ឆ្នាំ ២០១០-២០១៩
អំណាច​នៃ​ព្រះ
ខែ មេសា 2016


អំណាច​នៃ​ព្រះ

ព្រះវិហារ​បរិសុទ្ធ​នីមួយៗ​គឺជា​ដំណាក់​ដ៏​ពិសិដ្ឋ ហើយ​បរិសុទ្ធ​របស់​ព្រះ ហើយ​យើង​ម្នាក់ៗ​អាច​រៀន ហើយ​ស្គាល់​ពី​អំណាច​នៃ​ព្រះ​នៅ​ក្នុង​នោះ ។

ពីមុន​ព្យាការី​យ៉ូសែប ស្ម៊ីធ ស្លាប់​ពីរ​បី​ខែ លោក​បាន​ជួប​នឹង​ពួកសាវក​ដប់​ពីរ​នាក់​ពិភាក្សា​ពី​សេចក្ដី ត្រូវការ​ដ៏​ធំ​បំផុត​ដែល​សាសនាចក្រ​កំពុង​ជួប​នៅ​ក្នុង​គ្រា​ដ៏​លំបាក​នោះ ។ លោក​បាន​ប្រាប់​ទៅ​ពួកគេ​ថា « យើង​ត្រូវ​ការ​ព្រះវិហារ​បរិសុទ្ធ​លើស​ពី​អ្វីៗ​ទាំងអស់ » ប្រាកដ​ណាស់ នៅ​ក្នុង​គ្រា​ដ៏​លំបាក​នា​សព្វថ្ងៃ នេះ យើង​ម្នាក់ៗ និង​ក្រុម​គ្រួសារ​យើង​ត្រូវការ​ព្រះវិហារ​បរិសុទ្ធ​ជាទី​បំផុត ។

នៅ​ក្នុង​ការ​ឧទ្ទិសឆ្លង​ព្រះវិហារ​បរិសុទ្ធ មួយ​នា​ពេល​ថ្មីៗ​នេះ ខ្ញុំ​មាន​ចិត្ត​រំភើប​នៅ​ក្នុង​ព្រឹត្តិការណ៍​ទាំង​មូល​នោះ ។ ខ្ញុំ​ចូល​ចិត្ត​ពិធី​សម្ពោធ ការ​រាក់ទាក់​ដល់​ពួក​អ្នក​មក​ទស្សនា​ជា​ច្រើន​ដែល​មក​មើល​ព្រះវិហារ​បរិសុទ្ធ ពិធី​អបអរ​តាម​វប្បធម៌​ដ៏​រស់​រវើក និង​ប្រកប​ដោយ​ក្តី​រំភើប​របស់​យុវវ័យ និង​ការ​ឧទ្ទិស​ឆ្លង​ដ៏​អស្ចារ្យ ។ វា​ពោរ​ពេញ​ដោយ​ព្រះវិញ្ញាណ ។ មាន​មនុស្ស​ជាច្រើន​បាន​ទទួល​ពរ ។ លុះ​ព្រឹក​ស្អែក ខ្ញុំ​និង​ភរិយា​ខ្ញុំ​បាន​ចុះ​ទៅ​ក្នុង​អាង​ជ្រមុជ​ទឹក​ចូល​រួម​ក្នុង​បុណ្យ​ជ្រមុជទឹក​ឲ្យ​ជីដូន​ជីតា​របស់​យើង​មួយ​ចំនួន ។ នៅ​ពេល​ខ្ញុំ​ចាប់​ផ្ដើម​លើក​ដៃ ឡើង​ធ្វើ​ពិធី​បរិសុទ្ធ​នោះ ខ្ញុំ​ស្ទើរ​តែ​គ្រប​សន្ធប់​ដោយ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ ។ ខ្ញុំ​បាន​ដឹង​ជា​ថ្មី​ថា អំណាច​ពិត​នៃ​ព្រះវិហារ​បរិសុទ្ធ​គឺ​ស្ថិត​នៅ ក្នុង​ពិធី​បរិសុទ្ធ​ទាំងឡាយ ។

នៅ​ពេល​ព្រះអម្ចាស់​បាន​បើក​សម្ដែង ភាព​ពេញ​លេញ​នៃ​បព្វជិតភាព​មិលគីស្សាដែក​គឺ​មាន​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ និង​ពិធី​បរិសុទ្ធ​នៅ​ទី​នោះ « ដ្បិត​នៅ​ក្នុង​នោះ​គឺជា​កូន​សោ​ទាំង​ឡាយ នៃ​បព្វជិតភាព​ដ៏​បរិសុទ្ធ​ដែល​បាន​តែងតាំង​ឡើង ប្រយោជន៍​ឲ្យ​អ្នក​អាច​បាន​ទទួល​កិត្តិយស និង​សិរី​ល្អ » ។ « ហេតុ​ដូច្នេះ​ហើយ នៅ​ក្នុង​ពិធី​បរិសុទ្ធ​ទាំង​ឡាយ នៃ​បព្វជិតភាព​ដ៏​ធំ​ជាង​នេះ នោះ​អំណាច​នៃ​ព្រះ​ត្រូវ​បាន​សម្ដែង​ឲ្យ​ឃើញ » ។ ការ​សន្យា​នេះ​គឺ​សម្រាប់​បងប្អូន និង​ក្រុម​គ្រួសារ ។

ការ​ទទួល​ខុស​ត្រូវ​របស់​យើង​គឺ​ដើម្បី « ទទួល »​អ្វី​ដែល​ព្រះវរបិតា​យើង​ប្រទាន​ឲ្យ ។ « ដ្បិត​ចំពោះ​អ្នក​ណា​ដែល​ទទួល នោះ​នឹង​បាន​ប្រទាន​ឲ្យ​មាន​ជា​បរិបូរ​ឡើង​គឺ​អំណាច » ៖ អំណាច​ដើម្បី​ទទួល អ្វី​ទាំងអស់ ដែល​ទ្រង់​អាច ហើយ​នឹង​ប្រទាន​ដល់​យើង—នៅ​ពេល​នេះ និង​ដ៏​នៅ​អស់​កល្ប អំណាច​ដើម្បី​ក្លាយ​ជា​បុត្រា​បុត្រី​របស់​ព្រះ ដើម្បី​ដឹង « អំណាច​ទាំង​ឡាយ​នៃ​ស្ថាន​សួគ៌ » ដើម្បី​ថ្លែង​នៅ​ក្នុង​ព្រះនាម​ទ្រង់ និង​ដើម្បី​ទទួល « ព្រះ​ចេស្ដា​នៃ​ព្រះ​វិញ្ញាណ​របស់ [ ទ្រង់ ] » ។១០ អំណាច​ទាំងនេះ​មាន​សម្រាប់​យើង​ម្នាក់ៗ​តាមរយៈ​ពិធី​បរិសុទ្ធ និង​សេចក្ដី​សញ្ញា​ទាំងឡាយ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។

នីហ្វៃ​បាន​ឃើញ​ពី​ជំនាន់​យើង​នៅ​ក្នុង​ការនិមិត្ត​ដ៏​អស្ចារ្យ​របស់​លោក ៖ « ខ្ញុំ​នីហ្វៃ​បាន​ឃើញ​ថា ព្រះ​ចេស្ដា នៃ​កូន​ចៀម​នៃ​ព្រះ បាន​យាង​ចុះ​មក​សណ្ឋិត​លើ​ពួក​បរិសុទ្ធ​ក្នុង​សាសនាចក្រ​នៃ​កូន​ចៀម ហើយ​លើ រាស្ត្រ​ដែល​នៅ​ក្នុង​សេចក្ដី​សញ្ញា នៃ​ព្រះ​អម្ចាស់ ដែល​បាន​ខ្ចាត់ខ្ចាយ​ពាសពេញ​លើ​ផ្ទៃ​ផែនដី ហើយ​ពួក​គេ ប្រដាប់​អាវុធ​ដោយ​សេចក្ដី​សុចរិត និង​ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ ដោយ​សិរី​ល្អ​ដ៏​អស្ចារ្យ » ។១១

ថ្មី​ៗ​នេះ ខ្ញុំ​មាន​ឯកសិទ្ធិ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ជាមួយ​នឹង​ប្រធាន រ័សុល អិម ណិលសុន និង​គ្រួសារ​លោក កាល​លោក​ប្រមូល​ផ្ដុំ​ពួកគេ​នៅ​ជុំ​វិញ​អាសនា​ពិធី​ផ្សារ​ភ្ជាប់ ហើយ​បាន​ពន្យល់​ពួកគេ​ថា អ្វីៗ​ដែល​យើង​ធ្វើ​នៅ​ក្នុង​សាសនាចក្រ—រាល់​ការ​ប្រជុំ សកម្មភាព មេរៀន​និង​ការ​បម្រើ—គឺ​ដើម្បី​រៀបចំ​ខ្លួន​យើង​ម្នាក់ៗ​ឲ្យ​មក​ព្រះវិហារ​បរិសុទ្ធ ហើយ​លុត​ជង្គង់​ចុះ​នៅ​ឯ​អាសនា​នេះ​ដើម្បី​ទទួល​រាល់​ពរជ័យ​ដែល​ព្រះវរបិតា​បាន​សន្យា​សម្រាប់​ភាព​អស់កល្ប​ជានិច្ច ។១២

កាល​យើង​ទទួល​អារម្មណ៍​នូវ​ពរជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ​នៅ​ក្នុង​ជីវិត​យើង នោះ​ដួង​ចិត្ត​យើង​បាន​ងាក​ទៅ​រក​ក្រុម​គ្រួសារ​យើង ទាំង​អ្នក​នៅ​រស់ និង​អ្នក​ស្លាប់​ទៅ ។

ថ្មីៗ​នេះ ខ្ញុំ​បាន​ឃើញ​គ្រួសារ​ទាំង​បី​ជំនាន់​ចូល​រួម​ក្នុង​បុណ្យ​ជ្រមុជទឹក​រួម​គ្នា​សម្រាប់​ជីដូន​ជីតា​ពួកគេ ។ ទោះ​ជា​មាន​ជីដូន​បាន​ចូល​រួម​ក៏​ពិត​មែន​—ប៉ុន្តែ​គាត់​រៀង​ញញើត​បន្តិច​ដើម្បី​ពន្លេច​ខ្លួន​ចូល​ទៅ​ក្នុង​ទឹក ។ កាល​គាត់​បាន​ក្រោក​ពី​ទឹក​មក​វិញ ហើយ​ឱប​ប្ដី​របស់​គាត់ គាត់​បាន​ស្រក់​ទឹក​ភ្នែក​ដោយ​អំណរ ។ បន្ទាប់​មក​ជីតា និង​ឪពុក​បាន​ជ្រមុជទឹក​ឲ្យ​គ្នា និង​ដល់​ចៅៗ​ជាច្រើន​ទៀត ។ តើ​មាន​ក្តីអំណរ​ណា​ដែល​គ្រួសារ​មួយ​អាច​ដក​ពិសោធន៍​រួម​គ្នា​បាន ? ព្រះវិហារ​បរិសុទ្ធ​នីមួយៗ​មាន​នូវ​ពេលវេលា​អាទិភាព​សម្រាប់​គ្រួសារ​ដើម្បី​អនុញ្ញាត​ឲ្យ​ណាត់​ពេល​សម្រាប់​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ជា​គ្រួសារ ។

មិន​យូរប៉ុន្មាន ពីមុន​មរណភាព​របស់​លោក​ប្រធាន យ៉ូសែប អេហ្វ. ស្ម៊ីធ បាន​ទទួល​ការ​និមិត្ត​អំពី​ការ​ប្រោសលោះ​មរណជន ។ លោក​បាន​បង្រៀន​ថា ជន​ដែល​នៅ​ក្នុង​ពិភព​វិញ្ញាណ​ពឹង​ផ្អែក​ទាំង​ស្រុង​លើ​ពិធី​បរិសុទ្ធ​ដែល​យើង​ទទួល​ជំនួស​ពួកគាត់ ។ ព្រះគម្ពីរ​ចែង​ថា « ពួក​អ្នក​ស្លាប់​ណា​ដែល​ប្រែ​ចិត្ត នោះ​នឹង​បាន​ប្រោស​លោះ តាម​រយៈ​ការ​គោរព​តាម​ពិធី​ទាំង​ឡាយ​នៃ​ដំណាក់​របស់​ព្រះ » ។១៣ យើង​ទទួល​ពិធី​បរិសុទ្ធ​ជំនួស​ពួកគាត់ ប៉ុន្តែ​ពួកគាត់​ធ្វើ ហើយ​ទទួល​ខុសត្រូវ​ចំពោះ​សេចក្ដី​សញ្ញា​នីមួយៗ​ដែល​ពាក់ព័ន្ធ​នឹង​ពិធី​បរិសុទ្ធ​នីមួយៗ ។ ប្រាកដ​ណាស់ វាំងនន​បាន​ខណ្ឌ​ចែក​រវាង​យើង និង​ពួកគាត់​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។

ដូច្នេះ​តើ​អ្វី​ទៅ​ជា​ការ​ទទួល​ខុសត្រូវ​របស់​យើង​ដើម្បី​ចូល​រួម​នៅ​ក្នុង​កិច្ចការ​នេះ​ក្នុង​នាម​ជា​អ្នក​ចូល​រួម និង​អ្នក​ធ្វើ​ការ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ? ព្យាការី​យ៉ូសែប ស្ម៊ីធ​បាន​បង្រៀន​ពួក​បរិសុទ្ធ​នៅ​ឆ្នាំ​១៨៤០ ថា « ការ​ខិតខំ​ដ៏​ខ្លាំង​ត្រូវ​តែ​ធ្វើ​ឡើង ហើយ​មធ្យោបាយ​នានា​នឹង​តម្រូវ​ឲ្យ​មាន—ហើយ​កាល​កិច្ចការ [ ដើម្បី​សង់​ព្រះវិហារ​បរិសុទ្ធ ] ត្រូវ​តែ​ពន្លឿន​នៅ​ក្នុង​សេចក្ដី​សុចរិត នោះ​វា​តម្រូវ​ឲ្យ​ពួក​បរិសុទ្ធ​ថ្លឹង​ថ្លែង​ពី​សារៈសំខាន់​នៃ​រឿង​ទាំង​នេះ​នៅ​ក្នុង​គំនិត​ពួកគេ … រួចហើយ​ធ្វើ​នូវ​ជំហាន​ដែល​ចាំបាច់​នានា​ដើម្បី​ប្រែក្លាយ​វា​ឲ្យ​ទៅ​ជា​ប្រតិបត្តិការ និង​ការ​បំពាក់​ខ្លួន​ពួកគេ​ដោយ​ភាព​ក្លាហាន តាំង​ធ្វើ​ឲ្យ​អស់​ពី​លទ្ធភាព​ខ្លួន ហើយ​ទទួល​អារម្មណ៍​កិច្ចការ​ទាំង​មូល​នេះ​គឺ​ពឹង​ផ្អែក​លើ​ពួកគេ​តែ​ម្នាក់​គត់ » ។១៤

នៅ​ក្នុង​ព្រះគម្ពីរ​វិវរណៈ យើង​អាន​ថា ៖

« តើ​អស់​អ្នក​ដែល​ពាក់​អាវ​ស​នោះ​ជា​ពួក​ណា ? ហើយ​មក​ពី​ណា ?

« …​អ្នក​ទាំង​នោះ​ជា​ពួក​អ្នក​ដែល​បាន​ចេញ​ពី​គ្រា​វេទនា​យ៉ាង​ធំ​មក គេ​បាន​បោក​អាវ ហើយ​ធ្វើ​ឲ្យ​ឡើង-ស ក្នុង​ឈាម​របស់​កូន​ចៀម ។

« ហេតុ​នោះ​បាន​ជា​គេ​ស្ថិត​នៅ​ចំពោះ​បល្ល័ង្ក​ព្រះ ព្រម​ទាំង​បម្រើ​ទ្រង់ នៅ​ក្នុង​ព្រះ​វិហារ​ទាំង​យប់​ទាំង​ថ្ងៃ ហើយ​ព្រះ​អង្គ​ដែល​គង់​នៅ​លើ​បល្ល័ង្ក​នោះ ទ្រង់​នឹង​ធ្វើ​ជា​ត្រសាល​បាំង​ឲ្យ​គេ » ។១៥

តើ​បងប្អូន​មើល​មិន​ឃើញ​នៅ​ក្នុង​គំនិត​ពី​ពួក​អ្នក​ដែល​បម្រើ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​សព្វ​ថ្ងៃ នេះ​ទេ​ឬ ?

មាន​ពួក​អ្នក​ធ្វើ​ពិធី​បរិសុទ្ធ​ច្រើន​ជាង ១២០០០០ នាក់​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ចំនួន​១៥០ ដែល​កំពុង​ដំណើរការ​នៅ​ជុំវិញ​ពិភពលោក ។ ប៉ុន្តែ​នៅ​តែ​មាន​ឱកាស​សម្រាប់​មនុស្ស​ជាច្រើន​ទៀត​ដើម្បី​មាន​បទពិសោធន៍​ដ៏​ផ្អែម​ល្ហែម​នេះ ។ កាល​ប្រធាន ហ្គរដិន ប៊ី ​ហ៊ិងគ្លី បាន​ប្រកាស​គំនិត​នៃ​ការ​មាន​ព្រះវិហារ​បរិសុទ្ធ​តូចៗ​ជាច្រើន​នៅ​ក្នុង​ពិភពលោក លោក​បាន​បង្រៀន​ថា « ពួក​អ្នក​ធ្វើ​ពិធី​បរិសុទ្ធ​ទាំងអស់​គឺជា​សមាជិក​ក្នុង​មូលដ្ឋាន​ដែល​នឹង​បម្រើ​នៅ​ក្នុង​ផ្នែក​ផ្សេង​ទៀត​ក្នុង​វួដ និង​ស្តេក​ពួកគេ »។១៦ ជាធម្មតា ពួក​អ្នក​ធ្វើ​ការ​ក្នុង​ព្រះវិហារ​រិសុទ្ធ​ត្រូវ​បាន​ហៅ​ឲ្យ​បម្រើ​រយៈពេល​ពី​ពីរ​ទៅ​បី​ឆ្នាំ ដោយ​មាន​ការ​បន្ត​ទៀត​បាន ។ វា​ពុំ​មែន​មាន​ន័យ​ថា នៅ​ពេល​បងប្អូន​ត្រូវ​បាន​ហៅ នោះ​នឹង​ធ្វើ​រហូត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​នោះ ទេ ។ មាន​ពួក​អ្នក​ដែល​ធ្វើ​ការ​យូរ​ជាច្រើន​នាក់​បាន​នាំ​យក​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះវិហារ​បរិសុទ្ធ​ទៅ​ជាមួយ​ពួកគេ កាល​ពួកគេ​ត្រូវ​បាន​ដោះ​លែង ហើយ​ទុក​ឲ្យ​អ្នក​ថ្មី​ផ្សេង​ទៀត​បម្រើ​ម្ដង ។

ជិត ១០០ ឆ្នាំ​មុន សាវក ចន អេ វីឌសូ បាន​បង្រៀន​ថា « យើង​ត្រូវ​ការ​អ្នក​ធ្វើ​ការ​បន្ថែម​ទៀត​ដើម្បី​សម្រេច​កិច្ចការ​ដ៏​អស្ចារ្យ​ [ នេះ ] ។ … យើង​ត្រូវការ​ពួក​អ្នក​ប្រែ​ចិត្ត​ជឿ​នៅ​គ្រប់​វ័យ​បន្ថែម​ទៀត​សម្រាប់​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ ។ …ពេល​វេលា​បាន​មក​ដល់​ហើយ … នៅ​ក្នុង​ជំហាន​នៃ​ព្រះវិហារ​បរិសុទ្ធ​ថ្មី​នេះ ដើម្បី​បង្កើត​ឲ្យ​មាន​ការ​បម្រើ​ដ៏​សកម្ម​ពី​សំណាក់​មនុស្ស​គ្រប់​វ័យ​ទាំងអស់ ។ … កិច្ចការ​ព្រះវិហារ​បរិសុទ្ធ​គឺ… មាន​អត្ថប្រយោជន៍​ដូចគ្នា​ចំពោះ​មនុស្ស​វ័យ​ក្មេង ហើយ​សកម្ម និង​ចំពោះ​មនុស្ស​វ័យ​ចំណាស់​ដែល​បាន​ទុក​ចោល​បន្ទុក​ជាច្រើន​នៅ​ក្នុង​ជីវិត ។ យុវជន​ម្នាក់​ត្រូវ​ការ​ចំណែក​របស់​គាត់​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ច្រើន​ជាង​ឪពុក និង​ជីតា​គាត់​ដែល​រឹងមាំ​ដោយ​សារ​បទពិសោធន៍​ជីវិត​ទៅ​ទៀត ហើយ​ក្មេង​ស្រី​ម្នាក់​ដែល​ទើប​នឹង​ឈាន​ចូល​មក​ជីវិត​ពេញវ័យ​ត្រូវការ​ស្មារតី​នោះ ជា​ឥទ្ធិពល និងការ​ដឹកនាំ​ដែល​កើត​ចេញ​ពី​ការ​ចូល​រួម​នៅ​ក្នុង​ពិធីបរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ » ។១៧

នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ជាច្រើន ប្រធាន​ព្រះវិហារ​បរិសុទ្ធ​នឹង​ស្វាគមន៍​ដល់​ពួក​អ្នកផ្សាយ​សាសនា​ថ្មីៗ ជា​យុវជន​យុវនារី ដែល​បាន​ហៅ ហើយ​បាន​ទទួល​អំណោយ​ទាន​ពិសិដ្ឋ ឲ្យ​បម្រើ​ក្នុង​រយៈពេល​ខ្លី​ជា​ពួក​អ្នក​ធ្វើ​ពិធី​បរិសុទ្ធ​ពីមុន​ចេញ​ទៅ​អិម.ធី.ស៊ី ។ យុវវ័យ​ទាំងនេះ​មិន​ត្រឹមតែ​មាន​ពរ​ដើម្បី​បម្រើ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​« ពួក​គេ​បង្កើន​ភាព​ស្រស់​ស្អាត និង​ស្មារតី​សម្រាប់​រាល់​ការ​បម្រើ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ » ។១៨

ខ្ញុំ​បាន​សួរ​យុវជន​យុវនារី​ជាច្រើន​ដែល​ធ្លាប់​បម្រើ​ជា​អ្នក​ធ្វើ​ពិធី​ការពី​មុន និង​ក្រោយ​បេសកកម្ម​ឲ្យ​ចែកចាយ​ពី​អារម្មណ៍​របស់​ពួកគេ ។ ពួកគេ​បាន​ប្រើ​ឃ្លា​ដូចខាង​ក្រោម​នេះ​ដើម្បី​រៀបរាប់​ពី​បទពិសោធន៍​របស់​ពួកគេ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ៖

កាល​ខ្ញុំ​បម្រើ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ

  • ខ្ញុំ​មាន « អារម្មណ៍​នៃ​ការ​ខិតជិត​ទៅ​ព្រះវរបិតា​ខ្ញុំ និង​ព្រះអង្គ​សង្គ្រោះ »

  • ខ្ញុំ​មាន​អារម្មណ៍​នូវ « ភាព​សុខសាន្ត និង​សុភមង្គល​ដ៏​ពេញ​លេញ »

  • ខ្ញុំ​មាន​អារម្មណ៍​ថា « ដូចជា​បាន​នៅ​ផ្ទះ »

  • ខ្ញុំ​ទទួល​បាន « ភាព​ពិសិដ្ឋ អំណាច និង​កម្លាំង »

  • ខ្ញុំ​ទទួល​អារម្មណ៍​ពី​« សារៈសំខាន់​នៃ​សេចក្ដី​សញ្ញា​ពិសិដ្ឋ​របស់​ខ្ញុំ »

  • « ព្រះវិហារ​បរិសុទ្ធ​បាន​ក្លាយ​ជា​ផ្នែក​មួយ​ក្នុង​ជីវិត​ខ្ញុំ »

  • « មនុស្ស​ដែល​យើង​បម្រើ​មាន​ភាពស្និទ្ធ​ស្នាល​នៅ​ក្នុង​ពិធីបរិសុទ្ធ »

  • « វា​ផ្ដល់​កម្លាំង​ឲ្យ​ខ្ញុំ​យក​ឈ្នះ​ការ​ល្បួង » និង

  • « ព្រះវិហារ​បរិសុទ្ធ​បាន​ផ្លាស់​ប្ដូរ​ជីវិត​ខ្ញុំ​ជា​រៀង​រហូត »។១៩

ការ​បម្រើ​នៅ​ក្នុង​ព្រះ​វិហារ​បរិសុទ្ធ​គឺជា​បទពិសោធន៍​មួយ​ដ៏​មាន​តម្លៃ​បំផុត​សម្រាប់​មនុស្ស​គ្រប់​វ័យ ។ សូម្បី​តែ ស្វាមី​ភរិយា​ដែល​ទើប​រៀបការ​ថ្មី​ថ្មោង​ក៏​កំពុង​បម្រើ​រួម​គ្នា​ដែរ ។ ប្រធាន ណិលសុន បាន​បង្រៀន​ថា « ការ​បម្រើ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ …​គឺ​ជា​សកម្មភាព​ដ៏​ថ្លៃ​ថ្លា​សម្រាប់​គ្រួសារ » ។២០ ក្នុង​នាម​ជា​ពួក​អ្នក​ធ្វើ​ពិធី​បរិសុទ្ធ​បន្ថែម​ពី​លើ​ការ​ទទួល​ពិធី​បរិសុទ្ធ​សម្រាប់​ជីដូន​ជីតា បងប្អូន​ក៏​អាច ធ្វើ​ជា​អធិបតី នៅ​ក្នុង​ពិធី​បរិសុទ្ធ​សម្រាប់​ពួកគាត់​ផងដែរ ។

ដូចជា​ប្រធាន វិលហ្វូឌ វូឌដ្រុព្វ បាន​មាន​ប្រសាសន៍​ថា

« តើ​ការហៅ​អ្វី​ទៅ​ដែល​បុរស​[ ឬ​ស្ត្រី ]​ណា​ម្នាក់​អាច​មាន​នៅ​លើ​ផែនដី​នេះ​ដែល​អស្ចារ្យ​ជាង​ការ​មាន​អំណាច និង​សិទ្ធិ​អំណាច​នៅ​ក្នុង​ដៃ​ដើម្បី​ចេញ​ទៅ ហើយ​ចាត់ចែង​នៅ​ក្នុង​ពិធី​បរិសុទ្ធ​នៃ​សេចក្ដី​សង្គ្រោះ ? …

« … បងប្អូន​ក្លាយ​ជា​ឧបករណ៍​មួយ​នៅ​ក្នុង​ព្រះហស្ដ​របស់​ព្រះ​ក្នុង​សេចក្ដី​សង្គ្រោះ​ដល់​ព្រលឹង​នោះ ។ គ្មាន​អ្វី​ដែល​បាន​ប្រទាន​ទៅ​ឲ្យ​កូនចៅ​មនុស្ស​ស្មើ​នឹង​វា​ឡើយ » ។២១

លោក​បាន​បន្ត​ថា ៖

« ការ​ខ្សឹប​ប្រាប់​ដ៏​ផ្អែម​ល្ហែម​ពី ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ប្រទាន​ដល់​បងប្អូន ហើយ​ទ្រព្យ​នៃ​ស្ថានសួគ៌ ការ​រួប​រួម​នៃ​ពួក​ទេវតា នឹង​បាន​បន្ថែម​ឲ្យ​ពី​មួយ​គ្រា​ទៅ​មួយ​គ្រា » ។២២

« កិច្ចការ​នេះ​គឺ​សក្ដិសម​ឲ្យ​បងប្អូន ឬ​ខ្ញុំ​អាច​លះបង់ [ អំឡុង ] ពេល​ពីរ​បី​ឆ្នាំ​ដែល​យើង​មាន ដើម្បី​ចំណាយ​ពេល​នៅ​ទីនេះ​នៅ​ក្នុង​សាច់​ឈាម » ។២៣

ប្រធាន ថូម៉ាស អេស ​ម៉នសុន ថ្មីៗ​នេះ​បាន​រំឭក​យើង​ថា « ពរជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ​គឺ​មាន​តម្លៃ​មហិមា » ។២៤ « គ្មាន​ការ​លះបង់​ណា​មួយ​ដែល​ធំ​ពេក​នោះ​ទេ » ។២៥

សូម​មក​ព្រះវិហារ​បរិសុទ្ធ ។ សូម​មក​ជា​រឿយៗ ។ សូម​មក​ជាមួយ​គ្រួសារ និង​សម្រាប់​គ្រួសារ​របស់​បងប្អូន ។ សូម​មក ហើយ​ជួយ​មនុស្ស​ដទៃ​ឲ្យ​មក​ផង​ដែរ ។

« តើ​អស់​អ្នក​ដែល​ពាក់​អាវ​ស​នោះ​ជា​ពួក​ណា ? » បងប្អូន​ប្រុស​ស្រី​របស់​ខ្ញុំ​អើយ បងប្អូន គឺជា​ពួកគេ—បងប្អូន​ជា​អ្នក​ដែល​បាន​ទទួល​ពិធី​បរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ ដែល​បាន​រក្សា​សេចក្ដី​សញ្ញា​ទាំង​ឡាយ ទោះដោយ​ការ​លះបង់​ក៏​ដោយ ហើយ​កំពុង​តែ​ជួយ​ក្រុម​គ្រួសារ​ឲ្យ​រក​ឃើញ​ពរជ័យ​នៃ​ការ​បម្រើ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ហើយ​បាន​ជួយ​មនុស្ស​ដទៃ​នៅ​ក្នុង​ដំណើរ​នេះ ។ សូម​អរគុណ​ចំពោះ​ការ​បម្រើ​របស់​បងប្អូន ។ ខ្ញុំ​ថ្លែង​ទីបន្ទាល់​ថា ព្រះវិហារ​បរិសុទ្ធ​នីមួយៗ​គឺជា​ដំណាក់​ដ៏​បរិសុទ្ធ ហើយ​ពិសិដ្ឋ​របស់​ព្រះ ហើយ​ថា​នៅ​ក្នុង​ទីនោះ យើង​ម្នាក់ៗ​អាច​រៀន ហើយ​ស្គាល់​ពី​អំណាច​នៃ​ព្រះ នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។