ឆ្នាំ ២០១០-២០១៩
បន្ទន់​ចិត្ត​របស់​យើង​ទៅ​រក​ព្រះ
តុលា 2015


បន្ទន់​ចិត្ត​របស់​យើង​ទៅ​រក​ព្រះ

នៅ​ពេល​យើង​បើក​ចិត្ត​ យើង​ទៅ​រក​ព្រះវិញ្ញាណ នោះ​យើង​រៀន​អំពី​របៀប​របស់​ព្រះអម្ចាស់ ហើយ​ស្គាល់​ព្រះឆន្ទៈ​ទ្រង់ ។

អែលឌើរ ដាល្លិន អេក អូក បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​ទូទៅ​ខែ​មេសា​អំពី​តម្រូវការ « ដើម្បី​កែតម្រង់​ជីវិត​របស់​យើង​ផ្ទាល់ » ។ ខ្ញុំ​សូម​ទទួល​ស្គាល់​ថា ការកែតម្រង់​ផ្ទាល់ខ្លួន​នោះ ចាប់ផ្ដើម​ជាមួយ​ការផ្លាស់ប្ដូរ​ក្នុង​ដួងចិត្ត—ទោះជា​ជីវិត​អ្នក​ជួប​ប្រទះ​អ្វី ឬ អ្នក​កើត​នៅ​ទី​ណា​ក៏​ដោយ ។

ខ្ញុំ​ជា​អ្នក​ស្រុក​ភាគ​ខាង​ត្បូង​នៃ​សហរដ្ឋ​អាមេរិក ហើយ​កាល​ខ្ញុំ​នៅ​ជា​យុវវ័យ ទំនុកបទ​នៃ​ទំនុកតម្កើង​ពួក​ប្រូតេស្ដង់ បាន​បង្រៀន​ខ្ញុំ​អំពី​ដួងចិត្ត​នៃ​សិស្ស​ដ៏​ពិត​ម្នាក់—ជា​ម្នាក់​ដែល​បាន​កែប្រែ ។ សូម​គិត​អំពី​ទំនុកបទ​ដ៏​ពិរោះនេះ​ចំពោះ​ខ្ញុំ ៖

ឱ​ព្រះអម្ចាស់​អើយ សូម​ធ្វើ​តាម​ព្រះទ័យ​ទ្រង់​ចុះ !

សូម​ធ្វើ​តាម​ព្រះទ័យ​ទ្រង់​ចុះ !

ទ្រង់ជា​ជាង​ស្មូន

ឯ​ទូលបង្គំ​ជា​ដីឥដ្ឋ

ចាក់​ពុម្ព​​ទូលបង្គំ ហើយសូន​ទូលបង្គំ

តាមព្រះទ័យ​ទ្រង់ចុះ

ទូលបង្គំ​​​នៅរង់ចាំ

​ដោយ​ទន់​ចិត្ត និង ដោយ​សុខសាន្ត ។

តើ​យើង​ដែល​ជា​មនុស្ស​សម័យ​ថ្មី មមាញឹក និង មាន​ការប្រកួតប្រជែង​នេះ អាច​ប្រែ​ជា​ទន់​ចិត្ត ហើយ​មាន​ភាពសុខសាន្ត​តាម​រៀប​ណា ? តើ​យើង​ធ្វើ​ឲ្យ​របៀប​របស់​ព្រះអម្ចាស់ ក្លាយ​ជា​របៀប​របស់​យើង​យ៉ាង​ដូចម្ដេច ? ខ្ញុំ​ជឿ​ថា យើង​ចាប់ផ្ដើម​ដោយ​ការរៀន​អំពី​ទ្រង់ និង ការអធិស្ឋាន​ដើម្បី​បាន​ការយល់ដឹង ។ ពេល​យើង​កាន់តែ​ទុកចិត្ត​លើ​ទ្រង់ នោះ​យើង​បើក​ចិត្ត​យើង ព្យាយាម​ធ្វើតាម​ព្រះឆន្ទៈ​ទ្រង់ ហើយ​រង់ចាំ​ចម្លើយ​ដែល​នឹង​ជួយ​យើង​ឲ្យ​យល់​ដឹង ។

ការផ្លាស់ប្តូរ​ចិត្ត​គំនិត​ផ្ទាល់​របស់​ខ្ញុំ​ចាប់ផ្ដើម​កាល​ខ្ញុំ​អាយុ ១២ ឆ្នាំ ពេល​​ខ្ញុំ​បាន​ចាប់ផ្ដើម​ស្វែងរក​ព្រះ ។ ក្រៅ​ពី​ការពោល​ពាក្យ​អធិស្ឋាន​របស់​ព្រះអម្ចាស់​ដដែលៗ ខ្ញុំ​ពិតជា​មិន​ចេះ​អធិស្ឋាន​នោះ​ទេ ។ ខ្ញុំ​នៅ​ចាំ​ពេល​ខ្ញុំ​លុត​ជង្គង់​អធិស្ឋាន ដោយ​សង្ឃឹម​ថា​អាច​ទទួល​អារម្មណ៍​ពី​សេចក្ដី​ស្រឡាញ់​ទ្រង់ ដោយ​សួរ​ថា « ព្រះវរបិតាសួគ៌​អើយ តើ​ទ្រង់​គង់​នៅ​ទី​ណា ? ខ្ញុំ​ម្ចាស់​ដឹង​ថា ទ្រង់​គង់​នៅ​ទីណា​មួយ​ជា​មិន​ខាន ប៉ុន្តែ​តើ​ទី​ណា​ទៅ ? » ខ្ញុំ​បាន​ទូល​សួរ​ពេញ​មួយ​ភាពវ័យ​ជំទង់​របស់​ខ្ញុំ ។ ខ្ញុំ​ពិត​ជា​ស្គាល់​អំពី​ភាពពិត​បន្តិចបន្តួច​នៃ​ព្រះយេស៊ូវគ្រីស្ទ ប៉ុន្តែ ដោយប្រាជ្ញា​ទ្រង់ ព្រះវរបិតាសួគ៌​​​បាន​ទុក​ឲ្យ​ខ្ញុំ​ស្វែងរក ហើយ​រង់ចាំ​អស់​ពេល ១០ ឆ្នាំ ។

ក្នុង​ឆ្នាំ ១៩៧០ ពេល​អ្នក​ផ្សាយ​សាសនា​បាន​បង្រៀន​ខ្ញុំ​អំពី​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​របស់​ព្រះវរបិតា និង ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ នោះ​ការរង់ចាំ​របស់​ខ្ញុំ​បាន​បញ្ចប់ ។ ខ្ញុំ​ឱប​ក្រសោប​យក​សេចក្ដីពិត​ទាំងនេះ ហើយ​ទទួល​បុណ្យ​ជ្រមុជទឹក ។

យោង​តាម​ចំណេះដឹង​អំពី​សេចក្ដី​មេត្តា និង ព្រះចេស្ដា​នៃ​ព្រះអម្ចាស់ នោះ​ស្វាមី​ខ្ញុំ កូនៗ និង ខ្ញុំ​បាន​ជ្រើសរើស​បាវចនា​គ្រួសារ​ដូចនេះ ៖ « អ្វី​គ្រប់​យ៉ាង​នឹង​ដំណើរការ​ទៅ​បាន​យ៉ាង​ល្អ » ។ ប៉ុន្តែ តើ​យើង​អាច​ពោល​ពាក្យ​ទាំងនេះ​ទៅ​កាន់​មនុស្ស​ម្នាក់​ទៀត ដែល​មាន​ទុក្ខ​ដ៏​ធំ ហើយ​ពុំ​ទទួល​បាន​ចម្លើយ យ៉ាង​ដូចម្ដេច​ទៅ ?

នៅ​ពេល​កូនស្រី​គួរ​ឲ្យ​ស្រឡាញ់ និង មាន​តម្លៃ​របស់​យើង​ឈ្មោះ ចចចារ អាយុ ២១ ឆ្នាំ ស្នាក់​នៅ​ក្នុង​មន្ទីរពេទ្យ​បន្ទាប់​ពី​មាន​គ្រោះថ្នាក់ដ៏​ធ្ងន់ធ្ងរ​មួយ​​ដោយការ​​ជិះកង់​ គ្រួសារ​យើង​បាន​ពោល​ថា « អ្វី​គ្រប់​យ៉ាង​នឹង​ដំណើរការ​ទៅ​បាន​យ៉ាង​ល្អ » ។ កាល​ខ្ញុំ​ជិះ​យន្តហោះ​ពី​បេសកកម្ម​នៅ​ប្រទេស​ប្រេស៊ីល ទៅ​ទីក្រុង អ៊ិនឌីអាណាផូលី រដ្ឋ អ៊ិនឌីអាណា ស.រ.អា ដើម្បី​មើល​ថែ​នាង នោះ​ខ្ញុំ​បាន​ជឿ​លើ​បាវចនា​នៃ​គ្រូសារ​យើង ។ យ៉ាង​ណា​ក៏​ដោយ កូនស្រី​ជា​ទីស្រឡាញ់​យើង បាន​ឆ្លង​ទៅ​ពិភព​វិញ្ញាណ នៅ​តែ​ប៉ុន្មាន​ម៉ោង​ពីមុន​យន្តហោះ​ចុះ​ចត ។ ភាពសោកសៅ និង ការរន្ធត់ចិត្ត​បាន​ជ្រាប​ចូល​គ្រួសារ​យើង​ដូចជា​ចរន្ត​អគ្គិសនី តើ​យើង​អាច​មើល​ទៅ​គ្នា ហើយ នៅ​តែ ពោល​ពាក្យ​ថា « អ្វី​គ្រប់​យ៉ាង​នឹង​ដំណើរការ​ទៅ​បាន​យ៉ាង​ល្អ » បាន​យ៉ាង​ដូចម្ដេច​ទៅ ? »

បន្ទាប់​ពី ចចចារ បាន​ស្លាប់​ទៅ យើង​មាន​អារម្មណ៍​ឈឺចាប់ យើង​ពុះពារ​រហូត​ដល់​សព្វថ្ងៃ​នេះ យើង​នៅ​តែ​មាន​គ្រា​សោកសៅ​ដ៏​ធំ ប៉ុន្តែ យើង​កាន់ខ្ជាប់​ទៅ​នឹង​ការយល់​ដឹង​មួយ​ថា គ្មាន​នរណា​ម្នាក់​ស្លាប់​ជា​រៀង​រហូត​នោះ​ទេ ។ ទោះជា​មាន​ការប៉ះទង្គិច​ចិត្ត​នៅ​ពេល​រូបកាយ​សាច់ឈាម​របស់ ចចចារ ឈប់​មាន​ចលនា​ក្ដី ក៏​យើង​មាន​សេចក្ដី​ជំនឿ​ថា នាង​បាន​ទៅ​រស់នៅ​ជា​វិញ្ញាណ ហើយ​យើង​ជឿ​ថា យើង​នឹង​រួម​រស់​នឹង​នាង​អស់កល្ប​ជានិច្ច បើ​យើង​កាន់ខ្ជាប់​ទៅ​នឹង​សេចក្ដី​សញ្ញា​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ សេចក្ដី​ជំនឿ​លើ​ការប្រោសលោះ​យើង និង ការមាន​ព្រះជន្មរស់​ឡើង​វិញ សេចក្ដី​ជំនឿ​លើ​អំណាច​បព្វជិតភាព​ទ្រង់ និង សេចក្ដី​ជំនឿ​លើ​ការផ្សារភ្ជាប់​ដ៏​អស់កល្ប​អនុញ្ញាត​ឲ្យ​យើង​ថ្លែង​បាវចនា​របស់​យើង​ដោយ​ការជឿជាក់ ។

ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បាន​មាន​ប្រសាសន៍ ៖ « បើ​អ្នក​ធ្វើ​អស់​ពី​សមត្ថភាព អ្វី​គ្រប់​យ៉ាង​នឹង​ដំណើរការ​ទៅ​បាន​យ៉ាង​ល្អ ។ ចូរ​ទុកចិត្ត​លើ​ព្រះ … ព្រះអម្ចាស់​នឹង​មិន​បោះបង់​យើង​ចោល​ឡើយ » ។

បាវចនា​នៃ​គ្រួសារ​យើង​ពុំ​ចែង​ថា « អ្វី​គ្រប់​យ៉ាង​នឹង​ដំណើរការ​ទៅ​បាន​យ៉ាង​ល្អ នា​ពេល​ឥឡូវ​នេះ​ នោះ​ទេ » ។ វា​សំដៅ​លើ​សេចក្ដី​សង្ឃឹម​របស់​យើង​ទៅលើ​​លទ្ធផល​ដ៏​អស់កល្ប— ​ពុំ​ចាំបាច់​ជា​លទ្ធផល​នា​ពេល​បច្ចុប្បន្ន​ឡើយ ។ បទគម្ពីរ​ចែង​ថា « ចូរ​ព្យាយាម​ស្វែងរក ចូរ​អធិស្ឋាន​ជានិច្ច ហើយ​ចូរ​មាន​ជំនឿ ហើយ​គ្រប់​ការណ៍​ទាំងអស់​ផ្សំ​គ្នា សម្រាប់​សេចក្ដីល្អ​ដល់​អ្នក » ។  វា​ពុំ​បាន​ចែង​ថា អ្វី​គ្រប់​យ៉ាង គឺ​សុទ្ធតែ ល្អ​នោះ​ទេ ប៉ុន្តែ ចំពោះ​មនុស្ស​មាន​ចិត្ត​ទន់ទាប ហើយ​ស្មោះត្រង់ នោះ​ការណ៍​ទាំងអស់—ទាំង​ការណ៍​វិជ្ជមាន និង អវិជ្ជមាន—ធ្វើការ ផ្សំគ្នា សម្រាប់​សេចក្ដីល្អ ហើយ​ការកំណត់វេលា​គឺ​ជា​របស់​ផង​ព្រះអម្ចាស់ ។ យើង​រង់ចាំ​ទ្រង់ ពេល​ខ្លះ​ដូចជា យ៉ូប ក្នុង​ការរងទុក្ខ គាត់​ដឹង​ថា ​ព្រះ « ធ្វើ​ឲ្យ​មាន​របួស រួច​ក៏​រុំ​ឲ្យ ទ្រង់​វាយ​កំទេច ហើយ​ព្រះហស្ត​ទ្រង់​ក៏​មើល​ឲ្យ​ជា​ឡើង​វិញ » ។ ដួងចិត្ត​ទន់ទាប​ទទួល​យក​ការសាកល្បង និង ការរង់ចាំ​គ្រា​នៃ​ការព្យាបាល និង ការសះស្បើយ​ឡើង​វិញ ។

នៅ​ពេល​យើង​បើក​ចិត្ត​ យើង​ទៅ​រក​ព្រះវិញ្ញាណ នោះ​យើង​រៀន​អំពី​របៀប​របស់​ព្រះអម្ចាស់ ហើយ​ស្គាល់​ព្រះឆន្ទៈ​ទ្រង់ ។ អំឡុង​ពេល​សាក្រាម៉ង់ ដែល​ខ្ញុំ​ហៅ​ថា​ជា​ពិធី​សំខាន់​នៃ​ថ្ងៃ​ឈប់​សម្រាក ខ្ញុំ​បាន​ឃើញ​ថា បន្ទាប់​ពី​បាន​អធិស្ឋាន​សូម​ការអត់ទោស​ពី​បាប ខ្ញុំ​​ត្រូវបាន​ណែនាំ​ឲ្យ​ទូល​សួរ​ព្រះវរបិតាសួគ៌​ថា « បិតា តើ​មានអ្វីទៀត ? » ពេល​យើង​មាន​ចិត្ត​ទន់ទាប និង សុខសាន្ត នោះ​ចិត្ត​យើង​អាច​ត្រូវបាន​ដឹកនាំ​ទៅ​រក អ្វី​ច្រើនទៀត ដែល​យើងចាំបាច់​ត្រូវ​​កែប្រែ—ជា​អ្វី​​ដែល​​ដាក់កំហិត​ដល់​​សមត្ថភាព​យើង ឲ្យ​ទទួល​បាន​ការណែនាំ​ខាង​វិញ្ញាណ ឬ ព្រមទាំង​ការព្យាបាល និង ជំនួយនោះ ។

ឧទាហរណ៍ ប្រហែល​ខ្ញុំ​មាន​ការថ្នាំងថ្នាក់​ចិត្ត​ដែល​លាក់​ទុក​ចំពោះ​នរណា​ម្នាក់ ។ ពេល​ខ្ញុំ​ទូល​សួរ​ថា​តើ​មាន​អ្វី​ទៀត​ដែល​ខ្ញុំ​ត្រូវ​សារភាព​ឬ​ទេ « រឿង​សម្ងាត់ » នោះ លេច​ធ្លោ​ឡើង​ក្នុង​ខួរ​ក្បាល​ខ្ញុំ ។ ដែល​សំខាន់​នោះ​គឺ​ព្រះវិញ្ញាណ​កំពុង​ខ្សឹប​ប្រាប់​ថា « អ្នក​បាន​ទូល​សូម​ដោយ​ស្មោះ ថាតើ​មាន​អ្វី​ដែល​អ្នក​អាច ធ្វើ​បាន​ទៀត​ឬ​ទេ នេះ​នែ​ជា​អ្វី​ទាំង​នោះ​ហើយ ។ ការថ្នាំងថ្នាក់​ចិត្ត​របស់​អ្នក​បាន​កាត់​បន្ថយ​ភាពរីកចម្រើន​អ្នក ហើយ​បំផ្លាញ​សមត្ថភាព​មិន​ឲ្យ​មាន​ទំនាក់ទំនង​មួយ​ដ៏​ល្អ ។ អ្នក​អាច​បំភ្លេច​វា​បាន » ។ ឱ នេះ​ជា​រឿង​ពិបាក​ធ្វើ​ណាស់—យើង​អាច​មាន​អារម្មណ៍​ថា​ យើង​ធ្វើ​ត្រូវ​ក្នុង​ការគុំកួន​នេះ—ប៉ុន្តែ ការបន្ទន់​ចិត្ត​ទៅ​រក​របៀប​របស់​ព្រះអម្ចាស់ គឺ​ជា​វិធី​តែ​មួយ​គត់​ដែល​នាំ​ទៅ​រក​សុភមង្គល​ជា​រៀង​រហូត ។

បន្តិចម្ដងៗ យើង​ទទួល​បាន​ភាពរឹងមាំ និង ការដឹកនាំ​ដ៏​សប្បុរស​ពី​ទ្រង់—ដែល​អាច​ដឹកនាំ​យើង​ឲ្យ​ទៅ​ព្រះវិហារ​បរិសុទ្ធ ឬ សិក្សា​កាន់តែ​ស៊ីជម្រៅ​អំពី​ដង្វាយធួន​នៃ​ព្រះអង្គ​សង្គ្រោះ ឬ ពិគ្រោះ​ជាមួយ​មិត្តភក្ដិ ប៊ីស្សព អ្នក​ប្រឹក្សា​ជំនាញ ឬ វេជ្ជបណ្ឌិត ។ ការព្យាបាល​ដួងចិត្ត​យើង​ចាប់ផ្ដើម​នៅ​ពេល​យើង​ចុះចូល ហើយ​ថ្វាយបង្គំ​ព្រះ ។

ការថ្វាយបង្គំ​ចាប់ផ្ដើម​នៅ​ពេល​ដួងចិត្ត​យើង​ស្មោះត្រង់​ចំពោះ​ព្រះវរបិតា និង ព្រះរាជបុត្រា ។ តើ​ដួងចិត្ត​យើង​មាន​សភាព​បែប​ណា​សព្វថ្ងៃ​នេះ ? វា​ជា​រឿង​អស្ចារ្យ ​ដើម្បី​មាន​ដួងចិត្ត​ផ្សះផ្សារ ហើយ ស្មោះត្រង់ យើង​ត្រូវតែ​ទុក​ឲ្យ​វា​មាន​សភាព​សង្រេង​នៅ​ចំពោះ​ព្រះអម្ចាស់ ។ « អ្នក​រាល់គ្នា​ត្រូវ​ថ្វាយ​ដល់​យើង​នូវ​ចិត្ត​សង្រេង និង វិញ្ញាណ​ទន់ទាប » ព្រះអម្ចាស់​មាន​បន្ទូល​ដូច្នេះ ។ លទ្ធផល​នៃ​ការថ្វាយ​ដួងចិត្ត ឬ ឆន្ទៈ​របស់​យើង​ដល់​ព្រះអម្ចាស់​គឺ​ថា ​យើង​ទទួល​បាន​ការណែនាំ​ខាង​វិញ្ញាណ​ដែល​យើង​ត្រូវការ ។

ដោយ​មាន​ការយល់ដឹង​អំពី​ព្រះគុណ និង ក្ដី​មេត្តា​របស់​ព្រះអម្ចាស់ នោះ​យើង​នឹង​ឃើញ​ថា​ចិត្ត​រឹងទទឹង​របស់​យើង​ចាប់ផ្ដើម​ទន់ ហើយ​មាន​សភាព​សង្រេង​ដោយ​អំណរគុណ ។ បន្ទាប់​មក យើង​ស្វែងរក​ទ្រង់ ដោយ​បន្ទន់​ចិត្ត​យើង​ដើម្បី​ដាក់​នឹម​ខ្លួន​ជាមួយ​នឹង​ព្រះរាជបុត្រា​បង្កើត​តែ​មួយ​នៃ​ព្រះ ។ ក្នុង​ដួងចិត្ត​សង្រេង​ដែល​ស្វែងរក និង ជាប់​នឹម​របស់​យើង នោះ​យើង​ទទួល​បាន​សេចក្ដី​សង្ឃឹម និង ការណែនាំ​ថ្មីៗ តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

ខ្ញុំ​បាន​ពុះពារ​លុប​បំបាត់​បំណង​ប្រាថ្នា ដែល​ចង់​ធ្វើ​អ្វី​គ្រប់​យ៉ាង​តាម​របៀប​ របស់​ខ្ញុំ ​នៅ​ទីបំផុត ខ្ញុំ​ទទួល​ស្គាល់​ថា របៀប​របស់​ខ្ញុំ​គឺ​ខ្វះ​ចន្លោះមាន​ដែន​កំណត់ ហើយ​អន់​ជាង​របៀប​របស់​ព្រះយេស៊ូវគ្រីស្ទ ។ របៀប «  របស់​ទ្រង់ គឺ​ជា​មាគ៌ា​នាំ​ទៅ​រក​សុភមង្គល ក្នុង​ជីវិត​នេះ និង ជីវិត​អស់កល្ប​ជានិច្ច​ក្នុង​ពិភព​ខាង​មុខ » ។ តើ​យើង​អាច​ស្រឡាញ់​ព្រះយេស៊ូវគ្រីស្ទ និង របៀប​របស់​ទ្រង់ ឲ្យ​បាន​ច្រើន​ជាង​យើង​ស្រឡាញ់​ខ្លួន​យើង និង ផែនការ​របស់​យើង​ដែរ​ឬ​ទេ ?

មនុស្ស​ខ្លះ​អាច​គិត​ថា ខ្លួន​គេ​បរាជ័យ​ច្រើន​ពេក​ហើយ ហើយ​មាន​អារម្មណ៍​ថា​ទន់ខ្សោយ​ពេក​ហើយ​ដើម្បី​ផ្លាស់ប្ដូរ​ទង្វើ​ប្រកប​ដោយ​អំពើ​បាប ឬ បំណង​ប្រាថ្នា​នៃ​ដួងចិត្ត​ខាង​លោកិយ ។ យ៉ាង​ណា​ក៏​ដោយ ក្នុង​នាម​ជា​រាស្ត្រ​អ៊ីស្រាអែល​ជាប់​សេចក្ដី​សញ្ញា យើង​ពុំ​គ្រាន់តែ​ព្យាយាម​ហើយ​ព្យាយាម​ទៀត​​ដោយ​ខ្លួន​យើង​​ដើម្បី​ផ្លាស់ប្ដូរ​នោះ​ទេ ។ បើ​យើង​ទូល​អង្វរ​ដល់​ព្រះ ទ្រង់​នឹង​ទទួល​យើង—ហើយ​ធ្វើ​ឲ្យ​យើង​ប្រសើរ​ជាង​អ្វី​ដែល​យើង​ធ្លាប់​គិត​ទៅ​ទៀត ។ អ្នក​ប្រាជ្ញ​ខាង​សាសនា រ៉ូប៊ឺត អិល មិល្លីត សរសេរ​អំពី « បំណងប្រាថ្នា​ល្អ​ដែល​ត្រូវ​បង្កើន » ត្រូវបាន​ថ្លឹងថ្លែង​ជាមួយ « ការអះអាង​ខាង​វិញ្ញាណ ដែល​នៅ​ក្នុង ហើយ​តាមរយៈ​ព្រះយេស៊ូវគ្រីស្ទ យើង​នឹង​អាច​សម្រេច​វា​បាន » ។ ដោយ​មាន​ការយល់ដឹង​បែបនេះ យើង​អាច​ទូល​ដោយ​ស្មោះ​ទៅ​កាន់​ព្រះវរបិតាសួគ៌​ដូចនេះ ៖

ខ្ញុំ​នឹង​ទុកចិត្ត​ទាំងស្រុង​ទៅ​លើ​ព្រះអង្គ

ដឹង​ថា​ព្រះអង្គ​ស្រឡាញ់​ខ្ញុំ

ខ្ញុំ​ធ្វើ​តាម​ព្រះទ័យ​ដោយ​ឥត​សៅហ្មង ៖

ខ្ញុំ​នឹង​ធ្វើ​ដែល​ទ្រង់​ឲ្យ​ខ្ញុំ​ធ្វើ ។១០

នៅ​ពេល​យើង​ថ្វាយ​ចិត្ត​សង្រេង​របស់​យើង​ដល់​ព្រះយេស៊ូវគ្រីស្ទ ទ្រង់​ទទួល​យក​ដង្វាយ​របស់​យើង ។ ទ្រង់​ទទួល​យើង​ទៅ​វិញ ។ មិន​ថា​អ្វី​ដែល​បាត់បង់ មាន​របួស និង ទំនាស់​ដែល​យើង​រងការឈឺចាប់​នោះ​ទេ ក៏​ព្រះគុណ និង ការព្យាបាល​ទ្រង់​មាន​ឫទ្ធានុភាព​ជាង​អ្វី​ទាំងអស់ ។ ពេល​យើង​ដាក់​នឹម​ជាមួយ​ព្រះអង្គ​សង្គ្រោះ យើង​អាច​និយាយ​ដោយ​ទំនុកចិត្ត​ថា « អ្វី​គ្រប់​យ៉ាង​នឹង​ដំណើរការ​ទៅ​បាន​យ៉ាង​ល្អ » ។ នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

កំណត់​ចំណាំ

  1. ដាល្លិន អេក អូក « The Parable of the Sower, » Liahona  ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ៣២ ។

  2. « Have Thine Own Way, Lord » ទំនុកតម្កើង Cokesbury Worship លេខ ៧២ ។

  3. សូម​មើល ម៉ាថាយ ៦:៩-១៣

  4. ហ្គរដុន ប៊ី ហ៊ិងគ្លី Jordan Utah South regional conference, priesthood session ថ្ងៃ​ទី ១ ខែ មិនា ឆ្នាំ ១៩៩៧ សូម​មើល​ផងដែរ « Excerpts from Addresses of President Gordon B. Hinckley » Ensign ខែ តុលា ឆ្នាំ ២០០០ ទំព័រ ៧៣ ។

  5. គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩០:២៤  ។

  6. យ៉ូប ៥:១៨  ។

  7. នីហ្វៃទី៣ ៩:២០  ។

  8. « The Living Christ: The Testimony of the Apostles » Liahona ខែ មេសា ឆ្នាំ ២០០០ ទំព័រ ៣ ត្រូវបាន​គូសបញ្ជាក់ ។

  9. រ៉ូប៊ឺត អិល មិល្លីត After All We Can Do: Grace Works ( ឆ្នាំ ២០០៣ ) ទំព័រ ១៣៣ ។

  10. « ខ្ញុំ​នឹង​ទៅ​ដែល​ទ្រង់​ឲ្យ​ខ្ញុំ​ទៅ » ទំនុក​តម្កើង លេខ ១៦៨ ។