ឆ្នាំ ២០១០-២០១៩
តើ​យើង​ខ្ញុំ​ត្រូវ​ធ្វើ​ដូចម្តេច ?
ខែ មេសា 2016


តើ​យើង​ខ្ញុំ​ត្រូវ​ធ្វើ​ដូចម្តេច ?

យើង​ស្ថាបនា​នគរ​ឡើង​កាល​យើង​ចិញ្ចឹម​បីបាច់​មនុស្ស​ដទៃ ។ យើង​ក៏​ស្ថាបនា​នគរ​នៅ​ពេល​យើង​ថ្លែង​គាំទ្រ ហើយ​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដីពិត​ដែរ ។

មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​ការមាន​ព្រះជន្ម​រស់ឡើង​វិញ និង ការយាង​ឡើង​ស្ថានសួគ៌​របស់​ព្រះយេស៊ូវ សាវក​ប៉ុល​បង្រៀន​ថា « ចូរ​ឲ្យ​ទាំងអស់ … ដឹង​ជា​ប្រាកដ​ថា ព្រះ​ទ្រង់​បាន​លើក​ព្រះយេស៊ូវ​នេះ​ដែល​អ្នក​រាល់​គ្នា​បាន​ឆ្កាង ឲ្យ​ទ្រង់​ធ្វើ​ជា​ព្រះអម្ចាស់ ហើយ​ជា​ព្រះគ្រីស្ទ​ផង » ។ ពួក​អ្នក​ស្ដាប់​បាន​ភាំង​ក្នុង​ចិត្ត ហើយ​សួរ​ពេត្រុស និង សាវក​ឯ​ទៀត​ថា « បង​ប្អូន​អើយ តើ​យើង​ខ្ញុំ​ត្រូវ​ធ្វើ​ដូច​ម្តេច ? » រួច​ពួកគេ​ក៏​បាន​ធ្វើតាម​សេចក្ដី​បង្រៀន​របស់​ពេត្រុស​ដោយ​ភក្ដីភាព ។

ថ្ងៃ​ស្អែក​គឺ​ជា​ថ្ងៃ​អាទិត្យ​បុណ្យ​អ៊ីស្ទើរ ខ្ញុំ​សង្ឃឹម​ថា​យើង​ក៏​នឹង​ភាំង​ក្នុង​ចិត្ត​ដើម្បី​ទទួល​ស្គាល់​ព្រះសង្គ្រោះ ប្រែចិត្ត ហើយ​ធ្វើតាម​ដោយ​ភក្ដីភាព​ដែរ ។

ក្នុង​សន្និសីទ​ទូទៅ​នេះ យើង​នឹង​ស្ដាប់​ឮ​ការដឹកនាំ​ដ៏​បំផុសគំនិត​ដែល​ថ្លែង​ដោយ​ថ្នាក់​ដឹកនាំ​សាសនាចក្រ ទាំង​បុរស​ទាំង​ស្ត្រី ។ ដោយ​ដឹង​ថា យើង​នឹង​រំជួលចិត្ត​ដោយ​ប្រសាសន៍​ពួក​គាត់ នោះ​នារាត្រី​នេះ​ខ្ញុំ​សួរ​ទៅ​បងប្អូន​ថា « បងប្អូន​ស្រីៗ​អើយ តើយើង​ខ្ញុំ ត្រូវ​ធ្វើ​ដូចម្ដេច ? »

ក្នុង​នាម​ជា​ប្រធាន​សមាគម​សង្គ្រោះ​ទូទៅ អ៊ីឡៃស្សា អរ. ស្នូ បាន​ប្រកាស​ដល់​បងប្អូន​ស្ត្រី​ជាង ១៥០ ឆ្នាំ​មុន​ថា « ព្រះអម្ចាស់​បាន​ប្រទាន​ការទទួលខុសត្រូវ​ខ្ពស់​មក​ឲ្យ​យើង » ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ការប្រកាស​របស់​គាត់​គឺ នៅ​តែ​ជា​ការពិត​នា​ពេល​បច្ចុប្បន្ន​នេះ ។

សាសនាចក្រ​ព្រះអម្ចាស់​ត្រូវការ​ស្ត្រី​ដែល​បាន​ដឹកនាំ​ដោយ​ព្រះវិញ្ញាណ ដែល​ប្រើ​អំណោយទាន​ពិសេស​របស់​ខ្លួន​ទៅ​ចិញ្ចឹម​បីបាច់ ថ្លែង​គាំទ្រ ហើយ​ការពារ​សេចក្ដីពិត​នៃ​ដំណឹងល្អ ។ ការ​បំផុស​គំនិត និង ការញាណ​ដឹង​ច្បាស់​របស់​យើង​គឺ​ជា​ចំណែក​ចាំបាច់​ក្នុង​ការស្ថាបនា​នគរ​ព្រះ​ឡើង ដែល​មាន​ន័យ​ថា ការធ្វើ​ចំណែក​របស់​យើង​ដើម្បី​នាំ​សេចក្ដីសង្គ្រោះ​ដល់​កូនចៅ​ព្រះ ។

ការស្ថាបនា​នគរ​តាមរយៈ​ការចិញ្ចឹម​បីបាច់

យើង​ស្ថាបនា​នគរ​ឡើង​កាល​យើង​ចិញ្ចឹម​បីបាច់​មនុស្ស​ដទៃ ។ ទោះយ៉ាងនេះ​ក្តី កូន​ព្រះ​ដំបូង​ដែល​យើង​ត្រូវតែ​ស្អាង​នៅ​ក្នុង​ដំណឹងល្អ​ដែល​បាន​ស្ដារឡើងវិញ​នេះ គឺ​ខ្លួន​យើង​ផ្ទាល់ ។ អិមម៉ា ស្ម៊ីធ បាន​ពោល​ថា « ខ្ញុំ​ចង់​បាន​ព្រះវិញ្ញាណ​នៃ​ព្រះ​ដើម្បី​ដឹង ហើយ​យល់​ពី​ខ្លួន​ឯង ថា​ខ្ញុំ​អាច​យក​ឈ្នះ​ទម្លាប់ ឬ​កត្តា​អ្វី​ក៏​ដោយ​ដែល​រារាំង​ដល់​ភាព​តម្កើង​ឡើង​របស់​ខ្ញុំ »។ យើង​ត្រូវ​អភិវឌ្ឍ​សេចក្ដី​ជំនឿ​ដ៏ រឹង​មាំ​លើ​ដំណឹងល្អ​របស់​ព្រះ​អង្គ​សង្គ្រោះ ហើយ​ដើរ​ឆ្ពោះ​ទៅ​មុខ​ដោយ​អង់អាច​ដោយ​សារ​សេចក្ដី​សញ្ញា​នៃ​ព្រះវិហារ​បរិសុទ្ធ ឆ្ពោះ​ទៅ​ភាព​តម្កើង​ឡើង ។

ចុះ​បើ​ទម្លាប់​របស់​យើង​មួយ​ចំនួន​មិន​ស្រប​តាម​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​បាន​ស្ដារ​ឡើង​វិញ​នោះ ? ការ​លះបង់​ទម្លាប់​នោះ​អាច​នឹង​តម្រូវ​ឲ្យ​មាន​ការ​គាំទ្រ​ខាង​ផ្លូវ​ចិត្ត និង​ការ​លើក​ទឹក​ចិត្ត​គ្នា ដូច​ដែល​វា​បាន​កើត​ឡើង​ចំពោះ​ខ្ញុំ ។

នៅ​ពេល​ខ្ញុំ​កើត​មក ឪពុក​ម្ដាយ​ខ្ញុំ​បាន​ដាំ​ដើម​ចំប៉ា​មួយ​ដើម​នៅ​ក្រោយ​ផ្ទះ ទុក​សម្រាប់​ថ្ងៃ​មង្គលការ​របស់​ខ្ញុំ​នឹង​ទុក​ប្រារព្ធ​ពីធី​នៅ​ក្នុង​ព្រះវិហារ​ប្រូតេស្ដង់​នៃ​ដូនតា​របស់​ខ្ញុំ ។ ប៉ុន្តែ​នៅ​ថ្ងៃ​មង្គលការ​របស់​ខ្ញុំ​ពុំ​មាន​វត្តមាន​ឪពុកម្ដាយ​នៅ​ក្បែរ​ខ្ញុំ​ហើយ ក៏​គ្មាន​ផ្កា​ចំប៉ា​ដែរ ក្នុង​នាម​ជា​សមាជិក​ថ្មី​បាន​មួយ​ឆ្នាំ ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទៅ​ទីក្រុង សលត៍ លេក ដើម្បី​ទទួល​អំណោយទាន​ពិសិដ្ឋ ហើយ​ផ្សារភ្ជាប់​នឹង​ដាវីឌ ដែល​ជា​គូដណ្ដឹង​ខ្ញុំ ។

កាល​ខ្ញុំ​ចេញ​ពី​រដ្ឋ លូវីស្សីអាណា ហើយ​មក​រស់នៅ​រដ្ឋ យូថាហ៍  ខ្ញុំ​មាន​អារម្មណ៍​នឹក​ផ្ទះ ។ ពីមុន​ខ្ញុំ​រៀបការ ខ្ញុំ​បាន​ស្នាក់​នៅ​ជាមួយ​លោកយាយ​ចុង​ខាង​ម្ដាយ​របស់​ដាវីឌ ដែល​ហៅ​ថា​អ៊ំ​ស្រី​ខារ៉ូល ។

នៅ​ទីនេះ ខ្ញុំ​ជា​មនុស្ស​ប្លែក​មុខ​នៅ​យូថាហ៍ ដែល​ស្នាក់នៅ​ក្នុង​ផ្ទះ​មនុស្ស​ដែល​មិន​ធ្លាប់​ស្គាល់​ពីមុន​ផ្សារភ្ជាប់—​សម្រាប់​ភាពអស់កល្ប—​ជាមួយ​គ្រួសារ​ដែល​ខ្ញុំ​ទើប​តែ​បាន​ស្គាល់ ។ ( រឿង​ល្អ​គឺ​ថា​ខ្ញុំ​ស្រឡាញ់ ហើយ​ទុកចិត្ត​អនាគត​ស្វាមី​ខ្ញុំ និង ព្រះអម្ចាស់ ! )

នៅ​ពេល​ខ្ញុំ​ឈរ​នៅ​មុខ​ទ្វារ​ផ្ទះ​អ៊ំ​ស្រី​ខារ៉ូល ខ្ញុំ​ចង់​រត់​ពួន ។ ទ្វារ​បាន​បើក​ឡើង—ខ្ញុំ​បាន​ឈរ​ដូច​សត្វ​ទន្សាយ​ញ័រញាក់—ហើយ​អ៊ំស្រី​ខារ៉ូល​បាន​ឱប​ខ្ញុំ​ក្នុង​រង្វង់​ដៃ​គាត់​ដោយ​មិន​ពោល​ពាក្យ​មួយ​ម៉ាត់ ។ គាត់​ដែល​មិន​ធ្លាប់​មាន​កូន​ខ្លួន​ឯង​សោះ​នោះ—ដួង​ចិត្ត​ពេញ​ដោយ​ការចិញ្ចឹម​បីបាច់​របស់​គាត់​បាន​ដឹង—ថា​ខ្ញុំ​ត្រូវការ​កន្លែង​ស្នាក់នៅ ។ ឱ នោះ​ជា​គ្រា​ដ៏​ទន់ភ្លន់ និង​ផ្អែមល្ហែម​អ្វី​ម្ល៉េះ ! ការភ័យខ្លាច​បាន​រលាយ​អស់​ទៅ ហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា​បាន​ការពារ​នៅ​ក្នុង​ទី​ដ៏​មាន​សុវត្ថិភាព​ខាង​វិញ្ញាណ ។

សេចក្ដី​ស្រឡាញ់​ធ្វើ​ឲ្យ​មាន​កន្លែង​ទំនេរ​មួយ​ក្នុង​ជីវិត​មនុស្ស​ម្នាក់​ទៀត ដូច​អ៊ំស្រី​ខារ៉ូល​បាន​ធ្វើ​សម្រាប់​ខ្ញុំ​ដែរ ។

ម្ដាយ​គ្រប់​រូប​ពិត​ជា​ទុក​កន្លែង​មួយ​ក្នុង​រាយកាយ​ដើម្បី​ចិញ្ចឹម​បីបាច់​ទារក​ដែល​មិន​ទាន់​កើត ហើយ​សង្ឃឹម​ថា​នឹង​មាន​កន្លែង​មួយ​នៅ​ក្នុង​ចិត្ត​ពួកគេ​ផង​ដែរ នៅ​ពេល​ពួកគេ​ចិញ្ចឹម​ទារក​ទាំង​នោះ​ឲ្យ​ធំ​ធាត់​ឡើង ប៉ុន្តែ​ការចិញ្ចឹម​បីបាច់​ពុំ​មែន​កំណត់​ត្រឹមតែ​ការបង្កើត និង​ការចិញ្ចឹម​កូនៗ​នោះ​ទេ ។ នាង​អេវ៉ា​ត្រូវ​បាន​ហៅ​ថា​ជា « ម្ដាយ »​ពី​មុន​នាង​មាន​កូន​ទៅ​ទៀត ។ ហើយ​ខ្ញុំ​ជឿ​ថា​ជា​« ម្ដាយ » មាន​ន័យ​ថា « ជា​អ្នក​ផ្ដល់​កំណើត » ។ សូម​គិត​ពី​វិធី​ជាច្រើន​ដែល​អ្នក​ផ្ដល់​កំណើត ។ វា​អាច​មាន​ន័យ​ថា​ជា​ការផ្ដល់​ជីវិត​ដ៏​រំភើប​ដល់​អ្នក​អស់​សង្ឃឹម ឬ ជីវិត​ខាង​វិញ្ញាណ​ដល់​អ្នក​មាន​ចិត្ត​សង្ស័យ ។ ដោយ​មាន​ជំនួយ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ យើង​អាច​បង្កើត​កន្លែង​ព្យាបាល​ខាង​ផ្លូវ​ចិត្ត​ដល់​មនុស្ស​ដែល​គេ​រើស​អើង មនុស្ស​ដែល​គេ​បដិសេធ និង​មនុស្ស​ចម្លែក ។ យើង​ស្ថាបនា​នគរ​ព្រះ​ឡើង តាម​របៀប​ដ៏​ទន់ភ្លន់​ប៉ុន្តែ​មាន​អានុភាព​ទាំង​នេះ ។ បងប្អូនស្រី យើង​ទាំងអស់​គ្នា​មក​កាន់​ផែនដី​នេះ​ជាមួយ​នឹង​អំណោយ​ទាន​នៃ​ការ​ផ្ដល់​កំណើត ការ​ចិញ្ចឹម​បីបាច់ ការ​ធ្វើ​ជា​ម្ដាយ ដោយសារ​វា​គឺ​ជា​ផែនការ​របស់​ព្រះ ។

ការ​ធ្វើ​តាម​ផែនការ​របស់​ទ្រង់ និង​ការ​ក្លាយ​ជា​អ្នក​ស្ថាបនា​នគរ​តម្រូវ​ឲ្យ​មាន​ការ​លះបង់​ដោយ​មិន​អាត្មានិយម ។ អែលឌើរ អួសុន អែហ្វ. វិតនី បាន​សរសេរ ៖ « អ្វី​គ្រប់​យ៉ាង​ដែល​យើង​រងទុក្ខ និង អ្វី​គ្រប់​យ៉ាង​ដែល​យើង​ទ្រាំទ្រ ជា​ពិសេស​ពេល​ដែល​យើង​ទ្រាំទ្រ​ដោយ​អត់ធ្មត់ … នោះ​វា​នឹង​ធ្វើ​ឲ្យ​ចិត្ត​យើង​បរិសុទ្ធ … ឲ្យ​យើង​កាន់តែ​មាន​ភាពទន់ភ្លន់ និង​សប្បុរស … គឺ​តាម​រយៈ… ការលំបាក និង ការវេទនា​ដែល​យើង​អាច​ទទួល​បាន​ចំណេះដឹង … ដែល​នឹង​ធ្វើ​ឲ្យ​យើង​កាន់តែ​ដូច​ព្រះ​មាតា​បិតា​សួគ៌ ។​ ការសាកល្បង​ដែល​ធ្វើ​ឲ្យ​យើង​បរិសុទ្ធ​ទាំង​នេះ​នាំ​យើង​ទៅ​រក ព្រះគ្រីស្ទ ជា​អង្គ​ដែល​ទ្រង់​ព្រះតម្រិះ ហើយ​អាច​ប្រោស​យើង ហើយ​ធ្វើ​ឲ្យ​យើង​មាន​ប្រយោជន៍​ក្នុង​កិច្ចការ​នៃ​សេចក្ដី​សង្គ្រោះ ។

ការស្ថាបនា​នគរ​តាមរយៈ​ការនិយាយ និង ការថ្លែង​ទីបន្ទាល់

យើង​ក៏​ស្ថាបនា​នគរ​នៅ​ពេល​យើង​ថ្លែង​គាំទ្រ ហើយ​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដីពិត​ដែរ ។ យើង​ធ្វើ​តាម​គំរូ​របស់​ព្រះអម្ចាស់ ។ ទ្រង់​មាន​ព្រះ​បន្ទូល និង​បង្រៀន​ដោយ​ព្រះចេស្ដា និង​សិទ្ធិ​អំណាច​ពី​ព្រះ ។ បងប្អូន​ស្រី​អើយ យើង​ក៏​អាច​ធ្វើ​បាន​ដែរ ។ ជាទូទៅ​ស្ត្រី​ចូល​ចិត្ត​និយាយ ហើយ​ប្រមូល​ផ្ដុំ​គ្នា ! នៅ​ពេល​យើង​ធ្វើ​ការ​តាម​រយៈ​សិទ្ធិ​អំណាច​បព្វជិតភាព​ដែល​បាន​ចែក​រំលែក​ដល់​យើង នោះ​ការ​និយាយ និង​ការ​ប្រមូល​ផ្ដុំ​គ្នា​របស់​យើង​នឹង​រីក​ចម្រើន​ចូល​ទៅ​ក្នុង​ការ​បង្រៀន​ដំណឹងល្អ និង​ការ​ដឹកនាំ ។

បងស្រី ជូលី ប៊ី. ប៊េក ជា​ប្រធាន​សមាគម​សង្គ្រោះ​ទូទៅ​បាន​បង្រៀន​ថា ៖ « លទ្ធភាព​ដើម្បី​បាន​សក្ដិសម ទទួល ហើយ​ធ្វើ​តាម​វិវរណៈ​ផ្ទាល់ខ្លួន គឺ​ជា​ជំនាញ​សំខាន់​មួយ​គត់​ដែល​អាច​ទទួល​បាន​ក្នុង​ជីវិត​នេះ ។ … វា​តម្រូវ​ឲ្យ​មាន​កិច្ចខិតខំ​ដោយ​មនសិការ » ។

វិវរណៈ​ផ្ទាល់ខ្លួន​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​បំផុស​គំនិត​យើង​ឲ្យ​រៀន ថ្លែង ហើយ​ប្រព្រឹត្ត​តាម​សេចក្ដីពិត​ដ៏​អស់កល្ប​ជានិច្ច—ជា​សេចក្ដីពិត​របស់​ព្រះអង្គ​សង្គ្រោះ ។ ដរាប​ណា​យើង​កាន់តែ​ដើរតាម​ព្រះគ្រីស្ទ យើង​កាន់តែ​ទទួល​អារម្មណ៍​ក្ដី​ស្រឡាញ់ និង ការដឹកនាំ​ទ្រង់ ដរាប​ណា​យើង​កាន់តែ​ទទួល​អារម្មណ៍​ពី​ក្ដី​ស្រឡាញ់ និង ការដឹកនាំ​ទ្រង់ នោះ​យើង​នឹង​កាន់តែ​ចង់​និយាយ ហើយ​បង្រៀន​សេចក្ដីពិត​ដូចជា​ទ្រង់​បាន​ធ្វើ ទោះ​ជា​យើង​ជួប​នឹង​ការជំទាស់​ក្ដី ។

ប៉ុន្មាន​ឆ្នាំ​មុន ខ្ញុំ​អធិស្ឋាន​ទូល​សូម​ពាក្យ​ពេចន៍​ដើម្បី​ការពារ​ភាពជា​ម្ដាយ កាល​ខ្ញុំ​បាន​ទទួល​ទូរសព្ទ​អនាមិក​មួយ ។

អ្នក​ទូរសព្ទ​មក​បាន​សួរ​ថា « តើ​លោក​ស្រី​ឈ្មោះ នីល ម៉ារ៉ត ដែល​ជា​ម្ដាយ​នៃ គ្រួសារ​មួយ​ដ៏​ធំ​មែន​ទេ ? »

ខ្ញុំ​បាន​ឆ្លើយ​ដោយ​រីករាយ​ថា « ចាស៎ » ដោយ​រំពឹង​ឲ្យ​គាត់​និយាយ​ថា « ល្អ​ណាស់ ! »

ប៉ុន្តែ​មិន​ដូច្នេះ​ទេ ! ខ្ញុំ​នៅ​ចាំ​មិន​ភ្លេច​នូវ​សំឡេង​ដ៏​ខ្លាំង​របស់​គាត់​តាម​ទូរសព្ទ​ថា ៖ « ខ្ញុំ​ពិត​ជា​ខកចិត្ត​ដែល​លោក​ស្រី​បាន​បង្កើត​កូន​ច្រើន​យ៉ាង​នេះ មក​ក្នុង​ពិភព​ដែល​មាន​មនុស្ស​យ៉ាង​ច្រើន​លើសលប់! » ។

ខ្ញុំ​តប​វិញ​ថា « អូ៎ ខ្ញុំ​ដឹង​ថា​អ្នក​នាង​មាន​អារម្មណ៍​យ៉ាង​ណា​ហើយ » ។

គាត់​ឆ្លើយ​ម៉ាត់ៗ​ថា « ទេ—លោក​ស្រី​មិន​ដឹង​ទេ ! »

រួច​ខ្ញុំ​ពោល​ថា « ប្រហែល​ខ្ញុំ​មិន​ដឹង​មែន » ។

គាត់​ចាប់ផ្ដើម​និយាយ​ទាំង​កំហឹង​អំពី​ជម្រើស​ឆ្កួត​លីលា​របស់​ខ្ញុំ​ក្នុង​ការធ្វើ​ជា​ម្ដាយ ។ កាល​គាត់​បន្ត​និយាយ ខ្ញុំ​បាន​ចាប់ផ្ដើម​អធិស្ឋាន​សុំ​ជំនួយ និង​យោបល់​ដ៏​រាបសា​កើត​មាន​ក្នុង​គំនិត​ខ្ញុំ ៖ « តើ​ព្រះអម្ចាស់​នឹង​មាន​បន្ទូល​ដូចម្ដេច​ទៅ​កាន់​គាត់ ? » បន្ទាប់​មក​ខ្ញុំ​ទទួល​អារម្មណ៍​ថា ខ្ញុំ​មាន​ភាពរឹងមាំ និង ភាពក្លាហាន​ចំពោះ​គំនិត​អំពី​ព្រះយេស៊ូវគ្រីស្ទ ។

ខ្ញុំ​បាន​តប​ថា « ខ្ញុំ​រីករាយ​ធ្វើ​ជា​ម្ដាយ​ម្នាក់ ហើយ​ខ្ញុំ​សន្យា​ថា​ខ្ញុំ​នឹង​ធ្វើ​អ្វី​គ្រប់​យ៉ាង​អស់​ពី​កម្លាំង​ដើម្បី​ចិញ្ចឹម កូនៗ​ខ្ញុំ តាម​របៀប​ដែល​នឹង​ធ្វើ​ឲ្យ​ពិភពលោក​ក្លាយ​ជា​ទី​កាន់តែ​ស្រស់​បំព្រង » ។

គាត់​បាន​តប​ថា « ល្អ ខ្ញុំ​សង្ឃឹម​ថា​លោក​ស្រី​អាច​ធ្វើ​បាន ! » រួច​ក៏​ដាក់​ទូរសព្ទ​ចុះ ។

វា​ជា​រឿង​តូចតាច​មួយ—បន្ទាប់​មក​ខ្ញុំ​បាន​ឈរ​ដោយ​សុវត្ថិភាព​ក្នុង​ផ្ទះ​បាយ ! ប៉ុន្តែ​តាម​វិធី​ដ៏​សាមញ្ញ​របស់​ខ្ញុំ ខ្ញុំ​អាច​និយាយ​ការ​ពារ​គ្រួសារ ម្ដាយ និង​ពួក​អ្នក​មើល​ថែ ដោយសារ​រឿង​ពីរ​យ៉ាង ៖ (១) ខ្ញុំ​បាន​យល់ ហើយ​ជឿ​លើ​គោលលទ្ធិ​នៃ​ព្រះ​អំពី​ក្រុមគ្រួសារ ហើយ (២) ខ្ញុំ​បាន​អធិស្ឋាន​សុំ​ពាក្យ​ដើម្បី​ថ្លែង​ទីបន្ទាល់​អំពី​ សេចក្ដីពិត​នេះ ។

ការ​មាន​ភាពដោយ​ឡែក និង ខុសប្លែក​នៅ​ក្នុង​ពិភពលោក​នេះ នឹង​នាំ​ឲ្យ​មាន​ការទិតៀន ប៉ុន្តែ​យើង​ត្រូវតែ​ចង​ខ្លួន​យើង​ឲ្យ​ជាប់​នឹង​គោលការណ៍​ដ៏​អស់កល្ប​ជានិច្ច ហើយ​ថ្លែង​ទីបន្ទាល់​ពី​វា ទោះជា​ការឆ្លើយ​តប​ពី​ពិភពលោក​មក​យ៉ាង​ណា​ក៏​ដោយ ។

កាល​យើង​សួរ​ខ្លួន​ឯង​ថា « តើ​យើង​ខ្ញុំ​ត្រូវ​ធ្វើ​ដូចម្តេច ? » នោះ​ចូរ​យើង​ពិចារណា​សំណួរ​នេះ ៖ « តើ​ព្រះអង្គសង្គ្រោះ​ធ្វើ​អ្វី​ជា​បន្ត ? » ទ្រង់​ចិញ្ចឹម​បីបាច់ ។ ទ្រង់​បង្កើត ។ ទ្រង់​លើកទឹកចិត្ត​ឲ្យ​មាន​ភាពរីកចម្រើន និង អំពើ​ល្អ ។ ស្ត្រី និង​បងប្អូន​ស្រី​អើយ យើង​អាច​ធ្វើ​កិច្ចការ​ទាំងនេះ​បាន ! ពួក​ក្មួយ​ស្រី​ក្នុង​ថ្នាក់​កុមារ តើ​នៅ​ក្នុង​គ្រួសារ​ក្មួយ​មាន​មនុស្ស​ម្នាក់​ដែល​ត្រូវ​ការ​សេចក្ដី​ស្រឡាញ់ និង​ចិត្ត​ល្អ​ពី​ក្មួយ​ដែរ​ទេ ? ក្មួយ​ក៏​ស្ថាបនា​នគរ​ឡើង​ដោយ​ការចិញ្ចឹម​បីបាច់​មនុស្ស​ដទៃ​ដែរ ។

ការបង្កបង្កើត​ផែនដី​របស់​ព្រះសង្គ្រោះ ក្រោម​ការដឹកនាំ​ពី​ព្រះវរបិតា​ទ្រង់ គឺ​ជា​កិច្ចការ​នៃ​ការចិញ្ចឹម​បីបាច់​ដ៏​មាន​ឥទ្ធិឫទ្ធិ ។ ទ្រង់​ប្រទាន​កន្លែង​មួយ​ឲ្យ​យើង​រីកចម្រើន ហើយ​បង្កើន​សេចក្ដី​ជំនឿ​លើ​ព្រះចេស្ដា​ធ្វើ​ឲ្យ​ធួន ។ សេចក្តីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់ គឺ​ជា​ទី​ប្រសើរ​បំផុត​នៃ​ការប្រោស​ឲ្យ​ជា និង​ក្ដីសង្ឃឹម ភាពរីកចម្រើន និង គោលបំណង ។ មនុស្ស​ទាំងអស់​ត្រូវការ​ទីកន្លែង ​នៃ​កម្មសិទ្ធិ​ខាង​វិញ្ញាណ និង ខាង​សាច់ឈាម ។ យើង​ដែល​ជា​បងប្អូន​ស្រី​គ្រប់​វ័យ អាច​បង្កើត ទី​ប្រសើរ​បំផុត​នៃ​ការប្រោស​ឲ្យ​ជា និង​ក្ដីសង្ឃឹម​នេះ ដ្បិត​វា​ជា​ទី​ដ៏​បរិសុទ្ធ ។

ការ​ទទួល​ខុសត្រូវ​ដ៏​សំខាន់​របស់​យើង​គឺ​ដើម្បី​ក្លាយ​ជា​ស្ត្រី​ដែល​ដើរ​តាម​ព្រះអង្គ​សង្គ្រោះ ចិញ្ចឹម​បីបាច់​ដោយ​ការ​បំផុស​គំនិត ហើយ​រស់​នៅ​តាម​សេចក្ដី ពិត​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច។ នៅ​ពេល​យើង​ទូល​សូម​ព្រះវរបិតា​សួគ៌​ដើម្បី​ធ្វើ​ឲ្យ​យើង​ក្លាយ​ជា​ពួក​អ្នក​ស្ថាបនា​នគរ​ទ្រង់ ព្រះចេស្ដា​ទ្រង់​នឹង​ហូរ​ចូល​មក​ក្នុង​ខ្លួន​យើង ហើយ​យើង​នឹង​ដឹង​ពី​របៀប​ចិញ្ចឹម​បីបាច់ នៅ​ទី​បំផុត​យើង​ក្លាយ​ដូចជា​ព្រះមាតា​បិតា​សួគ៌​របស់​យើង ។ នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

កំណត់​ចំណាំ

  1. កិច្ចការ ២:៣៦-៣៧

  2. អ៊ីឡៃស្សា អ. ស្នូ នៅក្នុង Daughters in My Kingdom: The History and Work of Relief Society ( ឆ្នាំ ២០១1 ) ទំព័រ ៤២ ។

  3. អិមម៉ា ស៊្មីធ នៅក្នុងDaughters in My Kingdomទំព័រ ១២ ។

  4. សូមមើល លោកុប្បត្តិ ៣:២០

  5. អួរសុន អែហ្វ. វិតនី នៅក្នុង ស្ពែនស៊ើរ  ដបុលយូ. ឃឹមបឹល, Faith Precedes the Miracle( ឆ្នាំ ១៩៧២), ៩៨។

  6. ជូលី ប៊ី. ប៊េក «And upon the Handmaids in Those Days Will I Pour Out My Spirit,» Liahona, ខែ​ឧសភា ឆ្នាំ ២០១០, ទំព័រ ១១ ។