ឆ្នាំ ២០១០-២០១៩
ទ្រង់​ស្នើ​ឲ្យ​យើង​ធ្វើ​ជា​ព្រះហស្ត​របស់​ទ្រង់
ខែ មេសា 2016


ទ្រង់​ស្នើ​ឲ្យ​យើង​ធ្វើ​ជា​ព្រះហស្ត​របស់​ទ្រង់

ការបម្រើ​ដូច​ជា​ព្រះគ្រីស្ទ​ពិត គឺ​ជា​ការបម្រើ​ដែល​មិន​អាត្មានិយម ហើយ​ផ្តោតលើ​អ្នក​ដទៃ ។

« ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ ដូចជា​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់គ្នា » ។ ពាក្យ​ទាំងនេះ ត្រូវ​បាន​ច្រៀង​ដោយ​ក្រុម​ចម្រៀង​ដ៏​អស្ចារ្យ​នេះ គឺ​ជា​ព្រះបន្ទូល​របស់​ព្រះយេស៊ូវ​ប៉ុន្មាន​ម៉ោង​មុន​ពលិកម្មធួន​ដ៏​មហិមា​របស់​ទ្រង់​ប៉ុណ្ណោះ—ជា​ពលិកម្ម​មួយ​ដែល​អែលឌើរ ជែហ្វ្រី  អ័រ ហូឡិន បាន​ពិពណ៌នា​ថា​ជា ការ « ​បង្ហាញ​ពី​ក្ដីស្រឡាញ់​ដ៏​បរិសុទ្ធ​បំផុត តាម​ដែល​ធ្លាប់​បង្ហាញ​នៅក្នុង​ប្រវត្តិសាស្ត្រ​នៃ​ពិភពលោក​នេះ » ។

ព្រះយេស៊ូវ​មិន​ត្រឹមតែ​បង្រៀន​យើង​ឲ្យ​ចេះ​ស្រឡាញ់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ទ្រង់បាន​រស់នៅ​តាម​អ្វី​ដែលទ្រង់​បាន​បង្រៀន​ផងដែរ ។ នៅ​ក្នុង​ការបម្រើ​របស់​ទ្រង់​ព្រះយេស៊ូវ « យាង​ចុះឡើង​ធ្វើ​ការល្អ » ហើយ « បាន​អង្វរ​មនុស្ស​គ្រប់​រូប​ឲ្យ​ធ្វើ​តាម​គំរូ​របស់​ទ្រង់ » ។ ទ្រង់​បាន​បង្រៀន​ថា « ដ្បិត​អ្នក​ណា​ដែល​ចង់​ឲ្យ​រួច​ជីវិត នោះ​នឹង​បាត់​ជីវិត​ទៅ ៖ តែ​អ្នក​ណា​ដែល​បាន​បាត់​ជីវិត​ដោយ​ព្រោះ​ខ្ញុំ នោះ​នឹង​បាន​ជីវិត​វិញ » ។

ប្រធាន ថូម៉ាស  អេស ម៉នសុន ដែល​បាន​យល់ និង រស់នៅ​តាម​ពាក្យ​បង្គាប់​ឲ្យ​ស្រឡាញ់​អ្នក​ដទៃ​នេះ​មាន​ប្រសាសន៍ ៖ « ខ្ញុំ​ជឿជាក់​ថា ព្រះអង្គសង្គ្រោះ​កំពុង​តែ​មាន​បន្ទូល​ប្រាប់​យើង​ថា លើកលែង​តែ​យើង​លះបង់​ខ្លួន​ឯង​នៅក្នុង​ការបម្រើ​ដល់​មនុស្ស​ដទៃ បើពុំ​នោះ​សោត​ទេ ជីវិត​ផ្ទាល់ខ្លួន​របស់​យើង​គឺ​មាន​គោលបំណង​តិច​បំផុត ។ អ្នក​ណា​ដែល​រស់នៅ​សម្រាប់​តែ​ខ្លួន​ឯង នៅ​ទីបំផុត​នឹង​ចុះ​ថយ​ខាង​វិញ្ញាណ … បាត់បង់​ជីវិត​របស់​ខ្លួន ផ្ទុយ​ទៅវិញ អ្នក​ដែល​លះបង់​ខ្លួន​ឯង​ក្នុង​ការបម្រើ​អ្នក​ដទៃ​នឹង​រីកចម្រើន​កាន់តែ​ច្រើន​ឡើង—និង​ជា​ប្រយោជន៏​សម្រាប់​សង្គ្រោះ​ជីវិត​របស់​ពួកគេ​វិញ » ។

ការបម្រើ​ដូច​ជា​ព្រះគ្រីស្ទ​ពិត គឺ​ជា​ការបម្រើ​ដែល​មិន​អាត្មានិយម ហើយ​ផ្តោតលើ​អ្នក​ដទៃ ។ ស្ត្រី​ម្នាក់​បាន​មើល​ថែ​ស្វាមី​របស់​ខ្លួន​ដែល​ពិការ​បាន​ពន្យល់​ថា « ចូរ​កុំ​គិត​ថា​កិច្ចការ​របស់​អ្នក​គឺ​ជា​បន្ទុក​ឡើយ ចូរ​គិត​ថា​វា​គឺ​ជា​ឱកាស​មួយ​ដើម្បី​រៀន​ពី​អត្ថន័យ​ពិត​នៃ​សេចក្តី​ស្រឡាញ់ » ។

កាល​ថ្លែង​នៅក្នុង​ការប្រជុំ​ធម្មនិដ្ឋាន​នៅ ប៊ី. វ៉ាយ. យូ ស៊ិស្ទើរ សុនដ្រា ឌី ហេស្តុន​បាន​សួរ ៖ « ចុះ​ប្រសិនបើ​យើង​ស្គាល់​ចិត្តថ្លើម​គ្នា​ពិតប្រាកដ​វិញ​នោះ ? តើ​យើង​យល់​ចិត្ត​គ្នា​បាន​ប្រសើរ​ជាង​មុន​ដែរ​ទេ ? ដោយ​យល់​ពី​អារម្មណ៍​របស់​អ្នក​ដទៃ យល់​ឃើញ​ដូច​អ្នក​ដទៃ​យល់​ឃើញ ហើយ​ស្តាប់​អ្វី​ដែល​អ្នក​ដទៃ​ស្តាប់ តើ​យើង​បាន​ឆ្លៀតពេល​បម្រើ​អ្នក​ដទៃ​ទេ តើ​យើង​នឹង​ប្រព្រឹត្តិ​ដាក់​ពួកគេ​ល្អ​ជាង​មុន​ឬ​ទេ ? តើ​យើង​ប្រព្រឹត្តិ​នឹង​ពួកគេ​ដោយ​អត់ធ្មត់ សប្បុរស និង អត់ឱន​ជាង​មុន​ទេ ? »

ស៊ីស្ទើរ ហេស្តុន​បាន​ចែកចាយ​បទពិសោធន៍​មួយ កាល​គាត់​បម្រើ​នៅក្នុង​ការបោះជំរុំ​យុវនារី ។ គាត់​បាន​ថ្លែង ៖

« អ្នក​ថ្លែង​សុន្ទរកថា​ម្នាក់ … ក្នុង​ការប្រជុំ​ធម្មនិដ្ឋាន​នោះ … បាន​បង្រៀន​យើង​អំពី ‹ ការប្រែ​ក្លាយ​ខ្លួន​យើង › ។ គាត់​បាន​ថ្លែង … ថា ‹ ក្លាយ​ជា​នរណា​ម្នាក់​ដែល​ឈោង​ទៅ​ស្គាល់ និង បម្រើ​អ្នក​ដទៃ—ដោយ​ឈប់​គិត​ច្រើន​តែ​ពី​ខ្លួន​ឯង ហើយ​គិត​ពី​អ្នក​ដទៃ​វិញ › ។

រូបភាព
ការ​សន្ទនា​រវាង​យុវនារី​ម្នាក់ និង​អ្នកដឹកនាំ​ម្នាក់ មានការ​ពិបាក​នៅពេល​មើល​ទៅក្នុង​កញ្ចក់​មួយ

« ដើម្បី​បង្ហាញ​ពី​ចំណុច​នេះ គាត់​បាន​ហៅ​យុវនារី​ម្នាក់ ហើយ​សុំ​ឲ្យ​យុវនារី​នោះ​ឈរ​ទល់​មុខ​គាត់ ។ បន្ទាប់​មក [ គាត់ ] បាន​ទាញ​កញ្ចក់​មួយ​មក ហើយ​ដាក់​នៅ​ចន្លោះ​គាត់ និង យុវនារី​នោះ ប្រយោជន៍​ឲ្យ​គាត់ [ អ្នក​ឡើង​និយាយ ] អាច​មើល​កញ្ចក់ ខណៈ​ដែល​គាត់​ព្យាយាម​និយាយ​ជាមួយ​យុវនារី​នោះ ។ មិន​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ឡើយ វា​មិនមែន​ជា​ការសន្ទនា​មួយ​ដែល​មាន​ប្រសិទ្ធិភាព ឬ ដ៏​ស្មោះសរ​មួយ​ឡើយ ។ នេះ​ជា​មេរៀន​ដ៏​មាន​ឥទ្ធិពល​មួយ ដែល​បាន​បង្ហាញ​ថា​តើ​វា​ពិបាក​ខ្លាំង​ប៉ុណ្ណា ក្នុង​ការនិយាយ និង បម្រើ​អ្នក​ដទៃ ប្រសិនបើ​យើង​បារម្ភ​ខ្លាំង​តែ​ពី​ខ្លួន​យើង ហើយ​ឃើញ​តែ​ខ្លួន​ឯង និង តម្រូវការ​របស់​យើង​នោះ ។ បន្ទាប់​មក [ គាត់ ] ដាក់​កញ្ចក់​នោះ​ចុះ ហើយ​ទាញ​យក​ស៊ុម​បង្អួច​មួយ​មក ហើយ​ដាក់​វា​នៅ​ចន្លោះ​មុខ​នាង និង មុខ​យុវនារី​នោះ ។ … យើង​អាច​មើល​ឃើញ​ថា​យុវនារី​នោះ​បាន​ក្លាយ​ជា មនុស្ស​សំខាន់​ដែល [ នាង ] ផ្តោត​ចិត្ត​ទុកដាក់​លើ ហើយ​ការបម្រើ​ដ៏​ពិត​នោះ​តម្រូវ​ថា យើង​ត្រូវ​ផ្តោតយកចិត្ត​ទុកដាក់​លើ​តម្រូវការ និង សតិ​អារម្មណ៍​របស់​អ្នក​ដទៃ ។ ជា​រឿយៗ យើង​បារម្ភ​ខ្លាំង​ពេក​ពី​ខ្លួន​យើង និង ជីវិត​ដ៏​មមាញឹក​របស់​យើង—នៅពេល​យើង​ផ្តោត​យកចិត្ត​ទុកដាក់​តែ​លើ​ខ្លួន​ឯង ខណៈ​ព្យាយាម​រក​ឱកាស​ដើម្បី​បម្រើ —នោះ​យើង​មើល​ពុំ​ឃើញ​ច្បាស់​ដូច​ការបម្រើ​ដែល​យើង​ផ្តោតយកចិត្ត​ទុកដាក់​លើ​អ្នក​ដទៃ​ទាំងស្រុង​ឡើយ » ។

រូបភាព
ការ​សន្ទនា​រវាង​យុវនារី​ម្នាក់ និង​អ្នកដឹកនាំ​ម្នាក់ មានការ​ងាយស្រួល នៅពេល​មើល​តាម​បង្អួច​មួយ

ជារឿយៗ ប្រធាន ម៉នសុន បាន​រំឭក​យើង​ថា « យើង​រស់​នៅជុំវិញ​មនុស្ស​ដែល​ត្រូវ​ការ​ការ​យកចិត្ត​ទុក​ដាក់ ការលើក​ទឹកចិត្ត ការ​គាំទ្រ ការ​លួង​លោម និង សេចក្តី​សប្បុរស​ពី​យើង—ពួកគេ​អាច​ជា​សមាជិក​នៃ​គ្រួសារ មិត្តភក្តិ អ្នកស្គាល់មុខ ឬ ជន​ប្លែក​មុខ​ផ្សេងៗ​ទៀត » ។ លោក​មាន​ប្រសាសន៍​ថា « យើង​គឺជា​ព្រះហស្ដ​របស់​ព្រះអម្ចាស់​នៅលើ​ផែនដី​នេះ ជាមួយ​នឹង​បញ្ជា​ឲ្យ​បម្រើ និង ជួយ​កូនចៅ​របស់​ទ្រង់ ។ ទ្រង់​ពឹងផ្អែក​លើ​យើង​ម្នាក់ៗ » ។

រូបភាព
កុមារ​តូចៗ​ត្រូវ​បាន​អញ្ជើញ​ឲ្យ​បម្រើ និង​ធ្វើ​ជា​ព្រះហស្ត​របស់​ព្រះអម្ចាស់

កាល​ពី​ខែ​មករា​ឆ្នាំ​មុន ទស្សនាវដ្តី Friend និង លីអាហូណា បាន​អញ្ជើញ​ក្មេងៗ​ទូទាំង​ពិភពលោក​ឲ្យ​ធ្វើ​តាម​ដំបូន្មាន​របស់​ប្រធាន ម៉នសុន—ដើម្បី​ធ្វើ​ជា​ព្រះហស្ត​របស់​ព្រះអម្ចាស់ ។ ក្មេងៗ​ត្រូវបាន​អញ្ជើញ​ឲ្យ​ធ្វើ​ការបម្រើ​នានា—ទោះបី​ធំ ឬ តូច​ក្តី ។ បន្ទាប់មក​ពួកគេ​ត្រូវបាន​លើក​ទឹកចិត្ត​ឲ្យ​គូស​ដាន​បាត​ដៃ​របស់​ខ្លួន​លើ​ក្រដាស​មួយ​សន្លឹក កាត់​វា ដោយ​សរសេរ​លើ​ក្រដាស​នោះ​ពី​ការបម្រើ​ដែល​ពួកគេ​បាន​ធ្វើ ហើយ​ផ្ញើ​វា​ទៅ​ក្រុម​ទស្សនាវដ្តី ។ ភាគច្រើន​នៃ​កុមារ​រាប់ពាន់​នាក់​នោះ​ប្រហែល​ជា​កំពុង​ស្តាប់​សន្និសីទ​យប់​នេះ គឺ​ជា​អ្នក​ដែល​បាន​ធ្វើ​ការបម្រើ​ដ៏​គួរ​ឲ្យ​ស្រឡាញ់ ហើយ​បាន​ផ្ញើ​វា​មក​ពួកយើង ។១០

រូបភាព
កុមារ​តូចៗ​កត់ត្រា​ទង្វើ​នៃការ​បម្រើ​នៅ​លើ​ក្រដាស​កាត់​ជា​រាង​ម្រាម​ដៃ
រូបភាព
កូន​ក្មេង​រាប់​ពាន់​នាក់​បាន​ផ្ញើរ​កំណត់​ត្រា​មួយ​អំពី​ទង្វើ​នៃ​ការ​បម្រើ​របស់ពួកគេ​ទៅ​កាន់​ទស្សនាវដ្ដី​ជាច្រើន

ពេល​ក្មេងៗ​រៀន​របៀប​ស្រឡាញ់ និង បម្រើ​អ្នក​ដទៃ​តាំងពី​ក្មេង នោះ​ពួកគេ​ធ្វើ​ជា​គំរូ​នៃ​ការបម្រើ​ពេញ​មួយ​ជីវិត ។ ជា​រឿយៗ ក្មេងៗ​បង្រៀន​យើង​ទាំងអស់​គ្នា​ថា ការបង្ហាញ​សេចក្តីស្រឡាញ់ និង ការបម្រើ​មិន​ចាំបាច់​ត្រូវ​តែ​ជា​រឿង​ធំដុំ និង គួរ​ឲ្យ​ចាប់​អារម្មណ៍​ដើម្បី​ឲ្យ​វា​មាន​អត្ថន័យ និង មាន​ការផ្លាស់ប្តូរ​ឡើយ ។

គ្រូបង្រៀន​ថ្នាក់​បឋម​សិក្សា​ម្នាក់​បាន​ចែកចាយ​ឧទាហរណ៍​ដូច​តទៅ​នេះ ។ គាត់​និយាយ​ថា « ថ្ងៃ​នេះ សិស្ស​អាយុ ប្រាំ និង ប្រាំមួយ​ឆ្នាំ​របស់​យើង​បាន​ធ្វើ​ខ្សែ-ក​នៃ​ក្តី​ស្រឡាញ់ ។ ក្មេង​ម្នាក់ៗ​បាន​គូស​រូបភាព​នៅលើ​ចម្រៀក​ក្រដាស​ជាច្រើន ៖ រូប​មួយ​ជា​រូប​ខ្លួន​ពួកគេ មួយ​ជា​រូប​ព្រះយេស៊ូវ ហើយ​មួយទៀត​ជា​រូប​នៃ​សមាជិក​គ្រួសារ​ពួកគេ និង រូប​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​ពួកគេ ។ យើង​បាន​បិទ​ចម្រៀក​ក្រដាស​នោះ​ជា​កងៗ ដែល​ប្រទាក់​គ្នា​ធ្វើ​ជា​ច្រវ៉ាក់​ក្រដាស ដែល​វា​ឲ្យ​ក្លាយ​ជា​ខ្សែ-ក​នៃ​ក្តី​ស្រឡាញ់​នោះ ។ នៅពេល​យើង​កំពុង​គូរ​រូប ក្មេងៗ​បាន​និយាយ​អំពី​គ្រួសារ​របស់​ពួកគេ ។

« ហេឌើរ បាន​និយាយ​ថា ‹ ខ្ញុំ​គិត​ថា បងស្រី​ខ្ញុំ​មិន​ស្រឡាញ់​ខ្ញុំ​ទេ ។ យើង​ឈ្លោះ​គ្នា​រហូត ។ … សូម្បី​តែ​ខ្ញុំ​ក៏​ស្អប់​ខ្លួន​ឯង​ដែរ ។ ជីវិត​ខ្ញុំ​មិន​ល្អ​សោះ › ។ ហើយ​នាង​បាន​យក​ដៃ​ជ្រោង​សក់​ឡើង ។

« ខ្ញុំ​បាន​គិត​អំពី​ស្ថានភាព​របស់​គ្រួសារ​នាង ហើយ​មាន​អារម្មណ៍​ថា នាង​ប្រហែល​ជា​ពិបាក​រស់នៅ​មែន ។ ប៉ុន្តែ​បន្ទាប់​ពី ហេឌើរ​បាន​និយាយ​បែប​នេះ​ហើយ អាន់ណា ដែល​នៅ​ក្រោម​តុ​ម្ខាង​ទៀត​នោះ​បាន​ឆ្លើយ​ថា ‹ ហេឌើរ ខ្ញុំ​កំពុង​ដាក់​រូប​ឯង​នៅក្នុង​ខ្សែ-ក​របស់​ខ្ញុំ រូប​ឯង​នៅ​ចន្លោះ​ខ្ញុំ និង ព្រះយេស៊ូវ ដោយសារ​ទ្រង់​ស្រឡាញ់​ឯង ហើយ​ខ្ញុំ​ក៏​ស្រឡាញ់​ឯង​ដែរ › ។

« ពេល​អាន់ណា​និយាយ​ដូច្នោះ ហេឌើរ​បាន​លូន​កាត់​ក្រោម​តុ​ទៅ​រក​អាន់ណា ហើយ​ឈោង​ដៃ​ទៅ​ឱប​នាង ។

« ពេល​ចប់​ថ្នាក់ ជីដូន​នាង​បាន​មក​ទទួល​នាង ហេឌើរ​បាន​និយាយ​ថា ‹ តើ​លោក​យាយ​ដឹង​ទេ ? ព្រះយេស៊ូវ​ស្រឡាញ់​ចៅ › » ។

ពេល​យើង​ជួយ ហើយ​បម្រើ​មនុស្ស​ដោយ​សេចក្តី​ស្រឡាញ់ សូម្បី​តែ​ជា​ការបម្រើ​តូចតាច​ក្តី ដួងចិត្ត​ពួកគេ​នឹង​ផ្លាស់ប្តូរ ហើយ​ទន់ភ្លន់​ដោយសារ​ពួកគេ​ទទួល​អារម្មណ៍​នៃ​ក្តីស្រឡាញ់​របស់​ព្រះអម្ចាស់ ។

ប៉ុន្តែ​ពេលខ្លះ ដោយសារ​មាន​មនុស្ស​រាប់មិន​អស់​ដែល​នៅ​ជុំ​វិញ​យើង ត្រូវការ​ជំនួយ និង ការធូរស្បើយ​ពី​បន្ទុក​របស់​ខ្លួន វា​អាច​ជា​ការ​ពិបាក​ដើម្បី​បំពេញ​តាម​សេចក្តី​ត្រូវការ​ភ្លាមៗ​ដ៏​ច្រើន​នោះ ។

បងប្អូន​មួយ​ចំនួន​ដែល​កំពុង​ស្តាប់​នេះ​អាច​មាន​អារម្មណ៍​ថា បាន​ធ្វើ​អស់​ពី​លទ្ធភាព​បម្រើ​ដើម្បី​បំពេញ​សេចក្តី​ត្រូវការ​របស់​សមាជិក​គ្រួសារ ។ ចូរ​ចងចាំ​ថា ពេល​បងប្អូន​ធ្វើ​កិច្ចការ​ផ្ទះ​ជា​ប្រចាំ​ថ្ងៃ និង ច្រំដែល​ទាំង​នោះ នោះ​បងប្អូន « នៅ​ក្នុង​ការ​បម្រើ​ដល់​ព្រះ​របស់​បងប្អូន​ហើយ » ។11

មាន​បងប្អូន​ខ្លះ​ទៀត អាច​មាន​អារម្មណ៍​ថា ជីវិត​ខ្លួន​គ្មាន​ភាព​ពេញលេញ​ឡើយ បើ​គាត់​មិន​រក​ឱកាស​ជួយ​អ្នក​ជិតខាង ឬ សហគមន៍​របស់​ខ្លួន ដើម្បី​ជួយ​សម្រាល​បន្ទុក​របស់​មនុស្ស​ដទៃ​ផ្សេង​ទៀត​នោះ ។

យើង​ទាំងអស់​គ្នា​អាច​ធ្វើ​ការបម្រើ​មួយ​ចំនួន​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង ។ យើង​រស់នៅ​ក្នុង​ពិភពលោក​មួយ​ដែល​មាន​វិវាទ ។ យើង​ផ្តល់​ការបម្រើ ពេល​យើង​មិន​រិះគន់ ពេល​យើង​មិន​និយាយ​ដើម ពេល​យើង​មិន​វិនិច្ឆ័យ ពេល​យើង​ញញឹម ពេល​យើង​អរគុណ និង ពេល​យើង​មាន​ភាពអត់ធ្មត់ និង សប្បុរស ។

ការបម្រើ​មួយ​ចំនួន​ទៀត​ត្រូវការ​ពេលវេលា ការ​ដាក់​ផែនការ​ដោយ​តាំងចិត្ត និង កម្លាំង​បន្ថែម​ទៀត ។ ប៉ុន្តែ​ការបម្រើ​ទាំង​នោះ​វា​សក្តិសម​នឹង​ការខ្នះខ្នែង​របស់​យើង ។ ប្រហែល​យើង​អាច​ចាប់ផ្តើម​ដោយ​សួរ​ខ្លួន​យើង​នូវ​សំណួរ​ទាំង​នេះ ៖

  • តើ​មនុស្ស​នៅ​ជុំវិញ​ខ្ញុំ​ណា​ខ្លះ​ដែល​ខ្ញុំ​អាច​ជួយ​ពួកគេ​នៅ​ថ្ងៃ​នេះ ?

  • តើ​ខ្ញុំ​មាន​ពេលវេលា និង ធនធាន​អ្វី​ខ្លះ?

  • តើ​ខ្ញុំ​អាច​ប្រើ​ទេពកោសល្យ និង ជំនាញ​របស់​ខ្ញុំ​ដើម្បី​ផ្តល់​ពរ​ដល់​អ្នក​ដទៃ​តាម​របៀប​ណា​ខ្លះ ?

  • តើ​យើង​អាច​ធ្វើ​អ្វី​បាន​ខ្លះ​ជាមួយ​នឹង​គ្រួសារ​យើង ?

ប្រធាន ឌៀថើរ  អេស្វ អុជដូហ្វ​បាន​បង្រៀន​ ៖

« អ្នក​ត្រូវធ្វើ … អ្វី​ដែល​ពួកសិស្ស​របស់​ព្រះគ្រីស្ទ​បាន​ធ្វើ​នៅក្នុង​គ្រប់​គ្រា​កាន់កាប់​ត្រួតត្រា ៖ ប្រឹក្សា​ជាមួយ​គ្នា ប្រើ​គ្រប់​ធនធាន​ដែល​មាន ស្វែងរក​ការបំផុសគំនិត​ពី​ព្រះវិញ្ញាណ ទូល​ព្រះអម្ចាស់​សុំ​ការបញ្ជាក់​ពី​ទ្រង់ បន្ទាប់​មក​លាត់​ដៃ​អាវ​របស់​អ្នក​ហើយ​ចេញ​ទៅ​ធ្វើ​ការ ។

លោក​បាន​មាន​ប្រសាសន៍​ថា « ខ្ញុំ​សូម​សន្យា​នឹង​បងប្អូន​ថា ប្រសិន​បើ​បងប្អូន​នឹង​ធ្វើ​តាម​គំរូ​នេះ បងប្អូន​នឹង​ទទួល​ការណែនាំ​ជាក់លាក់ យ៉ាង​លម្អិត​ថា​តើ នរណា អ្វី​ខ្លះ ពេល​ណានិង កន្លែង​ណា ដើម្បី​ឧបត្ថម​តាម​មាគ៌ា​របស់​ព្រះអម្ចាស់ » ។12

នៅពេល​ណា​ខ្ញុំ​ឆ្ងល់​ថា​តើ​វា​នឹង​ប្រែ​ទៅ​ជា​ដូចម្តេច​នៅពេល​ព្រះអង្គសង្គ្រោះ​យាង​មក​ម្តង​ទៀត នោះ​ខ្ញុំ​គិត​អំពី​ការយាង​មក​របស់​ទ្រង់​ជួប​ពួកសាសន៍​នីហ្វៃ​ពេល​ទ្រង់​បាន​សួរ ៖

« តើ​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា មាន​អ្នក​ណា​ឈឺ​ទេ ចូរ​នាំ​អ្នក​ទាំង​នោះ​មក​ទី​នេះ​ចុះ ។ តើ​មាន​នរណា​ខ្វិន ឬ​ខ្វាក់ ឬ​គ ឬ​បាក់​ដៃ​បាក់ជើង ឬ​ឃ្លង់ ឬ​ស្ពឹក​ស្រពន់ ឬ​ថ្លង់ ឬ​ក៏​ត្រូវ​រង​ទុក្ខ​ដោយ​ហេតុ​ណា​ផ្សេង​ទៀត ? ចូរ​នាំ​ពួក​គេ​មក​ទី​នេះ​ចុះ ហើយ​យើង​នឹង​ប្រោស​ឲ្យ​ពួក​គេ​បាន​ជា ដ្បិត​យើង​មាន​ចិត្ត​អាណិតអាសូរ​ដល់​ពួក​អ្នក​រាល់​គ្នា ចិត្ត​យើង​ពោរពេញ​ទៅ​ដោយ​សេចក្ដី​មេត្តាករុណា ។ …

« … [ ព្រះអង្គ​សង្គ្រោះ ] បាន​ប្រោស​ឲ្យ​ជា​សះស្បើយ​គ្រប់ៗ​គ្នា » ។១៣

ដ្បិត​ពេល​នេះ ទ្រង់​ស្នើ​ឲ្យ​យើង​ធ្វើ​ជា​ព្រះហស្ត​របស់​ទ្រង់ ។

ខ្ញុំ​បាន​ដឹង​ថា សេចក្តី​ស្រឡាញ់​ចំពោះ​ព្រះ និង អ្នក​ជិត​ខាង​នឹង​ធ្វើ​ឲ្យ​ជីវិត​យើង​មាន​អត្ថន័យ ។ ចូរ​យើង​ធ្វើ​តាម​គំរូ និង ព្រះរាជ​បញ្ជា​របស់​ព្រះអង្គ​សង្គ្រោះ​របស់​យើង ឲ្យ​ឈោង​ទៅ​ជួយ​មនុស្ស​ដទៃ​ដោយ​ក្តីស្រឡាញ់ ។

ខ្ញុំ​សូម​ថ្លែងទីបន្ទាល់​ពី​ការពិត​នៃ​ការសន្យា​របស់​ប្រធាន ហិនរី ប៊ី អាវរិង « ថា ប្រសិនបើ [ យើង​នឹង ] ប្រើ​អំណោយ​ទាន [ របស់​យើង ] ដើម្បី​បម្រើ​នរណា​ម្នាក់​ទៀត នោះ​[ យើង​នឹង ] ទទួល​អារម្មណ៍​នៃ​ក្តីស្រឡាញ់​របស់​ព្រះអម្ចាស់​ចំពោះ​បុគ្គល​នោះ ។ [ យើង​ក៏​នឹង] ទទួល​អារម្មណ៍​នៃ​ក្តីស្រឡាញ់​ចំពោះ​ខ្លួន [ យើង ] » ផងដែរ ។១៤ នៅក្នុង​ព្រះនាម​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។

កំណត់​ចំណាំ ៖ នៅ​ថ្ងៃទី ២ ខែ មេសា ឆ្នាំ ២០១៦ បងស្រី អេសព្លីន ត្រូវ​បាន​ដោះ​លែង​ពី​ទីប្រឹក្សា​ទីមួយ​នៅក្នុង​គណៈ​ប្រធាន​បឋម​សិក្សា​ទូទៅ ។

កំណត់​ចំណាំ

  1. យ៉ូហាន ១៣:៣៤

  2. ជែហ្វ្រី អរ ហូឡិន « Where Justice, Love, and Mercy Meet, »Liahona, ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ 106–៦ ។

  3. កិច្ចការ ១០:៣៨

  4. «ព្រះគ្រីស្ទ​មាន​ព្រះជន្ម​រស់ ៖ The Testimony of the Apostles, » Liahona, ខែ​មេសា ឆ្នាំ ២០០០, ២ ។

  5. លូកា ៩:២៤

  6. ថូម៉ាស អេស ម៉នសុន « What Have I Done for Someone Today ? »Liahona,ខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ៨៥ ។

  7. Lola B. Walters, «Sunshine in My Soul,» Ensign, ខែ​សីហា ឆ្នាំ ១៩៩១, ១៩ ។

  8. សុនដ្រា ឌី. ហេស្តុន « Keeping Your Fingers on the PULSE of Service » ( ការប្រជុំធម្មនិដ្ឋាន​សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់  ថ្ងៃ​ទី ២៣ ខែ មិថុនា ឆ្នាំ ២០១៥ ) ទំព័រ ១, ៥ speeches.byu.edu ។ ស៊ិស្ទើរ វើរជីនណា អេជ ភៀស​ដែល​ជា​អ្នក​ឡើង​និយាយ​នៅ​ក្នុងការ​បោះ​ជំរំ​របស់​ក្រុម​យុវនារី​បាន​ចែកចាយ​គំនិត​ទាំងនេះ ។

  9. ថូម៉ាស អេស ម៉នសុន « តើ​នៅ​ថ្ងៃ​នេះ​ខ្ញុំ​បាន​ធ្វើ​អ្វី​ខ្លះ​ចំពោះ​មនុស្ស​ម្នាក់ ? » ៨៦ ។

  10. សូមមើល «Give Us a Hand!» Liahona, ខែ​មករា ឆ្នាំ ២០១៥, ទំព័រ ៦៤–៦៥ ។

  11. ម៉ូសាយ ២:១៧

  12. ឌៀថើរ អេស្វ អុជដូហ្វ « Providing in the Lord’s Way, »Liahona ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ៥៥ ។

  13. នីហ្វៃទី ៣ ១៧:៧, ៩

  14. ហិនរី ប៊ី. អាវរិង To Draw Closer to God ( ឆ្នាំ ១៩៩៧ ) ទំព័រ ៨៨ ។