ឆ្នាំ ២០១០-២០១៩
ទំនុកចិត្ត​ដ៏​ពិសិដ្ឋ​មួយ
ខែ មេសា 2016


ទំនុកចិត្ត​ដ៏​ពិសិដ្ឋ​មួយ

អំណោយទាន​នៃ​អំណាច​បព្វជិតភាព​ដ៏​មាន​តម្លៃ​នេះ មិន​គ្រាន់តែ​មាន​នូវ​ការ​ទទួលខុសត្រូវ​ដ៏​ឧឡារិក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ពរជ័យ​ដ៏​ពិសេស​ផងដែរ សម្រាប់​ខ្លួន​យើង និង​អ្នក​ដទៃ​ទៀត ។

បងប្អូន​ប្រុស​ជា​ទីស្រឡាញ់​របស់​ខ្ញុំ ខ្ញុំ​អធិស្ឋាន​សុំ​ឲ្យ​ព្រះវិញ្ញាណ​ដឹកនាំ​ការ​និយាយ​របស់​ខ្ញុំ​នា​ល្ងាច​នេះ ។ អំបោះ​រួម​មួយ​បាន​ចង​យើង​ភ្ជាប់​គ្នា ។ យើង​ត្រូវ​បាន​ទុក​ចិត្ត​ឲ្យ​កាន់​បព្វជិតភាព​នៃ​ព្រះ ហើយ​ធ្វើ​កិច្ចការ​ក្នុង​ព្រះនាម​របស់​ទ្រង់ ។ យើង​គឺជា​អ្នក​ទទួល​នូវ​ទំនុក​ចិត្ត​ដ៏​ពិសិដ្ឋ​មួយ ។ មាន​អ្វី​ជាច្រើន​ត្រូវ​បាន​រំពឹង​ពី​យើង ។

យើង​អាន​នៅក្នុង គោលលទ្ធិ និង​សេចក្ដីសញ្ញា កណ្ឌ ១២១ ខ​ទី ៣៦ « សិទ្ធិ​ទាំង​ឡាយ​នៃ​បព្វជិតភាព គឺ​ជាប់​ជាមួយ​នឹង​អំណាច​ទាំងឡាយ​នៃ​ស្ថានសួគ៌ ដែល​មិន​អាច​បំបែក​បាន​ឡើយ » ។ ឱ​នោះ​ជា​អំណោយ​ដ៏​អស្ចារ្យ​មួយ ដែល​យើង​បាន​ទទួល ។ កិច្ចការ​របស់​យើង គឺ​ទទួល​ខុស​ត្រូវ​ចាំ​យាម និង​ការពារ​បព្វជិតភាព​នោះ ហើយ​ត្រូវ​មាន​ភាពសក្ដិសម​ចំពោះ​រាល់​ពរជ័យ​ដ៏​រុងរឿង​ដែល​ព្រះវរបិតាសួគ៌​យើង​មាន​សម្រាប់​យើង--និង​សម្រាប់​អ្នក​ដទៃ​តាមរយៈ​យើង ។

មិន​ថា​អ្នក​ទៅ​ទី​ណា​ទេ បព្វជិតភាព​របស់​អ្នក​នឹង​ទៅ​ជាមួយ​អ្នក ។ តើ​អ្នក​កំពុង​ឈរ​នៅ​ក្នុង​ទី​បរិសុទ្ធ​ដែរ​ឬ​ទេ ? ពីមុន​បងប្អូន​ធ្វើ​ឲ្យ​ខ្លួន​ឯង និង បព្វជិតភាព​ខ្លួន​ធ្លាក់​ចូល​ក្នុង​គ្រោះថ្នាក់ ដោយការ​ប្រថុយ​ចូល​ទៅ​កន្លែង​ណា ឬ​ចូលរួម​ក្នុង​សកម្មភាព​ណា​ដែល​មិន​សក្ដិសម​នឹង​បងប្អូន ឬ​បព្វជិតភាព​នោះ សូម​មេត្តា​ឈប់​មួយ​ភ្លែត​សិន ដើម្បី​ពិចារណា​ពី​ផលវិបាក​នានា ។ សូម​ចងចាំ​ថា​អ្នក​គឺ​ជា​នរណា ហើយ​ព្រះ​រំពឹង​ឲ្យ​អ្នក​ប្រែក្លាយ​ទៅជា​អ្វី ។ អ្នក​ជា​កូន​នៃ​សេចក្ដីសន្យា ។ អ្នក​ជា​បុរស​នៃ​អានុភាព ។ អ្នក​ជា​បុត្រា​ម្នាក់​របស់​ព្រះ ។

អំណោយទាន​នៃ​អំណាច​បព្វជិតភាព​ដ៏​មាន​តម្លៃ​នេះ មិន​គ្រាន់តែ​មាន​នូវ​ការ​ទទួលខុសត្រូវ​ដ៏​ឧឡារិក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ពរជ័យ​ដ៏​ពិសេស​ផងដែរ សម្រាប់​ខ្លួន​យើង និង​អ្នក​ដទៃ​ទៀត ។ មិន​ថា​យើង​ស្ថិត​នៅក្នុង​កន្លែង​ណា​ទេ សូម​ឲ្យ​យើង​មាន​ភាព​សក្ដិសម​ដើម្បី​ប្រើ​អំណាច​បព្វជិតភាព​ជានិច្ច ដ្បិត​យើង​មិន​ដឹង​ថា​តម្រូវការ និង​ឱកាស​របស់​យើង​ដើម្បី​ធ្វើ​កិច្ចការ​នឹង​កើត​មាន​ឡើង​នៅពេល​ណា​នោះ​ទេ ។

អំឡុង​សង្គ្រាម​លោក​លើក​ទី II មិត្ត​ខ្ញុំ​ម្នាក់​បម្រើ​នៅ​ប៉ាស៊ីហ្វិក​ខាង​ត្បូង ពេល​ដែល​យន្ដ​ហោះ​របស់​គាត់​ត្រូវ​បាន​បាញ់​ទម្លាក់​ក្នុង​សមុទ្រ ។ គាត់ និង​ពួក​នាវិក​ដទៃ​ទៀត បាន​លោត​ឆ័ត្រ​យោង​ចេញ​ពី​យន្ដ​ហោះ​ដែល​ឆេះ​នោះ​បាន​ជោគជ័យ ហើយ​បាន​អណ្ដែត​ក្បូន​សង្គ្រោះ​ជីវិត​របស់​ពួកគេ ហើយ​តោង​នឹង​ក្បូន​នោះ​អស់​រយៈពេល​បីថ្ងៃ ។

នៅថ្ងៃ​ទីបី ពួកគេ​បាន​ឃើញ​អ្វី​មួយ ដែល​ពួកគេ​ស្គាល់​ថា​ជា​ទូក​ជួយ​សង្គ្រោះ ។ វា​បាន​ទៅ​ផុត ។ នៅព្រឹក​ឡើង វា​បាន​ទៅ​ផុត​ម្ដងទៀត ។ ពួកគេ​បាន​ចាប់​ផ្ដើម​អស់​សង្ឃឹម នៅពេល​ពួកគេ​ដឹង​ថា​នេះ​គឺជា​ថ្ងៃ​ចុង​ក្រោយ​ដែល​ទូក​ជួយ​សង្គ្រោះ​នឹង​នៅ​ក្នុង​តំបន់​នោះ ។

បន្ទាប់មក​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ប្រាប់​ដល់​មិត្ត​ខ្ញុំ​ថា ៖ « អ្នក​មាន​បព្វជិតភាព ។ សូម​បញ្ជា​ឲ្យ​អ្នក​ជួយ​សង្គ្រោះ​នោះ​មក​ទទួល​អ្នក​ឡើង » ។

គាត់​បាន​ធ្វើ​ដូច​ដែល​បាន​បំផុសគំនិត ៖ « នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ដោយ​អំណាច​នៃ​បព្វជិតភាព សូម​ត្រឡប់​មក​វិញ ហើយ​ស្រង់​យើង​ឡើង » ។

ក្នុង​រវាង​ពីរ​បី​នាទី ទូក​នោះ​បាន​មក​ជិត​ពួកគេ ហើយ​បាន​ជួយ​ពួកគេ​ឡើង​ទូក ។ អ្នក​កាន់​បព្វជិតភាព​ដែល​ស្មោះត្រង់ និង​សក្ដិសម នៅក្នុង​ពេល​បន្ទាន់​របស់​គាត់ បាន​អនុវត្ត​បព្វជិតភាព​នោះ ប្រទានពរ​ដល់​ជីវិត​គាត់ និង​ជីវិត​អ្នក​ដទៃ​ទៀត ។

សូម​ឲ្យ​យើង​តាំងចិត្ត​នៅ​ទីនេះ ឥឡូវ​នេះ ត្រៀម​ខ្លួន​សម្រាប់​ពេល​នៃ​តម្រូវ​ការ​របស់​យើង ពេល​នៃ​ការ​បម្រើ​របស់​យើង និង​ពេល​នៃ​ពរជ័យ​របស់​យើង ។

ឥឡូវ នៅពេល​យើង​បញ្ចប់​សម័យ​ប្រជុំ​បព្វជិតភាព​ទូទៅ​នេះ ខ្ញុំ​សូម​ថ្លែង​ទៅ​អ្នក​ថា អ្នក​គឺជា « ពូជ​ជ្រើសរើស ជា​ពួក​សង្ឃ​ហ្លួង » (ពេត្រុស ទី ១ ២:៩) ។ សូម​ឲ្យ​យើង​សក្ដិសម​នឹង​កិត្តិយស​ដ៏​ទេវភាព​ទាំង​នេះ​ជានិច្ច ខ្ញុំ​សូម​អធិស្ឋាន​ដោយ​អស់ពី​ចិត្ត​នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ជា​ព្រះអង្គសង្គ្រោះ​របស់​យើង អាម៉ែន ។