ឆ្នាំ ២០១០-២០១៩
ត្រូវបាន​ចម្រើន​កម្លាំង​ដោយ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ
តុលា 2015


ត្រូវបាន​ចម្រើន​កម្លាំង​ដោយ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ

ដោយសារ​ដង្វាយ​ធួន​របស់​ទ្រង់ ព្រះអង្គ​សង្គ្រោះ​មាន​ព្រះចេស្តា​ដើម្បី​ជួយ—ប្រទាន​ជំនួយ—ដល់​ការឈឺចាប់ និង ការរងទុក្ខ​នៃ​ជីវិត​រមែង​ស្លាប់​គ្រប់​បែប​យ៉ាង ។

នៅក្នុង​ជីវិត​រមែង​ស្លាប់​នេះ យើង​ចៀស​មិន​រួច​ពី​សេចក្តី​ស្លាប់ និង បន្ទុក​នៃ​អំពើ​បាប​ឡើយ ។ ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ លុប​បំបាត់​នូវ​ចំណុច​ពីរ​យ៉ាង​ដែល​ចៀស​មិន​រួច​នៃ​ជីវិត​រមែង​ស្លាប់​នេះ ។ ប៉ុន្តែ​ក្រៅពី​សេចក្តីស្លាប់ និង អំពើ​បាប យើង​មាន​ឧបសគ្គ​ផ្សេងៗ​ជា​ច្រើន​ទៀត នៅពេល​យើង​ពុះពារ​ឆ្លងកាត់​ជីវិត​រមែង​ស្លាប់​នេះ ។ ដោយ​ព្រោះ​ដង្វាយធួន​ដដែល​នោះ ព្រះអង្គ​សង្គ្រោះ​របស់​យើង​អាច​ប្រទាន​កម្លាំង​ដល់​យើង ដែល​យើង​ត្រូវការ ដើម្បី​យក​ឈ្នះ​លើ​ឧបសគ្គ​នៃ​ជីវិត​មែង​ស្លាប់​នេះ ។ នោះ​គឺ​ជា​ប្រធាន​បទ​របស់​ខ្ញុំ​សម្រាប់​ថ្ងៃ​នេះ ។

I.

ដំណើរ​រឿង​ព្រះគម្ពីរ​ភាគច្រើន អំពី​ដង្វាយ​ធួន​ទាក់ទង​នឹង​ការបំបែក​ចំណង​នៃ​សេចក្តីស្លាប់​របស់​ព្រះអង្គ​សង្គ្រោះ និង ការរងទុក្ខ​សម្រាប់​អំពើ​បាប​របស់​យើង ។ នៅក្នុង​ទេសកថា​របស់​លោក ដែល​បានកត់ត្រា​នៅក្នុង​ព្រះគម្ពីរ​មរមន អាលម៉ា​បាន​បង្រៀន​ចំណុច​គ្រឹះ​ទាំង​នេះ ។ ប៉ុន្តែ​លោក​ក៏​បាន​ផ្តល់​នូវ​ការបញ្ជាក់​ពី​ព្រះគម្ពីរ​យ៉ាង​ច្បាស់​បំផុត​ថា ព្រះអង្គ​សង្គ្រោះ​ក៏​មាន​បទពិសោធន៍​នៃ​ការឈឺចាប់ និង ជំងឺ ព្រមទាំង​ជំងឺ​ឈឺ​ចាប់​របស់​រាស្ត្រ​ទ្រង់​ផងដែរ ។

អាលម៉ា​បាន​ពិពណ៌នា​ពី​ផ្នែក​នេះ​នៃ​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ ៖ « ហើយ​ទ្រង់​នឹង​យាង​ទៅ​ដោយ​រងការ​ឈឺចាប់ និង​ទុក្ខវេទនា និង ការល្បួង​គ្រប់​បែប​យ៉ាង ហើយ​ទ្រង់​ធ្វើ​យ៉ាង​នេះ​គឺ​ដើម្បី​ឲ្យ​បាន​បំពេញ​នូវ​ពាក្យ​ទាំងឡាយ​ដែល​បាន​ចែង​ទុក​មក​ថា​ទ្រង់​នឹង​លើក​ដាក់​មក​លើ​ខ្លួន​ទ្រង់ នូវ​ការឈឺចាប់ និង ជំងឺ​ទាំងឡាយ​របស់​រាស្ត្រ​ទ្រង់ » (អាលម៉ា ៧:១១ សូមមើល​ផងដែរ នីហ្វែទី ២ ៩:២១) ។

ចូរ​គិត​ពី​ចំណុច​នេះ ! នៅក្នុង​ដង្វាយធួន​នៃ​ព្រះអង្គ​សង្គ្រោះ ទ្រង់​បាន​រង « ការឈឺចាប់ និង​ទុក្ខវេទនា និង ការល្បួង​គ្រប់​បែប​យ៉ាង » ។ ដូច​ប្រធាន ប៊យដ៍ ខេ ផាកកឺ បាន​ពន្យល់ ៖ « ទ្រង់​គ្មាន​បំណុល​នឹង​សង​ទេ ។ ទ្រង់​ពុំ​បាន​ប្រព្រឹត្តិ​ខុស​ឡើយ ។ ទោះជា​យ៉ាង​ណា​ក៏ដោយ ការប្រមូលផ្តុំ​នៃ​កំហុស សេចក្តី​ឈឺ​ចាប់ និង ទុកព្រួយ ការឈឺចាប់ និង ក្តី​អាម៉ាស់​ទាំងអស់ គ្រប់​បញ្ហា​ទាំងអស់​នៃ​ផ្លូវចិត្ត អារម្មណ៍ និង ទារុណកម្ម​ខាង​រូបកាយ​ដែល​មនុស្ស​លោក​ស្គាល់—នោះ​ទ្រង់​បាន​ដកពិសោធន៍​ចំណុច​ទាំង​នោះ » ។

ហេតុអ្វី​បាន​ជា​ទ្រង់​រងទុក្ខ​នូវ​ឧបសគ្គ​ « គ្រប់​បែប​យ៉ាង » នៃ​ជីវិត​រមែងស្លាប់​ទាំង​នេះ ? អាលម៉ា​បាន​ពន្យល់​ថា « ហើយទ្រង់​នឹង​ដាក់​លើ​រូប​អង្គ​ទ្រង់​នូវ​ជំងឺ​ឈឺចាប់​របស់​ពួកគេ ដើម្បី​ឲ្យ​ព្រះហឫទ័យ​ទ្រង់​បាន​ពោរពេញ​ទៅ​ដោយ​សេចក្ដី​មេត្តា​ករុណា​ស្រប​តាម​សាច់​ឈាម​ដើម្បី​ទ្រង់​អាច​ដឹង​ស្រប​តាម​សាច់ឈាម​ថា តើ​ត្រូវ​ជួយ​រាស្ត្រ​ទ្រង់​បែបណា​តាម​ជំងឺ​របស់​គេ » (អាលម៉ា ៧:១២) ។

ឧទាហរណ៍ សាវក​ប៉ុល​បាន​ប្រកាស​ថា ដោយសារ​ព្រះអង្គ​សង្គ្រោះ « បាន​រង​ទុក្ខ​លំបាក ទាំង​ត្រូវ​សេចក្តី​ល្បួង នោះ​ទ្រង់​ក៏​អាច​នឹង​ជួយ​ដល់​អស់​អ្នក ដែល​ត្រូវ​សេចក្តី​ល្បួង​បាន​ដែរ » (ហេព្រើរ ២:១៨) ។ ស្រដៀងគ្នា​នេះ​ដែរ ប្រធាន ជេម អ៊ី ហ្វោស្ត បាន​បង្រៀន​ថា « ដោយ​ព្រោះ​ព្រះអង្គ​សង្គ្រោះ​បាន​រងទុក្ខ​គ្រប់​បែប​យ៉ាង និង អ្វី​គ្រប់​យ៉ាង​ដែល​យើង​ធ្លាប់​មាន​អារម្មណ៍ ឬ មាន​បទពិសោធន៍ នោះ​ទ្រង់​អាច​ជួយ​មនុស្ស​កំសោយ​ឲ្យ​ប្រែ​ជា​ខ្លាំងក្លា​ជាង​មុន » ។

ព្រះអង្គ​សង្គ្រោះ​របស់​យើង​បាន​ដក​ពិសោធន៍ ហើយ​រងទុក្ខនូវ​ភាព​ពោរពេញ​នៃ​ឧបសគ្គ​ទាំងអស់​នៃ​ជីវិត​រមែង​ស្លាប់ « ស្របតាម​សាច់​ឈាម » ដូច្នេះ​ទ្រង់​អាច​ដឹង « ស្របតាម​សាច់​ឈាម » ពី​របៀប​ដើម្បី « ​ជួយ [ ដែល​មាន​ន័យ​ថា ប្រទាន​ការធូរស្បើយ ឬ ជំនួយ​ដល់ ] រាស្ត្រ​ទ្រង់​តាម​ជំងឺ​របស់​គេ » ។ ហេតុដូច្នោះ​ហើយ ទ្រង់​ដឹង​ពី​ទុក្ខ​លំបាក ការខូចចិត្ត ការល្បួង និង ការរងទុក្ខ​របស់​យើង ដ្បិត​ទ្រង់​មាន​ព្រះ​ឆន្ទៈ​ដកបទពិសោធន៍​ការណ៍​ទាំង​នោះ ដែល​វា​គឺ​ជា​ផ្នែក​សំខាន់​មួយ​នៃ​ដង្វាយធួន​របស់​ទ្រង់ ។ ហើយ​ដោយសារ​ការណ៍​នេះ នោះ​ដង្វាយធួន​របស់​ទ្រង់​ប្រទាន​អំណាច​ដល់​ទ្រង់​ដើម្បី​ជួយយើង—ប្រទាន​កម្លាំង​ដល់​យើង​ដើម្បី​ទ្រាំទ្រ​នូវ​ការណ៍​ទាំង​អស់​នោះ ។

II.

ខណៈ​ដែល​ការបង្រៀន​របស់​អាលម៉ា​នៅក្នុង​ ជំពូក​ទី​ប្រាំពីរ ជា​ជំពូក​តែ​មួយ​ដ៏​ច្បាស់​បំផុត​នៃ​ព្រះគម្ពីរ​ទាំងអស់ ស្តី​អំពី​អំណាច​ដ៏​ចាំបាច់​នៃ​ដង្វាយធួន​នេះ នោះ​ដង្វាយ​ធួន​ក៏​បាន​បង្រៀន​​​ពេញ​ទាំង​ព្រះគម្ពីរ​ផងដែរ ។

នៅពេល​ចាប់ផ្តើម​ការបម្រើ​របស់​ទ្រង់ នោះ​ព្រះយេស៊ូវ​បាន​ពន្យល់​ថា ទ្រង់​គឺ​ជា​អង្គ​ដែល​ត្រូវបាន​ចាត់​មក « ដើម្បី​នឹង​ប្រោស​មនុស្ស​ដែល​មាន​ចិត្ត​សង្រេង » (លូកា ៤:១៨) ។ ជាញឹកញាប់ ព្រះគម្ពីរ​ប៊ីប​ប្រាប់​យើង​អំពី​ការប្រោស​របស់​ទ្រង់​ដល់​មនុស្ស​ពី « ជំងឺ​គេ » (លូកា ៥:១៥; ៧:២១) ។ ព្រះគម្ពីរ​មរមន​កត់ត្រា​ពី​ការប្រោស​របស់​ទ្រង់​ដល់​អស់​ « ទាំង​អ្នក​ដែល​រងទុក្ខ​ដោយ​ជំងឺ​ណា​ក៏​ដោយ » (នីហ្វៃទី ៣ ១៧:៩) ។ ដំណឹងល្អ​នៃ​ម៉ាថាយ ពន្យល់​ថា​ព្រះយេស៊ូវ​បាន​ប្រោស​មនុស្ស « ដើម្បី​ឲ្យ​បាន​សម្រេច តាម​ទំនាយ​ដែល​ហោរា​អេសាយ បាន​ទាយ​ទុក​មក​ថា ទ្រង់​បាន​ទទួល​អស់​ទាំង​រោគា ហើយ​ផ្ទុក​អស់​ទាំង​ជំងឺ​របស់​យើង​រាល់​គ្នា នៅ​លើ​ព្រះអង្គ​ទ្រង់ » (ម៉ាថាយ ៨:១៧) ។

អេសាយ​បាន​បង្រៀន​ថា​ ព្រះមែស៊ី​នឹង​ទ្រាំទ្រ​រង​អស់​ទាំង « សេចក្តី​ឈឺ​ចាប់ » របស់​យើង និង​ទាំង « សេចក្តី​ទុក្ខ​ព្រួយ » របស់​យើង (អេសាយ ៥៣:៤) ។ អេសាយ​ក៏​បាន​បង្រៀន​ផងដែរ​អំពី​ការពង្រឹង​របស់​ទ្រង់​ដល់​យើង ៖ « កុំ​ឲ្យ​ភ័យ​ខ្លាច​ឡើយ ដ្បិត​យើង​នៅ​ជា​មួយ​នឹងឯង កុំ​ឲ្យ​ស្រយុត​ចិត្ត​ឲ្យ​សោះ ពី​ព្រោះ​យើង​ជា​ព្រះ​នៃ​ឯង ៖ យើង​នឹង​ចម្រើន​កម្លាំង​ដល់ឯង អើ យើង​នឹង​ជួយ​ឯង » (អេសាយ ៤១:១០) ។

ដូច្នេះ​ហើយ យើង​ច្រៀង​ថា ៖

កុំ​ខ្លាច​អី​យើង​នឹង នៅ​ជាមួយ កុំ​ភ័យ​ឡើយ

ព្រោះ​យើង​ជា​ព្រះ​អ្នក ហើយ​យើង​នឹង​យាង​មក​ជួយ ។

និង ចម្រើន​កម្លាំង ជួយ​គាំទ្រ​អ្នក​ឲ្យ​ឈរ…

នឹង​លើក​អ្នក​ដោយ​ដៃ​ដ៏ សុចរិត​ដ៏​អស្ចារ្យ ។

ដោយរៀបរាប់​ពី​ឧបសគ្គ​មួយ​ចំនួន​នៃ​ជីវិត​រមែង​ស្លាប់​ផ្ទាល់​របស់​លោក នោះ​សាវក​ប៉ុល​បាន​សរសេរ​ថា « ខ្ញុំ​អាច​នឹង​ធ្វើ​គ្រប់​ទាំង​អស់​បាន ដោយសារ​ព្រះគ្រីស្ទ​ដែល​ទ្រង់​ចម្រើន​កម្លាំង​ដល់​ខ្ញុំ » (ភីលីព ៤:១៣) ។

ហេតុដូច្នោះ​ហើយ យើង​ឃើញ​ថា​ដោយសារ​ដង្វាយ​ធួន​របស់​ទ្រង់ ព្រះអង្គ​សង្គ្រោះ​មាន​ព្រះចេស្តា​ដើម្បី​ជួយ—ប្រទាន​ជំនួយ—ដល់​ការឈឺចាប់ និង ការរងទុក្ខ​នៃ​ជីវិត​រមែង​ស្លាប់​គ្រប់​បែប​យ៉ាង ។ ពេល​ខ្លះ ព្រះចេស្តា​របស់​ទ្រង់​ប្រោស​អ្នក​ជំងឺ​ម្នាក់ ប៉ុន្តែ​ព្រះគម្ពីរ និង បទពិសោធន៍​របស់​យើង​បង្រៀន​ថា ពេលខ្លះ​ទ្រង់​ជួយ ឬ ប្រទាន​ជំនួយ​តាមរយៈ​ការប្រទាន​ដល់​យើង​នូវ​កម្លាំង ឬ ការអត់ធ្មត់​ដើម្បី​ស៊ូទ្រាំ​នឹង​ជំងឺ​របស់​យើង ។

III.

តើ​សេចក្តី​ឈឺចាប់ និង ទុក្ខវេទនា ព្រមទាំង​ជំងឺ​នៃ​ជីវិត​រមែង​ស្លាប់​អ្វី​ខ្លះ ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ដកពិសោធន៍ និង បាន​រងទុក្ខ​នោះ ?

រូបភាព
Woman suffering affliction

យើង​ទាំងអស់​គ្នា​មាន​ការឈឺចាប់ និង ទុក្ខ​វេទនា ព្រមទាំង​ជំងឺ​នានា​នៅ​គ្រា​ណា​មួយ ឬ ពេល​ផ្សេង​ទៀត ។ ក្រៅពី​អ្វី​ដែល​យើង​ដកពិសោធន៍​ដោយ​ព្រោះ​អំពើ​បាប​របស់​យើង នោះ​ជីវិត​រមែង​ស្លាប់​នេះ​ជាញឹកពាប់​ពោរពេញ​ដោយ​ទុក្ខ​លំបាក ការខូចចិត្ត និង ការរងទុក្ខ ។

រូបភាព
Visiting the hospital

យើង និង អស់​អ្នក​ដែល​យើង​ស្រឡាញ់​រងទុក្ខ​ដោយ​ជំងឺ ។ មាន​ពេល​ខ្លះ យើង​ម្នាក់ៗ​ក៏​ដកពិសោធន៍​នូវ​ការឈឺចាប់​ពី​ការរងរបួស​គ្រាំគ្រា ឬ មក​ពី​ការលំបាក​ផ្សេងៗ​ទៀត​នៃ​រូបកាយ ឬ ផ្លូវ​ចិត្ត ។ ពួក​យើង​គ្រប់​គ្នា​រងទុក្ខ និង មាន​សេចក្តី​ឈឺ​ចាប់ ដែល​ទាក់ទង​នឹង​សេចក្តីស្លាប់​នៃ​មនុស្ស​ជាទីស្រឡាញ់ ។ យើង​ទាំងអស់​គ្នា​ដកពិសោធន៍​ពី​បរាជ័យ​នៅក្នុង​ទំនួលខុសត្រូវ​ផ្ទាល់ខ្លួន​របស់​យើង ទំនាក់ទំនង​គ្រួសារ​យើង ឬ មុខរបរ​របស់​យើង ។

រូបភាព
Worried parents

នៅពេល​ស្វាមី ឬ ភរិយា ឬ កូន​ម្នាក់​បដិសេធ​អ្វី ដែល​យើង​ដឹង​ថា​ជា​ការពិត ហើយ​វង្វេង​ចេញ​ពី​ផ្លូវ​នៃ​សេចក្តីសុចរិត នោះ​យើង​ដកពិសោធន៍​យ៉ាង​ពិសេសេ​ពី​ការឈឺចាប់​ដ៏​ខ្លាំងក្លា គឺ​ដូច​ជា​ឪពុក​របស់​កូន​ប្រុស​ខ្ជះខ្ជាយ នៅក្នុង​រឿង​ប្រៀបធៀប​របស់​ព្រះយេស៊ូវ​ផងដែរ ( សូមមើល លូកា ១៥:១១–៣២) ។

ដូច​ទំនុកតម្កើង​បានប្រកាស​ថា « មនុស្ស​សុចរិត​តែងតែ​កើត​មាន​សេចក្តី​លំបាក​ជា​ច្រើន តែ​ព្រះយេហូវ៉ា​ទ្រង់​ជួយ​ឲ្យ​រួច​ពី​សេចក្តី​ទាំង​នោះ » (ទំនុកតម្កើង ៣៤:១៩) ។

ដូច្នេះ​ហើយ ទំនុកតម្កើង​របស់​យើង​មាន​នូវ​ការបញ្ជាក់​ពី​សេចក្តីពិត​នេះ ៖ « គ្មាន​ទុក្ខព្រួយ​លើ​ផែនដី​ណា ដែល​ឋានសួគ៌​ពុំ​អាច​ព្យាបាល​បាន​ទេ » ។ អ្វី​ដែល​ព្យាបាល​យើង​នោះ​គឺ​ព្រះអង្គ​សង្គ្រោះ និង ដង្វាយធួន​របស់​ទ្រង់ ។

រូបភាព
Teenagers being unkind

ជា​ពិសេស​មនុស្ស​វ័យ​ជំទង់ មាន​អារម្មណ៍​រងការ​ឈឺចាប់​ខ្លាំង​ពី​ការបដិសេធ នៅពេល​មិត្តភក្តិ​ហាក់​ដូច​ជា​ចូលរួម​ក្នុង​ទំនាក់ទំនង និង សកម្មភាព​នានា​ដែល​រីករាយ ហើយ​មាន​ចេតនា​ទុក​ពួកគេ​ឲ្យ​នៅ​ឯកោ ។ ការប្រកាន់​ពូជសាសន៍ និង បក្សពួក​បង្កើត​ឲ្យ​មាន​ការបដិសេធ​ដ៏​ឈឺចាប់​ផ្សេង​មួយ​ទៀត សម្រាប់​យុវវ័យ និង មជ្ឈិមវ័យ ។ ជីវិត​មាន​ឧបសគ្គ​ផ្សេង​ទៀត​ជាច្រើន ដូច​ជា ភាព​គ្មាន​ការងារ​ធ្វើ ឬ ភាព​ផ្ទុយ​ពី​ផែនការ​របស់​យើង ។

រូបភាព
Disabled son with father

ខ្ញុំ​នៅ​តែ​កំពុង​និយាយ​ពី​ជំងឺ​នៃ​ជីវិត​រមែង​ស្លាប់ ដែល​ពុំ​មែន​បណ្តាល​មក​ពី​អំពើ​បាប​របស់​យើង​ឡើយ ។ មនុស្ស​មួយ​ចំនួន​បាន​កើត​មក​ដោយ​ពិការ​រូបកាយ ឬ ពិការ​ខាង​សតិ​អារម្មណ៍ ដែល​បណ្តាល​ឲ្យ​មាន​ការរងទុក្ខ​ផ្ទាល់ខ្លួន​ចំពោះ​ពួកគេ និង ការលំបាក​នានា​សម្រាប់​អស់​អ្នក​ដែល​ស្រឡាញ់ និង ខ្វល់ខ្វាយ​ពី​ពួកគេ ។ សម្រាប់​មនុស្ស​ជា​ច្រើន ជំងឺ​នៃ​ការបាក់​ទឹកចិត្ត​គឺ​ជា​ការឈឺចាប់ ឬ ពិការភាព​ជា​អចិន្ត្រៃយ៍ ។ ទុក្ខ​វេទនា​ដ៏​ឈឺចាប់​មួយ​ផ្សេង​ទៀត​គឺ​ស្ថានភាព​នៃ​ការនៅ​ព្រៅ​សៅកែ ។ អស់​អ្នក​ដែល​រងទុក្ខ​ចំពោះ​ស្ថានភាព​នេះ គួរតែ​ចាំថា​ព្រះអង្គ​សង្គ្រោះ​បាន​ដក​ពិសោធន៍​នូវ​ការឈឺចាប់​បែប​នេះ​ផងដែរ ហើយ​ថា​តាមរយៈ​ដង្វាយធួន​របស់​ទ្រង់ នោះ​ទ្រង់​ប្រទាន​កម្លាំង​ដើម្បី​ទ្រាំទ្រ​វា ។

ភាពពិការ​មួយ​ចំនួន​បំផ្លាញ​ជីវិត​ខាង​សាច់ឈាម ឬ ខាង​វិញ្ញាណ​របស់​យើង​ជាង​ការញៀន​នានា​ទៅទៀត ។ ភាពពិការ​មួយ​ចំនួន​នេះ ដូច​ជា​ការញៀន​នឹង​ការណ៍​អាសគ្រាម ឬ ថ្នាំញៀន ដែល​ទំនង​ជា​ធ្លាប់​បាន​បណ្តាល​មក​ពី​អាកប្បកិរិយា​នៃ​អំពើ​បាប ។ ទោះបី​ជា អាកប្បកិរិយា​បាន​ប្រែចិត្ត​ក្តី ក៏​ការញៀន​នោះ​អាច​នៅតែ​បន្ត​មាន ។ ក្រញុំា​នៃ​ភាពពិការ​នោះ​អាច​ត្រូវបាន​រសាយ​ចេញ​ផងដែរ តាមរយៈ​កម្លាំង​ដ៏​រឹងមាំ​ដែល​បាន​មក​ពី​ព្រះអង្គ​សង្គ្រោះ ។ ឧបសគ្គ​លំបាកៗ​ដែល​បាន​ដកពិសោធន៍​ដោយ​អស់​អ្នក​ដែល​ត្រូវ​បាន​ដាក់​គុក​ព្រោះ​រឿង​ឧក្រិដ្ឋ​កម្ម ក៏​អាច​ត្រូវបាន​រសាយ​ផងដែរ ។ ថ្មីៗ​នេះ​មាន​លិខិត​មួយ​ដែល​ថ្លែង​ទីបន្ទាល់​ចំពោះ​កម្លាំង​នេះ ដែល​អាច​ទទួល​បាន​ដោយ​បុគ្គល​ម្នាក់​ដែល​ស្ថិត​ក្នុង​កាលៈទេសៈ​នោះ ៖ « ខ្ញុំ​ដឹង​ថា​ព្រះអង្គសង្គ្រោះ​របស់​យើង​កំពុង​យាង​កាត់​ផ្លូវ​នេះ ហើយ​ជាញឹកញាប់​ខ្ញុំ​ទទួល​អារម្មណ៍​នៃ​សេចក្តីស្រឡាញ់​របស់​ព្រះគ្រីស្ទ​នៅក្នុង​ជញ្ជាំង​គុក​នេះ » ។

រូបភាព
Man in prison

ខ្ញុំ​ស្រឡាញ់​ទីបន្ទាល់​នៃ​កវី​និពន្ធ​របស់​យើង និង មិត្ត​របស់​យើង​ឈ្មោះ អែមម៉ា លូ ថាយនី ។ នៅក្នុង​ទំនុក​បទ​ដែល​យើង​ច្រៀង​ជា​បទ​ទំនុក​តម្កើង គាត់​បាន​សរសេរ ៖

ខ្ញុំ​រក​ក្តីសុខ​ឯណា ?

ឯ​ណា​ក្តី​រីករាយ

ពេល​អ្វីៗ​ទៀត​មិន​អាច​ឲ្យ​ខ្ញុំ​បាន​ជា ?

ពេល​ដែល​មាន​ចិត្ត​ឈឺចាប់ កំហឹង ឬ ព្យាបាទ

ខ្ញុំ​ដក​ខ្លួន​ខ្ញុំ​ឲ្យ​ឆ្ងាយ

រក​ព្រលឹង​ខ្ញុំ ?

នៅ​ពេល​ខ្ញុំ​មាន​ជំងឺ

ពេល​ខ្ញុំ​ស្រយុត​ចិត្ត

ពេល​ខ្ញុំ​ត្រូវការ​ដឹង​ថា ខ្ញុំ​គួរ​ទៅ​ណា ?

ឯ​ណា​ទៅ​ការលួងលោម​បន្ធូ​ការតានតឹង ?

តើ​មាន​នរណា​អាច​យល់ ?

មាន​តែ​ទ្រង់​ទេ ។

រូបភាព
Christus statue

IV.

តើ​នរណា​ខ្លះ​អាច​ត្រូវបាន​ជួយ និង ពង្រឹង​តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ? អាលម៉ា​បាន​បង្រៀន​ថា ព្រះអង្គសង្គ្រោះ​បាន​លើកដាក់​អង្គ​ទ្រង់​នូវ « ការឈឺចាប់ និង ជំងឺ​ទាំងឡាយ របស់​រាស្ត្រ​ទ្រង់ » ហើយ « ជួយ រាស្ត្រ​ទ្រង់ » (អាលម៉ា ៧:១១, ១២ ការ​សង្កត់ ត្រូវ​បាន​បន្ថែម ) ។ តើ​នរណា​ខ្លះ​គឺ​ជា « រាស្ត្រ​របស់​ទ្រង់ » នៅក្នុង​ការសន្យា​នេះ ? តើ​ជា​មនុស្ស​រមែង​ស្លាប់​ទាំងអស់​ឬ—អ្នក​ទាំង​អស់​ដែល​រីករាយ​នឹង​សេចក្តីពិត​នៃ​ការរស់នៅឡើង​វិញ​តាមរយៈ​ដង្វាយធួន​ឬ ? ឬ ក៏​គ្រាន់តែ​អស់​អ្នក​ដែល​ជា​អ្នក​បម្រើ​ជម្រើស​ដែល​សក្តិសម តាមរយៈ​ពិធីបរិសុទ្ធ និង សេចក្តីសញ្ញា​នានា​ឬ ?

ពាក្យ​ថា មនុស្ស នៅក្នុង​ព្រះគម្ពីរ​មាន​ន័យ​ច្រើន​យ៉ាង ។ អត្ថន័យ​ដែល​សមរម្យ​បំផុត​សម្រាប់​ការបង្រៀន​ដែល​ថា​ព្រះអង្គ​សង្គ្រោះ​នឹង​ជួយ « រាស្ត្រ​របស់​ទ្រង់ » គឺ​ជា​អត្ថន័យ​ដែល​អាម៉ូន​​បាន​ប្រើ​នៅពេល​លោក​បាន​បង្រៀន​​ថា « ព្រះ​ចងចាំ​អស់​ទាំង​ប្រជាជន ទោះជា​គេ​នៅ​លើ​ដែនដី​ណា​ក៏​ដោយ » (អាលម៉ា ២៦:៣៧) ។ នោះ​ក៏​ជា​អ្វី​ដែល​ពួក​ទេវតា​ចង់​មាន​ន័យ នៅពេល​ពួកទ្រង់​បាន​ប្រកាស​ពី​ការប្រសូត​របស់​ព្រះឱរស​ព្រះគ្រីស្ទ ៖ « សេចក្តី​អំណរ​យ៉ាង​អស្ចារ្យ ដែល​សម្រាប់​បណ្តាជន​ទាំង​អស់​គ្នា » (លូកា ២:១០) ។

ដោយសារ​បទពិសោធន៍​ដ៏​ធួន​របស់​ទ្រង់​នៅក្នុង​ជីវិត​រមែង​ស្លាប់ នោះ​ព្រះអង្គសង្គ្រោះ​អាច​លួងលោម ព្យាបាល និង ចម្រើន​កម្លាំង​ដល់​បុរស និង ស្ត្រី​គ្រប់​រូប​នៅ​គ្រប់​ទីន្លែង ប៉ុន្តែ​ខ្ញុំ​ជឿ​ថា​ទ្រង់​ធ្វើ​ការណ៍​នេះ ចំពោះ​អស់​អ្នក​ដែល​ស្វែងរក​ទ្រង់ ហើយ​សុំ​ជំនួយ​ពី​ទ្រង់​តែ​ប៉ុណ្ណោះ ។ សាវក យ៉ាកុប បាន​បង្រៀន​ថា ​« ចូរ​បន្ទាប​ខ្លួន​នៅ​ចំពោះ​ព្រះអម្ចាស់ នោះ​ទ្រង់​នឹង​តម្កើង​អ្នក​រាល់​គ្នា​ឡើង » (យ៉ាកុប ៤:១០) ។ យើង​សក្តិសម​នឹង​ទទួល​ពរជ័យ​នោះ នៅពេល​យើង​ជឿ​លើ​ទ្រង់ ហើយ​អធិស្ឋាន​សុំ​ជំនួយ​ពី​ទ្រង់ ។

មាន​មនុស្ស​ដែល​កោត​ខ្លាច​ដល់​ព្រះ​រាប់​លាន​នាក់ ដែល​អធិស្ឋាន​ដល់​ព្រះ​ដើម្បី​លើក​ពួកគេ​ចេញ​ពី​សេចក្តី​ទុក្ខ​វេទនា​របស់​ពួកគេ ។ ព្រះអង្គ​សង្គ្រោះ​របស់​យើង​បាន​បើក​សម្តែង​ថា​ទ្រង់ « បាន​យាង​ចុះ​ក្រោម​គ្រប់​ទាំងអស់ » (គ. និង ស. ៨៨:៦) ។ ដូច​ដែល​អែលឌើរ នែល អេ ម៉ាក់ស្វែល បាន​បង្រៀន​ថា « ការយាង ‹ ចុះ​ក្រោម​គ្រប់​ទាំងអស់ › នោះ​គឺ​ទ្រង់​ត្រាស់ដឹង យ៉ាង​ជាក់ច្បាស់ និង ដោយ​ផ្ទាល់​អង្គ​ទ្រង់​ពី​ការរងទុក្ខ​ពេញ​សព្វ​បែប​យ៉ាង​របស់​មនុស្ស​លោក » ។ យើង​អាច​និយាយ​ថា​ការយាង​ចុះ​ក្រោម​គ្រប់​ទាំងអស់ គឺ​ថា​ទ្រង់​មាន​មុខងារ​ដ៏​ល្អ​ឥតខ្ចោះ ដើម្បី​លើក​ស្ទួយ​យើង ហើយ​ប្រទាន​កម្លាំង​ដែល​យើង​ត្រូវការ​ដើម្បី​ស៊ូទ្រាំ​នឹង​សេចក្តីទុក្ខ​វេទនា​របស់​យើង ។ យើង​ត្រូវតែ​ទូល​សុំ ។

រូបភាព
Family at table

ជា​ច្រើន​ដង​នៅក្នុង​វិវរណៈ​សម័យ​ទំនើប​នេះ ព្រះអម្ចាស់​ប្រកាស​ថា « ហេតុដូច្នោះ​ហើយ បើសិន​អ្នក​សុំ​ពី​យើង នោះ​អ្នក​តែង​នឹង​បាន​ទទួល បើសិន​ជា​អ្នក​នឹង​គោះ នោះ​តែ​នឹង​បើក​ឲ្យ​អ្នក » ( ឧទាហរណ៍ គ. និង ស. ៦:៥; ១១:៥ សូមមើល​ផងដែរ ម៉ាថាយ ៧:៧) ។ ពិតណាស់ ដោយ​ព្រោះ​សេចក្តី​ស្រឡាញ់​ដ៏​ធំធេង​របស់​ពួក​ទ្រង់ នោះ​ព្រះវរបិតាសួគ៌ និង បុត្រា​សំណព្វ​របស់​ទ្រង់ គឺ​ព្រះយេស៊ូវគ្រីស្ទ ស្តាប់ និង ឆ្លើយ​តប​ចំពោះ​ការអធិស្ឋាន​យ៉ាង​សមរម្យ​ដល់​អស់​អ្នក​ដែល​ស្វែងរក​ទ្រង់​ដោយ​សេចក្តីជំនឿ ។ ដូច​ដែល​សាវក ប៉ុល​បាន​សរសេរ « យើង​ខ្ញុំ​មាន​សេចក្តី​សង្ឃឹម ដល់​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់ ដែល​ទ្រង់​ជា​ព្រះអង្គ​សង្រ្គោះ​នៃ​មនុស្ស​ទាំងឡាយ មាន​មនុស្ស​ដែល​ជឿ​ជា​ដើម » (ធីម៉ូថេទី ១ ៤:១០) ។

ខ្ញុំ​ដឹង​ថា​ការណ៍​ទាំង​នេះ​ពិត ។ ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ​ពិត​ជា​បញ្ជាក់​ដល់​យើង​ច្រើន​ជាង​ពី​អមតភាព តាមរយៈ​ការរស់ឡើង​វិញ​ជា​សកល ហើយ​ផ្តល់ ឱកាស​ដល់​ពួក​យើង​ឲ្យ​បាន​ជ្រះស្អាត​ពី​អំពើ​បាប តាមរយៈ​ការប្រែចិត្ត និង បុណ្យ​ជ្រមុជ​ទឹក ។ ដង្វាយធួន​របស់​ទ្រង់​ក៏​ប្រទាន​ដល់​យើង​នូវ ឱកាស​អំពាវនាវ​រក​ទ្រង់​ដែល​បាន​ដកពិសោធន៍​ពី​គ្រប់​ជំងឺ​នៃ​ជីវិត​រមែង​ស្លាប់​របស់​យើង ដើម្បី​​ចម្រើន​កម្លាំង​ដល់​យើង​ឲ្យ​ទ្រាំទ្រ​នឹង​បន្ទុក​នៃ​ជីវិត​រមែង​ស្លាប់ ។ ទ្រង់​ស្គាល់​ពី​ការឈឺចាប់​របស់​យើង ហើយ​ទ្រង់​នៅ​ទីនោះ​សម្រាប់​យើង ។ គឺ​ដូចជា​សាសន៍​សាម៉ារី​ចិត្ត​ល្អ​ម្នាក់​នោះ​ដែរ នៅពេល​ទ្រង់​ឃើញ​ថា​យើង​មាន​របួស​នៅ​តាម​ផ្លូវ នោះ​ទ្រង់​នឹង​រុំ​របួស​របស់​យើង ហើយ​ថែទាំ​យើង ( សូមមើល លូកា ១០:៣៤) ។ ព្រះចេស្តា​នៃ​ការប្រោស​ឲ្យ​ជា​របស់​ព្រះយេស៊ូវគ្រីស្ទ និង​ដង្វាយធួនរបស់ទ្រង់​ គឺ​សម្រាប់​យើង​គ្រប់​គ្នា​ដែល​នឹង​សុំ​ទ្រង់ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់ ដូច​ដែល​ខ្ញុំ​ក៏​ថ្លែង​ទីបន្ទាល់​ពី​ព្រះអង្គ​សង្គ្រោះ​របស់​យើង ដែល​ធ្វើ​ឲ្យ​ការណ៍​ទាំង​អស់​នេះ​អាច​ធ្វើ​បាន ។

នៅ​ថ្ងៃ​ណា​មួយ​បន្ទុក​នៃ​ជីវិត​រមែង​ស្លាប់​ទាំង​អស់​នេះ​នឹង​កន្លង​ហួស​ទៅ ហើយ​គ្មាន​ការឈឺចាប់​ទៀត​ឡើយ ( សូមមើល វិវរណៈ ២១:៤) ។ ខ្ញុំ​សូម​អធិស្ឋាន​ថា យើង​ទាំង​អស់​នឹង​យល់​ពី​សេចក្តី​សង្ឃឹម និង ការពង្រឹង​នៃ​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ ៖ គឺ​ជា​ការធានា​អះអាង​នៃ​អមតភាព ឱកាស​សម្រាប់​ជីវិត​អស់កល្ប​ជានិច្ច និង កម្លាំង​គាំទ្រ​ដែល​យើង​អាច​ទទួល​បាន ប្រសិន​បើ​យើង​គ្រាន់​តែ​ទូល​សុំ​ទ្រង់​ប៉ុណ្ណោះ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។

កំណត់​ចំណាំ

  1. ប៊យ ខេ. ផាកកឺ « The Savior’s Selfless and Sacred Sacrifice » Liahona ខែ មេសា ឆ្នាំ ២០១៥ ទំព័រ ៣៨ ។

  2. ជេមស៍ អ៊ី. ហ្វោស្ត « The Atonement ៖ Our Greatest Hope » Liahona, ខែ មករា ឆ្នាំ ២០០២, ២២ ។

  3. « គ្រឹះ​ដ៏​មាំមួន » ទំនុកតម្កើង លេខ ៣៧ ។

  4. សូមមើល​ជាទូទៅ ជែហ្វ្រី អ័រ ហូឡិន Christ and the New Covenant ៖ The Messianic Message of the Book of Mormon ( ឆ្នាំ ១៩៩៧ ) ទំព័រ ២២៣–៣៤ ដាវីឌ អេ បែដណា « The Atonement and the Journey of Mortality » Liahona, ខែ មេសា ឆ្នាំ ២០១២, ១២-១៩, ប្រ៊ូស ស៊ី. ហាហ្វិន និង ម៉ារី ខេ. ហ្វាហ្វិន « ‹ Fear Not, I Am with Thee › ៖ The Redeeming, Strengthening, and Perfecting Blessings of Christ’s Atonement,” Religious Educator, ភាគ​ទី ១៦ លេខ ១ (ឆ្នាំ ២០១៥) ទំព័រ ១១-១៣ ជាពិសេស ១៨–២៥ ថាត អ័រ. ខាលីស្ទើរ The Infinite Atonement ( ឆ្នាំ ២០០០ ) ទំព័រ ២០៦-១០ ។

  5. « Come, Ye Disconsolate » ទំនុកតម្កើង លេខ ១១៥ ។

  6. ដក​ស្រង់​ពី​លិខិត​ឆ្នាំ ២០១៤ ដែល​បាន​ទទួល​ដោយ​ប៊ីស្សព ប៉បប៊ី អូ ហែល ដែល​គ្រប់គ្រង​សាខា​ហិនរី​នៃ​អគារ Central Utah Correctional ។

  7. « ខ្ញុំ​រក​ក្តី​សុខ​ឯ​ណា ? » ទំនុក​តម្កើង លេខ ៦៩ ។

  8. នែល អេ ម៉ាក់ស្វែល « Apply the Atoning Blood of Christ » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៧ ទំព័រ ២៣ ។