចក្ដី​សុចរិត ។ សូម្បី​ក្នុង​អំឡុង​ពេល​រវាង​ក្ដីស្លាប់ និង​ដំណើរ​រស់​ឡើង​វិញ « វិញ្ញាណ​របស់​ ពួកសុចរិត ​នឹង​បាន​ទទួល​ស្ថានភាព​នៃ​សុភមង្គល ដែល​ជា​ស្ថាន​បរមសុខ ដែល​ជា​ស្ថានភាព​ឈប់​សម្រាក ស្ថានភាព​សុខសាន្ត » ។

នៅ​ពេល​ដំបូង​នៃ​ការបម្រើ​លើ​ផែនដី​របស់​ព្រះអង្គ​សង្គ្រោះ​នៅ​អ៊ីស្រាអែល និង​ក្រោយ​មក​ក្នុង​ចំណោម​ពួកសាសន៍​នីហ្វៃ ព្រះអង្គ​សង្គ្រោះ​បាន​មាន​បន្ទូល​អំពី​កត្តា​នៃ​សុភមង្គល ទាំង​ក្នុង​ជីវិត​នេះ និង​ភាពអស់កល្ប​ជានិច្ច ។ ទ្រង់​បាន​សង្កត់​ពី​ពិធី​បរិសុទ្ធ​ទាំងឡាយ តែ​ទ្រង់​ក៏​បាន​សង្កត់​ធ្ងន់​លើ​អាកប្បកិរិយា​ខាង​សីលធម៌​ផងដែរ ។ ឧទាហរណ៍ ពួកសិស្ស​នឹង​មាន​ពរ បើ​ពួកគេ​ស្រេកឃ្លាន​សេចក្ដី​សុចរិត មាន​មេត្តា​ករុណា មាន​ចិត្ត​បរិសុទ្ធ ជា​អ្នក​ផ្សះផ្សារ​គេ និង​ធ្វើតាម​គោលការណ៍​សីលធម៌​ជា​មូលដ្ឋាន​ផ្សេង​ទៀត ។ ​ច្បាស់​ណាស់ ជាគ្រឹះ​នៃ​សារលិខិតខាង​គោលលទ្ធិ​ ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ​របស់​យើង ​បាន​សង្កត់​ធ្ងន់​ទាំង​លើ​ឥរិយាបថសុចរិត និង​ការប្រព្រឹត្ត​ក្នុង​ការរស់នៅ​ប្រចាំ​ថ្ងៃ ។ ការបង្រៀន​របស់​ទ្រង់ មិន​ត្រឹមតែ​ជំនួស និង​លើសលុប​ទៅលើ​ក្រឹត្យវិន័យ​ទាំងឡាយ​នៃ​ច្បាប់​ម៉ូសេ​នោះ​ទេ តែ​ថែមទាំង​ជា​ការជំទាស់​មួយ​នៃ​ទស្សនៈ​ខុសឆ្គង​របស់​មនុស្ស​ទៀត​ផង ។

អស់​ពេល​ជា​ច្រើន​សតវត្សរ៍ ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​បាន​បំផុស​ឲ្យ​មាន​ជំនឿ និង​បាន​បង្កើត​បទដ្ឋាន​នៃ​ក្រមសីលធម៌​ថា​អ្វី​ដែល​សុចរិត គួរឲ្យ​ប្រាថ្នា​ចង់បាន និង​មាន​សីលធម៌ ហើយ​ទទួល​បាន​សុភមង្គល បរមសុខ និង​ក្ដីអំណរ ។ ទោះយ៉ាងណា គោលការណ៍ និង​សីលធម៌​ជា​មូលដ្ឋាន ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន គឺ​ស្ថិត​នៅក្រោម​ការវាយ​ប្រហារ​យ៉ាង​ធ្ងន់ធ្ងរ​ក្នុង​ពិភពលោក​សព្វថ្ងៃ​នេះ ។ គ្រឹស្តសាសនា​គឺ​ស្ថិត​នៅក្រោម​ការវាយ​ប្រហារ ។ មនុស្ស​ជា​ច្រើន​ជឿ​ថា អ្វី​ដែល​ជា​សីលធម៌​នោះ​ត្រូវបាន​ផ្លាស់ប្ដូរ​ហើយ ។

យើង​រស់នៅ​ក្នុង​ជំនាន់​ដ៏​លំបាក ។ មាន​ទំនោរ​ដែល​កើនឡើង​មួយ ក្នុង​ការ « រាប់​សេចក្ដី​អាក្រក់​ថា​ជា​ល្អ ហើយ​សេចក្ដី​ល្អ​ថា​ជា​អាក្រក់​វិញ » ។១០ ពិភពលោក​មួយ​ដែល​សង្កត់​ទៅលើ​ការពង្រីក​អំណាច​មនុស្ស​ឡើង និង​ការមិន​ជឿ​សាសនា គឺជា​បុព្វហេតុ​នៃ​កង្វល់​ដ៏​ធំ ។ អ្នក​និពន្ធ​ដ៏​ល្បី​ម្នាក់ បាន​ថ្លែង​ដូចនេះ ៖ « ជា​អកុសល ខ្ញុំ​ឃើញ​មាន​ភស្ដុតាង​តិចតួច​ដែល​ថា មនុស្ស​ពិតជា​កាន់តែ​រីករាយ​ក្នុង​គ្រា​ដែល​យើង​រស់នៅ ឬ​ថា កូនចៅ​ពួកគេ​បានប្រសើរ​ជាង ឬ​ថា បុព្វហេតុ​នៃ​យុត្តិធម៌​សង្គម​ត្រូវបាន​ប្រព្រឹត្ត​យ៉ាង​ត្រឹមត្រូវ ឬ​ថា អាត្រា​នៃ​អាពាហ៍ពិពាហ៍​ចុះអន់ថយ និង​គ្រួសារ​តូចៗ ... ផ្ដល់​នូវ​អ្វីៗ​នោះ គឺមានតែ​ភាពឯកោ​កាន់តែ​ខ្លាំង ចំពោះ​មនុស្ស​ភាគច្រើន និង​ខ្វះ​ការរីកចម្រើន » ។១១

ក្នុង​នាម​ជា​សិស្ស​របស់​ព្រះអង្គ​សង្គ្រោះ យើង​ត្រូវបាន​រំពឹង​ឲ្យ​ដាក់ផែនការ និង​ប្រុងប្រៀប ។ ក្នុង​ផែនការ​នៃ​សុភមង្គល សិទ្ធិជ្រើសរើស​ខាង​សីលធម៌​គឺជា​គោលការណ៍​នៃ​ការរៀបចំ​យ៉ាង​សំខាន់ ហើយ​ជម្រើស​របស់​យើង​គឺ​សំខាន់ ។១២ ព្រះអង្គ​សង្គ្រោះ​បាន​សង្កត់​ធ្ងន់​ពី​ការណ៍​នេះ ពេញ​ទាំង​ការបម្រើ​របស់​ទ្រង់ រួមទាំង​រឿង​ប្រៀបធៀប​របស់​ទ្រង់​អំពី​ស្ត្រី​ព្រហ្មចារីយ៍​ឆោតល្ងង់ និង​មាន​គំនិត ។១៣ ក្នុង​រឿង​ទាំងនេះ ព្រះអម្ចាស់​បាន​បញ្ជា​ឲ្យ​មាន​ការប្រុងប្រៀប និង​សកម្មភាព ហើយ​បន្ទោស​ដល់​ការពន្យារពេល និង​ការខ្ជិល​ច្រអូស ។

ខ្ញុំ​ដឹង​ថា ថ្វីបើ​មាន​សុភមង្គល​ដ៏​លើសលុប​ក្នុង​ផែនការ​ដ៏​ទេវភាព​របស់​ព្រះ​ក្ដី ក៏​ពេលខ្លះ​វា​អាច​មាន​អារម្មណ៍​ថា​នៅ​ឆ្ងាយ ហើយ​​មិន​ទាក់ទង​នឹង​ស្ថានភាព​បច្ចុប្បន្ន​របស់​យើង​ដែរ ។ វា​អាច​មាន​អារម្មណ៍​ថា ឆ្ងាយ​ហួស​ពី​ការឈោង​ដល់​របស់​របស់​យើង ក្នុង​នាម​ជា​សិស្ស​ដែល​ជួប​ការលំបាក ។ ចេញពី​ទស្សនៈ​ដែល​មាន​កម្រិត​របស់​យើង ការល្បួង និង​ការរំខាន​ដែល​មាន​ថ្មីៗ​អាច​មាន​ភាព​ទាក់ទាញ​ណាស់ ។ ហើយ​មួយ​វិញ​ទៀត វា​អាច​មាន​អារម្មណ៍​ថា​រង្វាន់​សម្រាប់​ការតទល់​នឹង​ការល្បួង​គឺ​នៅ​ឆ្ងាយ ហើយ​​មិន​អាចយក​បាន​ទេ ។ តែ​ការយល់ដឹង​ដ៏​ពិត​មួយ​អំពី​ផែនការ​របស់​ព្រះវរបិតា​បង្ហាញ​ថា រង្វាន់​នៃ​ក្ដីសុចរិត​គឺ​មាន​ក្នុង​ពេល​ឥឡូវ​នេះ ។ ទុច្ចរិតភាព ដូចជា​ការប្រព្រឹត្ត​អសីលធម៌ គឺ​មិនដែល​ជា​ផ្នែក​នៃ​ចម្លើយ​នោះ​ទេ ។ អាលម៉ា​បាន​មាន​ប្រសាសន៍​អំពី​វា​យ៉ាង​ច្បាស់ ទៅកាន់​កូរីអានតុន ជា​កូនប្រុស​របស់​លោក ៖ « មើលចុះ ឪពុក​ប្រាប់​កូន​ថា សេចក្ដី​ទុច្ចរិត​ពុំដែល​ជា​សុភមង្គល​ឡើង » ។១៤

គោលលទ្ធិ​របស់​យើង​ត្រូវបាន​ថ្លែង​យ៉ាង​ច្បាស់​ដោយ​អាមូលេក ក្នុង អាលម៉ា ៣៤:៣២  ៖ « ដ្បិត​មើល​ចុះ ជីវិត​នេះ​គឺជា​ពេលវេលា​សម្រាប់​ឲ្យ​មនុស្ស​ប្រុងប្រៀប​ខ្លួន​ទៅ​ជួប​នឹង​ព្រះ មែនហើយ មើល​ចុះ ពេលវេលា​នៃ​ជីវិត​នេះ គឺជា​ពេលវេលា​សម្រាប់​ឲ្យ​មនុស្ស​ប្រព្រឹត្ត​ការងារ​ទាំងឡាយ​របស់​ខ្លួន » ។

បើ​អញ្ចឹង តើ​យើង​ប្រុងប្រៀប​យ៉ាង​ដូច​ម្ដេច​ទៅ ក្នុង​គ្រា​ដ៏​លំបាក​បែបនេះ ? បន្ថែម​លើ​ការមាន​ភាពសក្ដិសម​ដើម្បី​ចូល​ព្រះវិហារ​បរិសុទ្ធ មាន​គោលការណ៍​ជាច្រើន ដែល​រួមចំណែក​ដល់​សុចរិតភាព ។ ខ្ញុំ​នឹង​សង្កត់​ធ្ងន់​លើ​គោលការណ៍​បី ។

ទីមួយ ៖ ការគ្រប់គ្រង​ខ្លួនឯង និង​ការប្រព្រឹត្ត​ដោយ​សុចរិត

ខ្ញុំ​ជឿ​ថា ពេល​ខ្លះ​ព្រះវរបិតា​របស់​យើង​ដែល​គង់​នៅ​ស្ថានសួគ៌​ដែល​ប្រកប​ដោយ​ក្ដីស្រឡាញ់ ទ្រង់​ទត​មើល​មក​យើង​ជាមួយ​នឹង​អារម្មណ៍​សប្បាយ​ដែល​យើង​មាន ពេល​យើង​មើល​ទៅ​កូន​តូចៗ​របស់​យើង​ផ្ទាល់ កាល​ពួកគេ​រៀន ហើយ​​លូតលាស់ ។ យើង​គ្រប់គ្នា​ជំពប់ ហើយ​ដួល តែ​យើង​ក៏បាន​បង្កើន​បទពិសោធន៍ ។

រូបភាព
ការ​ដក​ពិសោធន៍​ស្ករ​ម៉ាសមេលឡូ​

ខ្ញុំ​បាន​ពេញចិត្ត​នឹង​សុន្ទរកថា​សន្និសីទ ដែល​ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ បានថ្លែង​ក្នុង​ឆ្នាំ ២០១០១៥ អំពី​ការពិសោធន៏​ស្ករ​ម៉ាសមេលឡូ ដែល​បាន​ធ្វើ​ឡើង​នៅ​សកលវិទ្យាល័យ​ស្ទែនហ្វដ ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៦០ ។ អ្នក​នឹង​ចាំ​ថា ក្មេងៗ​អាយុ ៤ ឆ្នាំ បាន​ទទួល​ស្ករ​ម៉ាសមេលឡូ​មួយ ។ បើ​ពួកគេ​អាច​ចាំ ១៥ ឬ ២០ នាទី ដោយ​មិន​ញ៉ាំ​វា នោះ​ពួកគេ​នឹង​ទទួល​បាន​ស្ករ​ម៉ាសមេលឡូ​ដល់​ទៅ​ពីរ ។ មាន​វីដេអូ​នានា​ត្រូវបាន​ផលិត​ឡើង បង្ហាញ​ពី​ការរមួល​ពត់ពេន​ដែល​ក្មេងៗ​ជា​ច្រើន​បាន​ចៀសវាង​ពី​ការញ៉ាំ​ស្ករ​ម៉ាសមេលឡូ​នោះ ។ ខ្លះ​​មិនបាន​ជោគជ័យទេ ។១៦

កាលពី​ឆ្នាំ​មុន សាស្ត្រាចារ្យ​ដែល​បាន​ធ្វើ​ការពិសោធន៍​ដំបូង​នោះ គឺ ដុកទ័រ វ៉លធ័រ មីសឆែល បានសរសេរ​សៀវភៅ​មួយ ដែល​លោក​បាន​មាន​ប្រសាសន៍​ថា ផ្នែក​មួយ​នៃ​មូលហេតុ​ដែល​នាំ​ឲ្យ​ធ្វើ​ការសិក្សា​នោះ គឺ​កង្វល់​របស់​លោក​អំពី​ការគ្រប់គ្រង​ខ្លួនឯង និង​ការញៀន​បារី​ផ្ទាល់​ខ្លួន​របស់​លោក ។ លោក​មាន​កង្វល់​ជា​ពិសេស បន្ទាប់​ពី​របាយការណ៍​របស់​វេជ្ជបណ្ឌិត​វះកាត់​សហរដ្ឋ​នៅឆ្នាំ ១៩៦៤ បាន​សន្និដ្ឋាន​ថា ការជក់​បារី​នាំ​ឲ្យ​មាន​មហារីក​សួត ។១៧ ការសិក្សា​ជា​ច្រើន​ឆ្នាំ មិត្តរួម​ការងារ​ជំនាញ​ម្នាក់​របស់​លោក បាន​រាយការណ៍​ថា « ការគ្រប់គ្រង​ខ្លួនឯង​គឺ​ដូច​ជា​សាច់ដុំ ៖ កាន់តែប្រើ កាន់តែ​រឹងមាំ ។ ការចៀសវាង​ពី​អ្វី​ដែល​ល្បួង​បាន​ម្ដង នឹង​ជួយ​អ្នក​អភិវឌ្ឍ​សមត្ថភាព​ដើម្បី​ទប់ទល់​នឹង​ការល្បួង​ផ្សេងៗ​ទៀត​នា​ពេល​អនាគត » ។១៨

គោលការណ៍​មួយ​នៃ​ការរីកចម្រើ​ដ៏​អស់កល្ប​គឺ​ថា ការអនុវត្ត​ការគ្រប់គ្រង់​ខ្លួនឯង និង​ការរស់នៅ​ដោយ​សុចរិត ពង្រឹង​សមត្ថភាព​យើង​ដើម្បី​ទប់ទល់​នឹង​ការល្បួង ។ នេះជា​ការពិត ទាំង​រឿង​ខាង​វិញ្ញាណ និង​ខាង​សាច់ឈាម ។

ពួក​អ្នក​ផ្សព្វផ្សាយ​របស់​យើង​ជា​គំរូ​ដ៏​អស្ចារ្យ ។ ពួកគេ​អភិវឌ្ឍ​លក្ខណៈ​ដូច​ព្រះគ្រីស្ទ ហើយ​សង្កត់​ធ្ងន់​លើ​ការគោរព​ប្រតិបត្តិ និង​ជីវភាព​ខាង​វិញ្ញាណ ។ ពួកគេ​ត្រូវបាន​រំពឹង​ឲ្យ​ប្រកាន់ខ្ជាប់​នូវ​កាលវិភាគ​តឹងរ៉ឹង​មួយ ហើយ​ចំណាយ​ពេល​របស់​ពួកគេ​ក្នុង​ការបម្រើ​ដល់​អ្នក​ដទៃ ។ ពួកគេ​មាន​ការតុបតែង​ខាងក្រៅ​យ៉ាង​អភិរក្ស និង​រមទម្យ​បំផុត ជាជាង​លក្ខណៈ​នៃ​ការស្លៀកពាក់​ដែល​ធម្មតា ឬ​មិន​រមទម្យ​ដែល​មាន​ជា​ការទូទៅ​ខ្លាំង​ណាស់​នៅ​សព្វថ្ងៃ​នេះ ។ ការប្រព្រឹត្ត និង​ការតុបតែង​ខាងក្រៅ​របស់​ពួកគេ​នាំទៅរក​សារដំណឹង​ដ៏​មាន​សីលធម៌ និង​ហ្មត់ចត់ ។១៩

យើង​មាន​អ្នក​ផ្សព្វផ្សាយ​វ័យ​ក្មេង​ប្រហែល ២៣០០០០ នាក់ កំពុង​បម្រើ ឬ​បាន​ត្រឡប់​ពី​ការបម្រើ​ក្នុង​អំឡុង​ប្រាំឆ្នាំ​ចុងក្រោយ​នេះ ។ ពួកគេ​បាន​អភិវឌ្ឍ​កម្លាំង​ខាង​វិញ្ញាណ និង​វិន័យ​ផ្ទាល់ខ្លួន​គួរឲ្យ​កត់​សម្គាល់ ដែល​ត្រូវតែ​បន្ដ​អនុវត្ត បើ​មិន​ដូច្នោះ​ទេ​គុណសម្បត្តិ​ទាំងនេះ​នឹង​ទ្រុឌទ្រោម​ទៅ​ដូច​ជា​សាច់ដុំ​ដែល​មិនបាន​ប្រើ​ដែរ ។ យើង​ទាំងអស់​គ្នា​ត្រូវ​អភិវឌ្ឍ ហើយ​​បង្ហាញ​ពី​ការប្រព្រឹត្ត និង​ការតុបតែង​ខាងក្រៅ​ដែល​ប្រកាស​ថា យើង​ជា​អ្នក​ដើរតាម​ដ៏​ពិត​របស់​ព្រះគ្រីស្ទ ។ ពួក​អ្នក​ដែល​បោះបង់​ចោល​ការប្រព្រឹត្ត​សុចរិត ឬ​ការតុបតែង​ខាងក្រៅ​ដែល​ត្រឹមត្រូវ​រមទម្យ នោះ​បង្វែរ​ខ្លួនឯង​ទៅរក​រចនាបទ​ជីវិត​ដែល​មិន​នាំ​មក​នូវ​ក្ដីអំណរ ឬ​សុភមង្គល​ឡើយ ។

ដំណឹងល្អ​ដែល​ស្ដារឡើងវិញ​ផ្ដល់​ដល់​យើង​នូវ​ប្លង់​នៃ​ផែនការ​នៃ​សុភមង្គល និង​ការលើក​ទឹកចិត្ត​ឲ្យ​យល់ ហើយអនុវត្ត​ការគ្រប់គ្រង​ខ្លួនឯង ព្រមទាំង​ចៀសវាង​ពី​ការល្បួង ។ វា​ក៏​បង្រៀន​យើង​ផងដែរ​អំពី​របៀប​ប្រែចិត្ត ពេល​ការបំពាន​នានា​បាន​កើតឡើង ។

ទី​ពីរ ៖ ការតម្កើង​ថ្ងៃ​ឈប់​សម្រាក​នឹង​បង្កើន​សុចរិតភាព និង​ជា​ការការពារ​មួយ​សម្រាប់​គ្រួសារ

សាសនាចក្រ​គ្រីស្ទាន​ពី​ជំនាន់​មុន បាន​ផ្លាស់ប្ដូរ​ការប្រតិបត្តិ​ថ្ងៃ​ឈប់សម្រាក​ពី​ថ្ងៃ​សៅរ៍ មក​ថ្ងៃ​អាទិត្យ ដើម្បី​រំឭក​ពី​ការមាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ព្រះអម្ចាស់ ។ គោលបំណង​ដ៏​ពិសិដ្ឋ​សំខាន់​ផ្សេងៗ​ទៀត​នៃ​ថ្ងៃ​ឈប់សម្រាក គឺ​នៅ​ដដែល​មិន​ផ្លាស់​ប្ដូរ​ឡើយ ។ សម្រាប់​ពួក​យូដា និង​គ្រីស្ទាន ថ្ងៃ​ឈប់សម្រាក​ជា​និមិត្តរូប​នៃ​កិច្ចការ​ដ៏​មហិមា​របស់​ព្រះ ។២០

ភរិយា​ខ្ញុំ និង​ខ្ញុំ និង​មិត្តរួម​ការងារ​ខ្ញុំ​ពីរនាក់ ព្រមទាំង​ភរិយា​របស់​ពួកលោក បាន​ចូលរួម​ក្នុង​ថ្ងៃ​ឈប់សម្រាក​របស់​ពួក​សាសនា​យូដា​ (ថ្ងៃ​ឈប់សម្រាក) នា​ពេល​ថ្មីៗ​នេះ តាម​ការអញ្ជើញ​របស់​មិត្ត​ជា​ទីស្រឡាញ់​ម្នាក់ រ៉ូប៊ឺត អាប្រាមស៍ និង ឌេនេ ជា​ភរិយា​លោក នៅ​ផ្ទះ​របស់​ពួកគាត់​នៅ​នូវ យ៉ក ។២១ វា​បាន​ផ្ដើមឡើង​នៅ​ដើម​ដំបូង​នៃ​ថ្ងៃ​ឈប់សម្រាក​របស់​សាសនា​យូដា នៅ​ល្ងាច​ថ្ងៃ​សុក្រ​មួយ ។ ការផ្ដោត​នោះ​គឺ​ការតម្កើង​ព្រះ​ជា​អង្គ​បង្ក​បង្កើត ។ វា​បាន​ចាប់ផ្ដើម​ដោយ​ការប្រសិទ្ធ​ពរ​គ្រួសារ និង​ច្រៀង​​ទំនុកតម្កើង​ថ្ងៃ​ឈប់សម្រាក​មួយ ។២២ យើង​បាន​ចូលរួម​ក្នុង​ពិធី​លាង​ដៃ ប្រសិទ្ធិពរ​នំប៉័ង ការអធិស្ឋាន អាហារ​បែប​សាសន៍​យូដា ការសូត្រ​បទគម្ពីរ និង​ការច្រៀង​ចម្រៀង​ថ្ងៃ​ឈប់សម្រាក​ក្នុង​អារម្មណ៍​សាទរ​មួយ ។ យើង​បាន​ស្ដាប់​ដល់​ពាក្យពេចន៍​ហេព្រើរ ដោយ​មាន​ការបកប្រែ​ជា​ភាសា​អង់គ្លេស ។ បទគម្ពីរ​ដែល​ចាក់​ចំ​ដួងចិត្ត​ខ្លាំង​បំផុត​ដែល​បាន​អាន​ចេញ​ពី​គម្ពីរ​សញ្ញាចាស់ ដែល​យើង​ក៏​ស្រឡាញ់​ខ្លាំង​ណាស់​ដែរ​នោះ គឺ​ចេញ​ពី​គម្ពីរ​អេសាយ ដែល​ប្រកាស​ថា​ថ្ងៃ​ឈប់សម្រាក​ជា​ទីរីករាយ​ចិត្ត២៣ និង​ចេញពី​គម្ពីរ​អេសេគាល ដែល​ថា ថ្ងៃ​ឈប់សម្រាក « ជា​ទីសម្គាល់​ដល់​យើង ហើយនិង​ឯងរាល់គ្នា ដើម្បី​ឲ្យ​ឯង​បានដឹង​ថា យើង​នេះ​គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ឯងរាល់គ្នា » ។២៤

ចំណាប់​អារម្មណ៍​ដ៏​លើសលប់​ពី​ល្ងាច​ដ៏​ប្រពៃ​នេះ គឺ​អំពី​ក្ដីស្រឡាញ់ ការឧទ្ទិស និង​ទំនួល​ខុសត្រូវ​នៃ​គ្រួសារ​ចំពោះ​ព្រះ ។ ពេល​ខ្ញុំ​បាន​គិត​អំពី​ព្រឹត្តិការណ៍​នេះ ខ្ញុំ​សញ្ជឹងគិត​ពី​ការបៀតបៀន​ដ៏​លំបាក​ក្រៃលែង​ដែល​ពួក​សាសន៍​យូដា​បាន​ទទួល​អស់​ជា​ច្រើន​សតវត្សរ៍ ។ ច្បាស់​ណាស់​ថា ការតម្កើង​ថ្ងៃ​ឈប់សម្រាក​គឺជា « សេចក្ដី​សញ្ញា​នៅ​អស់កល្ប​ជានិច្ច » ដែល​ការពារ និង​ផ្ដល់ពរ​ដល់​ប្រជាជន​យូដា ក្នុង​ការបំពេញ​បទគម្ពីរ ។២៥ វា​ក៏​បាន​រួម​ចំណែក​ដល់​ជីវិត និង​សុភមង្គល​គ្រួសារ​ដ៏​អស្ចារ្យ​ផងដែរ ដែល​ឃើញ​យ៉ាង​ជាក់ស្ដែង​ក្នុង​ជីវិត​របស់​ប្រជាជន​យូដា​ជាច្រើន ។២៦

សម្រាប់​សមាជិក​នៃ​សាសនាចក្រ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ការតម្កើង​ថ្ងៃ​ឈប់សម្រាក ជា​ទម្រង់​មួយ​នៃ​ភាពសុចរិត​ដែល​នឹង​ផ្ដល់ពរ ហើយ​​ពង្រឹង​គ្រួសារ ភ្ជាប់​យើង​ទៅនឹង​ព្រះអង្គ​បង្កបង្កើត ហើយ​​បង្កើន​សុភមង្គល ។ ថ្ងៃ​ឈប់សម្រាក​អាច​ជួយ​ញែក​យើង​ចេញ​ពី​អ្វី​ដែល​ឥតបានការ មិន​សមរម្យ ឬ​អសីលធម៌ ។ វា​ជួយ​យើង​ឲ្យ​រស់​នៅ​ក្នុង​លោកិយ ប៉ុន្តែ​មិន​មែន​ជា កម្មសិទ្ធិ​លោកិយ ។

ក្នុង​ប្រាំមួយ​ខែ​ចុងក្រោយ​នេះ ការផ្លាស់ប្ដូរ​ដ៏​ធំ​បំផុត​មួយ​បាន​កើតឡើង​ក្នុង​សាសនាចក្រ ។ ការផ្លាស់ប្ដូរ​នេះ​ជា​ការឆ្លើយតប​ដល់​សមាជិក​ចំពោះ​ការសង្កត់ធ្ងន់​ជាថ្មី​លើ​ថ្ងៃ​ឈប់សម្រាក​ដោយ​គណៈប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ និង​ចំពោះ​ការអញ្ជើញ​របស់​ប្រធាន រ័សុល អិម ណិលសុន ដែល​ឲ្យ​ធ្វើ​ថ្ងៃ​ឈប់សម្រាក​ទុក​ជា​ទី​រីករាយ​ចិត្ត ។២៧ សមាជិក​ជាច្រើន​យល់​ថា ការរក្សា​ថ្ងៃ​ឈប់សម្រាក​ជា​បរិសុទ្ធ​ដ៏​ពិត នោះ​គឺជា​ជម្រក​ការពារ​ពី​ព្យុះ​នៃ​ជីវិត​នេះ ។ វា​ក៏​ជា​ទីសម្គាល់​មួយ​នៃ​ការឧទ្ទិស​របស់​យើង​ចំពោះ​ព្រះវរបិតា​យើង​ដែល​គង់​នៅ​ស្ថានសួគ៌ និង​នៃ​ការយល់ដឹង​ដែល​កើនឡើង​មួយ​នៃ​ភាពពិសិដ្ឋ​របស់​ការប្រជុំ​សាក្រាម៉ង់ ។ យើង​នៅតែ​មាន​ផ្លូវ​វែងឆ្ងាយ​ទៀត តែ​យើង​មាន​ការចាប់ផ្ដើម​ដ៏​ល្អ​ប្រពៃ​មួយ ។ ខ្ញុំ​សូម​អញ្ជើញ​យើង​ទាំងអស់​គ្នា​ឲ្យ​បន្ត​ឱបក្រសោប​ដំបូន្មាន​នេះ ហើយ​ធ្វើ​ឲ្យ​ការថ្វាយបង្គំ​ថ្ងៃ​ឈប់សម្រាក​របស់​យើង​បាន​ប្រសើរ​ឡើង ។

ទីបី ៖ ការការពារ​ដ៏​ទេវភាព​ត្រូវបាន​ប្រទាន​ឲ្យ ពេល​យើង​សុចរិត

ដោយ​ជា​ផ្នែក​នៃ​ផែនការ​ដ៏​ទេវភាព​នៃ​ព្រះ យើង​ត្រូវបាន​ប្រទានពរ​ជាមួយ​នឹង​អំណោយ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ អំណោយ​នេះ « ជា​សិទ្ធិ​ដើម្បី​មាន​ភាព​ជា​ដៃគូ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ពេលណា​ដែល​មនុស្ស​ម្នាក់​មាន​ភាពសក្ដិសម » ។២៨ សមាជិក​នៃ​ក្រុមព្រះ​អង្គ​នេះ​បម្រើ​ជា​ភ្នាក់ងារ​សម្អាត បើ​យើង​ដាក់​ដំណឹង​ល្អ​ជា​ទីមួយ​ក្នុង​ជីវិត​យើង ។ ទ្រង់​ក៏​ជា​សំឡេង​នៃ​ការព្រមាន​ទាស់​នឹង​អារក្ស និង​ជា​សំឡេង​នៃ​ការការពារ​ទាស់​នឹង​គ្រោះថ្នាក់​ផងដែរ ។ ពេល​យើង​ធ្វើ​នាវាចរណ៍​លើ​សមុទ្រ​ជីវិត នោះ​ការធ្វើតាម​ការបំផុស​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​គឺ​ចាំបាច់​ណាស់ ។ ព្រះវិញ្ញាណ​នឹង​ជួយ​យើង​ឲ្យ​ចៀសវាង​ពី​ការល្បួង និង​គ្រោះថ្នាក់​នានា ហើយ​លួងលោម ព្រមទាំង​​ដឹកនាំ​យើង​ឆ្លងកាត់​ឧបសគ្គ​ទាំងឡាយ ។ « តែឯ​ផលផ្លែ​នៃ​ព្រះវិញ្ញាណ​វិញ នោះ​គឺ​សេចក្ដី​ស្រឡាញ់ អំណរអរ មេត្រីភាព អត់ធ្មត់ សុភាព សប្បុរស ស្មោះត្រង់ » ។២៩

ការប្រកាន់​ខ្ជាប់​ទៅនឹង​គោលការណ៍​ដំណឹងល្អ​ដ៏​ពិសិដ្ឋ​នឹង​ធ្វើ​ឲ្យ​យើង​មាន​ភាពសក្ដិសម​​ដើម្បី​ចូល​ព្រះវិហារ​បរិសុទ្ធ អាច​ឲ្យ​យើង​​ស្វែងរក​សុភមង្គល​ក្នុង​ជីវិត​នេះ ហើយ​នាំ​យើង​ត្រឡប់​ទៅ​គេហដ្ឋាន​សួគ៌ា​របស់​យើង​វិញ ។

បងប្អូន​ប្រុសស្រី​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ ជីវិត​មិន​ងាយស្រួល​ទេ ហើយ​វា​ក៏​មិន​ត្រូវ​មាន​ភាពងាយ​ស្រួល​ដែរ ។ វា​ជា​ពេល​មួយ​នៃ​ការសាកល្បង និង​ការពិសោធន៍ ។ ដូច​ជា​កប៉ាល់​ចាស់ៗ​នៅ​កំពង់ផែ​ប៊្រីស្តូល​ដែរ មាន​គ្រា​ទាំងឡាយ​ដែល​ទឹក​ជោរ​ឡើង ហើយ​អ្វីៗ​ក្នុង​លោក​នេះ​ហាក់បី​ដូច​ជា​ធ្វើ​ឲ្យ​យើង​ចេះតែ​រសាត់​ទៅ​បាត់ ។ យើង​អាច​នឹង​កឿង​នឹង​បាត​សមុទ្រ ហើយ​សូម្បីតែ​ផ្អៀង​ទៅ​ចំហៀង​ផង ។ ក្នុង​ចំណោម​ការសាកល្បង​ដូច​នោះ ខ្ញុំ​សន្យា​នឹង​អ្នក​ថា ការរស់នៅ និង​ការរក្សា​ជីវិត​ដែល​សក្ដិសម​ដើម្បី​ចូល​ព្រះវិហារ​បរិសុទ្ធ នឹង​ទ្រទ្រង់​អ្វីៗ​ទាំងអស់​ដែល​ពិតជា​សំខាន់ ។ ពរជ័យ​ដ៏​ផ្អែមល្អែម​នៃ​ក្ដីសុខសាន្ត សុភមង្គល និង​ក្ដីអំណរ រួមជាមួយ​នឹង​ពរជ័យ​នៃ​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច និង​សិរីល្អ​សេឡេស្ទាល​ជាមួយ​ព្រះវរបិតាសួគ៌​របស់​យើង និង​ព្រះរាជបុត្រា​ទ្រង់ គឺ​ព្រះយេស៊ូវគ្រីស្ទ​នឹង​ត្រូវបាន​បំពេញ ។ ខ្ញុំ​ថ្លែង​ទីបន្ទាល់​ដូច្នោះ ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

កំណត់​ចំណាំ

  1. នីហ្វៃទី ២ ២:១៣ ។ បទគម្ពីរ​នេះ​ជា​ផ្នែក​នៃ​វិធី​នៃ​ការប្រើឃ្លា​ស្របគ្នា​នៅក្នុង​ព្រះគម្ពីរ​មរមន ។ វា​គួរឲ្យ​ចាប់​អារម្មណ៍ ដែល​ព្យាការី​ជាច្រើន​ដែល​ការសរសេរ និង​ទេសនកថា​របស់​ពួកលោក​ត្រូវបាន​បញ្ចូល​ក្នុង​ព្រះគម្ពីរ​មរមន បានប្រើ​វិធីសាស្ត្រ​ខាង​អក្សរសាស្ត្រ​នេះ ដើម្បី​សង្កត់ធ្ងន់​ពី​គំនិត​ខាង​គោលលទ្ធិ​ដ៏​សំខាន់​ទាំងឡាយ ។ ជា​ឧទាហរណ៍ សូមមើល នីហ្វៃទី ២ ៩:២៥ ( យ៉ាកុប ) និង នីហ្វៃទី ២ ១១:៧ ( នីហ្វៃ ) ។

  2. សូមមើល នីហ្វៃទី ២ ២៨

  3. សូមមើល នីហ្វៃទី៤ ១:១៥-១៧

  4. សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ៥៩:២៣  ។

  5. សូមមើល Wiktionary, «shipshape and Bristol fashion» wiktionary.org ។

  6. សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា 38:30  ។

  7. អាលម៉ា ៤០:១២ គូសបញ្ជាក់បន្ថែម ។

  8. សូម​មើល ម៉ាថាយ ៥ សេចក្ដីសង្ខេប​ជំពូក ។

  9. សូមមើល ខាល ខេឌ័រស្ត្រម « The Dangers of Happiness » New York Times ថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ ២០១៥ Sunday Review section ទំព័រ ៨ ។

  10. នីហ្វៃទី ២ ១៥:២០

  11. រ៉ូស ដៅថាត « Gay Conservatism and Straight Liberation » New York Times ថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៥ Sunday Review section ទំព័រ ១១ ។

  12. សូមមើល នីហ្វៃទី ២ ២

  13. សូម​មើល ម៉ាថាយ ២៥:១-៣០

  14. អាលម៉ា ៤១:១០

  15. សូមមើល ឌៀថើរ អេស្វ អុជដូហ្វ “Continue in Patience,” Liahona ខែ ឧសភា ឆ្នាំ ២០១០ ទំព័រ ៥៦ ។

  16. សូមមើល វ៉លធ័រ មីឆែល The Marshmallow Test: Mastering Self-Control ( ឆ្នាំ ២០១៤ ) សូមមើល​ផងដែរ យ៉ាកុបា យូរីស្ទ «What the Marshmallow Test Really Teaches about Self-Control » The Atlantic ថ្ងៃទី២៤ ខែ កញ្ញា ឆ្នាំ ២០១៤ theatlantic.com ។

  17. សូមមើល Mischel The Marshmallow Test ១៣៦–៣៨ ។

  18. សូមមើល ម៉ារៀ ខូននីខូវ៉ា « The Struggles of a Psychologist Studying Self-Control » The New Yorker ថ្ងៃទី ៩ ខែ តុលា ឆ្នាំ ២០១៤ newyorker.com ដោយ​យោង​ទៅ រ៉យ ប៊ួមៀស្ទ័រ ជា​សាស្ត្រាចារ្យ​ចិត្តវិជ្ជា​នៅ​សាកលវិទ្យាល័យ​រដ្ឋ​ហ្លូរីដា ដែល​សិក្សា​ពី​សមត្ថភាព​ក្នុង​ការគ្រប់គ្រង​គំនិត និង​ទង្វើ ព្រមទាំង​ការគ្រប់គ្រង​ខ្លួនឯង ។

  19. សូមមើល ម៉ាលៀ វ៉ូលឡាន « How to Proselytize » New York Times Magazine ថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ ២០១៥ ទំព័រ ២១ ។ គាត់បាន​ដកស្រង់​ចេញមកពី Mario Dias នៃមជ្ឈមណ្ឌល​បំពាក់បំប៉ន​អ្នក​ផ្សព្វផ្សាយសាសនា​នៅប្រទេស​ប្រេស៊ីល ។

  20. សូមមើល Bible Dictionary «Sabbath» ។

  21. អែលឌើរ វ៉ុន ជី ឃីតឆ៍ និង ប៊ឺនីស ជា​ភរិយា​លោក និង យ៉ូហាន ថេលើរ និង ជេន ជា​ភរិយា​លោក បាន​ចូលរួម​ជាមួយ​ភរិយា​ខ្ញុំ និង​ខ្ញុំ នៅថ្ងៃ​ឈប់សម្រាក​ដ៏​រីករាយ​មួយ ជាមួយ រ៉ូប៊ឺត អាប្រាមស៍ និង ឌេនេ ជា​ភរិយា​លោក នៅថ្ងៃ​ទី ៨ ខែ ឧសភា ឆ្នាំ ២០១៥ ។ លោក អាប្រាមស៍ បាន​បម្រើ​ជា​មេធាវី​ទូទៅ​អស់​បួន​អាណត្តិ សម្រាប់​រដ្ឋ នូវ យ៉ក ហើយ​ជា​មិត្ត​ម្នាក់​របស់​សាសនាចក្រ​អស់​ជាច្រើន​ឆ្នាំ ។ លោក អាប្រាមស៍ បាន​អញ្ជើញ​មិត្ត​សាសនា​យូដា​របស់​លោក​ពីរនាក់ និង​ភរិយា​របស់​ពួកលោក​ផងដែរ ។

  22. ទំនុកតម្កើង​ថ្ងៃ​ឈប់សម្រាក់​នៅ​ឯ​តុ Shalom Aleichem ( « សេចក្ដី​សុខសាន្ត​ស្ថិត​លើ​អ្នក » ) ត្រូវបាន​យក​មក​ច្រៀង ។

  23. សូមមើល អេសាយ ៥៨:១៣-១៤  ។

  24. អេសេគាល ២០:២០  ។

  25. សូមមើល និក្ខមនំ ៣១:១៦-១៧  ។

  26. សូមមើល ចូ លីប៊ឺរម៉ាន The Gift of Rest: Rediscovering the Beauty of the Sabbath ( ឆ្នាំ ២០១១ ) ។ សៀវភៅ​ដ៏​រីករាយ​របស់​ព្រឹទ្ធសភា លីប៊ឺរម៉ាន ពិពណ៌នា​អំពី​ថ្ងៃ​ឈប់សម្រាក​របស់​ពួក​សាសនា​យូដា និង​ផ្ដល់​នូវ​ការយល់​ដឹង​ដ៏​បំផុស​គំនិត ។

  27. សូមមើល អេសាយ ៥៨:១៣–១៤; សូមមើល រ័សុល អិម ណិលសុន « The Sabbath Is a Delight » Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ១២៩--៣២ ។

  28. Bible Dictionary « Holy Ghost » ។

  29. កាឡាទី ៥:២២  ។