ឆ្នាំ ២០១០-២០១៩
« យើង​ជា​អ្នក​ដទៃ »
ខែ មេសា 2016


« យើង​ជា​អ្នក​ដទៃ »

នៅពេល​បងប្អូន​តាំងចិត្ត​ដោយ​ការអធិស្ឋាន​ថា​បងប្អូន​អាច​ធ្វើ​អ្វីខ្លះ​—​ទៅតាម​ពេលវេលា និង​ស្ថានភាព​ផ្ទាល់ខ្លួន​របស់​បងប្អូន—ដើម្បី​បម្រើ​ដល់​ជន​ភៀសខ្លួន និង​ជន​អន្ដោប្រវេស្ដន៍​រស់នៅ​ក្នុង​សហគមន៍​របស់​បងប្អូន ។

នៅ​ថ្ងៃ​ដែល​សមាគម​សង្គ្រោះ​ត្រូវបាន​រៀបចំ​ឡើង អិមម៉ា ស្ម៊ីធ បាន​ប្រកាស​ថា ៖ « យើង​នឹង​ធ្វើ​កិច្ចការ​មួយ​ដ៏​អស្ចារ្យ ។ … យើង​រំពឹង​ថា​មាន​ឱកាស​អស្ចារ្យៗ និង ការ​ហៅ​ជា​បន្ទាន់ » ។ ការ​ហៅ​ជា​បន្ទាន់ និង ឱកាស​អស្ចារ្យ​ទាំងនោះ​បាន​បង្ហាញ​រូបរាង​យ៉ាង​ញឹកញាប់​ចាប់​តាំង​ពីពេល​នោះ​មក—ដូចជា​នៅ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ ។

ការហៅ​មួយ​បាន​មាន​ក្នុង​អំឡុង​សន្និសីទ​ទូទៅ​ខែ តុលា ឆ្នាំ ១៨៥៦ នៅពេល​ប្រធាន​ព្រិកហាំ យ៉ង់ បាន​ប្រកាស​ទៅ​ដល់​ក្រុមជំនុំ​ថា ពួក​អ្នក​ត្រួសត្រាយ​រទេះ​រុញ​កំពុង​នៅ​ធ្វើ​ដំណើរ ហើយ​ចេញ​មក​យឺត​ពេល ។ លោក​បាន​ប្រកាស​ថា ៖ « សេចក្ដីជំនឿ​របស់​អ្នក​សាសនា និង កិច្ចការ​សាសនា​របស់​អ្នក នឹង​ពុំ​សង្គ្រោះ​ដល់​ព្រលឹង​អ្នក​នៅក្នុង​នគរ​សេឡេស្ទាល​នៃ​ព្រះ​របស់​យើង​ឡើយ លុះត្រា​តែ​អ្នក​អនុវត្ត​នូវ​គោលការណ៍​ទាំង​ឡាយ​នេះ ដែល​ខ្ញុំ​កំពុង​តែ​បង្រៀន​អ្នក​នា​ពេល​នេះ​ប៉ុណ្ណោះ ។ ចូរ​ទៅ​នាំ​អ្នក​ទាំងនោះ​មក ដែល​ឥឡូវ​គេ​ស្ថិត​នៅ​លើ​វាល​ទំនាប ហើយ​យក​ចិត្ត​ទុក​ដាក់​ដោយ​ហ្មត់ចត់​ចំពោះ​អ្វីៗ​ទាំងឡាយ​ដែល​យើង​ហៅថា​ខាង​សាច់ឈាម … បើ​មិន​ដូច្នោះទេ សេចក្ដីជំនឿ​របស់​អ្នក​នឹង​ឥតប្រយោជន៍​ឡើយ » ។

យើង​ចងចាំ​ដោយ​កោត​សរសើរ ដឹងគុណ​ចំពោះ​បុរសៗ​ដែល​បាន​ចេញ​ទៅ​ជួយ​សង្គ្រោះ​ដល់​ពួកបរិសុទ្ធ​ដែល​កំពុង​រងទុក្ខ ។ ប៉ុន្តែ​ចុះ​ចំណែក​ឯ​បងប្អូន​ស្រី​វិញ​ធ្វើ​អ្វីខ្លះ ?

« បងស្រី [ លូស៊ី មើរស៊ើវ ] ស្ម៊ីធ បាន​កត់ត្រា …​ថា​បន្ទាប់ពី​ការ​ដាស់តឿន​របស់​ប្រធាន យ៉ង់ នោះ​អ្នក​ទាំងឡាយ​ដែល​បាន​មក​ចូលរួម​បាន​ធ្វើ​ប្រតិបត្តិការ​ភ្លាម ។ … ស្ត្រីៗ ‹ [ បាន​ដោះ ] សំពត់​ទ្រនាប់​របស់​ពួកគេ [ ជា​ទ្រនាប់​សំពត់​ធំៗ​ដែល​ដាក់​ជា​ម៉ូត​នៅ​សម័យ​នោះ ហើយ​ក៏​ផ្ដល់​នូវ​ភាព​កក់ក្ដៅ ] ស្រោម​ជើង និង​អ្វីៗដែល​ពួកគេ​អាច​មាន នៅ​ក្នុង​រោងឧបោសថ​ចាស់​នោះ ដាក់​ទៅលើ​រទេះ​ដើម្បី​បញ្ជូន​ទៅ​ដល់​ពួកបរិសុទ្ធ​នៅ​ក្នុង​ជ្រលង​ភ្នំ › » ។

ជាច្រើន​សប្ដាហ៍​ក្រោយ​មក ប្រធាន ព្រិកហាំ យ៉ង់ បាន​ប្រមូល​ផ្ដុំ​ពួក​បរិសុទ្ធ​នៅក្នុង​រោងឧបោសថ​ចាស់​ម្ដងទៀត នៅពេល​ពួក​អ្នក​ជួយ​សង្គ្រោះ និង ក្រុម​រទេះ​រុញ បាន​មក​ជិត​ដល់​ទីក្រុង សលត៍ លេក ។ ដោយសារ​មាន​ភាព​បន្ទាន់​ជា​ខ្លាំង លោក​បាន​អង្វរ​ដល់​ពួកបរិសុទ្ធ​--ជាពិសេស បងប្អូន​ស្ត្រី--ឲ្យ​មើលថែ​ដល់​ជន​រងគ្រោះ ផ្ដល់អាហារ​ដល់​ពួកគេ ហើយ​ទទួល​យក​ពួកគេ ដោយ​លោក​មាន​ប្រសាសន៍ ៖ « បងប្អូន​មួយ​ចំនួន​នឹង​ឃើញ​ថា​ជើង​របស់​ពួកគេ​បាន​កក​ដល់​ត្រឹម​ក​ជើង ឯ​អ្នក​ខ្លះ​ទៀត​កក​ដល់​ត្រឹម​ជង្គង់ ហើយ​អ្នក​ខ្លះ​ទៀត​កក​ដៃ ។​ … យើង​ចង់​ឲ្យ​បងប្អូន​ទទួល​យក​ពួកគេ​ទុក​ដូចជា​កូន​របស់​អ្នក​ផ្ទាល់ ហើយ​មាន​អារម្មណ៍​ដូចគ្នា​ចំពោះ​ពួកគេ » ។

លូស៊ី មើរស៊ើវ ស្ម៊ីធ ក៏​បាន​កត់ត្រា​ផងដែរ ៖

« យើង​បាន​ធ្វើ​អស់​ពី​សមត្ថភាព ដោយ​មាន​ជំនួយ​មកពី​បងប្អូន​ប្រុស​ស្រី​ល្អៗ ដើម្បី​ជួយ​លួងលោមចិត្ត​ដល់​ជន​ខ្វះខាត ។ … ដៃ​និង ជើង​របស់​ពួកគេ​បាន​កក​ជា​ដំណំ ។ … យើង​ពុំ​បញ្ឈប់​ការ​ព្យាយាម​ទេ [ ទាល់ ] តែ មនុស្ស​ទាំង​អស់​ត្រូវ​បាន​ទទួល​នូវភាព​សុខ​ស្រួល ។ …

« ខ្ញុំ​អាច​និយាយ​ថា ខ្ញុំ​ពុំ​ដែល​ស្កប់ស្កល់​ចិត្ត​រីករាយ​នៅក្នុង​កិច្ចការ​ដែល ខ្ញុំ​ធ្លាប់​ធ្វើ​នៅ​ក្នុង​ជីវិត ដូចជា​អារម្មណ៍​ឯកឆន្ទ​ដ៏​លើសលប់​នេះ​ទេ ។ …

« តើ​មាន​អ្វីខ្លះ ដែល​អ្នកស្ម័គ្រ​ជួយ​ធ្វើ​បន្ទាប់​ទៀត ? »

បងប្អូន​ស្រី​ជាទី​ស្រឡាញ់​របស់​ខ្ញុំ ដំណើររឿង​នេះ​អាច​មាន​ទំនាក់ទំនង​នឹង​ជំនាន់​របស់​យើង និង អ្នក​ទាំងឡាយ ដែល​កំពុង​រងទុក្ខ​នៅក្នុង​ពិភពលោក ។ « ឱកាស​ដ៏​អស្ចារ្យ » មួយ​ទៀត​ធ្វើ​ឲ្យ​រំជួល​ដួងចិត្ត​របស់​យើង ។

រូបភាព
តង់​ជាច្រើន​បោះ​នៅក្នុង​ជំរុំ​ជនភៀស​ខ្លួន
រូបភាព
កុមារ​តូចៗ​នៅក្នុង​ជំរុំ​ជនភៀស​ខ្លួន
រូបភាព
ស្ត្រី​នៅក្នុង​ជំរុំ​ជនភៀស​ខ្លួន
រូបភាព
គ្រួសារ​នៅក្នុង​ជំរុំ​ជនភៀស​ខ្លួន
រូបភាព
អ្នក​ផ្ដល់​ជំនួយ​ត្រូវ​បាន​កុមារ​តូចៗ​នៅក្នុង​ជំរុំ​ជនភៀស​ខ្លួន​នៅ​ព័ទ្ធ​ជុំវិញ
រូបភាព
ការ​ស្វាគមន៍​គ្រួសារ​ជន​ភៀស​ខ្លួន​មួយ
រូបភាព
អ្នក​ផ្ដល់​ជំនួយ​ឱប​ជនភៀស​ខ្លួន

មាន​ជនភៀស​ខ្លួន​ច្រើន​ជាង ៦០ លាន​នាក់ រួមទាំង​អ្នក​ដែល​ត្រូវ​បង្ខំ​ឲ្យ​ផ្លាស់ប្ដូរ​ទីលំនៅ​ក្នុង​ពិភពលោក ។ ក្នុង​ចំណោម​អ្នក​ទាំងនោះ មាន​ពាក់កណ្ដាល​ជា​កុមារ​តូចៗ ។ « បុគ្គល​ទាំងនេះ​បាន​រងទុក្ខលំបាក​យ៉ាងខ្លាំង ហើយ​កំពុងតែ​ចាប់ផ្ដើម​ជីវិត​ដោយ​បាត​ដៃ​ទទេ​នៅក្នុង … ​ប្រទេស​ថ្មី និង វប្បធម៌​ថ្មី ។ ខណៈ​ដែល​មាន​អង្គការ​មួយ​ចំនួន បាន​ជួយ​ពួកគេ​ឲ្យ​មាន​កន្លែង ដើម្បី​រស់នៅ និង​មាន​សម្ភារ​ដែល​ចាំបាច់ នោះអ្វី​ដែល​ពួកគេ​ត្រូវការ គឺជា​មិត្ត និង​អ្នក​ជួយ​គាំទ្រ ដែល​អាច​ជួយ​ពួកគេ​ឲ្យ​ស៊ាំ​ទៅ​នឹង​ផ្ទះ​ថ្មី ជា​មនុស្ស​ម្នាក់​ដែល​អាច​ជួយ​ពួកគេ​រៀន​ភាសា យល់​អំពី​ប្រព័ន្ធ​ក្នុង​សង្គម និង មាន​អារម្មណ៍​កក់ក្ដៅ » ។

រូបភាព
អ៊ីវែត ប៊ូហ្គីង​ហ្គូ

កាល​ពី​រដូវក្ដៅ​មុន ខ្ញុំ​បាន​ជួប​នឹង​ប្អូនស្រី អ៊ីវែត ប៊ូហ្គីង​ហ្គូ ដែល​មាន​អាយុ ១១ ឆ្នាំ បាន​ភៀស​ខ្លួន​ពី​មួយ​កន្លែង​ទៅ​មួយ​កន្លែង បន្ទាប់ពី​ឪពុក​របស់​នាង​ត្រូវ​បាន​គេ​សម្លាប់ ហើយ​បងប្អូន​ប្រុស​បី​នាក់​របស់​នាង​បាន​បាត់​ខ្លួន​នៅក្នុង​កន្លែង​ណាមួយ​ក្នុង​ពិភពលោក​នេះ ។ អ៊ីវែត និង​សមាជិក​គ្រួសារ​ដែល​នៅ​សល់ ទីបំផុត​បាន​រស់​នៅ​រយៈពេល​ប្រាំ​មួយ​ឆ្នាំ​កន្លះ​ជា​ជនភៀស​ខ្លួន​នៅ​ប្រទេសជិត​ខាង​រហូត​ដល់​ពួកគេ​អាច​ផ្លាស់​ទៅ​កាន់​ផ្ទះ​អចិន្ត្រៃយ៍​មួយ ជា​កន្លែង​ដែល​ពួកគេ​បាន​ទទួល​ពរ​តាមរយៈ​គូ​ស្វាមី​ភរិយា​ដែល​យក​ចិត្តទុកដាក់​មួយ​គូ ដែល​បាន​ជួយ​ផ្ដល់​មធ្យោបាយ​ធ្វើ​ដំណើរ ទៅ​រៀន និង​អ្វីៗ​ផ្សេងទៀត ។ នាង​បាន​និយាយ​ថា ពួកគ « គឺ​ជា​ចម្លើយ​សំខាន់​ចំពោះ​ការអធិស្ឋាន​របស់​យើង » ។ ម្ដាយ​ដ៏​ល្អ​របស់​នាង និង​ប្អូន​ស្រីតូច​ជាទី​ស្រឡាញ់​របស់​នាង មាន​វត្តមាន​ជាមួយ​យើង​នា​យប់នេះ ច្រៀង​នៅក្នុង​ក្រុម​ចម្រៀង ។ ខ្ញុំ​បាន​ងឿង​ឆ្ងល់​ជាច្រើន​លើក​ច្រើនគ្រា​ចាប់តាំង​ពី​បាន​ជួប​នឹង​ស្ត្រី​ដ៏​ល្អ​ទាំងនេះថា « ចុះ​បើ​រឿង របស់​ពួកគេគឺ​ជា​រឿង​ខ្ញុំ​វិញ ? »

បងប្អូន​ស្ត្រី​យើង​មាន​ជាង​ពាក់​កណ្ដាល​នៃ​ឃ្លាំង​របស់​ព្រះអម្ចាស់ ដើម្បី​ជួយ​ដល់​កូនចៅ​របស់​ព្រះវរបិតាសួគ៌ ។ ឃ្លាំង​របស់​ទ្រង់​ពុំ​បាន​តែង​ឡើង​តែ ដើម្បី​ដាក់​អាហារ​នោះ​ទេ ប៉ុន្តែ​មាន​ពេលវេលា ទេពកោសល្យ ជំនាញ និង និស្ស័យ​នៃ​ព្រះ​របស់​យើង ។ ស៊ិស្ទើរ រ៉ូស្មែរី  អិម វិកស្សុម បាន​បង្រៀន​ថា « និស្ស័យ​នៃ​ព្រះ​នៅក្នុង​ខ្លួន​យើង​បញ្ឆេះ​បំណង​ប្រាថ្នា​របស់​យើង​ឲ្យ​ឈោង​ទៅ​ជួយ​អ្នក​ដទៃ ហើយ​បំផុស​យើង​ឲ្យ​ធ្វើ​សកម្មភាព » ។

ដោយ​ទទួល​ស្គាល់​និស្ស័យ​នៃ​ព្រះ​របស់​យើង ប្រធាន រ័សុល អិម ណិលសុន បាន​លើក​ទឹកចិត្ត​ថា ៖

« យើង​ត្រូវ​ការ​ស្ត្រី​ដែល​ចេះ​ធ្វើ​ឲ្យ​រឿង​សំខាន់​កើតឡើង​តាមរយៈ​សេចក្ដីជំនឿ និង​អ្នក​ដែល​ជា​អ្នក​ការពារ​សីលធម៌ និង ក្រុម​គ្រួសារ​នៅ​លើ​ពិភពលោក​ដែល​ពេញ​ដោយ​អំពើ​បាប​នេះ​ដោយ​ភាព​ក្លាហាន…ស្ត្រី​ដែល​ចេះ​អំពាវនាវ​រក​ព្រះចេស្ដា​ពី​ស្ថានសួគ៌​ដើម្បី​ការពារ និង ពង្រឹង​ដល់​កូនចៅ និង​ក្រុមគ្រួសារ ។ …

«… បងប្អូនស្រី ទាំង​អ្នក​រៀបការ ឬ នៅលីវ អ្នក​មាន​សមត្ថភាព​ដាច់​ដោយ​ឡែក និង​គំនិត​ពិសេស​ដែល​អ្នក​បាន​ទទួល​ជា​អំណោយទាន​មកពី​ព្រះ ។ យើង​ជា​បងប្អូន​ប្រុស ពុំ​អាច​ចម្លង​ឥទ្ធិពល​ពិសេស​របស់​អ្នក​បាន​ទេ » ។១០

លិខិត​របស់​គណៈប្រធាន​ទីមួយ​ផ្ញើ​ទៅកាន់​សាសនាចក្រ​នៅ​ថ្ងៃ​ទី ២៧ ខែ តុលា ឆ្នាំ ២០១៥ បាន​បង្ហាញ​អំពី​កង្វល់ និង ក្ដីមេត្តា​ដ៏​ខ្លាំង​ចំពោះ​មនុស្ស​រាប់លាន​នាក់​ដែល​បាន​ភៀស​ខ្លួន​ចេញ​ពី​ផ្ទះ​ដើម្បី​ស្វែងរក​ការជួយ​សង្គ្រោះ​ពី​សង្គ្រាម​ស៊ីវិល និង ភាពលំបាក​ផ្សេងៗ​ទៀត ។ គណៈប្រធាន​ទីមួយ បាន​អញ្ជើញ​បុគ្គល​ម្នាក់ៗ ក្រុម​គ្រួសារ និង​អង្គភាព​សាសនាចក្រ​ឲ្យ​ចូលរួម​នៅក្នុង​ការបម្រើ​ដូច​ព្រះគ្រីស្ទ នៅក្នុង​គម្រោង​ជួយ​សង្គ្រោះ​ជនភៀស​ខ្លួន​ក្នុង​មូលដ្ឋាន ហើយ​បរិច្ចាគ​ទៅកាន់​មូលនិធិ​សប្បុរសធម៌​របស់​សាសនាចក្រ នៅ​កន្លែង​ណា​ដែល​មាន ។

គណៈប្រធាន​សមាគម​សង្គ្រោះ គណៈប្រធាន​យុវនារី និង អង្គការ​បឋម​សិក្សា​ទូទៅ បាន​ពិចារណា​អំពី​របៀប​ដើម្បី​ឆ្លើយតប​ចំពោះ​ការអញ្ជើញ​របស់​គណៈប្រធាន​ទីមួយ ។ យើង​ដឹង​ថា​បងប្អូន ដែល​ជា​ស្ត្រី​ជា​ទីស្រឡាញ់​គ្រប់​វ័យ មាន​ស្ថានភាព​ជីវិត ហើយ​រស់នៅ​ក្នុង​ស្ថានភាព​ផ្សេងៗ​គ្នា ។ សមាជិក​ម្នាក់ៗ​ក្នុង​ស្ត្រី​ពួកបរិសុទ្ធ​ទូទាំង​ពិភពលោក​នេះ បាន​ចុះ​សេចក្ដីសញ្ញា​ក្នុង​ពិធីបុណ្យ​ជ្រមុជ​ទឹក​ដើម្បី « កម្សាន្ត​ទុក្ខ​ដល់​អស់​អ្នក​ណា​ដែល​កំពុង​ត្រូវការ​កម្សាន្ត​ទុក្ខ » ។១១ គ្មាន​គ្នា​យើង​ណា​ម្នាក់​គួរ​រត់​លឿន​ជាង​ដែល​យើង​អាច​រត់​បាន​នោះ​ទេ ។១២

ដោយ​ចងចាំ​ពី​សេចក្ដីពិត​ទាំង​នេះ យើង​បាន​រៀបចំ​កម្លាំង​ជួយ​សង្គ្រោះ​មួយ​ដែល​ហៅ​ថា « យើង​ជា​អ្នក​ដទៃ » យើង​សង្ឃឹម​ថា​បងប្អូន​នឹង​តាំងចិត្ត​ដោយ​ការអធិស្ឋាន​ថា​បងប្អូន​អាច​ធ្វើ​អ្វីខ្លះ​—​ទៅតាម​ពេលវេលា និង​ស្ថានភាព​ផ្ទាល់ខ្លួន​របស់​បងប្អូន—ដើម្បី​បម្រើ​ដល់​ជន​ភៀសខ្លួន និង​ជន​អន្ដោប្រវេស្ដន៍​រស់នៅ​ក្នុង​សហគមន៍​របស់​បងប្អូន ។ នេះ​គឺ​ជា​ឱកាស​មួយ​ដើម្បី​បម្រើ​ដោយ​ផ្ទាល់​ក្នុង​ក្រុម​គ្រួសារ និង​តាម​អង្គការ​ដើម្បី​ផ្ដល់​មិត្តភាព ការប្រឹក្សា និង ការបម្រើ​ដូច​ព្រះគ្រីស្ទ​ផ្សេងៗ​ទៀត វា​គឺ​ជា​វិធី​មួយ​ក្នុង​ចំណោម​វិធី​ជាច្រើន​ដែល​បងប្អូន​ស្ត្រី​អាច​បម្រើ ។

នៅក្នុង​ការខិតខំ​ប្រកប​ដោយ​ការអធិស្ឋាន​ទាំងអស់​របស់​យើង នោះ​យើង​គប្បី​អនុវត្ត​ការប្រឹក្សា​ដ៏​ឈ្លាសវៃ​របស់​ស្ដេច​បេនយ៉ាមីន ដែល​បាន​ផ្ដល់​ទៅកាន់​ប្រជាជន​របស់​ទ្រង់ បន្ទាប់​ពី​ទ្រង់​បាន​ដាស់តឿន​ពួកគេ​ឲ្យ​មើលថែ​ដល់​អ្នក​ទាំងឡាយ​ដែល​ខ្វះខាត ៖ « ចូរ​ឲ្យ​ឃើញ​ថា គ្រប់​ការណ៍​ទាំង​នេះ ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​ក្នុង​ប្រាជ្ញា និង​របៀប​រៀប​រយ » ។១៣

បងប្អូន​ស្ត្រី​អើយ យើង​ដឹងថា​ការឈោង​ទៅ​ជួយ​ដល់​អ្នក​ដទៃ​ដោយ​ក្ដីស្រឡាញ់​គឺ​ជា​រឿង​សំខាន់​ចំពោះ​ព្រះអម្ចាស់ ។ ចូរ​ពិចារណា​អំពី​ការដាស់តឿន​ក្នុង​បទគម្ពីរ​ទាំង​នេះ ៖

« ឯ​អ្នក​ប្រទេស​ក្រៅ​ដែល​មក​ស្នាក់​នៅក្នុង​ពួក​ឯង​រាល់​គ្នា នោះ​ត្រូវ​ទុក​ដូច​ជា​កើត​នៅ​ស្រុក​ឯង​វិញ ហើយ​ត្រូវ​ស្រឡាញ់​គេ​ដូចជា​ខ្លួន​ឯង​ដែរ » ។១៤

« កុំ​ឲ្យ​ភ្លេច​សេចក្តី​ចៅរ៉ៅ​ឡើយ ដ្បិត​មនុស្ស​ខ្លះ​បាន​ទទួល​ទាំង​ទេវតា ឲ្យ​សំណាក់​នៅ​ឥត​ដឹង​ផង ដោយ​មាន​សេចក្តី​នោះ​ឯង » ។១៥

ហើយ​ព្រះអង្គ​សង្គ្រោះ​បាន​មាន​បន្ទូល ៖

« ពីព្រោះ​យើង​បាន​ឃ្លាន ហើយ​អ្នក​រាល់​គ្នា​បាន​ឲ្យ​បរិភោគ ៖ យើង​បាន​ស្រែក ហើយ​អ្នក​រាល់​គ្នា​បាន​ឲ្យ​ផឹក ៖ យើង​ជា​អ្នក​ដទៃ ហើយ​អ្នក​រាល់​គ្នា​បាន​ទទួល​យើង ៖

« យើង​នៅ​អាក្រាត​ហើយ​អ្នក​រាល់​គ្នា​បាន​ស្លៀក​ពាក់​ឲ្យ​យើង ៖ យើង​បាន​ឈឺ​ហើយ​អ្នក​រាល់គ្នា​បាន​មក​សួរ​យើង » ។១៦

រូបភាព
ប្រាក់​ស្លឹង​របស់​ស្ត្រី​មេម៉ាយ

ព្រះអង្គសង្គ្រោះ​បាន​ទទួល​ស្គាល់​ដោយ​ក្ដីស្រឡាញ់​ចំពោះ​ស្ត្រី​មេម៉ាយ​ដែល​បាន​ថ្វាយ​ប្រាក់​តែ​ពីរ​ស្លឹង​ដោយ​សារ​តែ​ជា​អ្វី​ដែល​គាត់​អាច​ធ្វើ​បាន ។១៧ ទ្រង់​ក៏​បាន​ប្រាប់​រឿង​ប្រៀបប្រដូច​អំពី​សាសន៍​សាម៉ារី​ល្អ​ផងដែរ—ដែល​ទ្រង់​បាន​បញ្ចប់​ថា « ទៅ​ចុះ ចូរ​អ្នក​ប្រព្រឹត្ត​បែប​យ៉ាង​ដូច្នោះ​ដែរ » ។១៨ ពេលខ្លះ​ការឈោង​ទៅ​ជួយ​អ្នក​ដទៃ​គឺ​ពុំ​មែន​ជា​រឿង​ងាយ​ស្រួល​ទេ ។ ប៉ុន្តែ​នៅពេល​យើង​ធ្វើការ​ជាមួយ​គ្នា​ដោយ​ក្ដី​ស្រឡាញ់ និង សាមគ្គីភាព នោះ​យើង​អាច​រំពឹង​ជំនួយ​ពី​ស្ថានសួគ៌ ។

បន្ទាប់ពី​កម្មវិធី​បុណ្យ​សព​បុត្រី​ដ៏​អស្ចារ្យ​មួយ​រូប​របស់​ព្រះ មាន​មនុស្ស​ម្នាក់​បាន​ចែកចាយ​ថា ស្ត្រី​រូប​នេះ ពេលនៅ​ជា​ប្រធាន​សមាគម​សង្គ្រោះ​ស្ដេក គាត់​បាន​ធ្វើការ​ជាមួយ​អ្នកដទៃ​ក្នុង​ស្ដេក​របស់​គាត់​ដើម្បី​បរិច្ចាគ​ភួយ​ដើម្បី​ផ្ដល់​ភាពកក់ក្ដៅ​ដល់​ជន​រងទុក្ខ​នៅ កូសូវ៉ូ អំឡុង​ទសវត្សរ៍​ឆ្នាំ ១៩៩០ ។ ហើយ​ដូច​ជា​សាសន៍​សាម៉ារី​ល្អ គាត់​បាន​ខិតខំ​យ៉ាង​ខ្លាំង​ដើម្បី​ធ្វើ​បន្ថែម​ទៀត នៅពេល​គាត់ និង កូន​ស្រី​របស់​គាត់​បាន​បើកឡាន​ដឹក​ភួយ​ទាំង​នោះ​ពី​ទីក្រុង​ឡុង ទៅ​ដល់ កូសូវ៉ូ ។ ពេល​ធ្វើ​ដំណើរ​មក​ផ្ទះ​វិញ គាត់​បាន​ទទួល​អារម្មណ៍​ខាង​វិញ្ញាណ​ដ៏​ពិសេស​មួយ​ដែល​ដក់ជាប់​នៅក្នុង​ដួងចិត្ត​របស់​គាត់ ។ អារម្មណ៍​នោះ​គឺ ៖ « អ្វី​ដែល​អ្នក​បាន​ធ្វើ​គឺ​ជា​រឿង​ដ៏​ល្អ​ណាស់ ។ ឥឡូវ​ចូរ​ទៅ​ផ្ទះ​វិញ ដើរ​ឆ្លង​ផ្លូវ​ទៅ​បម្រើ​អ្នក​ជិត​ខាង​អ្នក​ចុះ ! » ១៩

ពិធី​បុណ្យសព​គឺ​មាន​ពេញ​ដោយ​ដំណើរ​រឿង​ដ៏​បំផុស​គំនិត​ជា​ច្រើន​អំពី របៀប​ដែល​ស្ត្រី​ស្មោះត្រង់​រូប​នេះ បាន​ទទួល​ស្គាល់ ហើយ​ឆ្លើយតប​ចំពោះ​ការហៅ​ដ៏​អស្ចារ្យ និង ជាបន្ទាន់--ហើយ​ក៏​ជា​ឱកាស​ធម្មតា​ផងដែរ--ចំពោះ​មនុស្ស​នៅ​ជុំវិញ​គាត់ ។ ឧទាហរណ៍ គាត់​បាន​បើក​គេហដ្ឋាន និង ដួងចិត្ត​របស់​គាត់​គ្រប់​ម៉ោង— ទាំង​ថ្ងៃ​ទាំង​យប់ ដើម្បី​ជួយ​ដល់​មនុស្ស​វ័យ​ក្មេង​ដែល​មាន​ការលំបាក ។

បងប្អូន​ស្ត្រី​ជា​ទីស្រឡាញ់​របស់​ខ្ញុំ យើង​អាច​ទុកចិត្ត​លើ​ជំនួយ​របស់​ព្រះវរបិតាសួគ៌ នៅពេល​យើង​លុត​ជង្គង់​ចុះ ហើយ​ទូល​សូម​ការណែនាំ​ដ៏​ទេវភាព​ដើម្បី​ប្រទានពរ​ដល់​កូនចៅ​របស់​ទ្រង់ ។ ព្រះវរបិតាសួគ៌ ព្រះអង្គ​សង្គ្រោះ​របស់​យើង ព្រះយេស៊ូវគ្រីស្ទ និង​ព្រះវិញ្ញាណ​បរិសុទ្ធ​គឺ​ត្រៀម​ជួយ​ជា​ស្រេច ។

ប្រធាន ហិនរី ប៊ី អាវរិង បាន​ថ្លែង​ទីបន្ទាល់​ដ៏​មាន​អនុភាព​នេះ​ទៅកាន់​ស្ត្រី​ក្នុង​សាសនាចក្រ ៖

« ព្រះវរបិតាសួគ៌​ស្ដាប់ ហើយ​ឆ្លើយតប​ចំពោះ​ការអធិស្ឋាន​ដោយ​សេចក្ដី​ជំនឿ​របស់​អ្នក ដែល​សូម​ការណែនាំ និង ជំនួយ​ដើម្បី​ប្រកាន់​ខ្ជាប់​នៅក្នុង​ការបម្រើ​របស់​អ្នក​ចំពោះ​ទ្រង់ ។

« ព្រះវិញ្ញាណ​បរិសុទ្ធ​ត្រូវ​បាន​បញ្ជូន​ទៅ​ឲ្យ​អ្នក និង អ្នក​ទាំងឡាយ​ដែល​អ្នក​មើល​ថែ ។ អ្នក​នឹង​ត្រូវ​បាន​ពង្រឹង ហើយ​បំផុស​គំនិត​ឲ្យ​ដឹង​ពី​កម្រិត និង​ពង្រីក​សមត្ថភាព​របស់​អ្នក​ដើម្បី​បម្រើ ។ ព្រះវិញ្ញាណ​នឹង​លួងលោម​ចិត្ត​អ្នក នៅពេល​បងប្អូន​សួរ​ខ្លួន​ឯង​ថា ‹ តើ​ខ្ញុំ​បាន​ធ្វើ​ល្មម​គ្រប់គ្រាន់​ហើយ​ឬ​នៅ ? › »២០

នៅពេល​យើង​ពិចារណា​អំពី « ការហៅ​ជា​បន្ទាន់ » ពី​អ្នក​ទាំងឡាយ​ដែល​ត្រូវការ​ជំនួយ​របស់​យើង ចូរ​យើង​សួរ​ខ្លួន​ឯង​ថា « ចុះ​បើ​រឿង របស់​ពួកគេ ជារឿង របស់​ខ្ញុំ វិញ ? » សូម​ឲ្យ​យើង​ស្វែងរក​ការបំផុស​គំនិត ធ្វើ​តាម​ចំណាប់​អារម្មណ៍​ដែល​យើង​បាន​ទទួល ហើយ​ឈោង​ទៅ​ជួយ​ដល់​អ្នក​ទាំងឡាយ​ដែល​ខ្វះខាត​ដោយ​សាមគ្គីភាព នៅពេល​យើង​អាច​ធ្វើ​បាន ហើយ​បាន​បំផុស​គំនិត​ឲ្យ​ធ្វើ​ដូច្នោះ ។ បន្ទាប់មក​ប្រហែល​ជា​មាន​នរណា​ម្នាក់​និយាយ​អំពី​យើង ដូចជា​ព្រះអង្គ​សង្គ្រោះ​មាន​បន្ទូល​ទៅ​បងស្រី​ជា​ទីស្រឡាញ់​ដែល​បម្រើ​ទ្រង់ ៖ « គាត់​បាន​នាំ​មក​នូវ​កិច្ចការ​ល្អ ។ … គាត់​បាន​ធ្វើ​អ្វី​ដែល​គាត់​អាច​ធ្វើ​បាន » ។២១ខ្ញុំ​ហៅ​រឿង​នោះ​ថា ជា​រឿង​ដ៏​អស្ចារ្យ ! នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

កំណត់​ចំណាំ

  1. អិមម៉ា ស៊្មីធ នៅក្នុងDaughters in My Kingdom: The History and Work of Relief Society ( ឆ្នាំ ២០១១ ) ទំព័រ ១៤ ។

  2. ព្រិកហាំ យ៉ង់​នៅក្នុង​Daughters in My Kingdom, ៣៦ ។

  3. Daughters in My Kingdom ទំព័រ​ ៣៦-៣៧ ។

  4. ព្រិកហាំ យ៉ង់ នៅ​ក្នុងជេមស៍ អ៊ី. ហ្វោស្ដ «Go Bring Them in from the Plains,» Liahona, ខែ​វិច្ឆិកា ឆ្នាំ ១៩៩៧, ៧; សូមមើល​ផងដែរ LeRoy R. និង Ann W ។ Hafen, Handcarts to Zion: The Story of a Unique Western Migration ឆ្នាំ ១៨៥៦–១៨៦០ ( ឆ្នាំ ១៩៦០), ១៣៩ ។

  5. Lucy Meserve Smith, នៅក្នុង Jill Mulvay Derr and others, eds., The First Fifty Years of Relief Society: Key Documents នៅ​ក្នុង​ប្រវត្តិ​របស់​ស្ត្រី​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ (២០១៦), ២១៧, ២១៨, spelling and punctuation standardized; សូមមើល​ផងដែរ Daughters in My Kingdom, ៣៧ ។

  6. សូមមើល « Facts and Figures about Refugees, » unhcr.org.uk/about-us/key-facts-and-figures.html ។

  7. «40 Ways to Help Refugees in Your Community, » ថ្ងៃទី  ៩ ខែ​កញ្ញា ឆ្នាំ ២០១៥, mormonchannel.org ។

  8. អ៊ីម៉ែល​មកពី Yvette Bugingo, ថ្ងៃទី  ១២ ខែ ​មិនា ឆ្នាំ ២០១៦ ។

  9. រ៉ូសម៉ារី អិម. វិកស្សុម «Discovering the Divinity Within,» Liahona, ខែ​វិច្ឆិកា ឆ្នាំ ២០១៥, ៨ ។ អិមម៉ាលី វ៉ូឌមែនស៊ី ជា​មនុស្ស​ម្នាក់​នៃ​អ្នក​ទាំងឡាយ​ដែល​បាន​ជួយ​សង្គ្រោះ​នៅក្នុង​ឆ្នាំ ១៨៥៦ នៅក្នុង​ក្រុម​រទេះ​រុញ វិលលី ដែល​បាន​ពិពណ៌នា​អំពី​លក្ខណៈ​ដ៏​ទេវភាព​តាម​របៀប​នេះ ( ដោយ​មាន​ការផ្លាស់ប្ដូរ​បន្ដិចបន្ដួច​ពី​ខ្ញុំ ) ៖

    កិច្ចការ​នៃ​ពួកទេវតា​ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​ស្ត្រី

    ហើយ​នេះ​គឺ​ជា​អំណោយ​មួយ​ដែល​យើង​អាច​ទាមទារ​យក​បាន ក្នុង​នាម​ជា​ស្ត្រី ៖

    ដើម្បី​ធ្វើ​អ្វីៗ​ដោយ​ទន់ភ្លន់ និង [ មាន​លក្ខណៈ​ដូច​ព្រះគ្រីស្ទ ]

    ដើម្បី​ធ្វើ​ឲ្យ​មាន​ភាពរីករាយ និង ផ្ដល់ពរ​នៅក្នុង​ព្រះនាម [ របស់​ព្រះអង្គ​សង្គ្រោះ ]. ( « ជា​បងប្អូនស្រី​ស៊ីយ៉ុន » ទំនុក​តម្កើង,លេខ  ១៩៦ )

  10. រ័សុល អិម. ណិលសុន, «ការ​អង្វរ​ដល់​បងប្អូន​ស្រី​របស់​ខ្ញុំលីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ៩៦,  ៩៧ ។

  11. ម៉ូសាយ ១៨:៩

  12. សូមមើលម៉ូសាយ ៤:២៧

  13. ម៉ូសាយ ៤:២៧

  14. លេវីវិន័យ ១៩:៣៤ ។

  15. ហេព្រើរ ១៣:២ ។

  16. ម៉ាថាយ ២៥:៣៥-៣៦ ។

  17. សូមមើល លូកា ២១:១-៤

  18. លូកា ១០:៣៧

  19. កម្មវិធី​បុណ្យ​សព​របស់ រ៉ូសម៉ារី ឃើទីស ណៃឌើរ ខែ មករា ឆ្នាំ ២០១៥ ។

  20. ហិនរី ប៊ី. អាវរិង, «The Caregiver,»Liahona, ខែ ​វិច្ឆិកា ឆ្នាំ ២០១២, ទំព័រ  ១២៤។

  21. ម៉ាកុស ១៤:៦, ៨ ។