ឆ្នាំ ២០១០-២០១៩
ថា​ពួកគេ​នឹង​ចងចាំ​ទ្រង់​ជានិច្ច
តុលា 2015


ថា​ពួកគេ​នឹង​ចងចាំ​ទ្រង់​ជានិច្ច

ខ្ញុំ​ចូលចិត្ត​សិក្សា និង ពិចារណា​អំពី​ជីវិត​របស់​ទ្រង់ ដែល​បាន​ប្រទាន​អ្វីៗ​គ្រប់​យ៉ាង​ដល់​ខ្ញុំ និង​យើង​ទាំងអស់​គ្នា ។

ខ្ញុំ​ស្រឡាញ់​ចម្រៀង​កុមារ​ដែល ថ្លែងថា ៖

សូម​ប្រាប់​ខ្ញុំ​ពី​រឿង​ព្រះយេស៊ូវ ខ្ញុំ​ចូលចិត្ត​ស្តាប់,

រឿង​ទ្រង់​ខ្ញុំ​នឹង​សុំ​ទ្រង់​ប្រាប់ បើទ្រង់​គង់​នៅ​ទីនេះ។

ទេសភាព​តាម​ដង​ផ្លូវ, រឿង​នៅ​សមុទ្រ,

សូម​ប្រាប់​ដល់​ខ្ញុំ ពី​រឿងព្រះយេស៊ូវ ។

ខ្ញុំ​ជឿ​ថា​ការចាប់ផ្តើម​ទំនៀម​ទម្លាប់​ប្រាប់​ពី​រឿង​របស់​ព្រះយេស៊ូវ​ដល់​កូនៗ​ និង គ្រួសារ​របស់​យើង​គឺ​ជា​របៀប​ដ៏​ពិសេស​មួយ​ដើម្បី​រក្សា​ថ្ងៃ​ឈប់​សម្រាក​ឲ្យ​បាន​បរិសុទ្ធ​នៅក្នុង​គេហដ្ឋាន​របស់​យើង ។

ការណ៍​នេះ​គឺ​ពិតជា​នាំ​មក​នូវ​អារម្មណ៍​ពិសេស​ចូល​ក្នុង​គេហដ្ឋាន​របស់​យើង ហើយ​ផ្ដល់​ដល់​គ្រួសារ​យើង​នូវ​គំរូ​មក​ពី​ព្រះអង្គ​សង្គ្រោះ​ផ្ទាល់ ។

ខ្ញុំ​ចូលចិត្ត​សិក្សា និង ពិចារណា​អំពី​ជីវិត​របស់​ទ្រង់ ដែល​បាន​ប្រទាន​អ្វីៗ​គ្រប់​យ៉ាង​ដល់​ខ្ញុំ និង​យើង​ទាំងអស់​គ្នា ។

ខ្ញុំ​ចូលចិត្ត​អាន​វគ្គ​បទគម្ពីរ​នានា​អំពី​ព្រះជន្ម​ដែល​គ្មាន​អំពើ​បាប​របស់​ទ្រង់ ហើយ​បន្ទាប់​ពី​អាន​ខគម្ពីរ​ទាំង​នោះ ដែល​ប្រាប់​ពី​ប្រព្រឹត្តិការណ៍​នានា​ដែល​ទ្រង់​បាន​ដក​ពិសោធន៍ នោះ​ខ្ញុំ​បាន​បិទ​ភ្នែក​របស់​ខ្ញុំ ហើយ​ព្យាយាម​ស្រមៃ​មើល​ពី​គ្រា​ពិសិដ្ឋៗ​ទាំង​នេះ ដែល​បង្រៀន​ខ្ញុំ ហើយ​ពង្រឹង​វិញ្ញាណ​របស់​ខ្ញុំ ។

គ្រា​ទាំង​នោះ​មាន​ដូច​ជា ៖

  • នៅពេល​ទ្រង់​ស្តោះ​ដាក់​នៅ​ដី ហើយ​យក​ទឹក​ព្រះឱស្ឋ​ទ្រង់​ធ្វើ​ជា​ភក់ ទៅ​លាប​ភ្នែក​នៃ​មនុស្ស​ខ្វាក់​នោះ « ចូរ​ទៅ​លាង​ក្នុង​ស្រះ​ស៊ីឡោម​ទៅ » ហើយ​បុរស​នោះ​បាន​ធ្វើ​តាម « ហើយ​បាន​លាង​ភ្នែក​គាត់​ចេញ ហើយ​បាន​មើល​ឃើញ » ។

  • នៅពេល​ទ្រង់​បាន​ព្យាបាល​ស្ត្រី​ដែល​មាន​ជំងឺ​ធ្លាក់​ឈាម ដែល​បាន​ចាប់​ពាល់​ជាយ​ព្រះពស្ត្រ​ទ្រង់ ដោយ​ជឿ​ថា​គ្រាន់តែ​ពាល់​ទ្រង់​នោះ​គាត់​នឹង​បាន​ជា​សះស្បើយ ។

  • នៅពេល​ទ្រង់​បាន​បង្ហាញ​ព្រះកាយ​ទ្រង់​ដល់​ពួក​សិស្ស​របស់​ទ្រង់ ដោយ​យាង​លើ​ទឹក​សមុទ្រ ។

  • នៅពេល​ទ្រង់​បាន​យាង​ទៅ​ជាមួយ​ពួក​សិស្ស​របស់​ទ្រង់​នៅ​លើ​ផ្លូវ​ទៅ​អេម៉ោស ហើយ​បាន​បើក​ព្រះគម្ពីរ​ឲ្យ​ពួកគេ​យល់​ដឹង ។

  • នៅពេល​ទ្រង់​បាន​បង្ហាញ​ព្រះកាយ​ទ្រង់​ដល់​ប្រជាជន​នៅក្នុង​ទ្វីប​អាមេរិក ហើយ​បាន​ប្រាប់​ពួកគេ​ឲ្យ​មក​កាន់​ទ្រង់ ហើយ​លូក​ដៃ​របស់​ពួកគេ​ទៅ​ឯ​ចំហៀង​ទ្រង់ ហើយ​ស្ទាប​ស្នាម​ដែកគោល​នៅ​ព្រះហស្ត និង ព្រះបាទា​ទ្រង់ ដូច្នេះ​ពួកគេ​អាច​ដឹង​ថា​ទ្រង់​គឺ​ជា « ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល និង ជា​ព្រះ​នៃ​ផែនដី​ទាំង​មូល ហើយ​ត្រូវគេ​ធ្វើ​គុត​ជំនួស​អំពើ​បាប​ទាំងឡាយ​នៃ មនុស្ស​លោក » ។

ខ្ញុំ​រីករាយ​ដោយ​ដឹង​ថា​មាន​ឪពុក​ម្តាយ ដែល​ប្រាប់​រឿង​ព្រះយេស៊ូវ​ដល់​កូនៗ​របស់​ខ្លួន ។ ខ្ញុំ​កត់សម្គាល់​ពី​ការណ៍​នេះ នៅ​ពេលខ្ញុំ​មើល​ក្មេងៗ​នៅក្នុង​សាសនាចក្រ នៅក្នុង​កម្មវិធី​ថ្នាក់​បឋមសិក្សា និង ឱកាស​ផ្សេងៗ​ទៀត ។

ខ្ញុំ​មាន​អំណរគុណ​ដល់​ឪពុក​ម្តាយ​របស់​ខ្ញុំ ដែល​បាន​បង្រៀន​ខ្ញុំ​អំពី​ព្រះគ្រីស្ទ ។ ខ្ញុំ​បន្ត​ឃើញ​ពី​របៀប​ដែល​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ​ជួយ​ភរិយា​ជា​ទីស្រឡាញ់​របស់​ខ្ញុំ និង ខ្ញុំ នៅពេល​យើង​បង្រៀន​កូនៗ​របស់​យើង ។

ដួងចិត្ត​របស់​ខ្ញុំ​ពេញ​ដោយ​ក្តី​អំណរ នៅពេល​ខ្ញុំ​ឃើញ​កូនៗ​របស់​ខ្ញុំ​ប្រាប់​ពី​រឿង​ព្រះគ្រីស្ទ​ដល់​ចៅៗ​របស់​ខ្ញុំ ។ វា​រំឭក​ខ្ញុំ​ពី​ខគម្ពីរ​មួយ​ដែល​ខ្ញុំ​ពេញ​ចិត្ត ដែល​មាន​នៅ​ក្នុង ។ យ៉ូហាន​ទី ៣ ជំពូក ១ ខ​ទី ៤ ដែល​អាន​ថា « គ្មាន​សេចក្តី​ណា​ដែល​នាំ​ឲ្យ​ខ្ញុំ​អរសប្បាយ លើស​ជាង​សេចក្តី​នេះ​ទេ គឺ​ដែល​ឮ​និយាយ​ថា​ពួកកូន​ខ្ញុំ​កំពុង​តែ​ប្រព្រឹត្តិ​តាម​សេចក្តី​ពិត » ។ ហើយ​ហេតុអ្វី​ក៏​ពុំ​មែន​ជា​ចៅៗ​របស់​យើង​ផងដែរ​ហ្ន៎ ?

ខ្ញុំ​មាន​អំណរគុណ​ចំពោះ​ថ្នាក់​ដឹកនាំ​របស់​យើង ដែល​បង្រៀន​យើង​យ៉ាង​ជាប់លាប់​អំពី​ព្រះគ្រីស្ទ អំពី​ការគោរព​ថ្ងៃ​ឈប់​សម្រាក​ទុក​ជា​បរិសុទ្ធ និង អំពី​ការទទួលទាន​សាក្រាម៉ង់​រាល់​សប្តាហ៍​ដោយ​គោរព​ដល់​ព្រះអង្គសង្គ្រោះ ។

ថ្ងៃឈប់​សម្រាក និង ពិធីសាក្រាម៉ង់​ប្រែ​កាន់តែរីករាយ​កាន់តែ​ខ្លាំងនៅពេល​យើងសិក្សា​រឿង​ព្រះគ្រីស្ទ ។ នៅពេល​ធ្វើ​ដូច្នោះ នោះ​យើង​បង្កើត​ទំនៀមទម្លាប់​នានា​ដែល​ស្ថាបនា​សេចក្តី​ជំនឿ និង ទីបន្ទាល់​របស់​យើង ព្រមទាំង​ការពារ​ក្រុមគ្រួសារ​យើង​ផងដែរ ។

ពីរបី​សប្តាហ៍​មុន អំឡុង​ពេល​កំពុង​សិក្សា​ម្តង​ទៀត​ពី​សារលិខិត​របស់​ប្រធាន រ័សុល អិម ណិលសុន ដែល​បាន​ផ្តល់​ឲ្យ​កាល​ពី​សន្និសីទ​ទូទៅ​មុន ហើយ​អំឡុង​ពេល​កំពុង​សញ្ជឹង​គិត​ពី​ថ្ងៃ​ឈប់​សម្រាក នោះ​ខ្ញុំ​ទទួល​អារម្មណ៍​នៃ​អំណរគុណ​យ៉ាង​ខ្លាំង​សម្រាប់​ពរជ័យ និង ឯកសិទ្ធិ​នៃ​ការអាច​ទទួល​ទាន​សាក្រាម៉ង់ ។ ចំពោះ​ខ្ញុំ ការណ៍​នោះ​គឺ​ជា​ឱកាស​មួយ​ដ៏​សែន​ឱឡារិក ពិសិដ្ឋ និង ខាង​វិញ្ញាណ ។ ខ្ញុំ​រីករាយ​យ៉ាង​ខ្លាំង​ជាមួយ​នឹង​ការប្រជុំ​សាក្រាម៉ង់ ។

អំឡុង​ពេលសញ្ជឹង​គិត នោះ​ខ្ញុំ​បាន​សិក្សា​យ៉ាង​យកចិត្ត​ទុក​ដាក់​នូវ​ការប្រសិទ្ធិពរ​នំបុ័ង និង ទឹក ។ ខ្ញុំ​បាន​អាន ហើយ​ស្មិងស្មាត​យ៉ាង​ខ្លាំង​ពី​ការអធិស្ឋាន និង ពិធីបរិសុទ្ធ​នៃ​សាក្រាម៉ង់ ។ នោះ​ខ្ញុំ​បាន​ចាប់ផ្តើម​គិត​ក្នុង​គំនិត​ខ្ញុំ និង ដួងចិត្ត​របស់​ខ្ញុំ ដែល​ទាក់ទង​នឹង​ពិធី​សាក្រាម៉ង់ ។

នៅក្នុង​ស្មារតី​នៃ​ការស្មិងស្មាត​នោះ ខ្ញុំ​បាន​គិត​ពី​ថ្ងៃ​ដំបូង​នៃ​ការបរិភោគ​នំបុ័ង​ឥតដំបែ នៅពេល​ទ្រង់​ឆ្លើយតប​សំណួរ​ពួកសិស្ស​របស់​ទ្រង់​អំពី​កន្លែង​ដើម្បី​រៀបចំ​បុណ្យ​រំលង ទ្រង់​បាន​ឆ្លើយ​ប្រាប់​ពួកគេ​ដោយ​មាន​បន្ទូល​ថា « ចូល​ទៅ​ក្នុង​ទី​ក្រុង ដល់​ម្នាក់​ណា​មួយ​នោះ ហើយ​ប្រាប់​ថា លោក​គ្រូ​មាន​ប្រសាសន៍​ថា កំណត់​ខ្ញុំ​ជិត​ដល់​ហើយ ខ្ញុំ​នឹង​ធ្វើ​បុណ្យ​រំលង​ជា​មួយ និង​ពួក​សិស្ស​ខ្ញុំ​នៅ​ផ្ទះ​អ្នក » ។

ខ្ញុំ​ព្យាយាម​ស្រមៃ​គិត​នៅក្នុង​គំនិត​ខ្ញុំ ពី​ពួកសិស្ស​ដែល​ទិញ​អាហារ និង រៀបចំ​តុ​អាហារ​ដោយ​យក​ចិត្ត​ទុក​ដាក់​ដើម្បី​បរិភោគ​ជាមួយ​ទ្រង់​នៅ​ថ្ងៃ​ដ៏​ពិសេស​នោះ ៖ តុ​អាហារ​សម្រាប់​មនុស្ស ១៣ នាក់ គឺ​ទ្រង់ និង សិស្ស​ទ្រង់​ដប់​ពីរនាក់​ទៀត​ដែល​ទ្រង់​ស្រឡាញ់ ។

ខ្ញុំ​បាន​យំ​នៅពេល​ខ្ញុំ​ស្រមៃ​គិត​ថា​ព្រះគ្រីស្ទ​បរិភោគ​ជាមួយ​ពួកគេ ហើយ​​បាន​ប្រកាស​ថា « ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ក្នុង​ពួក​អ្នក​រាល់​គ្នា មាន​ម្នាក់​នឹង​បញ្ជូន​ខ្ញុំ » ។

ខ្ញុំ​បាន​គិត​ពី​សិស្ស​ដ៏​ស្រងូតស្រងាត់​ដែល​បាន​សួរ​ទ្រង់​ថា « ព្រះអម្ចាស់​អើយ តើ​ទូលបង្គំ​ឬ​អី ? »

ហើយ​នៅពេល​យូដាស​បាន​សួរ​ទ្រង់​នូវ​សំណួរ​មួយ​ចំនួន នោះ​ទ្រង់​បាន​តប​ដោយ​ស្ងប់ស្ងាត់​ថា « ត្រូវ​ដូច​អ្នក​និយាយ​ហើយ » ។១០

ខ្ញុំ​អាច​ស្រមៃ​ឃើញ​ពី​ព្រះហស្ត​ទាំង​ទ្វេ ដែល​បាន​ព្យាបាល លួងលោម ស្អាង​គ្នា​ឡើង និង ប្រទាន​ពរ​ដល់​បំណែក​នំបុ័ង នៅពេលព្រះយេស៊ូវ​បាន​មាន​បន្ទូល​ថា « ចូរ​យក​បរិភោគ​ចុះ នេះ​ហើយ​ជា​រូបកាយ​ខ្ញុំ » ។១១

រួច​ទ្រង់​យក​ពែង​មក​ប្រទាន​ពរ ក៏​ហុច​ទៅ​ឲ្យ​គេ ដោយ​បន្ទូល​ថា « ចូរ​បរិភោគ​ពី​ពែង​នេះ​ទាំងអស់​គ្នា​ចុះ » ដ្បិត​នេះ​ជា​ឈាម​ខ្ញុំ គឺ​ជា​ឈាម​នៃ​សញ្ញា​ថ្មី​ដែល​បាន​ច្រួច​ចេញ​សម្រាប់​មនុស្ស​ជាច្រើន​ប្រយោជន៍​នឹង​ផ្ដាច់​បាប » ។១២

នៅ​ក្នុង​គំនិត​របស់​ខ្ញុំ ខ្ញុំ​បាន​ក្រឡេក​មើល​ពួក​សិស្ស ម្នាក់​ម្តងៗ ហើយ​បាន​ឃើញ​កង្វល់​ក្នុង​កែវ​ភ្នែក​របស់​ពួកគេ​ចំពោះ​លោកគ្រូ ដែល​ពួកគេ​ស្រឡាញ់​ជា​ខ្លាំង ។ តើ​វា​នឹង​ទៅ​ជា​យ៉ាង​ដូចម្តេច​ដែរ ប្រសិនបើ​ខ្ញុំ​កំពុង​អង្គុយ​នៅ​ទីនោះ​ជាមួយ​ពួកលោក ដោយ​មើល​អ្វី​គ្រប់យ៉ាង​នោះ ។ ខ្ញុំ​មាន​អារម្មណ៍​ថា​ឈឺ​ចាប់​ក្នុង​ដួងចិត្ត​ខ្ញុំ​យ៉ាង​ខ្លាំង ពោរពេញ​ដោយ​សេចក្តី​ឈឺចាប់ និង ទុក្ខព្រួយ​សម្រាប់​អ្វី​ដែល​ទ្រង់​ហៀប​នឹង​ដក​បទពិសោន៍​សម្រាប់​ខ្ញុំ ។

ព្រលឹង​របស់​ខ្ញុំ​បាន​ពោរពេញ​ដោយ​បំណង​ប្រាថ្នា​ដ៏​ខ្លាំង​ដើម្បី​ធ្វើ​ខ្លួន​ជា​មនុស្ស​កាន់តែ​ប្រសើរ​ជាង​មុន ។ នៅក្នុង​ការប្រែចិត្ត និង ការសោកស្តាយ ខ្ញុំ​បាន​បួងសួង​ដោយ​ស្មោះ ដើម្បី​អាច​យ៉ាង​ហោច​ណាស់​ជូត និង ចៀសផុត​ពី​ការកំពប់​ព្រះលោហិត​ពីរបី​តំណក់​របស់​ទ្រង់​ដែល​បាន​ច្រូច​នៅក្នុង​ច្បារ​គែតសេម៉ានី ។

ក្រោយ​មក​ខ្ញុំ​បាន​ពិចារណា​អំពី​សាក្រាម៉ង់​ដែល​យើង​ទទួល​ទាន​រាល់​សប្តាហ៍​នៅក្នុង​ការចងចាំ​ពី​ទ្រង់ ។ អំឡុងពេល​ធ្វើ​ដូច្នោះ ខ្ញុំ​បាន​សញ្ជឹង​គិត​ពី​ពាក្យ​ពេចន៍​និមួយៗ​នៃ​ពាក្យ​ប្រសិទ្ធិពរ​នំបុ័ង និង ទឹក ។ ខ្ញុំ​បាន​គិត ​អំពី​ពាក្យ​ទាំង​នេះ​យ៉ាង​ខ្លាំង « ហើយ​ចងចាំ​ទ្រង់​ជានិច្ច » នៅក្នុង​ការប្រសិទ្ធិពរ​នំបុ័ង និង « ថា​ពួកគេ​នឹង​ចងចាំ​ទ្រង់​ជានិច្ច » នៅក្នុង​ការប្រសិទ្ធិពរ​ទឹក ។១៣

ខ្ញុំ​បាន​ស្មិងស្មាត​គិត​ពី​អត្ថន័យ​នៃ​ឃ្លា​ចងចាំ​ទ្រង់​ជានិច្ច ។

សម្រាប់​ខ្ញុំ វា​មាន​ន័យ​ថា ៖

  • ចងចាំ​ពី​ជីវិត​មុន​ឆាក​ជីវិត​នេះ​របស់​ទ្រង់ នៅពេល​ភព​ដ៏​ស្រស់ស្អាត​នេះ​ត្រូវបាន​បង្កើត​ដោយ​ទ្រង់ ។១៤

  • ចងចាំ​ពី​ការប្រសូត​ដ៏​រាបទាប​របស់​ទ្រង់​នៅក្នុង​ស្នូក នៅ​បេថ្លេហិម ស្រុក​យូដា ។១៥

  • ចងចាំ​ពី​​​កាល​ទ្រង់​ទើប​តែ​ព្រះជន្ម​បាន​១២​ព្រះវស្សា នោះ​ទ្រង់​បាន​បង្រៀន និង ប្រកាស​ដល់​ពួក​អាចារ្យ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។១៦

  • ចងចាំ​នៅពេល​ទ្រង់​បាន​យាង​ទៅ​តែ​អង្គ​ឯង​ទៅក្នុង​ទីវាល​ ដើម្បី​រៀបចំ​អង្គ​ទ្រង់​សម្រាប់​ការបម្រើ​ក្នុង​ជីវិត​រមែង​ស្លាប់​របស់​ទ្រង់ ។១៧

  • ចងចាំ​​នៅពេល​ទ្រង់​បាន​ប្រែរូប​នៅចំពោះ​មុខ​ពួក​សិស្ស​របស់​ទ្រង់ ។១៨

  • ចងចាំ​នៅពេល​ទ្រង់​បាន​តាំង​ពិធី​សាក្រាម៉ង់​ឡើង​នៅអាហារ​យប់​ថ្ងៃ​ចុង​ក្រោយ​ជាមួយ​ពួក​គេ ។១៩

  • ចងចាំ​ពីនៅ​ពេលទ្រង់​បាន​យាង​ទៅ​ច្បារ​គែតសេម៉ានី ហើយ​បាន​រងទុក្ខ​យ៉ាង​ខ្លាំងចំពោះ​អំពើ​បាប ការឈឺចាប់ ការខកចិត្ត ព្រមទាំង ជំងឺ​នានា​របស់​យើង ដែល​ទ្រង់​បាន​បង្ហូរ​ព្រះ​លោហិត​គ្រប់​ទាំង​រន្ធ​ញើស ។២០

  • ចងចាំ​នៅពេល បន្ទាប់​ពី​ការរងទុក្ខ និង ការឈឺចាប់​ដ៏​ខ្លាំង​ក្លា​នោះ គឺ​នៅ​ច្បារ​គែតសេម៉ានី នោះ​ទ្រង់​ត្រូវបាន​បញ្ជូន​ទៅ​ជាមួយ​នឹង​ការថើប ដោយ​សិស្ស​ម្នាក់​ដែល​ទ្រង់​ហៅ​ថា​ជា​មិត្ត ។២១

  • ចងចាំ​កាល​ទ្រង់​ត្រូវបាន​យក​ទៅមុខ​លោក​ពីឡាត់ និង ស្តេច ហេរ៉ូឌ​​សម្រាប់​ការកាត់ទោស ។២២

  • ចងចាំ​នៅពេល​ទ្រង់​ត្រូវបាន​គេ​បន្ទាប​បន្ធោក ផ្ចាញ់ផ្ចាល់ ស្តោះ​ទឹក​មាត់​ដាក់ វាយ​ធ្វើ​បាប និង ធ្វើ​ទុក្ខទោស​ដោយ​ខ្សែ​តី​ដែល​ធ្វើ​ឲ្យ​ព្រះកាយ​ទ្រង់​ដាច់​រហែក ។២៣

  • ចងចាំ​នៅពេល​ភួង​បន្លា​ត្រូវបាន​បំពាក់​លើ​ព្រះសិរសា​ទ្រង់​យ៉ាង​ឃោរឃៅ ។២៤

  • ចងចាំ​ថា​ទ្រង់​បាន​លី​ឈើ​ឆ្កាង​ផ្ទាល់​របស់​ទ្រង់​ទៅ​ភ្នំ​គាល់កូថា ហើយ​ថា​ទ្រង់​ត្រូវបាន​ដំ​ដែក​គោ​ជាប់​នឹង​ឈើ​ឆ្កាង​នៅ​ទីនោះ ដោយ​រងការឈឺចាប់​ទាំង​ព្រះកាយ និង វិញ្ញាណ ។២៥

  • ចងចាំ​​នៅលើ​ឈើ​ឆ្កាង ពេញ​ដោយ​ព្រះទ័យ​សប្បុរស នោះ​ទ្រង់​បាន​ទត​មើល​ទៅ​អស់​អ្នក​ដែល​ឆ្កាង​ទ្រង់ ហើយ​ងើយ​ព្រះភក្ត្រ​ទ្រង់​ទៅ​លើ​មេឃ​ដោយ​ទូល​អង្វរ​ថា « ឱ​ព្រះវរបិតា​អើយ សូម​អត់​ទោស​ដល់​អ្នក​ទាំង​នេះ​ផង ដ្បិត​គេ​មិន​ដឹង​ជា​គេ​ធ្វើ​អ្វី​ទេ » ។២៦

  • ចងចាំ​នៅពេល​ទ្រង់​ដឹង​ថា​ទ្រង់​បាន​បំពេញ​បេសកកម្ម​នៃ​ការសង្គ្រោះ​មនុស្ស​លោក​ទាំងអស់​របស់​ទ្រង់ នោះ​ទ្រង់​បាន​ប្រគល់​វិញ្ញាណ​របស់​ទ្រង់​ថ្វាយ​ទៅក្នុង​ព្រះហស្ត​របស់​ព្រះវរបិតា​ទ្រង់ ដែល​ជា​ព្រះវរបិតា​យើង​ផងដែរ ។២៧

  • ចងចាំ​ពី​ការរស់​ឡើង​វិញ​របស់​ទ្រង់ ដែល​នាំ​មក​នូវ​ការរស់​ឡើង​វិញ​របស់​យើង​ផ្ទាល់ និង លទ្ធភាព​ដើម្បី​រស់នៅ​ក្បែរ​ទ្រង់​សម្រាប់​ពេល​ដ៏​នៅ​អស់កល្ប​ជានិច្ច អាស្រ័យ​លើ​ជម្រើស​របស់​យើង ។២៨

ហើយ​លើស​ពី​នោះ​ទៀត ការស្មិងស្មាត​លើ​ពាក្យ​អធិស្ឋាន​សាក្រាម៉ង់ និង ពាក្យ​អធិស្ឋាន​ដ៏​ពិសេស និង មាន​អត្ថន័យ​នោះ រំឭកខ្ញុំ​ថា​តើ​វា​អស្ចារ្យ​ប៉ុណ្ណា​ទៅ​ដើម្បី​ទទួល​បាន​ការសន្យា អំឡុង​ពេល​ប្រសិទ្ធិពរ​សាក្រាម៉ង់ ដែល​ថា​នៅពេល​យើង​ចងចាំ​ទ្រង់​ជានិច្ច នោះ​យើង​នឹង​មាន​ព្រះវិញ្ញាណ​របស់​ទ្រង់​គង់​នៅ​ជាមួយ​នឹង​យើង​ជានិច្ច ។២៩

ខ្ញុំ​ជឿ​ថា ព្រះអម្ចាស់​មាន​ពេល​កំណត់​ផ្ទាល់​របស់​ទ្រង់ ថា​នៅពេល​ណា​ដែល​ទ្រង់​នឹង​ប្រទាន​វិវរណៈ​ដល់​ពួក​យើង ។ ខ្ញុំ​បាន​ជឿ​ការណ៍​នេះ​យ៉ាង​ច្បាស់​អំឡុង​ពេល​សិក្សា សាស្ដា ៣:១, ៦ ដែល​អាន​ថា ៖

« មាន​ពេល​សម្រាប់​គ្រប់​ទាំង​អស់ គឺ​មាន​ពេល​សម្រាប់​គ្រប់​ការ ដែល​ចង់​ធ្វើ​នៅ​ក្រោម​មេឃ ៖ …

« មាន​ពេល​សម្រាប់​ស្វែង​រក ហើយ​ពេល​សម្រាប់​បាត់បង់​ទៅ មាន​ពេល​សម្រាប់​រក្សា​ទុក ហើយ​ពេល​សម្រាប់​បោះបង់​ចោល » ។

ពិធីសាក្រាម៉ង់​ក៏​ជា​ពេល​មួយ​សម្រាប់​ព្រះវរបិតាសួគ៌​បង្រៀន​យើង​អំពី​ដង្វាយធួន​របស់​ព្រះរាជបុត្រាសំណព្វ​ទ្រង់—គឺ​ព្រះអង្គ​សង្គ្រោះ​ព្រះយេស៊ូវគ្រីស្ទ—ហើយ​ជា​ពេល​សម្រាប់​យើង​ទទួល​វិវរណៈ​អំពី​ដង្វាយធួន​ផងដែរ ។ វា​ជា​ពេល « គោះ នោះ​តែង​នឹង​បើក​ឲ្យ​អ្នក »៣០ ដើម្បី​ស្នើសុំ និង ទទួល​ចំណេះ​ដឹង​នេះ ។ វា​ជា​ពេល​សម្រាប់​យើង​ទូលសុំ​ដល់​ទ្រង់​ដោយ​គារវភាព សម្រាប់​ចំណេះដឹង​នេះ ។ ហើយ​ប្រសិន​បើ​យើង​ធ្វើ​ដូច្នេះ នោះ​ខ្ញុំ​គ្មាន​មន្ទិល​សង្ស័យ​ឡើយ​ថា យើង​នឹង​ទទួល​បាន​ចំណេះដឹង​នេះ ដែល​នឹង​ប្រទាន​ពរ​ដល់​ជីវិត​របស់​យើង​ហួស​ពី​ការវាស់វែង​បាន ។

ខ្ញុំ​ស្រឡាញ់​ថ្ងៃ​ឈប់​សម្រាក ពិធីសាក្រាម៉ង់ និង អត្ថន័យ​របស់​វា ។ ខ្ញុំ​ស្រឡាញ់​ព្រះអង្គ​សង្គ្រោះ​ដោយ​អស់​ពី​ព្រលឹង​ខ្ញុំ ។ នៅ​ក្នុង​ព្រះ​នាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។