ឆ្នាំ ២០១០-២០១៩
ហើយគ្មានសេចក្តីស្លាប់ណាទៀតឡើយ
ខែ មេសា 2016


ហើយគ្មានសេចក្តីស្លាប់ណាទៀតឡើយ

ចំពោះអស់អ្នកទាំងឡាយណាដែលកើតទុក្ខដោយសារសេចក្តីស្លាប់របស់អ្នកដែលពួកគេស្រឡាញ់ នោះការរស់ឡើងវិញគឺជាប្រភពនៃសេចក្តីសង្ឃឹមដ៏មហិមា ។

មួយសប្តាហ៍មុនគឺជាបុណ្យអ៊ីសស្ទើរ ហើយគំនិតរបស់យើងបានផ្តោតយកចិត្តទុកដាក់សារជាថ្មី ទៅលើពលិកម្មដ៏ធួន និង ការមានព្រះជន្មរស់ឡើងវិញរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ។ កាលពីឆ្នាំកន្លងទៅនេះ ខ្ញុំបានគិត និង ពិចារណាអំពីការរស់ឡើងវិញច្រើនជាងពេលមុនៗទាំងអស់ ។

ជិតមួយឆ្នាំកន្លងទៅហើយ កូនស្រីរបស់យើង អាលីសាបានស្លាប់ ។ នាងមានការរងទុក្ខនឹងជំងឺមហារីក ជិតប្រាំបីឆ្នាំ ដោយឆ្លងកាត់ការវះកាត់ជាច្រើនដង ទទួលការព្យាបាលផ្សេងៗជាច្រើន មានអព្ភូតហេតុដ៏រំភើបនានា និង ការខកចិត្តជាខ្លាំង ។ យើងបានឃើញពីស្ថានភាពទ្រុឌទ្រោមខាងរូបកាយរបស់នាង នៅពេលនាងឈានជិតដល់ជីវិតរមែងស្លាប់របស់ខ្លួន ។ វាពិតជារឿងមួយដ៏ឈឺចាប់ណាស់ ដែលឃើញការណ៍នោះកើតឡើងចំពោះកូនស្រីជាទីស្រឡាញ់របស់យើង—នាងគឺជាកូនស្រីតូចរបស់យើង ដែលបានធំឡើងក្លាយជាមនុស្សមានទេពកោសល្យ ជាស្ត្រី ភរិយា និង ម្តាយដ៏អស្ចារ្យមួយរូប ។ ខ្ញុំបានគិតថា ខ្ញុំខូចចិត្តណាស់ ។

រូបភាព
អាលីសា ចនសុន លីនតុន

កាលពីឆ្នាំមុនក្នុងពេលបុណ្យអ៊ីសស្ទើរ ជាងមួយខែមុននាងបានស្លាប់ អាលីសាបានសរសេរថា ៖ « បុណ្យអ៊ីសស្ទើរគឺជាការរំឭកមួយដល់អ្វីៗទាំងអស់ដែលខ្ញុំសង្ឃឹមសម្រាប់ខ្លួនខ្ញុំ ។ ថាថ្ងៃណាមួយ ខ្ញុំនឹងត្រូវបានព្យាបាល ហើយថ្ងៃណាមួយខ្ញុំនឹងបានជាសះស្បើយ ។ ថ្ងៃណាមួយខ្ញុំនឹងគ្មានជាតិដែក ឬ ផ្លាស្ទិចនៅក្នុងខ្លួនខ្ញុំទៀត ។ ថ្ងៃណាមួយចិត្តខ្ញុំនឹងឈប់ភ័យខ្លាច ហើយគំនិតខ្ញុំនឹងឈប់ព្រួយបារម្ភទៀត ។ ខ្ញុំមិនមែនកំពុងអធិស្ឋានទូលសុំឲ្យការណ៍នេះ កើតឡើងភ្លាមៗ ទេ ប៉ុន្តែខ្ញុំរីករាយដែលខ្ញុំពិតជាជឿលើភាពស្រស់ស្អាតបន្ទាប់ពីជីវិតនេះ » ។

ការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ បញ្ជាក់ពីអ្វីៗដែល អាលីសាបានរំពឹងចង់បាន ហើយកើតមានក្នុងខ្លួនយើងម្នាក់ៗ « ពីហេតុ [ នៃ ]សេចក្តីសង្ឃឹមរបស់ [ យើង ] រាល់គ្នា » ។ ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លីបានថ្លែងពីការរស់ឡើងវិញនេះថាជា « ព្រឹត្តិការណ៍អស្ចារ្យជាងព្រឹត្តិការណ៍ណាៗទាំងអស់នៅក្នុងប្រវត្តិសាស្ត្រនៃមនុស្សលោក » ។

ការរស់ឡើងវិញកើតមានឡើងតាមរយៈដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ហើយជាធាតុចាំបាច់សម្រាប់ផែនការនៃសេចក្តីសង្គ្រោះដ៏មហិមា ។ យើងគឺជាកូនចៅខាងវិញ្ញាណរបស់ព្រះមាតាបិតាសួគ៌ ។ នៅពេលយើងកើតមកក្នុងជីវិតលើផែនដី វិញ្ញាណរបស់យើងបានផ្គុំនឹងរូបកាយរបស់យើង ។ យើងជួបបទពិសោធន៍នូវអំណរ និង ឧបសគ្គទាំងអស់ដែលទាក់ទងនឹងជីវិតរមែងស្លាប់នេះ ។ នៅពេលមនុស្សម្នាក់ស្លាប់ វិញ្ញាណរបស់ពួកគេត្រូវបានបែកចេញពីរូបកាយខ្លួន ។ ការរស់ឡើងវិញអាចធ្វើឲ្យវិញ្ញាណរបស់បុគ្គលនោះ និង រូបកាយគាត់ត្រូវបានផ្គុំចូលគ្នាសារជាថ្មី ហើយលើកនេះរូបកាយនឹងប្រែជាអមតៈ ហើយមានសភាពល្អឥតខ្ចោះ—មិនមានការឈឺចាប់ ជំងឺ ឬ បញ្ហាផ្សេងៗទៀតឡើយ ។

បន្ទាប់ពីការរស់ឡើងវិញ វិញ្ញាណនឹងមិនបែកចេញពីរូបកាយម្តងទៀតឡើយ ដោយសារការមានព្រះជន្មរស់ឡើងវិញរបស់ព្រះអង្គសង្គ្រោះបាននាំឲ្យមានជ័យជំនះទាំងស្រុងលើសេចក្តីស្លាប់ ។ ដើម្បីទទួលបានជោគវាសនាអស់កល្បជានិច្ចរបស់យើង នោះយើងត្រូវតែមាននូវព្រលឹងអមតៈ—ជាវិញ្ញាណ និង រូបកាយ—ដែលបានផ្គុំចូលគ្នាជារៀងរហូត ។ ជាមួយវិញ្ញាណ និង រូបកាយអមតៈដែលមិនបែកគ្នានេះ យើងអាច « បានទទួលនូវភាពពោរពេញនៃអំណរ » ។ ពិតណាស់ ប្រសិនបើគ្មានការរស់ឡើងវិញទេនោះ យើងពុំអាចបានទទួលនូវភាពពោរពេញនៃសេចក្ដីអំណរឡើយ ប៉ុន្តែនឹងមានសេចក្ដីទុក្ខវេទនាជារៀងរហូត ។ ទោះបីជាមនុស្សស្មោះត្រង់ សុចរិតមើលឃើញពីការបែកចេញនៃរូបកាយ ពីវិញ្ញាណរបស់ពួកគេថាជាការជាប់ឃុំឃាំងក្តី ។ យើងត្រូវបានដោះលែងពីការជាប់ឃុំឃាំងនេះតាមរយៈការរស់ឡើងវិញ ដែលជាសេចក្តីប្រោសលោះពីចំណង ឬ ច្រវ៉ាក់នៃសេចក្តីស្លាប់ ។ ប្រសិនបើគ្មានវិញ្ញាណ និង រូបកាយរបស់យើងទេ នោះនឹងគ្មានសេចក្តីសង្គ្រោះឡើយ ។

យើងម្នាក់ៗមាននូវដែនកំណត់នៃរូបកាយ ផ្លូវចិត្ត និង សតិអារម្មណ៍ ព្រមទាំងភាពទន់ខ្សោយ ។ ឧបសគ្គទាំងនេះ មានឧបសគ្គមួយចំនួនពិបាកនឹងយកឈ្នះបានក្នុងពេលនេះ នោះនៅទីបំផុតនឹងត្រូវបានដោះស្រាយ ។ បញ្ហាទាំងនេះនឹងមិនធ្វើឲ្យយើងឈឺចាប់ឡើយបន្ទាប់ពីយើងបានរស់ឡើងវិញហើយ ។ អាលីសាបានស្រាវជ្រាវរកអត្រារស់រានមានជីវិតរបស់មនុស្សដែលមានជំងឺមហារីកដូចនាង ហើយស្ថិតិដែលរកឃើញនោះគឺមានតិចណាស់ ។ នាងបានសរសេរ ៖ « ប៉ុន្តែមានការព្យាបាលមួយ ដូច្នោះខ្ញុំមិនភិតភ័យឡើយ ។ ព្រះយេស៊ូវបានព្យាបាលជំងឺមហារីករបស់ខ្ញុំ និង របស់អ្នកហើយ ។ … ខ្ញុំនឹងបានប្រសើរជាងមុន ។ ខ្ញុំសប្បាយចិត្តដែលខ្ញុំបានដឹងពីរឿងនេះ » ។១០

យើងអាចជំនួសពាក្យថា ជំងឺមហារីក ដោយពាក្យផ្សេងៗនៃការឈឺចាប់ខាងរូបកាយ ផ្លូវចិត្ត ឬ សតិអារម្មណ៍ដែលយើងជួបប្រទះ ។ ដោយសារការរស់ឡើងវិញ នោះឧបសគ្គទាំងនោះក៏ត្រូវបានព្យាបាលឲ្យជាផងដែរ ។ អព្ភូតហេតុនៃការរស់ឡើងវិញ ការព្យាបាលឲ្យជាដ៏អស្ចារ្យ គឺមានឥទ្ធិពលខ្លាំងជាងប្រសិទ្ធភាពនៃថ្នាំសម័យទំនើបនេះទៅទៀត ។ ប៉ុន្តែវាគ្មានឥទ្ធិពលខ្លាំងជាងព្រះចេស្តានៃព្រះនោះទេ ។ យើងដឹងថាវាអាចកើតឡើងបាន ដោយសារព្រះអង្គសង្គ្រោះបានមានព្រះជន្មរស់ឡើងវិញ ហើយនឹងនាំមកនូវការរស់ឡើងវិញនៃពួកយើងគ្រប់គ្នាផងដែរ ។១១

ការមានព្រះជន្មរស់ឡើងវិញរបស់ព្រះអង្គសង្គ្រោះ បង្ហាញភស្តុតាងថា ទ្រង់គឺជាព្រះរាជបុត្រានៃព្រះ ហើយថាអ្វីដែលទ្រង់បានបង្រៀននោះគឺជាការពិត ។ « ទ្រង់មានព្រះជន្មរស់ពីស្លាប់ឡើងវិញហើយ ដូចជាទ្រង់បានមានព្រះបន្ទូលទុក » ។១២ គ្មានភស្តុតាងណាខ្លាំងជាងភាពជាព្រះរបស់ទ្រង់ ដែលបានងើបចេញមកពីផ្នូរទាំងមានរូបកាយអមតៈនោះឡើយ ។

យើងបានស្គាល់សាក្សីនានាដែលបានឃើញពីការមានព្រះជន្មរស់ឡើងវិញនៅក្នុងជំនាន់ព្រះគម្ពីរសញ្ញាថ្មី ។ ក្រៅពីពួកស្ត្រី និង បុរសដែលយើងបានអាននៅក្នុងដំណឹងល្អ ព្រះគម្ពីរសញ្ញាថ្មីបានបញ្ជាក់ដល់យើងថា មានមនុស្សរាប់រយនាក់ពិតជាបានឃើញព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញ ។១៣ ហើយព្រះគម្ពីរមរមនប្រាប់ពីមនុស្សរាប់រយនាក់បន្ថែមទៀតផងដែរ ៖ « ហ្វូងមនុស្សបានដើរទៅមុខ ហើយបានលូកដៃទៅឯចំហៀងព្រះអង្គ … ហើយ [ ពួកគេ ] បានឃើញដោយភ្នែកគេផ្ទាល់ ហើយបានស្ទាបដោយដៃគេផ្ទាល់ និងបានដឹងយ៉ាងជាក់ច្បាស់ និងបានធ្វើបន្ទាល់ថា គឺជាព្រះអង្គមែន ដែលពួកព្យាការីបានសរសេរទុកពីមុនថា ទ្រង់នឹងយាងមក » ។១៤

បន្ថែមលើសាក្សីពីបុរាណទាំងនោះ ក៏មានសាក្សីជាច្រើននៅក្នុងថ្ងៃចុងក្រោយនេះផងដែរ ។ ពិតណាស់ នៅក្នុងការនិមិត្តនៃការកាន់កាប់ត្រួតត្រានេះ យ៉ូសែប ស៊្មីធ បានឃើញព្រះអង្គសង្គ្រោះដែលមានព្រះជន្មរស់ឡើងវិញជាមួយនឹងព្រះវរបិតា ។១៥ព្យាការី និង សាវកដែលនៅរស់បានថ្លែងទីបន្ទាល់ពីភាពពិតនៃការមានព្រះជន្មរស់ឡើងវិញ គឺជាព្រះគ្រីស្ទដែលមានព្រះជន្មរស់ ។១៦ ដូច្នោះយើងអាចនិយាយថា « យើងក៏មានស្មរបន្ទាល់មួយហ្វូងធំម៉្លេះ នៅព័ទ្ធជុំវិញយើង » ។១៧ យើងម្នាក់ៗអាចក្លាយជាផ្នែកមួយនៃស្មរបន្ទាល់មួយហ្វូងធំនោះ ដោយដឹងតាមរយៈព្រះចេស្តានៃព្រះវិញ្ញាណបរិសុទ្ធថា អ្វីដែលយើងប្រារព្ធធ្វើឡើងនៅថ្ងៃបុណ្យអ៊ីសស្ទើរពិតជាបានកើតឡើង—ថាការមានព្រះជន្មរស់ឡើងវិញគឺជាពិត ។

ភាពិតនៃការមានព្រះជន្មរស់ឡើងវិញរបស់ព្រះអង្គសង្គ្រោះបានផ្តល់ជ័យជំនះ និង ជំនួសដួងចិត្តយើងដែលខ្ទេចខ្ទាំ ដោយសេចក្តីសង្ឃឹម ដោយសារសេចក្តីសង្ឃឹមធានាអះអាងថាការសន្យាផ្សេងទៀតទាំងអស់នៃដំណឹងល្អគឺជាការពិត—ជាការសន្យាដែលអស្ចារ្យដូចជាការរស់ឡើងវិញ ។ យើងដឹងថាទ្រង់មានព្រះចេស្តាដើម្បីសម្អាតយើងចេញពីអំពើបាបរបស់យើង ។ យើងដឹងថា ទ្រង់បានលើកដាក់លើព្រះអង្គទ្រង់នូវជំងឺ ការឈឺចាប់ និង ភាពអយុត្តិធម៌ដែលយើងបានរងទុក្ខ ។១៨ យើងដឹងថាទ្រង់បាន « មានព្រះជន្មរស់ឡើងវិញ ដោយអំណាចប្រោសឲ្យជានៅក្នុងចំអេងស្លាបទ្រង់ » ។១៩ យើងដឹងថា ទ្រង់អាចធ្វើឲ្យយើងជាសះស្បើយ មិនថាមានអ្វីឈឺចាប់ក្នុងចិត្តយើងនោះទេ ។ យើងដឹងថាទ្រង់ « នឹងជូតអស់ទាំងទឹកភ្នែក ពីភ្នែក [ របស់យើង ] ចេញ និងគ្មានសេចក្តីស្លាប់ ឬសេចក្តីសោកសង្រេង ឬសេចក្តីយំទួញ ឬទុក្ខលំបាកណាទៀតឡើយ ដ្បិតសេចក្តីមុនទាំងប៉ុន្មាន បានកន្លងបាត់ទៅហើយ » ។២០ យើងដឹងថាយើងអាចត្រូវបាន « ធ្វើឲ្យល្អឥតខ្ចោះតាមរយៈព្រះយេស៊ូវ … ដែលបាននាំមកនូវដង្វាយធួនដ៏ល្អឥតខ្ចោះនេះ »២១ ប្រសិនបើយើងគ្រាន់តែមានសេចក្តីជំនឿ ហើយធ្វើតាមទ្រង់ ។

នៅចុងបញ្ចប់នៃបទចម្រៀងដ៏បំផុសគំនិតនៃបទ ព្រះមែស៊ី ហែនឌែល បាននិពន្ធបទភ្លេងដ៏ពិរោះនៃពាក្យពេចន៍របស់សាវកប៉ុល ដែលរីករាយចំពោះការរស់ឡើងវិញនេះ ។

« នែខ្ញុំ [ ប្រាប់ ] អ្នករាល់គ្នាពីសេចក្តីអាថ៌កំបាំង គឺថាយើងទាំងអស់គ្នានឹងមិនដេកលក់ទៅទេ តែទាំងអស់គ្នានឹងបានផ្លាស់ប្រែទៅ

តែទាំងអស់គ្នានឹងបានផ្លាស់ប្រែទៅក្នុងមួយរំពេចវិញ គឺក្នុងមួយប៉ប្រិចភ្នែកប៉ុណ្ណោះ ក្នុងកាលដែលឮសូរត្រែក្រោយបង្អស់ ៖ … ដ្បិតត្រែនឹងឮឡើងមែន នោះពួកស្លាប់នឹងរស់ឡើងវិញ មិនពុករលួយទៀតឡើយ រួចយើងរាល់គ្នានឹងបានផ្លាស់ប្រែទៅ ។

« ដ្បិតត្រូវតែរូបកាយដ៏ពុករលួយនេះ បានប្រដាប់ដោយសេចក្តីមិនពុករលួយវិញ ហើយរូបកាយដែលរមែងស្លាប់នេះ ត្រូវតែបានប្រដាប់ដោយសេចក្តីមិនចេះស្លាប់វិញដែរ ។

«… នោះទើបនឹងបានសម្រេចតាមពាក្យ ដែលចែងទុកមកថា សេចក្តីជ័យជំនះបានលេបសេចក្តីស្លាប់បាត់ហើយ ។

« ឱសេចក្តីស្លាប់អើយ ទ្រនិចឯងនៅឯណា ? សេចក្តីស្លាប់អើយ ជ័យជំនះរបស់ឯងនៅឯណា ? …

« តែអរព្រះគុណដល់ព្រះអង្គ ពីព្រោះទ្រង់ប្រទានឲ្យយើងរាល់គ្នាមានជ័យជំនះ ដោយសារព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង » ។២២

ខ្ញុំមានអំណរគុណចំពោះពរជ័យដែលជារបស់ពួកយើង ដោយសារដង្វាយធួន និង ការមានព្រះជន្មរស់ឡើងវិញរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ។ ចំពោះអស់អ្នកទាំងឡាយណាដែលមានកូនស្លាប់ ឬ យំនៅក្បែរមឈូសរបស់ស្វាមី ឬ ភរិយា ឬ កើតទុក្ខដោយសារសេចក្តីស្លាប់របស់ឪពុកម្តាយ ឬ អ្នកដែលពួកគេស្រឡាញ់ នោះការរស់ឡើងវិញគឺជាប្រភពនៃសេចក្តីសង្ឃឹមដ៏មហិមា ។ វានឹងក្លាយជាបទពិសោធន៍ដ៏មានឥទ្ធិពលអ្វីម៉្លេះ ដើម្បីជួបពួកគេម្តងទៀត—មិនមែនគ្រាន់តែជាវិញ្ញាណនោះទេ ប៉ុន្តែជាមួយរូបកាយដែលបានរស់ឡើងវិញ ។

ខ្ញុំចង់ឃើញម្តាយរបស់ខ្ញុំម្តងទៀត ហើយទទួលអារម្មណ៍នៃការឱបដ៏ទន់ភ្លន់របស់គាត់ ព្រមទាំងមើលកែវភ្នែកដែលពេញដោយក្តីស្រឡាញ់របស់គាត់ ។ ខ្ញុំចង់ឃើញស្នាមញញឹមរបស់ឪពុកខ្ញុំ ហើយស្តាប់គាត់សើច និង ឃើញគាត់បានរស់ឡើងវិញ ដោយមានរូបកាយល្អឥតខ្ចោះ ។ ជាមួយនឹងភ្នែកនៃសេចក្តីជំនឿ ខ្ញុំស្រមៃឃើញអាលីសាបានឆ្លងផុតក្តីអំពល់នៃលោកិយ ឬ ទ្រនិចនៃសេចក្តីស្លាប់នេះបានទាំងស្រុង—ជាអាលីសាដែលជ័យជំនះ មានរូបកាយរស់ឡើងវិញ ល្អឥតខ្ចោះ ហើយពោរពេញដោយអំណរ ។

កាលពីបុណ្យអ៊ីសស្ទើរពីរបីឆ្នាំមុន នាងបានសរសេរយ៉ាងសាមញ្ញថា ៖ « ជីវិតរស់នៅអាស្រ័យលើព្រះនាមទ្រង់ ។ ធ្វើឲ្យខ្ញុំមានសង្ឃឹមជាខ្លាំង ។ ជាប់ជានិច្ច ។ ដើម្បីធ្វើកិច្ចការទាំងអស់ ។ ខ្ញុំចូលចិត្តបុណ្យអ៊ីសស្ទើរដែលរំឭកខ្ញុំពីរឿងនោះ » ។២៣

ខ្ញុំសុំថ្លែងទីបន្ទាល់ពីភាពពិតនៃការរស់ឡើងវិញ ។ ព្រះយេស៊ូវគ្រីស្ទមានព្រះជន្មរស់ ហើយដោយសារទ្រង់ យើងទាំងអស់គ្នានឹងរស់ឡើងវិញម្តងទៀត ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។