ឆ្នាំ ២០១០-២០១៩
បែរ​ទៅរក​ទ្រង់ នោះ​នឹង​បាន​ចម្លើយ
តុលា 2015


បែរ​ទៅរក​ទ្រង់ នោះ​នឹង​បាន​ចម្លើយ

ចូរ​គោរព​ប្រតិបត្តិ ចូរ​ចងចាំ​គ្រា​ទាំងឡាយ​នៅពេល ដែល​អ្នក​បាន​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​ក្នុង​ពេល​អតីតកាល ហើយ​សុំ​ដោយ​សេចក្ដី​ជំនឿ ។ អ្នក​នឹង​បាន​ចម្លើយ ។

កាល​ពី​ខ្ញុំ​ជា​យុវជន​ម្នាក់ ឪពុក​ម្ដាយ​ខ្ញុំ​បាន​ចូល​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ យើង​បាន​ដឹង​ថា ពួក​អ្នក​ផ្សព្វផ្សាយ​បាន​កំពុង​តែ​បង្រៀន​ពួកគាត់ តែ​ឪពុក​ម្ដាយ​ខ្ញុំ​បាន​រៀន​តែ​ពួកគាត់ ។

បន្ទាប់​ពី​ការប្រកាស​ដ៏​ភ្ញាក់ផ្អើល​នេះ ប្អូនៗប្រុស​ខ្ញុំ និង​ខ្ញុំ​បាន​ចាប់ផ្ដើម​ស្ដាប់​ដល់​ពួក​អ្នក​ផ្សព្វផ្សាយ​ផងដែរ ហើយ​ពួកគេ​ម្នាក់ៗ​បាន​ទទួល​សារលិខិត​នៃ​ការស្ដារ​ឡើង​វិញ​ដោយ​ក្ដីរីករាយ ។ ទោះបី​ជា​ខ្ញុំ​ចង់ដឹង​ចង់ឮ តែ​ដួងចិត្ត​ខ្ញុំ​មិន​សូវ​ជា​ចង់​ផ្លាស់ប្ដូរ​ជីវិត​ខ្ញុំ​នោះ​ទេ ។ ទោះយ៉ាង​ណា ខ្ញុំ​ពិត​ជា​បាន​ទទួល​យក​ការអញ្ជើញ​ឲ្យ​អធិស្ឋាន​ថាតើ​ព្រះគម្ពីរ​មរមន​ជា​ព្រះបន្ទូល​នៃ​ព្រះ​ឬទេ តែ​ខ្ញុំ​ពុំ​បាន​ទទួល​ចម្លើយ​ឡើយ ។

អ្នក​ប្រហែល​សួរ​ថា ហេតុអ្វី​ព្រះវរបិតាសួគ៌​មិន​បាន​ឆ្លើយ​តប​ការអធិស្ឋាន​នោះ ខ្ញុំ​ពិត​ជា​បាន​ឆ្ងល់ ។ ខ្ញុំ​បាន​រៀន​តាំងពី​នោះ​មក​ថា ការសន្យា​របស់​មរ៉ូណៃ​គឺ​ពិត​ប្រាកដ​មែន ។ ព្រះ​ពិតជា​ឆ្លើយ​តប​ការអធិស្ឋាន​អំពី​ភាពពេញលេញ​នៃ​ដំណឹងល្អ តែ​ទ្រង់​ឆ្លើយតប ពេល​យើង​មាន « ចិត្ត​ស្មោះស » ហើយ ដោយ​ស្មោះ​អស់​ពី​ចិត្ត » ។ ទ្រង់​មិន​ឆ្លើយ​គ្រាន់តែ​ដើម្បី​តប​ដល់​ការចង់ដឹង​ចង់ឮ​របស់​យើង​នោះ​ទេ ។

ប្រហែល​អ្នក​មាន​សំណួរ​អំពី​អ្វី​មួយ​ក្នុង​ជីវិត​អ្នក ។ ប្រហែល​មាន​បញ្ហា​មួយ ដែល​អ្នក​ពុំ​ដឹង​ថា​ត្រូវ​ឆ្លើយ​យ៉ាង​ណា ។ ថ្ងៃ​នេះ ខ្ញុំ​ចង់​ចែកចាយ​គំនិត​មួយ​ចំនួន ដែល​អាច​ជួយ​អ្នក​ទទួល​បាន​ចម្លើយ ឬ​ជំនួយ ដែល​អ្នក​កំពុង​ស្វែងរក ។ ដំណើរការ​នេះ​ចាប់ផ្ដើម​ជាមួយ​នឹង​ការប្រែចិត្ត​ជឿ​ដល់​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ។

ការទទួល​វិវរណៈ​អាស្រ័យ​លើ​លក្ខខណ្ឌ និង ចេតនា​នៃ​ដួងចិត្ត​របស់​យើង

ខ្ញុំ​បាន​គិត​អំពី​ដំណើររឿង​នៃ​បុគ្គល​មួយ​ចំនួន​ក្នុង​ព្រះគម្ពីរ ។ ឧទាហរណ៍ លេមិន និង​លេមយួល ។ ដូច​ជា​នីហ្វៃ​ដែរ ពួកគេ « បាន​កើត​មក​ពី​ឪពុក​ម្ដាយ​ល្អ » ហើយ​ត្រូវបាន​បង្រៀន « នូវ​អស់​ទាំង​ចំណេះ​វិជ្ជា​របស់​ឪពុក [ ពួកគេ ] ។ តែ​ពួកគេ​បែរជា​រអ៊ូរទាំ​ដោយសារ​ឪពុក​របស់​ពួកគេ​ជា​បុរស​ប្រកប​ដោយ​ការនិមិត្ត ។ ចេញ​ពី​ទស្សនៈ​របស់​ពួកគេ គេ​គិត​ថា​ការសម្រេច​ចិត្ត​របស់​លោក មិនសម​ហេតុ​ផល ដ្បិត​ពួកគេ​មិនបាន​ដឹង​ព្រឹត្តិការណ៍​នៃ​ព្រះ ហេតុ​ដូច្នោះ​ហើយ ពួកគេ​មិន​បាន​ជឿ​ឡើយ ។

វា​គួរ​ឲ្យ​ចាប់​អារម្មណ៍​នឹង​កត់ចំណាំ​ថា ជម្រើស​របស់​ពួកគេ​អនុញ្ញត​ឲ្យ​ពួកគេ​អាច​មាន​សក្ដានុពល​ក្នុង​ការទទួល​បាន​បទពិសោធន៍​ដែល​កសាង​សេចក្ដី​ជំនឿ ។ ពួកគេ​បាន​ចាកចេញ​ពី​ផ្ទះ និង​ទ្រព្យសម្បត្តិ​របស់​ពួកគេ ។ ពួកគេ​បាន​រងទុក្ខ​រសាត់​អណ្ដែត​ក្នុង​ទីវាល​រហោស្ថាន ។ ទីបំផុត ពួកគេ​បាន​ជួយ​សាង​សំពៅ ហើយ​ពួកគេ​បាន​យល់​ព្រម​ធ្វើ​ដំណើរ​ទៅ​ដែនដី​មួយ​ដែល​មិន​ស្គាល់ ។

នីហ្វៃ​បាន​ឆ្លងកាត់​បទពិសោធន៍​ទាំងនេះ​ដូច​គ្នា ។ ប៉ុន្តែ តើ​សកម្មភាព​ទាំងនេះ​បាន​ស្ថាបនា​សេចក្ដី​ជំនឿ​របស់​ពួកគេ​ទេ ? សេចក្ដី​ជំនឿ​របស់​នីហ្វៃ​ត្រូវបាន​ធ្វើ​ឲ្យ​រឹងមាំ តែ​លេមិន និង​លេមយួល កាន់តែ​ទុទិដ្ឋិនិយម និង​មាន​កំហឹង ។ បងប្រុស​ទាំងនេះ​បាន​ទាំង​ឃើញ និង​ឮ​ទេវតា​ទៀតផង តែ​លោកអើយ ពួកគេ​នៅតែ​សង្ស័យ​ទៀត ។

ជីវិត​រមែង​ស្លាប់​គឺ​មិន​ស្រួល​ទេ​សម្រាប់​យើង​គ្រប់​គ្នា ។ យើង​ត្រូវបាន​ដាក់​នៅលើ​ផែនដី​នេះ ដើម្បី​ទទួល​ការសាកល្បង ។ ការឆ្លើយតប​របស់​យើង​ចំពោះ​បទពិសោធន៍​ជីវិត នឹង​តែងតែ​ជះឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅលើ​ទីបន្ទាល់​របស់​យើង ។ សូម​ពិចារណា​អំពី​ប្រតិកម្ម​មួយ​ចំនួន​របស់​លេមិន និង​លេមយួល ៖ ពួកគេ​រអ៊ូរទាំ​ពេល​ឪពុក​គេ​ស្នើ​ឲ្យ​ពួកគេ​ធ្វើ​អ្វី​ដែល​លំបាក ។ ពួកគេ​បាន​ព្យាយាម​យក​ផ្ទាំង​លង្ហិន តែ​ពេល​ពុំ​បាន​ជោគជ័យ ពួកគេ​បាន​បោះបង់ ។ អាកប្បកិរិយា​របស់​ពួកគេ​គឺ « យើង​បាន​ព្យាយាម​ហើយ តើ​យើង​អាច​ធ្វើ​អ្វី​បាន​ទៀត ? »

មាន​ពេល​មួយ​ដែល​ពួកគេ​មាន​ចិត្ត​សោកស្ដាយ​ចំពោះ​ការធ្វើ​ខុស ហើយ​បាន​សុំ​ការអត់ទោស ។ ពួកគេ​បាន​អធិស្ឋាន ហើយ​ត្រូវបាន​អត់ទោស​ឲ្យ ។ តែ​ព្រះគម្ពីរ​កត់ត្រា​ថា ក្រោយមក​ពួកគេ​បាន​ត្រឡប់​ទៅ​រអ៊ូរទាំ​វិញ ហើយ​បាន​បដិសេធ​នឹង​អធិស្ឋាន ។ ពួកគេ​បាន​មករក​នីហ្វៃ ហើយ​និយាយ​ថា ពួកគេ​ពុំ​អាច « យល់​នូវ​ពាក្យ​ទាំងឡាយ​ដែល​ឪពុក [ ពួកគេ ] បាននិយាយ » ឡើយ ។ នីហ្វៃ​បាន​សួរ​ពួកគេ​បើ​ពួកគេ​បាន « សូម​ដល់​ព្រះអម្ចាស់​ហើយ​ឬ​នៅ » ។ សូម​កត់សម្គាល់​ចម្លើយ​របស់​ពួកគេ ៖ « យើង​មិន​ទាន់​បាន​សូម​ទេ ដ្បិត​ព្រះអម្ចាស់​ទ្រង់​មិន​បាន​ធ្វើ​ឲ្យ​យើង​ដឹង​រឿង​បែប​នេះ​ទេ » ។១០

ការបន្ត​គោរព​ប្រតិបត្តិ​នាំ​ឲ្យ​យើង​ទទួល​ចម្លើយ

ការឆ្លើយតប​របស់​នីហ្វៃ​ចំពោះ​បងប្រុស​របស់​លោក គឺជា​គន្លឹះ​សម្រាប់​យើង ដើម្បី​ទទួល​ចម្លើយ​ជា​បន្តបន្ទាប់​ដល់​ការអធិស្ឋាន ៖

« ចុះ​ហេតុអ្វី​បាន​បងៗ​មិន​កាន់តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​នៃ​ព្រះ ? ចុះ​ហេតុអ្វី​បាន​ជា​បងៗ​នឹង​ត្រូវ​វិនាស ពីព្រោះ​តែ​ភាពរឹងរូស​នៃ​ចិត្ត​របស់​បងៗ​ប៉ុណ្ណោះ ?

« តើ​បងៗ​មិន​ចាំ​រឿង​ទាំងឡាយ ដែល​ព្រះអម្ចាស់​ទ្រង់​មាន​ព្រះបន្ទូល​ទេ​ឬ ?—បើ​សិន​ជា​អ្នកណា​មិន​ធ្វើ​ចិត្ត​រឹងរូស ហើយ​សូម​ដល់​យើង​ដោយ​សេចក្ដី​ជំនឿ ដោយ​ជឿ​ថា អ្នក​នឹង​បាន​ទទួល ដោយ​មាន​ចិត្ត​ឧស្សាហ៍​កាន់តាម​បញ្ញត្តិ​ទាំងឡាយ​របស់​យើង នោះ​រឿង​ទាំង​នេះ នឹង​ត្រូវបាន​ធ្វើ​ឲ្យ​អ្នក​ដឹង​ជា​ប្រាកដ » ។១១

ខ្ញុំ​ស្គាល់​អ្នក​ត្រឡប់​ពី​បេសកកម្ម​មួយ​ចំនួន ដែល​មាន​បទពិសោធន៍​ខាង​វិញ្ញាណ​ដែល​មិន​អាច​បដិសេធ​បាន តែ​ការខ្វះ​ខាត​ទម្លាប់​ខាង​វិញ្ញាណ​ជាក់លាក់ ហាក់ដូច​ជា​បាន​បណ្ដាល​ពួកគេ​ឲ្យ​ភ្លេច​ពី​គ្រា​ទាំងឡាយ​ដែល​ព្រះអម្ចាស់​បាន​មាន​បន្ទូល​ដល់​ពួកគេ ។ ចំពោះ​ពួកអ្នក​ត្រឡប់​ពី​បេសកកម្ម​ទាំងនោះ និង​ចំពោះ​យើង​ទាំង​អស់​គ្នា បើ​អ្នក « បាន​ចាប់​អារម្មណ៍​ចង់​ច្រៀង​នូវ​ចម្រៀង​នៃ​សេចក្ដី​ស្រឡាញ់​ដែល​ប្រោសលោះ ខ្ញុំ​សូម​សួរ​ថា តើ​អ្នក​រាល់​គ្នា​អាច​ចាប់​អារម្មណ៍​យ៉ាង​នេះ​ឥឡូវ​នេះ​ទេ ? »១២ បើ​អ្នក​មិន​មាន​អារម្មណ៍​ឥឡូវ​នេះ​ទេ អ្នក​អាច​មាន​អារម្មណ៍​ពី​វា​ម្ដងទៀត តែ​សូម​ពិចារណា​អំពី​ដំបូន្មាន​របស់​នីហ្វៃ ។ ចូរ​គោរព​ប្រតិបត្តិ ចូរ​ចងចាំ​គ្រា​ទាំងឡាយ​នៅពេល ដែល​អ្នក​បាន​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​ក្នុង​ពេល​អតីតកាល ហើយ​សុំ​ដោយ​សេចក្ដី​ជំនឿ ។ ចម្លើយ​របស់​អ្នក​នឹង​បាន​មក ហើយ​អ្នក​នឹង​ទទួល​អារម្មណ៍​នៃ​ក្ដី​ស្រឡាញ់ និង​ក្ដី​សុខសាន្ត​នៃ​ព្រះអង្គ​សង្គ្រោះ ។ វា​អាច​នឹង​មិន​បាន​មក​លឿន ឬ​តាម​របៀប​ដែល​អ្នក​ចង់បាន តែ​ចម្លើយ​នឹង​បាន​មក ។ សូម​កុំ​បោះបង់​ឡើយ ! កុំ​ដែល​បោះបង់​ឡើយ !

ចូរ​យើង​ប្រៀបធៀប​លេមិន និង​លេមយួល ទៅនឹង​ពួកបុត្រា​នៃ​ម៉ូសាយ ។ បុរស​ទាំងពីរ​ក្រុម​នេះ ត្រូវបាន​ចិញ្ចឹម​ក្នុង​គ្រួសារ​សុចរិត តែ​ទាំងពីរ​ក្រុម​បាន​វង្វេង ។ ទាំងពីរ​ក្រុម​ត្រូវបាន​ហៅ​ឲ្យ​ប្រែចិត្ត​ដោយ​ទេវតា​មួយ​អង្គ តែ​តើ​អ្វី​ទៅ​ជា​ភាពខុសគ្នា​នៃ​បទពិសោធន៍​របស់​ពួក​បុត្រា​នៃ​ម៉ូសាយ ?

ការសាកល្បង​នឹង​កសាង​សេចក្ដី​ជំនឿ​របស់​យើង

ជោគជ័យ​ជា​អ្នក​ផ្សព្វផ្សាយ​របស់​ពួកគេ​គឺ​ពុំ​អាច​បំភ្លេច​បាន​ទេ ។ មនុស្ស​រាប់​ពាន់​នាក់​បាន​ប្រែចិត្ត​ជឿ​លើ​មាគ៌ា​របស់​ព្រះអម្ចាស់ ។ ទោះជា​យ៉ាង​ណា ជាញឹកញាប់​យើង​ភ្លេច​ថា ពេល​ពួកគេ​បាន​ចាប់ផ្ដើម​បេសកកម្ម​របស់​ខ្លួន ពួកគេ « នឿយ​ណាយ​ក្នុង​ចិត្ត ហើយ [ ពួកគេ ] សឹង​តែ​ត្រឡប់​ទៅ​វិញ [ តែ ] ព្រះអម្ចាស់​ទ្រង់​បាន​កំសាន្ត​ចិត្ត [ ពួកគេ ] » ។ ពួកគេ​ត្រូវបាន​ទូន្មាន​ដោយ​ព្រះអម្ចាស់​ឲ្យ « ទ្រាំ​ដោយ​សេចក្ដី អត់ធ្មត់​នូវ​ការទុក្ខ​វេទនា​ទាំងឡាយ​របស់ [ ពួកគេ ] » ។១៣

ការសិក្សា​ព្រះគម្ពីរ​ប្រាប់​យើង​អំពី​ព្រះឆន្ទៈ​របស់​ព្រះ

ហេតុអ្វី​ការសាកល្បង​របស់​ពួកបុត្រា​នៃ​ម៉ូសាយ​បាន​ពង្រឹង​សេចក្ដី​ជំនឿ និង​ការប្ដេជ្ញា​ចិត្ត​របស់​ពួកគេ ជាជាង​បណ្ដាល​ឲ្យ​ពួកគេ​រអ៊ូរទាំ និង​សង្ស័យ ? គន្លឹះ​គឺ​ថា « ពួកគេ​បាន​មាំមួន​នៅក្នុង​ការស្គាល់​ពី​សេចក្ដីពិត ព្រោះ​ពួកគេ​ជា​មនុស្ស​ដែល​មាន​យោបល់​ដ៏​ជ្រាលជ្រៅ ហើយ​គេ​បាន​ព្យាយាម​ពិចារណា​មើល​បទគម្ពីរ ដើម្បី​ឲ្យ​គេ​អាច​ស្គាល់​ព្រះបន្ទូល​នៃ​ព្រះ » ។១៤ យើង​ទាំងអស់​គ្នា​នឹង​ប្រឈម​នឹង​ការសាកល្បង ហើយ​មាន​សំណួរ តែ​សូម​ចងចាំ​ថា យើង​ត្រូវតែ « កាន់​ដំបង​ដែក​យ៉ាង​ខ្ជាប់ខ្ជួន​ជានិច្ច »១៥ « ព្រះបន្ទូល​ទាំងឡាយ​នៃ​ព្រះគ្រីស្ទ​នឹង​ប្រាប់​ដល់ [ យើង ] នូវ​គ្រប់​អ្វី​ទាំងអស់ ដែល [ យើង ] ត្រូវ​ធ្វើ » ។១៦ យើង​ត្រូវតែ​ធ្វើ​ឲ្យ​ការសិក្សា​ព្រះគម្ពីរ​ជា​ផ្នែក​មួយ​ប្រចាំ​ថ្ងៃ​នៃ​ជីវិត​របស់​យើង ដោយ​វា​នឹង​បើក​ទ្វារ​វិវរណៈ ។

ការអធិស្ឋាន រួម​ជាមួយ​នឹង​ការតម​អារហារ អញ្ជើញ ឲ្យ​មាន​វិវរណៈ

សម្រាប់​ពួកបុត្រា​នៃ​ម៉ូសាយ « នេះ​ពុំ​ទាន់​អស់​នៅឡើយ​ទេ ពួកគេ​ប្រគល់​ខ្លួន​ទៅ​ក្នុង​ការអធិស្ឋាន និង​ការតម​អារហារ​ជា​ច្រើន ហេតុដូច្នេះ​ហើយ ពួកគេ​ប្រកប​ដោយ​វិញ្ញាណ​នៃ​ការព្យាករ » ។១៧ ការអធិស្ឋាន និង​ការតម​អារហារ នឹង​អនុវញ្ញាត​ឲ្យ​យើង​ងាយ​នឹង​ទទួល​បាន​ការបំផុស​ពី​ព្រះវិញ្ញាណ ។ ទំនាក់​ទំនង​ជាមួយ​ព្រះវរបិតាសួគ៌ ខណៈ​ដែល​តម​ពី​អាហារ និង​ភេស្ជជៈ​ដែល​ប្រកប​ដោយ​គោលបំណង អនុញ្ញាត​ឲ្យ​យើង « ដោះ​ច្រវាក់​អំពើ​អាក្រក់ [ ហើយ ] ស្រាយ​ចំណង » ។១៨ ការអធិស្ឋាន រួម​ជាមួយ​នឹង​ការតម​អាហារ នឹង​ផ្ដល់​ឲ្យ​យ៉ាង​ដូច្នោះ ពេល​យើង « អំពាវនាវ… ព្រះយេហូវ៉ា​ទ្រង់​នឹង​តប​ឆ្លើយ… [ ហើយ​នៅពេល​យើង ] ស្រែករក នោះ…​ទ្រង់​នឹង​មាន​បន្ទូល​ថា យើង​នៅ​ឯណេះ​ហើយ » ។១៩

បែរ​ទៅរក​ទ្រង់

ទម្លាប់​ខាង​សាសនា​ផ្ទាល់​ខ្លួន​ទាំងនេះ—មាន​ការគោរព​ប្រតិបត្តិ ការសិក្សា​ព្រះគម្ពីរ ការអធិស្ឋាន និង​ការតម​អារហារ—បាន​ពង្រឹង​ពួកបុត្រា​របស់​ម៉ូសាយ ។ ភាពខ្វះខាត​នៃ​ទម្លាប់​ខាង​សាសនា​ផ្ទាល់​ខ្លួន​ទាំងនេះ ជា​មូលហេតុ​ចម្បង​ដែល​លេមិន និង​លេមយួល ត្រូវបាន​ទុក​ឲ្យ​រងគ្រោះ​ដោយ​ការល្បួង​នៃ​ការរអ៊ូរទាំ និង​ការសង្ស័យ ។

បើ​អ្នក​ត្រូវបាន​ល្បួង​ឲ្យ​រអ៊ូរទាំ បើ​អ្នក​មាន​ការសង្ស័យ​ដែល​នាំ​ឲ្យ​មាន​ការឥត​ជំនឿ បើ​ការសាកល្បង​ហាក់​ធ្ងន់ធ្ងរ​ជាង​ដែល​អ្នក​អាច​ទ្រាំទ្រ​បាន នោះ​សូម​បែរ​ទៅរក​ទ្រង់ ។ បើ​អ្នក​ជា​មនុស្ស​ម្នាក់​ដែល​បាន​បែរ​ចេញ ឬ​ដោះសារ​ពី​ការប្រព្រឹត្តិ​របស់​អ្នក នោះ​សូម​បែរ​មករក​ទ្រង់ ។ តើ​អ្នក​ចងចាំ​ពេល​ដែល​ទ្រង់​បាន « និយាយ​ដោយ​ភាពសុខសាន្ត​ដល់​គំនិត…  ? តើ​អ្នក​អាច​មាន​សាក្សី​ឯណា​ដែល​អស្ចារ្យ​ជាង​សាក្សី​មក​ពី​ព្រះ ? »២០ សូម​សួរ​ខ្លួនឯង​ថា « តើ​ខ្ញុំ​កំពុង​រស់នៅ​ជិត​នឹង​ដូច​ព្រះគ្រីស្ទ ដូច​ជា​ខ្ញុំ​បាន​រស់នៅ​ពីមុន​ដែរ​ឬ​ទេ ? » សូម​បែរ​ទៅរក​ទ្រង់ ។

សូម​ឲ្យ​ខ្ញុំ​ត្រឡប់​ទៅ​រឿង​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​វិញ ។ នៅទីបំផុត ខ្ញុំ​បាន​ចាប់ផ្ដើម​ស្មោះ​អស់​ពី​ចិត្ត ។ ខ្ញុំ​ចងចាំ ពេល​ដែល​អ្នក​ផ្សព្វផ្សាយ​ដែល​បង្រៀន​ខ្ញុំ បានសួរ​ខ្ញុំ​ថា​បើ​ខ្ញុំ​ត្រៀម​រួចរាល់​ដើម្បី​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ហើយ​ឬ​នៅ ។ ខ្ញុំ​បាន​ឆ្លើយតប​ថា ខ្ញុំ​នៅតែ​មាន​សំណួរ​ខ្លះៗ ។ អ្នក​ផ្សព្វផ្សាយ​ដ៏​ឆ្លាតវៃ​នេះ បាន​ប្រាប់​ខ្ញុំ​ថា គាត់​អាច​ឆ្លើយ​សំណួរ​ទាំងនោះ តែ​ខ្ញុំ​ត្រូវ​ឆ្លើយ​សំណួរ​គាត់​មុន​សិន ។ គាត់​បាន​សួរ​ខ្ញុំ ថា​បើ​ព្រះគម្ពីរ​មរមន​ពិត ហើយ​បើ យ៉ូសែប ស្ម៊ីធ ជា​ព្យាការី​ឬ​ទេ ។ ខ្ញុំ​បាន​ប្រាប់​គាត់​ថា ខ្ញុំ​ពុំ​បាន​ដឹង​ទេ តែ​ខ្ញុំ​ចង់​ដឹង ។

សំណួរ​ទាំងឡាយ​របស់​ខ្ញុំ​បាន​នាំ​ឲ្យ​មាន​សេចក្ដី​ជំនឿ​ដែល​កាន់តែ​កើន​ឡើង ។ សម្រាប់​ខ្ញុំ ចម្លើយ​បាន​មក ពុំមែន​ជា​ព្រឹត្តិការណ៍​មួយ​ទេ តែ​ជា​ដំណើរការ​មួយ ។ ខ្ញុំ​បាន​កត់​សម្គាល់​ថា ពេល​ខ្ញុំ​បាន​ធ្វើ « ការពិសោធន៍​ដល់​ពាក្យ​សម្ដី [ នោះ ] » ហើយ​ចាប់ផ្ដើម « អនុវត្ត​សេចក្ដី​ជំនឿ​មួយ​ភាគ​តូច » នោះ​ព្រះគម្ពីរ​មរមន​បាន​ក្លាយ​ជា « មាន​រសជាតិ​ឆ្ងាញ់​ចំពោះ​ខ្ញុំ » ហើយ​វា​ពិត​ជា « បំភ្លឺ​យោបល់​របស់​ខ្ញុំ » និង​ពិតជា​បាន « ពង្រីក​ព្រលឹង​ខ្ញុំ » ។ នៅទីបំផុត ខ្ញុំ​បាន​ទទួល​បទពិសោធន៍​នោះ ដែល​ព្រះគម្ពីរ​ពិពណ៌នា ថា​ជា​ការរីក​ឡើង​នៅក្នុង​ទ្រូង​របស់​អ្នក ។២១ វា​គឺ​នៅ​ពេល​នោះ​ហើយ ដែល​ខ្ញុំ​បាន​មាន​បំណង​ប្រាថ្នា​ទទួល​បុណ្យ​ជ្រមុជទឹក ហើយ​ប្ដេជ្ញា​ជីវិត​ខ្ញុំ​ចំពោះ​ព្រះយេស៊ូវគ្រីស្ទ ។

ខ្ញុំ​ពិត​ជា​ដឹង​ថា ព្រះគម្ពីរ​មរមន​គឺ​ជា​ព្រះបន្ទូល​នៃ​ព្រះ ។ ខ្ញុំ​ដឹង​ថា យ៉ូសែប ស្ម៊ីធ គឺជា​ព្យាការី ។ អូ៎ ខ្ញុំ​នៅតែ​មាន​រឿង​ទាំងឡាយ​ដែល​ខ្ញុំ​ពុំ​យល់​ច្បាស់ តែ​ទីបន្ទាល់​របស់​ខ្ញុំ​អំពី​សេចក្ដីពិត បាន​ធ្វើ​ឲ្យ​ខ្ញុំ​ខិត​កាន់តែ​ជិត​នឹង​ព្រះអង្គ​សង្គ្រោះ ហើយ​ស្ថាបនា​សេចក្ដី​ជំនឿ​ខ្ញុំ ។

បងប្អូន​ប្រុសស្រី សូម​ចងចាំ​ថា នីហ្វៃ និង​ពួកបុត្រា​នៃ​ម៉ូសាយ មាន​បទពិសោធន៍​ខាង​វិញ្ញាណ ហើយ​បាន​អនុវត្ត​ក្នុង​សេចក្ដី​ជំនឿ ដើម្បី​ទទួល​បាន​ចម្លើយ និង​ភាពស្មោះត្រង់​របស់​ពួកគេ​បាន​លូតលាស់​ឡើង ។ ផ្ទុយ​ពី​លេមិន និង​លេមយួល ដែល​សង្ស័យ និង​រអ៊ូរទាំ ។ ថ្វីបើ​ពេលខ្លះ ពួកគេ​បាន​ប្រព្រឹត្តិ​ក្នុង​របៀប​ដ៏​សម ក៏​សេចក្ដី​ជំនឿ​ដែល​ឥត​មាន​ការប្រព្រឹត្ត​តាម នោះ​ឈ្មោះ​ថា​ស្លាប់​ហើយ ។ យើង​ត្រូវតែ​មាន​សេចក្ដី​ជំនឿ​ជាមួយ​នឹង​ការប្រព្រឹត្ត​តាម ដើម្បី​ទទួល​បាន​ចម្លើយ ។

ខ្ញុំ​សង្ឃឹម​ថា ពេល​អ្នក​បានស្ដាប់​នា​ព្រឹក​នេះ​ហើយ ថា​ព្រះវិញ្ញាណ​បាន​បំផុស​គំនិត និង​ដួងចិត្ត​អ្នក នូវ​អ្វីមួយ​ដែល​អ្នក​អាច​ធ្វើ ដើម្បី​អ្នក​បាន​ទទួល​ចម្លើយ​សម្រាប់​សំណួរ​របស់​អ្នក ឬ​រកឃើញ​ដំណោះ​ស្រាយ​ដ៏​បំផុស​មួយ​ចំពោះ​បញ្ហា​ដែល​អ្នក​ប្រឈម ។ ខ្ញុំ​ថ្លែង​ជា​សាក្សី​ដ៏​រឹងមាំ​មួយ​ថា ព្រះយេស៊ូវ​ជា​ព្រះគ្រីស្ទ ។ សូម​បែរ​មករក​ទ្រង់ ហើយ​ការអធិស្ឋាន​របស់​អ្នក​នឹង​បាន​ឆ្លើយ ។ ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។