ឆ្នាំ ២០១០-២០១៩
ខ្ញុំជាកូនរបស់ព្រះ
ខែ មេសា 2016


ខ្ញុំ ជា កូនរបស់ព្រះ

ការយល់ដ៏ត្រឹមត្រូវមួយអំពីកេរដំណែលរបស់ព្រះវរបិតាសួគ៌របស់យើង គឺចាំបាច់ចំពោះភាពតម្កើងឡើង ។

គោលលទ្ធិគ្រឹះសំខាន់បំផុតរបស់យើងរួមបញ្ចូលទាំងចំណេះដឹងដែលថា យើងគឺជាកូននៃព្រះដ៏មានព្រះជន្មរស់ ។ នោះជាមូលហេតុដែលព្រះនាមដ៏ពិសិដ្ឋបំផុតរបស់ទ្រង់គឺព្រះវរបិតា—ជាព្រះវរបិតាសួគ៌ ។ ពួកព្យាការីបានបង្រៀនគោលលទ្ធិនេះយ៉ាងច្បាស់នៅគ្រប់ជំនាន់ ៖

  • កាលបានល្បួងដោយសាតាំង ម៉ូសេ បានបដិសេធវាដោយពោលថា ៖ « តើអ្នកជានរណា ? ត្បិតមើលចុះ ខ្ញុំជា បុត្រនៃព្រះ » ។

  • អ្នកនិពន្ធទំនុកតម្កើងបានប្រកាសប្រាប់ពួកអ៊ីស្រាអែលថា « ឯងរាល់គ្នាសុទ្ធតែជា កូននៃព្រះដ៏ខ្ពស់បំផុតទាំងអស់គ្នា » ។

  • ប៉ុលបានបង្រៀនពួកអាថែននៅទីអើរីយ៉ូសថា ពួកគេគឺជា « ពូជព្រះហើយ » ។

  • យ៉ូសែប ស្ម៊ីធ និង ស៊ីឌនី រិកដុន បានទទួលវិវរណៈមួយដែលពួកលោកបានឃើញព្រះវរបិតា និង ព្រះបុត្រា ហើយព្រះសូរសៀងពីស្ថានសួគ៌បានបន្លឺថា បណ្ដាជនទាំងអស់ « គឺជា បុត្រាបុត្រីបង្កើតចំពោះព្រះ » ។

  • ក្នុងឆ្នាំ ១៩៩៥ សាវកដែលកំពុងរស់នៅ ១៥ រូប និងព្យាការីបានអះអាងដូចនេះ ៖ « មនុស្សលោកទាំងអស់ … ត្រូវបានបង្កើតឡើងតាមរូបភាពនៃព្រះ ។ យើងម្នាក់ៗគឺជា បុត្រា និង បុត្រីខាងវិញ្ញាណរបស់ព្រះមាតាបិតាសួគ៌ » ។

  • ប្រធាន ថូម៉ាស អេស ម៉នសុនបានថ្លែងទីបន្ទាល់ដូចនេះ ៖ « យើងទាំងអស់គ្នា ជាកូនចៅរបស់ព្រះដ៏មានព្រះជន្មរស់ ។ … យើងមិនអាចបន្តមានការជឿជាក់នេះបានឡើយ បើមិនបានទទួលនូវអារម្មណ៍ថ្មីអស្ចារ្យនៃកម្លាំង និង អំណាចទេនោះ » ។

គោលលទ្ធិនេះគឺចាំបាច់ និងត្រូវបានថ្លែងញឹកញាប់ ដូច្នេះវាមានភាពសាមញ្ញដែលមើលទៅហាក់ដូចជាធម្មតា តែការពិតទៅគោលលទ្ធិនេះគឺជាចំណេះដឹងដ៏អស្ចារ្យបំផុតដែលយើងអាចទទួលបាន ។ ការយល់ដ៏ត្រឹមត្រូវមួយអំពីកេរដំណែលរបស់ព្រះវរបិតាសួគ៌យើងគឺចាំបាច់ចំពោះភាពតម្កើងឡើង ។ វាចាំបាច់ដែលត្រូវយល់អំពីផែនការនៃសេចក្ដីសង្គ្រោះដ៏រុងរឿង ហើយចិញ្ចឹមបីបាច់សេចក្ដីជំនឿទៅលើបុត្រាច្បងនៃព្រះវរបិតា ដែលជាព្រះយេស៊ូវគ្រីស្ទ និង លើដង្វាយធួនដ៏មេត្តាករុណារបស់ទ្រង់ ។ មិនតែប៉ុណ្ណោះ វាបន្តផ្ដល់ឲ្យយើងនូវការជំរុញចិត្តដើម្បីធ្វើ ហើយរក្សាសេចក្ដីសញ្ញាអស់កល្បដ៏ចាំបាច់ ។

ដោយមានការលើកលែងមួយចំនួន មនុស្សគ្រប់គ្នាចូលរួមការប្រជុំឥឡូវនេះ អាចច្រៀងដោយមិនបាច់មានសៀវភៅចម្រៀង ឬ ភ្លេងនូវបទ « ខ្ញុំជាកូនរបស់ព្រះ » ។ ទំនុកតម្កើងជាទីពេញចិត្តនេះគឺជាទំនុកតម្កើងដែលត្រូវបានច្រៀងជាញឹកញាប់ក្នុងសាសនាចក្រ ។ ប៉ុន្តែសំណួរវិភាគនោះគឺថា « តើយើង ប្រាកដជា ដឹងដូច្នេះទេ ? » តើយើងចេះដឹងដូច្នេះក្នុងគំនិត ក្នុងចិត្ត និង ព្រលឹងយើងដែរឬទេ ? តើសាវតាសួគ៌ារបស់យើងគឺជាអត្តសញ្ញាណដំបូង និង មានខ្លឹមសារដែរឬទេ ?

នៅលើផែនដីនេះ យើងសម្គាល់ខ្លួនយើងតាមរបៀបផ្សេងៗ រួមមានទីកន្លែងកំណើត សញ្ជាតិ និង ភាសា ។ មនុស្សខ្លះសម្គាល់ខ្លួនគេដោយអាជីពការងារ ឬចំណង់ចំណូលចិត្តខ្លួន ។ អត្តសញ្ញាណខាងលោកិយទាំងនេះពុំមែនជាអ្វីខុសឆ្គងនោះទេ លើកលែងតែ វាជ្រៀតជ្រែក ឬរំខានដល់អត្តសញ្ញាណដ៏អស់កល្បរបស់យើង—នៃការធ្វើជាបុត្រា ឬបុត្រីនៃព្រះប៉ុណ្ណោះ ។

កាលកូនពៅយើងអាយុប្រាំមួយឆ្នាំ ហើយរៀនថ្នាក់ទីមួយ គ្រូរបស់នាងបានឲ្យសិស្សមានលំហាត់សំណេរមួយ ។ កាលនោះជាខែតុលា ជាពេលនៃបុណ្យហាឡូវីន ដែលប្រទេសមួយចំនួនបានប្រារព្ធធ្វើ ។ ដោយសារតែវាមិនមែនជាថ្ងៃបុណ្យដែលខ្ញុំចូលចិត្ត នោះខ្ញុំប្រាថ្នាសូមឲ្យមានទិដ្ឋភាពបុណ្យហាឡូវីនល្អៗ ។

គ្រូបានចែកក្រដាសទៅឲ្យសិស្សមួយសន្លឹកម្នាក់ៗ ។ នៅផ្នែកខាងលើក្រដាសមានរូបមេធ្មប់មួយឈរនៅលើឆ្នាំងថ្នាំកំពុងពុះ ( ខ្ញុំប្រាប់អ្នកថាខ្ញុំមិនចូលចិត្តបុណ្យនេះទេ ) ។ សំណួរដែលមានសរសេរនៅលើទំព័រក្រដាសគឺដើម្បីលើកទឹកចិត្តសិស្សឲ្យស្រមើស្រមៃ សាកល្បងជំនាញសរសេររបស់ពួកគេសួរថា « ប្អូនទើបតែបានផឹកថ្នាំរបស់មេធ្មប់មួយពែង ។ តើអ្វីបានកើតឡើងចំពោះប្អូន ? ខ្ញុំសូមប្រាប់ថារឿងនេះមិនមែនចែកចាយទុកជាការផ្ដល់យោបល់ដល់គ្រូបង្រៀនឡើយ ។

« ប្អូនទើបតែបានផឹកថ្នាំរបស់មេធ្មប់មួយពែង ។ តើអ្វីបានកើតឡើងចំពោះប្អូន ? » កូនស្រីតូចយើងបានសរសេរដោយប្រើជំនាញសរសេរដំបូងរបស់នាងថា « ខ្ញុំនឹងស្លាប់ ហើយខ្ញុំនឹងទៅស្ថានសួគ៌ ។ ខ្ញុំនឹងចូលចិត្តស្ថានសួគ៌ ។ ខ្ញុំចូលចិត្តស្ថានសួគ៌ព្រោះជាកន្លែងពិសេសបំផុតដើម្បីរស់នៅ ព្រោះអ្នកបាននៅជាមួយព្រះវរបិតាសួគ៌ » ។ ចម្លើយនេះប្រហែលជាបានធ្វើឲ្យគ្រូរបស់នាងភ្ញាក់ផ្អើល ប៉ុន្តែពេលកូនស្រីយើងបានយកលំហាត់ធ្វើរួចហើយនោះមកផ្ទះវិញ យើងឃើញថានាងទទួលបានផ្កាយមួយដែលជាពិន្ទុខ្ពស់ជាងគេ ។

ក្នុងជីវិតពិត យើងប្រឈមមុខនឹងរឿងពិត មិនមែនជាការស្រមើស្រមៃទេ គឺជាទុក្ខលំបាក ។ មានការឈឺចាប់—ទាំងខាងរាងកាយ ខាងផ្លូវចិត្ត និងខាងវិញ្ញាណ ។ មានការខូចចិត្តនៅពេលកាលៈទេសៈមានសភាពខុសពីអ្វីដែលយើងចង់បាន ។ មានភាពអយុត្តិធម៌នៅពេលយើងហាក់ដូចជាពុំសមនឹងស្ថានភាពដែលយើងមាន ។ មានការខកចិត្តនៅពេលមាននរណាម្នាក់ដែលយើងទុកចិត្តបានទាញយើងទម្លាក់ទឹក ។ មានបញ្ហាសុខភាព និងហិរញ្ញវត្ថុដែលអាចធ្វើឲ្យមានការច្របូកប្របល់ ។ មានគ្រាជាច្រើននៃការសួរសំណួរនៅពេលបញ្ហាគោលលទ្ធិ ឬប្រវត្តិលើសពីការយល់ដឹងបច្ចុប្បន្នរបស់យើង ។

នៅពេលរឿងពិបាកៗកើតឡើងក្នុងជីវិតយើង តើយើងមានប្រតិកម្មភ្លាមយ៉ាងដូចម្ដេច ? តើវាជាការច្របូកច្របល់ ឬ មន្ទិល ឬ ជាការដកខ្លួនខាងវិញ្ញាណ ? តើវាជាការរង្គោះរង្គើដល់សេចក្ដីជំនឿយើងដែរឬទេ ? តើយើងបន្ទោសព្រះ ឬមនុស្សដទៃចំពោះបញ្ហារបស់យើងឬទេ ? ឬក៏ប្រតិកម្មដំបូងរបស់យើងគឺត្រូវចងចាំថាយើងជានរណា—ថាយើងជាកូននៃព្រះដ៏មានព្រះជន្មរស់ ? តើការណ៍នោះភ្ជាប់មកជាមួយការទុកចិត្តទាំងស្រុងមួយដែលអនុញ្ញាតឲ្យមានការរងទុក្ខ ដោយសារ ទ្រង់ជ្រាបថាការណ៍នោះនឹងប្រទានពរយើង ដូចជាភ្លើងបន្សុទ្ធ ដើម្បីក្លាយដូចជាទ្រង់ ហើយគ្រងមរដកដ៏អស់កល្បដែរឬទេ ?

ថ្មីៗនេះខ្ញុំបានចូលរួមប្រជុំជាមួយអែលឌើរ ជែហ្វ្រី អ័រ ហូឡិន ។ នៅក្នុងការបង្រៀនគោលការណ៍ដែលថា ជីវិតរមែងស្លាប់អាចជារឿងពិបាកទ្រាំ ប៉ុន្តែការលំបាករបស់យើងមានគោលបំណងអស់កល្ប—ទោះយើងពុំយល់នៅពេលនេះក៏ដោយ—អែលឌើរ ហូឡិន បានមានប្រសាសន៍ថា « បងប្អូនអាចមានអ្វីដែលបងប្អូនចង់បាន ឬមួយបងប្អូនអាចមានអ្វីដែលប្រសើរជាងការចង់បាននេះទៅទៀត » ។

កាលពីប្រាំខែមុន ភរិយាខ្ញុំ ដាយអិន និងខ្ញុំបានទៅអាហ្រិកជាមួយអែលឌើរ និង ស៊ិស្ទើរ ដេវីឌ អេ បែដណា ។ ប្រទេសទីប្រាំមួយ និងជាប្រទេសចុងក្រោយដែលយើងទៅគឺប្រទេស លីបេរីយ៉ា ។ ប្រទេសលីបេរីយ៉ាគឺជាប្រទេសដែលមានប្រជាជនជាវណ្ណៈអភិជន និងប្រវត្តិសាស្ត្រសម្បូរបែប ប៉ុន្តែអ្វីគ្រប់យ៉ាងមិនងាយស្រួលទេនៅទីនោះ ។ អស្ថេរភាពខាងនយោបាយ និងសង្គ្រាមស៊ីវិលជាច្រើនទសវត្សរ៍ បានធ្វើឲ្យភាពក្រីក្រកើនឡើងកាន់តែខ្លាំង ។ មិនតែប៉ុណ្ណោះជំងឺអេឡូបាបានសម្លាប់មនុស្សជិត ៥,០០០ នាក់អំឡុងពេលរាតត្បាតចុងក្រោយនេះ ។ យើងជាថ្នាក់ដឹកនាំសាសនាចក្រក្រុមដំបូងទៅពីក្រៅតំបន់នោះចូលដល់ទីក្រុង ម៉ុងរ៉ូវីយ៉ា ដែលជាទីក្រុងធំនៅពេលអង្គការសុខភាពពិភពលោកប្រកាសថាមានសុវត្ថិភាពដើម្បីចូលទៅបន្ទាប់ពីមានការរាតត្បាតនេះ ។

នៅព្រឹកថ្ងៃអាទិត្យដ៏ក្ដៅស្អុះស្អាប់មួយ យើងបានធ្វើដំណើរទៅសាលប្រជុំជួលមួយកន្លែងស្ថិតនៅកណ្ដាលទីក្រុង ។ កៅអីទាំងអស់ដែលមានត្រូវបានរៀបចំសរុបទាំងអស់ ៣,៥០០ កៅអី ។ ចំនួនសមាជិកចូលរួមសរុបមាន ៤,១០០ នាក់ ។ សមាជិកស្ទើរតែទាំងអស់ដែលបានមក ត្រូវធ្វើដំណើរដោយថ្មើរជើង ឬតាមមធ្យោបាយដឹកជញ្ជូនសាធារណៈដ៏លំបាក ដ្បិតវាមិនងាយស្រួលឡើយដើម្បីពួកបរិសុទ្ធប្រជុំគ្នា ។ ប៉ុន្តែពួកគេបានមកចូលរួម ។ សមាជិកភាគច្រើនបានមកដល់បួនប្រាំម៉ោងពីមុនការប្រជុំចាប់ផ្ដើម ។ នៅពេលយើងដើរចូលក្នុងសាល បរិយាកាសខាងវិញ្ញាណគួរឲ្យរំភើបណាស់ ! ពួកបរិសុទ្ធបានត្រៀមខ្លួនដើម្បីរៀន ។

នៅពេលអ្នកឡើងនិយាយដកស្រង់បទគម្ពីរ សមាជិកបានសូត្រខគម្ពីរនោះឮៗ ។ វាមិនសំខាន់ថា—បទគម្ពីរវែង ឬខ្លីនោះទេ ក្រុមជំនុំបានសូត្រទាំងអស់គ្នា ។ ឥឡូវនេះ យើងមិនផ្ដល់អនុសាសន៍ឲ្យធ្វើដូចនេះទេ ប៉ុន្តែនោះជារឿងគួរឲ្យស្ញើចដែលពួកគេអាចធ្វើវាបាន ។ រីឯក្រុមចម្រៀង—ពួកគេច្រៀងដោយក្លៀវក្លា ។ ដោយមានអ្នកដឹកនាំតន្ត្រីដ៏អស្ចារ្យ និងយុវជនជាអ្នកលេងព្យាណូអាយុ ១៤ ឆ្នាំម្នាក់ សមាជិកបានច្រៀងដោយក្លៀវក្លា និងរឹងមាំ ។

ក្រោយមកអែលឌើរ បែដណា បានថ្លែងសុន្ទរកថា ។ ប្រាកដណាស់នេះគឺជាការលើកឡើងអំពីការជួបជុំ—ដើម្បីស្ដាប់សាវកបង្រៀន ហើយថ្លែងទីបន្ទាល់ ។ ដោយមានការដឹកនាំយ៉ាងច្បាស់ពីព្រះវិញ្ញាណ អែលឌើរ បែដណា បានឆ្លៀតពេលក្នុងសុន្ទរកថារបស់លោក ហើយថ្លែងថា « តើបងប្អូនដឹងទេថានេះជា ‹ គ្រឹះដ៏រឹងមាំ › ឬទេ ?

មើលទៅហាក់ដូចជាសមាជិកទាំង ៤,១០០ នាក់បានស្រែកឡើងថា « បាទ/ចាស៎ ! »

ក្រោយមកលោកបានសួរថា « តើបងប្អូនចេះច្រៀងវគ្គទី ៧ ដែរឬទេ ? »

ក្រុមជំនុំបានឆ្លើយឡើងម្ដងទៀតថា « បាទ/ចាស៎ ! »

បទនិពន្ធនៃទំនុកតម្កើង « គ្រឹះដ៏រឹងមាំ » ដែលត្រូវបានច្រៀងដោយក្រុមចម្រៀងរោងឧបោសថមានរយៈពេល ១០ ឆ្នាំមកហើយនោះបានបញ្ចូលវគ្គទី ៧ ដែលពីមុននោះមិនត្រូវបានច្រៀងច្រើននោះទេ ។ អែលឌើរ បែដណា បានណែនាំថា « ចូរយើងច្រៀងវគ្គទី ១, ២, ៣ និង ៧ » ។

ដោយមិនបង្អង់ អ្នកដឹកនាំតន្ត្រីបានក្រោកឡើង ហើយយុវជនលេងភ្លេងដែលកាន់បព្វជិតភាពអើរ៉ុន–ក៏បានចាប់ផ្ដើមលេងភ្លេងចូលដោយក្លៀវក្លា ។ ខ្ញុំមិនដែលបានទទួលភាពជឿជាក់កម្រិតនេះពីមុនមកទេនៅពេលច្រៀងទំនុកតម្កើងក្នុងក្រុមជំនុំ ហើយយើងច្រៀងវគ្គទី ១, ២ និង ៣ ។ ក្រោយមកសំឡេង និងឥទ្ធិពលនៃព្រះវិញ្ញាណបានកើនឡើងពេលសមាជិកទាំង ៤,១០០ នាក់ច្រៀងវគ្គទីប្រាំពីរ ៖

ព្រលឹងណាដែលពឹងពាក់ទៅលើព្រះយេស៊ូវ

ខ្ញុំមិនព្រម ខ្ញុំមិនអាច បោះចោលទៅឲ្យសត្រូវ

សូម្បីតែ ពួកនរកចង់បានព្រលឹងអ្នក

ខ្ញុំនឹងគ្មានថ្ងៃ បោះបង់ ខ្ញុំនឹងគ្មានថ្ងៃ បោះបង់

ខ្ញុំនឹងគ្មានថ្ងៃបោះបង់ ចោលព្រលឹងអ្នកបានឡើយ !១០

ក្នុងព្រឹត្តិការណ៍ខាងវិញ្ញាណមួយដ៏អស្ចារ្យបំផុតក្នុងជីវិតខ្ញុំ ខ្ញុំបានរៀនមេរៀនមួយដ៏មានខ្លឹមសារនៅថ្ងៃនោះ ។ យើងរស់នៅក្នុងពិភពលោកមួយដែលអាចធ្វើឲ្យយើងភ្លេចថាយើងជានរណាពិតប្រាកដ ។ ដរាបណាមានការរំខានជុំវិញខ្លួនយើង ដរាបនោះនឹងកាន់តែមានការប្រព្រឹត្តដោយធ្វេសប្រហែស មិនអើពើ ក្រោយមកបំភ្លេចទំនាក់ទនងជាមួយព្រះ ។ ពួកបរិសុទ្ធនៅប្រទេស លីបេរីយ៉ា មានសម្ភារប្រើប្រាស់មិនច្រើននោះទេ ប៉ុន្តែពួកគេមើលទៅដូចជាមានអ្វីគ្រប់យ៉ាងខាងវិញ្ញាណ ។ អ្វីដែលយើងបានឃើញនៅថ្ងៃនោះនៅទីក្រុង ម៉ុងរ៉ូវីយ៉ា គឺជាក្រុមបុត្រាបុត្រីនៃព្រះ—ដែលដឹងយ៉ាងដូច្នោះ !

ក្នុងពិភពលោកសព្វថ្ងៃនេះ ទោះជាយើងរស់នៅកន្លែងណា ហើយទោះជាយើងស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ក៏វាចាំបាច់ដែលថាអត្តសញ្ញាណដ៏ឧត្តុង្គឧត្តមរបស់យើងគឺជាកូនរបស់ព្រះ ។ ការដឹង ដូចនោះ នឹងអនុញ្ញាតឲ្យសេចក្ដីជំនឿរបស់យើងលូតលាស់ឡើង នឹងជំរុញឲ្យមានការប្រែចិត្តជាបន្តបន្ទាប់ ថែមទាំងផ្ដល់ភាពរឹងមាំក្នុង « ការខ្ជាប់ខ្ជួន ហើយនឹងន » ពេញមួយដំណើរជីវិតរមែងស្លាប់របស់យើង ។១១ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។