ឆ្នាំ ២០១០-២០១៩
ត្រូវបាន​សាកល្បង និង ល្បួង—ប៉ុន្តែ​មាន​ជំនួយ
តុលា 2015


ត្រូវបាន​សាកល្បង និង ល្បួង—ប៉ុន្តែ​មាន​ជំនួយ

យើង​អាច​ជួយ​គ្នា ក្នុង​នាម​ជា​កូនចៅ​នៃ​ព្រះវរបិតាសួគ៌ ​ក្នុង​គ្រប់​ការសាកល្បង និង ការល្បួង​របស់​យើង ។

នៅ​ក្នុង​ដំណើរ​ជីវិត យើង​ត្រូវបាន​សាកល្បង និង ល្បួង ។ យើង​ក៏​មាន​ឱកាស​ប្រើ​សិទ្ធិជ្រើសរើស ហើយ​ជួយ​គ្នា​ទៅវិញ​ទៅ​មក​ដែរ ។ សេចក្តីពិត​ទាំងនេះ គឺ​ជា​ផ្នែក​នៃ​ផែនការ​ដ៏​អស្ចារ្យ និង ឥតខ្ចោះ​នៃ​ព្រះវរបិតាសួគ៌​យើង ។

ប្រធាន យ៉ូហាន ថេលើរ បាន​បង្រៀន ៖ « ខ្ញុំ​បាន​ឮ​ព្យាការី យ៉ូសែប មាន​ប្រសាសន៍​ទៅ​កាន់​ពួក​ដប់ពីរ​នាក់​ក្នុង​ឱកាស​មួយ ៖ ‹ អ្នក​នឹង​ឆ្លង​កាត់​ការសាកល្បង​គ្រប់​ប្រភេទ ។ ហើយ​វា​ចាំបាច់​សម្រាប់​អ្នក​ដែល​ត្រូវ​បាន​សាកល្បង ដូចជា​អ័ប្រាហាំ និង បុរស​ដទៃ​ទៀត​នៃ​ព្រះ ហើយ ( លោក​បាន​ពោល​ថា ) ព្រះ​នឹង​សាកល្បង​អ្នក ហើយ​ទ្រង់​នឹង​គាំទ្រ​អ្នក និង​សាកល្បង​អ្នក​តាម​លទ្ធភាព​ដែល​អ្នក​អាច​ទ្រាំទ្រ​បាន › » ។

នៅ​ពេល​យើង​ចូល​វ័យ​ដឹងខុសត្រូវ ការ​សាកល្បង និង ការល្បួង គឺ​ជា​រឿង​ធម្មតា ។ ជួនកាល​វា​អាច​ជា​បន្ទុក​ដ៏​ធ្ងន់ ប៉ុន្តែ​វា​ក៏​ផ្ដល់​ឲ្យ​យើង​នូវ​ភាពរឹងមាំ និង ភាពរីក​ចម្រើន​ដែរ ពេល​យើង​យក​ឈ្នះ​វា​ដោយ​ជោគជ័យ ។

សំណាង​ល្អ បន្ទុក​ទាំងនេះ​ពុំ​ត្រូវ​រែក​តែ​ម្នាក់​ឯង​នោះ​ទេ ។ អាលម៉ា​បង្រៀន​ថា « អ្នក​រាល់​គ្នា​មាន​បំណង​ចង់​ចូល​រួម​ក្នុង​ក្រោល​នៃ​ព្រះ ហើយ​ដើម្បី​ឲ្យ​បាន​ហៅ​ថា​ជា​រាស្ត្រ​របស់​ទ្រង់ ហើយ​យល់​ព្រម​ទទួល​បន្ទុក​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ឲ្យ​បន្ទុក​នោះ​បាន​ស្រាល » ។ ពាក្យ​ទាំងនេះ​បង្ហាញ​ថា យើង​មាន​ទំនួលខុសត្រូវ​ក្នុង​ការជួយ​គ្នា ។ ទំនួលខុសត្រូវ​នោះ អាចជា​ការហៅ​បម្រើ​ក្នុង​សាសនាចក្រ ការចាត់តាំង ឬ មិត្តភាព ឬ ជា​ចំណែក​នៃ​ករណីយកិច្ច​ដ៏​ទេវភាព​របស់​យើង​ក្នុង​នាម​ជា​ឪពុកម្ដាយ ស្វាមីភរិយា ឬ សមាជិក​គ្រួសារ—ឬ​ក៏​ជា​ចំណែក​មួយ​ក្នុង​គ្រួសារ​នៃ​ព្រះ ។

ខ្ញុំ​នឹង​បង្ហាញ​មធ្យោបាយ​ចំនួន​បួន ដែល​បន្ទុក​យើង​ត្រូវបាន​សម្រាល​នៅ​ពេល​យើង​ជួយ​គ្នា ។

១. ព្រះអង្គសង្គ្រោះ​មាន​បន្ទូល​ថា « បើ​អ្នក​ណា​បង្ខំ​ឲ្យ​អ្នក​ទៅ​អស់​មួយ​យោជន៍ នោះ​ចូរ​ទៅ​ជា​មួយ​នឹង​គេ​ដល់​ពីរ​យោជន៍​ផង » ។ ឧទាហរណ៍ យើង​ត្រូវបាន​ស្នើ​ឲ្យ​ចូលរួម​ព្រះវិហារ​បរិសុទ្ធ​ជា​ទៀងទាត់ បើ​កាលៈទេសៈ​យើង​អំណោយផល ។ ការចូល​ព្រះវិហារ​បរិសុទ្ធ តម្រូវ​ឲ្យ​មាន​ការលះបង់​ពេលវេលា និង ធនធាន ជា​ពិសេស​អ្នក​ដែល​ត្រូវ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ ។ យ៉ាង​ណា​ក្ដី ការលះបង់​នេះ​អាច​ត្រូវបាន​ចាត់ទុក​ជា​ចំណែក​នៃ​ពលិកម្ម​ទី​មួយ ។

យើង​ចាប់ផ្ដើម​ធ្វើ​ពលិកម្ម​ទីពីរ នៅ​ពេល​យើង​យល់​អំពី​ពាក្យ « ស្រាវជ្រាវ បញ្ជូន បង្រៀន » ពេល​យើង​ស្រាវជ្រាវ ហើយ​រៀបចំ​ឈ្មោះ​បុព្វការីជន​យើង ដើម្បី​ធ្វើ​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ពេល​យើង​ជួយ​មនុស្ស​ឲ្យ​ធ្វើ​លិបិក្រម ពេល​យើង​បម្រើ​ជា​អ្នក​ធ្វើការ​ក្នុង​ព្រះវិហារ​បរិសុទ្ធ និង ពេល​យើង​ស្វែងរក​មធ្យោបាយ​ជួយ​អ្នកដទៃ ឲ្យ​មាន​បទពិសោធន៍​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ដ៏​មាន​ន័យ ។

កាល​ខ្ញុំ​បម្រើ​ជា​ពួក​ចិតសិប​នាក់​ប្រចាំ​តំបន់ មាន​ស្តេក​មួយ​ក្នុង​ក្រុមប្រឹក្សា​សម្របសម្រួល​របស់​ខ្ញុំ បាន​ចូលរួម​ក្នុង​ការធ្វើដំណើរ​ដ៏​ធំ​មួយ​ទៅ​កាន់​ព្រះវិហារ​បរិសុទ្ធ ។ ព្រះវិហារ​បរិសុទ្ធ​ដែល​សមាជិក​ចូលរួម​នោះ​មាន​ទំហំ​តូច ហើយ​ជា​អកុសល ថ្វីបើ​បាន​ធ្វើ​ដំណើរ​ដប់​ពីរ​ម៉ោងក្ដី មាន​សមាជិក​មួយ​ចំនួន​ពុំ​អាច​ចូល​ព្រះវិហារ​បរិសុទ្ធ​បាន​ឡើយ ព្រោះ​វា​លើស​ចំណុះ ។

ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក ខ្ញុំ​បាន​ទៅ​ស្តេក​នេះ ហើយ​បាន​សុំ​ប្រធាន​ស្តេក​ដើម្បី​ជួប​និយាយ​ជាមួយ​សមាជិក​មួយ​ចំនួន ដែល​ពុំ​អាច​ចូល​ព្រះវិហារ​បរិសុទ្ធ​នៅ​ថ្ងៃ​នោះ ។ បងប្រុស​ម្នាក់​ដែល​ខ្ញុំ​បាន​ជួប បាន​ប្រាប់​ខ្ញុំ ៖ « អែលឌើរ សូម​កុំ​បារម្ភ ។ ខ្ញុំ​បាន​នៅ​ឯ​ដំណាក់​របស់​ព្រះអម្ចាស់ ។ ខ្ញុំ​បាន​អង្គុយ​នៅ​លើ​បង់​ក្នុង​សួន ហើយ​បាន​គិត​អំពី​ពិធីបរិសុទ្ធ​ទាំងឡាយ​ក្នុង​ចិត្ត ។ ក្រោយ​មក​ខ្ញុំ​មាន​ឱកាស​ចូល​ទៅ​ខាង​ក្នុង ប៉ុន្តែ​ខ្ញុំ​បាន​អនុញ្ញាត​ឲ្យ​បងប្រុស​ម្នាក់​ទៀត​ទៅ ដែល​គាត់​មក​ព្រះវិហារ​បរិសុទ្ធ​ជា​លើក​ដំបូង​ដើម្បី​ផ្សារភ្ជាប់​នឹង​ភរិយា​គាត់ ។ លំដាប់​នោះ ពួកគេ​មាន​ឱកាស​ចូល​ពីរ​វគ្គ​នៅ​ថ្ងៃ​នោះ ។ ព្រះអម្ចាស់​ជ្រាប​អំពី​ខ្ញុំ ព្រមទាំង​បាន​ប្រទានពរ​ខ្ញុំ ហើយ​ពួក​យើង​មិន​មាន​បញ្ហា​នោះ​ទេ » ។

២. ញញឹម ។ ទង្វើ​តូចតាច​នេះ​អាច​ជួយ​អ្នក​ដែល​មាន​បន្ទុក​ធ្ងន់ ឬ រងទុក្ខ ។ អំឡុង​សម័យ​ប្រជុំ​បព្វជិតភាព​ក្នុង​សន្និសីទ​ទូទៅ​ខែ​មេសា​កន្លង​ទៅ ខ្ញុំ​បាន​អង្គុយ​នៅលើ​វេទិកា​ជាមួយ​អ្នក​មាន​សិទ្ធិអំណាច​ទូទៅ​ប្រាំ​នាក់​ដែល​ត្រូវបាន​ហៅ​ឲ្យ​បម្រើ​ថ្មី្មដែរ ។ យើង​បាន​អង្គុយ​នៅ​កៅអី​ដែល​បងប្អូន​ស្ត្រី​នៃ​គណៈប្រធាន​អង្គការ​ជំនួយ កំពុង​អង្គុយ​ឥឡូវ​នេះ ។ ខ្ញុំ​មាន​អារម្មណ៍​ភ័យ និង សន្ធប់​ដោយ​ការហៅ​បម្រើ​ថ្មី​របស់​ខ្ញុំ ។

ពេល​យើង​ច្រៀង​ទំនុកតម្កើង​សម្រាក ខ្ញុំ​មាន​អារម្មណ៍​មួយ​ខ្លាំង​ថា មាន​មនុស្ស​ម្នាក់​កំពុង​សម្លឹង​មក​ខ្ញុំ ។ ខ្ញុំ​បាន​គិត​ក្នុង​ចិត្ត ៖ « មាន​មនុស្ស​ជាង ២០,០០០ នាក់​ក្នុង​អគារ​នេះ ហើយ​មនុស្ស​ភាគ​ច្រើន​សម្លឹង​មក​ទីតាំង​នេះ ។ ប្រាកដ​ណាស់ មនុស្ស​ម្នាក់​កំពុង​សម្លឹង​មក​អ្នក » ។

កាល​ខ្ញុំ​បន្ត​ច្រៀង ខ្ញុំ​បាន​មាន​អារម្មណ៍​ម្ដងទៀត​ថា មនុស្ស​ម្នាក់​កំពុង​សម្លឹង​មក​ខ្ញុំ ។ ខ្ញុំ​បាន​សម្លឹង​ទៅ​ជួរ​លើ ដែល​ពួក​សាវក​ដប់ពីរ​នាក់​កំពុង​អង្គុយ ហើយ​បាន​ឃើញ​ប្រធាន រ័សុល អិម ណិលសុន បាន​បែរ​ក្រោយ​ពេល​កំពុង​អង្គុយ សម្លឹង​មក​កន្លែង​ដែល​យើង​អង្គុយ ។ យើង​ប្រទាក់​ភ្នែក​គ្នា ហើយ​លោក​បាន​ញញឹម​យ៉ាង​ស្រស់​ដាក់​ខ្ញុំ ។ ស្នាម​ញញឹម​នោះ បាន​នាំ​ភាពសុខសាន្ត​មក​សន្ធប់​ដួងចិត្ត​​របស់​ខ្ញុំ ។

បន្ទាប់​ពី​ការ​មាន​ព្រះជន្ម​រស់ឡើងវិញ ព្រះយេស៊ូវគ្រីស្ទ​បាន​យាង​ទៅ​ជួប​ចៀម​ទ្រង់​មួយ​ហ្វូង​ទៀត ។ ទ្រង់​បាន​ហៅ ហើយ​តែងតាំង​ពួក​សិស្ស​ដប់ពីរ​រូប ហើយ​ដោយ​នូវ​សិទ្ធិអំណាច​នោះ ពួកគេ​បាន​បម្រើ​ដល់​ប្រជាជន ។ ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ​ទ្រង់​ផ្ទាល់ បាន​គង់​នៅ​ក្នុង​ចំណោម​ពួកគេ ។ ព្រះអម្ចាស់​បាន​បញ្ជា​ឲ្យ​ពួកគេ​លុតជង្គង់​ចុះ ហើយ​អធិស្ឋាន ។ ខ្ញុំ​មិន​ប្រាកដ​ទេ​ថា ពួក​សិស្ស​ដប់ពីរ​រូប​ដែល​ត្រូវបាន​ហៅ និង តែងតាំង​ថ្មីថ្មោង​នោះ មាន​អារម្មណ៍​លើសលប់​ដោយ​ការហៅ​បម្រើ​ឬ​អត់​ទេ ប៉ុន្តែ​បទគម្ពីរ​ប្រាប់​ថា « ហេតុការណ៍​បាន​កើត​ឡើង​ថា ព្រះយេស៊ូវ​ទ្រង់​បាន​ប្រទានពរ​ដល់​ពួកគេ ក្នុង​កាល​ពួកគេ​អធិស្ឋាន​ដល់​ទ្រង់ ហើយ​ព្រះភក្រ្ត​របស់​ទ្រង់​បាន ញញឹម ទៅ​រក​ពួកគេ ហើយ​រស្មី​នៃ​ព្រះភក្ត្រ​ទ្រង់​បាន​ភ្លឺ​ទៅ​លើ​ពួកគេ » ។ អំឡុង​សន្និសីទ​ទូទៅ​លើក​មុន​នេះ ស្នាមញញឹម​មួយ​បាន​សម្រាល​បន្ទុក​ខ្ញុំ តាម​របៀប​មួយ​ភ្លាមៗ និង មិន​គួរ​ឲ្យ​ជឿ ។

៣. បង្ហាញ​អារម្មណ៍​នៃ​មេត្តាធម៌​ដល់​មនុស្ស​ទូទៅ ។ បើ​អ្នក​ជា​អ្នក​កាន់​បព្វជិតភាព សូម​ប្រើ​អំណាច​របស់​អ្នក​ទៅ​ជួយ​កូនចៅ​របស់​ព្រះ ដោយ​ផ្ដល់​ការប្រសិទ្ធពរ​ដល់​ពួកគេ ។ សូម​ពោល​ពាក្យ​ពេចន៍​នៃ​ការកម្សាន្ដ​ទុក្ខ និង ការលួងលោម​ចិត្ត ដល់​មនុស្ស​ដែល​កំពុង​រងទុក្ខ ឬ ជួប​ការលំបាក ។

៤. មូលដ្ឋាន​គ្រឹះ​នៃ​ផែនការ​នៃ​ព្រះ គឺ​ជា​ដង្វាយធួន​នៃ​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ ។ យ៉ាងហោច​ណាស់​មួយ​សប្ដាហ៍​ម្ដង យើង​គួរតែ​គិត​ដូចជា​ប្រធាន យ៉ូសែប អេហ្វ ស៊្មីធ បាន​គិត​អំពី « សេចក្ដី​ស្រឡាញ់​ដ៏​ធំ និង អស្ចារ្យ​ដែល​បាន​សម្ដែង​ដោយ​ព្រះវរបិតា និង ព្រះរាជបុត្រា តាម​រយៈ​ការយាង​មក​នៃ​ព្រះ​ដ៏​ប្រោសលោះ​នៃ​ពិភពលោក » ។ ការអញ្ជើញ​មនុស្ស​ទូទៅ​ឲ្យ​មក​ព្រះវិហារ ហើយ​ទទួលទាន​សាក្រាម៉ង់​ដោយ​សក្ដិសម និង​អនុញ្ញាត​ឲ្យ​កូនចៅ​ព្រះវរបិតាសួគ៌​កាន់តែ​ច្រើន​ឲ្យ​សញ្ជឹង​គិត​អំពី​ដង្វាយធួន ។ បើ​យើង​ពុំ​សក្ដិសម​ទេ​នោះ យើង​អាច​ប្រែចិត្ត​បាន ។ សូម​ចាំ​ថា ព្រះរាជបុត្រា​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត បាន​យាង​ចុះ​ទាប​ជាង​អ្វីៗ​ទាំងអស់ ហើយ​លើក​ដាក់​មកលើ​អង្គ​ទ្រង់​នូវ​ទោស អំពើបាប អំពើ​រំលង ជំងឺ ការឈឺចាប់ ការរងទុក្ខ និង ភាពឯកោ ។ បទគម្ពីរ​បង្រៀន​យើង​ថា « ព្រះគ្រីស្ទ​ដែល​បាន​យាង​ឡើង​ទៅ​ស្ថានខ្ពស់ ក៏​ដូចជា​ទ្រង់​បាន​យាង​ចុះ​ក្រោម​គ្រប់​ទាំងអស់ ដោយ​ហេតុនោះ​ទើប​ទ្រង់​យល់​គ្រប់​ទាំងអស់ » ។

វា​មិន​សំខាន់​ថា ការពុះពារ​ផ្ទាល់ខ្លួន​យើង​ជា​អ្វី​នោះ​ទេ—ទោះ​ជា​វា​ជា​ជំងឺ ឬ ភាពឯកោ​រ៉ាំរ៉ៃ ឬ ការរងទុក្ខ​នឹង​ការល្បួង និង ការសាកល្បង​នៃ​មារសត្រូវ​ក្ដី—អ្នក​គង្វាល​ល្អ​នៅ​ជាមួយ​ជានិច្ច ។ ទ្រង់​ត្រាស់​ហៅ​យើង​ដោយ​ឈ្មោះ ហើយ​មាន​បន្ទូល​ថា « អស់​អ្នក​ដែល​នឿយ​ព្រួយ ហើយ​ផ្ទុក​ធ្ងន់​អើយ ចូរ​មក​ឯ​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ឈប់​សម្រាក » ។

ខ្ញុំ​សូម​សង្ខេប​ចំណុច​ទាំង​បួន ៖

ទីមួយ—សូម​ទៅដល់​ពីរ​យោជន៍ ។

ទីពីរ—សូម​ញញឹម ។ ស្នាម​ញញឹម​របស់​អ្នក​នឹង​ជួយ​មនុស្ស​ទូទៅ ។

ទីបី—បង្ហាញ​មេត្តាធម៌ ។

ទីបួន—អញ្ជើញ​មនុស្ស​ទូទៅ​ឲ្យ​មក​ព្រះវិហារ ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​អំពី​ព្រះអង្គ​សង្គ្រោះ ។ ព្រះយេស៊ូវ គឺជា​ព្រះគ្រីស្ទ ជា​ព្រះរាជបុត្រា​នៃ​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់ ហើយ​ទ្រង់​មាន​ព្រះជន្ម​រស់ ។ ខ្ញុំ​ដឹង​ថា ទ្រង់​គាំទ្រ​ដោយ​អស់​ពី​ព្រះពលំ និង ព្រះចេស្ដា​ទ្រង់​ដល់​ផែនការ​ព្រះវរបិតា ។ ខ្ញុំ​ដឹង​ថា ប្រធាន ថូម៉ាស អេស ម៉នសុន គឺ​ជា​ព្យាការី​ដែល​កំពុង​រស់នៅ ។ លោក​កាន់​កូនសោ​ទាំងអស់ ដើម្បី​បំពេញ​​កិច្ចការ​របស់​ព្រះ​យ៉ាង​ជោគជ័យ​លើ​ផែនដី ។ ខ្ញុំ​ដឹង​ថា យើង​អាច​ជួយ​គ្នា ក្នុង​នាម​ជា​កូនចៅ​នៃ​ព្រះវរបិតាសួគ៌ ក្នុង​គ្រប់​ការសាកល្បង និង ការល្បួង​របស់​យើង ។ នៅ​ក្នុង​ព្រះ​នាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។