ឆ្នាំ ២០១០-២០១៩
ទីជ្រកកោនពីព្យុះសង្ឃរា
ខែ មេសា 2016


ទីជ្រកកោនពីព្យុះសង្ឃរា

គ្រានេះពុំមែនជាការកំណត់ពីជនភៀសខ្លួនទេ ប៉ុន្តែការឆ្លើយតបរបស់យើងនឹងជួយកំណត់ពីខ្លួនយើង ។

« ពីព្រោះយើងបានឃ្លាន ហើយអ្នករាល់គ្នាបានឲ្យបរិភោគ ៖ យើងបានស្រេក ហើយអ្នករាល់គ្នាបានឲ្យផឹក ៖ យើងជាអ្នកដទៃ ហើយអ្នករាល់គ្នាបានទទួលយើង ៖

« យើងនៅអាក្រាត ហើយអ្នករាល់គ្នាបានស្លៀកពាក់ឲ្យយើង ។ …

«…យើងប្រាប់អ្នករាល់គ្នាជាប្រាកដថា ដែលអ្នករាល់គ្នាបានធ្វើការទាំងនេះដល់អ្នកតូចបំផុតក្នុងពួកបងប្អូនយើងនេះ នោះឈ្មោះថាបានធ្វើដល់យើងដែរ » ។

មានជនភៀសខ្លួនប្រមាណជា ៦០ លាននាក់នៅក្នុងពិភពលោកសព្វថ្ងៃនេះ ដែលមានន័យថា « ម្នាក់ក្នុងចំណោមមនុស្ស ១២២ នាក់ … ត្រូវបានបង្ខំឲ្យចាកចេញពីផ្ទះរបស់ពួកគេ » ហើយពាក់កណ្ដាលនៃចំនួននេះគឺជាកុមារតូចៗ ។ វាជារឿងគួរឲ្យរន្ធត់ពេលគិតអំពីចំនួនដែលមាន និងនឹកគិតថា តើវាពិបាកយ៉ាងណាចំពោះជីវិតបុគ្គលម្នាក់ៗ ។ ការចាត់តាំងថ្មីរបស់ខ្ញុំ គឺនៅទ្វីបអ៊ឺរ៉ុប ជាកន្លែងមួយដែលមានជនភៀសខ្លួនចំនួន ១២៥,០០០ នាក់បានមកដល់កាលពីឆ្នាំមុន ពីផ្នែកជាច្រើននៃអាស៊ីបូព៌ា និងអាហ្វ្រិកដោយសារតែសង្រ្គាម ។ យើងឃើញពួកគេជាច្រើនបានមកដោយមានតែសម្លៀកបំពាក់មួយសម្រាប់ និងអ្វីដែលគេអាចយួរនៅក្នុងកាបូបតូចមួយ ។ ពួកគេភាគច្រើនគឺជាអ្នកចេះដឹង ហើយអ្នកទាំងនោះត្រូវបង្ខំចិត្តចេញពីផ្ទះសម្បែង សាលារៀន និងការងារ ។

នៅក្រោមការដឹកនាំរបស់គណៈប្រធានទីមួយ សាសនាចក្រកំពុងធ្វើការជាមួយអង្គការចំនួន ៧៥ នៅក្នុងប្រទេសចំនួន ១៧ ក្នុងទ្វីបអឺរ៉ុប ។ អង្គការទាំងនេះ មានលំដាប់ចាប់ពីស្ថាប័នអន្ដរជាតិធំៗទៅដល់ការផ្ដើមគំនិតក្នុងសហគមន៍តូចៗ ចាប់ពីភ្នាក់ងាររដ្ឋាភិបាលទៅដល់អង្គការសប្បុរសធម៌ និងអង្គការសាសនា ។ យើងមានសំណាងដើម្បីចាប់ដៃគូ និងរៀនមកពីអង្គការដទៃទៀត ដែលកំពុងធ្វើការជាមួយនឹងជនភៀសខ្លួននៅជុំវិញពិភពលោកអស់រយៈពេលជាច្រើនឆ្នាំ ។

ក្នុងនាមជាសមាជិកនៃសាសនាចក្រ ជាប្រជាជនមួយក្រុម យើងពុំចាំបាច់ក្រឡេកមើលទៅប្រវត្តិសាស្ត្ររបស់យើង ដើម្បីនឹកគិតអំពីគ្រាដែលយើងជាជនភៀសខ្លួន ត្រូវគេបណ្ដេញចេញពីផ្ទះ និងស្រែចម្ការយ៉ាងឃោរឃៅម្ដងហើយម្ដងទៀតនោះទេ ។ កាលពីចុងសប្ដាហ៍មុន នៅក្នុងការថ្លែងអំពីជនភៀសខ្លួន បងស្រី លីនដា ប៊ើតុន បានសុំឲ្យស្ត្រីក្នុងសាសនាចក្រ ពិចារណា « ចុះបើរឿង របស់ពួកគេ គឺជារឿងខ្ញុំ វិញ » ។ រឿងរបស់ពួកគេ គឺជា រឿងរបស់យើង មិនជាច្រើនឆ្នាំនោះទេ ។

មាននូវការជជែកវែកញែកយ៉ាងខ្លាំងនៅក្នុងរដ្ឋាភិបាល និងសង្គមទូទៅ ស្ដីអំពីអ្វីជានិយមន័យនៃជនភៀសខ្លួន និងអ្វីគួរតែត្រូវធ្វើឡើងដើម្បីជួយដល់ជនភៀសខ្លួន ។ ការនិយាយរបស់ខ្ញុំ គឺពុំមានចេតនាបង្កើតជាការពិភាក្សាដ៏តានតឹង ឬពន្យល់អំពីគោលនយោបាយអន្ដោប្រវេស្ដន៍នោះទេ ប៉ុន្ដែវាផ្ដោតទៅលើ មនុស្ស ដែលត្រូវបានគេបណ្ដេញចេញពីផ្ទះ និងប្រទេសរបស់ពួកគេ ដោយសារសង្គ្រាម ដែលពួកគេគ្មានកំហុសអ្វីសោះ ។

ព្រះអង្គសង្គ្រោះជ្រាបអំពីអារម្មណ៍របស់ជនភៀសខ្លួន—ព្រោះទ្រង់ក៏ជាជនភៀសខ្លួនមួយរូបដែរ ។ កាលពីកុមារភាព ព្រះយេស៊ូវ និងគ្រួសារទ្រង់បានភៀសខ្លួនទៅអេស៊ីព្ទ ដើម្បីគេចផុតពីការសម្លាប់តាមបញ្ជារបស់ស្ដេចហេរ៉ូឌ ។ ហើយនៅក្នុងកន្លែងផ្សេងៗនៃការបម្រើរបស់ទ្រង់ ព្រះយេស៊ូវបានឃើញថាព្រះអង្គទ្រង់ត្រូវគេគម្រាមកំហែង ហើយព្រះជន្មរបស់ទ្រង់បានស្ថិតក្នុងគ្រោះថ្នាក់ទីបំផុតត្រូវចុះចូលទៅតាមគម្រោងរបស់មនុស្សអាក្រក់ដែលបានដាក់ធ្វើគុតទ្រង់ ។ ប្រហែលជាបន្ទាប់ពីនោះមក រឿងដែលកាន់តែអស្ចារ្យចំពោះយើងគឺថា ទ្រង់បានបង្រៀនយើងដដែលៗឲ្យស្រឡាញ់គ្នាទៅវិញទៅមក ស្រឡាញ់ដូចជាទ្រង់ស្រឡាញ់យើង ស្រឡាញ់អ្នកជិតខាងយើងដូចខ្លួនយើង ។ ពិតណាស់ « សាសនាដែលបរិសុទ្ធ ហើយឥតសៅហ្មង នៅចំពោះព្រះដ៏ជាព្រះវរបិតា នោះគឺឲ្យទៅសួរពួកកំព្រា និងពួកមេម៉ាយ ក្នុងកាលដែលគេមានសេចក្តីវេទនា » ហើយ « មើលពួកអ្នកទ័លក្រ និងពួកអ្នកទុគត៌ ហើយឧបត្ថម្ភដល់ការរំដោះពួកគេដើម្បីកុំឲ្យពួកគេត្រូវរងទុក្ខ » ។

វាជាការបំផុសគំនិតដើម្បីធ្វើជាសាក្សី អំពីអ្វីដែលសមាជិកនៃសាសនាចក្រនៅជុំវិញពិភពលោក បានបរិច្ចាគដោយសប្បុរសដើម្បីជួយដល់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារទាំងឡាយ ដែលបានបាត់បង់យ៉ាងច្រើននោះ ។ ជាពិសេសនៅទូទាំងទ្វីបអ៊ឺរ៉ុប ខ្ញុំបានមើលឃើញសមាជិកជាច្រើនក្នុងសាសនាចក្រទទួលបានអារម្មណ៍អំណរដុះដាល និងការបំផុសគំនិត នៅពេលពួកគេបានឆ្លើយតបចំពោះបំណងប្រាថ្នាពីធម្មជាតិ ដើម្បីឈោងជួយ និងបម្រើដល់អ្នកទាំងឡាយណាដែលខ្វះខាតបំផុតនៅជុំវិញពួកគេ ។ សាសនាចក្របានផ្ដល់ទីជម្រក និងសេវាថែទាំសុខភាព ។ ស្ដេក និងបេសកកម្មជាច្រើនបានរៀបចំកញ្ចប់អនាម័យរាប់ពាន់កញ្ចប់ ។ ស្ដេកផ្សេងទៀតបានផ្ដល់អាហារ និងទឹក សម្លៀកបំពាក់ អាវភ្លៀង កង់ សៀវភៅ កាបូបស្ពាយ វ៉ែនតាសម្រាប់អាន និងអ្វីៗជាច្រើនទៀត ។

បុគ្គលជាច្រើនពីប្រទេស ស្កត់ឡង់ ទៅដល់ ស៊ីស៊ីលី បានបំពេញតួនាទីជាច្រើន ។ វេជ្ជបណ្ឌិត និងគិលានុប្បដ្ឋាយិការ បានស្ម័គ្រចិត្តផ្ដល់ការបម្រើនៅកន្លែងដែលជនភៀសខ្លួនបានមកដល់ ដោយទទឹកខ្លួនជោគ រងាញាក់ ហើយជាញឹកញាប់ត្រូវតក់ស្លុតដោយគេចខ្លួនតាមផ្លូវទឹក ។ នៅពេលជនភៀសខ្លួនចាប់ផ្ដើមទទួលបានទីស្នាក់នៅ មានសមាជិកក្នុងមូលដ្ឋានកំពុងជួយពួកគេឲ្យរៀនភាសាក្នុងប្រទេសដែលទទួលពួកគេនោះ ខណៈដែលអ្នកដទៃទៀតជួយលើកទឹកចិត្តខាងវិញ្ញាណដល់កុមារ និងឪពុកម្ដាយដោយការផ្ដល់ជាល្បែងលេង សម្ភារគំនូរ តន្ត្រី និងការលេងកម្សាន្ត ។ អ្នកខ្លះទៀតយកអំបោះ ម្ជុលប៉ាក់ និងម្ជុលចាក់ទៅបរិច្ចាគ ហើយបង្រៀនជំនាញទាំងនេះដល់ជនភៀសខ្លួនទាំងចាស់ ទាំងក្មេង ។

សមាជិកសាសនាចក្រដែលមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងការបម្រើ និងខាងការដឹកនាំ បានបង្ហាញពីភាពពិតដែលថា ការបម្រើដល់មនុស្សដែលខ្វះខាតទាំងនេះជាបន្ទាន់ បានផ្ដល់នូវបទពិសោធន៍ជាច្រើន ដែលស្កប់ស្កល់ចិត្តបំផុតនៅក្នុងការបម្រើរបស់ពួកគេកន្លងមក ។

ភាពពិតនៃស្ថានភាពទាំងនេះ ច្បាស់ជាត្រូវបានឃើញដើម្បីជឿបាន ។ នៅរដូវរងារ ខ្ញុំបានជួបនឹងស្ត្រីមានផ្ទៃពោះមកពីប្រទេស ស៊ីរី ម្នាក់ក្នុងចំណោមមនុស្សជាច្រើនទៀតនៅច្រកជំរុំជនភៀសខ្លួន ដែលកំពុងស្វែងរកជំនួយយ៉ាងខ្លាំង ដើម្បីកុំឲ្យគាត់ត្រូវសម្រាលកូននៅលើកម្រាលឥដ្ឋដ៏ត្រជាក់ក្នុងសាលដ៏ធំដែលគាត់ស្នាក់នៅនោះ ។ កាលនៅប្រទេស ស៊ីរី គាត់គឺជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យមួយ ។ ហើយខ្ញុំបាននិយាយជាភាសាក្រិកជាមួយនឹងគ្រួសារមួយដែលនៅទទឹកខ្លួនជោគ រងារញ័រញាក់ ហើយភ័យខ្លាចនៅឡើយ ដោយសារតែការធ្វើដំណើរឆ្លងកាត់តាមទូកកៅស៊ូតូចមកពីប្រទេស ទួគី ។ បន្ទាប់ពីមើលទៅកែវភ្នែករបស់ពួកគេ ហើយស្ដាប់ឮរឿងរបស់ពួកគេ ទាំងការរត់គេចខ្លួនដោយភ័យខ្លាំង និងការធ្វើដំណើរដ៏គ្រោះថ្នាក់ ដើម្បីរកកន្លែងភៀសខ្លួន ខ្ញុំនឹងមិនអាចធ្វើដូចពួកគេឡើយ ។

ការផ្ដល់ការមើលថែ និងជំនួយ គឺមានទំហំដ៏ធំមកពីអ្នកធ្វើការជួយសង្គ្រោះដ៏លះបង់ទាំងឡាយ ដែលពួកគេជាច្រើនគឺជាអ្នកស្ម័គ្រចិត្ត ។ ខ្ញុំបានឃើញដោយផ្ទាល់កាលសមាជិកសាសនាចក្រម្នាក់ បានធ្វើការទាំងថ្ងៃទាំងយប់ អស់រយៈពេលជាច្រើនខែ ដើម្បីផ្គត់ផ្គង់ដល់តម្រូវការបន្ទាន់របស់អ្នកទាំងឡាយដែលមកដល់ប្រទេសក្រិកពីប្រទេសទួគី ។ នៅក្នុងចំណោមកិច្ចខិតខំដទៃទៀតជាច្រើនរាប់មិនអស់ គាត់បានរៀបចំជំនួយបឋមទៅដល់អ្នកទាំងឡាយដែលត្រូវការជំនួយវេជ្ជសាស្ត្រខ្លាំងបំផុត គាត់បានឃើញថាស្ត្រី និងកុមារតូចៗដែលធ្វើដំណើរតែឯងត្រូវតែបានមើលថែគាត់បានឱបអ្នកទាំងឡាយដែលបានបាត់បង់មនុស្សជាទីស្រឡាញ់របស់ពួកគេមកតាមផ្លូវ ហើយគាត់បានធ្វើអស់ពីសមត្ថភាពរបស់គាត់ដើម្បីប្រើធនធានដ៏មានកំណត់ដែលគាត់មានដើម្បីជួយមនុស្សឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ។ គាត់ ក៏ដូចជាមនុស្សជាច្រើនទៀតដូចគាត់គឺជាពួកទេវតាដ៏ពិតដែលបម្រើដល់អ្នកដទៃ ដែលទង្វើរបស់ពួកគេនឹងត្រូវបានចងចាំដោយមនុស្សដែលពួកគេមើលថែ ព្រមទាំងព្រះអម្ចាស់ ដែលពួកគេធ្វើការបម្រើផងដែរ ។

អស់អ្នកដែលបានលះបង់ខ្លួនពួកគេដើម្បីជួយសង្គ្រោះជនរងគ្រោះនៅជុំវិញពួកគេ គឺដូចជាប្រជាជនរបស់អាលម៉ា ៖ « ម្ល៉ោះហើយ នៅក្នុងកាលៈទេសៈដ៏ចម្រុងចម្រើនរបស់គេ ពួកគេពុំបានដេញជនណាចេញដែលអាក្រាត ឬជនណាដែលអត់ឃ្លាន ឬជនណាដែលស្រេក ឬជនណាដែលឈឺ ឬជនណាដែលខ្វះការចិញ្ចឹមបីបាច់ឡើយ … ពួកគេមានចិត្តទូលំទូលាយទៅលើមនុស្សគ្រប់រូប ទាំងចាស់ ទាំងក្មេង ទាំងបាវគេទាំងអ្នកសេរី ទាំងប្រុស ទាំងស្រី ទោះជានៅក្រៅសាសនាចក្រ ឬនៅក្នុងសាសនាចក្រនោះក្ដី ដោយមិនរើសមុខអ្នកណាសោះ ឲ្យតែមានការខ្វះខាត » ។

យើងត្រូវតែយកចិត្តទុកដាក់អំពីដំណឹងនៃស្ថានភាពរបស់ជនភៀសខ្លួន កុំឲ្យវាក្លាយទៅជារឿងធម្មតា នៅពេលការភ័យរន្ធត់រលត់បាត់ទៅ តែសង្គ្រាមនៅបន្ដ ហើយក្រុមគ្រួសារជាច្រើនចេះតែបន្ដមកនោះ ។ ជនភៀសខ្លួនរាប់លាននាក់នៅទូទាំងពិភពលោក ដែលលែងមានរឿងលេចឡើងក្នុងសារព័ត៌មាន គឺនៅតែត្រូវការជំនួយយ៉ាងខ្លាំង ។

ប្រសិនបើអ្នកសួរថា « តើខ្ញុំអាចធ្វើអ្វីទៅ ? » ដំបូងចូរយើងចងចាំថា យើងមិនគួរបម្រើដោយធ្វើការចំណាយពីគ្រួសារផ្ទាល់ ឬ ផ្ដល់ការទទួលខុសត្រូវដល់អ្នកដទៃទៀតនោះទេ ហើយក៏មិនគួររំពឹងឲ្យអ្នកដឹកនាំរបស់យើងរៀបចំគម្រោងសម្រាប់យើងដែរ ។ ប៉ុន្តែក្នុងនាមជាយុវវ័យ បុរស ស្ត្រី និងជាក្រុមគ្រួសារ យើងអាចចូលរួមនៅក្នុងកិច្ចការសប្បុរសធម៌ដ៏ធំនេះ ជាលក្ខណៈបុគ្គល ឬគ្រួសារ ។

ជាការឆ្លើយតបចំពោះការអញ្ជើញមកពីគណៈប្រធានទីមួយ ឲ្យចូលរួមនៅក្នុងការបម្រើដូចព្រះគ្រីស្ទទៅដល់ជនភៀសខ្លួននៅទូទាំងពិភពលោក ១០ គណៈប្រធានសមាគមសង្គ្រោះ យុវនារី និងអង្គការបឋមសិក្សាទូទៅ បានរៀបចំកិច្ចខិតខំជួយសង្គ្រោះមួយដែលហៅថា « យើងជាអ្នកដទៃ » ។ បងស្រី ប៊ើរតុន បានណែនាំអំពីកម្មវិធីនេះទៅដល់ស្ត្រីក្នុងសាសនាចក្រកាលពីចុងសប្ដាហ៍មុននៅក្នុងសម័យប្រជុំស្ត្រីទូទៅ ។ មានគំនិតជាជំនួយធនធាន និងយោបល់ជាច្រើនសម្រាប់ការបម្រើ នៅគេហទំព័រIWasAStranger.lds.org ។

សូមចាប់ផ្ដើមលុតជង្គង់ចុះអធិស្ឋាន ។ បន្ទាប់មកគិតអំពីការធ្វើអ្វីមួយនៅជិតផ្ទះនៅក្នុងសហគមន៍របស់អ្នក ជាកន្លែងដែលអ្នកនឹងរកឃើញមនុស្សដែលត្រូវការជំនួយក្នុងការសម្របទៅនឹងស្ថានភាពថ្មីរបស់ពួកគេ ។ គោលបំណងគ្រឹះ គឺជាការជួយដើម្បីពួកគេមានជីវិតឧស្សាហ៍ព្យាយាម និងមានស្វ័យពំនឹង ។

យើងមានលទ្ធភាពជួយ និងធ្វើជាមិត្តដ៏គ្មានដែនកំណត់ ។ អ្នកអាចនឹងជួយជនភៀសខ្លួនដែលមានទីជម្រកហើយ ឲ្យរៀនភាសាក្នុងប្រទេសអភិវឌ្ឍជំនាញការងាររបស់ពួកគេ ឬហាត់រៀនសម្ភាសរកការងារ ។ អ្នកអាចផ្ដល់ជាការណែនាំដល់គ្រួសារមួយ ឬម្ដាយទោលម្នាក់ នៅពេលពួកគេផ្លាស់មកវប្បធម៌ដែលពុំធ្លាប់ស្គាល់ ជាអ្វីមួយយ៉ាងសាមញ្ញដូចជាការទៅផ្សារឬទៅសាលាជាមួយពួកគេ ។ វួដ និងស្ដេកមួយចំនួនមានអង្គការដែលជាទីទុកចិត្តដើម្បីធ្វើការជាដៃគូ ។ ហើយស្របតាមស្ថានភាពអ្នក នោះអ្នកអាចបរិច្ចាគដល់កិច្ចខិតខំខាងសប្បុរសធម៌ដ៏អស្ចារ្យរបស់សាសនាចក្រ ។

បន្ថែមពីលើនោះ យើងម្នាក់ៗអាចបង្កើនការយល់ដឹងអំពីព្រឹត្តិការណ៍ពិភពលោក ដែលបណ្ដេញគ្រួសារទាំងនេះចេញពីផ្ទះរបស់ពួកគេ ។ យើងត្រូវតែការពារទប់ទល់នឹងការមិនអត់ឱន ហើយគាំពារដល់ការគោរព និងការយល់ដឹងអំពីវប្បធម៌ និងទំនៀមទំលាប់ចម្រុះ ។ ការជួបនឹងក្រុមគ្រួសារជនភៀសខ្លួន ហើយស្ដាប់ឮរឿងរបស់ពួកគេដោយផ្ទាល់ត្រចៀក ពុំមែនមកពីអេក្រង់ទូរទស្សន៍ ឬកាសែត នឹងផ្លាស់ប្ដូរអ្នក ។ មិត្តភាពពិត នឹងបង្កើតឡើង ហើយនឹងមានចិត្តមេត្តា និងនាំឲ្យមានការរួបរួមដ៏ជោគជ័យ ។

ព្រះអម្ចាស់បានណែនាំ យើងថា ស្ដេកនៃស៊ីយ៉ូនគឺជា « ទីការពារ » និង « ជាទីជ្រកកោនពីព្យុះសង្ឃរា » ។១១ យើងរកបានទីជម្រកហើយ ។ ចូរយើងចេញពីកន្លែងសុវត្ថិភាពរបស់យើង ហើយចែកចាយជាមួយពួកគេនូវអ្វីដែលយើងមាន សង្ឃឹម សម្រាប់អនាគតកាន់តែភ្លឺស្វាងមួយមានជំនឿ ទៅលើព្រះ និងបងប្អូនរបស់យើង ហើយមាន សេចក្ដីស្រឡាញ់ ដែលមើលឃើញហួសពីភាពខុសគ្នាខាងវប្បធម៌ និងខាងសាសនា ទៅរកសេចក្ដីពិតដ៏រុងរឿង ដែលថាយើងទាំងអស់គ្នាគឺជាកូនចៅរបស់ព្រះវរបិតាសួគ៌របស់យើង ។

« ដ្បិតព្រះទ្រង់មិនបានប្រទានឲ្យយើងមានវិញ្ញាណ ដែលតែងតែខ្លាចឡើយ គឺឲ្យមានវិញ្ញាណដ៏មានអំណាច និងសេចក្តីស្រឡាញ់វិញ » ។១២

ការក្លាយជាជនភៀសខ្លួនអាចនឹងជាគ្រាមួយដ៏សំខាន់នៅក្នុងជីវិតនៃអ្នកទាំងឡាយដែលជាជនភៀសខ្លួន ប៉ុន្តែការក្លាយជាជនភៀសខ្លួនពុំមែនជាចរិត របស់ពួកគេទេ ។ ក៏ដូចជាមនុស្សរាប់ពាន់នាក់ រាប់មិនអស់ពីមុនពួកគេ នេះគឺជាគ្រាមួយ—ដែលយើងសង្ឃឹមថាជាគ្រាមួយដ៏ខ្លី—នៅក្នុងជីវិតពួកគេ ។ ពួកគេមួយចំនួននឹងបន្ដធ្វើជាអ្នកទទួលជ័យលាភីណូប៊ែល ជាអ្នកបម្រើកិច្ចការសាធារណៈ ជាគ្រូពេទ្យ ជាអ្នកវិទ្យាសាស្ត្រ ជាតន្ដ្រីករ ជាវិចិត្រករ ជាអ្នកដឹកនាំសាសនា និងជាអ្នកបរិច្ចាគនៅក្នុងជំនាញផ្សេងៗទៀត ។ ប្រាកដណាស់ ពួកគេជាច្រើនរូប បានមាន ជំនាញទាំងអស់នេះ ពីមុនពួកគេបាត់បង់អ្វីៗទាំងអស់ ។ គ្រានេះពុំមែនជាការកំណត់ពីពួកគេទេ ប៉ុន្តែការឆ្លើយតបរបស់យើងនឹងជួយកំណត់ពីខ្លួនយើង ។

« យើងប្រាប់អ្នករាល់គ្នាជាប្រាកដថា ដែលអ្នករាល់គ្នាបានធ្វើការទាំងនេះដល់អ្នកតូចបំផុតក្នុងពួកបងប្អូនយើងនេះ នោះឈ្មោះថាបានធ្វើដល់យើងដែរ » ។១៣ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាមែន ។

សម្រាប់សេចក្ដីយោងបន្ថែម សូមមើល IWasAStranger.lds.org និង mormonchannel.org/blog/post/40-ways-to-help-refugees-in-your-community ។