ឆ្នាំ ២០១០-២០១៩
អ្នក​មិន​ធ្វើ​កិច្ចការ​នេះ​តែ​ម្នាក់​ឯង​ឡើយ
តុលា 2015


អ្នក​មិន​ធ្វើ​កិច្ចការ​នេះ​តែ​ម្នាក់​ឯង​ឡើយ

នៅ​ពេល​អ្នក​ផ្លាស់​ពីរ​ការបម្រើ​បព្វជិតភាព​មួយ​ទៅ​ការ​បម្រើ​មួយ​ទៀត អ្នក​នឹង​ឃើញ​ព្រះអម្ចាស់​គង់​នៅ​ក្នុង​កិច្ចការ​ជាមួយ​នឹង​អ្នក ។

បងប្អូន​ប្រុស​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ យើង​មាន​អំណរ​គុណ​ដែល​ព្រះអម្ចាស់​បាន​ហៅ​អែលឌើរ រ៉ូណល អេ រ៉ាសបាន អែលឌើរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន និង​អែលឌើរ ដេល ជី រិនឡាន់ ជា​សាវក​របស់​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ដួងចិត្ត ការអធិស្ឋាន និង​សេចក្ដី​ជំនឿ​របស់​យើង​គាំទ្រ​ដល់​ពួក​គាត់ ។

យើង​ដឹង​ពី​សមត្ថភាព​ដ៏​អស្ចារ្យ​របស់​ពួកគាត់ ។ ប៉ុន្តែ​ពួកគាត់​នឹង​ត្រូវ​ការ​ការ​លើក​ទឹកចិត្ត​នៅ​ក្នុង​ការ​ហៅ​របស់​ពួកគាត់ ដូច​យើង​ទាំងអស់​គ្នា​ដែរ ថាព្រះអម្ចាស់​គង់​នៅ​ជាមួយ​ពួកគាត់​ក្នុង​កិច្ចការ​របស់​ទ្រង់ ។ ឌីកុន​ថ្មី​ត្រូវ​ការ​ភាព​ជឿ​ជាក់​នោះ ដូចគ្នា​នឹង​សង្ឃ​ជាន់​ខ្ពស់​ដែល​មាន​បទពិសោធន៍​ដែល​ទើប​ទទួល​ការ​ហៅ​ថ្មី​ដែរ ។

ភាព​ជឿ​ជាក់​នោះ​កើន​ឡើង​ពេល​អ្នក​បាន​ឃើញ​ថា ទ្រង់​បាន​ហៅ​អ្នក​តាមរយៈ​ពួក​អ្នក​បម្រើ​របស់​ទ្រង់ ។ ការ​លើក​ទឹកចិត្ត​របស់​ខ្ញុំ​គឺ​ដើម្បី​ជួយ​អ្នក​ឲ្យ​ដឹង​ថា ពេល​អ្នក​ធ្វើ​ផ្នែក​របស់​ខ្លួន នោះ​ព្រះអម្ចាស់​បន្ថែម​ព្រះចេស្ដា​របស់​ទ្រង់​ដល់​ការ​ខិតខំ​របស់​អ្នក ។

រាល់​ការហៅ​ដែល​យើង​ទទួល​នៅ​ក្នុង​នគរ​របស់​ព្រះអម្ចាស់​តម្រូវ​ឲ្យ​មាន​លើស​ពី​ការ​វិនិច្ឆ័យ និង​អំណាច​ផ្ទាល់​ខ្លួន​របស់​យើង​ទៅ​ទៀត ។ ការហៅ​ទាំងនោះ​តម្រូវ​ឲ្យ​មាន​ជំនួយ​ពី​ព្រះអម្ចាស់​ដែល​ទ្រង់​នឹង​ធ្វើ​ដូច្នោះ ។ សូម្បី​តែ​ឌីកុន​ថ្មី​នោះ​នឹង​រៀន​ថា ការណ៍​នោះ​ពិត ហើយ​គាត់​នឹង​បន្ត​រៀន​នៅ​ពេល​ខាង​មុខ​ទៀត ។

ចៅ​ប្រុស​ខ្ញុំ​ម្នាក់​បាន​នៅ​ទី​នេះ​ក្នុង​សម័យ​ប្រជុំ​បព្វជិតភាព​លើក​ទី​មួយ​របស់​គាត់​នារាត្រី​នេះ ។ គាត់​ត្រូវ​បាន​តែងតាំង​ជា​ឌីកុន​កាល​ពី​ប្រាំមួយ​ថ្ងៃ​មុន ។ គាត់​ប្រហែល​ជា​រំពឹង​ថា​ការ​បំពេញ​កាតព្វកិច្ច​បព្វជិតភាព​ដំបូង​របស់​គាត់​គឺ​ការ​ចែក​សាក្រាម៉ង់​នៅ​ថ្ងៃ​អាទិត្យ​ក្រោយ ។ ខ្ញុំ​សូម​អធិស្ឋាន​ថា គាត់​នឹង​ឃើញ​ពី​អត្ថន័យ​ពិត​នៃ​គ្រា​នោះ ។

គាត់​ប្រហែល​ជា​គិត​ថា​កិច្ចការ​របស់​គាត់​សម្រាប់​ព្រះអម្ចាស់​គឺ ការ​ចែក​ថាស​សាក្រាម៉ង់​ដល់​មនុស្ស​ដែល​អង្គុយ​នៅ​ក្នុង​ការ​ប្រជុំ​សាក្រាម៉ង់ ។ ប៉ុន្តែ​ព្រះរាជបំណង​របស់​ព្រះអម្ចាស់​គឺ​មិន​គ្រាន់តែ​ឲ្យ​មនុស្ស​ទទួល​ទាន​នំប៉័ង និង​ទឹក​ប៉ុណ្ណោះ​ទេ ។ វា​គឺ​ដើម្បី​ឲ្យ​ពួកគេ​រក្សា​សេចក្ដី​សញ្ញា​មួយ​ដែល​នឹង​ជួយ​ពួកគេ​ឲ្យ​ដើរ​លើ​ផ្លូវ​ទៅ​កាន់​ជីវិត​អស់​កល្ប ។ ហើយ​ដើម្បី​ឲ្យ​ការណ៍​នោះ​កើត​ឡើង ព្រះអម្ចាស់​ត្រូវ​ប្រទាន​បទពិសោធន៍​ខាង​វិញ្ញាណ​មួយ​ដល់​បុគ្គល​ដែល​ឌីកុន​នោះ​បាន​ហុច​ថាស​ទៅ ។

ខ្ញុំ​ធ្លាប់​ឃើញ​រឿង​នោះ​កើត​ឡើង​ម្ដង​នៅ​មជ្ឈមណ្ឌល​ថែទាំ​ចាស់ជរា​មួយ​កាល​ដែល​ឌីកុន​ម្នាក់​បាន​ឱន​ហុច​ថាស​សាក្រាម៉ង់​ទៅ​ឲ្យ​ស្ត្រី​ចំណាស់​ម្នាក់ ។ គាត់​សម្លឹងមើល​នំប៉័ងនោះ​ហាក់​ដូច​ជា​វា​មាន​តម្លៃ​ខ្លាំង​ណាស់ ។ ខ្ញុំ​ពុំ​ដែល​ភ្លេច​ស្នាម​ញញឹម​របស់​គាត់​ឡើយ កាល​គាត់​ទទួល​វា រួច​យក​ដៃ​គាត់​មក​ប៉ះ​ក្បាល​ឌីកុន​នោះ ដោយ​ពោល​ពាក្យ​ខ្លាំងៗ​ថា « អរគុណ​ណាស់ ! » ។

ឌីកុន​នោះ​គឺ​គ្រាន់តែ​ធ្វើ​កាតព្វកិច្ច​នៃ​បព្វជិតភាព​ខ្លួន​ប៉ុណ្ណោះ ។ ប៉ុន្តែ​បន្ទាប់​មក​ព្រះអម្ចាស់​បាន​បង្កើន​ការ​ខិតខំ​របស់​ឌីកុន​នោះ ។ វា​ស​បញ្ជាក់​ថា បងស្រី ​នោះ​បាន​ចងចាំ​ពី​ព្រះអង្គ​សង្គ្រោះ កាល​នាង​សម្ដែង​អំណរគុណ​ដោយ​ស្មោះ​ចំពោះ​ការ​បម្រើ​របស់​ឌីកុន​ម្នាក់ ។ កាល​ក្មេង​ប្រុស​នោះ​បាន​បម្រើ​សាក្រាម៉ង់​ដល់​គាត់ គាត់​បានទទួល​ការ​អះអាង​ជាថ្មី​ថា​គាត់​នឹង​មាន​ព្រះវិញ្ញាណ​គង់​នៅ​ជាមួយ​នឹង​គាត់ ។ នៅ​ថ្ងៃ​នោះ​គាត់​មិន​បាន​នៅ​តែ​ឯង​នៅ​ក្នុង​មណ្ឌល​ថែទាំ​នោះ​ឡើយ ។ រី​ឯ​ឌីកុន​នោះ​ក៏​មិន​ធ្វើ​ការ​បម្រើ​ដ៏​ថ្លៃថ្នូរ​របស់​គាត់​តែ​ម្នាក់​ឯង​ដែរ ។

ប្រហែល​ជា​ក្មេង​ប្រុស​ម្នាក់​ដែល​មាន​តំណែង​ជា​គ្រូ​ក្នុង​បព្វជិតភាព​អើរ៉ុន​មិន​ដឹង​ថា គាត់​គឺជា​ដៃ​គូ​នឹង​ព្រះអម្ចាស់​នៅ​ក្នុង​កិច្ចការ​របស់​ទ្រង់​ឡើយ នៅ​ពេល​គាត់​ទៅ​បង្រៀន​គ្រួសារ​មួយ​នោះ ។ ខ្ញុំ​នៅ​តែ​ចាំ​ពី​ទីបន្ទាល់​ដ៏​សាមញ្ញ​របស់​ដៃ​គូ​បង្រៀន​តាម​ផ្ទះ​វ័យ​ក្មេង​ម្នាក់​ដែល​បាន​មក​ផ្ទះ​របស់​យើង ។ ព្រះវិញ្ញាណ​បាន​បញ្ជាក់​ពាក្យ​សម្ដី​របស់​គាត់​មក​កាន់​ខ្ញុំ និង​គ្រួសារ​ខ្ញុំ ។ គាត់​ប្រហែល​ជា​មិន​ចាំ​ពី​ថ្ងៃ​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​នៅ​ចាំ ។

ព្រះអម្ចាស់​នឹង​ពង្រីក​ការ​ខិតខំ​របស់​យុវជន​ម្នាក់​ម្ដង​ទៀត​ពេល​គាត់​ត្រូវ​បាន​ហៅ​ឲ្យ​ក្លាយ​ជា​សង្ឃ ។ ឧទាហរណ៍ បុណ្យជ្រមុជទឹក​ដំបូង​ដែល​គាត់​ធ្វើ​ប្រហែល​ជា​គាត់​មិន​ដឹង​ដោយ​គាត់​នៅ​ក្មេង ។ គាត់​ប្រហែល​ជា​ព្រួយបារម្ភ​ថា​គាត់​នឹង​និយាយ​ពាក្យ​ត្រូវ ហើយ​ធ្វើ​ពិធី​បរិសុទ្ធ​នោះ​បាន​ត្រឹមត្រូវ​ដែរ​ឬ​អត់ ។

ប៉ុន្តែ​ព្រះអម្ចាស់ ជា​អង្គ​ដែល​គាត់បម្រើ នឹង​ពង្រីក​ការ​ហៅ​បម្រើ​របស់​គាត់ ។ បុគ្គល​ដែល​ជ្រមុជទឹក​ឲ្យ​បាន​ជ្រើស​រើស​ដើរ​តាម​ផ្លូវ​ទៅ​រក​ជីវិត​ដ៏​អស់​កល្ប ។ ព្រះអម្ចាស់​នឹង​ធ្វើ​ផ្នែក​ដ៏​ធំ​របស់​ទ្រង់ ។ ទ្រង់​បាន​ធ្វើ​កិច្ចការ​នេះ​សម្រាប់​ខ្ញុំ ពេល​ក្មេង​ប្រុស​ម្នាក់​ដែល​បាន​ជ្រមុជទឹក​ឲ្យ​បាន​ពោល​ខ្សឹប​ដាក់​ត្រចៀក​ខ្ញុំ​ទាំង​ទឹក​ភ្នែក​ថា « ខ្ញុំ​បាន​ស្អាត​ហើយ ។ ខ្ញុំ​ស្អាតហើយ » ។

នៅ​ពេល​បងប្អូន​ផ្លាស់​ពី​ការ​បម្រើ​នៃ​បព្វជិតភាព​មួយ​ទៅ​បព្វជិតភាព​មួយ​ទៀត អ្នក​នឹង​ឃើញ​ព្រះអម្ចាស់​ធ្វើ​កិច្ចការ​នោះ​ជាមួយ​នឹង​អ្នក ។ ខ្ញុំ​បាន​រៀន​ពី​រឿង​នេះ​កាល​ជួប​នឹង​ប្រធាន​កូរ៉ុម​អែលឌើរ​ម្នាក់​នៅ​ក្នុង​សន្និសីទ​ស្ដេក​មួយ​ច្រើន​ឆ្នាំ​មកហើយ ។ នៅ​ក្នុង​សន្និសីទ​នោះ​មាន​ឈ្មោះ ៤០ នាក់​ត្រូវ​បាន​ប្រកាស​ដើម្បី​ទទួល​បព្វជិតភាព​មិលគីស្សាដែក ។

ប្រធាន​ស្តេក​បាន​ងាក​មក​រក​ខ្ញុំ ហើយ​ខ្សឹប​ថា « បុរស​ទាំងនោះ​គឺ​សុទ្ធ​តែ​ជា​ពួក​អែលឌើរ​បម្រុង​ដែល​អសកម្ម​កាល​ពី​មុន » ។ ដោយ​ភ្ញាក់​ផ្អើល ខ្ញុំ​បាន​សួរ​ប្រធាន​ស្តេក​ថាតើ​កម្មវិធី​អ្វី​ទៅ​ដែល​គាត់​បាន​ធ្វើ​ដើម្បី​ជួយ​សង្គ្រោះ​បុរស​ទាំងនេះ ។

គាត់​បាន​ចង្អុល​ទៅ​យុវជន​ម្នាក់​អង្គុយ​នៅ​ជួរ​ក្រោយ​នៃ សាល​ប្រជុំ ។ គាត់​បាន​ពោល​ថា « គឺ​គាត់​ហ្នឹង​ហើយ ។ បុរស​ទាំងនេះ​ភាគ​ច្រើន​បាន​នាំ​ឲ្យ​ត្រឡប់​មក​វិញ​ដោយសារ​ប្រធាន​កូរ៉ុម​អែលឌើរ​ម្នាក់​នោះ »។ គាត់​អង្គុយ​សណ្ដូក​ជើង​គង​លើ​គ្នា​នៅ​ជួរ​ក្រោយ​​ដោយ​​ស្លៀក​សំលៀក​បំពាក់​ធម្មតា ។

ខ្ញុំ​បាន​សុំ​ឲ្យ​ប្រធាន​ស្តេក​ណែនាំ​ខ្ញុំ​ឲ្យ​ស្គាល់​គាត់​បន្ទាប់​ពី​ការ​ប្រជុំ​នោះ ។ ពេល​យើង​ជួប​គ្នា ខ្ញុំ​បាន​ប្រាប់​យុវជន​នោះ​ថា​ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល​ចំពោះ​អ្វី​ដែល​គាត់បាន​ធ្វើ ហើយ​បាន​សួរ​គាត់​ពី​របៀប​ដែល​គាត់​បាន​ធ្វើ​វា ។ គាត់​បាន​ញាក់​ស្មា ។ គាត់​ពិត​ជា​មិន​បាន​គិត​ថា​គាត់​សម​នឹង​ទទួល​គុណសម្បត្តិ​ណាមួយ​នោះ​ទេ ។

រួច​គាត់បាន​ពោល​តិចៗ​ថា « ខ្ញុំ​ស្គាល់​បុរស​អសកម្ម​នៅ​ក្នុង​ទីក្រុង​នេះ​ទាំងអស់ ។ ពួកគេ​ភាគច្រើន​មាន​ឡាន​ដឹក​ទំនិញ ។ ខ្ញុំ​ក៏​មាន​ដែរ ។ ខ្ញុំ​យក​ឡាន​ខ្ញុំ​ទៅ​លាង​នៅ​កន្លែង​ដែល​ពួកគេ​យក​ឡាន​ពួកគេ​ទៅ​លាង ។ យូរៗ​ទៅ ពួកគេ​បាន​ក្លាយ​ជា​មិត្ត​នឹង​ខ្ញុំ ។

« រួច​ខ្ញុំ​រង់​ចាំ​រហូត​ដល់​មាន​អ្វី​មួយ​កើត​ឡើង​នៅ​ក្នុង​ជីវិត​របស់ពួកគេ ។ ជីវិត​គឺ​ដូច្នេះ​ហើយ ។ ពួកគេ​បាន​ប្រាប់​ខ្ញុំ​ពី​បញ្ហា​នោះ ។ ខ្ញុំ​បាន​ស្ដាប់ ហើយ​មិន​ព្យាយាម​ចាប់​កំហុស​ទេ ។ រួច​ពេល​ពួកគេ​ពោល​ថា ‹ នៅ​ក្នុង​ជីវិត​ខ្ញុំ​មាន​អ្វី​មួយ​ដែល​ខុស​ឆ្គង ។ វាគួរ​តែ មាន អ្វី​មួយ​ដែល​ប្រសើរ​ជាង​នេះ ›​ខ្ញុំ​ប្រាប់​ពួកគេ​ពី​អ្វី​ដែល​ពួកគេ​ខ្វះ និង​កន្លែង​ដែល​ពួកគេ​អាច​រក​វា​បាន ។ ពេល​ខ្លះ​ពួកគេ​ជឿ​ខ្ញុំ ហើយ​ពេល​ពួកគេ​ជឿ​ខ្ញុំ ខ្ញុំ​បាន​នាំ​ពួកគេ​ទៅ​ជាមួយ​ខ្ញុំ » ។

អ្នក​អាច​ឃើញ​ពី​មូលហេតុ​ដែល​គាត់​ជា​សាមញ្ញ ។ នេះ​ដោយ​សារ​តែ​គាត់​បាន​ដឹង​ថា​គាត់បាន​ធ្វើ​ផ្នែក​ដ៏​តូច​របស់​គាត់ ហើយ​ព្រះអម្ចាស់​បាន​ធ្វើ​ផ្នែក​ដែល​នៅ​សល់​ផ្សេង​ទៀត ។ គឺជា​ព្រះអម្ចាស់​ទេ​តើ​ដែល​បាន​ប៉ះ​ដួងចិត្ត​នៃ​បុរស​ទាំងនោះ​នៅ​ក្នុង​បញ្ហា​របស់​ពួកគេ ។ គឺជា​ព្រះអម្ចាស់​ទេ​ដែល​បាន​ប្រទាន​អារម្មណ៍​ដល់​ពួកគេ​ថា ត្រូវ​មាន​អ្វី​មួយ​ដែល​ប្រសើរ​សម្រាប់​ពួកគេ និង​ក្ដី​សង្ឃឹម​ដែល​ពួកគេ​អាច​រក​បាន ។

យុវជន​នោះ​—ដូចជា​អ្នក​ដែរ—​ដែល​ជា​អ្នក​បម្រើ​ម្នាក់​របស់​ព្រះអម្ចាស់ គ្រាន់តែ​ជឿ​ថា ប្រសិន​បើ​គាត់​បាន​ធ្វើ​ផ្នែក​ដ៏​តូច​របស់​គាត់ នោះ​ព្រះអម្ចាស់​នឹង​ជួយ​បុរស​ទាំងនោះ​នៅ​តាម​ផ្លូវ​ទៅ​ផ្ទះវិញ និត​ទៅ​រក​សុភមង្គល​ដែល​មាន​តែ​ទ្រង់​ប៉ុណ្ណោះ​ទើប​អាច​ប្រទាន​ឲ្យ​បាន ។ បុរស​នេះ​ក៏​បាន​ដឹង​ដែរ ព្រះអម្ចាស់​បាន​ហៅ​គាត់​ធ្វើ​ជា​ប្រធាន​កូរ៉ុម​អែលឌើរ​ដោយសារ​គាត់​នឹង​ធ្វើ​ផ្នែក​របស់​គាត់ ។

នៅ​ពេល​ខ្លះ​នៅ​ក្នុង​ការ​បម្រើ​របស់ អ្នក អ្នក​គ្មាន​ជោគជ័យ​ដែល​អស្ចារ្យ​ឃើញ​នឹង​ភ្នែក​ដូចជា​ប្រធាន​កូរ៉ុម​អែលឌើរ​វ័យ​ក្មេង​នោះ​ទេ ។ ពេល​នោះ​គឺជា​ពេល​ដែល​អ្នក​នឹង​ត្រូវ​ជឿ​ជាក់​ថា ព្រះអម្ចាស់​បាន​ហៅ​អ្នក​តាម​រយៈ​ពួក​បម្រើ​ដែល​មាន​សិទ្ធិ​អំណាច​របស់​ទ្រង់ ដោយ​ដឹង​ថា​អ្នក​នឹង​ធ្វើ​ផ្នែក​របស់​អ្នក​នៅ​ក្នុង​កិច្ចការ​នោះ ។ ការមាន​សេចក្ដី​ជំនឿ​លើ​ការ​ហៅ​មក​ពី​ពួក​អ្នក​បម្រើ​របស់​ព្រះអម្ចាស់​នៅ​ក្នុង​ការ​បម្រើ​ជា​អ្នកផ្សាយ​សាសនា​គឺ​សំខាន់​ណាស់​ចំពោះ​ជីតាទួត​របស់​ខ្ញុំ ហិនរី អាវរិង ។

គាត់​បាន​ជ្រមុជទឹក​នៅ​ថ្ងៃ​ទី ១១ ខែ​មីនា ឆ្នាំ​១៨៥៥ នៅ​ក្នុង​សេន លូវីស មិសសួរី ។ បន្ទាប់​មក​មិន​យូរ​ប៉ុន្មាន​លោក អេរ៉ាស្ដាស់ ស្នូ បាន​តែងតាំង​គាត់​ក្នុង​តំណែង​ជា​សង្ឃ ។ ប្រធាន​ស្តេក​សេនលូអីស ឈ្មោះ ចន អេជ ហាត បាន​ហៅ​គាត់​ឲ្យ​បម្រើ​បេសកកម្ម​មួយ​ដល់​ប្រជាជន​ឆេរូគី នៅ​ថ្ងៃ​ទី ៦ ខែ​តុលា ។ គាត់​បាន​តែង​តាំង​ជា​អែលឌើរ​នៅ​ថ្ងៃ​ទី ១១ ខែ​តុលា ។ គាត់​បាន​ជិះ​សេះឆ្ពោះ​ទៅ​កាន់​បេសកកម្ម​ឈែរ៉ូគី​នៅ​ថ្ងៃ​ទី​២៤ ខែ​តុលា ។ គាត់​មាន​អាយុ ២០ ឆ្នាំ ហើយ​ជា​អ្នក​ប្រែចិត្តជឿ​ទើប​បាន​ប្រាំពីរ​ខែ​ប៉ុណ្ណោះ ។

ប្រសិន​បើ​មាន​អ្នក​កាន់​បព្វជិតភាព​ណា​ម្នាក់​ដែល​មាន​អារម្មណ៍​ថា​ខ្វះគុណសម្បត្តិ ឬ​មិន​បាន​ត្រៀម​ខ្លួន​នោះ​គឺ​ហិនរី អាវរិង ។ ហេតុផល​តែ​មួយ​គត់​ដែល​ធ្វើ​ឲ្យ​គាត់​មាន​ភាពក្លាហាន​ចេញ​ទៅ​ធ្វើ​កិច្ចការ​នោះ​គឺ​គាត់​បាន​ដឹង​នៅ​ក្នុង​ដួង​ចិត្ត​គាត់​ថា​ព្រះ​បាន​ហៅ​គាត់​តាមរយៈ​ពួក​អ្នក​បម្រើ​ដែល​មាន​សិទ្ធិ​អំណាច​របស់​ទ្រង់ ។ វា​គឺជា​ប្រភព​នៃ​ភាព​ក្លាហាន​របស់​គាត់ ។ ការណ៍​នោះ​ត្រូវ​តែ​ជា​ប្រភព​នៃ​ភាព​ក្លាហាន​របស់​យើង​ដើម្បី​ស៊ូទ្រាំ មិន​ថា​ការ​ហៅ​នៅ​ក្នុង​បព្វជិតភាព​របស់​យើង​ជា​អ្វី​នោះ​ទេ ។

បន្ទាប់​ពី​អែលឌើរ អាវរិង​បាន​បម្រើ​អស់​រយៈពេល​បី​ឆ្នាំ​ទាំង​លំបាក ហើយ​ក្រោយ​ពី ​មរណភាព​របស់​ប្រធាន​បេសកកម្ម ហិនរី អាវរិង​ត្រូវ​តែងតាំង​ហើយ​គាំទ្រ​ជា​ប្រធាន​បេសកកម្ម​នៅ​ក្នុង ​ការ​ប្រជុំ​មួយ​ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៦ ខែ​តុលា ឆ្នាំ​១៨៥៨ ។ គាត់​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ដូចជា​ឌីកុន​ថ្មី​ម្នាក់​ដែរ ។ គាត់​បាន​សរសេរ​ថា « ខ្ញុំ​មិន​រំពឹង​ទុក​ថា​ត្រូវ​បាន​ហៅ​ឲ្យ​ធ្វើ​មុខ​តំណែង​ដែល​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​បែប​នោះ​ឡើយ ប៉ុន្តែ​ប្រសិន​បើ​វា​ជា​ឆន្ទៈ​នៃ​ពួក​បងប្អូន​ប្រុស​ខ្ញុំ​ទទួល​យក​ដោយ​រីករាយ ព្រមទាំង​អារម្មណ៍​នៃ ភាព​ទន់ខ្សោយ​ដ៏​ធំ និង​ការ​ខ្វះ​បទពិសោធន៍​របស់​ខ្ញុំ​ផង​ដែរ » ។

នៅ​ពេល​នេះ​ប្រធាន​អាវរិង​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ឆេរូគី ប្រទេស​ក្រិក និង​ប្រទេស​ឆកតៅ​នៅ​ឆ្នាំ​១៨៥៩ ។ តាម​រយៈ​ការ​ខិតខំ​ របស់​គាត់ ព្រះអម្ចាស់​« បាន​បន្ថែម »​នូវ​អ្វី​ដែល​ហិនរី​បាន​កត់ត្រា​ទុក​គឺជា « ចំនួន​ដល់​សាសនាចក្រ » ។ គាត់​បាន​រៀបចំ​សាខា​ពីរ ប៉ុន្តែ​បាន​សម្គាល់​ឃើញ​ថា « មាន​សមាជិក​តិចតួច​ណាស់​រស់​នៅ​តាម​បុព្វហេតុ​នោះ » ។

មួយ​ឆ្នាំ​ក្រោយ​មក ហិនរី​បាន​ជួប​នឹង​ការ​លំបាក​ដោយ​អ្នក​ដឹកនាំ​ខាង​នយោបាយ​នៅ​ក្នុង​ចំណោម​មនុស្ស​ដែល​គាត់​បម្រើ​មិន​អនុញ្ញាត​ឲ្យ​ពួក​អ្នកផ្សាយ​សាសនា​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ធ្វើ​កិច្ចការ​របស់​ខ្លួន​ទៀត​ឡើយ ។ ពេល​គាត់​សញ្ជឹង​គិត​ពី​អ្វី​ដែល​គាត់​គួរ​ធ្វើ គាត់​បាន​នឹក​ចាំ​ពី​ពាក្យ​ណែនាំ​មក​ពី​ប្រធាន​បេសកកម្ម​របស់​គាត់​ដែល​បាន​គូសបញ្ជាក់​ថា គាត់​គួរ​បន្ត​បំពេញ​បេសកកម្ម​របស់​គាត់​រហូត​ដល់​ឆ្នាំ ១៨៥៩ ។

ក្នុង​ខែ​តុលា ហិនរី​បាន​សរសេរ​សំបុត្រ​ទៅ​ព្រិក​ហាំ យ៉ង់​សូម​ការ​ដឹកនាំ ប៉ុន្តែ​គាត់​មិន​បាន​ទទួល​ការ​ឆ្លើយ​តប​នឹង​សំណួរ​របស់​គាត់​ឡើយ ។ ហិនរី​បាន​កត់ត្រា​ថា « ដោយ​មិន​បាន​ឮ​អ្វី​ពី​គណៈប្រធាន​នៃ​សាសនាចក្រ ខ្ញុំ​បាន​អំពាវនាវ​ទៅ​ព្រះអម្ចាស់​ក្នុង​ការអធិស្ឋាន ដោយ​ទូល​សូម​ទ្រង់​ឲ្យ​បើក​បង្ហាញ​ដល់​ខ្ញុំ​ពី​ព្រះទ័យ​របស់​ទ្រង់​ថាតើ​ខ្ញុំ​គួរ​បន្ត​នៅ​ទៀត ឬ​ត្រឡប់​ទៅ​ស៊ីយ៉ូន​វិញ ។

លោក​បាន​បន្ត​ថា ៖ « សុបិន​បន្ទាប់​មក​បាន​ប្រទាន​ឲ្យ​ខ្ញុំ​ជា​ចម្លើយ​ចំពោះ​ការ​អធិស្ឋាន​របស់​ខ្ញុំ ។ ខ្ញុំ​បាន​សុបិន​ឃើញ​ថា​ខ្ញុំ​បាន​មក​ដល់​ទី​ក្រុង​សលត៍ លេក ហើយ​ទៅ​ការិយាល័យ​របស់​ប្រធាន​ព្រិកហាំ យ៉ង់​ភ្លាម ហើយ​បាន​ឃើញ​លោក​នៅ​ទីនោះ ។ ខ្ញុំ​បាន​ពោល​ទៅ​កាន់​លោក ៖ ‹ [ ប្រធាន ]​យ៉ង់ ខ្ញុំ​បាន​ចេញ​ពី​បេសកកម្ម​របស់​ខ្ញុំ ដោយ​ចិត្ត​ឯង ប៉ុន្តែ​ប្រសិន​បើ​ការធ្វើ​នេះ​ជា​រឿង​ខុស​ឆ្គង ខ្ញុំ​យល់​ព្រម​ត្រឡប់​ទៅ​វិញ ហើយ​បញ្ចប់​បេសកកម្ម​របស់​ខ្ញុំ › ។ [ នៅ​ក្នុង​សុបិន​នោះ ព្យាការី ]​បាន​តប​ថា ៖ ‹ អ្នក​បាន​នៅ​ទីនោះ​យូរ​ល្មម​គ្រប់​គ្រាន់​ហើយ វា​មិន​អី​ទេ › » ។

ហិនរី​បាន​សរសេរ​នៅ​ក្នុង​កំណត់ហេតុ​របស់​គាត់​ថា « ការ​មាន​សុបិន​ពីមុន​រឿង​នេះ​ត្រូវ​បំពេញ​ខ្ញុំ​មាន​ជំនឿ​ជឿ​ថា រឿង​នេះ​នឹង​កើត​ឡើង ដូច្នេះ​ហើយ​ក៏​រៀបចំ​ខ្លួន​ធ្វើ​វា » ។

គាត់​បាន​មក​ដល់​ទីក្រុង​សលត៍ លេក នៅ​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​១៨៦០ ភាគ​ច្រើន​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង ។ ពីរ​ថ្ងៃ​ក្រោយ​មក គាត់​បាន​ដើរ​ចូល​ទៅ​ការិយាល័យ​របស់​ប្រធាន​ព្រិកហាំ យ៉ង់ ។

ហិនរី​បាន​រៀបរាប់​ពី​បទពសោធន៍​ក្នុង​ពាក្យ​ទាំងនេះ ៖ « ខ្ញុំ​បាន​ហៅ​ប្រធាន​យ៉ង់ ហើយ​គាត់បាន​ទទួល​ខ្ញុំ​យ៉ាង​រាក់ទាក់ ។ ខ្ញុំ​ប្រាប់​គាត់​ថា ‹ ​[ ប្រធាន​យ៉ង់ ]​ខ្ញុំ​បាន​មក​ដោយ​គ្មាន​ការ​ចាត់តាំង ប្រសិន​បើ​ខ្ញុំ​ធ្វើ​ខុស ខ្ញុំ​ព្រម​ត្រឡប់​ទៅ​បញ្ចប់​បេសកកម្ម​ខ្ញុំ​វិញ › ។ ព្រិកហាំ យ៉ង់ បាន​ឆ្លើយ៖ ‹ មិន​អី​ទេ យើង​កំពុង​តាម​រក​អ្នក › » ។

ហិនរី​បាន​រៀបរាប់​ពី​អំណរ​របស់​គាត់​ថា « សុបិន​ខ្ញុំ​បាន​ពិត​ជា​កើត​ឡើង​មែន » ។

អំណរ​របស់​គាត់​កើត​ចេញ​ពី​ការ​បញ្ជាក់​ថា ព្រះអម្ចាស់​បាន​ធ្វើ​ការងារជាមួយ​គាត់ ហើយ​មើល​ថែ​គាត់ ។ គាត់ដែល​គាត់​បាន​រៀន​គឺ​ពិត​ចំពោះ​យើង​គ្រប់​គ្នា—​ថា​ពួក​អ្នក​បម្រើ​របស់​ព្រះអម្ចាស់​ត្រូវ​បាន​បំផុស​គំនិត​ឲ្យ​ដឹង​ពី​ព្រះទ័យ​របស់​ព្រះអម្ចាស់ ។ ហើយ​ហិនរី អាវរិង​បាន​បញ្ជាក់​នូវ​អ្វី​ដែល​ខ្ញុំ​ដឹង​ផងដែរ​ថា ព្យាការី​ជា​ប្រធាន​នៃ​បព្វជិតភាព ត្រូវបាន​ព្រះ​បំផុស​គំនិត​ឲ្យ​មើល​ថែ ហើយ​ថែរក្សា​ពួក​អ្នក​បម្រើ​របស់​ព្រះអម្ចាស់ ព្រមទាំង​ហៅ​ពួកគេ ។

មិន​ថា​ការហៅ​របស់​អ្នក​ក្នុង​បព្វជិតភាប​ជាអ្វី​នោះ​ទេ នៅ​ពេល​ណា​មួយ​អ្នក​នឹង​មាន​អារម្មណ៍​ថា​ព្រះវរបិតា​សួគ៌​ខ្វល់​ខ្វាយ​ពី​អ្នក ។ អ្នក​អធិស្ឋាន​ដើម្បី​ដឹង​ពី​ព្រះទ័យ​របស់​ទ្រង់ ហើយ​ដោយ​មាន​បំណង​ស្មោះត្រង់​ដើម្បី​ធ្វើ អ្វី​ក៏ដោយ ដែល​ទ្រង់​សុំ​ឲ្យ​អ្នក​ធ្វើ នោះ​អ្នក​នឹង​ទទួល​បាន​ចម្លើយ ។

ព្រះវរបិតា​សួគ៌​នឹង​អនុញ្ញាត​នឹង ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា ទ្រង់​ស្គាល់​អ្នក ថា​ទ្រង់​អរគុណ​ចំពោះ​ការ​បម្រើ​របស់​អ្នក ហើយ​ថា​អ្នក​នឹង​ប្រែ​ជា​សក្តិសម​នៃ​ការ​ស្វាគមន៍​ពី​ព្រះអម្ចាស់​ដែល​អ្នក​ចង់​ស្ដាប់​ឮ​បំផុត ៖ « ប្រពៃ​ហើយ បាវ​ល្អ​ស្មោះត្រង់​អើយ ឯង​មាន​ចិត្ត​ស្មោះ​នឹង​ត្រួត​របស់​បន្តិច​នេះ ដូច្នេះ អញ​នឹង​តាំង​ឲ្យ​ឯង​ត្រួត​លើ​របស់​ជា​ច្រើន​ទៅ​ទៀត ចូរ​ឲ្យ​ឯង​ប្រកប​ដោយ​សេចក្តី​អំណរ​របស់​ចៅហ្វាយ​ឯង​ចុះ » ។

ខ្ញុំ​សូម​អធិស្ឋាន​ថា អ្នកកាន់បព្វជិតភាព​គ្រប់​រូប​នឹង​ឈោង​ដៃ​ទៅ​ជួយ​​សង្គ្រោះ​រាល់​ព្រលឹង​ដែល​គាត់​មាន​ទំនួល​ខុសត្រូវ​ដោយ​សេចក្ដី​ជំនឿ ។ ព្រះ​នឹង​បន្ថែម​ព្រះចេស្ដា​របស់​ទ្រង់​ដល់​កិច្ច​ខិតខំ​របស់​អ្នក​បម្រើ​ទ្រង់ ។ ដួងចិត្ត​មនុស្ស​នឹង​ត្រូវ​បាន​ប៉ះ​ឲ្យ​ធ្វើ​ការជ្រើស​រើស​ដែល​នឹង​នាំ​ពួកគេ​ដើរ​លើ​ផ្លូវ​នៃ​ដំណឹងល្អ​ឆ្ពោះ​ទៅ​រក​សុភមង្គល ហើយ​ឃ្លាត​ឆ្ងាយ​ពី​ភាព​សោកសៅ ។

ខ្ញុំ​ក៏​សូម​អធិស្ឋាន​ផង​ដែរ​ថា អ្នក​កាន់​បព្វជិតភាព​គ្រប់​រូប​នឹង​ទទួល​អារម្មណ៍​ពី​ក្ដី​ស្រឡាញ់ និង​ការ​មើល​ថែ​ពី​ព្រះវរបិតា​សួគ៌ ពី​ព្រះអង្គ​សង្គ្រោះ និង​ពី​ព្យាការី​នៃ​ព្រះ​នៅ​ក្នុង​ការ​ហៅ​របស់​គាត់នៅ​ក្នុង​បព្វជិតភាព ។

ខ្ញុំ​សូម​ថ្លែង​ជា​សាក្សី​ពិសេស​របស់​ខ្ញុំ​ចំពោះ​អ្នក​ថា យើង​ស្ថិត​នៅ​ក្នុង​ការ​បម្រើ​របស់​ព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ទ្រង់​បាន​ហៅ​អ្នក និង​ខ្ញុំ​ឲ្យ​ធ្វើ​ការ​បម្រើ​ទ្រង់​ដោយ​ស្គាល់​ពី​សមត្ថភាព និង​ជំនួយ​ដែល​យើង​ត្រូវការ ។ ទ្រង់​នឹង​ប្រទាន​ពរ​ដល់​ការ​ខិតខំ​របស់​យើង​ហួស​ពី​ការ​រំពឹង​របស់​យើង នៅ​ពេល​យើង​ធ្វើ​ឲ្យ​អស់​ពី​លទ្ធភាព​នៅ​ក្នុង​ការ​បម្រើ​របស់​ទ្រង់ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ព្យាការី​របស់​ព្រះ​ដែល​ជា​ប្រធាន​នៃ​បព្វជិតភាព​ទាំងអស់​នៅ​លើ​ផែនដី​នេះ​គឺ​បាន​បំផុស​គំនិត​មក​ពី​ព្រះ ។

ខ្ញុំ​មាន​អំណរ​គុណ​ចំពោះ​គំរូ​នៃ​ពួក​អ្នក​កាន់​បព្វជិតភាព​ដ៏​ស្មោះត្រង់​នៅ​គ្រប់​ទិសទី ។ ព្រះវរបិតា​សួគ៌ និង​ព្រះអង្គ​សង្គ្រោះ​មាន​អំណរគុណ​ដែល​អ្នក​បាន​ធ្វើ​ផ្នែក​របស់​ខ្លួន ។ ទ្រង់​ស្គាល់​អ្នក ទ្រង់​មើល​ថែ​អ្នក ហើយ​ទ្រង់​ស្រឡាញ់​អ្នក ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។

កំណត់​​ចំណាំ

  1. សូមមើល « Minutes of the Conference » St. Louis Luminary ថ្ងៃ​ទី​១៣ ខែ​តុលា ឆ្នាំ​១៨៥៥ ទំព័រ​១៨៧ ។

  2. Henry Eyring letter to Brigham Young ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​១៨៥៩, Brigham Young Office Files, Church History Library, Salt Lake City ។

  3. Henry Eyring report to Church Historian’s Office, ខែ​សីហា ឆ្នាំ​១៨៦០ Missionary Reports, Church History Library, Salt Lake City ។

  4. សូមមើល Henry Eyring letter to Brigham Young ថ្ងៃទី​៩ ខែ​តុលា ឆ្នាំ​១៨៥៩, Brigham Young Office Files, Church History Library, Salt Lake City ។

  5. សូមមើលPresident’s Office Journals ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​១៨៦០ វ៉ុល​ឌី ទំព័រ ១៣៧ Brigham Young Office Files, Church History Library, Salt Lake City ។

  6. Henry Eyring reminiscences ឆ្នាំ​១៨៩៦, typescript ២៧–២៨, Church History Library, Salt Lake City ។

  7. ម៉ាថាយ ២៥:២៣  ។