ឆ្នាំ ២០១០-២០១៩
កន្លែង​ដ៏​ពិសិដ្ឋ​នៃ​ការស្តារឡើង​វិញ
ខែ មេសា 2016


កន្លែង​ដ៏​ពិសិដ្ឋ​នៃ​ការស្តារឡើង​វិញ

ប៉ាល់ម៉ៃរា គឺ​ជា​ទីតាំង​នៃ ការ​សាង​ឡើង​វិញ ជា​កន្លែង​ដែល​សំឡេង​របស់​ព្រះវរបិតា ត្រូវ​បាន​ស្ដាប់​ឮ​វិញ បន្ទាប់ពី​អស់​រយៈពេល​ជិត​ពីរ​សហសវត្សរ៍ ។

មិត្តភក្តិ​ដ៏​ល្អ​របស់​ខ្ញុំ​ម្នាក់​ដែល​ជា​សមាជិក​នៃ​សាសនាចក្រ បាន​ព្យាយាម​ជាច្រើន​ឆ្នាំ ដើម្បី​បង្រៀន​ខ្ញុំ​ពី​ដំណឹង​ល្អ​នៃ ក្រុម​គ្រួសារ​អស់កល្ប​ជានិច្ច ។ ខ្ញុំ​ពុំ​យល់​ច្បាស់​លាស់​ឡើយ រហូត​ដល់​ពេល​ខ្ញុំ​ចូលរួម​ពិធី​សម្ពោធ​ព្រះវិហារ​បរិសុទ្ធ សៅ ប៉ូឡូ នៅក្នុង​ខែ តុលា ឆ្នាំ ១៩៧៨ ហើយ​ចូល​ទៅក្នុង​បន្ទប់​ផ្សារភ្ជាប់ នោះ​គោលលទ្ធិ​នៃ​គ្រួសារ​អស់កល្ប​ជានិច្ច បាន​ផុស​ឡើង​ក្នុង​គំនិត​ខ្ញុំ ហើយ​ខ្ញុំ​បាន​អធិស្ឋាន​អស់​ជា​ច្រើន​ថ្ងៃ​ដើម្បី​ដឹង​ថា​តើ​នេះ​ជា​សាសនាចក្រ​ពិត​ដែរ​ឬ​ទេ ។

ខ្ញុំ​មិនមែន​ជា​អ្នក​កាន់​សាសនា​ឡើយ ប៉ុន្តែ​ខ្ញុំ​បាន​ធំ​ឡើង​ជាមួយ​ឪពុកម្តាយ​ជា​អ្នក​ជឿ​លើ​សាសនា ហើយ​ខ្ញុំ​បាន​ឃើញ​ពី​ភាព​ល្អៗ​នៅក្នុង​សាសនា​ផ្សេងៗ ។ កាល​នោះ ខ្ញុំ​បាន​គិត​ថា​ព្រះ​ទទួល​យក​សាសនា​ទាំងអស់ ។

បន្ទាប់​ពី​ខ្ញុំ​បាន​ទៅ​ពិធី​សម្ពោធ​ព្រះវិហារ​បរិសុទ្ធ ខ្ញុំ​បាន​ព្យយាម​រក​ចម្លើយ​មួយ​តាមរយៈ​ការ​អធិស្ឋាន ដោយ​មាន​សេចក្តីជំនឿ និង ការជឿជាក់​ថា​ព្រះ​នឹង​ឆ្លើយ​តប​ខ្ញុំ​ថា តើ​សាសនាចក្រ​មួយ​ណា​ជា​សាសនាចក្រ​របស់​ទ្រង់​នៅលើ​ផែនដី​នេះ ។

ទីបំផុត​បន្ទាប់​ពី​ការលំបាក​ខាង​វិញ្ញាណ​ដ៏​ខ្លាំងក្លា​នោះ ខ្ញុំ​បាន​ទទួល​ចម្លើយ​យ៉ាង​ច្បាស់ ។ ខ្ញុំ​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ទទួល​បុណ្យ​ជ្រមុជ​ទឹក ។ ពិធី​បុណ្យ​ជ្រមុជ​ទឹក​របស់​ខ្ញុំ ធ្វើ​ឡើង​នៅថ្ងៃទី ៣១ ខែ​តុលា ឆ្នាំ ១៩៧៨ នា​រាត្រី មុន​សម័យ​ប្រជុំ​ឧទ្ទិស​ឆ្លង​ព្រះវិហារ​បរិសុទ្ធ​សៅប៉ូឡូ ។

ខ្ញុំ​បាន​ដឹង​ថា​ព្រះអម្ចាស់​ជ្រាប​ដឹង ហើយ​ខ្វល់​ខ្វាយ​ពី​ខ្ញុំ នៅ​ពេលទ្រង់​ឆ្លើយ​តប​ការ​អធិស្ឋាន​របស់​ខ្ញុំ ។

នៅ​ព្រឹក​ស្អែក​ឡើង ភរិយា​ខ្ញុំ និង រូប​ខ្ញុំ​បាន​ទៅ​ទីក្រុង សៅប៉ូឡូ ដើម្បី​ចូលរួម​សម័យ​ប្រជុំ​ឧទ្ទិស​ឆ្លង​ព្រះវិហារ​បរិសុទ្ធ​នោះ ។

ពួក​ខ្ញុំ​បាន​នៅ​ទីនោះ ប៉ុន្តែ​ខ្ញុំ​ពុំ​បាន​ដឹង​ច្បាស់​ថា តើ​វា​មាន​អំណរគុណ​ខ្លាំង​ប៉ុណ្ណា​ចំពោះ​ឱកាស​ដ៏​អស្ចារ្យ​នោះ​នៅ​ឡើយ​ទេ ។ នៅ​ថ្ងៃ​បន្ទាប់​មក ពួកខ្ញុំ​បាន​ចូលរួម​សន្និសីទ​ប្រចាំ​តំបន់ ។

ពួកខ្ញុំ​បាន​ចាប់ផ្តើម​ដំណើរ​របស់​យើង​ក្នុង​សាសនាចក្រ​នេះ ហើយ​យើង​បាន​ជួប​មិត្តភក្តិ​ល្អៗ​ជាច្រើន ដែល​ស្វាគមន៍​ពួកយើង​អំឡុង​ពេល​នៃ​ជីវិត​ដ៏​មាន​ការប្រែប្រួល​នេះ ។

ថ្នាក់​សមាជិក​ថ្មី​ដែល​យើង​បាន​ចូលរួម នៅ​ក្នុង​ការ​ប្រជុំ​ថ្ងៃ​អាទិត្យ​រាល់​សប្ដាហ៍​ជា​មនុស្ស​ល្អ​ណាស់ ។ មេរៀន​ទាំង​នោះ​បាន​ផ្តល់​នូវ​ចំណេះដឹង​ដល់​យើង ហើយ​បាន​ធ្វើ​ឲ្យ​យើង​ប្រាថ្នា​ចង់​ឲ្យ​ដល់​ថ្ងៃ​អាទិត្យ​ឆាប់ៗ ដើម្បី​យើង​អាច​ទទួល​បាន​នូវ​ការបំប៉ន​ខាង​វិញ្ញាណ​បន្ថែម​ទៀត ។

ភរិយា​របស់​ខ្ញុំ និង ខ្ញុំ​ទន្ទឹង​ចាំ​យ៉ាង​ខ្លាំង​ដើម្បី​ ​ចូល​ព្រះវិហារ​បរិសុទ្ធ ដើម្បី​ផ្សារភ្ជាប់​គ្រួសារ​របស់​យើង​សម្រាប់​ភាពអស់​កល្ប​ជានិច្ច ។ ការណ៍​នោះ​បាន​កើត​ឡើង​បន្ទាប់​ពី​មួយ​ឆ្នាំ និង ប្រាំ​ពីរ ថ្ងៃ​ក្រោយ​មក បុណ្យ​ជ្រមុជ​ទឹក​របស់​ខ្ញុំ វា​ជា​គ្រា​ដ៏​រីករាយ​មួយ ។ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​អាច​ឃើញ​ពី​ភាពអស់​កល្ប​ជានិច្ច នៅ​ឯ​អាសនា​ពីមុន និង ក្រោយ​ពិធី​ផ្សារភ្ជាប់​នោះ ។

ដោយ​បាន​រស់នៅ​ស្រប​ច្បាប់​ក្នុង​តំបន់​ឈូង​សមុទ្រ​ភាគ​ខាង​កើត​នៃ​សហរដ្ឋ​អាមេរិក​អស់​ពីរបី​ឆ្នាំ ខ្ញុំ​បាន​ស្គាល់​ក្រុង​តូចៗ​ជាច្រើន ។

នៅពេល​ខ្ញុំ​អាន ឬ ស្តាប់​អំពី​ព្រឹត្តិការណ៍​ដែល​នាំ​ឲ្យ​កើត​មាន​ការនិមិត្ត​ដំបូង ហ្វូង​មនុស្ស​ដែល​បាន​លើក​ឡើង ហើយ​ខ្ញុំ​ពុំ​យល់​ពី​ការណ៍​នេះ​ទេ ។

សំណួរ​នានា​បាន​ចាប់ផ្តើម​កើត​មាន​ឡើង​ក្នុង​ចិត្ត​ខ្ញុំ ។ ហេតុអ្វី​បាន​ជា​សាសនាចក្រ​ត្រូវតែ​ស្តារ​ឡើង​វិញ​នៅក្នុង​សហរដ្ឋ ហេតុ​អ្វី​មិន​ស្តារ​ឡើង​វិញ​នៅក្នុង​ប្រទេស ប្រេស៊ីល ឬ អ៊ីតាលី ដែល​ជា​ទឹកដី​នៃ​ជីដូនជីតា​របស់​ខ្ញុំ ?

តើ​ហ្វូង​មនុស្ស​ដែល​លើក​ឡើង ដែល​ពាក់ព័ន្ធ​នៅក្នុង​ការរំជើបរំជួល និង ភាពស្មុគស្មាញ​ខាង​សាសនា​នោះ​នៅ​ទី​ណា—តើ​ការណ៍​ទាំង​នេះ​ បាន​កើត​ឡើង​នៅក្នុង​កន្លែង​ដ៏​សុខសាន្ត និង ស្ងប់ស្ងាត់​នេះ​ឬ ?

ខ្ញុំ​បាន​សួរ​មនុស្ស​ជាច្រើន​អំពី​ការណ៍​នេះ ប៉ុន្តែ​ខ្ញុំ​ពុំ​បាន​ទទួល​ចម្លើយ​ឡើយ ។ ខ្ញុំ​បាន​អាន​អ្វីៗ​គ្រប់​យ៉ាង​តាម​ដែល​ខ្ញុំ​អាច​អាន​បាន ​ជា​ភាសា ព័រទុយហ្គាយ ហើយ​ក្រោយ​មក​ជា​ភាសា អង់គ្លេស ប៉ុន្តែ​ឃើញ​ថា​វា​មិន​អាច​រម្ងាប់​ចិត្ត​ខ្ញុំ​បាន​សោះ ។ ប៉ុន្តែ ខ្ញុំ​បាន​បន្ត​ស្រាវជ្រាវ​ទៀត ។

នៅក្នុង​ខែ តុលា ឆ្នាំ ១៩៨៤ ខ្ញុំ​បាន​ចូលរួម​សន្និសីទ​ទូទៅ​ក្នុង​នាម​ជា​ទីប្រឹក្សា​ក្នុង​គណៈប្រធាន​ស្តេក ។ បន្ទាប់​មក​ខ្ញុំ​បាន​ទៅ​ទីក្រុង បាល់ម៉ៃរា រដ្ឋ ញូវ យ៉ក ចង់​ស្វែងរក​ចម្លើយ ។

ពេល​ទៅ​ដល់​ទីនោះ ខ្ញុំ​បាន​ព្យាយាម​ស្វែងយល់ ៖ ហេតុអ្វី​បាន​ជា​ការស្តារ​ឡើង​វិញ​ត្រូវ​កើត​ឡើង​ នៅ​ទីនេះ ហើយ​ហេតុអ្វី​បាន​ជា​មាន​ការរំជើបរំជួល​យ៉ាង​ខ្លាំង​ខាង​វិញ្ញាណ​បែប​នេះ ? តើ​មនុស្ស​នៅ​ក្នុង​ដំណើរ​រឿង​របស់​យ៉ូសែប​មក​ពី​ណា ? ហេតុអ្វី​ពួកគេ​នៅ​ទីនោះ ?

នៅ​គ្រា​នោះ ចម្លើយ​សមហេតុផល​បំផុត​ចំពោះ​ខ្ញុំ​នោះ​គឺ​ដោយសារ​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​របស់​សហរដ្ឋ​បាន​ធានា​ឲ្យ​មាន​នូវ​សេរីភាព ។

នៅ​ព្រឹក​នោះ ខ្ញុំ​ បាន​ទៅ​ទស្សនា​អគារ ហ្គ្រានឌីន ជា​កន្លែង​ដែល​កំណែ​ដំបូង​នៃ​ព្រះគម្ពីរ​មរមន​បាន​បោះពុម្ព ។ ខ្ញុំ​បាន​ទៅ​ព្រៃ​ពិសិដ្ឋ ជា​កន្លែង​ដែល​ខ្ញុំ​បាន​អធិស្ឋាន​ច្រើន​បំផុត ។

កម្រ​នឹង​មាន​មនុស្ស​ដើរ​តាម​ផ្លូវ​នៅ​ក្នុង ទីក្រុង ប៉ាល់ម៉ៃរា ដ៏​តូច​នោះ​ណាស់ ។ តើ​ហ្វូង​មនុស្ស​ដែល​យ៉ូសែប បាន​លើក​មក​និយាយ​នោះ​នៅ​ឯ​ណា ?

នៅ​ថ្ងៃ​រសៀល នោះ ខ្ញុំ​បាន​សម្រេច​ចិត្ត​ទៅ​កសិដ្ឋាន​របស់ ពេត្រុស វីតមើរ ហើយ​នៅពេល​ខ្ញុំ​បាន​ទៅ​ដល់​ទីនោះ ខ្ញុំ​បាន​ឃើញ​បុរស​ម្នាក់​ឈរ​នៅ​ក្បែរ​បង្អួច​ខ្ទម​មួយ ។ គាត់​មាន​កែវ​ភ្នែក​ភ្លឺ​ថ្លា ។ ខ្ញុំ​បាន​ស្វាគមន៍​គាត់ ហើយ​ក្រោយ​មក​បាន​ចាប់ផ្តើម​សួរ​សំណួរ​ដដែល​នោះ ។

បន្ទាប់​មក​គាត់​បាន​សួរ​ខ្ញុំ​ថា « តើ​អ្នក​មាន​ពេល​ទេ ? » ខ្ញុំ​បាន​តប​ថា ខ្ញុំ​មាន​ពេល ។

គាត់​បាន​ពន្យល់​ថា​ព្រែក អ៊ីរី និង អនទែរីយ៉ូ ហើយ​ទៅ​ភាគ​ខាង​កើត​ទន្លេ ហុដសុន​គឺ​មាន​ទីតាំង​នៅក្នុង​តំបន់​នោះ ។

កាល​ដើម​ទសវត្ស៍​ឆ្នាំ ១៨០០ ពួកគេ​បាន​សម្រេច​ចិត្ត​កសាង​ព្រែក​ជីក​មួយ​សម្រាប់​នាវា ដែល​នឹង​បើក​កាត់​តាម​តំបន់​នេះ ដែល​ព្រែក​ជីក​នោះ​មាន​ប្រវែង​ជាង ៤៨០ គីឡូ​ម៉ែត្រ ដើម្បី​ទៅ​ដល់​ទន្លេ ហុដសុន ។ វា​គឺ​ជា​គម្រោង​មួយ​ដ៏​អស្ចារ្យ​ណាស់​នៅ​គ្រា​នោះ ហើយ​ពួកគេ​គ្រាន់តែ​ពឹង​លើ​កម្លាំង​ពលកម្ម​របស់​មនុស្ស និង សត្វ​ប៉ុណ្ណោះ ។

ក្រុង​បាល់ម៉ៃរា​គឺ​ជា​មជ្ឈមណ្ឌល​មួយ​សម្រាប់​សំណង់​មួយ​ចំនួន​នោះ ។ អ្នក​សាងសង់​ ត្រូវការ​មនុស្ស​មាន​ជំនាញ ជាង​ជួសជុល ក្រុមគ្រួសារ និង មិត្តភក្តិ​របស់​ពួកគេ ។ មនុស្ស​ជាច្រើន​បាន​ចាប់ផ្តើម​ចូល​មក​ទីនោះ​យ៉ាង​កកកុញ​ពី​ទីក្រុង​ជិតៗ​នោះ និង​ទីកន្លែង​ឆ្ងាយៗ ដូចជា អៀឡង់ ដើម្បី​ជីក​ព្រែក​នោះ ។

នោះ​គឺ​ពិត​ជា​គ្រា​មួយ​ដ៏​ពិសិដ្ឋ និង ពេញ​ដោយ​ព្រះវិញ្ញាណ ព្រោះ​ថា​ទីបំផុត​ខ្ញុំ​បាន​រកឃើញ​ហ្វូង​មនុស្ស​នោះ​ហើយ ។ ពួកគេ​បាន​នាំ​យក​ប្រពៃណី និង ជំនឿ​របស់​ពួកគេ​មក​ជាមួយ​ផងដែរ ។ នៅពេល​បុរសៗ​នោះ​បាន​និយាយ​អំពី​ជំនឿ​របស់​ពួកគេ នោះ​ចិត្ត​ខ្ញុំ​បាន​ភ្លឺ ហើយ​ព្រះ​បាន​បើក​ភ្នែក​ខាង​វិញ្ញាណ​របស់​ខ្ញុំ​ឡើង ។

នៅ​គ្រា​នោះ ខ្ញុំ​បាន​យល់​ពី​របៀប​ដែល​ព្រះហស្ត​របស់​ព្រះ ជា​ព្រះវរបិតា​យើង នៅក្នុង​ព្រះបញ្ញា​ញាណ​ដ៏​វាងវៃ​របស់​ទ្រង់ បាន​រៀបចំ​ក្នុង​ផែនការ​ទ្រង់​នូវ​កន្លែង​មួយ​ដើម្បី​នាំ​ក្មេង​ប្រុស យ៉ូសែប ស៊្មីធ ដាក់​គាត់​នៅក្នុង​ស្ថានភាព​នៃ​ការរំជើបរំជួល​ខាង​សាសនា​នោះ ព្រោះ​នៅលើ​ភ្នំ គូម៉ូរ៉ា ផ្ទាំង​នៃ​ព្រះគម្ពីរ​មរមន​ដ៏​មាន​តម្លៃ​ត្រូវបាន​កប់​ទុក​នៅ​ទីនោះ ។

នេះ​គឺ​ជា​ដំណាក់កាល​សម្រាប់ ការស្តារ​ឡើង​វិញ ជា​កន្លែង​ដែល​ព្រះវរបិតា​បាន​មាន​ព្រះបន្ទូល បន្ទាប់​ពី​អស់​រយៈពេល​ជិត​ពីរ​សហសវត្សរ៍ នៅក្នុង​ការនិមិត្ត​មួយ​ដ៏​អស្ចារ្យ ដោយ​មាន​បន្ទូល​ទៅ​ក្មេង​ប្រុស យ៉ូសែប ស៊្មីធ នៅពេល​លោក​បាន​ទៅ​ព្រៃ​ពិសិដ្ឋ​ដើម្បី​អធិស្ឋាន ហើយ​ឮ​ថា ៖ « នេះ​ជា​ព្រះ​រាជ​បុត្រា​ដ៏​ស្ងួនភ្ងា​របស់​យើង ។ ចូរ​ស្តាប់​តាម​ទ្រង់​ចុះ »។

នៅ​ទីនោះ​លោក​បាន​ឃើញ​តួអង្គ​ពីរ ដែល​មាន​រស្មី និង​សិរី​រុងរឿង​ដែល​ពុំ​អាច​ពណ៌នា​បាន ។ មែនហើយ​ព្រះ​បាន​បង្ហាញ​ព្រះកាយ​ទ្រង់​ដល់​មនុស្ស​ម្តង​ទៀត​ហើយ ។ ភាពខ្មៅ​ងងឹត​ដែល​បាន​គ្រប​ដណ្តប់​ផែនដី​បាន​ចាប់ផ្តើម​រសាយ​ចេញ​បាត់ ។

ការព្យាករ​អំពីការស្តារ​ឡើង​វិញ​បាន​ចាប់ផ្តើម​បំពេញ ។ « ខ្ញុំ​ក៏​ឃើញ​ទេវតា​មួយ​ទៀត កំពុង​ហោះ​កាត់​កណ្តាល​មេឃ ទាំង​មាន​ដំណឹង​ល្អ​ដ៏​នៅ​អស់​កល្ប​ជានិច្ច សម្រាប់​នឹង​ថ្លែង​ប្រាប់​ដល់​មនុស្ស​នៅ​ផែនដី គឺ​ដល់​គ្រប់​អស់​ទាំង​សាសន៍ គ្រប់​ពូជ​អំបូរ គ្រប់​ភាសា ហើយ​គ្រប់​ទាំង​គ្រួសារ​ដែរ » ។

ក្នុង​រយៈពេល​ដ៏​ខ្លី​ប៉ុណ្ណោះ យ៉ូសែប ត្រូវបាន​នាំ​ទៅ​យក​កំណត់ត្រា​នៃ​ការព្យាករ សេចក្តីសញ្ញា និង ពិធីបរិសុទ្ធ​ដែល​បាន​ទុក​ដោយ​ព្យាការី​បុរាណ គឺ​ព្រះគម្ពីរ​មរមន​ដ៏​សំណព្វ​របស់​យើង ។

សាសនាចក្រ​របស់​ព្រះយេស៊ូវគ្រីស្ទ​ពុំ​អាច​ស្តារ​ឡើង​វិញ​បាន​ឡើយ ប្រសិនបើ​គ្មាន​ដំណឹង​ល្អ​ដ៏​នៅ​អស់កល្ប​ជានិច្ច ការបើក​សម្តែង​នៃ​ព្រះគម្ពីរ​មរមន​ថា​ជា​សក្ខីបទ​មួយ​ទៀត​អំពី​ព្រះយេស៊ូវគ្រីស្ទ ហើយ​ថា​ព្រះរាជបុត្រា​នៃ​ព្រះ គឺ​កូនចៀម​នៃ​ព្រះ ដែល​បាន​ដក​យក​អំពើ​បាប​នៃ​ពិភពលោក ។

ព្រះគ្រីស្ទ​មាន​បន្ទូល​ទៅ​កាន់​ប្រជារាស្ត្រ​ទ្រង់​នៅក្នុង​ក្រុង​យេរូសាឡិម​ថា ៖

« ខ្ញុំ​ក៏​មាន​ចៀម​ឯ​ទៀត ដែល​មិន​ទាន់​នៅ​ក្នុង​ក្រោល​នេះ​នៅ​ឡើយ » ។

« ឯ​ខ្ញុំ ជា​អ្នក​គង្វាល​ល្អ ខ្ញុំ​ស្គាល់​ចៀម​របស់​ខ្ញុំ ហើយ​ចៀម​ក៏​ស្គាល់​ខ្ញុំ » ។

នៅពេល​ចាកចេញ​ពី​កសិដ្ឋាន វីតមើរ ខ្ញុំ​ពុំ​ចាំ​ថា តើ​ខ្ញុំ​បាន​ជម្រាប​លា​បុរស​នោះ​ឬ​អត់​នោះ​ទេ ។ ខ្ញុំ​គ្រាន់តែ​ចាំ​ថា ខ្ញុំ​បាន​យំ ។ ព្រះអាទិត្យ​កំពុង​រះ លើ​ផ្ទៃ​មេឃ​ដ៏​ស្រស់ត្រកាល ។

នៅក្នុង​ដួងចិត្ត​ខ្ញុំ​មាន​អំណរ និង​ភាព​សុខសាន្ត​ដ៏​ខ្លាំង​បាន​ធ្វើ​ឲ្យ​ព្រលឹង​ខ្ញុំ​ស្ងប់ ។ ចិត្ត​ខ្ញុំ​ពោរពេញ​ដោយ​អំណរគុណ ។

ឥឡូវ​នេះ​ខ្ញុំ​យល់​ពី​មូលហេតុ​នោះ​ហើយ ។ ជា​ថ្មី​ម្តង​ទៀត​ព្រះអម្ចាស់​បាន​ប្រទាន​ចំណេះ​ដឹង និង ពន្លឺ​ដល់​ខ្ញុំ ។

អំឡុង​ ពេល​ធ្វើ​ដំណើរ​មក​ផ្ទះ​វិញ ខគម្ពីរ​ទាំង​នោះ​បន្ត​ដក់​ជាប់​នៅក្នុង​គំនិត​ខ្ញុំ ៖ ការសន្យា​ដែល​បាន​ធ្វើ​ចំពោះ​លោក​ឪពុក​អ័ប្រាហាំ ថា​តាម​រយៈ​ពូជ​របស់​លោក​នោះ​គ្រួសារ​មនុស្ស​លោក​ទាំងអស់​នៅលើ​ផែនដី​នឹង​បាន​ទទួលពរ ។

ហើយ​ដើម្បី​ធ្វើ​ការនេះ​បាន ព្រះវិហារ​បរិសុទ្ធ​ត្រូវបាន​សាងសង់​ឡើង ប្រយោជន៍​ឲ្យ​អំណាច​របស់​ព្រះ​អាច​ប្រគល់​ដល់​មនុស្ស​សារជាថ្មី​ម្តង​ទៀត​លើ​ផែនដី នេះ ប្រយោជន៍​ឲ្យ​ក្រុម​គ្រួសារ​អាច​រួបរួម​គ្នា សេចក្ដី​ស្លាប់​នឹង​មិន​ធ្វើ​ឲ្យ​យើង​បែក​គ្នា​ឡើយ ប៉ុន្តែ​នឹង​នៅ​ជាមួយ​គ្នា​អស់កល្ប​ជានិច្ច ។

« នៅ​ជាន់​ ក្រោយ​បង្អស់ នោះ ​ភ្នំ ជា​ទី​ស្អាង ព្រះវិហារនៃ​ ព្រះយេហូវ៉ា នឹង​បាន តាំង​ឡើង​ខ្ពស់ លើស​អស់​ទាំង​ភ្នំ​ធំៗ ហើយ​នឹង​បាន​ដំកើង​ឡើង​ជា​ប្រសើរ​ជាង​អស់​ទាំង​ភ្នំ​តូចៗ​ដែរ អស់​ទាំង​ សាសន៍​ នឹង​ចូល​ហូរហែ​ទៅ​ក្នុង​ទី​នោះ » ។

ប្រសិនបើ​អ្នក​ណា​ដែល​ស្តាប់​ឮ​ខ្ញុំ​មាន​សំណួរ​ក្នុង​ចិត្ត​របស់​អ្នក សូម​កុំ​បោះបង់​ឡើយ !

ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​ធ្វើ​តាម​គំរូ​របស់​ព្យាការី យ៉ូសែប ស្ម៊ីធ នៅពេល​លោក​បាន​អាន​នៅក្នុង យ៉ាកុប ១:៥« តែ​បើ​អ្នក​រាល់​គ្នា​ណា​មួយ​ខ្វះ​ប្រាជ្ញា មាន​តែ​សូម​ដល់​ព្រះ ដែល​ទ្រង់​ប្រទាន​ដល់​មនុស្ស​ទាំង​អស់​ដោយ​សទ្ធា » ។

អ្វី​ដែល​កើត​ឡើង​នៅ​ភ្នំ​គូម៉ូរ៉ា​ជា​ផ្នែក​មួយ​សំខាន់​នៃ​ការ​ស្ដារ​ឡើង​វិញ កាល​យ៉ូសែប ស្ម៊ីធ​បាន​ទទួល​ផ្ទាំង​ចំណារ​ដែល​មាន​នូវ​ព្រះគម្ពីរ​មរមន ។ ព្រះគម្ពីរ​នេះ​ជួយ​យើង​ឲ្យ​ខិត​កាន់តែ​ជិត​ព្រះគ្រីស្ទ ជាង​គម្ពីរ​ណាៗ​ទាំងអស់​នៅលើ​ផែនដី​នេះ ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះអម្ចាស់​បាន​ហៅ​ព្យាការី អ្នក​មើល​ឆុត និង អ្នក​ទទួល​វិវរណៈ ដើម្បី​ដឹកនាំ​នគរ​របស់​ទ្រង់​នៅ​ជំនាន់​ចុង​ក្រោយ​នេះ ហើយ​នៅក្នុង​ផែនការ​ដ៏​អស់កល្ប​ជានិច្ច​របស់​ទ្រង់ នោះ​ក្រុមគ្រួសារ​គឺ​អាច​រស់នៅ​ជាមួយ​គ្នា​ជា​និរន្តរ ។ ទ្រង់​មាន​ព្រះទ័យ​ខ្វល់ខ្វាយ​ពី​កូនចៅ​របស់​ទ្រង់ ។ ទ្រង់​ឆ្លើយ​តប​ការ​អធិស្ឋាន​របស់​យើង ។

ដោយ​នូវ​ក្ដីស្រឡាញ់​ដ៏​មហិមា​របស់​ទ្រង់ ព្រះយេស៊ូវ​គ្រីស្ទ បាន​ធួន​សម្រាប់​អំពើ​បាប​របស់​យើង ។ ទ្រង់​ជា​ព្រះអង្គសង្គ្រោះ​នៃ​ពិភពលោក ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់ អំពី​ការណ៍​នេះ​នៅ​ក្នុង​ព្រះនាម​ដ៏​បរិសុទ្ធ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។