ឆ្នាំ ២០១០-២០១៩
ចូរបន្ទាបខ្លួន
ខែ មេសា 2016


ចូរបន្ទាបខ្លួន

ការបន្ទាបខ្លួនធ្វើឲ្យយើងក្លាយជាឪពុកម្ដាយល្អ កូនប្រុសស្រីល្អ ស្វាមីភរិយាល្អ អ្នកជិតខាង និងមិត្តភក្ដិល្អ ។

យើងមានពរនៅក្នុងសាសនាចក្រនេះដែលមានទំនុកតម្កើងដើម្បីជួយយើងថ្វាយបង្គំតាមរយៈបទចម្រៀង ។ ក្នុងការប្រជុំនៃសាសនាចក្រយើង « ទំនុកតម្កើងអញ្ជើញព្រះវិញ្ញាណនៃព្រះអម្ចាស់ បង្កើតឲ្យមានអារម្មណ៍គារវភាព ធ្វើឲ្យមានសាមគ្គីភាពក្នុងនាមសមាជិក ហើយផ្ដល់នូវរបៀបមួយដល់យើងដើម្បីថ្វាយការសរសើរតម្កើងដល់ព្រះអម្ចាស់ ។ ទេសនកថាដ៏អស្ចារ្យបំផុតមួយចំនួន គឺត្រូវបានបង្រៀនតាមរយៈការច្រៀងទំនុកតម្កើង » ។

ប៉ុន្មានខែបន្ទាប់ពីសាសនាចក្របានស្ថាបនាឡើង ព្យាការី យ៉ូសែប ស៊្មីធ បានទទួលវិវរណៈមួយសម្រាប់ភរិយាលោកគឺអិមម៉ា ។ ព្រះអម្ចាស់បានណែនាំនាង « ឲ្យធ្វើការជំរើសយកទំនុកសរសើរតម្កើងព្រះដ៏ពិសិដ្ឋទាំងឡាយ ដូចជានឹងបានប្រទានដល់អ្នក ដែលសព្វព្រះហឫទ័យដល់យើង ដើម្បីឲ្យមាននៅក្នុងសាសនាចក្ររបស់យើង » ។

អិមម៉ា ស៊្មីធ បានចងក្រងទំនុកតម្កើងដែលមាននៅក្នុងសៀវភៅទំនុកតម្កើងខឺតឡង់ក្នុងឆ្នាំ ១៨៣៦ ។ មានចម្រៀងតែ ៩០ បទប៉ុណ្ណោះនៅក្នុងសៀវភៅតូចដ៏ស្ដើងនេះ ។ ទំនុកតម្កើងភាគច្រើនគឺជារបស់ពួកប្រូតេស្ដង់ ។ ទំនុកតម្កើងចំនួនម្ភៃប្រាំមួយត្រូវបានសរសរបទភ្លេងដោយ វិលលាម ដ័បបុលយូ ហ្វែប្ស ដែលក្រោយមកគាត់បានរៀបចំ ហើយបោះពុម្ពសៀវភៅទំនុកតម្កើង ។ មានតែទំនុកបទប៉ុន្តែ ពុំមានអក្សរភ្លេងភ្ជាប់ជាមួយឡើយ ។ សៀវភៅទំនុកតម្កើងដ៏ស្ដើងនេះបង្ហាញជាពរជ័យមួយដ៏អស្ចារ្យដល់សមាជិកសាសនាចក្រជំនាន់ដំបូង ។

រូបភាព
ទំព័រទំនុកតម្កើងរបស់អិមម៉ា ស្ម៊ីធ
រូបភាព
ទំព័រចំណងជើងទំនុកតម្កើងរបស់អិមម៉ា ស្ម៊ីធ

ការបោះពុម្ពចុងក្រោយបង្អស់នៃទំនុកតម្កើងរបស់យើងជាភាសាអង់គ្លេសគឺក្នុងឆ្នាំ ១៩៨៥ ។ ការជ្រើសរើសជាច្រើនដែលអិមម៉ាបានជ្រើសកាលពីមុននោះ គឺនៅតែមាននៅក្នុងទំនុកតម្កើងយើងដូចជា « ខ្ញុំដឹងថាព្រះប្រោសលោះខ្ញុំនៅរស់ » និង « គ្រឹះដ៏មាំមួន » ។

បទចម្រៀងដែលថ្មីក្នុងទំនុកតម្កើងឆ្នាំ ១៩៨៥ គឺ « ចូរបន្ទាបខ្លួន » ។ ទំនុកតម្កើងដ៏សុខសាន្តនេះត្រូវបានសរសេរបទភ្លេងដោយ ហ្គ្រែដជែ ធើរប៊ើហ្គ រ៉ោវលី ដែលទទួលមរណភាពកាលពីឆ្នាំមុន ។ គាត់បានចូលសាសនាចក្រក្នុងឆ្នាំ ១៩៥០ នៅហាវៃ កាលគាត់បង្រៀននៅសាលា ។ បងស្រី រ៉ោវលី បានបម្រើជាគណៈកម្មការតន្ត្រីទូទៅ ហើយបានជួយកែសម្រួលទំនុកតម្កើងទៅជាច្រើនភាសា ។ គាត់បានតែងទំនុកបទ « ចូរបន្ទាបខ្លួន » របស់គាត់ដោយផ្អែកលើខគម្ពីរចំនួនពីរ ៖ គោលលទ្ធិ និង សេចក្តីសញ្ញា ១១២:១០ និង អេធើរ ១២:២៧ ។ ខគម្ពីក្នុងអេធើរអានដូចនេះ ៖ « ហើយបើសិនជាមនុស្សលោកមករកយើង នោះយើងនឹងបង្ហាញដល់ពួកគេនូវភាពទន់ខ្សោយរបស់ពួកគេ ។ យើងឲ្យភាពទន់ខ្សោយទៅមនុស្ស ដើម្បីឲ្យពួកគេអាចបានរាបសារ … ដ្បិតបើសិនជា ពួកគេបន្ទាបខ្លួននៅចំពោះយើង ហើយមានសេចក្ដីជំនឿដល់យើង លំដាប់នោះយើងនឹងធ្វើឲ្យអ្វីដែលទន់ខ្សោយក្លាយទៅជាខ្លាំងពូកែចំពោះពួកគេវិញ ។

គឺដូចជាទំនុកតម្កើងដទៃទៀតក្នុងសាសនាចក្រដែរ « ចូរបន្ទាបខ្លួន » បង្រៀនអំពីសេចក្ដីពិតសាមញ្ញ ហើយបរិសុទ្ធ ។ ទំនុកតម្កើងនេះបង្រៀនយើងថា បើយើងបន្ទាបខ្លួន នោះការអធិស្ឋានយើងនឹងទទួលចម្លើយ យើងរីករាយនឹងភាពសុខសាន្តក្នុងចិត្ត យើងបម្រើក្នុងការហៅរបស់យើងកាន់តែមានប្រសិទ្ធិភាព ហើយបើយើងបន្តមានចិត្តស្មោះត្រង់ នៅទីបញ្ចប់យើងនឹងត្រឡប់ទៅឯវត្តមានរបស់ព្រះវរបិតាសួគ៌វិញ ។

ព្រះអង្គសង្គ្រោះបង្រៀនពួកអ្នកដើរតាមទ្រង់ថា ពួកគេត្រូវតែបន្ទាបខ្លួនឲ្យដូចជាកូនក្មេងដើម្បីចូលក្នុងនគរស្ថានសួគ៌ ។ នៅពេលយើងចិញ្ចឹមកូនៗយើង យើងត្រូវជួយពួកគេបន្តបន្ទាបខ្លួនកាលពួកគេចម្រើនវ័យជាមនុស្សពេញវ័យ ។ យើងមិនមែនធ្វើដូច្នេះដោយបំបាក់ស្មារតីពួកគេតាមរយៈភាពព្រៃផ្សៃ ឬតឹងតែងពេកក្នុងការលុតដំរបស់យើងឡើយ ។ នៅពេលចិញ្ចឹមបីបាច់ទំនុកចិត្តលើខ្លួន និងការគោរពខ្លួនពួកគេ នោះយើងត្រូវបង្រៀនពួកគេអំពីគុណសម្បត្តិនៃភាពមិនអាត្មានិយម សន្ដានចិត្ត ការគោរពប្រតិបត្តិ គ្មានភាពឆ្មើងឆ្មៃ ការគួរសម និងភាពស្មោះត្រង់ ។ យើងត្រូវឲ្យពួកគេរីករាយនៅពេលបងប្អូនបង្កើត ឬមិត្តភក្ដិរបស់ពួកគេមានភាពជោគជ័យ ។ ប្រធាន ហាវើដ ដបុលយូ ហឹនធើរ បានបង្រៀនថា « យើងគួរតែខ្វាយខ្វល់អំពីភាពជោគជ័យនៃមនុស្សដទៃ » ។ បើមិនដូច្នោះទេ កូនចៅរបស់យើងអាចខ្វាយខ្វល់ជានិច្ចអំពីការស្វែងរកផលប្រយោជន៍ខ្លួនគេ និងការធ្វើអ្វីឲ្យប្រសើរជាងមនុស្សដទៃ ច្រណែន និងវិវាទចិត្តដោយសារជ័យជម្នះរបស់មនុស្សជុំវិញខ្លួន ។ ខ្ញុំមានអំណរគុណសម្រាប់អ្នកម្ដាយពេលឃើញខ្ញុំជាក្មេងអួតខ្លួន គាត់តែងប្រាប់ថា « កូនប្រុសមាសម្ដាយ ចូរបន្ទាបខ្លួនបន្តិច វានឹងជាប្រយោជន៍ដល់កូន » ។

ប៉ុន្តែការបន្ទាបខ្លួនពុំគ្រាន់តែជាអ្វីមួយដែលទុកសម្រាប់បង្រៀនដល់ក្មេងៗប៉ុណ្ណោះទេ ។ យើងទាំងអស់គ្នាត្រូវតែព្យាយាមបន្ទាបខ្លួន ។ ការបន្ទាបខ្លួនចាំបាច់ដើម្បីទទួលបានពរជ័យនៃដំណឹងល្អ ។ ការបន្ទាបខ្លួនធ្វើឲ្យយើងមានចិត្តសង្រេងពេលយើងប្រព្រឹត្តបាប ឬធ្វើកំហុស ហើយធ្វើឲ្យយើងអាចប្រែចិត្តបាន ។ ការបន្ទាបខ្លួនធ្វើឲ្យយើងក្លាយជាឪពុកម្ដាយល្អ កូនប្រុសស្រីល្អ ស្វាមីភរិយាល្អ អ្នកជិតខាង និងមិត្តភក្ដិល្អ ។

ផ្ទុយទៅវិញ ការអួតខ្លួនឥតប្រយោជន៍អាចបំផ្លាញទំនាក់ទំនងគ្រួសារ បណ្ដាច់ចំណងអាពាហ៍ពិពាហ៍ ហើយបំផ្លាញមិត្តភាពនានា ។ វាចាំបាច់ជាពិសេសដែលបងប្អូនត្រូវចងចាំអំពីការបន្ទាបខ្លួន នៅពេលបងប្អូនមានការទាស់ទែងលេចឡើងក្នុងគេហដ្ឋានរបស់បងប្អូន ។ សូមគិតអំពីរឿងឈឺក្បាលទាំងអស់ដែលបងប្អូនអាចចៀសវាងបានដោយការបន្ទាបខ្លួនដោយពោលថា « ខ្ញុំសូមទោស » « ខ្ញុំបានធ្វើរឿងឥតគិតក្រែង » « តើអ្នកចង់ធ្វើដូចម្ដេច ?» « ខ្ញុំគ្មានចេតនាធ្វើរឿងនោះទេ » ឬ « ខ្ញុំមានមោទនភាពចំពោះអ្នកណាស់ » ។ បើឃ្លាដ៏ខ្លីទាំងនេះត្រូវបានប្រើដោយបន្ទាបខ្លួន នោះនឹងកាត់បន្ថយការទាស់ទែង ហើយកាន់តែមានសន្តិភាពក្នុងគេហដ្ឋានយើង ។

ជីវិតរស់នៅដ៏សាមញ្ញអាចជា និងជារឿយៗជាបទពិសោធន៍មួយដ៏បន្ទាបខ្លួន ។ គ្រោះថ្នាក់ និងជំងឺ មរណភាពនៃមនុស្សជាទីស្រឡាញ់ បញ្ហាក្នុងទំនាក់ទំនង សូម្បីតែវិបត្តិហិរញ្ញវត្ថុក៏អាចនាំយើងឲ្យយើងទន់ជង្គង់ដែរ ។ ទោះជាទាំងនេះជាបទពិសោធន៍ដ៏លំបាកក្ដី បើយើងឆ្លងកាត់ដោយគ្មានកំហុស ឬមិនធ្វើជម្រើស និងវិនិច្ឆ័យខុសទេ នោះការសាកល្បងទាំងនេះសុទ្ធតែជាការបន្ទាបខ្លួនទាំងអស់ ។ បើយើងជ្រើសរើសធ្វើតាមព្រះវិញ្ញាណ ហើយបន្តបន្ទាបខ្លួន ព្រមទាំងចុះចូល នោះការអធិស្ឋានយើងកាន់តែស្មោះត្រង់ឡើង រីឯសេចក្ដីជំនឿ និងទីបន្ទាល់នឹងយកឈ្នះលើទុក្ខព្រួយទាំងឡាយក្នុងជីវិតរមែងស្លាប់ ។ យើងទាំងអស់គ្នាសម្លឹងទៅភាពតម្កើងឡើង ប៉ុន្តែពីមុនការណ៍នេះអាចកើតឡើងបាន នោះយើងត្រូវតែតស៊ូឆ្លងកាត់អ្វីមួយដែលហៅថា « ជ្រលងនៃការបន្ទាបខ្លួន » ។

ច្រើនឆ្នាំកន្លងទៅ កូនប្រុសខ្ញុំអាយុ ១៥ ឆ្នាំឈ្មោះអេរីក បានរងរបួសក្បាលយ៉ាងធ្ងន់ ។ ដោយមើលឃើញគាត់ដេកសន្លប់អស់មួយសប្ដាហ៍ វាធ្វើឲ្យចិត្តយើងក្ដុកក្ដួល ។ ពួកវេជ្ជបណ្ឌិតបានប្រាប់យើងថាពួកគេមិនច្បាស់ពី ស្ថានភាពបន្ទាប់ទៀតទេ ។ ពិតណាស់ យើងរំភើបចិត្តជាខ្លាំងកាលគាត់បានដឹងខ្លួនវិញ ។ ពេលខ្លះ យើងបានគិតថា អ្វីៗនឹងប្រសើរឡើង ប៉ុន្តែយើងបានគិតខុស ។

កាលគាត់ដឹងខ្លួន គាត់មិនអាចដើរ ឬនិយាយ ឬហូបអាហារដោយខ្លួនឯងបានឡើយ ។ រឿងដ៏អាក្រក់នោះគឺថា គាត់ឆាប់ភ្លេច ។ គាត់អាចចងចាំពីអ្វីៗនៅមុនពេលគ្រោះថ្នាក់នោះ ប៉ុន្តែគាត់មិនអាចចាំពីរឿងបន្ទាប់នោះ សូម្បីតែរឿងដែលបានកើតឡើងប៉ុន្មាននាទីមុន ។

ពេលខ្លះ យើងបារម្ភថាយើងនឹងមានកូនប្រុសម្នាក់ដែលមានគំនិតជាក្មេងអាយុ ១៥ ជារៀងរហូត ។ រឿងទាំងឡាយមានភាពងាយស្រួលខ្លាំងណាស់សម្រាប់កូនប្រុសខ្ញុំពីមុនកើតគ្រោះថ្នាក់នោះ ។ គាត់អត្តពលករដ៏ល្បីនៅក្នុងសាលា ។ ពីមុន អនាគតរបស់គាត់ហាក់ដូចជាមានភាពរុងរឿង ឥឡូវយើងបារម្ភថាគាត់នឹងគ្មានអនាគតដើម្បីចងចាំឡើយ ។ ឥឡូវនេះគាត់ស្មុគស្មាញនឹងការរៀនជំនាញមូលដ្ឋានឡើងវិញ ។ នេះជាគ្រាមួយដ៏រាបសាសម្រាប់គាត់ ។ វាក៏ជាគ្រាមួយដ៏រាបសាសម្រាប់យើងដែរ ។

និយាយឲ្យត្រង់ទៅ យើងបានងឿងឆ្ងល់ថាតើរឿងនេះអាចកើតឡើងបានយ៉ាងដូចម្ដេចទៅ ។ យើងតែងខិតខំធ្វើរឿងត្រឹមត្រូវជានិច្ច ។ ក្រុមគ្រួសាររបស់យើងតែងដាក់អាទិភាពខ្ពស់ ទៅលើការរស់នៅតាមដំណឹងល្អ ។ យើងមិនយល់ទេ ហេតុអ្វីក៏រឿងឈឺចាប់បែបនេះកើតឡើងចំពោះយើង ។ កាលយើងឃើញថា ការធ្វើឲ្យគាត់បានប្រសើរឡើងវិញត្រូវចំណាយពេលច្រើនខែឆ្នាំ នោះវាបាននាំចិត្តយើងឲ្យលុតជង្គង់ចុះអធិស្ឋាន ។ យើងរឹតតែពិបាកដោយដឹងបន្តិចម្ដងៗថា គាត់នឹងមិនអាចជាដូចដើមនោះ ។

នៅពេលនេះ ការបង្ហូរទឹកភ្នែក និងការអធិស្ឋានរបស់យើងកាន់តែស្ដែងឡើងចេញពីចិត្ត ហើយស្មោះត្រង់ ។ តាមរយៈការបន្ទាបខ្លួន យើងបានចាប់ផ្ដើមមើលឃើញបន្តិចម្ដងៗពីអព្ភូតហេតុតូចៗដែលកូនប្រុសយើងបានជួបនៅក្នុងគ្រាដ៏ឈឺចាប់នេះ ។ គាត់បានចាប់ផ្ដើមល្អប្រសើរបន្តិចម្ដងៗ ។ ឥរិយាបថ និងទស្សនៈគាត់មានភាពវិជ្ជមានច្រើន ។

សព្វថ្ងៃនេះ កូនប្រុសយើងអេរីក នឹងភរិយាដ៏ប្រពៃម្នាក់ ហើយពួកគេមានកូនប្រាំនាក់ ។ គាត់ជាមនុស្សចូលចិត្តរៀនសូត្រ ហើយជួយដល់សហគមន៍របស់គាត់ រួមទាំងសាសនាចក្រដែរ ។ សំខាន់ជាងនេះទៀត គាត់បន្តរស់នៅក្នុងស្មារតីនៃការបន្ទាបខ្លួនដែលគាត់បានទទួលកាលពីមុន ។

ចុះបើយើងអាចបន្ទាបខ្លួនពីមុនយើងដើរឆ្លងកាត់ « ជ្រលងនៃការបន្ទាបខ្លួន » នោះ ? អាលម៉ាបង្រៀនដូចនេះ ៖

« មានពរហើយដល់ពួកអ្នកណា ដែលបានបន្ទាបខ្លួនដោយពុំបាច់គេបង្ខំ » ។

« មែនហើយ មានពរច្រើនជាងពួកអ្នកដែលត្រូវគេបង្ខំឲ្យមានចិត្តសុភាពរាបសាទៅទៀត » ។

ខ្ញុំមានអំណរគុណដូចជាអាលម៉ាដែរ សម្រាប់ព្យាការី ដែលបង្រៀនយើងអំពីតម្លៃនៃឥរិយាបថដ៏ថ្លៃថ្នូរនេះ ។ ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ជាប្រធានទី១២ របស់សាសនាចក្របានថ្លែងដូចនេះ ៖ « តើបុគ្គលម្នាក់បន្ទាបខ្លួនយ៉ាងដូចម្ដេច ? ចំពោះខ្ញុំ បុគ្គលម្នាក់ត្រូវតែនឹកឃើញអំពីការពឹងផ្អែករបស់ខ្លួនជានិច្ច ។ តើពឹងផ្អែកទៅលើនរណា ? ទៅលើព្រះអម្ចាស់ ។ តើបុគ្គលម្នាក់រំឭកខ្លួនឯងយ៉ាងដូចម្ដេច ? ដោយការអធិស្ឋានដ៏ស្មោះ ឥតឈប់ឈរ ដោយគោរព និងមានអំណរគុណ » ។១០

វាមិនគួរឲ្យភ្ញាក់ផ្អើលទេ ដែលទំនុកតម្កើងសំណព្វរបស់ប្រធានឃឹមបឹល គឺជាបទ « ខ្ញុំត្រូវការទ្រង់ជានិច្ច » ។១១ អែលឌើរ ដាល្លិន អេក អូក បានមានប្រសាសន៍ប្រាប់ថា ទំនុកតម្កើងនេះត្រូវបានច្រៀងជារឿយៗដោយពួកបងប្អូនប្រុសក្នុងព្រះវិហារបរិសុទ្ធ អំឡុងឆ្នាំបម្រើដំបូងៗរបស់លោកក្នុងកូរ៉ុមនៃពួកដប់ពីរនាក់ ។ លោកមានប្រសាសន៍ថា « សូមស្រមៃពីឥទ្ធិពលខាងវិញ្ញាណនៃក្រុមអ្នកបម្រើព្រះអម្ចាស់ កាលពួកលោកច្រៀងបទនោះពីមុនអធិស្ឋានទូលសូមការដឹកនាំក្នុងការបំពេញការទទួលខុសត្រូវដ៏ធំរបស់ពួកលោក » ។១២

ខ្ញុំសូមថ្លែងទីបន្ទាល់អំពីសារៈសំខាន់នៃការបន្ទាបខ្លួននៅក្នុងជីវិតយើង ។ ខ្ញុំមានអំណរគុណចំពោះបុគ្គលដូចជា បងស្រី ហ្គ្រែដជែ រ៉ោវលី ដែលបានចារចែងទំនុកបទ និងតន្ត្រីដ៏បំផុសគំនិត ដែលជួយយើងរៀនគោលលទ្ធិនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ដែលរួមបញ្ចូលទាំងការបន្ទាបខ្លួនផង ។ ខ្ញុំមានអំណរគុណណាស់ដែលយើងមានកេរតំណែលទំនុកតម្កើង ដែលជួយយើងថ្វាយបង្គំតាមរយៈចម្រៀង ហើយខ្ញុំមានអំណរគុណចំពោះការបន្ទាបខ្លួន ។ ខ្ញុំអធិស្ឋានសូមឲ្យ យើងនឹងខិតខំឲ្យមានការបន្ទាបខ្លួននៅក្នុងជីវិត ដើម្បីយើងអាចក្លាយជាឪពុកម្ដាយ កូនប្រុសស្រី និងជាអ្នកដើរតាមដ៏ប្រពៃរបស់ព្រះអង្គសង្គ្រោះ ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

កំណត់ចំណាំ

  1. « អារម្ភកថារបស់គណៈប្រធានទីមួយ » ទំនុកតម្កើងនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ( ឆ្នាំ ១៩៨៥ ) ទំព័រ ix ។

  2. គោលលទ្ធិ និង សេចក្ដីសញ្ញា ២៥: ១១ ។

  3. ទំព័រចំណងជើងក្នុងការបោះពុម្ពលើកទីមួយនៃទំនុកតម្កើងក្នុងឆ្នាំ ១៨៣៥ ប៉ុន្តែមិនទាន់បានពេញលេញនៅឡើយ ហើយនៅតែមានរហូតដល់ដើមឆ្នាំ ១៨៣៦ ។

  4. ទំនុកតម្កើងចំនួនម្ភៃប្រាំមួយបទដែលមានក្នុងសៀវភៅទំនុកតម្កើងឆ្នាំ ១៨៣៥ ត្រូវបានដាក់បញ្ចូលក្នុងសៀវភៅទំនុកតម្កើងនាពេលបច្ចុប្បន្ននេះ( សូមមើល Kathleen Lubeck « The New Hymnbook: The Saints Are Singing!» Ensign, ខែ មិនា ឆ្នាំ ១៩៨៥,ទំព័រ ៧ ) ។

  5. « ចូរបន្ទាបខ្លួន » ទំនុកតម្កើងលេខ ៧០ ។

  6. សូមមើល ម៉ាថាយ ១៨:១–៤ ។

  7. ហាវើដ ដបុលយូ ហឹនធើរ « The Pharisee and the Publican » Ensign ខែ ឧសភា ឆ្នាំ ១៩៨៤ ទំព័រ ៦៦ ។

  8. Anthon H. Lund នៅក្នុង Conference Report ខែ មេសា ឆ្នាំ ១៩០១ ទំព័រ ២២ ។

  9. អាលម៉ា ៣២:១៦, ១៥ 

  10. Teachings of Spencer W. Kimball និពន្ធដោយ Edward L. Kimball ( ឆ្នាំ ១៩៨២ ) ទំព័រ ២៣៣ ។

  11. « ខ្ញុំត្រូវការទ្រង់ជានិច្ច » ទំនុកតម្កើង លេខ ៤៧ សូមមើលផងដែរ Brent H. Nielson « I Need Thee Every Hour » Ensign ខែ មេសា ឆ្នាំ ២០១១ ទំព័រ ១៦ ។

  12. ដាល្លីន អេក អូក « Worship through Music » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៤ ទំព័រ ១០ ។