ឆ្នាំ ២០១០-២០១៩
ថ្នាំលាបព្យាបាលរបួសដែលជាការអត់ទោស
ខែ មេសា 2016


ថ្នាំលាបព្យាបាលរបួសដែលជាការអត់ទោស

ការអត់ទោសគឺជាគោលការណ៍ដ៏រុងរឿង និងព្យាបាល ។ យើងមិនចាំបាច់ធ្វើជាជនរងគ្រោះលើកទីពីរនោះទេ ។ យើងអាចអត់ទោសបាន ។

អ្វីគ្រប់យ៉ាងមកពីព្រះរួមមាន ក្ដីស្រឡាញ់ ពន្លឺ និងសេចក្ដីពិត ។ យ៉ាងណាក៏ដោយ យើងជាមនុស្សរស់នៅក្នុងពិភពមួយដែលវឹកវរ ពេលខ្លះពេញដោយភាពងងឹត និងភាពច្របូកច្របល់ ។ វាមិនមែនជារឿងចម្លែកទេដែលមានកំហុស ភាពអយុត្តិធម៌ និងការប្រព្រឹត្តបាបកើតឡើង ។ ដោយហេតុនេះហើយ ទើបមិនមែនមានតែព្រលឹងតែម្នាក់ប៉ុណ្ណោះទេដែលនៅពេលណាមួយនោះក្លាយជាជនរងគ្រោះតែម្នាក់ឯងដោយសារតែទង្វើធ្វេសប្រហែស អំពើធ្វើឲ្យឈឺចាប់ ឬ អាកប្បកិរិយាព្រៃផ្សៃពីសំណាក់មនុស្សដទៃនោះ ។ នោះគឺជាអ្វីមួយដែលយើងទាំងអស់គ្នាមានជារួម ។

យើងមានអំណរគុណដែលព្រះមានសេចក្ដីស្រឡាញ់ និងសេចក្ដីមេត្តាចំពោះបុត្រាបុត្រីទ្រង់ ដោយបានរៀបចំផ្លូវដើម្បីជួយតម្រែតម្រង់យើងក្នុងបទពិសោធន៍ដ៏លំបាកទាំងនេះក្នុងជីវិត ។ ទ្រង់បានប្រទានរបៀបគេចខ្លួនមួយ សម្រាប់ជនរងគ្រោះមកពីអំពើអាក្រក់របស់មនុស្សដទៃ ។ ទ្រង់បានបង្រៀនយើងថា យើងអាចអត់ទោសបាន ! ទោះយើងអាចធ្លាប់ជាជនរងគ្រោះម្ដងហើយ យើងមិនត្រូវធ្វើជាជនរងគ្រោះជាលើកទីពីរដោយរែកបន្ទុកនៃសម្អប់ ភាពល្វីងជូរចត់ ការឈឺចាប់ ការរវាទចិត្ត ឬសូម្បីតែការសងសឹកផងនោះទេ ។ យើងអាចអត់ទោសបាន ហើយយើងអាចមានសេរីភាព !

ជាច្រើនឆ្នាំកន្លងទៅ កាលខ្ញុំកំពុងជួសជុលរបងផ្ទះ មានកំទេចឈើមួយបានមុតចូលម្រាមដៃខ្ញុំ ។ ខ្ញុំបានព្យាយាមឆ្កិះកំទេចឈើនោះចេញ ហើយគិតថាវាបានចេញហើយ ប៉ុន្តែវាមិនបានចេញនោះទេ ។ ពេលវេលាចេះតែកន្លងទៅ ស្បែកបានដុះគ្របលើកំទេចឈើនោះ វាបង្កើតជាដុំពកមួយ ។ ដុំពកនោះរំខានណាស់ ហើយជួនកាលធ្វើឲ្យឈឺខ្លាំងទៀតផង ។

ច្រើនឆ្នាំក្រោយមក ខ្ញុំសម្រេចចិត្តត្រូវធ្វើអ្វីមួយ ។ ខ្ញុំបានយកថ្នាំមកលាបនៅលើដុំពកនោះ ហើយបិទបង់រុំដំបៅពីលើ ។ ខ្ញុំបានធ្វើដូចនេះជាញឹកញាប់ ។ អ្នកមិនអាចស្មានពីការភ្ញាក់ផ្អើលរបស់ខ្ញុំបានទេ កាលខ្ញុំបកបង់រុំដំបៅចេញ កំទេចឈើបានផុសចេញពីម្រាមដៃខ្ញុំ ។

ថ្នាំលាបនោះបានបន្ទន់ស្បែក ហើយធ្វើឲ្យមានកន្លែងដកចេញនូវអ្វីគ្រប់យ៉ាងដែលបណ្ដាលឲ្យមានការឈឺចាប់អស់ច្រើនឆ្នាំមកហើយនោះ ។ កាលកំទេចឈើបានដកចេញ ម្រាមដៃខ្ញុំបានជាសះស្បើយយ៉ាងរហ័ស មកដល់ថ្ងៃនេះ ពុំមានស្លាកស្នាមរបួសអ្វីឡើយ ។

ស្រដៀងគ្នានេះដែរ ដួងចិត្តដែលគ្មានការអត់ទោស ផ្ទុកនូវការឈឺចាប់យ៉ាងសន្ធឹក ។ ពេលយើងប្រើថ្នាំលាបព្យាបាលរបួសនៃដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ នោះទ្រង់នឹងបន្ទន់ចិត្តយើង ហើយជួយយើងកែប្រែ ។ ទ្រង់អាច ប្រោស ព្រលឹងដែលមានរបួសឈឺចាប់ ( សូមមើល យ៉ាកុប ២:៨  ) ។

ខ្ញុំដឹងថា យើងភាគច្រើនចង់អត់ទោស ប៉ុន្តែយើងឃើញថាវារឿងពិបាកធ្វើ ។ កាលយើងជួបប្រទះនឹងរឿងអយុត្តិធម៌មួយ យើងពោលឡើងភ្លាមថា « បុគ្គលនោះធ្វើខុសហើយ ។ ពួកគេសមនឹងទទួលទោស ។ តើយុត្តិធម៌នៅឯណា ? » យើងគិតដោយខុសឆ្គងថា បើ យើងអត់ទោស នោះភាពយុត្តិធម៌នឹងមិនមានឡើយ ហើយការដាក់ទោសក៏នឹងមិនមានដែរ ។

វាមិនមែនដូច្នោះនោះទេ ។ ព្រះនឹងដាក់ទោសដ៏សុក្រឹតមួយ ដ្បិតសេចក្ដីមេត្តាករុណាទ្រង់មិនអាចកោងសេចក្តីយុត្តិធម៌បានឡើយ ( សូមមើល អាលម៉ា ៤២:២៥ ) ។ ព្រះមានបន្ទូលអះអាងដោយសេចក្តីស្រឡាញ់ចំពោះបងប្អូន និងខ្ញុំដូចនេះ ៖ « ចូរទុកសេចក្ដីជំនុំជំរះនឹងយើងចុះ ត្បិតវាជាសេចក្ដីជំនុំជំរះរបស់យើង ហើយយើងនឹងសងវិញ ។ [ ប៉ុន្តែ ចូរមាន ] សេចក្ដីសុខសាន្តនៅជាមួយអ្នកចុះ » ( គ. និង ស. ៨២:២៣ ) ។ ព្យាការីយ៉ាកុបក្នុងព្រះគម្ពីរមរមនក៏បានសន្យាដែរថា ព្រះ « នឹងលួងលោមដល់អ្នក ក្នុងគ្រាដែលអ្នកមានទុក្ខលំបាក ហើយទ្រង់នឹងអង្វរដើម្បីប្រយោជន៍របស់អ្នក ហើយនឹងទម្លាក់សេចក្ដីយុត្តិធម៌មកធ្វើទោសពួកអ្នកណាដែលស្វែងរកបំផ្លាញអ្នក » ( យ៉ាកុប ៣:១ ) ។

ក្នុងនាមជាជនរងគ្រោះ បើយើង មានចិត្តស្មោះត្រង់ នោះយើងអាចមានការលួងលោមចិត្តខ្ពស់ថា ព្រះនឹងសងយើងនូវរាល់ភាពអយុត្តិធម៌ដែលយើងជួបប្រទះ ។ អែលឌើរ យ៉ូសែប ប៊ី វ៉ឺតលីនបានថ្លែងដូចនេះ ៖ « ព្រះអម្ចាស់ឲ្យរង្វាន់ដល់ពួកស្មោះត្រង់ចំពោះរាល់ការបាត់បង់ទាំងអស់ ។ … គ្រប់ដំណក់ទឹកភ្នែកនៅថ្ងៃនេះ នឹងត្រឡប់ទៅជាដំណក់ទឹកភ្នែកនៃអំណរ និងការដឹងគុណរាប់មិនអស់វិញ » ។

ពេលយើងព្យាយាមអត់ទោសដល់មនុស្សដទៃ ចូរយើងព្យាយាមចងចាំផងដែរថា យើងទាំងអស់គ្នានឹងរីកចម្រើនខាងវិញ្ញាណ ប៉ុន្តែយើងស្ថិតក្នុងកម្រិតខុសៗគ្នា ។ កាលយើងងាយនឹងសង្កេតឃើញការផ្លាស់ប្ដូរ និងភាពរីកចម្រើនខាងរូបកាយពេក នោះយើងពិបាកនឹងឃើញភាពរីកចម្រើនក្នុងស្មារតីរបស់យើងណាស់ ។

គន្លឹះមួយដើម្បីអត់ទោសដល់មនុស្សដទៃ គឺត្រូវព្យាយាមចាត់ទុកពួកគេជាមនុស្សដែលព្រះចាត់ទុកពួកគេដែរ ។ ជួនកាល ព្រះអាចបើកវាំងនន ហើយប្រទានពរយើងដោយនូវអំណោយទាននៃការមើលធ្លុះដួងចិត្ត ព្រលឹង និងវិញ្ញាណនៃមនុស្សម្នាក់ទៀតដែលបានធ្វើឲ្យយើងរវាទចិត្ត ។ ប្រាជ្ញាមុតនេះក៏អាចនាំឲ្យមានសេចក្ដីស្រឡាញ់លើសលុបចំពោះបុគ្គលនោះដែរ ។

បទគម្ពីរបង្រៀនយើងថា សេចក្ដីស្រឡាញ់របស់ព្រះដែលមានចំពោះបុត្រាបុត្រីទ្រង់គឺល្អឥតខ្ចោះ ។ ទ្រង់ជ្រាបអំពីសក្ដានុពលរបស់ពួកគេសម្រាប់ការណ៍ល្អ ដោយមិនគិតពីអតីតកាលរបស់ពួកគេឡើយ ។ តាមរយៈដំណើររឿងនានា ប្រហែលជាមិនមានសត្រូវណាដែលសាហាវព្រៃផ្សៃចំពោះអ្នកដើរតាមព្រះយេស៊ូវគ្រីស្ទ ជាងម្នាក់ឈ្មោះសុល ជាអ្នកស្រុកតើសុសនោះទេ ។ តែកាលព្រះបង្ហាញពន្លឺ និងសេចក្ដីពិតដល់សុល នោះគ្មានសិស្សណាម្នាក់របស់ព្រះសង្គ្រោះដែលលះបង់ រីករាយ ឬក្លាហានជាងគាត់ឡើយ ។ សុលបានក្លាយជាសាវកប៉ុល ។ ជីវិតលោកគឺជាគំរូដ៏អស្ចារ្យមួយអំពីរបៀបដែល ព្រះពុំគ្រាន់តែចាត់ទុករាស្ត្រទ្រង់ជាមនុស្សដែលពួកគេគឺជានាពេលបច្ចុប្បន្ននេះទេ ប៉ុន្តែជាមនុស្សដែលពួកគេអាចប្រែក្លាយផងដែរ ។ យើងទាំងអស់គ្នាមាននូវលក្ខណៈដូចសុល ហើយមានសក្ដានុពលក្លាយដូចប៉ុល ក្នុងជីវិតយើង ។ តើបងប្អូនអាចស្រមៃឃើញថាតើគ្រួសារ សហគមន៍របស់យើង និងពិភពលោកមានការផ្លាស់ប្ដូរកម្រិតណា បើយើងទាំងអស់គ្នាព្យាយាមចាត់ទុកគ្នាទៅវិញទៅមកជាមនុស្សដែលព្រះចាត់ទុកពួកយើងដែរនោះ ?

ជារឿយៗ យើងចាត់ទុកជនឧក្រិដ្ឋតាមរបៀបដែលយើងមើលទៅភ្នំទឹកកក—គឺយើងមើលឃើញតែផ្នែកខាងលើ មិនអាចមើលដល់ផ្នែកខាងក្រោមផ្ទៃទឹកឡើយ ។ យើងពុំអាចដឹងគ្រប់យ៉ាងថាមានអ្វីកើតឡើងក្នុងជីវិតមនុស្សម្នាក់បានឡើយ ។ យើងពុំស្គាល់អតីតកាលពួកគេ យើងពុំស្គាល់ការលំបាកពួកគេ យើងពុំស្គាល់ការឈឺចាប់ដែលពួកគេមាននោះទេ ។ បងប្អូនប្រុសស្រីអើយ សូមកុំយល់ច្រឡំឲ្យសោះ ។ ការអត់ទោសមិនមានន័យថាចុះចូលនឹងទង្វើពួកគេទេ ។ យើងមិនដោះសារចំពោះទង្វើអាក្រក់ ឬអនុញ្ញាតឲ្យអ្នកដទៃ ប្រព្រឹត្តមិនគប្បីចំពោះយើង ដោយសារ ការលំបាក ការឈឺចាប់ ឬភាពទន់ខ្សោយដែលពួកគេមាននោះឡើយ ។ ប៉ុន្តែយើង អាច យោគយល់កាន់តែច្រើន ហើយមានភាពសុខសាន្តកាន់តែខ្លាំងពេលយើងឃើញទិដ្ឋភាពកាន់តែច្បាស់ ។

ប្រាកដណាស់ អ្នកដែលមានភាពចាស់ទុំខាងវិញ្ញាណតិចភាគច្រើនធ្វើកំហុសធ្ងន់ធ្ងរ—ប៉ុន្តែគ្មានយើងណាម្នាក់ដែលនឹង បានកំណត់អត្តចរិក តាមរយៈតែរឿងអាក្រក់ដែលយើងបានប្រព្រឹត្តនោះទេ ។ ព្រះគឺជាអង្គចៅក្រមដ៏យុត្តិធម៌បំផុត ។ ទ្រង់ទតឃើញផ្នែកខាងក្រោមផ្ទៃទឹក ។ ទ្រង់ជ្រាប ហើយទតឃើញគ្រប់ការណ៍ទាំងអស់ ( សូមមើល នីហ្វៃទី ២ ២:២៤ ) ។ ទ្រង់បានមានព្រះបន្ទូលថា « យើងជាព្រះអម្ចាស់នឹងអត់ទោសដល់អ្នកណាដែលយើងនឹងអត់ទោស ប៉ុន្តែរីឯអ្នកវិញ គឺតម្រូវឲ្យអត់ទោសដល់មនុស្សទាំងអស់ » ( គ. និង ស. ៦៤:១០ ) ។

ព្រះគ្រីស្ទទ្រង់ផ្ទាល់ កាលត្រូវគេចោទប្រកាន់ដោយអយុត្តិធម៌ រំលោភបំពាន វាយដំយ៉ាងដំណំ ហើយទុកឲ្យឈឺចាប់លើឈើឆ្កាង គ្រានោះទ្រង់មានបន្ទូលថា « ឱព្រះវរបិតាអើយ សូមអត់ទោសដល់អ្នកទាំងនេះផង ដ្បិតគេមិនដឹងជាគេធ្វើអ្វីទេ » ( លូកា ២៣:៣៤ ) ។

ក្នុងការយល់ដឹងមិនបានស៊ីជម្រៅរបស់យើង ជួនកាលយើងងាយនឹងរវាទចិត្តចំពោះមនុស្សដទៃដែលមិនធ្វើ ឬគិតដូចជាយើង ។ យើងអាចនឹងបង្កើតឥរិយាបថមិនចេះអត់អោនដោយផ្អែកលើរឿងតូចតាចដូចមានក្នុងការខ្វែងគំនិតរវាងក្រុមកីឡា ទស្សននយោបាយខុសគ្នា ឬជំនឿសាសនាផ្សេងពីគ្នា ។

ប្រធាន រ័សុល អិម ណិលសុន បានផ្ដល់ដំបូន្មានដ៏ឆ្លាតវៃថា « ឱកាសដើម្បីស្ដាប់មនុស្សដែលកាន់សាសនាផ្សេងៗគ្នា ឬការឃោសនានយោបាយខុសៗគ្នាអាចលើកទឹកចិត្តឲ្យមានការអត់អោន និងការរៀនសូត្រ » ។

ព្រះគម្ពីរមរមនប្រាប់អំពីគ្រាមួយដែល « ប្រជាជននៃសាសនាចក្របានចាប់ផ្ដើមលើកខ្លួនឡើង ក្នុងការឆ្មើងឆ្មៃនៃភ្នែករបស់គេ ហើយ … បានចាប់ផ្ដើមមើលងាយគ្នាទៅវិញទៅមក ហើយ … ចាប់ផ្ដើមបៀតបៀនដល់អស់អ្នកណា ដែលមិនជឿតាមចំណង់ និងការប៉ងប្រាថ្នារបស់ខ្លួន » ( អាលម៉ា ៤:៨ ) ។ ចូរយើងចងចាំថា ព្រះពុំទតមើលពណ៌អាវ ឬ បក្សនយោបាយនេះទេ ។ ផ្ទុយទៅវិញ អាំម៉ូនបានប្រកាសថា « [ ព្រះ ] សម្លឹងចុះមកក្រោម ទតមើលកូនចៅមនុស្សទាំងអស់ ហើយទ្រង់ជ្រាបនូវគំនិតទាំងអស់ និងបំណងទាំងអស់នៅក្នុងចិត្ត » ( អាលម៉ា ១៨:៣២ ) ។ បងប្អូនប្រុសស្រីអើយ បើយើងឈ្នះលើការប្រកួតប្រជែងក្នុងជីវិត ចូរយើងឈ្នះដោយព្រះគុណ ។ បើយើងចាញ់ ចូរយើងចាញ់ដោយព្រះគុណ ។ ដ្បិតបើយើងរស់នៅដោយព្រះគុណជាមួយគ្នា នោះព្រះគុណនឹងក្លាយជារង្វាន់ដល់យើងនៅថ្ងៃចុងក្រោយ ។

ទោះយើងជាជនរងគ្រោះមកពីអំពើអាក្រក់របស់មនុស្សដទៃពេលណាមួយក្ដី ក៏យើងក៏ជាជនឧក្រិដ្ឋនៅពេលខ្លះដែរ ។ យើងទាំងអស់គ្នាចេះធ្វើកំហុស ហើយត្រូវការព្រះគុណ ក្ដីមេត្តា និងការអត់ទោស ។ យើងត្រូវតែចងចាំថា ការអត់ទោសពីអំពើបាប និងបទឧក្រិដ្ឋផ្ទាល់ខ្លួនយើង អាស្រ័យលើលក្ខខណ្ឌនៃការអត់ទោសរបស់យើងចំពោះមនុស្សដទៃ ។ ព្រះអង្គសង្គ្រោះមានបន្ទូលដូចនេះ ៖

« ដ្បិតបើអ្នករាល់គ្នាអត់ទោសចំពោះការរំលងច្បាប់ ដែលមនុស្សលោកប្រព្រឹត្តធ្វើ នោះព្រះវរបិតានៃអ្នក ដែលគង់នៅស្ថានសួគ៌ ទ្រង់នឹងអត់ទោសឲ្យអ្នករាល់គ្នាដែរ ៖

« តែបើអ្នករាល់គ្នាមិនអត់ទោស ចំពោះការរំលងច្បាប់ឲ្យគេទេ នោះព្រះវរបិតានៃអ្នក ទ្រង់ក៏មិនអត់ទោស ចំពោះការរំលងច្បាប់ ដែលអ្នករាល់គ្នាប្រព្រឹត្តធ្វើដែរ » ( ម៉ាថាយ ៦:១៤–១៥ ) ។

អ្វីដែលព្រះសង្គ្រោះអាចមានបន្ទូលក្នុងការអធិស្ឋានរបស់ព្រះអម្ចាស់ដ៏ខ្លី វាគួរឲ្យចាប់អារម្មណ៍ដែលទ្រង់បញ្ចប់ដោយមានបន្ទូលថា « សូមអត់ទោសសេចក្តីកំហុសរបស់យើងខ្ញុំ ដូចជាយើងខ្ញុំបានអត់ទោស ដល់អស់អ្នកដែលធ្វើខុសនឹងយើងខ្ញុំដែរ » ( ម៉ាថាយ ៦:១២នីហ្វៃទី ៣ ១៣:១១ ) ។

ការអត់ទោសគឺជាហេតុផលដ៏សំខាន់ដែលព្រះបានបញ្ជូនព្រះរាជបុត្រាទ្រង់មក ដើម្បីឲ្យយើងរីករាយនៅក្នុងការព្យាបាលរបស់ទ្រង់ដល់យើងគ្រប់គ្នា ។ ដង្វាយធួនរបស់ព្រះអង្គសង្គ្រោះពុំគ្រាន់តែសម្រាប់អ្នកដែលត្រូវប្រែចិត្តនោះទេ វាក៏សម្រាប់អ្នកដែលត្រូវអត់ទោសដែរ ។ បើអ្នកមានបញ្ហាក្នុងការអត់ទោសដល់មនុស្សដទៃ ឬខ្លួនអ្នក ចូរទូលសូមជំនួយពីព្រះ ។ ការអត់ទោសគឺជាគោលការណ៍ដ៏រុងរឿង និងព្យាបាល ។ យើងមិនចាំបាច់ធ្វើជាជនរងគ្រោះលើកទីពីរនោះទេ ។ យើងអាចអត់ទោសបាន ។

ខ្ញុំសូមធ្វើសាក្សីអំពីសេចក្ដីស្រឡាញ់ និងការអត់ធ្មត់មិនប្រែប្រួលរបស់ព្រះមានចំពោះបុត្រាបុត្រីទ្រង់ និងព្រះបំណងទ្រង់ដែលចង់ឲ្យយើងស្រឡាញ់គ្នាទៅវិញទៅមកដូចទ្រង់មានព្រះទ័យស្រឡាញ់យើងដែរ ( សូមមើល យ៉ូហាន ១៥:៩, ១២ ) ។ ពេលយើងធ្វើដូច្នេះ យើងនឹងទម្លុះភាពងងឹតនៃពិភពលោកនេះទៅក្នុងសិរីល្អ និងភាពថ្កុំថ្កើងនៃនគរស្ថានសួគ៌ ។ យើងនឹងមានសេរីភាព ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

កំណត់ចំណាំ

  1. យ៉ូសែប ប៊ី. វ៉ឺតលីន « Come What May, and Love It »Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ២៨ ។

  2. រ័សុល អិម ណិលសុន « Listen to Learn » Ensign ខែ ឧសភា ឆ្នាំ ១៩៩១ ទំព័រ ២៣ ។