ឆ្នាំ ២០១០-២០១៩
ទ្រង់​នឹង​លើក​អ្នក​ដាក់​លើ​ស្មា​ទ្រង់ ហើយ​នាំ​អ្នក​ទៅ​ផ្ទះ
ខែ មេសា 2016


ទ្រង់​នឹង​លើក​អ្នក​ដាក់​លើ​ស្មា​ទ្រង់ ហើយ​នាំ​អ្នក​ទៅ​ផ្ទះ

ដូច​ជា​អ្នក​គង្វាល​ចៀម​ល្អ​បាន​រក​ឃើញ​ចៀម​ដែល​បាត់​ដែរ ប្រសិន​បើ​បងប្អូន​គ្រាន់​តែ​បង្វែរ​ដួង​ចិត្ត​ទៅ​រក​ព្រះអង្គ​សង្គ្រោះ​នៃ​លោកិយ​នេះ នោះ​ទ្រង់​នឹង​ស្វែង​រក​បងប្អូន​ឲ្យ​ឃើញ ។

អនុស្សាវរីយ៍​មួយ​កាល​ពី​ក្មេង​ដែល​ខ្ញុំ​នៅ​ចាំ​មិន​ភ្លេច ចាប់ផ្ដើម​ជាមួយ​នឹង​សំឡេង​សារ៉ែន​អាសន្ន​នៃ​ការវាយ​ឆ្មក់​ពី​អាកាស​ពី​ចម្ងាយ​ដែល​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់​ពី​ដំណេក ។ មិន​យូរ​ប៉ុន្មាន ក៏​មាន​សំឡេង​មួយ​ទៀត ជា​សូរ​សន្ធឹក​កង្ហារ បាន​ឮ​កាន់​តែ​ខ្លាំង​ឡើងៗ​រហូត​ធ្វើ​ឲ្យ​ផ្ទៃ​មេឃ​ទាំង​មូល​រញ្ជួយ ។ ដោយ​ទទួល​ការ​បង្រៀន​យ៉ាង​ល្អ​ពី​ម្ដាយ​យើង នោះ​យើង​ក៏​ទាញ​យក​កាបូប​ដែល​បាន​ត្រៀម​ទុក​រត់​ឡើង​ទៅ​ទីជម្រក​ពី​គ្រាប់​បែក​នៅ​លើ​ភ្នំ ។ កាល​យើង​រត់​ទាំង​ប្រញាប់​ប្រញាល់​នៅ​ក្រោម​មេឃ​ងងឹត​ស្លុប នោះ​មាន​ភ្លើង​សញ្ញា​ពណ៌​បៃតង និង​ពណ៌-ស​ទម្លាក់​ចុះ​ពី​លើ​មេឃ​មក​ដើម្បី​កំណត់​ពី​កន្លែង​ត្រូវ​ទម្លាក់​គ្រាប់​បែក ។ ប៉ុន្តែ​គួរ​ឲ្យ​ចម្លែក​ណាស់ មនុស្ស​គ្រប់​គ្នា​បែរ​ជា​ហៅ​ភ្លើង​ទាំងនេះ​ថា​ដើម​គ្រីស្ទម៉ាស់​ទៅ​វិញ ។

កាល​នោះ​ខ្ញុំ​មាន​អាយុ​បួន​ឆ្នាំ ហើយ​ខ្ញុំ​បាន​ឃើញ​ពិភពលោក​មួយ​ដែល​មាន​សង្គ្រាម ។

ឌ្រេស្តិន

នៅ​មិន​ឆ្ងាយ​ពី​ផ្ទះ​ខ្ញុំ​ប៉ុន្មាន មាន​ទីក្រុង​មួយ​ឈ្មោះ ឌ្រេស្តិន ។ មនុស្ស​ដែល​រស់​នៅ​ទី​នោះ​ប្រហែល​ជា​បាន​ឃើញ​លើស​ពី​អ្វី​ដែល​ខ្ញុំ​បាន​ឃើញ​រាប់​ពាន់​ដង​ទៅ​ទៀត ។ គ្រឿង​ផ្ទុះ​រាប់​ពាន់​តោន​ត្រូវបាន​ទម្លាក់​នៅ​ក្នុង​ទីក្រុង​ឌ្រេស្តិន​ដែល​បង្ក​ឲ្យ​មាន​ភ្លើង​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ ដោយ​បំផ្លាញ​ទីក្រុង​នោះ​ច្រើន​ជាង​៩០ ភាគរយ ហើយ​បន្សល់​ទុក​នៅ​តែ​គំនរ​បាក់​បែក និង​ផេះ ។

រូបភាព
ទីក្រុង​ឌ្រេស្ដិន​ស្ថិត​ក្នុងភាព​ហិនហោច​

តែ​ក្នុង​រយៈពេល​ខ្លី​មួយ​ប៉ុណ្ណោះ ទីក្រុង​ដែល​ធ្លាប់​ហៅ​ថា​ជា « ទីក្រុង​ដ៏​ប្រណិត » លែង​មាន​ទៀត​ហើយ ។ អេរីក ខាសនើរ ជា​អ្នក​និពន្ធ​អាល្លឺម៉ង់​ម្នាក់​បាន​សរសេរ​ពី​ការ​បំផ្លិច​បំផ្លាញ​នេះ​ថា « ទីក្រុង​ដ៏​ស្រស់​ស្អាត​នេះ​បាន​សង់​ឡើង​មួយ​ពាន់​ឆ្នាំ​ហើយ ប៉ុន្តែ​ត្រូវ​បំផ្លាញ​ចោល​ទាំង​ស្រុង​តែ​ក្នុង​ពេល​មួយ​យប់ » ។ កាល​ពី​ក្មេង​ខ្ញុំ​ធ្លាប់​គិត​ថា ការ​បំផ្លិច​បំផ្លាញ​ដោយ​សារ​សង្គ្រាម​ដែល​ប្រជាជន​ខ្លួន​ឯង​បាន​ផ្ដើម​ឡើង​នឹង​គ្មាន​ថ្ងៃ​បញ្ចប់​ឡើយ ។ ពិភពលោក​នៅ​ជុំវិញ​យើង​ហាក់​ដូចជា​គ្មាន​ក្ដី​សង្ឃឹម និង​អនាគត​សោះ ។

នៅ​ឆ្នាំ​មុន ខ្ញុំ​មាន​ឱកាស​ត្រឡប់​ទី​ក្រុង​ឌ្រេស្តិន​វិញ ។ ក្រោយ​ពី​សង្គ្រាម​ចិតសិប​ឆ្នាំ ទីក្រុង​នេះ​បាន​ក្លាយ​ជា « ទីក្រុង​ដ៏​ប្រណិត »​ជា​ថ្មី​ម្ដង​ទៀត ។ គំនរ​បាក់​បែក​ត្រូវ​បាន​សម្អាត ហើយ​ទីក្រុង​នេះ​ត្រូវបាន​ស្ដារ​មុខ​មាត់​ថ្មី ហើយ​កាន់​តែ​ល្អប្រណិត​ជាង​មុន​ទៅ​ទៀត ។

រូបភាព
ទីក្រុង​ហ្វ្រោអ៊ិនខេឆើរបាន​បំផ្លិច​បំផ្លាញ

អំឡុង​ពេល​ខ្ញុំ​ទៅ​ទស្សនា ខ្ញុំ​បាន​ឃើញ​ព្រះវិហារ Lutheran លូធើររ៉ាន ហ្វ្រោអ៊ិនខេឆើរ ដ៏​ស្រស់ស្អាត ជា​ព្រះវិហារ​របស់​ស្ត្រី​មាន​ឡើង​វិញ ។ ដោយ​សង់​ឡើង​នៅ​ទសវត្សរ៍ ១៧០០ វា​បាន​ក្លាយ​ជា​វត្ថុ​ដ៏​ប្រណិត​មួយ​របស់​ទីក្រុង​ឌ្រេស្តិន ប៉ុន្តែ​សង្គ្រាម​បាន​បំផ្លាញ​វា ។ វា​នៅ​ជា​គំនរ​បាក់​បែក​ដូច្នេះ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ រហូត​ដល់​ពេល​ដែល​គេ​គិត​ថា ហ្វ្រោអ៊ិនខេឆើរ​ត្រូវ​សង់​ឡើង​ជា​ថ្មី ។

រូបភាព
ទីក្រុង​ហ្វ្រោអ៊ិនខេឆើរ​បាន​សាងសង់​ឡើងវិញ

កំទេច​ថ្ម​មកពី​ព្រះវិហារ​ដែល​បាន​បំផ្លាញ​នោះ បាន​ស្ដារឡើង​វិញ ហើយ​រៀបចំ​ទុក ហើយ​នៅ​ពេល​ណា​អាច​ធ្វើ​ទៅបាន នឹង​ត្រូវ​ប្រើ​សម្រាប់​ការ​សាងសង់ ។ សព្វថ្ងៃ​នេះ បងប្អូន​អាច​មើល​ឃើញ​ថ្ម​ដែល​ត្រូវ​ភ្លើង​ឆេះ​រោល​ឡើង​ខ្មៅ​នៅ​ជញ្ជាំង​ខាង​ក្រៅ ។ « ស្លាក​ស្នាម »​ទាំង​នេះ​គឺជា​ការ​រំឭក​ចាំ​ពី​ប្រវត្តិ​សាស្ត្រ​សង្គ្រាម​នៃ​អគារ​នេះ ព្រមទាំង​ជា​វិមាន​នៃ​ក្ដី​សង្ឃឹម​ផង​ដែរ—ជា​និមិត្ត​រូប​ដ៏​អស្ចារ្យ​មួយ​នៃ​សមត្ថភាព​របស់​មនុស្ស​ក្នុង​ការ​បង្កើត​ជីវិត​ថ្មី​ចេញ​ពី​ផេះផង់ ។

រូបភាព
ទីក្រុង​ហ្វ្រោអ៊ិនខេឆើរ គឺជា​វិមាន​នៃ​ក្ដីសង្ឃឹម ។

កាល​ខ្ញុំ​សញ្ជឹង​គិត​ពី​ប្រវត្តិ​របស់​ទីក្រុង​ឌ្រេស្តិនហើយ​ស្ញប់ស្ញែង​ពី​ភាពប៉ិន​ប្រសប់ និង​ការ​តាំង​ចិត្ត​នៃ​អ្នក​ដែល​បាន​ស្ដារ​ឡើង​វិញ​នូវ​អ្វី​ដែល​បាន​បំផ្លាញ​ចោល​ទាំង​ស្រុង នោះ​ខ្ញុំ​ទទួល​អារម្មណ៍​ពី​ព្រះចេស្ដា​ដ៏​ផ្អែម​ល្ហែម​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ប្រាកដ​ណាស់ ខ្ញុំ​បាន​គិត​ថា បើ​មនុស្ស​អាច​សង់​អគារ​ដ៏​អស្ចារ្យ​មួយ​ចេញ​ពី​ភាព​ហិនហោច កម្ទេច​ថ្ម និង​បំណែក​សេស​សល់​នៃ​ទីក្រុង​ដ៏​ខ្ទេច​ខ្ទាំ​មួយ​បាន តើ​ព្រះវរបិតា​យើង​ដែល​មាន​មហិទ្ធិឫទ្ធិ​អាច​ជួយ​កូនចៅ​ទ្រង់​ដែល​បាន​ធ្លាក់ ជួប​បញ្ហា ឬ​ដើរ​វង្វេង​ច្រើន​ជាង​នេះ​ប៉ុណ្ណា​ទៅ ?

វា​មិន​សំខាន់​ថា​តើ​ជីវិត​យើង​ហិច​ហោច​ដល់​កម្រិត​ណា​នោះ​ទេ ។ វា​មិន​សំខាន់​ថា​តើ​អំពើបាប​យើង​មាន​ពណ៌​ក្រហម​ឆ្អៅ ភាព​ជូរចត់ ឯកោ ដួងចិត្ត​យើង​ខ្ទេចខ្ទាំ ដល់​កម្រិត​ណា​នោះ​ឡើយ ។ សូម្បី​តែ​ជន​ទាំងឡាយ​ដែល​អស់​សង្ឃឹម ដែល​រស់​នៅ​ក្នុង​ភាព​អស់​សង្ឃឹម ដែល​បាន​បាត់​អស់​នូវ​ទំនុកចិត្ត បោះ​បង់​សច្ចៈធម៌ ឬ​ងាក​ចេញ​ពី​ព្រះ​ក៏​អាច​សាង​ខ្លួន​ជា​ថ្មី​បាន​ដែរ ។ គ្មាន​ជីវិត​ដ៏​ខ្ទេច​ខ្ទាំ​ណា​ដែល​មិន​អាច​សាង​ឡើង​ជា​ថ្មី​បាន​ឡើយ លើកលែង​តែ​ពួក​កូន​អន្តរធាន​ប៉ុណ្ណោះ ។

ដំណឹង​ដ៏​រីករាយ​នៃ​ដំណឹងល្អ​គឺ​ថា ដោយសារ​តែ​ផែនការ​នៃ​សុភមង្គល​ដ៏​នៅ​អស់កល្ប​ជានិច្ច​ដែល​ព្រះវរបិតា​សួគ៌​បាន​ប្រទាន​ឲ្យ និង​តាម​រយៈ​ការ​លះបង់​ដ៏​គ្មាន​ទីបញ្ចប់​នៃ​ព្រះយេស៊ូវ​គ្រីស្ទ យើង​មិន​ត្រឹម​តែ​អាច​បាន​ប្រោស​ឲ្យ​រួច​ពី​ស្ថានភាព​ធ្លាក់​របស់​យើង ហើយ​ស្ដារ​ទៅ​រក​ភាព​បរិសុទ្ធ​ប៉ុណ្ណោះទេ ប៉ុន្តែ​យើង​ក៏​អាច​រីកចម្រើន​លើស​ពី​ការ​ស្រមើ​សម្រៃ​ខាង​សីលធម៌​ទៅ​ទៀត ហើយ​ក្លាយ​ជា​អ្នក​គ្រង​មរតក​នៃ ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច និង​ជា​អ្នក​ទទួល​សិរី​ល្អ​ដ៏​អស្ចារ្យ​របស់​ព្រះ ។

រឿង​ប្រៀប​ប្រដូច​អំពី​ចៀម​ដែល​វង្វេង

នៅ​ក្នុង​ការ​ងារ​បម្រើ​របស់​ព្រះអង្គ​សង្គ្រោះ ពួក​អ្នក​ដឹកនាំ​ខាង​សាសនា​នៅ​ជំនាន់​ទ្រង់​មិន​អនុញ្ញាត​ឲ្យ​ព្រះយេស៊ូវ​គង់​នៅ​ជាមួយ​នឹង​មនុស្ស​ដែល​ពួកគេ​ចាត់​ថា​ជា « ពួក​មាន​បាប »​ឡើយ ។

ប្រហែល​ចំពោះ​ពួកគេ​វា​ហាក់​ដូច​ជា​ទ្រង់​កំពុង​តែ​អនុញ្ញាត​ឲ្យ ឬ​លើកទោស​ឲ្យ​ឥរិយបថ​ដ៏​មាន​បាប ។ ប្រហែល​ជា​ពួកគេ​ជឿ​ថា វិធី​ល្អ​បំផុត​ដើម្បី​ជួយ​ពួក​អ្នក​មាន​បាប​ឲ្យ​ប្រែចិត្ត​គឺ​ដោយ​ការ​ដាក់​ទោស ប្រមាថ និង​បំបាក់​មុខ​ពួកគេ ។

កាល​ព្រះអង្គ​សង្គ្រោះ​ត្រាស់​យល់​ពី​អ្វី​ដែល​ពួក​ផារិស៊ី និង​ពួក​អាចារ្យ​កំពុង​គិត ទ្រង់​និទាន​ពី​រឿង​មួយ ៖

« ក្នុង​ពួក​អ្នក​រាល់​គ្នា បើ​អ្នក​ណា​មាន​ចៀម​មួយ​រយ តែ​បាត់​មួយ តើ​មិន​ទុក​ចៀម​កៅសិប​ប្រាំបួន​ឲ្យ​នៅ​ទី​រហោស្ថាន ដើម្បី​នឹង​ទៅ​តាម​រក​ចៀម​មួយ​ដែល​បាត់ ទាល់​តែ​ឃើញ​ទេ​ឬ​អី ?

« កាល​ណា​រក​ឃើញ​ហើយ នោះ​ក៏​លើក​ព្រនរ​មក ដោយ​អំណរ » 

ជា​យូរ​យារ​មក​ហើយ រឿង​ប្រៀប​ប្រដូច​នេះ​ត្រូវ​បាន​យល់​ថា ជា​បទបញ្ញត្តិ​មួយ​ឲ្យ​យើង​នាំ​ចៀម​វង្វេង​នោះ​ត្រឡប់​មក​វិញ ហើយ​ជួយ​ជន​ដែល​វង្វេង​ផ្លូវ ។ កាល​ការ​គិត​បែប​នេះ​គឺ​ជា​រឿង​ដ៏​សមរម្យ ហើយ​ល្អ ខ្ញុំ​ងឿង​ឆ្ងល់​ថា​មាន​អ្វី​លើស​ពី​នេះ​ទៀត​ទេ ។

តើ​វា​អាច​ទៅ​រួច​ដែរ​ទេ​ថា ព្រះរាជ​បំណង​ដ៏​សំខាន់​បំផុត​របស់​ព្រះយេស៊ូវ​គឺ​ដើម្បី​បង្រៀន​អំពី​កិច្ចការ​នៃ​អ្នក​គង្វាល​ល្អ ?

តើ​វា​អាច​ទៅ​រួច​ដែរ​ទេ​ថា ទ្រង់​កំពុង​ថ្លែង​ទីបន្ទាល់​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ចំពោះ​កូនចៅ​ដ៏​ចចេស​រឹងរូស ?

តើ​វា​អាច​ទៅ​រួច​ដែរ​ទេ​ថា សារ​លិខិត​របស់​ព្រះអង្គ​សង្គ្រោះ​គឺ​ថា ព្រះ​ជ្រាប​ជា​មុន​យ៉ាង​ច្បាស់​ពី​ជន​ដែល​វង្វេង​ផ្លូវ—ហើយ​ថា​ទ្រង់​នឹង​ស្វែង​រក​ពួកគេ ថា​ទ្រង់​នឹង​ជួយ​ពួកគេ ហើយ​ថា​ទ្រង់​នឹង​សង្គ្រោះ​ពួកគេ ?

បើ​ដូច្នេះ​មែន​តើ​ចៀម​នោះ​ត្រូវ​ធ្វើ​អ្វីខ្លះ​ដើម្បី​សក្ដិ​សម​នឹង​ជំនួយ​ដ៏​ទេវភាព​នេះ ?

តើ​ចៀម​នោះ​ត្រូវ​ដឹង​ពី​របៀប​ប្រើ​ឧបករណ៍​គណនា​កូអរដោនេ​នៃ​រយៈ​ទទឹង​ដ៏​ស្មុគស្មាញ​ដែរ​ទេ ? តើ​វា​ត្រូវ​ចេះ​ប្រើ ជី. ភី. អេស. ដើម្បី​កំណត់​ទីតាំង​ដែរ​ទេ ? តើ​វា​ត្រូវ​មាន​ជំនាញ​បង្កើត​កម្មវិធី​ទូរសព្ទ​មួយ​ដើម្បី​ហៅ​ទៅ​សុំ​ជំនួយ​ដែរ​ទេ ? តើ​ចៀម​នោះ​ត្រូវ​ការ​ការ​អនុម័ត​ពី​អ្នក​ឧបត្ថម្ភ​ម្នាក់​ពី​មុន​អ្នក​គង្វាល​ល្អ​នឹង​ទៅ​ជួយ​សង្គ្រោះ​ដែរ​ទេ ?

វា​មិន​ដូច្នេះ​ទេ ! ចៀម​នោះ​មាន​ភាពសក្ដិសម​នៃ​ការ​សង្គ្រោះ​ពី​ព្រះ ដោយ​សារ​អ្នក​គង្វាល​ល្អ​ស្រឡាញ់​វា ។

ចំពោះ​ខ្ញុំ រឿង​ប្រៀប​ប្រដូច​នៃ​ចៀម​វង្វេង​គឺ​ជា​សារ​មួយ​ដ៏​សំខាន់​បំផុត​នៅ​ក្នុង​បទគម្ពីរ ។

ព្រះអង្គ​សង្គ្រោះ​យើង ដែល​ជា​អ្នក​គង្វាល​ល្អ​ស្គាល់ ហើយ​ស្រឡាញ់​យើង ។ ទ្រង់​ស្គាល់ ហើយ​ស្រឡាញ់​បងប្អូន ។

ទ្រង់​ជ្រាប​ពី​ពេល​បងប្អូន​បាន​វង្វេង ហើយ​ទ្រង់​ជ្រាប​ថា​បងប្អូន​នៅ​ទី​ណា ។ ទ្រង់​ជ្រាប​ពី​ការ​ឈឺចាប់​របស់​បងប្អូន ។ ការ​ទូល​អង្វរ​ដ៏​ស្ងៀម​ស្ងាត់ ។ ការ​ភ័យ​ខ្លាច ។ ទឹក​ភ្នែក​របស់​បងប្អូន ។

វា​មិន​សំខាន់​ថា​តើ​បងប្អូន​បាន​វង្វេង​ដោយ​របៀប​ណា​នោះទេ—មិន​ថា​ដោយ​សារ​តែ​ការ​ជ្រើស​រើស​ដែល​ខ្វះ​ការ​ពិចារណា ឬ​ដោយសារ​កាលៈទេសៈ​ដែល​បងប្អូន​មិន​អាច​គ្រប់​គ្រង​បាន​នោះ​ទេ ។

អ្វី​ដែល​សំខាន់​គឺ​ថា បងប្អូន​គឺ​ជា​កូនចៅ​របស់​ទ្រង់ ។ ហើយ​ទ្រង់​ស្រឡាញ់​បងប្អូន ។ ទ្រង់​ស្រឡាញ់​កូនចៅ​របស់​ទ្រង់ ។

រូបភាព
ជួយ​សង្គ្រោះ​ចៀម​ដែល​វង្វេង

ដោយសារ​ទ្រង់​ស្រឡាញ់ នោះ​ទ្រង់​នឹង​ស្វែង​រក​បងប្អូន ។ ទ្រង់​នឹង​ដាក់​បងប្អូន​នៅ​លើ​ស្មា​ទ្រង់​ដោយ​អំណរ ។ ហើយ​នៅ​ពេល​ទ្រង់​នាំ​បងប្អូន​ត្រឡប់​មក​ផ្ទះ នោះ​ទ្រង់​នឹង​មាន​បន្ទូល​ទៅ​មនុស្ស​គ្រប់​គ្នា​ថា « សូម​អរ​សប្បាយ​ជា​មួយ​នឹង​ខ្ញុំ ដ្បិត​ចៀម​ខ្ញុំ​ដែល​បាត់ នោះ​ឃើញ​វិញ​ហើយ » ។

តើ​យើង​ត្រូវ​ធ្វើ​អ្វីខ្លះ ?

ប៉ុន្តែ​បងប្អូន​អាច​គិត​ថា តើ​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី ? ប្រាកដ​ណាស់ ខ្ញុំ​ត្រូវ​ធ្វើ​ច្រើន​ជាង​ការ​គ្រាន់​តែ​រង់​ចាំ​ដើម្បី​បាន​សង្គ្រោះ ។

កាល​ព្រះវរបិតា​យើង​មាន​ព្រះរាជ​បំណង​ឲ្យ​កូនចៅ​ទាំងអស់​ត្រឡប់​មក​ទ្រង់​វិញ ទ្រង់​នឹង​មិន​បង្ខំ​នរណា​ម្នាក់​ឲ្យ​ទៅ​ស្ថានសួគ៌​ឡើយ ។ ព្រះ​នឹង​មិន​សង្គ្រោះ​យើង​ផ្ទុយ​នឹង​ឆន្ទៈ​យើង​នោះ​ទេ ។

ដូច្នេះ​តើ​យើង​ត្រូវ​ធ្វើ​អ្វីខ្លះ ?

ការ​អញ្ជើញ​របស់​ទ្រង់​គឺ​សាមញ្ញ ៖

« ចូរ​មក … ឯ​យើង » ។

« ចូរ​មក​ឯ​យើង » ។

« ចូរ​ចូល​មក​ជិត​យើង នោះ​យើង​នឹង​ចូល​ទៅ​ជិត​អ្នក »

នេះ​ជា​របៀប​ដែល​យើង​បង្ហាញ​ទ្រង់​ថា​យើង​ចង់​បាន​ការ​សង្គ្រោះ ។

វា​តម្រូវ​ឲ្យ​មាន​សេចក្ដី​ជំនឿ​បន្តិច ។ ប៉ុន្តែ​ពុំមែន​ជា​ភាព​អស់​សង្ឃឹម​ទេ ។ ប្រសិន​បើ​បងប្អូន​មិន​អាច​បង្កើត​សេចក្ដី​ជំនឿ​នៅ​ពេល​នេះ​បាន ​សូម​ចាប់ផ្ដើម​ដោយ​សេចក្ដីសង្ឃឹម ។

ប្រសិន​បើ​បងប្អូន​មិន​ដឹង​ថា​ព្រះ​គង់​នៅ​ទី​នោះ បងប្អូន​អាច​សង្ឃឹម​ថា​ទ្រង់​គង់​នៅ​ទី​នោះ ។ បងប្អូន​អាច​មាន​ចិត្ត​ជឿ ។ នោះ​វា​ល្មម​គ្រប់​គ្រាន់​ហើយ​ដើម្បី​ចាប់ផ្ដើម ។

បន្ទាប់​មក ដោយ​ធ្វើ​តាម​សេចក្ដី​សង្ឃឹម​នោះ សូម​ទូល​ទៅ​ព្រះវរបិតា​សួគ៌ ។ ព្រះ​នឹង​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​មក ហើយ​កិច្ចការ​នៃ​ការ​សង្គ្រោះ និង​ការ​ផ្លាស់​ប្តូរ​របស់​ទ្រង់​នឹង​ចាប់​ផ្ដើម ។

ក្រោយ​មក បងប្អូន​នឹង​ស្គាល់​ពី​ព្រះហស្ដ​របស់​ទ្រង់​នៅ​ក្នុង​ជីវិត ។ បងប្អូន​នឹង​ទទួល​អារម្មណ៍​ពី​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ ។ ហើយ​បំណង​ដើម្បី​ដើរ​នៅ​ក្នុង​ពន្លឺ​និង​តាម​ផ្លូវ​របស់​ទ្រង់​នឹង​ភ្លឺ​ឡើង​ជាមួយ​នឹង​គ្រប់​ជំហាន​នៃ​សេចក្ដី​ជំនឿ​ដែល​បងប្អូន​ដើរ ។

យើង​ហៅ​ជំហាន​នៃ​សេចក្ដី​ជំនឿ​ទាំង​នេះ​ថា « ការ​គោរព​ប្រតិបត្តិ » ។

ពាក្យ​នេះ​មិន​សូវ​ពេញ​និយម​ទេ នា​សព្វថ្ងៃ​នេះ ។ ប៉ុន្តែ​ការ​គោរព​ប្រតិបត្តិ​គឺជា​គំនិត​មួយ​ដ៏​មាន​តម្លៃ​នៅ​ក្នុង​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ដោយសារ​យើង​ដឹង​ថា « តាមរយៈ​ដង្វាយធួន​នៃ​ព្រះគ្រីស្ទ នោះ​មនុស្ស​លោក​ទាំងអស់​អាច​បាន​សង្គ្រោះ ដោយសារ​ការ​គោរព​តាម​ក្រឹត្យវិន័យ និង ពិធីបរិសុទ្ធ​ទាំងឡាយ​នៃ​ដំណឹង​ល្អ » ។

កាល​យើង​កើន​ឡើង​ក្នុង​សេចក្ដី​ជំនឿ យើង​ក៏​ត្រូវ​តែ​កើន​ឡើង​ក្នុង​ភាព ស្មោះ​ត្រង់​ដែរ ។ ខ្ញុំ​បាន​ដក​ស្រង់​រួច​មក​ហើយ​ពី​អ្នក​និពន្ធ​ជនជាតិ​អាល្លឺម៉ង់​ម្នាក់​ដែល​បាន​ទួញ​សោក​នឹង​ការ​បំផ្លិច​បំផ្លាញ​ទីក្រុង​ឌ្រេស្តិន ។ គាត់​ក៏​បាន​សរសេរ​ឃ្លា​នេះ​ផងដែរ « Es gibt nichts Gutes, ausser: Man tut es » ។ ចំពោះ​អ្នក​ដែល​មិន​ចេះ​ភាសា​សេឡេស្ទាល វា​មាន​ន័យ​ថា « គ្មាន​រឿង​ល្អ​កើត​ឡើង​ឡើយ បើ​អ្នក​មិន​ធ្វើ​វា​នោះ » ។១០

បងប្អូន និង​ខ្ញុំ​អាច​ថ្លែង​បាន​យ៉ាង​ល្អ បំផុត​ពី​រឿង​ខាង​វិញ្ញាណ ។ យើង​អាច​ធ្វើ​ឲ្យ​មនុស្ស​ជាប់​ចិត្ត​នឹង​ការ​បក​ស្រាយ​ដ៏​ប៉ិន​ប្រសប់​របស់​យើង​ពី​ប្រធាន​បទ​នានា​ខាង​សាសនា ។ យើង​អាច​និយាយ​សរសើរ​ខ្លាំង​ហួស​ពី​សាសនា ហើយ « លង់​តែ​នៅ​ក្នុង​ក្ដី​សុបិន​នោះ » ។១១ ប៉ុន្តែ​ប្រសិន​បើ​សេចក្ដី​ជំនឿ​យើង​មិន​បាន​ផ្លាស់​ប្ដូរ​ជីវិត​យើង—ប្រសិន​បើ​ជំនឿ​យើង​មិន​ជះឥទ្ធពិល​ដល់​ការ​សម្រេច​ចិត្ត​ប្រចាំ​ថ្ងៃ​របស់​យើង​ទេ—នោះ​សាសនា​របស់​យើង​គឺ​ឥត​ប្រយោជន៍ ហើយ​ប្រសិន​បើ​មិន​ស្លាប់ នោះ​សេចក្ដី​ជំនឿ​យើង​ប្រាកដ​ជា​មិន​ល្អ ហើយ​កំពុង​ស្ថិត​នៅ​ក្នុង​គ្រោះ​ថ្នាក់​នៃ​ការ​ផុតរលត់​ទៅ​បន្តិច​ម្តង​ៗជាក់​ជា​មិន​ខាន ។១២

ការ​គោរព​ប្រតិបត្តិ​គឺជា​កម្លាំង​គាំទ្រ​នៃ​សេចក្ដី​ជំនឿ ។ គឺ​តាមរយៈ​ការ​គោរព​ប្រតិបត្តិ​នេះ​ហើយ​ទើប​យើង​ប្រមូល​ផ្ដុំ​ពន្លឺ​ចូល​មក​ក្នុង​ព្រលឹង​យើង ។

ប៉ុន្តែ​ពេល​ខ្លះ ខ្ញុំ​គិត​ថា យើង​យល់​ខុស​ពី​ការ​គោរព​ប្រតិបត្តិ ។ យើង​អាច​គិត​ថា​ការ​គោរព​ប្រតិបត្តិ​គឺ​ជា​គោលដៅ​មួយ ជា​ជាង​មធ្យោបាយ​ដើម្បី សម្រេច​គោលដៅ​របស់​យើង ។ ឬ​យើង​អាច​ប្រើ​នូវ​វិធី​តឹងរឹង​ក្នុង​ការគោរព​បទបញ្ញត្តិ​ដើម្បី​លត់ដំ ឬ បង្ខិតបង្ខំ​មនុស្ស​ដែល​យើង​ស្រឡាញ់ឲ្យ​គោរព​តាម ដើម្បី​ឲ្យ​ពួក​គេ​ក្លាយ​ជា​បរិសុទ្ធ​ជាង​នៅ​ក្នុង​កិច្ចការ​នៃ​សួគ៌ា ។

ពិតណាស់ មាន​ពេល​ច្រើន​ដែល​យើង​ត្រូវ​បាន​បង្គាប់​យ៉ាង​ម៉ឺងម៉ាត់​ឲ្យ​ប្រែចិត្ត ។ ប្រាកដ​ណាស់ មាន​មនុស្ស​ខ្លះ​ដែល​អាច​ជួយ​ទៅ​បាន​ទាល់​តែ​តាម​របៀប​នេះ ។

ប៉ុន្តែ​ប្រហែល​ជា​មាន​និមិត្ត​រូប​ផ្សេង​មួយ​ទៀត​ដែល​អាច​ពន្យល់​ពី ហេតុផល​ដែល​យើង​គោរព​តាម​ព្រះបញ្ញត្តិ ។ ប្រហែល​ជា​ការ​គោរព​ប្រតិបត្តិ​ពុំមែន​ដូចជា​ដំណើរ​ការ​នៃ​ការ​បត់ ការមួល ហើយ​លត់ដំ​ព្រលឹង​របស់​យើង​ឲ្យ​ក្លាយ​ទៅ​ជា​មនុស្ស​ផ្សេង​នោះ​ទេ ។ ផ្ទុយ​ទៅ​វិញ វា​ជា​ដំណើរ​ការ​ដែល​យើង​រក​ឃើញ​ពី​ធាតុ​ពិត​នៅ​ក្នុង​ខ្លួន​យើង​ទៅ​វិញ​ទេ ។

ព្រះ​ដ៏​មាន​មហិទ្ធិឫទ្ធិ​បាន​បង្កើត​យើង ។ ទ្រង់​ជា​ព្រះវរបិតា​សួគ៌​យើង ។ យើង​ពិត​ជា​កូនចៅ​វិញ្ញាណ​របស់​ទ្រង់ ។ យើង​ត្រូវ​បាន​បង្កើត​ឡើង​ពី​អ្វី​ដ៏​បរិសុទ្ធ​និង​ជា​ទេវភាព​ដ៏​មាន​តម្លៃ​បំផុត ដូច្នេះ​ហើយ​យើង​មាន​នូវ​សារជាតិ​ដ៏​ទេវភាព​នៅ​ក្នុង​ខ្លួន​យើង ។

ប៉ុន្តែ​គំនិត និង​ទង្វើ​យើង​នៅ​លើ​ផែនដី​នេះ​បាន​រង​ឥទ្ធិពល​អវិជ្ជមាន​ពី​អ្វី​ដែល​ពុក​រលួយ មិន​បរិសុទ្ធ ហើយ​សៅហ្មង ។ ភាព​សៅ​ហ្មង​នៃ​លោកិយ​នេះ​បាន​ប្រឡាក់​ព្រលឹង​យើង ដោយ​ធ្វើ​ឲ្យ​យើង​ពិបាក​ស្គាល់ ហើយ​ចងចាំ​នូវ​សិទ្ធិ​ពី​កំណើត និង​គោលបំណង​របស់​យើង ។

ប៉ុន្តែ​រឿង​ទាំងនេះ​មិន​អាច​ផ្លាស់​ប្ដូរ​ធាតុ​ពិត​របស់​យើង​បាន​ឡើយ ។ ចរិត​ដ៏​ទេវភាព​របស់​យើង​នៅ​តែ​បន្ត ។ ហើយ​នៅ​គ្រា​ដែល​យើង​បង្វែរ​ដួង​ចិត្ត​យើង​ទៅ​រក​ព្រះអង្គ​សង្គ្រោះ ហើយ​ដើរ​នៅលើ​ផ្លូវ​នៃ​ភាព​ជា​សិស្ស នោះ​រឿង​ដ៏​អស្ចារ្យ​នឹង​កើត​ឡើង ។ សេចក្ដី​ស្រឡាញ់​នៃ​ព្រះ​បំពេញ​ដួង​ចិត្ត​យើង ពន្លឺ​នៃ​សេចក្ដី​ពិត​បំពេញ​គំនិត​យើង យើង​ចាប់ផ្ដើម​បាត់​បង់​ក្ដី​ប្រាថ្នា​ដើម្បីធ្វើ​បាប ហើយ​នឹង​មិន​ចង់​ដើរ​នៅ​ក្នុង​សេចក្ដី​ងងឹត​ទៀត​ឡើយ ។១៣

យើង​នឹង​មើល​ឃើញ​ថា ការ​គោរព​ប្រតិបត្តិ​ពុំ​មែន​ជា​ការ​ដាក់​ទណ្ឌកម្ម​ទេ ប៉ុន្តែ​ជា​ផ្លូវ​នៃ​សេរីភាព​មួយ​ឆ្ពោះ​ទៅ​កាន់​ជោគវាសនា​ដ៏​ទេវភាព​របស់​យើង​វិញ ។ ហើយ​បន្តិច​ម្ដងៗ ការ​ពុក​រលួយ ភាព​សៅហ្មង និង​ការ​ទួញ​សោក​នៃ​ផែនដី​នេះ​នឹង​រសាត់​បាត់​ទៅ ។ នៅ​ទី​បំផុត វិញ្ញាណ​ដ៏​អស់កល្ប ហើយ​មាន​តម្លៃ​បំផុត​នៃ​តួអង្គ​សួគ៌ា​នៅ​ក្នុង​ខ្លួន​យើង​នឹង​បង្ហាញ​ខ្លួន​ឡើង ហើយ​យើង​នឹង​ក្លាយ​ជា​ប្រភព​នៃ​សេចក្ដី​ល្អ ។

បងប្អូន​មាន​ភាពសក្ដិ​សម​នឹង​ទទួល​បាន​ការ​សង្គ្រោះ

បងប្អូន​ប្រុស​ស្រី និង​មិត្ត​ជា​ទីស្រឡាញ់​របស់​ខ្ញុំ ខ្ញុំ​ថ្លែង​ទីបន្ទាល់​ថា ព្រះ​ជ្រាប​ពី​ធាតុពិត​របស់​យើង—ហើយ​ទ្រង់​ជ្រាប​ថា​យើង​សក្ដិ​សម​នឹង​ទទួល​បាន​ការ​សង្គ្រោះ ។

បងប្អូន​អាច​មាន​អារម្មណ៍​ថា ជីវិត​កំពុង​ជួប​នឹង​ភាពហិនហោច ។ បងប្អូន​អាច​មាន​បាប ។ បងប្អូន​អាច​ភ័យ​ខ្លាច ខឹង ឈឺចាប់ ឬ​រងទុក្ខ​ដោយ​ភាពសង្ស័យ ។ ប៉ុន្តែ​ដូច​ជា​អ្នក​គង្វាល​ចៀម​ល្អ​បាន​រក​ឃើញ​ចៀម​ដែល​បាត់​ដែរ ប្រសិន​បើ​បងប្អូន​គ្រាន់​តែ​បង្វែរ​ដួង​ចិត្ត​ទៅ​រក​ព្រះអង្គ​សង្គ្រោះ​នៃ​លោកិយ​នេះ នោះ​ទ្រង់​នឹង​ស្វែង​រក​បងប្អូន​ឲ្យ​ឃើញ ។

ទ្រង់​នឹង​សង្គ្រោះ​បងប្អូន ។

ទ្រង់​នឹង​លើក​បងប្អូន​ដាក់​លើ​ស្មា​របស់​ទ្រង់ ។

ទ្រង់​នឹង​នាំ​បងប្អូន​ទៅ​ផ្ទះ ។

ប្រសិន​បើ​ដៃ​មនុស្ស​អាច​ធ្វើ​ឲ្យ​កម្ទេច​ថ្ម និង​ការ​ហិន​ហោច​ក្លាយ​ទៅ​ជា​អគារ​ថ្វាយ​បង្គំ​មួយ​ដ៏​ស្រស់​ស្អាត​បាន នោះ​យើង​ក៏​អាច​ទុក​ចិត្ត និង​ជឿជាក់​ថា ព្រះ​វរបិតា​សួគ៌​យើង​អាច ហើយ​នឹង​សាង​យើង​ជា​ថ្មីបាន​ដែរ ។ ផែនការ​របស់​ទ្រង់​គឺ​ដើម្បី​សាង​យើង​ឲ្យ​ក្លាយ​ជា​អ្វី​មួយ​ដ៏​អស្ចារ្យ​ជាង​យើង​កាល​ពីមុន—គឺ​អស្ចារ្យ​រហូត​ដល់​យើង​នឹក​ស្មាន​មិន​ដល់ ។ ជាមួយ​នឹង​ជំហាន​នីមួយៗ​នៃ​សេចក្ដីជំនឿ​នៅ​លើ​ផ្លូវ​នៃ​ភាព​ជា​សិស្ស យើង​រីកចម្រើន​ទៅ​ជា​តួអង្គ​នៃ​សិរីល្អ​ដ៏​អស់​កល្ប ហើយ​មាន​អំណរ​ជា​និរន្តរ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​គោលបំណង​នេះ ។

នេះ​ជា​ទីបន្ទាល់ ពរជ័យ និង​ការអធិស្ឋាន​ដ៏​រាបសា​របស់​ខ្ញុំ ក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ​របស់​លោក​ចៅហ្វាយ​យើង នៅក្នុង​ព្រះនាម​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។