ឆ្នាំ ២០១០-២០១៩
តាម​រយៈ​ព្រះនេត្រ​របស់​ព្រះ
តុលា 2015


តាម​រយៈ​ព្រះនេត្រ​របស់​ព្រះ

ដើម្បី​បម្រើ​មនុស្ស​ដទៃ​ឲ្យ​មាន​ប្រសិទ្ធភាព យើង​ត្រូវ​មើល​ឃើញ​ពួកគេ​តាមរយៈ​កែវភ្នែក​របស់​ឪពុក ឬ​ម្ដាយ​ម្នាក់ គឺតាមរយៈ​ព្រះនេត្រ​របស់​ព្រះវរបិតា​សួគ៌ ។

បងប្អូន​ប្រុស​ស្រី​ជាទី​ស្រឡាញ់ សូម​អរគុណ​ចំពោះ​ការ​គាំទ្រ​រូប​ខ្ញុំ​កាល​ពី​ម្សិល​មិញ​ជា​សមាជិក​ម្នាក់​ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរនាក់ ។ ខ្ញុំ​ពិបាក​ថ្លែង​ថា​វា​មាន​ន័យ​ខ្លាំង​ប៉ុណ្ណា​ចំពោះ​ខ្ញុំ ។ ជា​ពិសេស ខ្ញុំ​មាន​អំណរ​គុណ​ចំពោះ​ការ​លើក​ដៃ​គាំទ្រ​ពី​សំណាក់​ស្ត្រី​ដ៏​អស្ចារ្យ​ពីរ​រូប​នៅ​ក្នុង​ជីវិត​របស់​ខ្ញុំ​គឺ ៖ ​ភរិយា​ខ្ញុំ ឈ្មោះ រូស និង​កូន​ស្រីជាទីស្រឡាញ់របស់​​ខ្ញុំ​ឈ្មោះ អាស​ឈ្លី ។

ការ​ហៅ​របស់​ខ្ញុំ​ផ្ដល់​ភស្ដុតាង​គ្រប់​គ្រាន់​ចំពោះ​សេចក្ដី​ពិត​ពេញ​លេញ​នៃ​បន្ទូល​របស់​ព្រះអម្ចាស់​កាល​ពី​មុន​នៅ​ក្នុង​គ្រា​កាន់​កាប់​ត្រួត​ត្រា​នេះ ៖ « ដើម្បី​ឲ្យ​ភាព​ពោរ​ពេញ​នៃ​ដំណឹងល្អ​របស់​យើង​អាច​បាន​ប្រកាស​ដោយ​ពួក​កម្សោយ និង​ពួក​រាបទាប​ដល់​អស់​ចុង​ផែនដី » ។ ខ្ញុំ​គឺជា​មនុស្ស​ម្នាក់​នៅ​ក្នុង​ចំណោម​ពួក​កម្សោយ និង​ពួក​រាប​ទាប​ទាំងនោះ ។ អស់ជាច្រើន​ទស្សវត្សរ៍​កន្លង​ទៅ ​នៅ​ពេល​ខ្ញុំ​ត្រូវ​បាន​ហៅ​ឲ្យ​ធ្វើ​ជា​ប៊ីស្សព​នៃ​វួដ​មួយ​នៅ​ភាគ​ខាង​កើត​នៃ​សហរដ្ឋ​អាមេរិក បងប្អូន​ប្រុស​ខ្ញុំ ដែល​មាន​វ័យ​ចំណាស់​ជាង​ខ្ញុំ​បន្តិច ហើយ​មាន​ប្រាជ្ញា​ជាង​ខ្ញុំ​បាន​ទូរ​សព្ទ​មក​ខ្ញុំ ។ គាត់​បាន​ថ្លែង​ថា « ប្អូន​ត្រូវ​ដឹង​ថា ព្រះអម្ចាស់​មិន​បាន​ហៅ​ប្អូន​ដោយសារ​អ្វី​ដែល​ប្អូន​បាន​ធ្វើ​នោះទេ ។ នៅ​ក្នុង​ករណី​របស់​ប្អូន វា​ប្រហែល​ជា​ដោយ​សារ​អ្វី​ដែល​ប្អូន​បាន​ធ្វើ ។ ព្រះអម្ចាស់​បាន​ហៅ​ប្អូន​សម្រាប់​អ្វី​ដែល​ទ្រង់​ត្រូវ​ធ្វើ​តាម​រយៈ​ប្អូន ហើយ​វា​នឹង​អាច​កើត​ឡើងតែ​​ដរាប​ណា​ប្អូន​ធ្វើ​វា​តាម​របៀប​របស់​ទ្រង់​ប៉ុណ្ណោះ » ។ ខ្ញុំ​ដឹង​ថា ដំបូន្មាន​ដែល​បងប្រុស​ម្នាក់​បាន​ផ្ដល់​ឲ្យ​មាន​ន័យ​យ៉ាង​លើស​លប់​នៅ​ថ្ងៃ​នេះ ។

នៅ​ក្នុង​ការ​បម្រើ​ជា​អ្នក​ផ្សាយ​សាសនា​ម្នាក់ មាន​រឿង​អស្ចារ្យ​មួយ​កើត​ឡើង​នៅ​ពេល​គាត់​ដឹង​ថា ការ​ហៅ​នោះ​ពុំ​មែន​ដើម្បី​គាត់​ទេ ប៉ុន្តែ​ដឹង​ថា​វា​ដើម្បី​ព្រះអម្ចាស់ កិច្ចការ​របស់​ទ្រង់ និង​កូន​ចៅ​របស់​ព្រះវរបិតា​សួគ៌​វិញ ។ ខ្ញុំ​មាន​អារម្មណ៍​ថា​វា​ដូចគ្នា​ចំពោះ​ការ​បម្រើ​ជា​សាវក​ម្នាក់​ដែរ ។ ការ​ហៅ​នេះ​ពុំ​មែន​ដើម្បី​រូប​ខ្ញុំ​ទេ ។ វា​គឺ​ដើម្បី​ព្រះអម្ចាស់ កិច្ចការ​របស់​ទ្រង់ និង​កូនចៅ​របស់​ព្រះវរបិតា​សួគ៌ ។ មិន​ថា​ការ​ចាត់​តាំង ឬ​ការហៅ​ណា​មួយ​​នៅក្នុង​សាសនាចក្រ​ទេ ដើម្បី​បម្រើ​ពេញ​ដោយ​សមត្ថភាព មនុស្ស​ម្នាក់​ត្រូវ​បម្រើ​ដោយ​ដឹង​ថា មនុស្ស​គ្រប់​គ្នា​ដែល​យើង​បម្រើ « ជា​បុត្រា និង បុត្រី​ខាង​វិញ្ញាណ​របស់​ព្រះមាតា​បិតា​សួគ៌ … ហើយ មនុស្ស​ម្នាក់ៗ មាន​ចរិត និង គោលដៅ​នៃ​ព្រះ » ។

នៅ​ក្នុង​វិជ្ជាជីវៈ​ខ្ញុំ​កាល​ពី​មុន ខ្ញុំ​គឺជា​គ្រូពេទ្យ​ឯកទេស​ជំងឺ​បេះដូង​ដែល​មាន​ឯកទេស​ខាង​ជំងឺ​ខ្សោយ​បេះដូង និង ការ​ដូរ​បេះដូង ។ ដោយ​សារ​អ្នក​ជំងឺ​របស់​ខ្ញុំ​ជាច្រើន​មាន​ជំងឺ​ធ្ងន់​ធ្ងរ ។ ភរិយា​ខ្ញុំ​និយាយ​លេង​ថា វា​គឺជា​សញ្ញា​វិវត្ត​ដ៏​អាក្រក់​មួយ​ដើម្បី​ក្លាយ​ជា​អ្នក​ជំងឺ​របស់​ខ្ញុំ ។ ក្រៅ​ពី​ការ​ឌឺដង​ទាំង​អស់​នោះ នោះ​​ខ្ញុំ​បាន​ឃើញ​មនុស្ស​ជាច្រើន​បាន​ស្លាប់ ហើយ​ខ្ញុំ​បាន​កើត​មានអារម្មណ៍​មួយ​បែបដែល​ចេះរំសាយ​អារម្មណ៍ នៅ​ពេល​មាន​រឿង​​លំបាក​កើត​ឡើង ។ តាម​របៀប​នោះ អារម្មណ៍​នៃ​ភាព​សោកសៅ និង​ការ​ខក​បំណង​នឹង​បាន​ស្ងប់ ។

នៅ​ឆ្នាំ ១៩៨៦ មាន​យុវជន​ម្នាក់​ឈ្មោះ ឆាដ មាន​ជំងឺ​ខ្សោយ​បេះដូង ហើយ​បានទទួល​​ការ​​ដូរ​បេះដូង ។ គាត់​បាន​មាន​សុខ​ភាព​ល្អ​រយៈពេល​មួយ​ឆ្នាំ​កន្លះ ។ ឆាដ បាន​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​ឲ្យ​គាត់​មាន​សុខភាព​ល្អ ហើយ​រស់​នៅ​ក្នុង​ជីវិត​ដូច​ធម្មតា​តាម​ដែល​អាច​ធ្វើ​បាន ។ គាត់​បាន​បម្រើ​បេសកកម្ម ធ្វើ​ការ ហើយ​ជា​កូន​ប្រុស​ល្អ​ម្នាក់​ចំពោះ​ឪពុក​ម្ដាយ​របស់ខ្លួន ។ ទោះ​ជា​យ៉ាង​ណា ពីរ​បី​ឆ្នាំ​ចុង​ក្រោយ​នៃ​ជីវិត​របស់​គាត់ វា​គឺជា​គ្រា​ដ៏​លំបាក គាត់​បាន​ចេញ​ចូល​ក្នុង​មន្ទីរ​ពេទ្យ​ជា​ញឹក​ញាប់ ។

មាន​ល្ងាច​មួយ គាត់​ត្រូវ​បាន​គេ​ដឹក​ទៅ​បន្ទប់​សង្គ្រោះ​បន្ទាន់​នៃ​មន្ទីរ​ពេទ្យ​នោះ​ដោយ​ការ​គាំង​បេះដូង ។ សហការី​ខ្ញុំ និង​ខ្ញុំ​បាន​ធ្វើ​ការ​ជា​ច្រើន​ម៉ោង​ដើម្បី​ធ្វើ​ឲ្យ​ដំណើរ​ឈាម​គាត់​ដើរ​ស្រួល​ឡើង​វិញ ។ នៅ​ទីបំផុត វា​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ឆាដ​មិន​អាច​ជួយ​សង្គ្រោះ​បាន​ទេ ។ យើង​បាន​បញ្ចប់​ការ​ប្រឹង​ប្រែង​ដ៏​គ្មាន​ប្រយោជន៍​របស់​យើង ហើយ​ខ្ញុំ​បាន​ប្រកាស​ថា គាត់​បាន​ស្លាប់​ហើយ ។ ទោះ​បី​ជា​មាន​ការ​សោកសៅ និង​ការ​ខក​ចិត្ត​ក្ដី ខ្ញុំ​បាន​បន្ត​ឥរិយាបថ​ក្នុង​នាម​ជា​អ្នក​មានវិជ្ជាជីវៈ​ម្នាក់ ។ ខ្ញុំ​បាន​គិត​ក្នុង​ចិត្ត​ថា « ឆាដ ទទួល​បាន​ការ​មើល​ថែ​ដ៏​ល្អ​ហើយ » ។ គាត់​មាន​ជីវិត​រស់​នៅ​បាន​យូរ​លើស​ពី ការ​រំពឹង​ទុក​ទៅ​ទៀត » ។ ប៉ុន្តែ​ការចេះ​រំសាយ​អារម្មណ៍​នោះ​ត្រូវ​បាន​ខក​ចិត្ត​យ៉ាង​ខ្លាំង នៅ​ពេល​ឪពុក​ម្ដាយ​គាត់​បាន​ចូល​មក​ក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់​នោះ​ដោយ​ឃើញ​កូន​ប្រុស​ខ្លួន​ស្លាប់​ដេក​ស្ដូក​ស្ដឹង​នៅ​លើ​គ្រែ ។ ខ្ញុំ​បាន​ឃើញ​ឆាដ តាមរយៈ​កែវ​ភ្នែក​របស់​ឪពុកម្ដាយ​គាត់​ជា​លើក​ដំបូង ។ ខ្ញុំ​បាន​ឃើញ​ពី​សេចក្ដី​សង្ឃឹម និង ការ​រំពឹង​ទុក​ដ៏​ធំ​ដែល​ពួកគេ​មាន​ចំពោះ​គាត់ ជា​បំណង​ប្រាថ្នា​ដែល​ពួកគេ​មាន​ថា គាត់​នឹង​រស់​នៅ​បាន​យូរ ហើយ​បាន​ប្រសើរ​ឡើង ។ ដោយ​បាន​ឃើញ​ដូច្នោះ ខ្ញុំ​ក៏​ចាប់ផ្ដើម​យំ ។ ខ្ញុំ​នឹង​មិន​ភ្លេច​ឡើយ​ពី​ទង្វើ​ដ៏​សប្បុរស​ដែល​ឪពុកម្ដាយ​របស់​ឆាដ​បាន​លួង​លោម​ខ្ញុំ ។

ឥឡូវ​នេះ ខ្ញុំ​ដឹង​ថា​នៅ​ក្នុងសាសនាចក្រ ដើម្បី​បម្រើ​មនុស្ស​ដទៃ​ឲ្យ​មាន​ប្រសិទ្ធភាព យើង​ត្រូវ​មើល​ឃើញ​ពួកគេ​តាមរយៈ​កែវភ្នែក​របស់​ឪពុក ឬ​ម្ដាយ​ម្នាក់ គឺតាមរយៈ​ព្រះនេត្រ​របស់​ព្រះវរបិតា​សួគ៌ ។ នៅ​ពេល​នោះ​ហើយ​ទើប​យើង​អាច​ចាប់ផ្ដើម​យល់​ពី​តម្លៃ​ដ៏​ពិត​នៃ​ព្រលឹង​មួយ ។ នៅ​ពេល​នោះហើយ​ទើប​យើង​ទទួល​អារម្មណ៍​ពី​សេចក្ដី​ស្រឡាញ់​ដែល​ព្រះវរបិតា​សួគ៌​មាន​ចំពោះ​កូនចៅ​របស់​ទ្រង់​ទាំងអស់ ។ នៅ​ពេល​នោះ​ហើយ​ទើប​យើង​ទទួល​អារម្មណ៍​ពីការ​ព្រួយ​ព្រះទ័យ​របស់​ព្រះអង្គ​សង្គ្រោះ​ចំពោះ​ពួកគេ ។ យើង​មិន​អាច​បំពេញ​កាតព្វកិច្ច​នៃសេចក្ដី​សញ្ញា​របស់​យើង​ដើម្បី​ទួញ​យំ​នឹង​អ្នក​ណា​ដែល​ទួញ​យំ កម្សាន្ត​ទុក្ខ​ដល់​អស់​អ្នក​ណា​ដែល​កំពុង​ត្រូវការ​កម្សាន្ត​ទុក្ខ​បាន​ឡើយ ដរាបណា​យើង​មើល​ឃើញ​ពួកគេ​តាមរយៈ​ព្រះនេត្រ​របស់​ព្រះ ។ ការ​ពង្រីក​ទស្សនៈ​វិស័យ​នេះ​នឹង​បើក​ដួង​ចិត្ត​យើង​ចំពោះ​ការ​ខក​ចិត្ត ការ​ភ័យ​ខ្លាច និង​ការ​ខូច​ចិត្ត​របស់​មនុស្ស​ដទៃ​ទៀត ។ ប៉ុន្តែ​ព្រះវរបិតា​សួគ៌​នឹង​ជួយ​លួងលោម​យើង ដូចជា​ឪពុកម្ដាយ​របស់​ឆាដ​បាន​លួងលោម​ខ្ញុំ​ជាច្រើន​ឆ្នាំ​កន្លង​មក​ហើយ ។ យើង​ត្រូវ​មាន​ភ្នែក​មើល​ឃើញ ត្រច្រៀក​ដែល​ស្ដាប់​ឮ និង​ដួងចិត្ត​ដែល​ដឹង ហើយ​ទទួល​អារម្មណ៍ ប្រសិន​បើ​យើង​ចង់​សម្រេច​បាន​ការ​ជួយ​សង្គ្រោះ​ដែល​ប្រធាន​ថូម៉ាស អេស ម៉នសុន បាន​លើក​ទឹកចិត្ត​ជា​ញឺកញាប់ ។

មានតែ​ពេល​ដែល​យើង​មើល​ឃើញ​តាម​រយៈ​ព្រះនេត្រ​របស់​ព្រះវរបិតា​សួគ៌​ប៉ុណ្ណោះ​ទើប​យើង​អាច​ពោរពេញ​ទៅ​ដោយ « សេចក្ដី​ស្រឡាញ់ដ៏​សុទ្ធសាធ​របស់​ព្រះគ្រីស្ទ » ។ យើង​គួរ​ទូល​អង្វរ​ដល់​ព្រះ​សូម​សេចក្ដី​ស្រឡាញ់​នេះ​ជា​រៀងរាល់​ថ្ងៃ ។ មរមន​បាន​ដាស់តឿន​ថា « ហេតុដូច្នេះហើយ ឱ​បងប្អូន​ដ៏​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ ចូរ​អធិស្ឋាន​ដល់​ព្រះវរបិតា​ដោយ​អស់​ពី​កម្លាំង​ចិត្ត ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​បាន​ពោរពេញ​ដោយ​សេចក្ដី​ស្រឡាញ់​នេះ​ដែល​ទ្រង់​បាន​ប្រទាន​ដល់​អស់​អ្នក​ណា​ដែល​ជា​អ្នក​ដើរ​តាម​ដ៏​ពិត​នៃ​ព្រះរាជបុត្រា​របស់​ទ្រង់​គឺ​ព្រះយេស៊ូវ​គ្រីស្ទ » ។

ខ្ញុំ​ចង់​ក្លាយ​ជា​អ្នក​ដើរ​តាម​ដ៏​ពិត​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​អស់​ពី​ដួង​ចិត្ត​របស់​ខ្ញុំ ។ ខ្ញុំ​ស្រឡាញ់​ទ្រង់ ។ ខ្ញុំ​កោត​សរសើរ​ទ្រង់ ។ ខ្ញុំ​ឃើញ​ពី​ធាតុ​ពិត​ដ៏​រស់​រវើក​របស់​ទ្រង់ ។ ខ្ញុំ​ឃើញ​ថា ទ្រង់​គឺជា​អង្គ​បាន​ធ្វើ​ដង្វាយធួន គឺជា​ព្រះមែស៊ី ។ ខ្ញុំ​ជា​សាក្សី​ម្នាក់​ពី​សេចក្ដី​មេត្តា​ករុណា និង​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ដែល​មិន​អាច​ប្រៀប​ផ្ទឹម​បាន​នេះ ។ ខ្ញុំ​សូម​បន្ថែម​ទីបន្ទាល់​របស់​ខ្ញុំ​នឹង​ពួក​សាវក​ទាំងនោះ​ កាលពី​ឆ្នាំ​២០០០ ដែល​បាន​ថ្លែង​ថា « ព្រះយេស៊ូវ​គឺជា​ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់ និង​ជា​ព្រះរាជបុត្រា​ដ៏​អមត​របស់​ព្រះ ។ … ព្រះអង្គ​គឺជា​ពន្លឺ ជា​ជីវិត ហើយ​ជា​សេចក្ដី​សង្ឃឹម​នៃ​ពិភពលោក » ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា នៅ​ថ្ងៃ​នោះ​ក្នុង​ឆ្នាំ​១៨២០ នៅ​ក្នុង​ព្រៃ​មួយ​នៅ​ប៉ែក​ខាង​ជើង​នៃ​រដ្ឋ​នូវ យ៉ោក ព្រះអម្ចាស់​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ​បាន​បង្ហាញ​អង្គ​ទ្រង់​ព្រមគ្នា​ជាមួយ​នឹង​ព្រះ ជា​ព្រះវរបិតា​សួគ៌​របស់​យើង​ ដល់​ព្យាការី​​យ៉ូសែប ស្ម៊ីធ គឺ​ដូច​ដែល​យ៉ូសែប ស្ម៊ីធ​បាន​ថ្លែង ។ កូនសោ​នៃ​បព្វជិតភាព​គឺ​មាន​នៅលើ​ផែនដី​សព្វថ្ងៃ​នេះ​ដើម្បី​ឲ្យ​មាន​ពិធី​បរិសុទ្ធ​នៃ​សេចក្ដី​សង្គ្រោះ និង​ភាពតម្កើង​ឡើង ។ ខ្ញុំ​ដឹង​ពី​រឿង​នេះ ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។

កំណត់​ចំណាំ

  1. គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១:២៣

  2. « The Family: A Proclamation to the World,” Liahona, ខែ​ វិច្ឆិកា ឆ្នាំ ​២០១០ ទំព័រ ១២៩, អាន​ដោយ​ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី​ជា​ផ្នែក​មួយ​នៃ​សារលិខិត​របស់​លោក​នៅ​ការ​ប្រជុំ​សមាគមសង្គ្រោះ​ទូទៅ​ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃទី​ ២៣ ខែ កញ្ញា ឆ្នាំ ១៩៩៥ នៅក្នុង​ទីក្រុង សលត៍ លេក រដ្ឋ​យូថាហ៍ ។

  3. សូមមើល ម៉ូសាយ ១៨:៨-១០  ។

  4. ឧទាហរណ៍ សូមមើល ថូម៉ាស អេស ម៉នសុន « To the Rescue » Liahona ខែ​ កក្កដា ឆ្នាំ ​២០០១ ​ទំព័រ ៥៧-៦០ « Our Responsibility to Rescue » Liahona  ខែ ​វិច្ឆិកា ឆ្នាំ ​២០១៣ ទំព័រ ៤-៥ ។ ប្រធាន​ម៉នសុន បាន​រំឭក​ឡើង​វិញ​នូវ​គំនិត​ទាំង​នេះ​នៅ​ក្នុង​សារលិខិត​របស់​លោក​ដល់​ពួក​អ្នកមាន​សិទ្ធិ​អំណាច​ទូទៅ​នៅ​ថ្ងៃ​ទី ៣០ ​ខែ​កញ្ញា ឆ្នាំ ​២០១៥ ដោយ​រំឭក​អ្នក​ដែល​បាន​ចូល​រួម​ប្រជុំ​ទាំងនោះ​ថា លោក​កំពុង​គូស​បញ្ជាក់​ឡើង​វិញ​នូវ​សារលិខិត​ដែល​លោក​បាន​ផ្ដល់​ឲ្យ​ដល់​ពួក​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ និង​ពួក​ចិត​សិប​នាក់​ប្រចាំ​តំបន់​នៅ​ក្នុង​ការ​ប្រជុំ​បំពាក់​បំប៉ន​នៅ​សន្និសីទទូទៅ​ខែ​មេសា ឆ្នាំ​២០០៩ ។

  5. មរ៉ូណៃ ៧:៤៧  ។

  6. មរ៉ូណៃ ៧:៤៨  ។

  7. សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ១៨:២៧-២៨

    « ហើយ​ពួក​ដប់ពីរនាក់​នោះ​នឹង​ត្រូវ​ជា​ពួកសិស្ស​របស់​យើង ហើយ​ពួកគេ​នឹង​យក​នាម​របស់​យើង ដាក់លើ​ខ្លួន​គេ ហើយ​ពួក​ដប់ពីរនាក់​នេះ​ហើយ ដែល​នឹង​ប្រាថ្នាចង់​យកនាម​របស់​យើង មក​ដាក់​លើ​ខ្លួន​គេ​ដោយ​បំណង​ចិត្ត​ដ៏​ពោរពេញ ។​

    « ហើយ​បើសិន​ជា​ពួកគេប្រាថ្នា​ចង់​យក​នាម​របស់​យើងមក​ដាក់​លើ​ខ្លួន​គេ ដោយ​បំណង​ចិត្ត​ដ៏ពោរពេញ នោះ​ពួកគេ​ត្រូវបាន​ហៅ ឲ្យទៅ​ពេញ​សព្វទាំង​ពិភពលោក ដើម្បី​ទៅ​ផ្សាយ​ដំណឹង​ល្អ​របស់យើង ដល់​សត្វលោក​គ្រប់រូប » ។

  8. « The Living Christ: The Testimony of the Apostles, » លីអាហូណា, ខែ មេសា ឆ្នាំ ២០០០ ទំព័រ ៣ ។ ក្នុង​ការដកស្រង់នៅទីនេះ នោះ​ខ្ញុំ​បន្ថែម​ហត្ថលេខា​របស់​ខ្ញុំ​ជា​ទីសម្គាល់​លើ​ឯកសារ​នោះ ដោយ​ធ្វើ​ជា​សាក្សី​ដល់​ទីបន្ទាល់​ដូចគ្នា​ដែល​បាន​ផ្តល់​ឲ្យ​ដោយ​ពួក​សាវក​ទាំង​នោះ ។