ឆ្នាំ ២០១០-២០១៩
ជំហាន​បន្ទាប់​របស់អ្នក
តុលា 2015


ជំហាន​បន្ទាប់​របស់អ្នក

ព្រះវរបិតាសួគ៌ និង​ព្រះរាជបុត្រា​របស់ទ្រង់​ព្រះយេស៊ូវ​គ្រីស្ទ អញ្ជើញ​អ្នក​ឲ្យ​ធ្វើ​ជំហាន​បន្ទាប់​របស់​អ្នក​ដើរ​ឆ្ពោះ​ទៅ​រក​ទ្រង់ ។ ដូច្នេះ​សូមកុំ​ចាំ។ បោះជំហាន​ឥឡូវនេះ ។

ដួងចិត្ត​របស់ខ្ញុំ​បានពោរពេញ​ក្នុង​អំឡុង​ការ​ប្រជុំ​ថ្មីៗ​មួយ​ជាមួយ​នឹង​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ សំណួរ​ត្រូវ​បាន​សួរ​ថា « តើ​នរណា​ប្រាថ្នា​ចង់​រស់នៅ​ជាមួយ​ព្រះវរបិតា​សួគ៌​ម្ដងទៀត ? » គ្រប់គ្នា​បាន​លើកដៃ ។ សំណួរ​បន្ទាប់​គឺ « តើ​នរណា​ខ្លះ​មាន​ជំនឿ​ចិត្ត​ថា​ខ្លួន​នឹង​បាន​ទទួល​ជោគ​ជ័យ ? » គួរ​ឲ្យ​សោកស្ដាយ ហើយ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល គឺ​គ្មាន​នរណា​លើក​ដៃ​សោះ ។

នៅពេល​យើង​មើលឃើញ​ចន្លោះ​រវាង​ខ្លួន​យើង​ឥឡូវនេះ និង​ការប្រាថ្នា​ចង់​ប្រែ​ក្លាយ​របស់​យើង នោះ​យើង​ភាគ​ច្រើន​ត្រូវ​បាន​ល្បួង​ឲ្យ​ជ្រើស​រើស​បាត់​បង់​សេចក្ដី​ជំនឿ និង​សេចក្ដី​សង្ឃឹម ។

ដោយសារ​តែ « គ្មាន​អ្វី​ដែល​មិន​ស្អាត​អាច​អាស្រ័យ​នៅ​ជាមួយ​នឹង​ព្រះ​បាន​ឡើយ » ដើម្បី​រស់នៅ​ជា​មួយ​ទ្រង់​ម្ដង​ទៀត នោះ​យើង​ត្រូវ​ជ្រះ​ស្អាត​ពី​អំពើ​បាប ហើយ​ញែក​ជា​បរិសុទ្ធ ។ ប្រសិន​បើ​យើង​ត្រូវ​ធ្វើ​ការណ៍​នេះ តែ​ឯង នោះ​គ្មាន​យើង​ណា​ម្នាក់​អាច​ធ្វើ​វា​បាន​ឡើយ ។ ប៉ុន្តែយើងពុំនៅម្នាក់ឯងទេ ។ តាមពិត យើង ពុំដែល នៅ​ម្នាក់​ឯងឡើយ ។

យើង​មាន​ជំនួយ​ពី​ស្ថានសួគ៌ ដោយ​សារព្រះយេស៊ូវ​គ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់ ។ ព្រះអង្គ​សង្គ្រោះបាន​មាន​បន្ទូល​ថា «បើសិន​ជា​អ្នក​រាល់​គ្នា​មាន​សេចក្តី​ជំនឿ​ជឿ​ដល់​យើង នោះ​អ្នក​រាល់​គ្នា​នឹង​មាន​អំណាច ប្រយោជន៍​នឹង​ធ្វើ​នូវ​អ្វីៗ​ដែល​ជា​ការចាំ​បាច់​ដល់​យើង » ។ នៅ​ពេល​សេចក្ដី​ជំនឿ​ត្រូវ​បាន​អនុវត្ត នោះ​វា​កើន​ឡើង ។

ចូរ​ពិចារណា​ជាមួយគ្នា​នូវ​គោលការណ៍​ចំនួន​បី ដែល​នឹង​ជួយ​យើង​ក្នុង​ការ​ធ្វើដំណើរ​ត្រឡប់​ទៅ​ព្រះវរបិតា​សួគ៌​យើង​វិញ ។

ប្រែក្លាយ​ដូចជា​កូន​ក្មេង​ម្នាក់

ចៅ​ប្រុស​ពៅ​របស់យើង​បង្ហាញ​គោលការណ៍​ទីមួយ ។ បន្ទាប់ពី​ចេះលូន រួច​មក​ក៏​ចេះឈរ គាត់​ត្រៀម​ខ្លួន​សាកល្បង​ដើរ ។ អំឡុង​ពីរ​បី​ជំហាន​ដំបូង គាត់​ដួល យំ ហើយ​មើល​មក​យើង​ដោយ​និយាយ​ថា « ខ្ញុំ​នឹង​--មិន--ព្យាយាម​ដើរ​ទៀត​ឡើយ ! ខ្ញុំ​ចង់​វារ​វិញ » ។

នៅពេល​គាត់​ជំពប់​ដួល ឪពុក​ម្ដាយ​ជាទី​ស្រឡាញ់​របស់​គាត់​គ្មាន​អារម្មណ៍​ថា គាត់​អស់សង្ឃឹម ឬ​ថា​គាត់នឹង​ឈប់​ដើរ​ឡើយ ។ ផ្ទុយ​ទៅវិញ ពួកគេ​បាន​ហុចដៃ​រួច​ហៅ​គាត់ ពេល​គាត់បាន​មើល​ទៅ​ចំពួកគេ នោះ​គាត់អាច​សាកល្បង​ដើរ​ទៅមុខ​ម្ដងទៀត​ទៅរក​ការ​ឱប​ដោយ​ក្ដីស្រឡាញ់ ។

ឪពុក​ម្ដាយ​ជាទីស្រឡាញ់ តែងតែ​ត្រៀមខ្លួន​ហុច​ដៃ​ស្វាគមន៍​ដល់ជំហាន​តូចៗ​បំផុត​របស់យើង​ដែល​ដើរ​លើ​ផ្លូវ​ត្រូវ ។ ពួកគាត់​ដឹង​ថា ឆន្ទៈ​របស់​យើង​ដើម្បី​សាកល្បង​ម្ដង​ហើយ​ម្ដងទៀត នឹង​នាំ​ទៅរក​ការ​រីកចម្រើន និងជោគជ័យ ។

ព្រះអង្គ​សង្គ្រោះ​បានបង្រៀន​ថា ដើម្បី​គ្រង​នគរ​ព្រះ​ទុកជា​មរតក នោះ​​យើង​ត្រូវ​តែ​ប្រែក្លាយ​ដូចជា​កូន​ក្មេង​តូចៗ ។ ដូច្នេះ តាមការ​និយាយ​ខាងវិញ្ញាណ គោលការណ៍​ទីមួយ​គឺ​ថា យើង​ចាំបាច់​ត្រូវ​ធ្វើ​អ្វី​ដែល​យើង​បាន​ធ្វើ​ដូច​ជា​កូន​ក្មេង ។

ដោយមាន​ការ​រាបសា និង​ឆន្ទៈ​ដូចជា​កូនក្មេង​តូចៗ ដើម្បីផ្ដោត​ទៅ​លើ​ព្រះវរបិតាសួគ៌ និង​ព្រះអង្គសង្គ្រោះ​របស់​យើង នោះ​យើង​ត្រូវ​បោះ​ជំហាន​ទៅ​រក​ទ្រង់ ដោយ​ពុំ​អស់​សង្ឃឹម​ឡើយ ទោះ​ជា​យើង​ដួល​ក្ដី ។ ព្រះវរបិតា​សួគ៌​ជាទី​ស្រឡាញ់​របស់​យើង​មាន​អំណរ​ចំពោះ​ការ​បោះ​ជំហាន​ដោយ​ស្មោះត្រង់​នីមួយៗ ហើយ​ប្រសិន​បើ​យើង​ដួល នោះទ្រង់​ពេញ​ព្រះទ័យ​ចំពោះ​ការ​ខិតខំ​​ក្រោក​ឡើង ហើយ​ព្យាយម​ម្ដងទៀត​របស់​យើង ។

ធ្វើ​ដោយ​សេចក្ដីជំនឿ

គោលការណ៍​ទីពីរ ត្រូវ​បាន​បង្ហាញ​ដោយ​ពួកបរិសុទ្ធ​ស្មោះត្រង់​ពីរ​នាក់​ ដែល​ម្នាក់ៗ​មាន​ប្រាថ្នា​ដ៏​ជ្រាល​ជ្រៅ​ក្នុង​ការ​ស្វែងរក​ដៃគូ​ដ៏​អស់កល្ប​ជានិច្ច​ ។ អ្នក​ទាំងពីរ​បាន​បោះ​ជំហាន​ពេញ​​ដោយ​សេចក្ដី​ជំនឿ និង​ការ​អធិស្ឋាន ។

យូរី ជា​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ជនជាតិ​រុស្សី បាន​លះបង់ ហើយ​សន្សំ​ប្រាក់​ដើម្បី​ធ្វើ​ដំណើរ​យ៉ាង​ឆ្ងាយ​ទៅ​ព្រះវិហារបរិសុទ្ធ ។ នៅ​លើ​រថ​ភ្លើង គាត់​បាន​ឃើញ​ស្ត្រី​ដ៏​ស្រស់​ស្អាត​ម្នាក់​ដែល​មាន​ទឹក​មុខ​ស្រស់​ថ្លា ហើយ​មាន​អារម្មណ៍​ថា​ គាត់​គួរ​ចែកចាយ​ដំណឹងល្អ​ដល់​នាង ។ ដោយ​ពុំ​ដឹង​ថា​ត្រូវ​ធ្វើ​អ្វី ផ្សេង​ទៀត នោះ​គាត់​បាន​ចាប់ផ្ដើម​អាន​ព្រះគម្ពីរ​មរមន​របស់​គាត់ ដោយ​សង្ឃឹម​ថា​នាង​នឹង​មើល​ឃើញ ។

យូរី ពុំ​ដឹង​ថា​ស្រ្ដី​នោះ ឈ្មោះ​ម៉ារីយ៉ា ជា​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ទេ ។ ដោយ​ពុំដឹង​ថា​យូរី​ជា​សមាជិក​ដែរ​នោះ ហើយ​ដោយ​បាន​ធ្វើ​តាម​ការ​បំផុស​គំនិត​ដើម្បី​ចែកចាយ​ដំណឹងល្អ​នឹង​គាត់ នោះ​ម៉ារីយ៉ា បាន​ចាប់ផ្ដើម​អាន​គម្ពីរមរមន​ដូចគ្នា ដោយ​សង្ឃឹម​ថា គាត់​នឹង​ឃើញ ។

នៅ​ពេល​ពួកគេ​ងើប​មុខ​ឡើង​ដំណាល​គ្នា យូរី និង ម៉ារីយ៉ា បាន​ភ្ញាក់​ផ្អើល​ដោយ​ឃើញ​ព្រះ​គម្ពីរ​មរមន​នៅក្នុង​ដៃ​ទាំង​សងខាង-- រួច​ហើយ ក៏​ស្រឡាញ់​គ្នា ពួកគេ​បាន​ផ្សារ​ភ្ជាប់​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ សព្វ​ថ្ងៃ​នេះ យូរី និង ម៉ារីយ៉ា គូតេប៉ៅ​នៅ​វ៉ូរ៉ូណេស្ស ប្រទេស​រុស្សី ជា​ដៃគូ​ដ៏​អស់កល្ប​ជានិច្ច ដែល​បាន​បរិច្ចាគ​យ៉ាង​ខ្លាំង​ដល់​ការ​លូតលាស់​របស់​សាសនាចក្រនៅ​ប្រទេស​រុស្សី ។

ការ​គូស​បញ្ជាក់​នៅ​ទីនេះ គឺ​ពុំ​គ្រាន់តែ​ទៅលើ​ការ​មានឆន្ទៈ​របស់​គូ​ស្វាមី​ភរិយា​នេះ​ដើម្បី​អនុវត្ត​សេចក្ដីជំនឿ​ប៉ុណ្ណោះ​ទេ ។ វា​គឺ​អំពី​គោលការណ៍​ទីពីរ​ផងដែរ-- ព្រះអម្ចាស់​ផ្គូផ្គង​សម​ឆន្ទៈ​របស់​យើង​ទៅនឹង​ការអនុវត្ត​សេចក្ដីជំនឿ​របស់​យើង​ ។ ឆន្ទៈ​របស់​យើង​ដើម្បី​បោះជំហាន​គឺ​ពុំ​គ្រាន់​តែ​បាន​បំពេញ​ប៉ុណ្ណោះ​ទេ--​ប៉ុន្តែ​វា​លើសលប់--តាមរយៈ​ពរជ័យ​ដែល​បាន​សន្យា​របស់​ទ្រង់ ។

ព្រះវរបិតា​សួគ៌ និង​ព្រះអង្គ​សង្គ្រោះរបស់​យើង ចង់ ប្រទានពរ​ដល់​យើង ។ ក្រៅពី​នោះ ទ្រង់​បាន​​សុំ​តែ​មួយ​ភាគ​ដប់​នៃ​អ្វី​ដែល​ទ្រង់​បាន​ប្រទាន​ដល់​យើង​ប៉ុណ្ណោះ រួច បាន​សន្យា​ថា​បង្អួច​ស្ថានសួគ៌​ នឹង​បើក​ឡើង !

នៅពេល​ណា​យើង​មានឆន្ទៈ​អនុវត្ត​សេចក្ដី​ជំនឿ​ទៅលើ​ព្រះគ្រីស្ទ ហើយ​ដើរ​មួយ​ជំហាន​ទៀត​ជា​ពិសេស​ជំហាន​ដែល​តម្រូវ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ ឬ​ប្រែចិត្ត ដែល​វា​ពុំ​ស្រណុក​ចិត្ត នោះ​យើង​ត្រូវ​បាន​ប្រទាន​កម្លាំង​ឲ្យ ។១០

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះអម្ចាស់​នឹង​ដឹក​នាំ​យើង​ទៅ—ហើយ ឆ្លងកាត់ —ជំហាន​បន្ទាប់​របស់​យើង ។ ទ្រង់​នឹង​ផ្គូផ្គង​កិច្ចខិតខំ​របស់​យើង​ឲ្យ​សម​នឹង​ព្រះចេស្ដា​ទ្រង់ ប្រសិន​បើ​យើង​មាន​ឆន្ទៈបន្ដ​ព្យាយាម បន្ដ​ប្រែចិត្ត ហើយ​ឆ្ពោះ​ទៅមុខ​ដោយ​សេចក្ដី​ជំនឿ​ទៅលើ​ព្រះវរបិតា​សួគ៌​របស់​យើង និង​ព្រះយេស៊ូវ​គ្រីស្ទ ។

អំណោយទាន​ខាង​វិញ្ញាណ​ដែល​បាន​សន្យា ពុំ​គ្រាន់តែ​មាន​សម្រាប់​អ្នក​ទាំងឡាយ​ដែល​ស្រលាញ់​ព្រះ ហើយ​រក្សា​រាល់​បទបញ្ញតិ្ត​របស់​ទ្រង់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​សម្រាប់​អ្នកទាំងឡាយ​ដែល « ព្យាយាម​ធ្វើដូច្នោះ​ » ​ដោយ​អំណរគុណ​ផងដែរ ។១១ កម្លាំង​ត្រូវ​បាន​ប្រទាន​ឲ្យ​ដល់​អ្នក​ដែល​បន្ដ​ស្វែងរក ។

សញ្ញា​សំខាន់​ប្រចាំ​សប្ដាហ៍​ចំនួន​ពីរ ដែល​គូស​ចំណាំ​ការ​ធ្វើដំណើរ​របស់​យើង​ទៅកាន់​ព្រះវរបិតា​សួគ៌ គឺ​ជា​សេចក្ដី​សញ្ញា​ជា​និរន្ដរ៍​នៃ​ពិធីបរិសុទ្ធ​សាក្រាម៉ង់ និង​ការ​រក្សា​ថ្ងៃ​ឈប់​សម្រាក​ឲ្យ​បរិសុទ្ធ ។ ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​កាល​ពី​សន្និសីទ​ទូទៅ​លើក​មុន​ថា ថ្ងៃ​ឈប់​សម្រាក​គឺ​ជា​អំណោយ​របស់ព្រះអម្ចាស់​ចំពោះ​យើង ។ ការ​រក្សា​ថ្ងៃ​ឈប់សម្រាក​ប្រចាំ​សប្ដាហ៍​ដោយ​ការលះបង់​របស់​យើង គឺ​ជា​សញ្ញារបស់​យើង​ចំពោះ​ព្រះអម្ចាស់​ថា យើង​ស្រឡាញ់​ទ្រង់ ។១២

រាល់ថ្ងៃ​ឈប់​សម្រាក​យើង​បាន​ធ្វើជាសាក្សី​ថាយើងមាន ឆន្ទៈ—ជាការ​យល់ព្រម​លើក​ដាក់​មក​លើ​ខ្លួន​យើងនូវ​ព្រះនា​ម​នៃទ្រង់ ចងចាំ​ទ្រង់ជានិច្ច ហើយ​រក្សា​បទបញ្ញតិ្ដ​របស់​ទ្រង់ »។១៣ ជា​ការ​តប​ស្នង​ចំពោះ​ការ​ប្រែចិត្ត និង​ការ​តាំងចិត្ត​របស់​យើង នោះ​ព្រះអម្ចាស់រំឭក​ការ​ផ្ដាច់​បាប​ដែលបាន​សន្យា ហើយជួយ​យើង «អាច​នឹង​បាន​ព្រះវិញ្ញាណ​របស់​ទ្រង់​គង់​នៅ​ជាមួយ​នឹង​[ យើង ]​ជា​ដរាប » ។១៤ ឥទ្ធិពល​ព្រះវិញ្ញាណ​បរិសុទ្ធ រីក​ចម្រើន ពង្រឹង បង្រៀន និង​ដឹកនាំ​យើង ។

នៅក្នុងការ​ចងចាំ​ទ្រង់ ប្រសិន​បើ​យើង​បង្វែរ​ដួងចិត្ត​យើង​ទៅ​ព្រះអង្គ​សង្គ្រោះ​តាមរយៈ​សញ្ញា​សំខាន់​ទាំង​ពីរ​នេះ នោះការ​ខិតខំ​របស់​យើង គឺ​សម​នឹង​ផ្គូផ្គង​ដោយ​ពរជ័យ​ដែល​បាន​សន្យា​របស់​ទ្រង់​ម្ដងទៀត ។ យើង​ត្រូវ​បាន​សន្យាថា ពេល​រក្សា​ថ្ងៃ​ឈប់សម្រាក​ដោយ​ការលះបង់ នោះ​ភាព​ពោរពេញនៃ​ផែនដី​នឹង​ជា​របស់​ផង​យើង ។១៥

ផ្លូវ​ត្រឡប់​ទៅ​ព្រះវរបិតាសួគ៌​របស់យើងង​ដឹកនាំ​ទៅរក​ដំណាក់ព្រះអម្ចាស់ ជាកន្លែង​ដែល​យើង​ត្រូវ​បាន​ប្រទានពរ​ដើម្បី​ទទយលពិធីបរិសុទ្ធ​នៃការ​សង្គ្រោះ​សម្រាប់​ខ្លួន​យើង និង​មរណជន​ជាទី​ស្រឡាញ់​របស់​យើង ។ ប្រធាន ប៊យដ៏ ឃេ ផាកកឺ បានបង្រៀន​ថា ពិធីបរិសុទ្ធ និង សេចក្ដីសញ្ញា​ទាំងឡាយ បាន​ក្លាយ​ជា​លិខិត​តាំង​របស់​យើង​សម្រាប់​ការ​ចូលក្នុង​វត្តមាន​របស់ព្រះ ។១៦ ខ្ញុំ​អធិស្ឋាន​ថា យើង​នឹង​តែងតែ​មាន​ភាពសក្ដិសម និង​ប្រើបណ្ណ​ព្រះវិហារបរិសុទ្ធ​របស់​យើងដើម្បី​បម្រើ​ជា​ទៀងទាត់ ។

យក​ឈ្នះ​លើ​មនុស្ស​ខាង​សាច់​ឈាម

គោលការណ៍​ទីបី​គឺ​ដូច​នេះ ៖ យើង​ត្រូវ​តតាំង​នឹង​ទំនោរ​ពី​ធម្មជាតិ​របស់​មនុស្ស​ដើម្បី​ពន្យារ​ពេល ឬ​ចុះចាញ់ ។១៧

នៅពេល​យើង​រីកចម្រើន​នៅលើ​ផ្លូវ​សេចក្ដីសញ្ញា នោះ​យើង​នឹង​ធ្វើ​កំហុសជា​ច្រើន ខ្លះ​ច្រើន​ដង ។ គ្នា​យើងមួយចំនួនមាន​ការ​លំបាក​នឹង​ឥរិយាបទ ឬ​ការ​ញៀន ដែល​យើង​មានអារម្មណ៍​ថា ពុំ​អាច​យកឈ្នះ ។ ប៉ុន្តែ​សេចក្ដីជំនឿ​ទៅលើ​ព្រះវរបិតា និង ព្រះយេស៊ូវ​គ្រីស្ទ គឺជា គោលការណ៍​នៃ​សកម្មភាព និង អំណាច ។១៨ ប្រសិន​បើ​យើង​មាន​ឆន្ទៈ​ដើម្បី​អនុវត្ត នោះ​យើង​នឹង​ទទួល​កម្លាំង​ដើម្បី​ប្រែចិត្ត ហើយ​ផ្លាស់​ប្ដូរ ។

យើង​បរាជ័យ​ប្រសិន​បើ​យើង​ពុំ​ព្រម​ដើរ​មួយ​ជំហាន​ទៀត​ទៅ​មុខ​ដោយ​សេចក្ដ​ជំនឿ ។ យើង​នឹង​មិន ហើយ​ពុំ​អាច​បរាជ័យ​ឡើយ ប្រសិន​បើ​យើង​ចូល​នឹម​របស់​ព្រះអង្គ​សង្គ្រោះ​ដោយ​ស្មោះត្រង់--​ជាអង្គ​ពុំ​ដែល​បរាជ័យ ហើយ​នឹង​ពុំ​ទុក​ឲ្យ​យើង​បរាជ័យ​ឡើយ ។

ពរជ័យ​ដែល​បាន​សន្យា

ខ្ញុំ​សន្យា​ថា គ្រប់ជំហាន​ដែល​ពេញ​ដោយ​សេចក្ដី​ជំនឿ នឹង​ត្រូវ​បាន​ទទួល​ជំនួយ​ពី​ស្ថានសួគ៌ ។ ការ​ដឹកនាំ​កើត​មាន នៅ​ពេល​យើង​អធិស្ឋាន​ទៅ​កាន់​ព្រះវរបិតា​សួគ៌ ពឹង​ផ្អែក​លើ​ព្រះអង្គ​សង្គ្រោះ​របស់​យើង ហើយ​ដើរ​តាម​ទ្រង់ ព្រមទាំងស្ដាប់​តាម​ព្រះវិញ្ញាណ​បរិសុទ្ធ ។ កម្លាំង​នឹង​កើត​មាន​ដោយសារ​តែ​ពលិកម្ម​ធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។១៩ ការ​ព្យាបាល និង​ការ​អភ័យ​ទោស​នឹង​កើត​មាន​ដោយសារ​ព្រះគុណព្រះ ។២០ ប្រាជ្ញា និង​ការ​អត់ធ្មត់​នឹង​កើត​មាន​មក​ពី​ការ​ទុក​ចិត្ត​ទៅ​លើ​ពេលវេលា​របស់​ព្រះអម្ចាស់​សម្រាប់​យើង ។ ការ​ការពារ​នឹង​កើតមាន​ដោយ​ការ​ធ្វើ​តាម​ព្យាការី​នៅរស់​របស់ព្រះ ប្រធាន ថូម៉ាស អេស ម៉នសុន ។

អ្នក​ត្រូវ​បាន​បង្កើត​មក « ដើម្បី [ អ្នក ] អាច​មាន​អំណរ »២១ ជា​អំណរ​ដែល​អ្នក​នឹង​មាន ពេល​អ្នក​សក្ដិសម​នឹង​ត្រឡប់​ទៅកាន់​ព្រះវរបិតាសួគ៌​ និង​ព្រះអង្គ​សង្គ្រោះ​របស់​អ្នក ហើយ​បោះ​ជំហាន​ទៅ​ក្នុង​ព្រះហស្ត​ឱប​ការសោប​របស់​ពួក​ទ្រង់ ។

ខ្ញុំ​សូម​ថ្លែងជាសាក្សីអំពីសេចក្ដីពិត​ទាំងនេះ ។ ព្រះវរបិតាសួគ៌ និង​ព្រះរាជបុត្រា​របស់ទ្រង់​ព្រះយេស៊ូវ​គ្រីស្ទ មានព្រះជន្មរស់ ។ ទ្រង់​ស្គាល់​អ្នក ។ ទ្រង់​ស្រឡាញ់​អ្នក ។ ទ្រង់​អញ្ជើញ​អ្នក​ដោយ​ក្ដីស្រឡាញ់​ដើម្បី​បោះជំហាន​បន្ទាប់​របស់អ្នក​ដើរ​ទៅ​រក​ទ្រង់ ។ ដូច្នេះ​សូមកុំ​ចាំ។ បោះជំហាន​ឥឡូវនេះ ។ នៅ​ក្នុង​ព្រះ​នាម​ដ៏​ពិសិដ្ឋ​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។